Reading Article
Public date : 16, Jan 2022 (11,425 Read)
មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះ

|
ក្បាលពស់កន្ទុយពស់
មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ ត្រូវការតែសុខប៉ុណ្ណោះ ប៉ុន្តែព្រោះសត្វលោកត្រូវការសុខ ជាប់ជំពាក់នឹងសុខ ទើបមិនរួចទុក្ខ ។ សុខនិងទុក្ខប្រៀបដូចសត្វពស់មួយ ខាងក្បាលវាមានពិស ចូលទៅជិត វានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់ តែបើមិនប្រញាប់លែងទេ វានឹងបែរក្បាលមកខាំបានដូចគ្នា ព្រោះទាំងក្បាលទាំងកន្ទុយវានៅក្នុងតួពស់តែមួយជាមួយគ្នា ។ សេចក្តីទុក្ខដូចជាក្បាលពស់ ឯសេចក្តីសុខដូចជាកន្ទុយពស់ ។ សប្បាយចិត្តជាសុខ ថ្នាំងថ្នាក់ចិត្តជាទុក្ខ រមែងកើតអំពីម៉ែឪជាមួយគ្នា គឺអវិជ្ជានិងតណ្ហានោះឯង ។ ដូច្នេះហើយបានជាពេលខ្លះមាននូវសេចក្តីសុខហើយ ចិត្តក៏នៅមិនសប្បាយ មិនស្ងប់ ទាំងដែលបាននូវរបស់ដែលពេញចិត្តផង ដូចជាបានលាភ បានយសជាដើម ។ បានមកហើយសប្បាយចិត្តក៏ពិតមែន តែវាក៏នៅមិនស្ងប់ពិត ៗ ព្រោះនៅភ័យខ្លាចពីការបាត់បង់ ។ ការភ័យខ្លាចជាមូលហេតុមិនឲ្យមាននូវសេចក្តីស្ងប់ ។ ពេលខ្លះត្រូវវិនាសទៅពិត ៗ ក៏រឹងរិតតែជាទុក្ខក្រៃលែង ។ នេះសម្តែងឲ្យឃើញថាសុខពិតមែន តែមានទុក្ខច្រឡូកច្រឡំជាមួយផង ហៅថា សាមិសសុខ គឺជាសុខដូចចាប់ពស់ត្រង់កន្ទុយ ឬ ដូចត្រីជាប់នុយនឹងផ្លែសន្ទូច ។ ដកស្រង់ចេញពីសៀវភៅៈ ពាក្យជេចន៍ម៉ែឪ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ |