Reading Article
Public date : 11, Oct 2022 (9,577 Read)
ជ្រើសរើសសុភមង្គល

|
ការរៀបអាពាហ៍ពិពាហ៍ ឬរៀបការ ឬបានគ្នាជាគូស្រករ ឬបានគ្រួសារ ឬបានប្តីប្រពន្ធ ជាលក្ខណៈធម្មជាតិ និងជាសេចក្តីត្រូវការ យ៉ាងហោចណាស់ ក៏មួយជីវិតម្តង របស់បុរស-ស្រ្តី ទូទៅនៅលើលោកនេះ ។
ការរៀបអាពាហ៍ពិពាហ៍ ជាសេចក្តីសម្រេចពេញចិត្តមួយដ៏ធំរបស់បុរស-ស្រ្តី ក្នុងការរួមរស់ជាមួយជនដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីបំពេញនូវសេចក្តីត្រូវការក្នុងការរស់នៅជាគូៗ ដើម្បីបំពេញនូវសេចក្តីត្រូវការខាងភេទ និងបន្តពូជពង្សរបស់មនុស្ស ឲ្យមានជាអង្វែងទៅទៀត ។ ដូច្នេះហើយទើបបានជា ការរៀបអាពាហ៍ពិពាហ៍ មានសារសំខាន់ណាស់ សម្រាប់ជីវិតរបស់គេម្នាក់ៗ ក្នុងការស្វែងរកនូវអ្វីដែលគេហៅថា សុភមង្គលសម្រាប់ជីវិតនៃការរៀបអាពាហ៍ពិពាហ៍ ។ ខ្មែរយើងបានឲ្យតម្លៃទៅលើការជ្រើសរើស បុរស-ស្រ្តី មកធ្វើជាគូអាពាហ៍ពិពាហ៍ ខ្លួនណាស់ ទើបបានជាបង្កើតពាក្យស្លោកនាំគ្នានិយាយថា " ធ្វើស្រែខុស ២-៣ឆ្នាំ គង់មានត្រូវ ១ឆ្នាំ យកប្តីប្រពន្ធតែខុសម្តង គឺខុសមួយជីវិតហើយ " ។ ដើម្បីសម្រេចនូវសុភមង្គលជីវិតរបស់ខ្លួន អ្នករៀបអាពាហ៍ពិពាហ៍ តែងមានទ្រឹស្តី និងមានទស្សនៈផ្សេងៗគ្នា សម្រាប់ធ្វើដំណើរទៅរកសុភមង្គល ៖ ១. អ្នកខ្លះថា សុភមង្គលស្ថិតនៅលើមាស ប្រាក់ ពេជ្រ កែវ កង ដូច្នេះ គេតែងតែស្វែងរក ស្រមៃ យល់សប្តិតែពីរបស់នុ៎ះប៉ុណ្ណោះ ដល់មិនបានដូចចិត្ត ឬបាត់បង់នូវវត្ថុនោះទៅ គេក៏ចាប់ផ្តើមកើតទុក្ខ មានបញ្ហាក្នុងជីវិតគ្រួសាររបស់គេភ្លាម ។ នៅក្នុងរឿងផ្កាស្រពោន យាយនួនដែលជាម្តាយនាងវិធាវី យល់ថា សុភមង្គលស្ថិតនៅលើការមានទ្រព្យសម្បត្តិច្រើន របស់កូនប្រសារគាត់ គឺណៃស៊ត ។ ២. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើអំណាច បុណ្យសក្តិ កេរ្តិ៍ឈ្មោះ ដូចជាករណីម្តាយនាងទាវ ដែលចង់លើកកូនទៅឲ្យកូនលោកអរជូន ។ ៣. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើការយល់ចិត្តគ្នាទៅវិញទៅមកការស្រឡាញ់គ្នាអស់ពីចិត្តពីថ្លើម ការមានអនុស្សាវរីយ៍កំសត់កម្រនឹងគ្នា ដូចជានៅក្នុងរឿងកុលាបប៉ៃលិន ដែលឃុននារីជាបុត្រគហបតី សុខចិត្តទៅស្រឡាញ់ចៅចិត្រ ជាកូនកំព្រា អ្នកក្រមកធ្វើជាគូជីវិតរបស់ខ្លួន ។ ៤. អ្នកខ្លះយល់ថា សុភមង្គលស្ថិតនៅលើការគ្រប់គ្រាន់ខាងសម្ពន្ធភាពភេទ ឬការសេវនកិច្ច ពិសេសនៅក្នុងសង្គមឧស្សាហកម្មនៃសង្គមអឺរ៉ុប ។ ៥. អ្នកខ្លះមិនយល់ថា អ្វីជាសុភមង្គលនៃអាពាហ៍ពិពាហ៍ទេ ជីវិតមានគូស្រកររបស់គេគឺ ការរស់នៅបែបជាមួយថ្ងៃៗ មិនមានខ្វាយខ្វល់អ្វី យ៉ាងណាក៏យ៉ាងនោះទៅ បែបគ្មានទិសដៅអ្វីសោះក៏មានដែរ ។ ទាំង ៥ ប្រភេទនៃសុភមង្គលរបស់ជីវិតអាពាហ៍ពិពាហ៍នេះ អ្នកខ្លះក៏សមបំណង អ្នកខ្លះក៏ខុសបំណង គ្មានអ្វីជាមាត្រដ្ឋានឲ្យច្បាស់លាស់ថា អ្វីដែលល្អជាងគេនោះទេ ស្រេចតែអ្នកណារើសយកណាមួយក៏យកទៅ ផ្សងតាមព្រេងវាសនា តាមមាន តាមបាន ។ ចំពោះអ្នក តើអ្នកជ្រើសរើសយកសុភមង្គលប្រភេទណា ? មាសប្រាក់? អំណាច? ការយល់ចិត្តគ្នា? ភេទសម្ព័ន្ធ? ឬក៏បណ្តោយទៅតាមព្រេងវាសនាឬ? អ្នកជ្រើសរើសយកមួយណាក៏បានដែរ បើអ្នកយល់ថាមួយហ្នឹងវាល្អសម្រាប់អ្នកហើយ គ្រាន់តែថា បើអ្នកសម្រេចចិត្តហើយ សូមអ្នកកុំស្តាយក្រោយឲ្យសោះ ព្រោះការស្តាយក្រោយពុំអាចជួយអ្វីអ្នកបានទេ ។ បើអ្នកមិនអាចសម្រេចចិត្តក្នុងការជ្រើសរើសទេនោះ សុំកុំឲ្យតែអ្នកបណ្តោយជីវិតរបស់អ្នកដូចចកអណ្តែតក្នុងជលសាឲ្យសោះ ព្រោះជីវិតនេះមានតម្លៃណាស់ ។ បើអ្នកសួរខ្ញុំ ខ្ញុំនឹងប្រាប់អ្នកបាន តែអ្នកមិនបាច់បង្ខំចិត្តថា ត្រូវតែជឿខ្ញុំទេ សូមពិចារណាត្រិះរិះឲ្យបានហ្មត់ចត់ជាមុនសិន សឹមសម្រេចចិត្ត ។ ធ្វើដូច្នេះទើបអ្នកមានឈ្មោះថាជាមនុស្សមានវិញ្ញាណ ។ ដកស្រង់ចេញពី "សៀវភៅជីវិតអាពាហ៍ពិពាហ៍" រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា ដោយ៥០០០ឆ្នាំ |