Reading Article
Public date : 31, Aug 2019 (26,789 Read)
វិជិរាសូត្រ

|
វិជិរាសូត្រ
បិដកលេខ ៣០ ទំព័រ ២០ ខ្ញុំបានស្តាប់មក យ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ វជិរាភក្ខុនី ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថីដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងបច្ឆភត្ត ក៏ដើរទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះ មារមានចិត្តបាប មានប្រាថ្នា ញ៉ាំងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់វជិរាភិក្ខុនី មានប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកវជិរាភិក្ខុនី លុះចូលទៅដល់ហើយ បានពោលគាថា នឹងវជិរាភិក្ខុនី ថាៈ កេនាយំ បកតោ សត្តោ ក្វចិ សត្តស្ស ការកោ ក្វចិ សត្តោ សមុប្បន្មោ ក្វចិ សត្តោ និរុជ្ឍតីតិ ។ សត្វនេះ បុគ្គលណាតាក់តែងឡើង បុគ្គលអ្នកតាក់តែងសត្វឋិតនៅក្នុងទីណា សត្វកើតឡើង ក្នុងទីណា សត្វរលត់ទៅក្នុងទីណា ។ លំដាប់នោះ វជិរាភិក្ខុនីមានសេចក្តីត្រិះរិះ យ៉ាងនេះថាអ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬ ជាអមនុស្ស (មក) ពោលគាថាដូច្នេះ ។ ទើបបវជិរាភិក្ខុនីមានសេចក្តីចូលចិត្តថា នេះពិតជាមារមានចិត្តបាប ប្រាថ្នាញ៉ាំងភ័យ សេចក្តីតក់ស្លុតនិងសេចក្តីព្រឺរោមឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញឃ្លាតចាកសមាធិ បានជាពោលគាថា ។ លំដាប់នោះ វជិរាភិក្ខុនីដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយបានពោលគាថា ទាំងឡាយនឹងមារមានចិត្តបាបថាៈ កឹ នុ សត្តោតិ បច្ចេតិ មារ ទិដ្ឋិគតំ នុ តេ សុទ្ធសង្ខារបុញ្ចេយំ នយិធ សត្តុបលព្ភតិ ។ ម្នាលមារ ទិដ្ឋរបស់អ្នកយល់ថា សត្វមែនឬ នេះជាគំនរ នៃសង្ខារសុទ្ធទេ ក្នុងគំនរ នៃសង្ខារសង្ខារសុទ្ធនេះ អ្នករកសត្វមិនឃើញឡើយ ។ យថា ហិ អង្គសម្ភារា ហោតិ សទ្ទោ រថោ ឥតិ ឯវំ ខន្ធេសុ សន្តេសុ ហោតិ សត្តោតិ សម្មតិ ។ ដូចសព្ទដែលបានឈ្មោះថា រថដូច្នេះកើតឡើងបានព្រោះបរិបូណ៌ដោយអង្គយ៉ាងណាមិញ កាលបើខន្ធមានហើយ ការសន្មតថា សត្វដូច្នេះក៏មានយ៉ាងនោះឯង ។ ទុក្ខមេវ ហិ សម្ភោតិ ទុក្ខំ តិដ្ឋតិ វេតិ ច នាញ្ញត្រ ទុក្ខា សម្ភោតិ នាញ្ញាត្រ ទុក្ខា និរុជ្ឈតីតិ ។ ព្រោះថាសេចក្តីទុក្ខ រមែងកើតឡើង សេចក្តីទុក្ខ រមែងឋិតនៅផង វិនាសទៅផង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌ដទៃកើតឡើង វៀរចាកសេចក្តីឥតមានធម៌ដទៃរលត់ទេ ។ លំដាប់នោះ មារមានចិត្តបាបដឹងថា វជិរាភិក្ខុនីស្គាល់អញហើយ ក៏មានសេចក្តីទុក្ខ បាត់អំពីនោះទៅ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |