Reading Article
Public date : 16, Oct 2021 (38,728 Read)
ព្រះនាម ភគវា

|
ព្រះនាម ភគវា
ព្រះនាមទី១០របស់ព្រះអង្គគឺ « ភគវា » ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គមាន ដំណើរល្អទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ គឺ ថា ព្រះអង្គមិនត្រឡប់កើតទៀតឡើយ។ ព្រះអង្គខ្ជាក់ចោលនូវមារ ៥ យ៉ាងគឺ៖ ១- ខន្ធមារ ២- កិលេសមារ ៣- អភិសង្ខារមារ ៤- មច្ចុមារ ៥- ទេវបុត្តមារ។ ខន្ធមារ មាន ៥ យ៉ាងគឺ៖ ១- រូបក្ខន្ធ ២- វេទនាខន្ធ ៣- សញ្ញាខន្ធ ៤- សង្ខារក្ខន្ធ ៥- វិញ្ញាណក្ខន្ធ កិលេសមារមាន ១០ យ៉ាងគឺ៖ ១- លោភៈ ២- ទោសៈ ៣- មោហៈ ៤- មានៈ ៥- ទិដ្ឋិ ៦- វិចិកិច្ឆា ៧- ថីនមិទ្ធៈ ៨- អហិរិកៈ ៩- អនោត្តប្បៈ ១០- ឧទ្ធច្ចៈ អភិសង្ខារមាន ២ យ៉ាងគឺ៖ ១- បុញ្ញាភិសង្ខារ (បុណ្យ) ២- អបុញ្ញាភិសង្ខារ (បាប) មច្ចុមារ សម្លាប់មនុស្សសត្វឲ្យវិលវល់ក្នុងវដ្តៈ ៣ យ៉ាងគឺ៖ ១- កិលេសវដ្ដៈ ២- កម្មវដ្ដៈ ៣- វិបាកវដ្ដៈ។ ទេវបុត្តមារ បានដល់ស្ដេចមារាធិរាជចងនូវសត្វ ដោយខ្សែមាន ៣ យ៉ាងគឺ៖ ១- រាគៈ ២- ទោសៈ ៣- មោហៈ ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គខ្ជាក់ចោលហើយនូវភពបី។ ភព ៣ គឺ៖
១- កាមភព ២- រូបភព ៣- អរូបភព។ ភគវា ទ្រង់ព្រះនាមថា ភគវា ព្រោះព្រះអង្គបែងចែកកម្មវិធីប្រោសសត្វមាន ៥ យ៉ាង។ ពុទ្ធកិច្ច ៥ យ៉ាងគឺ៖ ១- ពេលព្រឹក ព្រះអង្គទ្រង់បិណ្ឌបាត ២- ពេលរសៀល ទ្រង់សម្ដែងធម៌ទេសនា ៣- ពេលព្រលប់ ឲ្យឱវាទដល់ភិក្ខុ និងភិក្ខុនី ៤- ពាក់កណ្ដាលអាធ្រាត្រ ដោះប្រស្នាទេព្តា ៥- ទៀបភ្លឺ ប្រមើលមើល ឧបនិស្ស័យសត្វ។ ព្រះគុណបទនេះ សំដៅយកព្រះអង្គជាបុគ្គលមានហេតុផលដ៏អស្ចារ្យចម្លែកក្នុងលោក។ មួយទៀតពាក្យថា « ភគវា » នេះ ប្រែថា ព្រះអង្គមានចំណែក នៃធម៌ ដែលគួរសេពគប់ ឬខ្ជាក់ចោលនូវភពបី។ ត្រង់ពាក្យថា « ព្រះអង្គមានចំណែកនៃធម៌ » គឺព្រះអង្គតែងសម្ដែងធម៌ទេសនា ប្រោសសត្វតាមការកំណត់ក្នុងពុទ្ធកិច្ច ដែលទុកជាកម្មវិធីរបស់ព្រះអង្គដើម្បីឲ្យមហាជនចេះដឹងយល់ធម៌អាថ៌ បានទទួលធម្មរសតាមឧបនិស្ស័យរបស់ខ្លួន។ ត្រង់ពាក្យថា « ព្រះអង្គដែលគេគួរសេពគប់ » គឺព្រះអង្គជាបុគ្គលមានចរិយាប្រសើរបំផុត ដោយ កាយ វាចា ចិត្ត ឥតមាន អស្មិមានះ ឆ្មើងឆ្មៃ កោងកាច ប្រើអំណាចគ្របសង្កត់ អាងវណ្ណៈ យសស័ក្តិ បរិវារ ដោយអំពើអយុត្តិធម៌ទៅលើបុគ្គលណាមួយឡើយ។ ត្រង់ពាក្យថា « ព្រះអង្គខ្ជាក់ចោលនូវភពបី » គឺព្រះអង្គទ្រង់បំបាក់បង់ចោលនូវពភទាំងបី គឺ កាមភព រូបភព អរូបភព ហើយដោយហេតុថា ព្រះអង្គមិនមានព្រះទ័យជាប់ជំពាក់ អាឡោះអាល័យ ក្នុងការចង់កើតទៀត ក្នុងភពបីនោះឡើយ។ មួយវិញទៀតព្រះនាមថា« ភគវា » នេះ មានសេចក្ដីទូលាយណាស់ ពុំមែនអស់សេចក្ដីតែប៉ុណ្ណេះទេដូចសេចក្ដី ដែលអដ្ឋកថាចារ្យពណ៌នាទុកមកច្រើនន័យ។ លោកអ្នកប្រាជ្ញសម្ដែង រៀបរាប់ប្រវត្តិនៃព្រះបាទសុទ្ធោទនៈ ជាមហាក្សត្រសោយរាជ្យក្នុងក្រុងកបិលពស្ដុ ខាងកក្រោយមក ព្រះអង្គក៏ទទួលសោយរាជ្យសម្បត្តិស្នងពីព្រះវររាជបិតា។ ព្រះរាជទ្រព្យ និងរាជបរិវារដែលមានបរិបូណ៌ប្រកបដោយ កាមសុខឥតខ្វះខាត គួរឲ្យព្រះអង្គជាប់ជំពាក់ វង្វេង វង្វាន់ ភន្ត័ព្រះទ័យ ក្នុងកាមសុខនោះដោយពិត ប៉ុន្តែដោយអំណាច កុសលសម្ភារបារមីចាស់ក្លាបរិបូណ៍របស់ព្រះអង្គ អាចដឹងនាំព្រះអង្គ ឲ្យស្រលាញ់នូវសម្មាសម្ពោធិញ្ញាណ ជាងសេចក្ដីសុខក្នុងរាជសម្បត្តិ ទ្រង់យាងចេញចាកព្រះរាជដំណាក់ ទៅទ្រង់ផ្នួស ស្វែងរកសម្មាសម្ពោធិញ្ញាណ ទាល់តែបានសម្រេច។ ត្រង់ដែលព្រះអង្គមានប្រវត្តិការណ៍ល្អ មានជោគល្អ មានគ្រោះល្អដែលនាំឲ្យព្រះអង្គបានត្រាស់ជាព្រះពុទ្ធ បានបំពេញពុទ្ធកិច្ចប្រោសវេនេយ្យសត្វ ដោយសព្វគ្រប់ បានប្រតិស្ឋានព្រះពុទ្ធសាសនាទុកមកដូច្នេះ ឈ្មោះថា ព្រះអង្គប្រកបដោយ ព្រះគុណនាមថា « ភគវា » ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |