Reading Article
Public date : 25, Jul 2019 (11,199 Read)
រឿងឧបាសកតិស្សៈ

|
រឿងឧបាសកតិស្សៈ
(ចាក អ. សំ.) (អ្នកមានសីល ស៊ូលះបង់ជីវិតខ្លួន ដើម្បីប្តូរយកជីវិតសត្វទុក) ព្រះមហាក្សត្រតិស្សមហារាជ ជាស្តេចមានធម៌ សោយរាជសម្បត្តិនៅក្រុងលង្កាទ្វីប ទ្រង់មានព្រះរាជហរទ័យ ចង់សោយសាច់ទទាអាំងជាពន់ពេក តែទ្រង់ឈ្វេងយល់ថា បើអញនិយាយប្រាប់គេថា ចង់ស៊ីសាច់ទទាអាំង មុខជាអាណាប្រជានុរាស្រ្តនឹងធ្វើសាច់ទទាទាំងឡាយ ឲ្យវិនាសក្នុងទីប្រមាណមួយយោជន៍ជុំវិញ ។ ព្រះរាជាំទ្រង់ខំអត់សង្កត់ចំណង់នោះ អស់រយះ៣ឆ្នាំ រោគខ្ទុំ ក៏កើតឡើងនាព្រះការណ៌ទ្រង់ៗ មិនអាចអត់ទ្រាំនឹងសេចក្តីស្រេកឃ្លានបាន ក៏ត្រាស់បន្ទូលព្រះសូរសីហានាថសួរថា អ្នកបំរើអញ មានអ្នករក្សាសីលដោយត្រឹមត្រូវដែរឬ? ក្រាបទូលមានឧបាសកម្នាក់ឈ្មោះតិស្សះជាអ្នករក្សាសីលដោយត្រឹមត្រូវ មិនដែលដាច់ធ្លុះធ្លាយ ដល់ម្តងឡើយ ។ ព្រះរាជាមានប្រាថ្នានឹងល្បងឧបាសកនោះមើល ទើបបង្គាប់ឲ្យហៅឧបាសកនោះមក ។ ឧបាសកមកហើយ ចូលទៅថ្វាយបង្គំព្រះរាជាអង្គុយក្នុងទីដ៏សមគួរ ។ ព្រះរាជាសួរថា អ្នកឯងចូរវិញចុះ ។ ឧបាសកក៏ថ្វាយបង្គំត្រឡប់ទៅវិញ ។ កាលឧបាសកទៅផុត ព្រះរាជាទ្រង់បង្គាប់បុរសម្នាក់ឲ្យកមានរស ១ ទៅឲ្យឧបាសកនោះ ធ្វើម្ហូបបីមុខមកថ្វាយព្រះអង្គ ជាព្រះក្រយាស្ងោយ ។ បុរសនោះក៏ធ្វើតាមព្រះរាជអាជ្ញា ។ ឧបាសកនិយាយនឹងរាជបំរើនោះថា បើមាននេះងាប់ស្រាប់យើងអាចចាត់ចែងព្រះក្រយាស្ងោយថ្វាយតាមព្រះរាជបំណងបាន តែឥឡូវនេះ មាននោះរស់ យើងធ្វើមិនបានទេព្រោះយើងកាន់សីល មិនសម្លាប់សត្វ ចូរអ្នកទូលព្រះរាជាវិញចុះ ។ រាជបុរសក៏ទៅទូលព្រះរាជាតាមពាក្យនោះ ។ ព្រះរាជាបានត្រាស់បង្គាប់រាជបុរស ឲ្យទៅប្រាប់ទៀត រាជបុរសក៏ទៅប្រាប់ឧបាសកនោះថា អាជ្ញាស្តេចធ្ងន់ពេកណាស់ អ្នកឯងធ្វើយាងនេះមិនគួរទេ បើអ្នកសម្លាប់មាន់នេះធ្វើព្រះក្រយាស្ងោយថ្វាយព្រះរាជាំ ហើយដាច់សីលអ្នកឯងអាចសមាទានវិញបាន ។ តិស្សឧបាសក ប្រាប់រាជបុរសនោះថា ក្នុងមួយអត្តភាព មានសេចក្តីស្លាប់តែមួយដង មិនដែលមានដល់ពីរដង ដូច្នេះយើងមិនធ្វើបាណាតិបាតកម្មបានទេរាជបុរសក៏ត្រឡប់ទៅក្រាបទូលព្រះរាជាវិញ ។ ព្រះរាជាត្រាស់ប្រើឲ្យសម្លាប់មាន់ជាគំរប់៣ដង ក៏តិស្សឧបាសកមិនព្រម ទើបទ្រង់ត្រាស់ឲ្យហៅតិស្សឧបាសកនោះមកសួរថា ហេតុអ្វីក៏អ្នកឯងមិនសម្លាប់មាន់ ធ្វើព្រះក្រយាស្ងោយយកឲ្យខ្ញុំ ។ ឧបាសកទូលថា ព្រះសម្មតទេវាវង្ស ខ្ញុំព្រះអង្គជាអ្នករក្សាសីល មិនអាចសម្លាប់សត្វបានទេ ។ ព្រះរាជាបង្គាប់ថា នែនាយពេជ្ឃឃាដទាំងឡាយ ចូរនាំឧបាសកនេះយកទៅសម្លាប់កាត់ក្បាលវាចោលចេញ ព្រោះវាមិនស្តាប់បង្គាប់អញជាម្ចាស់ផែនដី តែទ្រង់បានប្រាប់អាថ៌កំបាំងជាសញ្ញាដល់ពេជ្ឃឃាដថា អ្នកទាំងឡាយកុំសម្លាប់មនុស្ស ហើយត្រឡប់មកប្រាប់អញវិញ ។ ពួករាជបុរសនាំឧបាសកនោះទៅឲ្យដេកលើឈើជ្រញ់ ហើយឲ្យមាន់ទៅបុរសនោះ ។ ឧបាសកក៏យកមាន់ដាក់លើទ្រូង ហើយនិយាយថានែមាន់! យើងបានឲ្យជីវិតយើងទៅប្តូរយកជីវិតអ្នក ដើម្បីឲ្យឯងរស់នៅ មាន់ឯងកុំភ័យអី ចូរឯងហើរទៅចុះ! ថាដូច្នោះហើយ ក៏បោះមាន់នោះទៅ ។ មាន់បានទទះស្លាបហើរទៅទុំលើដើមជ្រៃមួយក្បែរនោះ ។ កន្លែងនោះឈ្មោះថា កុក្កុដគិរី ប្រែថា កន្លែងឲ្យអភ័យដល់មាន់។ ព្រះរាជាទ្រង់ព្រះសណ្តាប់ដំណឹងនោះហើយ ទើបត្រាស់ប្រើបុត្រអមាត្យម្នាក់ ឲ្យទៅហៅឧបាសកនោះមកវិញ ប្រទានគ្រឿងឥស្សរិយសឲ្យហើយត្រាស់ថា យើងមិនធ្វើទុក្ខបុកម្នេញដល់អ្នកទេ យើងគ្រាន់តែល្បងសាកមើលទេតើ ព្រោះចង់សោយសាច់ទទាអាំងកន្លងមក៣ឆ្នាំហើយ អ្នកឯងចាត់ចែងសាច់ទទាដែលបរិសុទ្ធដោយទីបំផុត៣យ៉ាង ដល់យើងបានឬទេ? ឧបាសកនោះទទួឡព្រះរាជបន្ទូលហើយក៏ចេញទៅឈរទៀបមាត់ទ្វារ បានឃើញបុរសម្នាក់យួរសាច់ទទា៣ ងាប់ស្រាប់មកពីព្រលឹម ទើបសួរទិញបុរសនោះឲ្យថ្លៃ២កហាបណះ ហើយយកមកចាត់ចែងបង់គ្រឿងប្រហើរ ទាំងឡាយមានខ្ទឹមជាដើម អាំងឆ្អិនស្រាច់បាច់ហើយ ក៏នាំទៅថ្វាយព្រះរាជាព្រះក្រយាស្ងោយក្នុងគ្រានោះឯង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
|