Reading Article
Public date : 28, Jul 2022 (8,076 Read)
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ

|
សសបណ្ឌិតចរិយា
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែនិងផ្លែឈើជាងាហារវៀរចាកការបៀតបៀនសត្វដទៃ ។ កាលនោះ ស្វា ចចក ភេនិងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។ តថាគតប្រៀនប្រដៅសម្លាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អនិងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូររៀននូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ ។ តថាគតឃើញព្រះចន្រ្ទពេញវង់ ក្នុងថ្ងៃឧបាសថ ក៏ប្រាប់ដល់សម្លាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះជាថ្ងៃឧបាសថ ។ អ្នកទាំងឡាយ ចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ ។ សត្វជាសម្លាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទានតាមសេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល ។ ឯតថាគតដេកគិតនូវទានដែលសមគួរ ដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអ្នឹងឲ្យទានដូចម្តេច ។ ល្ងនិងសណ្តែកបាននៃអញ គ្មានទេ សណ្តែករាជមាស អង្ករនិងខ្លាញ់នៃអញ គ៏គ្មានដែរ អញញុំាងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេ ដូច្នេះ បើមានទក្ខិណេយ្យបុគ្គលណាមួយដើរមកក្នុងសំណាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន និងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ព្រះឥន្រ្ទដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅតថាគត ដើម្បីល្បងទានរបស់តថាគត ។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រកអរ បានពោលពាក្យនេះថា ពេញជាល្អមែនអ្នកមកក្នុងសំណាក់ខ្ញុំ ព្រោះហេតុតែអាហារ ។ ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យទានដ៏ប្រសើរដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណគឺសីល ការបៀតបៀនសត្វដទៃ មិនគួរដល់អ្នកឡើយ អ្នកចូរមក ចូរទៅនាំយកឧសផ្សេង ៗ មក បង្កាត់ភ្លើងឲ្យឆេះឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អឹង ។ ឥន្ទព្រាហ្មណ៍នោះ មានចិត្តត្រេកអរទទួលថា សាធុ ហើយទៅនាំឧសផ្សេង ៗ យកមកធ្វើជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យមានផ្ទៃពេញដោយរងើកភ្លើង ។ គំនរភ្លើងធំឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះក៏ដុតភ្លើងឆេះសន្ធោក្នុងទីនោះ យ៉ាងនោះ តថាគតរលាស់ខ្លួនដែលប្រឡាក់ដោយធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ ។ កាលណាគំនរឧសធំត្រូវភ្លើងឆេះ ឮសូរសម្លេងធុំធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួន ទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ធម្មតាទឹកត្រជាក់ដែលបុគ្គលណាមួយចុះទៅហើយ រមែងញុំាងសេចក្តីត្រេកអរនិងបីតិឲ្យកើតឡើងយ៉ាងណា ។ កាលតថាគត ចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញុំាងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ដូចសរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យសេសសល់ដល់ព្រាហ្មណ៍ ។ ដកស្រង់ចេញពីសៀវភៅ បារមីកថា ពុទ្ធបទាន រៀបរៀងដោយៈ មុនីកោសល្យ នៅ ហៃឡុង វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |