Reading Article
Public date : 06, Jun 2023 (46,761 Read)
បដិបទាដែលនាំសេចក្តីសុខមកឲ្យ

|
ព្រះបរមសាស្តាកាលដែលទ្រង់គង់ប្រថាប់ក្នុងព្រះគន្ធកុដិ នាដែនដីនៃព្រៃហេមពាន្ត ព្រះអង្គទ្រង់ប្រារព្ធមារាធិរាជ។ ក្នុងកាលនោះមារបានមកអារាធនាសូមឲ្យព្រះអង្គត្រឡប់ទៅគ្រប់គ្រងរាជសម្បត្តិវិញ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ទៅកាន់មារថា ភ្នំមាស២ ក៏មិនអាចធ្វើឲ្យបុគ្គលម្នាក់គ្រប់គ្រាន់បានដែរ បុគ្គលជ្រាបដូច្នេះហើយ គប្បីប្រព្រឹត្តធម៌សន្តោស ដូច្នេះជាដើម។ ជាបន្តព្រះអង្គទ្រង់ត្រាស់នូវគាថាដូច្នេះថា៖
អត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ។ ![]() កាលបើសេចក្តីត្រូវការកើតឡើងហើយ សម្លាញ់ទាំងឡាយនាំសេចក្តីសុខមកឲ្យ សេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបាន ជាហេតុនាំសេចក្តីសុខមកឲ្យ បុណ្យនាំសេចក្តីសុខមកឲ្យក្នុងកាលអស់ជិវិត ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ។ សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។ ការប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការប្រតិបត្តិល្អដល់សមណៈនាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់ព្រាហ្មណ៍(អ្នកដែលមានបាបបណ្តែតចោលហើយ) នាំសេចក្តីសុខមកឲ្យ។ សីលនាំសេចក្តីសុខមកឲ្យដរាបដល់ចាស់ សទ្ធាដែលបុគ្គលតំកល់ស៊ប់ហើយ នាំសេចក្តីសុខមកឲ្យ ការបានចំពោះនូវបញ្ញា នាំសេចក្តីសុខមកឲ្យ ការមិនធ្វើបាបទាំងឡាយនាំសេចក្តីសុខមកឲ្យ៕ [ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"រៀបរៀងដោយអគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស] ដោយ ៥០០០ឆ្នាំ |