Reading Article
Public date : 05, Sep 2019 (31,928 Read)
ខ្លឹមសារនៃសេចក្តីសុខ

|
ខ្លឹមសារនៃសេចក្តីសុខ
មនុស្សចំនួនច្រើនណាស់ ដែលមិនបានសម្លឹងមើលដល់ជីវិតរបស់ខ្លួនឯង មិនបានពិចារណាដល់ខន្ធលោកនេះដែលជាសង្ខារ បានសម្លឹងត្រឹមថាយើងនឹងយកការចេះដឹងក្នុងច្បាប់ធម្មជាតិ ដែលមាននៅជុំវិញពិភពលោកមកប្រើ ក្នុងបំណងបំពេញតាមសេចក្តីត្រូវការរបស់ខ្លួណតែប៉ុណ្ណោះ ហើយក៏ស្ទុះទៅក្នុងលោកតាមការចេះដឹងនោះរហូតដល់មានសេចក្តីដឹងខ្លួនថា យើងនេះជាមនុស្សពូកែមានសមត្ថភាពអស្ចារ្យ អាចយកឈ្នះធម្មជាតិបាន ។ មនុស្សលោកយើង ដែលស្ថិតនៅក្នុងសភាពដូចពោលមកនេះឯង បានធ្លាក់ខ្លួនក្លាយទៅជាទាសៈនៃវត្ថុខាងក្រៅនោះៗ ជាគ្រឿងកំណត់ទៅវិញ ខ្លួនឯងមិនជាឥស្សរៈឡើយ ។ ដោយរវល់តែស្ទុះទៅក្នុងលោក ក៏មិនមានឳកាសបានដឹងថា ជីវិតខ្លួនឯងគឺជាអ្វី មិនធ្លាប់គិតមិនធ្លាប់ពិចារណា នេះបានសេចក្តីថា នៅមិនទាន់បានយល់ដឹងដល់ច្បាស់ធម្មជាតិតាមពិត គឺធម្មជាតិនៃជីវិតរបស់ខ្លួណឯង នៅមិនទាន់ស្គាល់ឡើយ ។ ព្រះពុទ្ធសាសនាបានទូន្មានឲ្យមានសតិ ទល់គ្នានឹងសេចក្តីពិតនៃសភាវធម៌ក្នុងជីវិតប្រចាំថ្ងៃ ឲ្យមានបញ្ញាព្រមទទួលយកសេចក្តីពិត ក្រេបយករសជាតិនៃសេចក្តីពិតគ្រប់យ៉ាង ។ បើយើងបានអប់រំចិត្តរបស់យើង ឲ្យស្ថិតនៅជាមួលយនឹងសេចក្តីពិតគ្រប់គ្រាវេលាហើយ សេចក្តីពិតដែលកើតឡើងនោះ វាមិនបានវាយប្រហារមកលើចិត្តរបស់យើងឡើយ តែបើយើងមិនបានអប់រំចិត្តមិនមានបញ្ញាទទួលយកការពិត នៅពេលមានរឿងអ្វីមួយមកដល់ជីវិត សតិមិនបានកើតឡើងទេនោះ ចិត្តរមែងញាប់ញ័រតក់ស្លុត ហើយសេចក្តីទុក្ខក៏កើតឡើងមក បៀតបៀនដល់ចិត្តសន្តាន ។ ដោយអាស្រ័យហេតុដូច្នេះ ទើបព្រះពុទ្ធសាសនាបានណែនាំឲ្យយើងមានការអប់រំចិត្ត ដោយការចម្រើនសតិប្បដ្ឋានរលឹកដឹងនូវការពិត ។ កាលបើបានដឹងបានយល់ចូរចិត្តនូវការពិតហើយ ជាទីបំផុត ការដឹងការយល់ចូលចិត្តនូវការពិតនោះឯង រមែងធ្វើឲ្យយើងមានចិត្តសប្បាយ សុខស្ងប់ស្អាតផូរផង់ក្នុងជីវិតប្រចាំថ្ងៃ ។ អ្វីៗ ដែលជាសេចក្តីពិតគឺជាសច្ចៈ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងចំពោះ អាឡវកយក្ខថា( សច្ចំ ហវេ សាធុតរំ រសានំ) សច្ចៈហ្នឹងឯង មានរសឆ្ងាញ់ជាងអស់រសទាំងពួង ។ មនុស្សចំនួនច្រើនរមែងមាននូវបញ្ហា ទោះបីថាមាននូវការចេះដឹង អំពីច្បាប់ធម្មជាតិក្រៅខ្លួនយ៉ាងណាក៏ដោយ ការចេះដឹងនោះ វាមានប្រយោជន៍ត្រឹមតែជួយឲ្យគេធ្វើ ឬផលិតអ្វីបានច្រើនៗប៉ុណ្ណោះ ប៉ុន្តែការធ្វើឬ ផលិតអ្វីៗ បានច្រើនៗ នោះ យើងអាចសង្កេតឃើញមានចំណុចមិនល្អផងដែរ ។ ចំនុចមិនល្អម្យ៉ាង គឺការបំពេញតាមអំណាចនៃកិលេស សេចក្តីប្រាថ្នា ការចង់បានកាលណាបើចេះតែបំពេញទៅតាមអំណាចនៃកិលេសសេចក្តីប្រាថ្នាការចង់បាន កាលណាបើចេះតែបំពេញទៅតាមអំណាចនៃកិលេសយ៉ាងនេះកិលេសរមែងធំទៅៗ ម្ល៉ោះហើយ សេចក្តីត្រូវការក៏កាន់តែច្រើនឡើងៗ ធ្វើឲ្យសត្វលោកខ្វះកន្លះជានិច្ច ។ ចំណុចមិនល្អម្យ៉ាងទៀត គឺការដែលចេះតែធ្វើឲ្យមនុស្សលោលស្រួលឡើងៗ តាមរយះនៃសំម្ភារះទំនើបៗសេចក្តីរីករាយភ្លើតភ្លើនក៏ចេះតែចម្រើន ព្រោះតែប្រាជ្ញាយល់ដឹងព្រមដោយស្មារតីរបស់មនុស្សមានការលូតលាស់មិនទាន់ឧបករណ៍ប្រើប្រាស់ក្នុងលោក ម្ល៉ោះហើយ វាធ្វើឲ្យមនុស្សលោកស្រវឹងនឹងសម្ភារះ ក្លាយទៅជាទាសៈនៃវត្ថុទាំងពួង ជ្រៅទៅៗ នឹងធ្វើឲ្យមានការបៀតបៀនគ្នាក៏គ្នាក៏ច្រើនឡើងៗ ដែរ ។ តាមពិតសេចក្តីត្រេកត្រអាលរបស់សត្វលោកដែលប្រព្រឹត្តទៅក្នុងវត្ថុបំណងផ្សេងៗនោះ គឺវាអាស្រ័យតណ្ហាក្នុងចិត្តហ្នឹងឯង បើយើងមិនយល់ដល់ការពិតនេះទេយើងចេះតែចង់បានមិនមានទីបំផុតឡើយ ។ សត្វលោករមែងមើលឃើញថា អ្វីៗជាខាងក្រៅនោះ វាល្អ វាសមស្អាតងាយស្រួល ។ ល ។ បានជាភ្លេចគិតថា បើលោភៈតណ្ហាមិនមានក្នុងចិត្តទេ អ្វីៗ ទាំងអស់ក្នុងលោកមិនជាទីត្រេកត្រអាលឡើយ ហើយបានជាភ្លេចគិតម្យ៉ាងទៀតថាការបំពេញតាមបំណងប្រាថ្នា ធ្វើឲ្យតណ្ហារឹតតែធម ដូច្នេះតើពេលណាទើបខ្លួនឯងលែងត្រូវការចង់បាន បើបានដូចជាមិនបានយ៉ាងនេះ ។ បើមនុស្សយើង បានរលឹកដឹងទាន់ចំពោះការពិតទោះជាការពិតនោះ វាជាអនិដ្ឋារម្មណ៍ គឺមិនគួរជាទីប្រាថ្នាយ៉ាងណាក៏ដោយ ឬ ថា ជីវិតរបស់ខ្លួនឯងមិនសម្បូទៅដោយសម្ភារៈផ្សេងៗ ដែលវាជាការពិតម្យ៉ាងនៃជីវិត នោះជីវិតរមែងសុខស្ងប់ ហៅថា ជីវិតមានសេចក្តីសុខដែលជាឥស្សរៈលើខ្លួនឯង នេះព្រោះហេតុតែបានយល់ដឹងដល់ការពិតនៃជីវិត ដែលជាសង្ខារលោកហ្នឹងឯង ។ ចំពោះមនុស្សដែលរស់នៅដោយបញ្ញា គេអាចចាប់យកចំណុចខ្លឹមសារនៃជីវិត នឹងចំណុចខ្លឹមសារនៃសេចក្តីសុខបាន ពោលគឺ គេមាននូវគុណធម៌ដែលជាខ្លឹមសារនៃជីវិត និងគេមាននូវសេចក្តីសុខប្រចាំចិត្តសន្តានដែលសម្រេចបានមកពីការយល់ដឹងនូវរឿងពិតរបស់ជីវិតគេមិនមែនមានសុខទុក្ខទៅតាមតែការកំណត់ចាត់ចែងអំពីរបស់ខាងក្រៅនោះទេ ។ ចំពោះមនុស្សដែលរស់នៅដោយមិនមានបញ្ញាមិនសិក្សាឲ្យយល់ការពិតរបស់ជីវិត គេមិនអាចចាប់យកខ្លឹមសារនៃសេចក្តីសុខបានឡើយ ថែមទាំងមិនយល់ថាខ្លឹមសារនៃសេចក្តីសុខនោះ ដូចម្តេចផង ទេម្ល៉ោះហើយគេក៏មិនអាចរស់នៅជាសុខដោយបញ្ញាខ្លួនឯងបានដែរគឺគេត្រូវផ្ងើសេចក្តីសុខរបស់ខ្លួនជាមួយនឹងរបស់ខាងក្រៅ ។ មុនដំបូងគឺអាស្រ័យនូវបច្ច័យ៤ តាមសេចក្តីត្រូវការរបស់ធម្មជាតិ លុះគេបាននូវសេចក្តីសុខតាមរយះនៃបច្ច័យ៤ ហើយ គេក៏ក្លាយទៅជាទាសៈនៃវត្ថុខាងក្រៅនោះឯង ។ ដែលថាជាទាៈ ព្រោះសភាពរបស់ចិត្តមានការក្រវល់ក្រវាយក្តៅក្រហាយអន្ទះសា ប្រព្រឹត្តទៅរកវត្ថុសម្ភារៈផ្សេងៗ គឺមិនជាឥស្សរៈលើរបស់ទាំងអស់នោះឡើយ ។ មនុស្សដែលមិនមានបញ្ញាក្នុងការរស់នៅ រមែងខ្វះខាតនូវសេចក្តីសុខដែលជាខ្លឹមខាងក្នុង ការបាននូវវត្ថុសម្ភារៈមាននូវអំណោយសុខ ច្រើនឡើងៗ គឺជាការពង្រីកនូវភាពនៃខ្លួនឯងដែលជាទាសៈ ដូច្នេះវត្ថុសម្ភារៈដែលបានបន្ថែមមកកាន់តែច្រើនឡើងៗនោះ ទើបវាមិនមែនឲ្យតែសេចក្តីសុខប៉ុណ្ណឹងទេ គឺបន្ថែមនូវកិលេសផង បន្ថែមនូវទុក្ខក្នុងភាពជាទាសៈផង ។ សរុបមក សេចក្តីសុខមាន២ យ៉ាង សេចក្តីសុខប្រភេទទី១ គឺជាសេចក្តីសុខជាប់ដោយវត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗ មកជួយ ។ វត្ថុខាងក្រៅនោះមានច្រើន លោកហៅថា (អាមិស) រហូតដល់ដែលនៅជុំវិញទាំងអស់ ។ បើមិនមាននូវរបស់ទាំងអស់នេះទេ ក៏មានសេចក្តីដឹងខ្លួណថាខ្វះខាតហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់មនុស្សយើងបែបនេះផ្ងើទុកនឹងរបស់ខាងក្រៅ គឺយើងមិនអាចរស់នៅសុខទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តីសុខនេះមិនបានមាំទាំងយឺនយូរឡើយ ព្រោះដោយសារវាជាប់ជាមួយនឹងរបស់ខាងក្រៅហ្នឹងឯង ។ គួរសង្កេតឲ្យឃើញថា នៅពេលខឹងក្តី ភ័យតក់ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តីក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេងៗទៀតដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញពេលឮជាដើម នេះគឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវខ្លឹមសារនៃសេចក្តីសុខ ដូច្នេះទើបពុទ្ធបរិស័ទត្រូវព្យាយាមកំណត់ដឹងនូវសេចក្តីពិតក្នុងពេលនោះៗ ត្រូវឲ្យកើតមាននូវសេចក្តីសុខប្រភេទទី២ ។ សេចក្តីសុខប្រភេទទី២ គឺសេចក្តីសុខដែលកើតក្នុងចិត្តរបស់ខ្លួនឯង នៅដក់ក្នុងចិត្តជាប្រចាំ ដោយមិនបានអាស្រ័យរបស់ខាងក្រៅ ដូចជាលាភសក្ការៈ កិត្តិយសកេរ្តិ៍ឈ្មោះ ការគោរពរាប់អាន និងពាក្យសរសើរជាដើមឡើយ ។ សេចក្តីសុខប្រភេទបែបនេះ ជាសេចក្តីសុខមានភាពស្រស់ថ្លាដែលអាចគ្រប់គ្រងដោយខ្លួនឯងបានតាមអំណាចនៃបញ្ញា ដ៏ភ្លឺស្វាង ។ ព្រោះអាស្រ័យសេចក្តីសុខប្រភេទទី២ នេះទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា (សច្ចៈហ្នឹងឯង មានរសឆ្ងាញ់ជាងអស់រសទាំងពួង) ។ សេចក្តីសុខប្រភេទ ក្រេបយកនូវរសជាតិពីការពិតបែបនេះមនុស្សភាគច្រើនពុំមានឡើយ ។
មនុស្សយើងនេះ ច្រើនតែសង្ឃឹមចំពោះសេចក្តីសុខចាកវត្ថុខាងក្រៅ ដោយមិនសូវជាបានគិតថា អាត្មាអញនឹងត្រូវមានពេលវេលារស់នៅតែឯង ដោយវត្ថុទាំងឡាយនោះ មិនអាចនឹងនៅស្ថិតស្ថេរជាមួយអាត្មាអញជារៀងរហូតទៅបានឡើយ ។ បើថាបាននៅជាមួយក៏វាមិនអាចប្រព្រឹត្តទៅតាមប្រាថ្នារបស់យើងដែរ ព្រោះរបស់ទាំងអស់វាស្ថិតនៅក្រោមច្បាប់ធម្មជាតិ វាប្រព្រឹត្តទៅតាមហេតុបច្ច័យរបស់វា ។ នៅក្នុងកងទុក្ខ ១២កងមានទុក្ខម្យ៉ាងកើតឡើងក្នុងចិត្តគឺប្រាថ្នារបស់ណាហើយមិនបាននូវរបស់នោះ វារមែងជាទុក្ខតាមកម្លាំងនៃសេចក្តីប្រាថ្នាហ្នឹងឯង ។ ច្បាប់ធម្មជាតិគឺការប្រព្រឹត្តទៅតាមហេតុបច្ច័យ ព្រះសម្មាសម្ពុទ្ធទ្រង់ដាស់តឿនអំពីការពិតនៃធម្មជាតិនេះជារឿយៗព្រះអង្គបន្ថែមផ្ទួនហើយផ្ទួនទៀត ដើម្បីឲ្យពុទ្ធបរិស័ទបានយល់បានដឹងនូវសេចក្តីពិតនៃធម្មជាតិដែលជារបស់ធម្មតាហើយម្យ៉ាងទៀត ព្រះអង្គទ្រង់ទូន្មានឲ្យពុទ្ធបរិស័ទ សមាទានកាន់យកនូវសម្មាទិដ្ឋិ ការយល់ត្រូវដឹងទាន់នូវហេតុបច្ច័យឲ្យជាទីតាំងនៃដំណើរផ្លូវ មិនគប្បីកាន់យកនូវសេចក្តីប្រាថ្នា ការចង់បានដោយតណ្ហា ឲ្យជាទីតាំងនៃដំណើរផ្លូវឡើយ ។ ការបានយល់ដឹងនៅក្នុងហេតុ បច្ច័យ គឺបានដឹងថាអ្វីៗវាមិនប្រព្រឹត្តទៅតាមការចង់បានរបស់យើងទេ ប៉ុន្តែបើយើងត្រូវការឲ្យវាប្រព្រឹត្តទៅយ៉ាងណា យើងត្រូវដឹងហេតុបច្ច័ ហើយប្រព្រឹត្តនូវហេតុបច្ច័យនោះៗដើម្បីឲ្យសម្រេចផលយ៉ាងនោះតាមដែលយើងត្រូវការ កុំរវល់តែប្រាថ្នា ឲ្យអ្វីៗប្រព្រឹត្តទៅតាមចិត្តចង់បាន គឺវាប្រព្រឹត្តទៅមិនបានឡើយ ។ បុគ្គលដែលសម្លឹងមើលអ្វីៗ ទៅតាមហេតុ បច្ច័យរមែងមានសេចក្តីស្ងប់ចិត្តផង និងបានជាឥស្សរៈលើខ្លួនឯងច្រើនឡើងផង បណ្តេញនូវតណ្ហាមិនឲ្យចេះតែជាឥស្សរៈលើជីវិតរបស់ខ្លួនឡើយ ។
ជាទីបំផុតនៃជីវិតនេះ ទ្រព្យសម្បត្តិនិងញាតិមិត្តបងប្អូនជួយអ្វីក៏មិនបានដែរ ដូចជាកំពុងឈឺ ធ្ងន់នៅលើគ្រែសម្រាប់ស្លាប់ រហូតដល់ដៃជើងកម្រើកមិនបាន មាត់និយាយមិនរួចធ្វើអ្វីក៏មិនបាន អ្នកណាជួយក៏មិនបានដាក់អាហារក៏មិនចូលបានត្រឹមតែបន្តក់ទឹកតែប៉ុណ្ណោះប៉ុន្តែអ្វីដែលនៅមានហើយអាចធ្វើការបាន គឺចិត្តហ្នឹងឯង ពេលនោះ បើយើងធ្លាប់តែមាននូវសេចក្តីសុខ ដែលអាស្រ័យនឹងអាមិស គឺអ្វីៗ នៅខាងក្រៅចិត្តរបស់ខ្លួនប៉ុណ្ណោះ យើងរមែងមាននូវសេចក្តីទុក្ខ សេចក្តីក្តៅក្រហាយតែម្យ៉ាង ។ ផ្ទុយមកវិញ បុគ្គលដែលបានហ្វឹកហាត់ចិត្តរបស់ខ្លួនដោយបញ្ញា ដឹងទាន់នូវសភាវៈពិត តាមដូចដែលបានពោលមកហើយនោះ គេអាចធ្វើចិត្តឲ្យមាននូវសេចក្តីស្ងប់គឺ បស្សទ្ឋិដែលជាហេតុជិតរបស់សុខៈ និងសមាធិ កាលគេហាត់ចិត្តទុកបានដោយល្អយ៉ាងនេះហើយ ទោះបីគេដេកឈឺម្នាក់ឯងនៅលើគ្រែសម្រាប់ស្លាប់ ដែលអ្វីៗ ឬ អ្នកណាៗ ក៏ជួយមិនបានដែរនោះ គេក៏នៅតែមានសេចក្តីសុខស្ងប់ក្នុងចិត្តដដែល ។ នេះជាសេចក្តីសុខដែលជាឥស្សរៈ មានខ្លួនឯងជាទីពឹងចំពោះខ្លួនពិតប្រាកដ ដូច្នេះសូមពុទ្ធសាសនិកជនសិក្សាឲ្យបានជ្រាបច្បាស់ថា ខ្លឹមសារពិតប្រាកដរបស់ជីវិតដែលយើងត្រូវការនោះ គឺជាអី្វ ។ យើងខំសន្សំនូវទ្រព្យសម្បត្តិផ្សេងៗមក ដើម្បីសេចក្តីសុខ ប៉ុន្តែសេចក្តីសុខក្នុងពេលជាទីបំផុតនោះគឺនៅត្រង់ចិត្តរបស់យើង ដែលយើងបានហ្វឹកហាត់អប់រំជារឿយៗរាល់ថ្ងៃមក ។ យើងត្រូវអប់រំសន្សំនូវបស្សទ្ធិ គឺសេចក្តីស្ងប់ ឲ្យជាប្រក្រតីធម្មតាក្នុងជីវិតប្រចាំថ្ងៃ មានជីវិតរស់នៅជាមួយនឹងបញ្ញា ដឹងទាន់សភាវៈពិតបានយ៉ាងសម្បូរ មានសតិសព្វកាល ពិចារណាឃើញខន្ធលោក ដោយនូវសភាពសូន្យទទេចាកខ្លឹមទៀងខ្លឹមសុខ និងខ្លឹមខ្លួន សម្រេចបាននូវ បស្សទ្ធិ សុខៈ និងសមាធិ ជាគោលធម៌ប្រចាំជីវិត និងជាសម្បត្តិដ៏មានតម្លៃរបស់យើង ហើយយើងមិនព្រមឲ្យអ្នកណាមកទម្លាយ ធ្វើឲ្យវិនាសបានឡើយ នេះឯងគឺជាខ្លឹមសារដ៏ពិតប្រាកដរបស់ជីវិតដែលយើងត្រូវការនោះ ។ ពេលដែលយើងបានជួបជាមួយនឹងអ្នកណា យើងក៏បានទទួលនូវអារម្មណ៍ ខាងក្រៅចូលមក ពេលខ្លះយើងត្រូវអារម្មណ៍ដែលចូលមកនោះ បោកខ្ជប់ចិត្តរបស់យើងដូចជាបានឮពាក្យរបស់អ្នកដទៃនិយាយស្តីបន្ទោសមកដល់យើងជាដើមដោយយើងខ្វះនូវស្មារតី និងខ្វះការតាំងចិត្តរក្សានូវសម្បត្តិដ៏មានតម្លៃ ធ្វើឲ្យពាក្យសម្តីរបស់អ្នកដទៃវាយទម្លាយនូវទ្រព្យសម្បត្តិដ៏មានតម្លៃរបស់យើងនោះ ឲ្យវិនាសបាត់បង់ សេចក្តីរីករាយក្នុងកុសលក្តី សេចក្តីសុខស្ងប់ក្តី ចិត្តនឹងធឹងក្តី ក៏បានសាបសូន្យអស់អំពីក្នុងចិត្តរលីងពុំមានសល់ឡើយ ។ អនិដ្ឋារម្មណ៍ គឺអារម្មណ៍មិនជាទីប្រាថ្នា នៅក្នុងជីវិតរបស់យើងម្នាក់ៗ មានច្រើនណាស់ បើយើងមិនមានប្រក្រតីចម្រើនសតិទេ យើងមិនអាចនឹងសន្សំនូវសេចក្តីសុខស្ងប់កប់ទុកក្នុងសន្តានចិត្តបានឡើយ ព្រោះហេតុដូច្នេះទើបព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែង ឲ្យសន្សំនូវសេចក្តីសុខ តាមរយះនៃការទូន្មានចិត្ត ជាទីបំផុតទ្រង់ត្រាស់ថា ការរស់នៅនៃតណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ អត្តបទនេះស្រង់ចេញពីសៀវភៅៈ ខ្លឹមសារគួរយល់ដឹង រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |