អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៩,២០៣ ដង)
សេចក្ដីទុក្ខក្នុងនរកបរលោក

|
សេចក្ដីទុក្ខក្នុងនរកបរលោក
ម្នាលភិក្ខុ ទាំងឡាយ! យមរាជ ក្រោយពេលដែលបានចោទសួរបុរសនោះនូវទេវទូតទាំង ៥ ចប់ហើយ (តែបុរសនោះឆ្លើយមិនរួចសូម្បីមួយ ខ ណាសោះ ស្ដេចក៏បានធ្វើនូវឥរិយាបទស្ងៀមកន្តើយ។ ម្នាលភិក្ខុ ទាំងឡាយ! លំដាប់នោះឯង នាយនិរយបាលទាំងឡាយក៏ធ្វើកម្មករណ៍ឈ្មោះបញ្ចពិធមពន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្ដេកបុរសនោះ ហើយបោះដែកគោលក្ដៅត្រង់ដៃសងខាងនិងត្រង់ជើងទាំងសងខាង ហើយនិងចំពាក់កណ្ដាលទ្រូង។ បុរសនោះសោយទុក្ខវេទនាខ្លាំងក្លាខ្លោចផ្សា ដរាបណាបាបកម្មមិនទាន់អស់ ក៏ពុំទាន់ស្លាប់ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ជួនកាលនាយនិរយបាលចាប់បុរសនោះផ្ដេកផ្ងារហើយច្រាសដោយពូថៅ ជួនកាលចាប់ជើងលើកឡើងលើ ដាក់ក្បាលសំយ៉ុងចុះ ហើយពន្លះដោយកាំបិត ជួនកាលទឹមបុរសនោះនឹងរទេះបរទៅមកលើផ្ទៃដែកក្ដៅដែកមានភ្លើងឆេះក្រហមច្រាល ជួនកាលប្រើបុរសនោះឲ្យរត់ចុះតាមភ្នំធំៗដែលមានភ្លើងកំពុងតែឆេះសន្ធោសន្ធៅ ជួនកាលចាប់ជើងក្របួចចោលទៅក្នុងខ្ទះទង់ដែងដែលមានទឹកក្ដៅកំពុងតែពុះកញ្ជ្រោលយ៉ាងខ្លាំងក្លា។ សត្វនរកដែលត្រូវស្ងោរក្នុងខ្ទះទង់ដែង មានចលនាស្ទុះស្ទាដូចពពុះទឹក ជួនការអណ្ដែតឡើង ជួនកាលលិចចុះជាសត្វមានសេចក្ដីទុក្ខក្លាខ្លាំងខ្លោចផ្សា បើបាបកម្មមិនទាន់អស់ដរាបណា ក៏មិនទាន់ស្លាប់ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ! ជួនកាលនាយនិរយបាល ចាប់បុរសនោះបោះចូលទៅក្នុងមហានរក។ មហានរកមានមុំ៤ មានទ្វារ ៤ ខាងក្នុងចែកចេញជាចំណែកតូច ចំណែកធំ មានកំពែងដែកព័ទ្ធជុំវិញ មានគ្របបិទពីលើធ្វើដោយដែក រណ្ដៅនៃមហានរកទាំងមូលមានភ្លើងឆេះសន្ធោសន្ធៅសព្វទាំងអស់ គឺអណ្ដាតភ្លើងឆាបឆេះពីជញ្ជាំងខាងកើតដល់ជញ្ជាំងខាងលិច ពីជញ្ជាំងខាងជើង ។ល។ ឆេះពីផ្ទៃខាងលើដល់បាតខាងក្រោម។ ម្នាលភិក្ខុទាំងឡាយ! ក្នុងសម័យខ្លះ គឺយូរៗមានម្ដង ទ្វាខាងមុខនៃមហានរកក៏បើកចេញមកបុរសនោះក៏រត់យ៉ាងលឿនកាលណាគេខំរត់លឿន សាច់ ស្បែក សសៃ ឆ្អឹង ខួរក្នុងឆ្អឹង ក៏ចេះខ្លោចក្លាយជាផេះអស់តែត្រឡប់កើតជាថ្មីទៀតដូចដើមវិញ ហើយពុំដែលបានចេញផុតពីទ្វារនរកនោះម្ដងណាឡើយ។ គេសោយទុក្ខក្លាខ្លាំង ខ្លោចផ្សា ដរាបណាបាបកម្មមិនទាន់អស់ ក៏មិនទាន់ស្លាប់ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ! ក្នុងពេលទ្វារខាងក្រោយ ខាងជើង ខាងត្បូងនៃមហានរកនោះក៏បើកចេញ បុរសនោះរត់យ៉ាងលឿន ដើម្បីចេញមកក្រៅ ក្នុងខណៈនោះ សាច់ ស្បែក សសៃ ឆ្អឹង ។ល។ ខួរក្នុងឆ្អឹង ក៏ឆេះទៅជាផេះ បុរសនោះបានរត់ទៅដល់ទ្វា តែពុំទាន់បានចេញផុតទ្វានៃមហានរកៗ ក៏បិទវិញ។ បុរសនោះ នៅសោយទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា កាលណាបើបាបកម្មមិនទាន់អស់ ក្នុងកាលនោះក៏មិនទាន់ស្លាប់ឡើយ។ ម្នាលភិក្ខុទាំងឡាយ! មានពេលខ្លះ បុរសនោះចេញតាមទ្វារក្រោយនៃមហានរកនោះ ហើយក៏ធ្លាក់ទៅក្នុងនរកមួយទៀតឈ្មោះថា គូថនរក (នរកដែលពោរពេញទៅដោយលាមក) ទៀត។ ម្នាលភិក្ខុទាំងឡាយ! នៅក្នុងគូថនរកនោះ មានដង្កូវមានមាត់ស្រួចដូចម្ជុល សាច់ សាច់ ស្បែក ឆ្អឹង សសៃ ។ល។ ខួរក្នុងឆ្អឹងនៃបុរសនោះ សត្វដង្កូវទាំងនោះស៊ីអស់ពុំមានសល់ឡើយ។ បុរសនោះសោយទុក្ខក្លាខ្លាំងខ្លោចផ្សា តែបើបាបកម្មមិនទាន់អស់ក៏មិនទាន់ស្លាប់។ ម្នាលភិក្ខុទាំងឡាយ! ពេលបុរសនោះរួចពីគូថនរកទៅក៏ធ្លាក់ចុះក្នុងរណ្ដៅនរកមួយទៀតឈ្មោះថា កុក្កុលនរក (នរកផេះក្ដៅ) ពេលដែលធ្លាក់ទៅហើយ គេសោយទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា ដរាបណាបាបកម្មនោះមិនទាន់អស់ ដរាបនោះក៏មិនទាន់ស្លាប់។ ម្នាលភិក្ខុទាំងឡាយ! មានព្រៃរកាដ៏ធំខ្ពស់ត្រដូចឡើងមួយយោជន៍ មានបន្លា ១៦ ធ្នាប់ ភ្លើងឆេះក្ដៅសព្វ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅតាំងពីបន្ទាប់គ្នានិងកុក្កុលនរកនោះឯង។ ពួកនាយនិរយបាល ក៏ប្រើបុរសនោះឲ្យឡើងចុះអំពីព្រៃរកានោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ! ព្រៃស្មៅសសិតធំតាំងនៅបន្ទាប់គ្នានឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកស្មៅសសិតហើយមកកាត់ដៃកាត់ជើង កាត់ស្លឹកត្រចៀកទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះសោយទុក្ខវេទនាយ៉ាងក្លាខ្លាំងខ្លោចផ្សារក្នុងព្រះសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណាក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ! មានស្ទឹងទឹកផ្សា(ប្រៃ) ដ៏ធំតាំងនៅបន្ទាប់នឹងព្រៃសសិតនោះឯង។ បុរសនោះក៏ធ្លាក់ទៅក្នុងស្ទឹងនោះទៀត។ បុរសនោះជួនកាលអណ្តែតបណ្ដោយខ្សែទឹក ជួនកាលអណ្តែតច្រាសខ្សែទឹកក្នុងស្ទឹងនោះ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា បើបាបកម្មមិនទាន់អស់ដរាបណា ក៏មិនទាន់ស្លាប់ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ! ពួកនិរយបាលយកសន្ទូចស្ទូចវាត់ឡើងមកដាក់លើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី? បុរសនោះឆ្លើយថា បពិត្រលោកម្ចាស់ដ៏ចម្រើនខ្ញុំឃ្លានបាយ។ ពួកនិរយបាល ក៏យកកង្វែរដែកក្ដៅដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្ដៅដែលភ្លើងកំពុងឆេះចូលទៅក្នុងមាត់ ដុំទង់ដែងនោះក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ករ ឆេះពោះ នាំយកទាំងពោះវៀនធំ ពោះវៀនតូចរបស់បុរសនោះចេញមកខាងក្រមបុរសនោះរងទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សារក្នុងនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ! ពួកនិរយបាលសួរបុរសនោះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី? បុរសនោះឆ្លើយថា បពិត្រលោកដ៏ចម្រើន ខ្ញុំស្រេកទឹកណាស់។ និរយបាល ក៏យកកង្វេរដែកដ៏ក្ដៅដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល មកបើកមាត់បុរសនោះហើយបង្អកទឹកទង់ដែងដ៏ក្ដៅ ដែលភ្លើងកំពុងឆេះសព្វភ្លឺច្រាលរន្ទាលសន្ធោសន្ធៅទៅក្នុងមាត់។ ទឹងទង់ដែងក៏ឆេះ បបូរមាត់ ឆេះមាត់ ឆេះបំពង់ករ ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រៅ។ បុរសនោះសោយទុក្ខវេទនាក្លាខ្លាំងខ្លោចផ្សា ក្នុងនរកនោះ បើបាបកម្មមិនទានអស់ដរាបណា ក៏មិនទាន់ស្លាប់ដដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ (បន្ទាប់មក) ពួកនិរយបាលក៏បោះទំលាក់បុរសនោះទៅក្នុងមហានរកវិញ។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |