Reading Article
Public date : 25, Jul 2019 (12,218 Read)
ទទួលយកការពិត

|
ទទួលយកការពិត
មនុស្សយើងត្រូវហ្វឹកហាត់ ឲ្យចេះទទួលយកនូវរបស់ដែលគេចមិនផុត ដោយសេចក្តីស្ងប់ ។ មនុស្សខ្លះទោះជាបានដឹងហើយថា វាត្រូវតែយ៉ាងហ្នឹងឯង មិនអាចគេចជៀស ទៅណារួចឡើយ តែនៅមិនព្រមសុខចិត្តដដែល នៅតែកន្ទក់កន្ទេញ គិតតែពីសោកសៅខូចចិត្ត ឬមិនដូច្នោះទេក៏ច្រើនទៅដោយទោសៈ ឃើញអ្នកណាៗ ឬរបស់អ្វីចេះតែទាស់មុខទាស់មាត់ទៅទាំងអស់ ។ ការមិនព្រមសុខចិត្តចំពោះសភាវៈពិត ចេះតែសោកសៅ ឬខឹងក្រោធនោះ មិនអាចធ្វើឲ្យសេចក្តីទុក្ខ សូម្បីតែបន្តិចបន្តួចថយចុះបានឡើយ មានតែបន្ថែមពីលើទុក្ខដែលមានស្រាប់ហើយ ឲ្យរឹងរឹតតែច្រើនឡើងទៀត ។ ព្រោះហេតុដូច្នេះ មនុស្សឆ្លាតទើបអប់រំចិត្តឲ្យចេះទទួលស្វាគមន៍នូវអ្វីដេលគេចមិនផុត ដោយសេចក្តីស្ងប់ ។ កាលបើមាននូវសេចក្តីស្ងប់ក្នុងចិត្តហើយ ហេតុការណ៍អាក្រក់ ឬហេតុការណ៍ដែលយើងគិតថាអាក្រក់នោះ ក៏នឹងបានល្អឡើងវិញ ម្យ៉ាងទៀត ហេតុការណ៍ដែលយើងគិតថាអាក្រក់ក្នុងពេលនេះ អាចត្រឡប់ក្លាយទៅជាមានផលល្អនៅពេលខាងមុខក៏បាន ។ មានគ្រួសារមួយរស់នៅក្នុងវត្តព្រះសង្ឃ ក្រោយមកវត្តត្រូវការទីត្រង់នោះសាងសេនាសនៈ សម្រាប់វត្ត ក៏សូមឲ្យគ្រួសារនោះឯងរើកន្លែងចេញពីវត្ត ដោយផ្តល់ប្រាក់ឲ្យត្រឹមតែ តម្លៃរើប៉ុណ្ណោះ ។ គ្រួសារនោះ បានគិតថាជារឿង អាក្រក់សម្រាប់ជីវិតរបស់ពួកគាត់ខ្លាំងណាស់ ពួកគាត់កើតទុក្ខទោមនស្សចិត្តដ៏ក្រៃលែង ។ តមកពួកគាត់ក៏កាត់ចិត្តបាន រួបរួមទ្រពសម្បត្តិដែលមាន និងខ្ចីអ្នកដទៃខ្លះទៀត ខាំធ្មេញ អត់ធន់ចំពោះរឿងដែលកើតឡើង ទិញផ្ទះបានមួយនៅក្រៅវត្ត ។ តមកទៀត មិនជាប៉ុន្មានឆ្នាំផងក៏សងបំណុលគេរួច ម្ល៉ោះហើយ គ្រួសារមួយនេះក៏មានផ្ទះ និងដីជារបស់ខ្លួនឯង រស់នៅយ៉ាងសប្បាយ ។ ក្រោយមកទើបគិតថា បានមកជាយ៉ាងដូច្នេះព្រោះគេឲ្យចេញពីដីរបស់វត្តនោះឯង ប្រសិនបើអ្នកវត្តមិនធ្វើយ៉ាងនេះទេ ម្ល៉េះសមត្រូវនាំគ្នានៅនឹងដីវត្តរហូតស្លាប់ ហើយត្រូវនៅតកូនតចៅទៀតផង ។ រឿងរ៉ាវផ្សេងទៀតមានច្រើនសន្ធឹកសន្ធាប់ណាស់ដែលក្រោយមកបានក្លាយទៅជារឿងល្អសម្រាប់ជីវិត ព្រោះហេតុដូច្នេះ អ្វីៗដែលកើតឡើង អ្វីៗដែលបានមកដល់ ទាំងដែលយើងមិនអាចគេចឲ្យផុតទៅបាន សូមឲ្យយើងទទួលស្វាគមន៍ដោយចិត្តស្ងប់ និងចាត់ទុករឿងរ៉ាវក្នុងជីវិត ជាមេរៀន ឯជីវិតជាកន្លែងហ្វឹកហាត់ ។ ក្មេងដែលនៅជាមួយម៉ែឪ ឬដែលនៅជាមួយគ្រូអាចារ្យ ដែលម៉ែឪឬគ្រូអាចារ្យនោះៗមានការតឹងតែង ប្រិតប្រៀនទូន្មានប្រដៅ បើធ្វើខុសត្រូវទទួលទោស ទទួលទណ្ឌកម្ម យ៉ាងនេះ ក្មេងនោះឯងរមែងមិនពេញចិត្ត និងមានការចង្អៀតចង្អល់ដោយប្រការផ្សេងៗ ។ ក្មេងនោះគេបានទទួលនូវសេចក្តីលំបាកខ្លះ ក្នុងរយៈពេលនៃជីវិតខាងដើមរបស់គេប៉ុន្តែលុះដល់គេបានធំឡើង គេនឹងអរគុណចំពោះឪពុកម្តាយអរគុណដល់គ្រូអាចារ្យ គឺគេដឹងគុណថា ដែលអាត្មាអញបានមកដល់ថ្នាក់នេះ ព្រោះលោកអ្នកទាំងនោះ បានតឹងតែងប្រិតប្រៀនទូន្មានមកហ្នឹងឯង ។ ចំណែកក្មេងដែលធ្វើអ្វីបានស្រេចតែនឹងចិត្ត រស់នៅគិតតែពីសប្បាយលុះដល់ជួបប្រទះនូវសេចក្តីលំបាកក្នុងវ័យខាងចុង ទើបដឹងខ្លួនថា មានការខុសទៅហើយ ក្នុងការរៀបចំដំណើរជីវិតខាងដើមរបស់ខ្លួននោះ ។ នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ដាល់តឿនថាសភាវៈដែលយើងគេចមិនផុតគឺ ចាស់ឈឺ ស្លាប់ ព្រាត់ ប្រាសនិងផលវិបាករបស់កម្មដែលខ្លួនបានធ្វើហើយ ព្រះអង្គទ្រង់ដាស់តឿនឲ្យយើងពិចារណាជារឿយៗ ។ អត្ថបទនេះដកស្រង់ចេញពីសៀភៅៈ សុខចិត្ត រៀបរៀងដោយ លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |