Reading Article
Public date : 25, Jul 2019 (84,332 Read)
Wat Unalum

|
វត្តឧណ្ណាលោម ជាវត្តមួយស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ វត្តនេះស្ថិតនៅតាមបណ្ដោយមហាវិថីសុធារស ហើយក៏ជាវត្តមួយដ៏ចំណាស់ផងដែរ ។ បើតាមពាក្យ ឧណ្ណា (មានន័យថា 'ប្រជុំចិញ្ចើម') + លោម (មានន័យថា 'រោម') សរុបគឺ រោមប្រជុំចិញ្ចើម ។
នៅក្នុងវត្តនេះមានចេតិយដាក់ព្រះឧណ្ណាលោមរបស់ព្រះថេរមួយព្រះអង្គ វាបានពាក់ព័ន្ធក្នុងប្រវត្តិសាស្ត្រកាលពីជំនាន់ចម្បាំងស្ដេចកន និងចៅពញាចន្ទរាជា ។ តើអ្វីទៅដែលកើតមានដំបូងគេក្នុងរាជធានីភ្នំពេញ? ប្រហែលជាវត្តភ្នំដូនពេញហើយមើលទៅ ។ ប៉ុន្តែ តាមពិតគឺមិនមែនទេ ព្រោះចេតិយបុរាណមួយក្រោយវិហារវត្តឧណ្ណាលោម ប្រហែលជាមានអាយុកាលមុនវត្តភ្នំដូនពេញទៅទៀត ហើយមនុស្សម្នាហៅចេតិយនេះថា «ចេតិយឧណ្ណាលោម»។ ព្រះវិន័យធម៌ សំ ចាន់ ព្រះជន្ម ៥០ព្រះវស្សា បានឲ្យដឹងថា ចេតិយនេះមាននៅក្នុងវត្តឧណ្ណាលោមជាយូរយារណាស់មកហើយ។ នេះបើយោងតាមការស្រាវជ្រាវរបស់ព្រះអង្គ តាមរយឯកសារចាស់ៗជាច្រើនដែលបន្សល់ទុកពីព្រះសង្ឃមុនៗ ជាពិសេសសម្តេចសង្ឃរាជ ជួន ណាត ដែលជាស្ថាបនិកវចនានុក្រមខ្មែរ។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា ៖ «ចេតិយឧណ្ណាលោមមាននៅទីនេះមុនវត្តនេះបានកសាងឡើងមក ម្ល៉េះ ។ សម្តេចសង្ឃ ជួន ណាត មិន បានបញ្ជាក់ពិស្តារថា តើវាមានតាំងសតវត្សរ៍ណានោះទេ ប៉ុន្តែលោកគ្រាន់តែសន្និដ្ឋានថា វាអាចមានតាំងពីព្រះពុទ្ធសាសនាមកដល់ប្រទេសកម្ពុជាលើកដំបូងម្ល៉េះ»។ សៀវភៅដែលជាស្នាព្រះហស្ដ របស់សម្តេចសង្ឃ ជួន ណាត ដែលត្រូវបានគេចែកជូនដល់ពុទ្ធសាសនិកជន ពេលដែលវិហារថ្មីមួយត្រូវបានសម្ពោធក្នុងវត្តឧណ្ណាលោម ក្នុងឆ្នាំ១៩៣៦ បានពិពណ៌នាថា ស្តេចព្រះបរមរាជាពញាយ៉ាត បានធ្វើការប្តូរទីតាំងព្រះរាជវាំង ពីទួលបាសាណ ក្នុងខេត្តកំពង់ចាម មកទីក្រុងភ្នំពេញក្នុងឆ្នាំ ១៤៣៤ ហើយព្រះអង្គបានសាងសង់វិហារ ព្រះពុទ្ធសាសនា ចំនួន ៧ ដែលក្នុងនោះរួមមាន វត្តឧណ្ណាលោម ដែលអារាមទាំងអស់ត្រូវបានបញ្ចុះសីមាទាំងអស់ក្នុងឆ្នាំ ១៤៤២ ក្រោមស្នាព្រះហស្ត ព្រះបាទសម្តេចពញាយ៉ាត មួយផងក្នុងទីក្រុងថ្មីនេះ ។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «ឈ្មោះវត្តឧណ្ណាលោមនេះ គឺយកតាមឈ្មោះចេតិយឧណ្ណាលោម ដែលមានមុននឹងចាប់កកើតវត្តនេះមក ម្ល៉េះ»។ ព្រះអង្គមានសង្ឃដីកាបញ្ជាក់ទៀតថា៖ «ចេតិយនេះខុសគ្នាពីចេតិយទាំងអស់ក្នុងប្រទេសកម្ពុជា ពីព្រោះវាមានកំពូលប្រាំ ។ ក្រោយមកទៀតព្រះសង្ឃបានកសាងជញ្ជាំងដោយលាបពណ៌មាស តែក៏បានបន្សល់ទុកចន្លោះក្បែរជ្រុងនីមួយៗ ដែលយើងរាល់គ្នាអាចនៅមើលថ្មបុរាណនេះឃើញ»។ ផ្នែកខាងក្នុងចេតិយឧណ្ណាលោមនេះវិញ មានព្រះពុទ្ធរូប ៤ អង្គ ដាក់តំកល់តាមជ្រុងនីមួយៗ និងមានព្រះពុទ្ធរូបអង្គធំមួយអង្គទៀតតំកល់នៅចំកណ្តាល ដែលទម្រង់ព្រះភ័ក្ត្រនីមួយៗ គឺស្រដៀងគ្នានឹងព្រះពុទ្ធរូបនៅប្រាសាទអង្គរវត្តដែរ ។ ពាក្យថាឧណ្ណាលោមគឺជាពាក្យបាលី មានន័យថា រោមប្រជុំចិញ្ចើម គឺរោមដែលដុះពីគល់ចិញ្ចើមទាំងពីរស្ថិតត្រង់លើក្តោងច្រមុះ ។ មនុស្សគ្រប់គ្នា ហៅចេតិយនេះថា ចេតិយឧណ្ណាលោម ពីព្រោះក្នុងចេតិយនេះ មានបញ្ចុះឧណ្ណាលោម ឬរោមប្រជុំចិញ្ចើម។ ព្រះអង្គ សំ ចាន់ មានសង្ឃដីកាថា៖ «នៅខាងក្នុងចេតិយមានតំកល់រោមប្រជុំចិញ្ចើមរបស់ព្រះសង្ឃមួយអង្គ។ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់ពីអត្តសញ្ញាណរបស់ព្រះសង្ឃអង្គ នោះបានច្បាស់លាស់ទេ ។រោមប្រជុំចិញ្ចើមទាំងនោះលាក់នៅខាងក្នុងនោះ តែមិនងាយរកឃើញនោះទេ»។ ព្រះអង្គ សំ ចាន់ បន្តថា ពុទ្ធបរិស័ទមានការគោរពបូជាដល់ចេតិយ ដែលបច្ចុប្បន្ននេះបានរុំព័ទ្ធទៅដោយកុដិជាច្រើននេះណាស់ ។ ពេលដែលពួកគេចង់ប្រារព្ធពិធីបុណ្យណាមួយនៅក្នុងវត្ត ពួកគេប្រាកដជានឹងត្រូវរៀបចំលេងភ្លេងពិណពាទ្យដើម្បីថ្វាយ ដល់ចេតិយនេះមិនខាន។ ជួនពេលខ្លះ ក៏មានពុទ្ធបរិស័ទមួយចំនួនបានមកបន់ស្រន់នៅទីនេះផង ។ ព្រះអង្គមានសង្ឃដីកាថា៖ «គេជឿថានៅច្រកចូលចេតិយនេះ មានបារមីដែលអាចនាំព្រះសង្ឃទៅកាន់ភ្នំនានាបាន។ ពេលដែលព្រះសង្ឃចង់ធ្វើសមាធិ ព្រះតេជគុណទាំងនោះគ្រាន់តែនិមន្តចូលក្នុងចេតិយនេះ និងផុះចេញនៅព្រៃស្ងាត់ ឬ ក៏ភ្នំនានា»។ វត្តឧណ្ណាលោម គឺជាវត្តដែល គណៈសង្ឃព្រឹទ្ធាចារ្យ ក្នុងប្រទេសកម្ពុជានិយមគង់ អាស្រ័យនៅ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ។ ព្រះអង្គ សំ ចាន់ ដែលនិមន្តមកគង់នៅក្នុងវត្តនេះក្នុងឆ្នាំ១៩៩៣ បានឮថា មានកុដិមួយចំនួនត្រូវបានប្រើសម្រាប់ទុកដាក់អំបិលអំឡុងរបប ខ្មែរក្រហម ។ ចំណែកសៀវភៅវិញត្រូវរាយប៉ាយគ្រប់ទីកន្លែងលើដី ប៉ុន្តែចេតិយឧណ្ណាលោមនេះ មិនត្រូវបាននរណាមកប៉ះពាល់ ដូចកុដិដទៃនោះទេ ។ បន្ទាប់ពីវត្តអារាមមួយនេះ ត្រូវបានគេធ្វើឲ្យរស់រានមានជីវិតមកវិញ ក្រោយសង្គ្រាម វត្តនេះនៅតែដើរតួយ៉ាងសំខាន់ក្នុងព្រះពុទ្ធសាសនាដដែល ជាទីស្នាក់ការរបស់ព្រឹទ្ធាចារ្យរបស់ពុទ្ធសាសនិកជនកម្ពុជាផង និងជាទីស្នាក់អាស្រ័យរបស់ព្រះសង្ឃប្រមាណជាជាង៣០០អង្គ និងនិស្សិតជាង៦០០នាក់ផង ដែលកំពុងតែស្នាក់ និង គង់នៅដើម្បីស្វែងរកការរៀនសូត្រក្នុងរាជធានីភ្នំពេញ ៕ (ប្រភព) អានបន្ថែមសេចក្តីនៅក្នុងសៀវភៅ ប្រវត្តិវត្តឧណ្ណាលោម រៀបរៀងដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត ។ ចុចទីនេះ រូបភាពនានា៖ ![]() ![]() ![]() ![]() ដោយ៥០០០ឆ្នាំ |