Reading Article
Public date : 27, Jul 2019 (65,065 Read)
ហេតុនៃកិរិយានៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ

|
គ្រានោះ ព្រះអានន្ទមានអាយុ សម្តែងចំពោះមហានាមសក្យៈ ថា បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្រ្ទីយ៍ទាំងឡាយ ជាអ្នកស្គាល់ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវការភ្ញាក់រឭក ជាអ្នកប្រកបដោយសប្បុរសធម៌ ៧ ប្រការ ជាអ្នកបានដូចប្រាថ្នានូវឈានទាំង ៤ ដែលអាស្រ័យនូវចិត្តដ៏ថ្លៃថ្លា ជាហេតុនៃកិរិយានៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ ។
បពិត្រមហានាម ចុះអរិយសាវ័កជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច ។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមល្អក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចារៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ បពិត្រមហានាម អរិយសាវ័កដែលជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះឯង ។ បពិត្រមហានាម ចុះអរិយសាវ័កជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទីយ៍ទាំងឡាយ តើដូចម្តេច ។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ឃើញរូបារម្មណ៍ដោយចក្ខុ មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈានឹងទោមនស្សជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្រ្ទីយ៍ ព្រោះហេតុមិនសង្រួមចក្ខុន្រ្ទីយ៍ណា លោកប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្រ្តីយ៍នោះ រក្សាចក្ខុន្រ្ទីយ៍ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ត្រីយ៍ ឮសម្លេងដោយត្រចៀក ។ល។ ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវនូវផោដ្ឋព្វៈ ដោយកាយ... ដឹងធម្មារណ៍ដោយចិត្ត ហើយជាអ្នកមិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈានឹងទោមស្សជាអកុសលដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវមនិន្រ្ទយ៍ ព្រោះហេតុមិនសង្រួមមនិន្រ្ទយ៍ណា លោកប្រតិបត្តិ ដើម្បីសង្រួមមនិន្រ្ទយ៍នោះ រក្សមនិន្រ្ទយ៍ ដល់នូវសេចក្តីសង្រួមក្នុងមនិន្រ្ទយ៍ បព្រិតមហានាម អរិយសាវ័កដែលជាអ្នកគ្រប់គ្រង់ទ្វារ ក្នុងឥន្រ្ទីយ៍ទាំងឡាយ យ៉ាងនេះឯង ។ បពិត្រមហានាម ចុះអរិយសាវ័កជាអ្នកស្គាល់ប្រមាណក្នុងភោជន តើដូចម្តេច ។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ពិចារណាដោយឧបាយ ទើបបិរភោគអាហារដោយគិតថា អាត្មាអញបរិភោគអាហារ ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរក៏ទេ (បរិភោគ) ដើម្បីនឹងឲ្យតាំងនៅកាយនេះ ដើម្បីញ៉ាំងជីវិតិន្រ្ទីយ៍ឲ្យប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយធម៌ អាតា្មអញនឹងកំចាត់បង់វេទនាចាស់ គឺសេចក្តីឃ្លានដែលមានហើយផង នឹងញ៉ាំងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយានៅសប្បាយក្នុងឥរិយាបថទាំង ៤ ក្តី នឹងមានដល់អាត្មាអញដោយបានបរិភោគអាហារនេះ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ដែលជាអ្នកស្គាល់ប្រមាណក្នុងភោជន យ៉ាងនេះឯង ។ បពិត្រមហានាម ចុះអរិយសាវ័កជាអ្នកប្រកបនូវសេចក្តីភ្ញាក់រឭក តើដូចម្តេច ។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ បើក្នុងវេលាថ្ងៃ (លោក) រមែងជម្រះចិត្តចាកនីវរណធម៌ទាំងឡាយ ដោយការចង្រ្កមនឹងអង្គុយ បើវេលារាត្រីបឋមយាម (លោក) រមែងជម្រះចិត្តចាកនីវរណធម៌ទាំងឡាយ ដោយការចង្រ្កមនឹងអង្គុយ លុះដល់វេលារាត្រីមជ្ឈឹមយាម លោករមែងសម្រេចសីហសេយ្យាសន៍ផ្អៀងស្តាំ យកជើងគងលើជើង មានសតិនឹងសម្បជញ្ញៈ ធ្វើមនសិការៈ នូវឧបដ្ឋានសញ្ញា លុះដល់វេលារាត្រីបច្ឆឹមយាម (លោក) រមែងក្រោកឡើងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្រ្កមនឹងអង្គុយ បពិត្រមហានាម អរិយសាវ័កដែលជាអ្នកប្រកបនូវការភ្ញាក់រឭក យ៉ាងនេះឯង ។ បពិត្រមហានាម ចុះអរិយសាវ័កជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង ៧ ប្រការ តើដូចម្តេច ។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណរបស់ព្រះតថាគត ថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជានឹងចរណៈ ជាព្រះសុគត ជ្រាប់ច្បាស់នូវលោក ព្រះអង្គប្រសើរបំផុត ដោយសីលាទិគុណ ព្រះអង្គជាសារថីទូន្មានបុរស ព្រះអង្គជាសាស្តារបស់ពួកទេវតានឹងមនុស្ស ព្រះអង្គត្រាស់ដឹងសច្ចធម៌ ព្រះអង្គបំបាត់បង់ត្រៃភព ដូច្នេះ ជាអ្នកមានសេចក្តីខ្មាស រមែងអៀនខ្មាសចំពោះកាយទុច្ចរិត វចីទុច្ចរិត នឹងមនោទុច្ចរិត រមែងអៀនខ្មាសចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក ជាអ្នកមានសេចក្តីតក់ស្លុត រមែងតក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត នឹងមនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសប់អកុសលធម៌ដ៏លាមក ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណាមានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថនឹងព្យញ្ជនៈ រមែងប្រកាសព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ លោកបានស្តាប់មកច្រើន បានទ្រទ្រង់ទុកបានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់ដោយទិដ្ឋិគឺបញ្ញា ជាអ្នកផ្តួចផ្តើមសេចក្តីព្យាយាម ដើម្បីលះអកុសលធម៌ ដើម្បីបំពេញកុសលធម៌ ជាអ្នកមានកម្លាំងព្យាយាម ខ្មីឃ្មាតមុតមាំ មិនដាក់ធុរៈចោល ចំពោះកុសលធម៌ទាំងឡាយ ជាអ្នកមានសតិប្រកបព្រមដោយសតិនឹងបញ្ញាដ៏ឧត្តម ជាអ្នកនឹករឭកចាំបាននូវអំពើដែលខ្លួនធ្វើយូរហើយ នឹងសំដីដែលខ្លួននិយាយយូរហើយ ជាអ្នកមានប្រាជ្ញា រមែងប្រកបដោយប្រាជ្ញាជាគ្រឿងដឹងច្បាស់ នូវការកើតឡើង នឹងសូន្យទៅ (នៃខន្ធ ៥ ) នឹងបញ្ញាសម្រាប់ទំលាយបង់នូវគំនរលោភៈ ទោសៈ មោហៈ ដ៏ប្រសើរ ទាំងជាគ្រឿងដឹង នូវការអស់ទៅនៃកងទុក្ខដោយប្រពៃ បពិត្រមហានាម អរិយសាវ័កដែលជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង ៧ ប្រការ យ៉ាងនេះឯង ។ បពិត្រមហានាម ចុះអរិយសាវ័កជាអ្នកបានដូចប្រាថ្នានូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថា្ល ជាហេតុនៃការនៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ តើដូចម្តេច ។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈានដែលប្រកបដោយវិតក្កៈនឹងវិចារៈ មានបីតិនឹងសុខៈ ដែលកើតអំពីវិវេក ព្រោះរម្ងាប់វិតក្កៈ នឹងវិចារៈ ក៏កាន់ចូលទុតិយជ្ឈាន ជាទីផូផង់ប្រព្រឹត្តទៅក្នុងសន្តាន មានភាវៈ នៃចិត្តដ៏ប្រសើរ គ្មានវិតក្កៈនឹងវិចារៈ មានតែបីតិនឹងសុខៈដែលកើតអំពីសមាធិ ព្រោះលះបង់បីតិចេញ ជាបុគ្គលព្រងើយ មានសតិនឹងសម្បជញ្ញៈផង ទទួលសេចក្តីសុខដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយសរសើរថា បុគ្គលដែលបានតតិយជ្ឈានហើយតែងមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ ព្រោះលះបង់សេចក្តីសុខផង លះបង់សេចក្តីទុក្ខផង ព្រោះរលត់សោមនស្សនឹងទោមនស្សអំពីមុនផង លោកក៏បានចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខឥតសុខ មានសតិ ដែលអំពីឧបេក្ខាដ៏បរិសុទ្ធ ។ បពិត្រមហានាម អរិយសាវ័ក ជាអ្នកបានដូចប្រាថ្នានូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការរស់នៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ យ៉ាងនេះឯង ។ បពិត្រមហានាម កាលណាអរិយសាវ័កជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទីយ៍ទាំងឡាយយ៉ាងនេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជនយ៉ាងនេះ ជាអ្នកប្រកបដោយការភ្ញាក់រឭកយ៉ាងនេះ ជាអ្នកប្រកបដោយសប្បុរិសធម៌ទាំង ៧ ប្រការយ៉ាងនេះ ជាអ្នកបានដូចប្រាថ្នានូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយយ៉ាងនេះ ។ ស្រង់ចាក គម្ពីរព្រះត្រៃបិដក ភាគ ២៣ ទំព័រ ៤៣ ។ ដោយ៥០០០ឆ្នាំ |