Reading Article
Public date : 08, Dec 2022 (25,100 Read)
សុជីវធម៌នៅតាមវត្តអារាម

|
វត្តអារាមជាកន្លែងសក្ការៈបូជា ជាទីគោរព យើងមិនត្រូវសម្តែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ ទោចក្រយានយន្តគ្រប់ធុន ត្រូវឈប់ ដឹង បណ្តើរ ចូលទៅក្នុងវត្តដោយគោរពព្រោះមិនឆាប់ លឿន ឬយូរជាងគ្នាប៉ុន្មានឡើយចម្ងាយប៉ុណ្ណឹង ។ អ្នកពាក់មួក ទទូក្រមា កន្សែង ត្រូវដោះចេញពីក្បាលនៅពេលចូលក្នុងវត្ត ។ មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ ។
នារីជាឧបាសិកា ត្រូវសង្រួមឫកពារឲ្យនឹងធឹង មុននឹងចូលទៅកាន់ទីអារាមកុំធ្វើភ្នែកក្រឡិបក្រឡាប់ កុំរពឹសភ្នែក កុំងាកឆ្វេងស្តាំរាប់រយផងពេក កុំញញឹមញញែមខិបកខុបពេកគួរមើលចាស់ទុំផង ។ កុំពោលពាក្យអាវាសែនៅទីអារាម ។ កុំស្លៀកខោជើងកំប៉ុងនៅពាក់កណ្តាលស្មង កុំស្លៀកសម្ពត់តឹងរបៀបខ្លី ចូលទៅបត់ជើងថ្វាយបង្គុំព្រះពុទ្ធដិមារ ឬព្រះសង្ឃ ។ ត្រូវពាក់អាវកតូច ហើយចង់ពានាក្រមាទៀតផងទើបពេញលក្ខណៈជាអ្នកចូលវត្ត ។ កុំនិយាយចំអែចំអន់ព្រះសង្ឃដោយប្រការមិនគប្បី ។ កុំពាក់គ្រឿងសម្រើប ។ បុរសជាឧបាសក ត្រូវប្រើពាក្យសម្តីឲ្យសមរម្យ គោរពព្រះសង្ឃដែលស្មោះត្រង់ព្រះពុទ្ធសាសនា ។ ពេលថ្វាយបង្គំព្រះពុទ្ធដិមាករ ឬថ្វាយបង្គំព្រះសង្ឃ ត្រូវងាកទៅព្រះពុទ្ធដិមាករ ឬព្រះសង្ឃ កុំថ្វាយបង្កំតិតតូង ហើយក្បាលកុំងាកមកចរចារជាមួយអ្នកឯណាមួយទៀតឲ្យសោះ ព្រោះការធ្វើដូច្នេះនាំឲ្យសៅហ្មងដល់អ្នកដែលគេគោរពបូជាចំពោះព្រះពុទ្ធសាសនា ។ កុំឈោងដៃឬតោងសណ្តោងយកអ្វីរំលងលើព្រះពុទ្ធដិមាករ ។ អ្នកដែលចូឡទៅកាន់ទីវត្តអារាម មិនត្រូវលួចយករបស់អ្វីជាទ្រព្យដែលព្រះពុទ្ធសាសនិកជនបានខំរៃគ្នាទុកសម្រាប់វត្តមកធ្វើជាទ្រព្យរបស់ខ្លួនទេ ។ អ្នកមិនមែនជាពុទ្ធសាសនិកជន មិនត្រូវប្រមាថមើលងាយវត្ថុពុទ្ធពូជា ឬព្រះសង្ឃដែលស្មោះត្រង់ដោយប្រការណាមួយទេ ។ អ្នកដែលប្រព្រឹត្តខុសនឹងបញ្ញត្តិព្រះពុទ្ធ មិនមែនមានឈ្មោះថាអ្នកគាំទ្រព្រះពុទ្ធសាសនាទេ ក្នុងករណីដែលបន្លំរបៀបណាមួយ ស្រេចនៅលើសំពាយបុណ្យបាបរបស់គេទៅចុះ ។ យើងជាពុទ្ធសាសនិកជន ក៏មិនគប្បីត្មិះតិះដៀលដល់សាសនាណាមួយ ដោយរំលោភលើព្រះវិហារនៃសាសនាផ្សេង ៗ នោះទេ ព្រោះគេមានសិទ្ធុគ្រប់គ្រាន់ខាងជំនឿ ។ ដកស្រង់ចេញពីសៀវភៅៈ សុជីវធម៌ សម្រាប់បុរសនិងស្រ្តី រៀបរៀងដោយៈ កញ្ញា សាន់ នាង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |