Reading Article
Public date : 19, Dec 2014 (7,129 Read)
កំណាព្យ ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ

|
កំណាព្យ
ធម្មយាត្រាទក្ខិណាពុទ្ធស្ថាន តាមដានពុទ្ធបាទ នាដែនដីពុទ្ធភូមិ កាព្យពាក្យប្រាំពីរ : ១.ចិត្តប៉ងសង្ឃឹម ញញឹមទុក ខែឆ្នាំខាងមុខ បានយាត្រា រួមក្នុងធម្ម: សវនាការ ចិត្តគួចជ្រះថ្លា គុណត្រៃរ័ត្ន។ ២.រវល់ការងារ មមាញឹក រាល់ថ្ងៃល្ងាចព្រឹក ដូចទៀងទាត់ អាជីពការងារ ឬកិច្ចវត្ត មានភ្លាត់គ្មានភ្លាត់ តាមធម្ម:។ ៣.តែទោះយ៉ាងណា មាននិស្ស័យ បានជួបពិតថ្លៃ បណ្ឌិតជាក់ បានសិក្សាស្តាប់ ដឹងនូវមគ្គ បរិសុទ្ធជាក់លាក់ តាមផ្លូវត្រង់។ ៤.ត្រង់បានសិក្សា សតិប្បដ្ឋាន តាមស្នាមបាទមូល ព្រះពុទ្ធអង្គ បិតាវិវដ្ត: ជួយស្រោចស្រង់ ត្រូវត្រង់តម្រង់ ផ្លូវចាកទុក្ខ។ ៥.ដោយហេតុជ្រះថ្លា គុណត្រៃរ័ត្ន អស្ចារ្យប្រាកដ ជាប្រមុខ គ្រប់អង្គាដល់ ដូចគ្រោងទុក ដែនច្បងនិរទុក្ខ ដែនភូមិពុទ្ធ។ ៦.សង្ឃនិងឃរាវាស គ្រប់អង្គា ដេរដាសស្ទុះស្ទា ចិត្តមោះមុត តម្រង់ស្ថានទី ចិត្តកាយលុត លំឱនលំអុត ថ្វាយបង្គំ។ ៧.បូជនីយដ្ឋាន គ្រប់ស្ថានទី សុទ្ធសឹងសោភី គួរមនោរម្យ នមស្ការបូជា គ្រប់និគម បរិស័ទជួបជុំ សប្បាយប្លែក។ ៨.សំវេជនីយដ្ឋាន បួនកន្លែង ជាស្ថានទីថ្លែង ធំអនេក បុណ្យសន្សំទុក តថ្ងៃស្អែក ស្អែកច្រើនអនេក បែកភូមិទុក្ខ។ ៩.ទីទ្រង់ប្រសូត ទីទ្រង់ត្រាស់ ទីទ្រង់តម្រាស់ ធម៌គ្រប់មុខ ព្រះធម្មចក្កសូត្រ សត្វស្គាល់សុខ សត្វលោកនិរទុក្ ខផុតភពត្រៃ។ ១០.នៅស្ថានទីបួន សែនសង្វេគ ជនច្រើនពន់ពេក វិយោគក្រៃ នឹកស្តាយស្រណោះ អង្គជិនស្រី មុនថ្លៃនិព្វាន ទ្រង់ត្រាស់ជាក់។ ១១.វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ សង្ខារសាបសូន្យ គឺធម្ម: ប្រោសប្រទានដាក់ ជាឱវាទ។ ១២.ចូរញុាំងកិច្ចគ្រប់ ឲ្យសម្រេច ឲ្យបានស្រេចដោយ មិនប្រមាទ ឱវាទចុងក្រោយ គួរឱហាត សម្អាតកាយចិត្ត ផុតទុក្ខបាន។ ១៣.សិក្សាការពិត ចិត្តសុខស្ងប់ ផ្លូវសស្អាតសព្វ គឺសតិប្បដ្ឋាន ជិនស្រីត្រាស់ថា គ្រប់ទីស្ថាន អង្គាអ្នកមាន គ្រប់រូបា។ ១៤.ទ្វារក្នុងទ្វារក្រៅ ទាំងដប់ពីរ ប្រសព្វវក់វី នឹងចិន្តា អវិជ្ជាស្គាល់ច្បាស់ ថាអត្តា ហួងហែងអាត្មា ក្រៃគ្រប់ជាតិ។ ១៥.ដូច្នេះគួរខំ ស្វែងសិក្សា ធម៌ព្រះសាស្តា គួរខ្មីឃ្មៀត ជម្រះកិលេស បន្តទៀត សូមកុំឃ្លៀងឃ្លាត ព្រះធម៌ឡើយ។ ១៦.ដូចកាព្យលោកគ្រូ សម្តែងប្រាប់់ សឹងអង្គាស្តាប់ អានរួចហើយ សិក្សាព្រះសូត្រ កៀកបង្កើយ អានហើយពីរោះ ពីសាក្រៃ។ កាព្យពាក្យប្រាំបី : ១៧.មិនគួរមានចិត្ត វិបរិតស្មោកគ្រោក ព្រោះហេតុតែលោក ឬអ្នកដទៃ គួរតែមានចិត្ត សុចរិតប្រពៃ សំវរវិន័យ ឆ្លាក់ច្នៃខ្លួនឯង។ ១៨.មានចិត្តកល្យាណ ទើបបានទីពឹង សមាធិនឹងធឹង ស្ងប់ខឹងចេះក្រែង ចិត្តដូចដួងចន្ទ ត្រាច់ចរតែឯង គ្មានរេឿងចំបែង ស្ងប់ក្នុងអារម្មណ៍។ ១៩.បញ្ញានាំចិត្ត ពិតនេក្ខម្ម: បើមានឧបសគ្គ ស្ម័គ្រខាងអត់ទ្រាំ លះបង់លោកីយ៍ ស្មារតីតាំងមាំ មគ្គផលស័ក្តិសម អារម្មណ៍និព្វាន។ កាព្យពាក្យប្រាំពីរ : ២០.ខ្លឹមសារព្រះធម៌ មានច្រើនទៀត មិត្តអើយសូមឆ្លៀត ស្តាប់សូត្ររៀន ពិតថារវល់ខ្វល់ ព្រោះអត់ឃ្លាន តែមិនបានរៀន ទុក្ខឥតស្បើយ។ ២១.សព្វេ ធម្មា អនត្តា ព្រះពុទ្ធដីកា បានត្រាស់ហើយ គ្រប់សព្វធម្មតា ដឹងច្បាស់ដោយ អត់សត្វបុគ្គលឡើយ ទើបបានចប់។ ២២.សន្មតបុណ្យបាន ធ្វើទីនេះ តែគង់មិនខ្វះ បុណ្យបន្ទាប់ បន្តសទ្ធា ជាគូគាប់ ផលពូនជាទ្រព្យ រត់រកម្ចាស់។ ២៣.ទ្រព្យជាសទ្ធា គូបញ្ញា សតិឱត្តប្បា ហិរិច្បាស់ សន្សំកពូន យ៉ាងល្អល្អះ ផលល្អជាក់ច្បាស់ ម្ចាស់រួចខ្លួន។ ២៤.ក្រុមធម្មយាត្រា ជាងរយបី អង្គនាក់ប្រុសស្រី ស័ក្តិសមសួន ឈឺជាម្តេចម្តា បុណ្យមាំមួន ផលនឹងថែថួន គ្រប់អង្គា។ ២៥.បុណ្យកើតពីបាន សេពគប់មិត្ត បណ្ឌិតសប្បុរស មកជាគ្នា រួមសង្ឃសាវ័ក ទ្រង់សទ្ធា ស្ម័គ្រស្មោះធម្មា វិន័យពុទ្ធ។ ២៦.ដូច្នេះទូលបង្គំ ខ្ញុំគ្រប់គ្នា គ្រប់រូបអាត្មា សូមលំអុត ខមាទោសត្រៃរ័ត្ន ដោយបរិសុទ្ធ មានអង្គតថាគត ជាសាក្សី។ ២៧.ព្រោះទូលបង្គំ សត្វឆោតល្ងង់ ប្រមាទជាប់ក្នុង បាបលោកីយ៍ មិនសិក្សាធម៌ ប្រក្រតី ឥឡូវស្មារតី ជួបធម៌ល្អ។ ២៨.ទូលបង្គំសូមដល់ ការសង្រួម និងសូមដល់ព្រម ធ្វើកម្មស សន្សំបុណ្យទាន ឲ្យបវរ ស្មោះសដរាប ជន្មជីពក្ស័យ។ ២៩.ព្រះមហាថេរ: អនុថេរ បណ្ឌិតគ្រូដែរ សូមអភ័យ សូមព្រមជាសិស្ស លោកគ្រូថ្លៃ សិក្សាប្រពៃ នូវធម៌ពិត។ ៣០.អភ័យផងដែរ មិត្តផងគ្នា ខុសឆ្គងម្តេចម្តា សូមលះគិត គិតចុះថាជា និស្ស័យពិត ទើបបានរួមចិត្ត បុណ្យអំពើ។ ៣១.ចុងក្រោយសូមបាន ឧទ្ទិសបុណ្យ គ្រប់សីលទានគុណ ដែលបានធ្វើ បុណ្យនមស្ការ គ្រប់ទង្វើ បុណ្យមហាប្រសើរ ដែនពុទ្ធា។ ៣២.មាតាបិតា ញាតប្រុសស្រី ទោះស្លាប់រស់ក្តី អនុមោទនា សក្កទេវព្រហ្ម គ្រូឧបជ្ឈា យមរាជទេវា ទាំងនាគគ្រុឌ។ ៣៣.ដល់យមភូបាល ទាំងអមនុស្ស ទោះស្រីឬប្រុស ចិត្តលំអុត ដល់គ្រប់សព្វសត្វ សូមបានរត់ សូមបានឆ្ងាយផុត ចាកកិលេស។ ៣៤.ចុងក្រោយនៃជាតិ បានរួចខ្លួន ចិត្តស្ងប់មាំមួន ព្រោះចំណេះ ស្គាល់និព្វានពិត សុខវិសេស ប្រការផ្សេងនេះ កុំជួបឡើយ។ ៣៥.ជំនូនពាក្យកាព្យ ខ្ញុំបាទនេះ គឺបុណ្យប្រទះ បណ្ឌិតហើយ អប់រំទូន្មាន កៀកបង្កើយ គុណម្ចាស់គ្រូអើយ គុណករុណា។ ៣៦.សម្តែងវែងខ្លី វៃចំណាប់ ខ្ញុំសួរលោកប្រាប់ គ្រប់បញ្ហា ដោះស្រាយយ៉ាងច្បាស់ ដោយវាចា តែបញ្ញាខ្លី គិតមិនដល់។ ៣៧.សូមលាសិនហើយ ប៉ុណ្ណឹងចុះ បុណ្យក្រោយស្រីប្រុស លាកង្វល់ អនុមោទនាបុណ្យ ពូនមគ្គផល គ្រប់ទុក្ខអំពល់ ឃ្លាតឆ្ងាយហោង៕ ( ផ្តើមតែងម៉ោង១៤លើរថយន្តប៊ើសលេខ១នៃ រថយន្តដែលរួមដំណើរចំនួន១០គ្រឿង នៅថ្ងៃ ១២កើតខែកត្តិក ឆ្នាំមមែ ពុទ្ធសករាជ២៥៥៨ លើអាកាសតាមជើងហោះហើរសិង្ហបូរី MI 608 from Indra Gandhi international airport to Changi Singapore airlines បានតែងហើយនិងកែចប់នៅម៉ោង៣.៣០ ថ្ងៃ១៣កើតខែកត្តិកឆ្នាំមមែពុទ្ធសករាជ២៥៥៨ យន្តហោះបន្ទាបខ្លួនចុះដល់ដី ល្មមខ្ញុំព្រមទទួល យកពាក្យកាព្យត្រឹមប៉ុណ្ណេះឯង។ឯវំ។ ឆ្គាំឆ្គងម្តេចម្តាសូមមេត្តាទានអភ័យ និងសូមមេត្តាជួយកែផង ) សូមអនុមោទនា.! ខ្ញុំករុណាខ្ញុំបាទ ឧបាសក សោមរតន: ដោយ៥០០០ឆ្នាំ
|