Reading Article
Public date : 29, Jul 2019 (31,604 Read)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ

|
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
នៅពេលដែលយើងទាំងអស់គ្នា បានអាចអំពី ពុទ្ធកាលរបស់ព្រះអង្គហើយនោះ ពេលនេះយើងនឹងបានដឹងអំពីកិច្ចការរបស់ព្រះអង្គខ្លះៗ ទុកជាមិនបានសិក្សាពិស្ដារយ៉ាងណាក៏ដោយ តែសូមពុទ្ធបរិស័ទសិក្សានូវពុទ្ធកិច្ចរបស់ព្រះអង្គដោយសង្ខេបនេះចុះ។ កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញូពុទ្ធ មានស្ដេចយាងចេញទៅបិណ្ឌបាតពីព្រឹកព្រលឹម និងទ្រង់ត្រាស់សម្ដែងធម៌ដល់ពុទ្ធបរិស័ទជាដើម។ រីឯកិច្ចរបស់ព្រះពុទ្ធនោះមាន ៥ យ៉ាងគឺ ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេល អរុណរះទៅដល់ពេលថ្ងៃត្រង់ គឺទ្រង់បុណ្ឌបាត។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលក្រោយភត្ត គឺតាំងពីថ្ងៃត្រង់ទៅទល់នឹងពេលល្ងាច ទ្រង់សម្ដែងធម៌។ ៣- បរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីព្រលប់ទៅទល់នឹងពេលកណ្ដាលអាធ្រាត្រ (ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃទាំងឡាយ)។ ៤- មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រី គឺពេលកណ្ដាលអាធ្រាត្រទ្រង់ឆ្លើយបញ្ហាទេវតាមកសាកសួរ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅដល់នឹងពេលអរុណរះ(ទ្រង់ត្រូវមើលសត្វលោកដែល នឹងអាចសម្រេចធម៌ ដែលគួរព្រះអង្គទៅប្រោស ឬមិនទៅប្រោស)។ ក្នុងអដ្ឋកថាធម្មបទសម្ដែងថា ព្រះអង្គប្រមើល មើលឧបនិស្ស័យសត្វក្នុងមួយយប់ពីរដង គឺក្នុងពេលជិតភ្លឺម្ដង ពេលល្ងាចម្ដង។ ពេលជិតភ្លឺទ្រង់ប្រមើល ពីកណ្ដាលមាត់ចក្រវាលរហូតមកដល់ព្រះគន្ធកុដិ ពេលល្ងាចទ្រង់ប្រមើល មើលពីព្រះគន្ធកុដិ រហូតដល់ទៅកណ្ដាលមាត់ចក្រវាល។ ពុទ្ធភាសិត បុព្វណ្ហេ បិណ្ឌបាតញ្ច សាយណ្ហេ ធម្មេទេសនំ ប ទោសេ ភិក្ខុឱវាទំ អឌ្ឍរត្តេ ទេវបញ្ហានំ បច្ចូសេវ គតេ កាលេ ភ ព្វាភព្វេ វិលោកនំ ឯតេ បច្ចវិធេ កិច្ចេ វិសោធេតិ មុនិបុង្កវោតិ។ ព្រះសម្មាសម្ពុទ្ធជាចម្បងជាងអស់អ្នកប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ ៥ ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ស្ដេចយាងទៅបិណ្ឌបាត ១ ក្នុងពេលល្ងាចទ្រង់សម្ដែងធម៌ទេសនា ១ ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអាធ្រាត្រទ្រង់ដោះប្រស្នាទេវតា ១ ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹង និងមិនគួរត្រាស់ដឹង១។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |