Reading Article
Public date : 24, Jul 2019 (18,151 Read)
មនុស្សដែលគេទុកចិត្ត

|
កូនជាទីស្រឡាញ់! កូនត្រូវធ្វើខ្លួនឲ្យដូចពាក្យនេះគឺ (នៅឲ្យគេទុកចិត្តចាកចេញពិតគេរលឹក) ម្យ៉ាងទៀត (នៅឲ្យគេស្រឡាញ់លុះចាកចេញគេអាល័យ) ។ កូននៅក្នុងទីណា នៅជាមួយអ្នកណា ធ្វើការកន្លែងណា ធ្វើជាមួយអ្នកណា យូរឬមិនយូរក៏ដោយចុះ ការសំខាន់ជាដំបូងដែលកូនគួរធ្វើគឺសាងនូវភាពកក់ក្តៅ ការទុកចិត្តថាជាគ្នាឯងនិងសាងការចេញចិត្តឲ្យដល់អ្នកដទៃ កុំសាងនូវភាពក្តៅក្រហាយជ្រួលច្របល់ចលាចល គឺកុំធ្វើឲ្យមានបញ្ហាដល់មនុស្សដែលកូនទៅសំណាក់ ឬទៅធ្វើការជាមួយឲ្យសោះ ។
បើកូនសាងនូវភាពកក់ក្តៅ និងការទុកចិត្តឲ្យដល់អ្នកដទៃ កូននឹងរស់នៅក្នុងកិត្តិយស មានច្រើនសុទ្ធតែជាអ្នកស្រឡាញ់ចូលចិត្ត សម្បួណ៌មិត្ត ខ្សត់សត្រូវ ។ ផ្ទុយមកវិញ បើកូនសាងនូវបញ្ហា គឺការក្តៅក្រហាយឲ្យដល់គេ កូនមានតែគេរង្កៀស គេភ័យខ្លាច គេធុញទ្រាន់ សាបសូន្យកិត្តិយស និងរស់នៅជាទុក្ខ ។ វិធីសាងនូវភាពកក់ក្តៅ ការពេញចិត្ត និងការទុកចិត្តនោះគឺ ការចេះលះបង់ មិនឃើញតែពីខ្លួនឯង និយាយស្តីឲ្យល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ ជាគ្នាឯងជាមួយមនុស្សគ្រប់គ្នា មានកិរិយាមារយាទរាបសា រៀបរយស្លូតបូតត្រឹមត្រូវ មិនប្រកាន់ខ្លួន និងមិនអួតខ្លួន គឺជាការរក្សាជានិច្ចនូវសម្បត្តិមនុស្សល្អ ។ កូនត្រូវចាំពាក្យនេះថាៈ ញញឹមរក្សាគ្នា តាំងចិត្តសន្ទនា វាចាពិរោះ
ពេលគេមានទុក្ខ ត្រូវជួយសង្គ្រោះ បានអ្វីដាក់ពោះ កុំរស់តែឯង ។ ត្រូវចេះលះបង់ ទាំងចេះស្មោះត្រង់ ចិត្តចង់ចេះក្រែង ទេសនាពិរោះ សង្គ្រោះក្រៃលែង មិនអួតខ្លួនឯង មិនហែងទឹកចិត្ត។ ទឹកចិត្តទឹកមាស បេះដូងមានព្រះ មន្តស្នេហ៍ស័ក្តិសិទ្ធ ញាតិច្រើនកន្លង អ្នកផងទុកចិត្ត លុះចាកចេញពិត ញាតិមិត្តអាល័យ ។ ចេះប្រើខ្លួនឯង ព្រមទាំងចេះក្រែង អ្នកផងអាស្រ័យ ប្រឹងជួយការងារ ពេញជើងពេញដៃ ញាតិមិត្តអាល័យ ពេលក្ស័យជីវ៉ា ។ ចេះអានខ្លួនឯង ព្រះធម៌សម្តែង ឲ្យចេះសិក្សា ដឹងតួនាទី មិនចោលកិច្ចការ ចេះស្គាល់អាត្មា មនុស្សម្នាចូលចិត្ត ។ ចេះតឿនខ្លួនឯង ទាំងចេះប្រឹងប្រែង អ្នកផងអាណិត កុំចាំគេប្រើ ការងារល្អពិត វីរិយៈសណ្ឌិត ញាតិមិត្តត្រូវការ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថតបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |