Reading Article
Public date : 26, Aug 2019 (19,323 Read)
រឿងបុរសខ្វិន

|
រឿងបុរសខ្វិន
(ចាក អ. សា.) (សិប្បះតិចតួច បើចេះឲ្យស្ទាត់ អាចចិញ្ចឹមជីវិតបាន) កាលកន្លងទៅហើយ ក្នុងក្រុងពារាណសី មានបុរសខ្វិនម្នាក់ ជាអ្នកចេះស្ទាត់សិប្បះខាងផ្ទាត់គ្រាប់គ្រួស ។ ថ្ងៃមួយ ក្មេងទាំងឡាយបានឲ្យបុរសខ្វិននោះជិះរថទៅកាន់ដើមជ្រៃធំមួយក្បែរទ្វានគរ ឲ្យបុរសនោះធ្វើរូបដំរី ធ្វើរូបសេះដោយស្លឹកជ្រៃ ហើយសើចលេងសប្បាយ ទើបឲ្យរង្វាន់ដល់បុរសខ្វិននោះឯង ។ បុរសខ្វិនក៏ផ្ទាត់គ្រួសធ្វើស្លឹកឲ្យចេញជារាង ជារូបផ្សេងៗតាមចំណង់ទារកទាំងនោះ ។ ពេលនោះទទួលព្រះរាជា ស្តេចទៅឧទ្យានហើយទៅដល់ទីនោះ ។ ទារកទាំងឡាយក៏រត់ប្រញាយ ព្រោះខ្លាចនាយតម្រូត(ភ្នាក់ងារនគរបាល) ។ ឯបុរសខ្វិនក៏ដេកនៅនាទីចន្លោះដើមជ្រៃនោះ ព្រោះខ្លួនរត់ ឬក៏ដើរមិនរួច ។ ព្រះរាជាស្តេចយាងទៅដល់នគរ ឃើញរូបផ្សេងៗនាស្លឹកជ្រៃ ក៏ត្រាស់សួររាជបុរសថា អ្នកធ្វើរូបនេះ? ក្រាបទូល បុរសខ្វិន។ ព្រះរាជាទ្រង់ត្រាស់ហៅបុរសខ្វិននោះមកសួរថា ម្នាលអ្នកបុរោហិតខ្ញុំម្នាក់ ជាអ្នកមានមាត់រឹងពេក ចូលចិត្តនិយាយច្រើន បើបុរោហិតនោះផ្តើមនិយាយហើយ គ្មានអ្នកណានិយាយផងបានទេ អ្នកអាចធ្វើឲ្យបុរោហិតនោះកុំនិយាយបានឬទេ? ក្រាបទូល អាចធ្វើមិនបានឲ្យបុរោហិតនើនិយាយបាន តែសូមទ្រង់ប្រទានអាចម៍ពពែមួយនាឡិមកទូលបង្គំ ។ ព្រះរាជាទ្រង់នាំបុរសខ្វិនទៅរាជដំណាក់ ហើយឲ្យអង្គុយខាងក្នុងវាំងនន ទ្រង់ញាំងគេឲ្យចោះវាំងនន ហើយឲ្យយកអាចម៍ពពែស្ងួតចំនួន១នាឡិ ទៅដាក់ជិតបុរសខ្វិននោះ ទើបចាត់ចែងឲ្យគេក្រាលអាសនះសម្រាប់បុរោហិតនោះ ឲ្យមានមុខឆ្ពោះទៅរកប្រហោងដែលទ្រង់ឲ្យគេកាត់ លុះបុរោហិតមកដល់ ក៏ទ្រង់ឲ្យអង្គុយលើអាសនៈនោះ ហើយទ្រង់ផ្តើមនិយាយឡើង ។ បុរោហិតឥតដឹងខ្លួនបាននិយាយប៉ប៉ោចជាមួយព្រះរាជា ដោយមិនឲ្យអ្នកណាបាននិយាយសោះឡើយ ។ លំដាប់នោះបុរសខ្វិនក៏ផ្ទាត់អាចម៍ពពែមួយដុំម្តងៗទៅក្នុងមាត់បុរោហិតៗបានលេបអាចម៍ពពែដែលចូលក្នុងមាត់ ដូចជាគេស៊ីនំល្ង ។ ព្រះរាជាទ្រង់ជ្រាបថា អាចម៍ពពែ បុរសខ្វិនផ្ទាត់ចូលទៅក្នុងមាត់បុរោហិតអស់ហើយ ក៏ត្រាស់ថា លោកអាចារ្យ ទោះលោកលេបអាចម៍ពពែអស់១នាឡិ ក៏នៅតែមិនដឹង ព្រោះលោកជាអ្នកមាត់រឹង ឥឡូវនេះលោកមិនអាចធ្វើអាចម៍ពពែឲ្យរលួយបានឡើយ ។ បុរោហិតនោះ ចាប់ពីពេលនោះមក ជាអ្នកនិយាយចរចានឹងព្រះរាជាស្ទើរតែមិនកើត ព្រោះនឹកអៀនខ្មាសជាពន់ពេក ។ ព្រះរាជាទ្រង់ចិន្តាថា អញដែលមិនថ្លង់នឹងសំដីបុរោហិតនេះទៀតក៏ដោយសារបុរសខ្វិននេះ ទើបទ្រង់ប្រទានស្រុក៤ ក្នុងទិសទាំង៤ដែលសុទ្ធតែស្រុកដែលឡើងសួយរាប់សែន ជាប្រមាណដល់បុរសខ្វិននោះ ។ លំដាប់នោះ អមាត្យជាបណ្ឌិនម្នាក់ បានចូលទៅគាល់ព្រះរាជា ហើយសរសើរនូវគុណនៃសិប្បៈថា បពិត្រព្រះសម្មតិទេព បណ្ឌិតក្នុងលោកតែងតែរៀនយកសិប្បៈ សម្បត្តិនេះបុរសខ្វិន បានអាស្រ័យដោយសិប្បៈ ត្រឹមតែផ្ទាត់គ្រួសប៉ុណ្ណោះ ការកំណត់អានិសង្សនៃសិប្បះរបស់ជនទាំងឡាយ ដទៃដូចម្តេចទៅ? ទើបពោលគាថាថាៈ សាធុខោ សិប្បកំ នាម អបិ យាទិសកីទិសំ បស្ស អជប្បហារេន លទ្ធា គាមា ចតុទិ្ធសា។ អំបាលយ៉ាងសិប្បៈផ្តេសផ្តាស គង់សម្រេចប្រយោជន៍បានដែរ សូមទ្រង់ក្រឡេកមើលស្រុកទាំង៤ ដែលបុរសខ្វិនបានដោយសិប្បៈ គឺការផ្ទាត់អាចម៍ពពែប៉ុណ្ណោះ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |