Reading Article
Public date : 06, Jul 2021 (11,798 Read)
អានិសង្សនៃការនៅក្នុងព្រៃ

|
អានិសង្សនៃការនៅក្នុងព្រៃ
ការនៅអាស្រ័យក្នុងព្រៃស្ងាត់ រមែងគួរដើម្បីបានសមាធិ ដែលមិនទាន់បាន នឹងគួរដើម្បីរក្សាទុកនូវសមាធិដែលបានហើយ។ ព្រោះហេតុនេះ ទើបព្រះអនាវរណញ្ញាណជាម្ចាស់ទ្រង់ត្រាស់សរសើរភិក្ខុអ្នកកាន់អារញ្ញិកធុតង្គ ថា៖ ម្នាល់ភិក្ខុទាំងឡាយ! តថាគតមានហឫទ័យរីករាយនឹងនាគិតភិក្ខុពន់ពេក ព្រោះនាគិតភិក្ខុនោះជាអ្នកកាន់អារញ្ញិកធុតង្គនៅក្នុងព្រៃ, អារម្មណ៍គឺរូប សំឡេង ក្លិន រស សម្ផស្ស មិនអាចញ៉ាំងចិត្តភិក្ខុ ដែលនៅក្នុងសេនាសនៈដ៏ស្ងាត់ដូច្នោះឲ្យរវើរវាយឡើយ។ ភិក្ខុដែលនៅក្នុងសេនាសនៈដ៏ស្ងាត់នោះ តែងប្រាសចាកសេចក្ដីរន្ធត់ចិត្ត ហើយរមែងលះបង់នូវអាល័យក្នុងជីវិតបានត្រេកអរតែនឹងរសនៃសេចក្ដីសុខដែលកើតអំពីវិវេក។ ន័យមួយទៀត សភាវដែលទ្រទ្រង់នូវធុតង្គមានបំសុកូលិកធុតង្គជាដើមក៏សមគួរដល់ភិក្ខុជាអ្នកកាន់អារញ្ញិកធុតង្គនោះដែរ។ ព្រោះហេតុដូច្នោះបានជា ព្រះពុទ្ធឃោសាចារ្យលោកនិពន្ធគាថាសរសើរអានិសង្សនៃភិក្ខុអ្នកកាន់អារញ្ញិកធុតង្គថា៖ ព្រះយតិយោគីអ្នកកាន់អាញ្ញិកធុតង្គជាប្រក្រតីត្រេកអរក្នុងទីសេនាសនៈដ៏ស្ងាត់ ដែលមិនបានច្របូកច្របល់ដោយគ្រហស្ថ ឬបព្វជិត ត្រេកអរក្នុងអារញ្ញិកសេនាសនៈ រមែងញ៉ាំងព្រះហឬទ័យនៃព្រះបរមលោកនាថ ឲ្យទ្រង់រីករាយដោយកិរិយានៅក្នុងព្រៃនោះបាន មិនតែប៉ុណ្ណោះ ព្រះយោគាវចរណាមួយកាលនៅក្នុងអរញ្ញប្រទេស រមែងបាននូវរសដែលកើតអំពីសេចក្ដីសុខឯណា, ទុកជាពួមទេព្តាមានព្រះឥន្ទ្រាធិរាជជាប្រធានក៏មិនបាននូវរសនៃសេចក្ដីសុខនោះដូចលោកដែរ។ ព្រះយោគាវចរនុះឯង កាលបើលោកទ្រទ្រង់នូវបំសុកូលិកធុតង្គ ក៏ប្រៀបដូចជាព្រះបរមក្សត្រិយ៍ ទ្រង់គ្រឿងក្រោះឋិតនៅលើផែនដីដែលជាទីធ្វើសង្គ្រាម ព្រះហស្ដឆ្វេងស្ដាំទ្រង់កាន់នូវអាវុធធ្វើយុទ្ធនាការពោលគឺទ្រទ្រង់នូវធុតង្គក្រៅពីនោះ, មិនយូរប៉ុន្មានក៏អាចផ្ចាញ់មារព្រមទាំងពលពាហនៈ គឺកិលេសទាំងធំទាំងតូចបាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |