ព្រហ្មញ្ញសាសនា

|
ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។
![]() ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។ ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។ ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។ លក្ខណៈរបស់ព្រះព្រហ្មមាន៖ ព្រះកាយសម្បុរក្រហម ព្រះព្រហ្ម ជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។ គម្ពីរត្រៃវេទ លុះចំណេរតមក កើតមាន អថវ៌វេទ ឬ អថព្វវេទ (Atharvaveda) “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែមនុស្សបន្តហៅថាគម្ពីរទាំងនោះថាត្រៃវេទដដែល ។ ព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក ។ សូមកត់ចំណាំថា ពាក្យថា លីវយី ក្តី ពាក្យថា ហ៊ុនទៀនក្តី មិនមែនជាពាក្យខ្មែរទេ ។ ពាក្យទាំងនេះអាចមានប្រភពមកពីភាសាចិន ថៃ ឬ លាវ ។ គ្មានឯកសារច្បាស់លាស់ណាមួយអះអាងថាមេដឹកនាំខ្មែរដើមនោះឈ្មោះអ្វីពិតប្រាកដទេ ។ ឈ្មោះទាំងនោះមានតែនៅក្នុងរឿងព្រេងដំណាលតៗគ្នាប៉ុណ្ណោះ ។ |