Reading Article
Public date : 06, Jul 2021 (12,859 Read)
ខ្លឹមសារនៃសំវេជនីយដ្ឋាន

|
ខ្លឹមសារនៃសំវេជនីយដ្ឋាន
នៅក្នុងមហាបរិនិព្វានសូត្រ ក្នុងបិដកលេខ ១៦ ទំព័រ ២៩៤ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា ម្នាលអានន្ទ សំវេជនីយដ្ឋាន (ទីកន្លែងដែលគួរឱ្យកើតសង្វេគ ) ដែលគួរ ឃើញដល់កុលបុត្រអ្នកមានសទ្ធានេះមាន ៤កន្លែង ។ សំវេជនីយដ្ឋាន ៤កន្លែង តើដូចម្តេច ។
ម្នាលអានន្ទ សំវេជនីយដ្ឋានដែលគួរឃើញ របស់កុលបុត្រអ្នកមានសទ្ធា ដោយរលឹកឃើញថា ព្រះតថាគតប្រសូតក្នុងទីនេះ ដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋាន ដែលគួរឃើញរបស់ កុលបុត្រអ្នកមានសទ្ធា ដោយរលឹកឃើញថា ព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងទីនេះ ដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋានដែលគួរឃើញរបស់កុលបុត្រ អ្នកមានសទ្ធា ដោយរលឹកឃើញថា ព្រះតថាគតបាន សម្តែងនូវអនុត្តរធម្មចក្កក្នុងទីនេះ ដូច្នេះ១ ម្នាលអានន្ទ សំវេជនីយដ្ឋានដែលគួរឃើញ របស់កុលបុត្រអ្នកមាន សទ្ធា ដោយរលឹកឃើញថា ព្រះតថាគតបរិនិព្វាន ដោយ អនុបាទិសេសនិព្វានធាតុក្នុងទីនេះ ដូច្នេះ១ ។ ម្នាលអានន្ទ នេះឯង សំវេជនីយដ្ឋានដែលគួរឃើញ ៤កន្លែង របស់ កុលបុត្រអ្នកមានសទ្ធា ។ ម្នាលអានន្ទ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា អ្នកមានសទ្ធា នឹងមកដោយរលឹកឃើញថា ព្រះតថាគត ប្រសូតក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគតត្រាស់ដឹងនូវ អនុត្តរសម្មាសម្ពោធិញ្ញាណក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគត សម្តែងនូវអនុត្តរធម្មចក្កក្នុងទីនេះ ដូច្នេះក្តី ព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុក្នុងទីនេះ ដូច្នេះ ក្តី ម្នាលអានន្ទពួកជនណាមួយ នឹងបានដើរមកកាន់ទីចារិក នៃចេតិយ ក៏មានចិត្តជ្រះថ្លា ប្រសិនបើធ្វើមរណកាលបែក ធ្លាយរាងកាយទៅ ពួកជនទាំងអស់នោះ ខាងមុខអំពី សេចក្តីស្លាប់ នឹងចូលទៅកាន់សុគតិភព សួគ៌ទេវលោក។ ពុទ្ធបរិស័ទទាំងឡាយ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ សម្តែងអំពីស្ថានទីសំខាន់ៗ ៤កន្លែង គឺស្ថានទីដែលទ្រង់ ប្រសូត១ ទ្រង់ត្រាស់ដឹង១ ទ្រង់សម្តែងនូវធម្មចក្ក១ ទ្រង់បរិនិព្វាន១ ហៅថា សំវេជនីយដ្ឋាន ៤កន្លែង ។ សំវេជ ក្នុងសេចក្តីដែលថា ជាគ្រឿងរំលឹកដាស់ តឿនចិត្តឱ្យកើតសទ្ធានិងបញ្ញា ព្រោះថា កាលបើយើង បានទៅដល់ស្ថានទីដែលហៅថា សំវេជនីយដ្ឋាន ៤កន្លែង និងស្ថានទីសំខាន់ៗ ក្នុងព្រះពុទ្ធសាសនាផ្សេងៗទៀតនោះ វត្ថុដែលយើងគួរបាន ដោយសរុបមានពីរយ៉ាងគឺ សទ្ធា និង បញ្ញា ។ ពុទ្ធបរិស័ទខ្លះបានចំពោះតែសទ្ធាប៉ុណ្ណោះ គឺការ ជ្រះថ្លា និង ជំនឿរឹងរឹតតែមាំទាំខ្លាំងក្លាឡើង ព្រមទាំង កើតបីតិ រំភើបក្នុងចិត្ត ព្រឺរោមព្រឺស្បែក ដែលជាផល សម្រេចបានមកអំពីសទ្ធាហ្នឹងឯង ។ ទោះជាយ៉ាងណាក៏ ដោយ កាលបើបាននូវសទ្ធមាំទាំខ្លាំងក្លាឡើងហើយនោះ ក៏ឈ្មោះថាបានផលហើយ គ្រាន់តែមិនបានពេញលេញ បរិបូណ៌ប៉ុណ្ណោះ បើឱ្យបានល្អគ្រប់គ្រាន់នោះគឺបាននូវ បញ្ញាបន្ថែមផង ទើបជាការបានផលពេញលេញបរិបូណ៌។ បញ្ញាម៉្យាង គឺការដឹង ការឃើញគតិធម្មតារបស់ សង្ខារ បានដល់ការមិនទៀងទាត់ ការទ្រាំមិនបាន និង សភាពសូន្យទទេ ។ ជាការយល់ចូលចិត្តនូវសេចក្តីពិតរបស់ ធម្មជាតិ ហើយក៏បានបង្អោនយកធម៌មកបដិបត្តិ កម្ចាត់ សេចក្តីស្រវឹងក្នុងរឿងផ្សេងៗ បញ្ញានេះជាឧបនិស្ស័យនៃ ការជាក់ច្បាស់ក្នុងសង្ខារធម៌ ព្រមទាំងញ៉ាំងជីវិតឱ្យរស់ នៅដោយសេចក្តីមិនប្រមាទទៀតផង ។ បញ្ញាម៉្យាងទៀត គឺបញ្ញានាំមកនូវការនឹករលឹក ដល់ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធជាអង្គម្ចាស់ និង នាំឱ្យមានការបដិបត្តិ តាមពាក្យទូន្មានប្រៀនប្រដៅនោះៗ ដោយការទាក់ទងនឹងស្ថានទីនីមួយៗ មានព្រះធម៌ទេសនា ផ្សេងៗ ដែលព្រះអង្គទ្រង់បានត្រាស់សម្តែងទុកមក ។ ការបានដោយចំពោះនូវតួបញ្ញា វាអាស្រ័យទៅលើ យោនិសោមនសិការ គឺការចេះគិត ចេះពិចារណាហ្នឹងឯង ដូចជា ការគិតទៅក្នុងរឿងសំវេជនីយដ្ឋាន៤កន្លែង គឺ កន្លែងទី១ជារឿងទាក់ទងនឹងការប្រសូត បានដល់ការ កើត ហើយបន្តទៅជាទីបំផុតគឺកន្លែងទី៤ ជារឿងទាក់ទង នឹងការបរិនិព្វាន បានដល់ការអស់ព្រះជន្ម ដោយមិនមាន បដិសន្ធិជាបន្តទៀតឡើយ ។ ចំពោះការប្រសូត និង ការបរិនិព្វាននេះ បើ និយាយអំពីជីវិតនៃព្រះអង្គក្នុងមួយអត្តភាព គឺជារបស់ សាមញ្ញដូចគ្រប់គ្នាដែរ បានដល់ ការកើត និងការស្លាប់ ។ អ្នកណាក៏ដោយដែលមានជីវិត គឺរមែងចាប់ផ្តើមពីការកើត ហើយត្រូវមានសេចក្តីស្លាប់ជាទីបំផុត នេះគឺជាគតិធម្មតា របស់ជីវិត មិនមែនមានចំពោតែះព្រះសម្មាសម្ពុទ្ធនោះទេ ប៉ុន្តែ យើងគួរជ្រាបថា ព្រះពុទ្ធជាអង្គម្ចាស់ មានបន្ថែមនូវ សេចក្តីសំខាន់ពីរយ៉ាង នៅក្នុងរវាងការប្រសូតនិងការ បរិនិព្វានរបស់ព្រះអង្គ ពីរយ៉ាងនោះបានដល់ ការត្រាស់ ដឹង១ និង ការសម្តែងនូវបឋមទេសនា១ នេះឯងជាផ្នែក សំខាន់និងពិសេស ដែលធ្វើឱ្យព្រះជន្មឬជីវិតរបស់ព្រះអង្គ មានភាពប្រសើរជាងជីវិតនៃសត្វទាំងឡាយ ។ ការត្រាស់ដឹងនោះ បើយើងសម្លឹងមើលឱ្យចំលើ អត្ថន័យសំខាន់ ក៏គឺការដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់បាន សម្រេចនូវទិសដៅ ដែលព្រះអង្គទ្រង់បំណងប្រាថ្នាអស់ កាលដ៏យូរអង្វែងមកហើយហ្នឹងឯង នេះជាការសម្រេច នូវប្រយោជន៍ផ្ទាល់ព្រះអង្គ ធ្វើព្រះជន្មជីពរបស់ព្រះអង្គ ឱ្យប្រសើរខ្ពង់ខ្ពស់ជាទីបំផុត ដោយរកបុគ្គលណាប្រៀបឱ្យ ស្មើពុំបានឡើយ ។ ជាបន្តមក ការសម្តែងបឋមទេសនា គឺជាការ បំពេញនូវប្រយោជន៍ដើម្បីអ្នកដទៃ ដោយសេចក្តីថា ព្រះអង្គទ្រង់ប្រោសសត្វលោក ញ៉ាំងសត្វលោកឱ្យបានសម្រេច នូវប្រយោជន៍ តាមសមគួរដល់ឧបនិស្ស័យ ។ ប្រយោជន៍ទាំងពីរប្រការ បើពោលជាភាសាបាលី គឺ អត្តទត្ថ និង បរទត្ថ ។ ការត្រាស់ដឹងនោះ ជាការ សម្រេចដ៏យ៉ាងពេញលេញនូវ អត្តទត្ថ ឬ អត្តហិត បាន ដល់ប្រយោជន៍ខ្លួន ចំណែកការសម្តែងនូវបឋមទេសនា ជាការចាប់ផ្តើមនៃការបំពេញ បរទត្ថ ឬ បរហិត បានដល់ប្រយោជន៍ដើម្បីអ្នកដទៃ ។ គោលធម៌ពីរយ៉ាងនេះ ជាខ្លឹមសារដ៏សំខាន់នៅក្នុង ការបដិបត្តិធម៌របស់ពុទ្ធបរិស័ទយើង ព្រះពុទ្ធជាអង្គម្ចាស់ ទ្រង់ត្រាស់សម្តែងជារឿយៗ ឱ្យពុទ្ធបរិស័ទបំពេញនូវ ប្រយោជន៍សម្រាប់ខ្លួនឯង និងប្រយោជន៍សម្រាប់អ្នក ដទៃ ។ ប្រយោជន៍ទាំងពីរយ៉ាងនេះជាប់ទាក់ទងគ្នា គឺថា បុគ្គលដែលអាចនឹងបំពេញនូវប្រយោជន៍ ឱ្យដល់អ្នកដទៃ បានយ៉ាងល្អនោះ ត្រូវតែកសាងខ្លួន ញ៉ាំងប្រយោជន៍របស់ ខ្លួនឱ្យបានចម្រើនជាមុនសិន ។ ទូន្មានអ្នកដទៃផង តម្កល់ ខ្លួនដោយប្រពៃដើម្បីជាគំរូផង បើយើងរឹតតែបានសម្រេច នូវប្រយោជន៍ខ្លួនឯងច្រើនប៉ុនណា យើងក៏រឹតតែញ៉ាំង ប្រយោជន៍ឱ្យដល់អ្នកដទៃបានសម្រេចច្រើនប៉ុណ្ណោះដែរ។ ប្រយោជន៍ខ្លួនឯង គឺខ្លួនឯងមានសតិបញ្ញា មាន ភាពក្លៀវក្លា មានការអង់អាច មានសេចក្តីសុខ មានជីវិត ស្ងប់រម្ងាប់ ។ ប្រយោជន៍ខ្លួនឯងនេះ គឺជាទីតាំងដ៏មាំក្នុង ការបំពេញប្រយោជន៍ឱ្យដល់អ្នកដទៃទៀត ព្រោះហេតុ នេះ ទើបមាននូវគុណសម្បត្តិរបស់ព្រះអរហន្តដែលថា ជា បុគ្គលបានសម្រេចនូវប្រយោជន៍របស់ខ្លួនហើយ រហូត ដល់មិនមានកិច្ចអ្វីដើម្បីខ្លួនឯងទៀតឡើយ ពោលគឺមាន សីលសមាធិបញ្ញាបរិបូណ៌ហើយ ឯសេចក្តីសុខស្ងប់ ភាព ជាឥស្សរៈលើតណ្ហា ក៏ត្រូវបានសម្រេចពេញលេញគ្រប់ គ្រាន់ទាំងអស់ផងដែរ។ កាលបើមាននូវសេចក្តីចម្រើនដល់ ព្រមក្នុងខ្លួនយ៉ាងនេះហើយ ក៏នាំយកនូវសេចក្តីចម្រើន ទាំងនោះ មានសេចក្តីសុខស្ងប់ជាដើម ទៅផ្សព្វផ្សាយ ចែកចាយឱ្យដល់អ្នកដទៃផង ដោយមេត្តាករុណាតទៅ ។ ស្ថានទីដែលព្រះពុទ្ធជាអង្គម្ចាស់ត្រាស់ដឹង និង ស្ថានទីប្រកាសនូវបឋមទេសនា គឺជាស្ថានទីសម្រាប់ឱ្យ ពុទ្ធបរិស័ទនឹករលឹកដល់ប្រយោជន៍ទាំងពីរយ៉ាង ដូចបាន សម្តែងបញ្ជាក់រួចហើយ ។ ស្ថានទីដែលទ្រង់ប្រសូត១ ស្ថានទីដែលព្រះពុទ្ធជាអង្គម្ចាស់ត្រាស់ដឹង១ និង ស្ថានទី ដែលព្រះអង្គទ្រង់បរិនិព្វាន១ គឺជាស្ថានទីដែលធ្វើឱ្យយើង នឹកឃើញដល់ថ្ងៃ១៥កើតខែពិសាខ ព្រោះថ្ងៃ ១៥កើត ខែ ពិសាខ គឺជាថ្ងៃព្រះអង្គទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និង ទ្រង់បរិនិព្វាន ។ មានថ្ងៃសំខាន់មួយទៀតខាងផ្លូវព្រះពុទ្ធសាសនា គឺ ថ្ងៃ១៥កើតខែអាសាឍ ដែលជាថ្ងៃព្រះអង្គទ្រង់សម្តែងនូវ បឋមទេសនា។ នៅថ្ងៃ១៥កើតខែអាសាឍនេះ ពុទ្ធបរិស័ទ យើងគួរតែនាំគ្នាប្រារឰធ្វើនូវពិធីគោរពបូជា ឱ្យបានឱឡារិក គគ្រឹកគគ្រេង ដូចវិសាខបូជា ឬមាឃបូជាដែរ បើបាន ដូចនេះ ពុទ្ធបរិស័ទយើងត្រូវមានថ្ងៃបូជាមួយទៀត គឺ អាសាឡបូជា (បូជានៅក្នុងថ្ងៃ ១៥កើត ខែអាសាឍ ) ។ ថ្ងៃ១៥កើតខែអាសាឍបន្ទាប់ពីការត្រាស់ដឹង គឺជា ថ្ងៃដែលយើងត្រូវនឹករលឹកឃើញ ដល់ការចាប់ផ្តើមប្រោស សត្វលោក របស់ព្រះសម្មាសម្ពុទ្ធ ។ ការនឹករលឹកឃើញ យ៉ាងនេះ រមែងធ្វើឱ្យពុទ្ធបរិស័ទយើង តាំងចិត្តអធិដ្ឋាន កសាងខ្លួនឱ្យបានមាំទាំ និងតាំងចិត្តជួយអ្នកដទៃឱ្យបាននូវ ប្រយោជន៍ យ៉ាងហោចណាស់ក៏មិនបានគិតបៀតបៀន អ្នកដទៃដែរ ។ ក្នុងដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធ យើងឃើញ កិច្ចសំខាន់ៗនៅក្នុងថ្ងៃ១៥កើតខែអាសាឍ ក្រៅអំពីការ ត្រាស់សម្តែងបឋមទេសនានោះ មាន៤ទៀតគឺ ១-ព្រះអង្គទ្រង់យាងចុះចាប់បដិសន្ធិ ២-ព្រះអង្គទ្រង់យាងចេញទៅបួស ៣-ព្រះអង្គទ្រង់ចាប់ផ្តើមឱ្យមានព្រះសង្ឃ ៤-ព្រះអង្គទ្រង់សម្តែងយមកប្បាដិហារិយ៍ ។ ដូច្នេះ រួមទៅជា៥មុខ ដែលជាកិច្ចសំខាន់ៗនៅក្នុង ថ្ងៃ១៥កើតខែអាសាឍ ។ ជាបន្តទៅទៀតនេះ យើងនឹងបាននូវបញ្ញាចាកការ ពិចារណា អំពីរូបកាយ និងធម្មកាយ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូតនៅក្នុងព្រៃលុម្ពិនី គឺជាការប្រាកដឡើងនៃ ព្រះរូបកាយរបស់ព្រះអង្គ ។ ព្រះរូបកាយរបស់ព្រះអង្គ ដែលជាព្រះសិទ្ធត្ថនេះ មានសេចក្តីសំខាន់ដ៏យ៉ាងក្រៃលែង ព្រោះថា ដោយអាស្រ័យនូវព្រះរូបកាយនេះឯង ទើបភាព ជាព្រះសម្មាសម្ពុទ្ធអាចកើតឡើងបាន ។ កាលព្រះសិទ្ធត្ថ ទ្រង់បំពេញនូវសេចក្តីព្យាយាម ក៏អាស្រ័យព្រះរូបកាយ នេះឯងដែរ បំពេញនូវសេចក្តីព្យាយាមនោះ ហើយបន្តពី ការព្យាយាមទៅ ក៏បានអាស្រ័យនូវព្រះរូបកាយហ្នឹងឯង ទៀត ក្នុងការទទួលនូវព្រះសព្វញ្ញុតញ្ញាណ ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ បានសេចក្តីថា ទ្រង់អាស្រ័យនូវព្រះរូបកាយនេះ ទើបអាចញ៉ាំងនូវព្រះ ធម្មកាយ ឱ្យប្រាកដឡើង បាន ។ ធម្មកាយរបស់ព្រះអង្គ បានប្រាកដឡើងនៅក្រោម ដើមព្រះមហាពោធិ៍នៅពុទ្ធគយា នុ៎ះគឺជាការត្រាស់ដឹង ដូច្នេះ សំវេជនីយដ្ឋានទី១ ជាទីប្រាកដឡើងនៃព្រះរូបកាយ ឯចំណែក សំវេជនីយដ្ឋានទី២ ស្ថានទីត្រាស់ដឹង គឺជាទី ប្រាកដឡើងនៃព្រះធម្មកាយ ។ ធម្មកាយ ក៏គឺជំនុំ ឬកងនៃធម៌ ។ កាលដែលព្រះពុទ្ធ ជាអង្គម្ចាស់ទ្រង់អាស្រ័យនូវព្រះរូបកាយ បានញ៉ាំងនូវ ព្រះធម្មកាយឱ្យប្រាកដ គឺជាចំណែកនៃប្រយោជន៍របស់ ព្រះអង្គ ហើយបន្តទៅទៀតនោះ ព្រះអង្គទ្រង់បានយាង ទៅកាន់ទីចារិក ញ៉ាំងព្រៃឥសិបតនមិគទាយវន ដែលជា សំវេជនីយដ្ឋានទី៣ ឱ្យបានជាកន្លែងចាប់ផ្តើមប្រកាស ផ្សព្វផ្សាយនូវព្រះធម្មកាយ ។ សំវេជនីយដ្ឋានទី៣នេះ ព្រះអង្គទ្រង់បានប្រកាស ផ្សព្វផ្សាយនូវព្រះធម្មកាយរបស់ព្រះអង្គ ឱ្យកើតឡើងដល់ អ្នកដទៃផង ដោយមានបុគ្គលជាបន្ទាល់សាក្សីមុនដំបូង គឺ ព្រះអញ្ញាកោណ្ឌញ្ញៈ អ្នកបាននូវធម្មចក្ខុភ្នែកឃើញធម៌ ។ ព្រះអញ្ញាកោណ្ឌញ្ញៈជាមនុស្សបាននូវព្រះធម្មកាយ (ពោធិបក្ខិយធម៌៣៧ប្រការ ) មុនដំបូងបង្អស់បន្ទាប់អំពី ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ហើយបានឧបសម្បទាជា ឯហិភិក្ខុមុនគេទៀត នៅក្នុងថ្ងៃបានសម្រេចព្រះធម្មកាយ ហ្នឹងឯង គឺថ្ងៃ១៥កើត ពេញបូណ៌មី ខែអាសាឍ ដែលជាថ្ងៃ កំណើតព្រះសង្ឃ ។ ព្រះសម្មាសម្ពុទ្ធ បានធ្វើព្រះធម្មកាយឱ្យប្រាកដ ឡើងក្នុងលោក ដោយការផ្សព្វផ្សាយចេញទៅកាន់អ្នក ដទៃ ។ កាលព្រះធម្មកាយបានប្រាកដក្នុងលោកហើយ និង ព្រះរូបកាយបានបំពេញកិច្ចយ៉ាងបរិបូណ៌ហើយ ព្រះរូបកាយនោះ ក៏បានទៅដល់ទីបំផុតនៅឯសំវេជនីយដ្ឋានទី៤ គឺស្ថានទីបរិនិព្វានក្នុងនគរកុសិនារា ។ ព្រះរូបកាយ បានធ្វើកិច្ចឱ្យព្រះធម្មកាយប្រាកដដល់ សត្វលោកហើយ ព្រះរូបកាយក៏រលត់ទៅ បែកធ្លាយទៅ ចោលព្រះធម្មកាយ (ពោធិបក្ខិយធម៌ )ទុកឱ្យជាប្រយោជន៍ ដល់សត្វលោកតទៅ ។ ព្រះធម្មកាយនេះពុំទាន់បានសាប សូន្យអស់ទៅ តាមព្រះរូបកាយនោះឡើយ នេះឯងជាការ ទំនាក់ទំនងរវាងព្រះរូបកាយ និង ព្រះធម្មកាយ ។ គួរចាំទុកថា ក្នុង៤ស្ថាននោះ ផ្តើមដំបូងព្រះរូបកាយប្រាកដ នៅនាទីប្រសូត ។ ដោយអាស្រ័យនូវព្រះ រូបកាយ ព្រះធម្មកាយក៏បានប្រាកដឡើង នៅនាព្រះពោធិព្រឹក្សពុទ្ធគយាស្ថានទីត្រាស់ដឹង ហើយក៏ធ្វើនូវព្រះធម្មកាយ នោះ ឱ្យសុសសាយខ្ចរខ្ចាយផ្សាយជាទូទៅ ដើម្បីជា ប្រយោជន៍ដល់សត្វលោក នៅព្រៃឥសិបតនមិគទាយវន ។ កាលបានបំពេញកិច្ចនាទីចប់សព្វគ្រប់ហើយ ព្រះរូបកាយក៏បានបែកធ្លាយនៅនានគរកុសិនារា បានចាកចោល ព្រះធម្មកាយទុកឱ្យស្ថិតនៅរហូតតមក ។ ព្រះសម្មាសម្ពទ្ធុទ្រង់ត្រាស់ថា បុគ្គលណាឃើញ តថាគត បុគ្គលនោះឃើញធម៌ បុគ្គលណាឃើញធម៌ បុគ្គលនោះឃើញតថាគត ការឃើញធម៌ គឺឃើញការ ពិតនៃជីវិត (បដិច្ចសមុប្បាទធម៌ ) អ្នកដែលបានឃើញធម៌ ដោយបញ្ញាចក្ខុ គឺជាអ្នកមាននូវចំណែកនៃព្រះធម្មកាយ ដូច្នេះ ទើបអ្នកឃើញធម៌ក៏រមែងបានឃើញនូវព្រះសម្មាសម្ពុទ្ធដោយពិតដែរ គឺជាការឃើញដោយញាណចក្ខុ ។ សូម្បីក្នុងសម័យកាលដែលព្រះអង្គគង់ព្រះជន្មនៅ ឡើយក៏ដោយ អ្នកដែលឃើញព្រះសម្មាសម្ពុទ្ធដោយពិត គឺ ត្រូវឃើញដោយញាណចក្ខុតែប៉ុណ្ណោះ ព្រោះមំសចក្ខុ (ភ្នែកសាច់ធម្មតានៃសត្វលោកទាំងពួង ) ឃើញបានត្រឹម តែរូបារម្មណ៍គឺពណ៌របស់រូបកាយប៉ុណ្ណឹងឯង មិនអាច ឃើញនូវព្រះធម្មកាយបានឡើយ ។ ព្រះធម្មកាយជាភាសាបាលី ប្រែថា កង ឬទីជំនុំ ទីប្រជុំរួមនៃព្រះធម៌ ចំណែករូបកាយ គឺជាទីប្រជុំ ឬកងនៃរូបធម៌ ពោលគឺ ដី ទឹក ភ្លើង ខ្យល់ មកប្រជុំគ្នាយ៉ាងមាន របៀប ដោយអំណាចការចាត់ចែងរបស់កម្ម ចិត្ត ឧតុ និង អាហារ ទើបបានកើតជារូបកាយឡើង ។ ព្រះធម្មកាយ គឺជាព្រះធម៌ដែលជាធម្មតារបស់ ធម្មជាតិ ប៉ុន្តែ ព្រះធម៌បានកើតមកដើម្បីជាប្រយោជន៍ដល់ សត្វលោក កាលបើមានការប្រជុំគ្នានូវព្រះធម៌ទាំងនោះ ហើយ ដោយអាស្រ័យការយល់ចូលចិត្ត និងការប្រព្រឹត្ត បដិបត្តិ ។ កាលបើយើងយល់ចូលចិត្តចំពោះព្រះធម៌ដោយ បញ្ញាហើយ ព្រះធម៌ក៏បានមកជាកាយរបស់យើងផងដែរ តែជានាមកាយ ដោយឡែកអំពីរូបកាយ ។ កាលដែលមានគុណធម៌ សេចក្តីល្អ មកប្រកបគ្នា បន្តិចម្តងៗ យើងក៏នឹងមាននូវជំនុំ ឬកងនៃព្រះធម៌កើត ក្នុងខ្លួនយើងច្រើនឡើងៗដែរ បើយើងប្រព្រឹត្តបដិបត្តិតាម គោលរបស់មេត្តា យើងក៏មាននូវមេត្តាចូលមកដើម្បីធ្វើ ការប្រជុំ យើងបំពេញនូវករុណា ករុណាក៏ចូលមក យើង បំពេញនូវមុទិតា និងឧបេក្ខា មុទិតានិងឧបេក្ខាក៏ចូលមក ឬបើយើងបំពេញនូវឥន្ទ្រិយ យើងមានសទ្ធាជាអង្គមួយ យើងមានវីរិយៈជាអង្គមួយ យើងមានសតិជាអង្គមួយ យើងមានសមាធិជាអង្គមួយ យើងមានបញ្ញាជាអង្គមួយ អង្គធម៌ទាំងអស់ក៏ចូលមករួមប្រជុំជាព្រះធម្មកាយ ព្រះ ធម្មកាយក៏ប្រាកដច្រើនឡើងៗជាលំដាប់ រហូតបានជា ព្រះធម្មកាយដ៏មាំទាំ គឺលោកុត្តរធម៌ ។ ព្រះធម្មកាយនេះមិនមានរូបរាង ព្រោះបើជារូប រាង គឺជារូបកាយ រីឯរូបកាយនោះក៏បានពោលហើយថា ជាទីប្រជុំនៃរូបធម៌ ចំណែកព្រះធម្មកាយនេះជាទីប្រជុំនៃ នាមធម៌ ។ ព្រះធម្មកាយគឺជានាមធម៌សុទ្ធ ព្រោះហេតុ នេះ ព្រះធម្មកាយគឺជានាមកាយហ្នឹងឯង ប៉ុន្តែ នាមកាយ ជាសព្ទទូលំទូលាយ អាចជាកុសលក៏បាន អាចជាអកុសល ក៏បាន និងអាចជាអព្យាក្រឹតក៏បាន ។ ព្រះធម្មកាយ ចាប់ផ្តើមដោយកុសលធម៌ មកប្រជុំ គ្នាច្រើនឡើងៗ ជាទីបំផុត ក៏បានទៅជាលោកុត្តរកុសល រួចហើយក៏បានតាំងនៅជាអព្យាក្រឹត ស្ថិតក្នុងហឫទ័យនៃ ព្រះអរហន្ត ។ ព្រះធម្មកាយមានកិច្ចកម្ចាត់កម្ចាយនូវពួក ធម៌ជាអកុសលឱ្យរលត់អស់អំពីសន្តាន ទើបបានស្ថិតជា អព្យាក្រឹតក្នុងជីវិតរបស់ព្រះសម្មាសម្ពុទ្ធ ដូច្នេះ ការផ្សព្វផ្សាយនូវព្រះធម្មកាយ គឺត្រូវផ្សព្វផ្សាយតាមរយៈនៃព្រះ ធម៌ទេសនារបស់ព្រះអង្គ ។ ពុទ្ធបរិស័ទ ត្រូវធ្វើការយល់ចូលចិត្តឱ្យបានច្បាស់ អំពីព្រះធម្មកាយ កុំយល់ច្រឡំថាព្រះធម្មកាយមានរូបរាង យ៉ាងនេះ ឬយ៉ាងនោះ ។ សេចក្តីនេះលើកយកមក អធិប្បាយ ដោយអាស្រ័យមានទំនាក់ទំនងគ្នាជាមួយនឹង ខ្លឹមសារនៃសំវេជនីយដ្ឋាន៤កន្លែង ដូចដែលបានពោល មកហើយ ។ ការស្វែងរកនូវប្រយោជន៍ ដោយការពិចារណា ស្វែងយល់អំពីអត្ថន័យខ្លឹមសារនៃសំវេជនីយដ្ឋាន បានច្រើន ប៉ុនណាៗ គឺអាស្រ័យនៅលើយោនិសោមនសិការហ្នឹង ឯង ដូចបានបញ្ជាក់ពីខាងដើមហើយ និង ទាំងអស់ ប្រមូលមក ប្រយោជន៍ដែលសម្រេចបានពីសំវេជនីយដ្ឋានបានដល់ សទ្ធា និង បញ្ញា ។
ពុទ្ធបរិស័ទគ្រប់ព្រះអង្គគ្រប់គ្នា រមែងបាននូវ ប្រយោជន៍អំពីសំវេជនីយដ្ឋាន៤កន្លែង បាននូវគតិធម៌ សម្រាប់នាំយកមកពិចារណា និងប្រព្រឹត្តបដិបត្តិ ដើម្បី ឱ្យកើតផលល្អដល់ជីវិតរបស់ខ្លួនច្រើនឡើងៗ គឺវាស្ថិត នៅលើឧបនិស្ស័យរបស់ពុទ្ធបរិស័ទ គ្រប់ព្រះអង្គគ្រប់គ្នា ហ្នឹងឯង ។ ដកស្រង់ចេញពី សៀវភៅ " ខ្លឹមសារគួរយល់ដឹង " ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |