Reading Article
Public date : 27, Jul 2019 (16,069 Read)
រឿងសោតាបន្នឧបាសក

|
រឿងសោតាបន្នឧបាសក
( ចាក សី. ទុ. ) ( គុណនៃការអនុមោទនាបុណ្យ ) ក្នុងកាលនៃព្រះសម្ពុទ្ធព្រះនាមកស្សប មានឧបាសកម្នាក់ ជាអ្នកដល់នូវសោតា បានឡើងជិះសំពៅជាមួយនឹងជាងកាត់សក់ម្នាក់ឆ្លងមហាសមុទ្រ ទៅប្រកបកិច្ចការផ្សេងៗ ឆ្លងទៅបាន៧ថ្ងៃ សំពៅក៏ធ្លាយលិចកណ្តាលមហាសមុទ្រ ។ ជនទាំងពីរនាក់នោះនាំគ្នាតោងផែនក្តារមួយសន្លឹក ហែលឡើងលើកោះតូចមួយ ក្នុងកោះនោះ មានសត្វបក្សីជាច្រើន ជាងកាត់សក់ក៏សម្លាប់បក្សីនោះ ចំអិនជាអាហារ ឆ្អិនហើយក៏បានចែកឲ្យសោតាបន្ន ឧបាសក ៗ មិនព្រមទទួលយកសាច់នោះបរិភោគឡើយ បាននិយាយប្រាប់ជាងកាត់សក់ថា ទីពឹងរបស់ខ្ញុំមិនមានទេ ខ្ញុំមានតែព្រះរតនត្រ័យទាំង៣ ជាទីពឹងខ្ញុំ និយាយដូច្នេះហើយក៏នឹករលឹកដល់គុណព្រះរតនត្រ័យ ។
ក្នុងកាលនោះមាននាគរាជមួយ បានដឹងថាឧបាសកមានគុណខ្ពង់ខ្ពស់ដូច្នោះហើយ ក៏និម្មិត្តខ្លួនជាសំពៅមួយយ៉ាងធំ ពេញព្រៀបដោយកែវទាំង៧ប្រការ ឯទេវតាអ្នករក្សាសមុទ្រជាអ្នកកាន់ចង្កូតសំពៅនោះបានស្រែកឃោសនា អ្នកណាចង់ទៅជម្ពូទី្វបឡើងជិះសំពៅ នេះមក ។ ឧបាសកនិយាយថា យើងទៅជម្ពូទ្វីបទេវតាអ្នករក្សាសមុទ្រក៏អែប សំពៅឲ្យឧបាសកនោះឡើង លុះឡើងហើយឧបាសកបានហៅជាងកាត់សក់ឲ្យជិះជាមួយ ។ ទេវតារក្សាសមុទ្រស្រែកឃាត់មិនឲ្យជិះ ។ ឧបាសកឮនិយាយដូច្នេះហើយក៏និយាយនឹងជាងកាត់សក់ថា ទានដែលខ្ញុំបានឲ្យហើយ សីលដែលខ្ញុំបានរក្សាហើយ ភាវនាដែលខ្ញុំបានចំរើនហើយ ចូរអ្នកទទួលយកចំនែកបុណ្យនោះចុះ ។ ជាងកាត់សក់មានសេចក្តីត្រេកអរ ក៏ទទួលយកបុណ្យអំពីឧបាសកនោះ ។ ក្នុងពេលនោះទេវតាព្រមឲ្យជាងកាត់សក់ ឡើងជិះសំពៅ ទើបនាំជនទាំងពីរនាក់នោះទៅក្រុងពារាណសី ទៅដល់ហើយបានកែវ៧ ប្រការមួយសំពៅនោះ ដល់ជនទាំងពីរនាក់ ៗ ក៏ត្រលប់ទៅទីលំនៅរបស់ខ្លួនវិញ ។ អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ភាគទី៤ ។ ដោយ៥០០០ឆ្នាំ |