Reading Article
Public date : 26, Jul 2019 (17,301 Read)
រឿងមហល្លកឧបាសិកា

|
រឿងមហល្លកឧបាសិកា
( ចាក កុ. តិ. ) ( សង្គហធម៌ជាពូជនៃសេចក្តីរាប់អានក្នុងលោក ) កាលព្រះសម្ពុទ្ធបរមគ្រូ គង់ចាំព្រះវស្សានៅវត្តជេតពន នាក្រុងសាវត្ថី ដល់ពេលចេញវស្សាហើយថ្មីៗ មហាពុទ្ធបរិស័ទ នាំគ្នាថ្វាយទានដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន គឺចែកព្រះភិក្ខុសង្ឃដល់គ្នានឹងគ្នា មួយអង្គ ២ អង្គ ម្នាក់យកទៅប្រគេនចង្ហាន់ឯផ្ទះរៀងៗខ្លួន នៅសល់មហល្លកឧបាសិកា (យាយឧបាសិកា) ម្នាក់ទៅក្រោយគេ រកនិមន្តលោកមិនបាន ព្រោះឥតសល់ នៅតែព្រះសារីបុត្រ ១ ព្រះអង្គកំពុងមានកិច្ចរវល់ ការរកសង្ឃមិនហ៊ានទៅនិមន្តឲ្យ ក៏បង្គាប់មហល្លឧបាសិកានោះ ឲ្យទៅនិមន្តខ្លួនឯង គ្រាន់តែយាយនោះទៅដល់ ព្រះសារីបុត្រ លោកហុចបាត្រឲ្យ ទើបនិមន្តលោកទៅខ្ទមរបស់គាត់ ស្ពាយបាត្រដើរពីក្រោយលោកទៅ គួរឲ្យអស្ចារ្យព្រឺរោមពន់ពេក ត្បិតយាយនោះជាមនុស្សក្រ កំព្រីកំព្រាឥតកូនចៅ រស់នៅដោយសារអ្នកផងគេឲ្យ ។ មហាពុទ្ធបរិស័ទ ផ្អើលជ្រួលច្របល់ តាមមើលយាយដែលស្តាយបាត្រតាមព្រះសារីបុត្រ ដំណឹងនោះ ក៏ជ្រាបដល់ព្រះបាទបសេនទិកោសល ព្រះអង្គមានសេចក្តីជ្រះថ្លា បានប្រើរាជបុរសយកភោជន៍ដ៏មានឳជារស និងសំពត់សាដក១ ប្រាក់១ ពាន់កហាបណៈ ព្រះរាជទានឲ្យយាយឧបាសិកានោះ ហើយបង្គាប់ឲ្យរាជបុរសប្រាប់យាយនោះថា គ្រឿងបណ្តាការនេះជាព្រះរាជទ្រព្យព្រះបាទបសេនទិកោសជូនដល់យាយ ឲ្យយាយផ្លាស់សំពត់ចាស់រហែកនោះចេញ ស្លៀកសំពត់សាដកថ្មីនេះ ហើយចូរចាត់ចែងទានចុះ ។ ចំណែកខាងមហាអនាថបិណ្ឌិកសេដ្ឋី ចុឡអនាថបិណ្ឌិក នាងវិសាខាមហាឧបាសិកា បានឲ្យសំពត់សាដក និងប្រាក់ ១ពាន់ៗ កហាបណៈម្នាក់ដល់យាយនោះ ពុទ្ធបរិសទ័ដទៃទៀត បានឲ្យប្រាក់ ១រយកហាបណៈក៏មាន ២រយក៏មាន តាមសទ្ធារៀងៗខ្លួន ក្នុងពេលព្រឹកទល់នឹងថ្ងៃត្រង់ ពេលប្រគេនចង្ហាន់ លោកយាយឧបាសិកាគាត់បានទទួលប្រាក់ចំនួន ១ សែនកហាបណៈ ។ យាយឧបាសិកា បានរៀបចាត់ចែងដាំស្ល ប្រគេនព្រះសារីបុត្រឆាន់យ៉ាងឆ្ងាញ់ពិសារ ឆ្អែតបរិបូរណ៍ លុះធ្វើភត្តហើយ ទើបព្រះសារីបុត្រ លោកសំដែងនូវភត្តានុមោទនាសរសើរអំពីផលទាន តាមលំនាំព្រះពុទ្ធសាសនា យាយឧបាសិកា ក៏បានសម្រេចដល់សោតាបត្តិផលក្នុងពេលនោះ ព្រះសារីបុត្រ លោកនិមន្តទៅលំនៅរបស់លោកវិញ ។ ពេលថ្ងៃរសៀល ភិក្ខុសង្ឃប្រជុំក្នុងធម្មសភា សរសើរគុណព្រះសារីបុត្រ និងសំណាងរបស់យាយឧបាសិកាគ្រប់ៗអង្គ ភិក្ខុខ្លះថា កោតតែព្រះសារីបុត្រត្ថេរ លោកមិនខ្ពើមយាយនោះសោះ ។ ដំណឹងនេះជ្រាបដល់ព្រះសម្ពុទ្ធ ព្រះអង្គនិមន្តមកកាន់ធម្មសភាត្រាស់ថា យាយឧបាសិកា និងសារីបុត្រជាធម្មសេនាបតីរបស់តថាគតនេះ ធ្លាប់ជួយសង្គ្រោះគ្នាជាយូរយារច្រើនជាតិណាស់មកហើយ លោកមិនខ្ពើមរអើមទេ ។ ភិក្ខុទាំងនោះ អារាធនាឲ្យព្រះអង្គនាំអតីតនិទានមកសំដែង ទើបព្រះសម្ពុទ្ធសំដែងថាៈ កាលកន្លងយូរណាស់ហើយ ព្រះបាទព្រហ្មទតសោយរាជ្យក្នុងពារាណសី កាលនោះព្រះពោធិសត្វកើតជាឈ្មួញសេះនៅឧត្តរាបថជនបទ បាននាំសេះ ៥០០ ទៅលក់ក្នុងក្រុងពារាណសី មានឈ្មួញ ៥០០ នាក់ទៀតនាំសេះទៅលក់មុន ទៅដល់ពាក់កណ្តាលផ្លូវ ឃើញភូមិចាស់មួយស្ងាត់ជ្រងំ មានតែយាយចាស់ម្នាក់ នៅអាស្រ័យនឹងភូមិនោះក៏សុំជួលផ្ទះយាយចាស់នោះសំណាក់ ដល់យប់ជ្រៅ មេសេះមួយសម្រាលកូនឈ្មោល ជាសេះសិន្ធវៈ តែឈ្មួលទាំងនោះមិនស្គាល់ ។ ដល់ពេលនាំសេះធំៗ ចេញពីផ្ទះយាយនោះទៅ កូនសេះនោះមិនព្រមទៅ ទើបយាយគាត់សុំថា កូនសេះនេះឲ្យជាឈ្នួលផ្ទះខ្ញុំចុះ នាយឈ្មួញព្រមឲ្យ យាយចាស់ក៏ចិញ្ចឹមហៅថាកូនៗ សេះនោះ ក៏ស្រលាញ់យាយនោះវិញដូចម្តាយ គាត់ឲ្យកន្ទក់ស៊ី កូនសេះក៏ចេះតែស៊ីយ៉ាងឆ្ងាញ់ពិសា ។ ថ្ងៃក្រោយមក ព្រះពោធិសត្វនាំសេះ ៥០០ រយទៅឈប់សំណាក់នឹងផ្ទះយាយនោះ ឯសេះធំៗ ទាំង៥០០ រយមិនហ៊ានចូលទៅជិតកូនសេះនោះសោះ ចេះតែខ្លាចរត់ចេញ ព្រះពោធិសត្វរកមើលឃើញកូនសេះ នៅក្រោមផ្ទះយាយ ក៏បានស្គាល់ច្បាស់ថា កូនសេះនេះជាសេះសិន្ធវៈមានឫទ្ធីខ្លាំងពូកែ មានតម្លៃកាត់មិនបាន ទើបសួរទិញយាយចាស់នោះៗ និយាយថា មិនដែលមានអ្នកណាលក់កូនឯងដូច្នេះ ទោះបីខ្ញុំក្រយ៉ាងណា ក៏រកកន្ទក់ក្បាលអង្កាម និងស្មៅខ្ចីឲ្យកូនស៊ីបានដែរ ទីកន្លែងដេក ខ្ញុំក៏បោសរៀបចំឲ្យស្អាតដូចជាដំណេកខ្ញុំដែរ ។ ព្រះពោធិសត្វនិយាយលួងលោមយាយនោះថា កូនសេះនេះបើបានមកខ្ញុំ ឲ្យបរិភោគសុទ្ធតែចំណីអាហារមានឳជារសដ៏ថ្លៃថ្លា ទីកន្លែងដេកចងសុទ្ធតែពិដានពទ័្ធពន្ធ័ជាគ្រឿងលម្អ យាយឮដូច្នោះក៏ព្រមឲ្យ ។ លំដាប់នោះព្រះពោធិសត្វ យកប្រាក់ ៦ ពាន់កហាបណៈឲ្យដល់យាយគឺ ៤ ពាន់ជាតម្លៃជើង ៤ ឯ ២ពាន់ទៀតជាតម្លៃក្បាល ១ កន្ទុយ ១ ។ កូនសេះក្រលេកមើលមុខយាយក៏ស្រក់ទឹកភ្នែក ទើបយាយស្ទាបខ្នងប្រាប់ថា កូនទៅនៅនឹងឈ្មួញនេះចុះ ម្តាយបាន ៦ ពាន់កហាបណៈល្មមចិញ្ចឹមពោះរស់ហើយ កូនសេះក៏ទៅជាមួយឈ្មួញព្រះពោធិសត្វនោះទៅ ។ ពេលព្រឹកឡើង ព្រះពោធិសត្វឲ្យរៀបចំភោជ្ជនាហារពេលព្រឹកហើយ យកកូនសេះនោះជិះល្បងមើលកំលាំង បានដឹងថា ពូកែអស្ចារ្យរកគូប្រដូចគ្មាន ទើបយកកន្ទក់ទៅដាក់ឲ្យស៊ី កូនសេះនោះមិនស៊ី ។ ព្រះពោធិសត្វសួរថាហេតុអ្វីបានជាអ្នកមិនស៊ី កាលនៅជាមួយយាយចាស់ចូលចិត្តស៊ីម្ល៉េះ ? កូនសេះប្រាប់ថា កាលនោះគេមិនទាន់ស្គាល់ថាខ្ញុំជាសេះមានឫទ្ធិ ឥឡូវគេស្គាល់អស់ហើយទើបខ្ញុំមិនស៊ី តាំងពីថ្ងៃនេះទៅខ្ញុំស៊ីតែរបស់មានឳជារសថ្លៃថ្លា ។ ព្រះពោធិសត្វ និយាយលួងលោម ហើយយកអាហារមានឳជារសមកឲ្យស៊ី រៀបកម្រាលពួកចងពិដាន តុបតែងកន្លែងឲ្យសេះនោះដេក ។ ថ្ងៃមួយព្រះបាទព្រហ្មទត្តស្តេចយាងទៅក្បែរទីនោះ ទតឃើញគេរៀបចំតុបតែងឲ្យសេះដេកដូច្នោះ ទើបត្រាស់សួរព្រះពោធិសត្វៗ ទូលសព្វគ្រប់បានដឹងថា សេះពូកែអស្ចារ្យដូច្នេះ ទើបព្រះរាជទានងារ មហាឧបរាជដល់ព្រះពោធិសត្វ យកសេះនោះទៅអភិសេកមង្គលអស្សតរសម្រាប់ជាព្រះទីនាំង របស់ព្រះអង្គទៅហោង ។ កាលព្រះសម្ពុទ្ធ សំដែងអតីតនិទាននេះចប់ហើយ ទ្រង់ប្រជុំជាតកថា យាយចាស់ក្នុងកាលនោះ គឺយាយឧបាសិកានេះឯង សេះសិន្ធវៈ គឺព្រះសារីបុត្រ ព្រះបាទពារាណសី គឺព្រះអានន្ទ ឯឈ្មួញសេះពោធិសត្វ គឺព្រះតថាគតនេះឯង ។ បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |