Reading Article
Public date : 04, Apr 2022 (52,271 Read)
មាឃបូជា

|
ថ្ងៃនេះជាតិថី ពេញបូណ៌មីនៃខែមាឃ មានព្រះចន្ទពេញវង់ត្រូវនឹងថ្ងៃនៃសាវ័កសន្និបាត របស់ព្រះសក្យមុនីអរហន្តសម្មាសម្ពុទ្ធ ជាបរមគ្រូនៃយើង សាវ័កសន្និបាតនោះប្រកបដោយអង្គ ៤ គឺថ្ងៃពេញបូណ៌មី ខែមាឃ មានព្រះចន្ទចរចូលមាឃនក្ខត្តឫក្ស នេះជាអង្គទី ១ ព្រះភិក្ខុសង្ឃមានចំនួន ១២៥០ អង្គ ឥតមានអ្នកណានិមន្ត ឬណាត់ពេលគ្នាសោះឡើយ ក៏ស្រាប់តែមកប្រជុំគ្នា ក្នុងសំណាក់នៃព្រះបរមគ្រូ នាវត្តវេឡុវ័នកលន្ទកនិវាបស្ថាន ក្រុងរាជគ្រឹះ មគធរដ្ឋនៅវេលាថ្ងៃល្ងាច នេះជាអង្គទី ២ ព្រះភិក្ខុសង្ឃទាំង ១២៥០ អង្គនោះ សុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់ នេះជាអង្គទី ៣ ព្រះភិក្ខុសង្ឃទាំង ១២៥០ អង្គនោះ សុទ្ធតែជាព្រះខីណាស្រពទាំងអស់ នេះជាអង្គទី ៤ ព្រះសព្វញ្ញូពុទ្ធ ទ្រង់ត្រាស់សម្ដែង នូវឱវាទប្បាតិមោក្ខក្នុងទីប្រជុំនៃព្រះភិក្ខុសង្ឃនោះ។ ការប្រជុំសាវ័កបែបនេះ ហៅថាចតុរង្គសន្និបាត គឺការប្រជុំ ប្រកបដោយអង្គ ៤ ក្នុងពុទ្ធកាលនៃព្រះសក្យមុនីបរមគ្រូនៃយើងមានតែម្ដងប៉ុណ្ណោះ។ មួយទៀត កាលដែលព្រះបរមសាស្ដានៃយើងទ្រង់មានព្រះជន្ម បើគិតតាមឈ្មោះខែ នៅខ្វះ ៤ ខែបើគិតតាមចំនួនថ្ងៃ នៅខ្វះ ៨៨ ថ្ងៃទៀត នឹងគ្រប់ ៨០ ឆ្នាំគត់ព្រះអង្គទ្រង់កំណត់នូវព្រះជន្មាយុសង្ខារថា ម្នាលភិក្ខុទាំងឡាយគិតពីថ្ងៃនេះទៅនៅខ្វះតែ ៣ ខែទៀតទេតថាគតនឹងរំលត់ខន្ធចូលកាន់ព្រះនិព្វាន។ កាលកំណត់ជន្មាយុនេះនៅថ្ងៃ ១៥ កើតខែមាឃដែរ តិថីនេះជាឧបលក្ខិតសម័យមួយដ៏ឧត្ដម ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន ទាំងបព្វជិត និងគ្រហស្ថប្រជុំគ្នាធ្វើសក្ការបូជា ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះព្រមទាំងព្រះធម៌ជាបរមពុទ្ធោវាទ និងព្រះសង្ឃជាសាវ័ករបស់ព្រះអង្គ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |