Reading Article
Public date : 14, Jan 2023 (24,045 Read)
រឿងសីលវរាជកុមារ

|
រឿងសីលវរាជកុមារ
( ចាក ម. ឯ. ) ( ការមិនប្រទុស្តតប តែងមានជ័យជំនះជាផល ) កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងនគរពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជ្យបុត្រ ព្រះនាមសីលវកុមារ កាលទ្រង់មានព្រះជន្មវស្សា ១៦ ឆ្នាំ ទ្រង់បានទៅដល់ទីបំផុតនៃការសិក្សាវិជ្ជាទាំងពួង លុះអំណេះអំពីព្រះរាជបិតាទីវង្គតទៅ ព្រះសីលកុមារពោធិសត្វ ក៏បានសោយរាជ្យជួសព្រះរាជបិតា ទ្រង់ព្រះនាមថា ព្រះបាទមហាសីលវរាជទ្រង់តាំងនៅទសពិធរាជធម៌ គ្រប់គ្រងព្រះរាជអាណាចក្រប្រកបដោយគតិបណ្ឌិត ។ ព្រះអង្គទ្រង់ត្រាស់ឲ្យសង់សាលាឆទាន បរិច្ចាកទ្រព្យ សង្គ្រោះមនុស្សកំព្រាអនាថាទាំងពួង ទ្រង់រក្សាសីល និងមានសមាទានឧបោសថ មានព្រះទ័យប្រកបដោយខន្តី មេត្តា ករុណា ទ្រង់ញុំាងប្រជាជនឲ្យបានសុខសន្តិភាពទាំងប្រទេស ។ គ្រានោះមានអាមាត្រម្នាក់ ប្រព្រឹត្តខុសនិងស្រីស្នំក្នុងវាំង អាមាត្រទាំងឡាយដទៃនាំសេចក្តីនោះ ក្រាបទូលព្រះពោធិសត្វៗ ស៊ើបសួរឃើញថា ធ្វើខុសពិតមែន ទើបត្រាស់បង្គាប់ឲ្យអាមាត្រនោះមកគាល់ ហើយត្រាស់ថាឯងជាមនុស្សអន្ធពាល ធ្វើអំពើមិនសមគួរ មិនគួរនៅក្នុងនគររបស់យើង ឯងចូរប្រមូលទ្រព្យសម្បត្តិ និងនាំបុត្រភរិយាឯងទៅនៅទីដទៃចុះ ហើយទ្រង់និរទេសអាមាត្រនោះចេញអំពីនគររបស់ព្រះអង្គ ។ អាមាត្រនោះចាកចេញដែនកាសីទៅដល់ដែនកោសលនោះ រហូតបានដំណែង ជាអ្នកបំរើផ្ទាល់របស់ព្រះមហាក្សត្រយ៉ាងជិតស្និទ្ធិ ។ ថ្ងៃមួយអាមាត្រនោះបានឳកាស ទើបក្រាបទូលព្រះកោសលថា " បពិត្រព្រះសម្មតិទេព រាជសម្បត្តិនគរពារាណសីសព្វថ្ងៃនេះ ប្រៀបដូចសំបុកឃ្មុំ ដែលប្រាសចាកមេ ព្រោះរាជទន់ខ្សោយ គ្មានសមត្ថភាព សូម្បីតែព្រះអង្គលើកយោធាទៅត្រឹមតែបន្តិចបន្ទួច ក៏អាចនឹងយករាជសម្បត្តិនោះបាន" ។ ព្រះរាជទ្រង់ព្រះសវនាពាក្យ របស់អាមាត្រនោះហើយ ក៏ទ្រង់ព្រះកង្ខាថា នគរពារាណសីជារដ្ឋធំណាស់ ហេតុអ្វីអាមាត្រនេះថាដូច្នេះ បុរសនេះជាមនុស្សដែលព្រះបាទមហាសីវរាជ ឲ្យមកស៊ើបការណ៍ក្នុងប្រទេសអញទេដឹង ? ទើបត្រាស់សួរថា ឯងជាបុរសរបស់ព្រះបាទមហាសីលវរាជឬ ? ឯងនិយាយឧបាយកលទេដឹង ? បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំមិនមែនជាចារបុរសទេ ពាក្យដែលទូលព្រះបង្គំក្រាបទូលនោះ ជាសេចក្តីពិត បើព្រះអង្គមិនជឿទូលព្រះបង្គំទេ សូមព្រះអង្គចាត់មនុស្ស ឲ្យធ្វើជាចោរទៅប្លន់បច្ចន្តគ្រាមល្បងមើល ព្រះបាទមហាសីលវរាជ នឹងបញ្ជូនទាហានឲ្យចាប់យកទៅ ហើយត្រលប់ជាព្រះរាជទានព្រះរាជទ្រព្យ ដល់មនុស្សទាំងនោះមិនខាន ហើយនឹងលែងឲ្យត្រលប់វិញ ព្រះបាទកោសល ទ្រង់ចង់ជ្រាប ទើបទ្រង់ចាត់ឲ្យរាជបុរស ឲ្យធ្វើជាចោរទៅប្លន់បច្ចន្តគ្រាម របស់ព្រះបាទពារាណសី ពលយោធាចាប់ចោរនោះបាន នាំទៅថ្វាយព្រះបាទមហាសីលវរាជ ព្រះអង្គត្រាស់សួរថា ពួកឯងមកប្លន់បច្ចន្តគ្រាមព្រោះហេតុអ្វី ? ចោរទាំងនោះក្រាបទូលថា ទូលព្រះបង្គំទាំងឡាយ មិនអាចរកប្រករចិញ្ចឹមជីវិតដោយផ្លូវដទៃបាន ទើបព្រព្រឹត្តិ ចោរកម្មយ៉ាងនេះ ។ ព្រះរាជាត្រាស់ថា បើដូច្នេះ ហេតុអ្វីក៏ពួកឯងមិនមករកយើង ចាប់ដើមអំពីនោះតទៅ ពួកឯងកុំនាំគ្នាប្រព្រឹត្តិដូច្នេះទៀត ត្រាស់ដូច្នេះហើយ ក៏ទ្រង់ព្រះរាជទានទ្រព្យដល់ចោរទាំងនោះ ហើយឲ្យលែងខ្លួនទៅ រាជបុរសទាំងនោះក៏ត្រលប់ទៅក្រាបទូលព្រះចៅកោសល តាមហេតុសព្វគ្រប់ ព្រះអង្គទ្រង់ត្រិះរិះថា ការពិសោធន៍ត្រឹមតែប៉ុណ្ណោះ មិនអាចដឹងពិតបាន ទើបទ្រង់បញ្ជូនទៅឲ្យប្លន់ដល់កណ្តាលដែនពលយោធា ក៏ចាប់ចោរទាំងនោះ នាំទៅថ្វាយព្រះបាទពារាណសីទៀត ព្រះអង្គក៏ទ្រង់ព្រះរាជទានទ្រព្យ ហើយបង្គាប់ឲ្យលែងដូចមុន ។ ព្រះបាទកោសល ក៏នៅមិនទាន់លើកទ័ពទៅវាយយកនគរពារាណសី ទ្រង់បានបញ្ជូនចោរទៅប្លន់ទីក្រុងទៀត ព្រះបាទពារាណសី ក៏ព្រះរាជទានទ្រព្យ បង្កាប់ឲ្យលែងដូចមុនទៀត ។ ក្នុងពេលនោះព្រះបាទកោសល ទ្រង់ជ្រាបច្បាស់ថា ព្រះបាទពារាណសី ទ្រង់តាំងនៅក្នុងធម៌យ៉ាងក្រៃលែង ទើបត្រិះរិះថា យើងនាំគ្នាទៅដណ្តើមយករាជសម្បត្តិក្នុងក្រុងពារាណសី ហើយក៏ទ្រង់លើកទ័ពចេញទៅ ។ ក្នុងកាលនោះ កងទព័របស់ព្រះបាទពារាណសី មានគ្រប់គ្រាន់បរិបូណ៍ ពលយោធាប្រកបដោយសេចក្តីក្លាហានមិនខ្លាចស្លាប់ ស្ទាត់ជំនាញក្នុងយុទ្ធវិធី បើប្រសិនជាព្រះបាទមហាសីលវរាជ ពេញព្រះហឫទ័យឲ្យទៅច្បាំង យករាជសម្បត្តិក្នុងសកលជម្ពូទ្វីប ក៏អាចច្បាំងយកជ័យជំនះមកថ្វាយព្រះអង្គបាន ។ កាលមហាយោធាទាំងនោះ ដឹងថាព្រះចៅកោសលលើកទ័ពមក ទើបនាំគ្នាចូលគាល់ព្រះពោធិសត្វ ក្រាបទូលថា បពិត្រមហារាជ ព្រះបាទកោសលស្តេចលើកទ័ពមក ប៉ងនឹងដណ្តើមយករាជរបស់ព្រះអង្គហើយ ទូលព្រះបង្គំទាំងឡាយ នឹងលើកទ័ពទៅតតាំង មិនឲ្យចូលមកបាន នឹងចាប់ព្រះអង្គកោសលមកថ្វាយមហារាជទាំងរស់ ព្រះបាទមហាល វរាជបរមពោធិសត្វត្រាស់ថា ការធ្វើសេចក្តីលំបាកដល់មនុស្សដទៃ ព្រោះយើងតែម្នាក់ មិនគួរទេ បើព្រះចៅកោសលចង់បានរាជសម្បត្តិរបស់យើង ឲ្យចូលមកយកតាមព្រះហឬទ័យចុះ អ្នកទាំងឡាយកុំលើកទ័ពទៅតឡើយ ។ កាលព្រះចៅកោសល យាត្រាទ័ពឆ្លងរាជសោមាមកដល់ជនបទ បណ្តាអាមាត្រទាំងឡាយ គ៏នាំគ្នាចូលទៅក្រាបទូលដូចមុនទៀត ព្រះអង្គទ្រង់ហាមដូចមុន ។ លុះលើកទ័ពចូលមកដល់ក្រៅនគរហើយ បញ្ជូនព្រះរាជសាសន៍ទៅថ្វាយថា " ព្រះបាទមហាសីលវរាជ នឹងព្រមឲ្យរាជសម្បត្តិ ឬ ឲ្យច្បាំង" ព្រះពោធិសត្វតបព្រះរាជសាសន៍ទៅវិញថា " យើងមិនប្រាថ្នាច្បាំងនឹងព្រះអង្គទេ ចូរព្រះអង្គយាងមកយករាជសម្បត្តិតាមបំណងចុះ" ។ ចំណែកអាមាត្រទាំងឡាយ ក៏នាំគ្នាចូលទៅក្រាបទូលថា " ទូលព្រះបង្គំ យើងខ្ញុំទាំងឡាយ មិនព្រមឲ្យព្រះចៅកោសល ស្តេចចូលមកក្នុងព្រះនគរឡើយ នឹងនាំគ្នាលើកទ័ពចេញទៅប្រយុទ្ធចាប់យកព្រះចៅកោសល នាំមកថ្វាយព្រះអង្គឲ្យបាន" ព្រះបរមពោធិសត្វ ក៏ត្រាស់ហាមដោយន័យដូចមុន ហើយបង្គាប់ឲ្យបើកទ្វាព្រះនគរ ទុកព្រះអង្គ ក៏ទ្រង់គង់លើរាជបាល្ល័ង្កកណ្តាលចំណោមយ៉ាងណែនណាន់តាន់តាប់ នៃពលយោធារាប់ពាន់ ។ ឯព្រះកោសល ស្តេចលើកពលយោធា ចូលទៅក្នុងព្រះនគរ ពុំឃើញមានសត្រូវសូម្បីតែម្នាក់ ទើបស្តេចចូលដល់ទ្វារព្រះរាជនិវេសន៍ដែលបើកស្រាប់ ហើយត្រាស់ឲ្យចាប់ព្រះបាទមហាសីលវរាជ ដែលទ្រង់គ្មានកំហុស ព្រមទាំងយោធា ១ ពាន់នាក់ឲ្យចងស្លាបសេកនាំទៅកាន់ព្រៃខ្មោច ហើយឲ្យជីកដីកប់ទុកត្រឹមក ឲ្យលុបដីណែនកុំឲ្យរើខ្លួនរួច ដើម្បីឲ្យចចកខាំស៊ីជាអាហារក្នុងវេលាយប់ ។ ចំណែកអ្នកនគរ កាលបានឃើញអាជ្ញារបស់ព្រះចៅកោសលធ្វើបាបព្រះរាជារបស់ខ្លួន ព្រមដោយយោធាទាំងឡាយដូច្នេះ ក៏តក់ស្លុតភ័យខ្លាចនាំគ្នា លួចរត់ទៅក្រៅនគរសម្ងំក្នុងព្រៃភ្នំក្រំថ្ម ។ ឯព្រះមហាសីលវរាជ កាលព្រះអង្គត្រូវចុះព្រះរាជអាជ្ញាដូច្នោះ ក៏ទ្រង់មិនបានចងអាឃាតនឹងព្រះចៅកោសល ឯយោធាទាំងឡាយក៏មិនបានទម្លាយព្រះរាជអណត្តិ ដែលព្រះមហាក្សត្ររបស់ខ្លួនបានត្រាស់ទុក ។ រាជបុរសទាំងឡាយ ក៏នាំព្រះពោធិសត្វ ព្រមទាំងអាមាត្រ ១ ពាន់នាក់ទៅកាន់ព្រៃខ្មោច ជីកកប់ត្រឹមក កប់ព្រះពោធិសត្វត្រង់កណ្តាលហើយ នាំគ្នាត្រឡប់មក ។ ព្រះពោធិសត្វត្រាស់ឲ្យឳវាទដល់អាមាត្រទាំងឡាយថា អ្នកទាំងឡាយ កុំចងចិត្តខឹងនឹងព្រះបាទកោសលជាចោរឡើយ ចូរផ្សាយមេត្តាចិត្តក្នុងព្រះបាទកោសលចុះ ។ ដល់ពេលយប់ ចចកទាំងឡាយ ក៏នាំគ្នាមកដោយបំណងថានឹងស៊ីសាច់មនុស្ស ព្រះរាជា និងអាមាត្រទាំងឡាយ ក៏ស្រែកឡើងព្រមគ្នា ហ្វូងចចកភ័យខ្លាច នាំគ្នារត់ទៅ ចចកមិនឃើញមនុស្សដេញតាមមក ក៏នាំគ្នាត្រឡប់មកវិញ ព្រះរាជា និងអាមាត្រ នាំគ្នាស្រែកដូចមុនទៀត ហ្វូងចចកក៏រត់ទៅដោយទំនងដល់បីដង ទើបគិតថា មនុស្សទាំងនោះជាអ្នកទោសក៏មានចិត្តក្លាហានត្រលប់មកទៀត សូម្បីព្រះរាជា និងអាមាត្រស្រែកគំឡាចយ៉ាងណា ក៏មិនព្រមរត់ទៅ ចចកដែលជានាយហ្វូង ក៏លោតចូលទៅខាំព្រះរាជា ចចកជាបរិវារក៏នាំគ្នារត់ចូលទៅខាំពួកអាមាត្រ ។ ព្រះបាទសីលវមហារាជបរមពោធិសត្វ ទ្រង់ឆ្លាតក្នុងកលឧបាយ បានទតព្រះនេត្រឃើញចចកជាហ្វូងរត់ចូលមក ក៏ងើយព្រះសូរ៉ងឡើងដូចជាធ្វើឲ្យចចកខាំ ហើយក៏សង្កត់ចចក ដែលប្រុងប្រៀបនឹងខាំដោយព្រះហនុ (ចង្កា) យ៉ាងនេះជាប់ដូចជាអង្គុយដូច្នេះ ចចកមិនបានរើរួចបាន ក៏ស្រែកឡើងដោយភ័យខ្លាចស្លាប់ ចចកជាបរិវារបានឮសម្លេងរបស់នាយហ្វូងស្រែកដូច្នេះ ទើបគិតថា គេចាប់នាយហ្វូងបានហើយ ក៏នាំគ្នារត់បោលអស់ទៅ ឯចចកនាយហ្វូងដែលព្រះពោធិសត្វសង្កត់យ៉ាងខ្លាំងនោះ ក៏ខំកកាយដីដោយជើងទាំង ៤ ទាល់តែខូងដីជាច្រើន ព្រះរាជាទ្រង់ជ្រាបថា ដីធូល្មមនឹងអង្កៀតព្រះអង្គបានហើយទ្រង់ឈប់សង្កត់ ចចកក៏រត់ទៅព្រះអង្គ ទ្រង់យោកព្រះកាយទៅវិញទៅមកហើយលើកព្រះហស្ថទាំងពីរកាន់មាត់រណ្តៅ យោងព្រះអង្គឡើងមក ក៏ទ្រង់កាយដីយកអាមាត្រពីរណ្តៅឡើងមកអស់ ព្រះអង្គព្រមដោយពួកអាមាត្រក៏ស្ថិតនៅក្នុងព្រៃខ្មោចនោះ ។ សម័យមួយមនុស្សទាំងឡាយ បាននាំសាកសពទៅចោលក្នុងព្រៃខ្មោចមួយកន្លែងទៀត ជិតលំនៅរបស់យក្ខពីរនាក់ យក្ខទាំងពីរនោះកើតវិវាទគ្នាពីរឿងដណ្តើមខ្មោចស៊ី មិនដឹងចែកគ្នាយ៉ាងណា ក៏នាំគ្នារត់ទៅគាល់ព្រះបាទមហាសីលវរាជបរមពោធិសត្វ យកទាំងសាកសពនោះទៅក្រាបទូលព្រះពោធិសត្វថា បពិត្រធម្មរាជ សូមព្រះអង្គទ្រង់បែងចែកសាកសពនេះដល់យើងខ្ញុំ ។ ព្រះពោធិសត្វត្រាស់ថា ម្នាលអ្នកទាំងពីរ យើងនឹងបែងចែកសាកសពនេះឲ្យអ្នកបាន ប៉ុន្តែរូបកាយរបស់យើងមិនស្អាត យើងចង់ងូតទឹកជំរះកាយឲ្យស្អាតជាមុនសិនសឹមចែកឲ្យ យក្ខក៏នាំគ្នាទៅយកទឹកដែលគេដងទុកសំរាប់ព្រះចៅកោសល ដោយអនុភាពរបស់ខ្លួនមកថ្វាយព្រះអង្គស្រង់ លុះស្រង់ស្រេចហើយទៅនាំយកសំពត់សាដក ដែលគេទុកសំរាប់ព្រះចៅកោសល នាំយកគ្រឿងក្រអូបសំរាប់ប្រស់ព្រំព្រះកាយ និងនាំយកផ្កា ឈើផ្សេងៗ ដែលគេបេះទុកក្នុងប្រអប់កែវ និងប្រអប់មាស យកមកថ្វាយ ព្រះអង្គទ្រង់តុបតែងព្រះកាយ ដោយគ្រឿងប្រដាប់ទាំងនោះហើយ យក្ខទាំងពីរទើបត្រាស់សួរថា ព្រះអង្គឲ្យទូលបង្គំធ្វើអ្វីទៀត ព្រះបរមពោធិសត្វទ្រង់សំដែងអាការៈឲ្យដឹងថា ព្រះអង្គប្រាថ្នានឹងសោយព្រះក្រយាស្ងោយ យក្ខទាំងពីរ ក៏ទៅនាំព្រះស្ងោយដ៏មានរសផ្សេងៗ មកថ្វាយនិងយកទឹកក្នុងកន្ទីមាស ដែលគេចាក់ទុកសំរាប់ព្រះចៅកោសលមកថ្វាយ ។ ព្រះបរមពោធិសត្វសោយហើយ យក្ខក៏នាំយកព្រះខន័មង្គលមកថ្វាយ ព្រះអង្គកាន់ព្រះខន័យាងទៅកាន់ទីសាកសព ហើយកាត់ពីរកំណាត់ឲ្យយក្ខស្មើគ្នា ទ្រង់លាងព្រះខន័ ហើយច្រកទៅក្នុងស្រោមវិញ ។ យក្ខទាំងពីរនោះបានស៊ីសាកសពស្រេចហើយ ក៏មានចិត្តរីករាយ ទូលសួរព្រះពោធិសត្វថា ព្រះអង្គនឹងទ្រង់ឲ្យទូលបង្គំធ្វើអ្វីតទៅទៀត ព្រះអង្គត្រាស់ថា បើដូច្នេះអ្នកចូរនាំយើង ទៅកាន់បន្ទំព្រះចៅកោសល ដែលជាចោរហើយនាំ អាមាត្រយើងទាំងឡាយនេះ ទៅទុកតាមផ្ទះរៀងៗខ្លួន ។ យក្ខទាំងពីរក៏នាំព្រះអង្គ និង អាមាត្រទាំងពួងទៅទុកតាមផ្ទះតាមពាក្យបង្គាប់គ្រប់ប្រការ ព្រះចៅកោសលទ្រង់ផ្ទំលក់ ព្រះពោធិសត្វ ទ្រង់យកដងព្រះខន័ប្រហារ លើព្រះឧទរព្រះចៅកោសល ដែលទ្រង់ផ្ទំលក់ស៊ប់ ព្រះចៅកោសលស្លុតព្រះរាជហឫទ័យ តើនឡើងទតព្រះនេត្រឃើញ ក៏ទ្រង់ចាំព្រះពោធិសត្វបាន ដោយពន្លឺប្រទីប ហើយស្តេចក្រោកចាកព្រះបន្ទំសួរថា បពិត្រមហារាជ ក្នុងវេលារាត្រីព្រះរាជនិវេសន៍នេះ បិទទ្វារជិតយ៉ាងមាំ មានពលយោធាចាំយាមយ៉ាងម៉ឺងម៉ាត់ ហេតុអ្វីទើបព្រះអង្គ ទ្រង់យាងមកបាន ? ព្រះពោធិសត្វ ត្រាស់សំដែងហេតុ ដែលព្រះអង្គស្តេចយាងចូលមក ថ្វាយព្រះចៅកោសលឲ្យបានជ្រាបសព្វគ្រប់ ។ ព្រះចៅកោសលទ្រង់សវនា ហើយនឹកអស្ចារ្យក្នុងព្រះរាជហឫទ័យ ទើបត្រាស់ថា បពិត្រមហារាជ ខ្ញុំជាមនុស្សពាលខ្លៅ មិនដឹងព្រះគុណរបស់ព្រះអង្គ ឯយក្ខជាសត្វថោកទាបស៊ីសាច់ខ្មោចមនុស្សជាអាហារ នៅដឹងស្គាល់ព្រះគុណរបស់ព្រះអង្គ គ្រាន់បើជាងខ្ញុំ បពិត្រមហារាជ តាំងពីថ្ងៃនេះតទៅ ទូលបង្គំ និងមិនគិតប្រទូសរាយចំពោះព្រះអង្គទៀតទេ ហើយទ្រង់ចាប់ព្រះខន័ធ្វើសច្ចាប្រណីធាន ញុំាងព្រះពោធិសត្វឲ្យទ្រង់អស់ទោស ហើយអញ្ជើញព្រះអង្គឲ្យផ្ទំលើសិរិសេយ្យាសនៈដ៏ខ្ពស់ ចំណែកព្រះអង្គឯង ក៏ទ្រង់ផ្ទំលើព្រះបន្ទំទាបធម្មតា ។ ព្រឹកឡើងទ្រង់ បង្គាប់ឲ្យវាយគងទូងភេរី ប្រកាសដល់សេនាមាត្រ និងព្រាហ្មណ៍គហបតីទាំងពួង ឲ្យប្រជុំព្រមគ្នា ហើយត្រាស់ចំពោះប្រជារាស្រ្តរាប់ពាន់ម៉ឺននាក់ ទ្រង់សូមទោសព្រះពោធិសត្វក្នុងកណ្តាលបរិសទ័ម្តងទៀត ហើយទទួលយកអាសារថា " ចាប់ដើមអំពីថ្ងៃនេះតទៅ បើអសន្តិសុខផ្សេងៗ កើតឡើងដល់ព្រះអង្គ សូមទ្រង់ទុកភារៈដល់ទូលព្រះបង្គំៗ នឹងការពាររក្សាថ្វាយដោយខ្លួនឯង សូមព្រះអង្គទ្រង់គ្រងរាជសម្បត្តិដោយសុវត្ថិភាព ព្រះចៅកោសល ស្តេចទ្រង់ឲ្យដាក់ព្រះរាជអាជ្ញាអាមាត្រអន្ធពាល ដែលញុះញង់នោះ ហើយស្តេចនាំសកលយោធាទៅនគរព្រះអង្គវិញ ។ ចំណែកព្រះមហាសីលវរាជបរមពោធិសត្វ កាលបានទទួលរាជសម្បត្តិវិញយ៉ាងនេះវិញហើយ ទ្រង់សាងកុសលទាំងឡាយមានទានជាដើមដរាបដល់អស់ព្រះជន្ម ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ដោយ៥០០០ឆ្នាំ |