Reading Article
អានសរុប:
៦៥,២៧១,៣១០ ដង
Scan Link
ភារៈធ្ងន់របស់ម៉ែ
Public date : 28, Mar 2026 (21,760 Read)
|
|
|
ភារៈធ្ងន់របស់ម៉ែ
កាលបើពោលតាមច្បាប់ធម្មជាតិ ឬពោលតាមសេចក្ដីពិតដែលប្រាកដឲ្យឃើញ ម៉ែឈ្មោះថាធ្វើនូវរបស់ដែលធ្វើបានដោយលំបាក ហើយសេចក្ដីលំបាកនេះ ឪពុកមិនអាចធ្វើជំនួសបានឡើយ ពោលគឺ ម៉ែត្រូវមានរដូវ ត្រូវពពោះ និង ត្រូវឆ្លងទន្លេ (សម្រាលកូន) នេះគឺជាសេចក្ដីទុក្ខលំបាករបស់ម៉ែគ្រប់គ្នា ក្នុងនោះ មានម៉ែមិនតិចនាក់ទេ ដែលត្រូវបានបាត់បង់ជីវិត ព្រោះការឆ្លងទន្លេ។ ព្រោះហេតុដូច្នេះ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ក្នុងកាលដែលព្រះអង្គនៅជាព្រះមហាពោធិសត្វ សោយព្រះជាតិជាតាបសឈ្មោះ សោណបណ្ឌិត បានពណ៌នាព្រះគុណរបស់ម៉ែយ៉ាងគួរស្ដាប់ មានប្រាកដក្នុងសោណនន្ទជាតកសត្តតិនិបាត ថា ម៉ែកាលប្រាថ្នាចង់បានផលគឺកូន រមែងនមស្ការទេវតាដើម្បីសូមកូន ម៉ែសួរនូវនក្ខត្តឫក្សទាំងឡាយផងសួរនូវរដូវ និងឆ្នាំទាំងឡាយផង ថាតើកូនកើតក្នុងឫក្សណា ក្នុងរដូវណា ក្នុងឆ្នាំណា ទើបបាននូវអាយុវែង។ កាលម៉ែមានរដូវហើយ ក៏រមែងមានការតាំងគភ៌ឡើង ហើយម៉ែក៏មានការចាញ់គភ៌ ព្រោះហេតុនោះទើបម៉ែមានឈ្មោះថា ទោហឡិនី (ស្ត្រីចាញ់គភ៌)។ ម៉ែមានការស្រលាញ់កូន ដែលកើតក្នុងពោះរបស់ខ្លួន ព្រោះហេតុនេះទើបម៉ែមានឈ្មោះថា សុហទា (ស្ត្រីមានចិត្តល្អ)។ ម៉ែរក្សាគភ៌អស់មួយឆ្នាំ ឬជិតមួយឆ្នាំ ហើយទើបបានឆ្លងទន្លេសម្រាលកូន ព្រោះហេតុនេះ ទើបម៉ែមានឈ្មោះថា ជនយន្តី ឬ ជនេត្តី (ស្ត្រីជាអ្នកឲ្យកូនបានកើតមក)។ ម៉ែញ៉ាំងកូនដែលកំពុងយំឲ្យត្រេកអរ ដោយការបំបៅដោះផង ដោយការបំពេផង ដោយការឱបក្រសោបផង ព្រោះហេតុនេះ ទើបម៉ែមានឈ្មោះថា តោសេន្តី (ស្ត្រីញ៉ាំងកូនឲ្យត្រេកអរ)។ តពីនោះមកម៉ែមានហឫទ័យទន់ទោរទៅរកកូនក្រឡេកមើលកូនដែលពុំទាន់ដឹងក្ដី មើលក្នុងទីដែលកូននៅ ត្រូវខ្យល់ត្រូវក្ដៅយ៉ាងណា ព្រោះហេតុនេះ ទើបម៉ែឈ្មោះថា បោសេន្តី (ស្ត្រីអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន)។ ទ្រព្យសម្បត្តិឯណារបស់ម៉ែនិងរបស់ឪ ដែលមាននៅ ម៉ែរមែងគ្រប់គ្រងនូវទ្រព្យសម្បត្តិទាំងពីរចំណែកនោះដោយបំណងថា ទ្រព្យសម្បត្តិទាំងនេះត្រូវបានទៅកូនរបស់យើង។ ម៉ែកាលដែលទូន្មានកូនថា កូនគួរធ្វើយ៉ាងនេះ កូនមិនគួរធ្វើយ៉ាងនោះ ជាដើម រមែងនឿយហត់លំបាក។ កាលបើកូនមានវ័យចម្រើនឡើងហើយ ម៉ែបានដឹងថា កូនមានសេចក្ដីរីករាយភ្លើតភ្លើនព្រោះស្រវឹងក្នុងវ័យ។ ម៉ែរមែងទន្ទឹមមើលផ្លូវកូន លុះដល់ពេលល្ងាចពេលព្រលប់ បាត់កូនមិនឃើញត្រឡប់មក ម៉ែក៏អន្ទះសារញាប់ញ័រក្នុងចិត្ត ដោយប្រការដូច្នេះឯង។ ដកស្រង់ចេញពីសៀវភៅ ម៉ែ ដោយ៥០០០ឆ្នាំ |
Scan Link
Articles you may like

