ថ្ងៃ សៅរ៍ ទី ២៧ ខែ វិច្ឆិកា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៣,៧៨១
Today
ថ្ងៃម្សិលមិញ ១៨៥,៨០៩
ខែនេះ ៤,៣៨១,៣២០
សរុប ២៣៤,៩៤៥,៣០៥
free counters
កំពុងទស្សនា ចំនួន
អត្ថបទបិដក
images/articles/3068/2021uook.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៩៥៧ ដង)
បឋមសមជីវឹសូត្រ ទី៥ [៥៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យអភ័យ ដល់សត្វម្រឹគ ទៀបក្រុងសុង្សុមារគិរៈ ក្នុងដែនភគ្គៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់និវេសន៍ របស់គហបតី ឈ្មោះនកុលបិតា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ នកុលបិតាគហបតី និងនកុលមាតាគហបតានី បាននាំគ្នាចូលទៅគាល់ ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ បានថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះនកុលបិតាគហបតី អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំព្រះអង្គ បានប្រសប់គ្នា នឹងនកុលមាតាគហបតានី តាំងពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលមាតាគហបតានី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង។ ចំណែកនកុលមាតាគហបតានី ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះដែរថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមពីខ្ញុំម្ចាស់ បានប្រសប់គ្នា នឹងនកុលបិតាគហបតី តាំងអំពីកំឡោះ ក្រមុំមក មិនដែលប្រព្រឹត្តកន្លងចិត្ត នៃនកុលបិតាគហបតី សូម្បីដោយចិត្តម្តងទេ មិនបាច់ពោលដល់ទៅការធ្វើដោយកាយឡើយ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នាក្នុងបរលោកផង។ ព្រះមានព្រះភាគត្រាស់ថា ម្នាលគហបតី និងគហបតានីទាំងឡាយ បើជនទាំងពីរនាក់ប្តីប្រពន្ធ ប្រាថ្នាឲ្យជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ឲ្យជួបគ្នា ក្នុងបរលោកផង លុះតែជនទាំងពីរនាក់នោះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មាន ចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ទើបជួបគ្នា ក្នុងបច្ចុប្បន្ននេះផង ជួបគ្នាក្នុងបរលោកផង។ ជនទាំងពីរនាក់ ជាអ្នកមានសទ្ធា ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នកសង្រួម (ក្នុងសីល) អ្នកចិញ្ចឹមជីវិត តាមគន្លងធម៌ ប្រពន្ធ និងប្តីទាំងនោះ ពោលពាក្យផ្អែមល្ហែមរកគ្នានឹងគ្នា រមែងមានសេចក្តីចំរើនដ៏ច្រើន ទាំងមានការនៅជាសុខ កើតឡើងដល់គ្នានឹងគ្នា ពួកសត្រូវ រមែងអាក់អន់ចិត្ត ចំពោះជនទាំងពីរនាក់ ដែលមានសីលស្មើគ្នា ជនទាំងពីរនាក់ មានសីល និងវត្តស្មើគ្នា លុះ ប្រព្រឹត្តធម៌ ក្នុងលោកនេះហើយ បើមានចំណង់ក្នុងកាម ក៏រមែង ជាអ្នកត្រេកអរ រីករាយ ក្នុងទេវលោកបាន។ បឋមសមជីវឹសូត្រ ទី ៥ ឬ ប្ដីប្រពន្ធចង់ជួបគ្នាគ្រប់ៗជាតិត្រូវមានធម៌ ៤ យ៉ាងនេះដូចគ្នា បិដកភាគ ៤២ ទំព័រ ១៥០ ឃ្នាប ៥៦ ដោយ៥០០០ឆ្នាំ
images/articles/3070/2027170ook.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៥១៤ ដង)
ចណ្ឌាលសូត្រ ទី៥ [៧៥] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ ឧបាសក ជាអ្នកមិនមានសទ្ធា ១ ជាអ្នកទ្រុស្តសីល ១ ប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿតែមង្គល មិនជឿកម្ម ១ សែ្វងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ហើយធ្វើបុណ្យនឹងទក្ខិណេយ្យបុគ្គលនោះ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកប ដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ចណ្ឌាលឧបាសកផង ឈ្មោះថា មលឧបាសកផង ឈ្មោះថា បដិកិដ្ឋឧបាសកផង។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា រតនឧបាសកផង ឈ្មោះថា បទុមឧបាសកផង ឈ្មោះថា បុណ្ឌរីកឧបាសកផង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺឧបាសកជាអ្នកមានសទ្ធា ១ ជាអ្នកមានសីល ១ ជាអ្នកមិនប្រកាន់មង្គលភ្ញាក់ផ្អើល ១ ជឿតែកម្ម មិនជឿមង្គល ១ មិនស្វែងរកទក្ខិណេយ្យបុគ្គល ខាងក្រៅពុទ្ធសាសនា ធ្វើបុណ្យតែក្នុងពុទ្ធសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា រតនឧបាសកផង ឈ្មោះថា បទុមឧបាសកផង ឈ្មោះថា បុណ្ឌរីកឧបាសកផង។ ចណ្ឌាលសូត្រ ទី ៥ ឬ ឈ្មោះថាឧបាសកថោកទាបនិងឧបាសកផ្កាឈូក បិដកភាគ ៤៥ ទំព័រ ១៥៥ ឃ្នាប ៧៥ ដោយ៥០០០ឆ្នាំ
images/articles/3071/255ok.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៨៥៥ ដង)
វណិជ្ជាសូត្រ ទី៧ [៧៧] ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ។ ជំនួញ ៥ យ៉ាង តើដូចម្តេច។ គឺការជួញគ្រឿងសស្រា្តវុធ ១ ការជួញមនុស្ស ១ ការជួញ (សត្វដែលគេសម្លាប់យក) សាច់ ១ ការជួញគ្រឿងស្រវឹង ១ ការជួញថ្នាំពិស ១។ ម្នាលភិក្ខុទាំងឡាយ ជំនួញ ៥ ប្រការនេះឯង ឧបាសកមិនគួរធ្វើឡើយ។ វណិជ្ជាសូត្រ ទី ៧ ឬ ជំនួញ ៥ យ៉ាងនេះ ឧបាសកមិនគួរធ្វើឡើយ បិដក ៤៥ ទំព័រ ១៦០ ឃ្នាប ៧៧ ដោយ៥០០០ឆ្នាំ
images/articles/3072/535ook.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១០០៣ ដង)
អសប្បុរិសទានសូត្រ ទី៧ [៤៧] ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាននេះ មាន ៥ យ៉ាង។ អសប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយមិនគោរព (ក្នុងទេយ្យធម៌) ១ ឲ្យទានដោយមិនធ្វើនូវសេចក្តីគោរព (ក្នុងបដិគ្គាហក) ១ មិនឲ្យដោយដៃខ្លួន ១ ឲ្យទានដូចជាបោះចោល ១ ឲ្យទានដោយឃើញថាមិនឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ អសប្បុរិសទាន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយគោរព ១ ឲ្យដោយធ្វើនូវសេចក្តីគោរព ១ ឲ្យទានដោយដៃខ្លួនឯង ១ ឲ្យទានមិនដូចជាបោះចោល ១ ឲ្យទានដោយឃើញថាឲ្យផល ១។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន មាន ៥ យ៉ាងនេះឯង។ អសប្បុរិសទានសូត្រ ទី_ ៧ ឬ ការឲ្យទានរបស់អសប្បុរស បិដកភាគ ៤៥ ទំព័រ ៨៧ ឃ្នាប ៤៧ ដោយ៥០០០ឆ្នាំ
images/articles/3074/fsdwww4ok.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៦៦៩ ដង)
អនត្តលក្ខណសូត្រ ទី៧ [១២៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅពួកបញ្ចវគ្គិយភិក្ខុ។បេ។ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើរូបនេះ ជារបស់ខ្លួន រូបនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គល គប្បីបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជារូបចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងរូបថា រូបរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ រូបរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវេទនានេះ ជារបស់ខ្លួន វេទនានេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វេទនា មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវេទនា ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គល មិនបាន (នូវអំណាច) ក្នុងវេទនាថា វេទនារបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វេទនារបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សញ្ញា មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើសង្ខារនេះ ជារបស់ខ្លួន សង្ខារនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាសង្ខារទាំងឡាយ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងសង្ខារទាំងឡាយថា សង្ខារទាំងឡាយ របស់អាត្មាអញ ចូរជាយ៉ាងនេះចុះ សង្ខារទាំងឡាយ របស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួនទេ។ ម្នាលភិក្ខុទាំងឡាយ បើវិញ្ញាណនេះ ជារបស់ខ្លួន វិញ្ញាណនេះ នឹងមិនប្រព្រឹត្តទៅ ដើម្បីអាពាធឡើយ បុគ្គលគប្បីបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណ មិនមែនជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ បានជាវិញ្ញាណ ចេះតែប្រព្រឹត្តទៅ ដើម្បីអាពាធ បុគ្គលមិនបាន (នូវអំណាច) ក្នុងវិញ្ញាណថា វិញ្ញាណរបស់អាត្មាអញ ចូរជាយ៉ាងនេះចុះ វិញ្ញាណរបស់អាត្មាអញ កុំទៅជាយ៉ាងនេះឡើយ។ [១២៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរូបណាមិនទៀង រូបនោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញនូវរូបនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះវិញ្ញាណណា មិនទៀង វិញ្ញាណនោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះវិញ្ញាណណា ដែលមិនទៀងជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា អ្នកទាំងឡាយ គួរយល់ឃើញ នូវវិញ្ញាណនោះថា នុ៎ះរបស់អាត្មាអញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនគួរយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។ [១២៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី រូបទាំងអស់នោះ គ្រាន់តែជារូបប៉ុណ្ណោះ បុគ្គលគួរឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វេទនាណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ឬវេទនាណាមួយ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វេទនាទាំងអស់នោះ គ្រាន់តែជាវេទនាប៉ុណ្ណោះ បុគ្គលគួរឃើញ នូវវេទនានុ៎ះ ដោយបញ្ញា ដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី សង្ខារទាំងអស់នោះ គ្រាន់តែជាសង្ខារប៉ុណ្ណោះ បុគ្គលគប្បីឃើញ នូវសង្ខារនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ដែលមានក្នុងទីឆ្ងាយក្តី មានក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ គ្រាន់តែជាវិញ្ញាណប៉ុណ្ណោះ បុគ្គលគួរឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនរបស់អាត្មាអញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញឡើយ។ [១៣០] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កជាអ្នកចេះដឹង កាលបើបានឃើញយ៉ាងនេះ រមែងនឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងវេទនាផង នឿយណាយ ក្នុងសញ្ញាផង នឿយណាយ ក្នុងសង្ខារទាំងឡាយផង នឿយណាយ ក្នុងវិញ្ញាណផង កាលបើនឿយណាយ រមែងប្រាសចាកតម្រេក តែងផុតស្រឡះ ព្រោះប្រាសចាកតម្រេក។ កាលបើចិត្តផុតស្រឡះហើយ ប្រាជ្ញា ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ព្រះអរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ។ ពួកបញ្ចវគ្គិយភិក្ខុ ក៏ពេញចិត្ត ត្រេកអរចំពោះភាសិត នៃព្រះមានព្រះភាគ។ កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះហើយ ចិត្តរបស់បញ្ចវគ្គិយភិក្ខុ ក៏ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់។ អនត្តលក្ខណសូត្រ ទី ៧ បិដកភាគ ៣៣ ទំព័រ ១៥៥ ឃ្នាប ១២៧ ដោយ៥០០០ឆ្នាំ
images/articles/3078/202ttrch.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៦៣៦ ដង)
មហាសតិប្បដ្ឋានសូត្រ ទី៩ [១១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ។ កាលព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគមនោះឯង បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង៤នេះ ជាផ្លូវមូលតែមួយ [ក្នុងអដ្ឋកថា មានសេចក្តីពន្យល់អំពីបទថា ផ្លូវមូលតែមួយជាច្រើនន័យគឺ ន័យមួយ លោកថា ជាផ្លូវមូលតែមួយ ព្រោះជាផ្លូវប្រតិបត្តិ ដើម្បីចេញចាកសង្សារ ទៅកាន់ព្រះនិព្វាន មិនមានបែកទៅជាផ្លូវ២ ឬជាផ្លូវ៣ឡើយ។ ន័យមួយទៀត លោកថា ជាផ្លូវដែលត្រូវដើរបានតែមនុស្សម្នាក់ ព្រោះសតិប្បដ្ឋានទាំង៤នេះ បានតែព្រះយោគី ដែលលះបង់ពួកចេញ ហើយទៅសម្ងំនៅក្នុងទីស្ងាត់ម្នាក់ឯង ទើបប្រតិបត្តិកើត។ មួយទៀត លោកថា ជាផ្លូវរបស់មនុស្សប្រសើរ គឺថា ជាផ្លូវរបស់ព្រះសម្មាសម្ពុទ្ធ ព្រោះព្រះអង្គប្រសើរជាងសត្វទាំងពួងផង ហើយទ្រង់បានបង្កើតផ្លូវ គឺសតិប្បដ្ឋាន ឲ្យកើតមានឡើងផង។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ សតិប្បដ្ឋានទាំង៤ តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក [អដ្ឋកថា ថា លោកក្នុងទីនេះ សំដៅយកកាយ ព្រោះកាយនោះ ជាសភាវៈតែងទ្រុឌទ្រោម វិនាសទៅជាធម្មតា មួយទៀត អភិជ្ឈាទោមនស្ស ដែលភិក្ខុលះបង់ក្នុងកាយនោះ មិនមែនត្រឹមតែក្នុងកាយប៉ុណ្ណោះទេ សូម្បីតែអភិជ្ឈា និងទោមនស្សក្នុងពួកវេទនា សញ្ញា សង្ខារ វិញ្ញាណ ក៏ត្រូវលះចោលដែរ ព្រោះហេតុនោះ បានជាក្នុងគម្ពីរវិភង្គ លោកប្រាប់ថា ឧបាទានក្ខន្ធទាំង៥ ក៏ហៅថា លោកដែរ។]ចេញ១ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ១។ ចប់ ឧទ្ទេសវារកថា។ អានាបានបព្វៈ [១១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តាំងសតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានសតិដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ (អស្សាសបស្សាសៈ) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញនឹង រម្ងាប់កាយសង្ខារ ដកដង្ហើមចូល ។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹងក្តី កូនសិស្សនៃជាងក្រឡឹងក្តី ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងវែង ឬកាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចេញទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ចូលទាំងពួង ហើយដកដង្ហើមចូលសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ដកដង្ហើមចូល មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយជាខាងក្នុង (កាយរបស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ (កាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុង និងកាយខាងក្រៅ (កាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយ [អដ្ឋកថាប្រាប់ថា ខ្យល់អស្សាសបស្សាសៈ អាស្រ័យនៅក្នុងករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើបសញ្ចរទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះឈ្មោះថា ធម៌ប្រជុំកើតឡើងក្នុងកាយ លុះដល់ធម៌ទាំងនោះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅក្នុងកាយ។] គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយ ទាំងធម៌ដែលសូន្យទៅក្នុងកាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន (មិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។ ចប់ អានាបានបព្វៈ។ ឥរិយាបថបព្វៈ [១១៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុកាលដើរក្តី ក៏ដឹងច្បាស់ថា អាត្មាអញដើរ កាលឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ កាលអង្គុយក្តី ក៏ដឹងច្បាស់ថា អាត្មាអញអង្គុយ កាលដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ មួយទៀត ភិក្ខុនោះ បានតាំងនូវកាយ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយនោះ ដោយអាការៈយ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញនូវកាយក្នុងកាយខាងក្នុងយ៉ាងនេះ ជា ប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង និងធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួចក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ឥរិយាបថបព្វៈ ។ សម្បជញ្ញបព្វៈ [១១៤] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ មាន ៤ គឺ សាត្ថកសម្បជញ្ញៈ កិរិយាដឹងច្បាស់នូវកម្ម ដែលមានប្រយោជន៍ និងកម្មឥតប្រយោជន៍១ សប្បាយសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវអារម្មណ៍ ដែលជាទីសប្បាយ១ គោចរសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវកម្មដ្ឋាន ដែលត្រូវចិត្ត១ អសម្មោហសម្បជញ្ញៈ កិរិយាដឹងច្បាស់ នូវហេតុដែលមិនវង្វេងភ្លេច១។ (អដ្ឋកថា) ទីឃនិកាយសីលក្ខន្ធវគ្គ។] គឺសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅមុខ ឬថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង ឬលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ីខាទនីយៈ ជញ្ជាប់ (នូវភេសជ្ជៈ មានសប្បិជាដើម) ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបន្ទោបង់ នូវឧច្ចារៈ បស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ សម្បជញ្ញបព្វៈ។ បដិកូលមនសិការបព្វៈ [១១៥] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាត មានប្រការផ្សេងៗ ធញ្ញជាតទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែកបាយ សណ្តែករាជមាស ល្ង អង្ករ បុរសដែលមានចក្ខុ គប្បីស្រាយនូវទៃនោះ ហើយពិនិត្យមើលដូច្នេះថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះសណ្តែកបាយ នេះសណ្តែករាជមាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ខាងលើ តាំងអំពីបាតជើងឡើងទៅ ខាងក្រោម តាំងអំពីចុងសក់ចុះមក ដែលមានស្បែកបិទបាំងជុំវិញ ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះមានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ (ភិក្ខុ) ពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង និងខាងក្រៅ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើងក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ បដិកូលមនសិការបព្វៈ ។ ធាតុមនសិការបព្វៈ [១១៦] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្យល់។ ម្នាលភិក្ខុទាំងឡាយ បុរសអ្នកពិឃាតគោក្តី កូនសិស្សនៃបុរសអ្នកពិឃាតគោក្តី ដែលប៉ិនប្រសប់ គប្បីពិឃាតគោ ហើយរំលែកជាចំណែកៗ អង្គុយនៅទៀបផ្លូវធំ បែកជា៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញច្បាស់ នូវកាយនេះឯង ដែលឋិតនៅយ៉ាងណា ដែលតាំងនៅយ៉ាងណា ដោយកំណត់ថា គ្រាន់តែជាធាតុដូច្នេះថា ក្នុងកាយនេះមានធាតុដី ធាតុទឹក ធាតុភ្លើង ធាតុខ្សល់ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់ថាជាធាតុ៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។ ចប់ ធាតុមនសិការបព្វៈ។ នវសីវថិកាបព្វៈ [១១៧] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានទៀត ភិក្ខុឃើញនូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ទោះស្លាប់អស់១ថ្ងៃក្តី ស្លាប់អស់២ថ្ងៃក្តី ស្លាប់អស់៣ថ្ងៃក្តី ដែលកំពុងហើម មានសម្បុរខៀវដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗ ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ [អដ្ឋកថា ថា បានដល់កាយដែលនៅមានធម៌៣យ៉ាង គឺអាយុ១ កំសួលភ្លើងធាតុ១ វិញ្ញាណ១។] នេះសោត ក៏គង់នឹងមានសភាពដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។បេ។ [១១៨] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល នៅក្នុងព្រៃស្មសាន ដែលក្អែកទាំងឡាយ កំពុងចឹកស៊ីក្តី ត្រដក់គម្រង់ទាំងឡាយ កំពុងចឹកស៊ីក្តី ត្មាតទាំងឡាយ កំពុងចឹកស៊ីក្តី សត្វស្វានទាំងឡាយ កំពុងកកេរស៊ីក្តី ចចកទាំងឡាយ កំពុងកកេរស៊ីក្តី បាណកជាតិ (សត្វល្អិតៗ មានរុយជាដើម) ទាំងឡាយផ្សេងៗ កំពុងរូងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី ដោយការកំណត់នូវអសុភ មានអសុភ ដែលពួកសត្វកំពុងចឹកស៊ីជាដើម គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ [១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។ [១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។ [១២១] សរីរៈនៅសល់តែរាងឆ្អឹង មិនមានសាច់ និងឈាម មានតែសរសៃជាគ្រឿងចង។បេ។ [១២២] សរីរៈនៅសល់តែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយរាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងស្មាទៅ ដោយឡែក ឆ្អឹងកំភួនដៃទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវសរីរៈស្លាប់ ដែលសល់តែរាងឆ្អឹង ជាដើម) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ [១២៣] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មានសម្បុរស ដូចជាសម្បុរ នៃស័ង្ខ។បេ។ [១២៤] សរីរៈនៅសល់តែឆ្អឹងទទេ រោយរាយជាពំនូកៗ កន្លងហួសទៅមួយឆ្នាំហើយ។បេ។ [១២៥] សរីរៈសល់នៅតែឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាកម្ទេចតូច កម្ទេចធំផ្សេងៗ (ដូចម្តេចមិញ)។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាវៈដូច្នោះ គង់នឹងក្លាយទៅជាដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញ នូវកាយក្នុងកាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ នវសីវថិកាបព្វៈ។ ចប់ កាយានុបស្សនា ។ វេទនានុបស្សនា ការពិចារណានូវវេទនា [១២៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា។ កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលទុក្ខវេទនា។ កាលទទួល អទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលអទុក្ខមសុខវេទនា។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី [អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។] ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ [អដ្ឋកថាថា បានខាងសោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ [បានខាងទោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ដែលឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ [បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។]ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) យ៉ាងនេះ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាទាំងឡាយ មានមែន គ្រាន់តែជាទីកំណត់ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុ) មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ វេទនានុបស្សនា។ ចិត្តានុបស្សនា ការពិចារណាចិត្ត [១២៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះចិត្តប្រកបដោយរាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ទោះចិត្តប្រកបដោយទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ទោះចិត្តប្រាសចាកទោសៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ទោះចិត្តប្រកបដោយមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ទោះចិត្តរួញរា ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ទោះចិត្តដល់នូវភាវៈជាធំ (គឺរូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈជាធំ ទោះចិត្តមិនដល់នូវភាវៈជាធំ (គឺជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈជាធំ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺនៅជាកាមាវចរ) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺជារូបាវចរ និងអរូបាវចរ) ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង ទោះចិត្តតាំងនៅមាំ (ជាអប្បនាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តតាំងនៅមាំ ទោះចិត្តមិនតាំងនៅមាំ (ប្រាសចាកសមាធិទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅមាំ ទោះចិត្តរួចស្រឡះ [ពាក្យថា ចិត្តរួចស្រឡះក្នុងទីនេះ សំដៅយកចិត្តដែលប្រកបដោយវិមុត្តិ២ប្រការគឺ តទង្គវិមុត្តិ១ វិក្ខម្ភនវិមុត្តិ១។ អនុបស្សនា៧ មានអនិច្ចានុបស្សនាជាដើម ហៅថា តទង្គវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកនិច្ចសញ្ញា គឺសេចក្តីសម្គាល់ថាទៀង តាមទំនង ដែលយោគីបានកំណត់នូវអង្គនៃធម៌ ជាសត្រូវដល់ធម៌នោះៗ។ សមាបត្តិ៨ ហៅថា វិក្ខម្ភនវិមុត្តិ ព្រោះជាធម្មជាតិរួចស្រឡះចាកពួកអកុសលធម៌ មាននីវរណៈជាដើម តាមទំនងដែលយោគីបានសង្កត់សង្កិនដោយខ្លួនឯង។ អដ្ឋកថា មហាបទានសូត្រទំព័រ២៦។] ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ (ភិក្ខុ) ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្ត ក្នុងចិត្តខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវចិត្តក្នុងចិត្ត ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើងក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ (ភិក្ខុមានចិត្តមិនអាស្រ័យ ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។ ចប់ ចិត្តានុបស្សនា។ ............អានបន្តបញ្ចប់អត្ថបទ....
images/articles/3142/2021svaarest.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៧៨៤ ដង)
បឋមអក្ខន្តិសូត្រ ទី ៥ [១១៥] ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់នេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនច្រើន ១ ជាអ្នកច្រើនដោយពៀរ ១ ច្រើនដោយទោស ១ តែងស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសេចក្តីមិនអត់ធន់ មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់នេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាទីស្រឡាញ់ ជាទីពេញចិត្តរបស់ជនច្រើន ១ មិនច្រើនដោយពៀរ ១ មិនច្រើនដោយទោស ១ តែងស្លាប់មិនវង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសេចក្តីអត់ធន់ មាន ៥ យ៉ាងនេះឯង។ បឋមអក្ខន្តិសូត្រ ទី ៥ ឬ ទោសនៃសេចក្តីមិនអត់ធន់ ៥ យ៉ាង - បិដកភាគ ៤៥ ឃ្នាប ១១៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3143/bfret454532.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៦៤១ ដង)
បឋមកណ្ហសប្បសូត្រ ទី ៩ [១២៩] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នេះដែរ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមាតុគ្រាមមិនស្អាត ១ មានក្លិនស្អុយ ១ គួរតក់ស្លុត ១ គួរខ្លាច ១ ទ្រុស្តមិត្រ ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។ ទុតិយកណ្ហសប្បសូត្រ ទី ១០ [១៣០] ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែក។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺពស់វែកមានចិត្តក្រោធ ១ ចងពៀរ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងពស់វែកម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម ដូច្នោះដែរ។ ទោស ៥ យ៉ាង ៥ គឺអ្វីខ្លះ។ គឺមាតុគ្រាមច្រើនក្រោធ ១ ចងគំនុំ ១ មានពិសពន្លឹក ១ មានអណ្តាតអាក្រក់ ១ ទ្រុស្តមិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានពិសពន្លឹកនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានរាគៈខ្លាំងក្លា។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមមានអណ្តាតអាក្រក់នេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមមានវាចាញុះញង់។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា មាតុគ្រាមជាអ្នកទ្រុស្តមិត្រនេះ ម្នាលភិក្ខុទាំងឡាយ ដោយច្រើន មាតុគ្រាមប្រព្រឹត្តក្បត់ចិត្តស្វាមី។ ម្នាលភិក្ខុទាំងឡាយ ទោស ៥ យ៉ាងនេះ រមែងមានក្នុងមាតុគ្រាម។ ចប់ ទីឃចារិកវគ្គ ទី៣។ បឋមកណ្ហសប្បសូត្រ ទី ៩ ឬ ទោស ៥ យ៉ាងនេះ រមែងមានក្នុងស្រ្តី - បិដកភាគ ៤៥ ទំព័រ ២៦១ ឃ្នាប ១២៩ ដោយ​៥០០០​ឆ្នាំ​
images/articles/3140/2021ujhterest.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៧៧ ដង)
[១៩៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេក្នុងធម្មវិន័យ ដែល សាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជា អនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាម យ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបាបជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែល គេពោលខុស។ [១៩៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) ណាក្តី បបួលគេ ក្នុងធម្មវិន័យ ដែលសាស្តា ជាសព្វញ្ញូ ពោលត្រូវ បបួលនូវបុគ្គល (ជាអនេ្តវាសិក) ណាក្តី បុគ្គល (ជាអនេ្តវាសិក) ណា ដែលអាចារ្យបបួលហើយ ប្រតិបត្តិតាមយ៉ាងនោះ បុគ្គលទាំងអស់នោះ តែងបាននូវបុណ្យជាច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលគេពោលត្រឹមត្រូវ។ [១៩៧] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រូវថា បុគ្គលជាទាយក (អ្នកឲ្យ) ត្រូវដឹងប្រមាណ បុគ្គលជាបដិគ្គាហក (អ្នកទទួល) មិនបាច់ដឹងប្រមាណទេ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តាជាអសព្វញ្ញូ ពោលខុស។ [១៩៨] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាសព្វញ្ញូ ពោលត្រឹមត្រូវថា បដិគ្គាហក ត្រូវដឹងប្រមាណ ទាយកមិនបាច់ដឹងប្រមាណទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [១៩៩] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យដែលសាស្តា ជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវ ថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាទុក្ខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ ទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាអសព្វញ្ញូ ពោលមិនត្រឹមត្រូវថា បុគ្គលណា ខ្ជិលច្រអូស បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាអសព្វញ្ញូពោលខុស។ [២០២] ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យ ដែលសាស្តាជាសព្វញ្ញូ ពោលត្រឹមត្រូវថា បុគ្គលណា មានព្យាយាមប្រារឰ បុគ្គលនោះ តែងនៅជាសុខ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះធម៌ដែលសាស្តា ជាសព្វញ្ញូពោលត្រឹមត្រូវ។ [២០៣] ម្នាលភិក្ខុទាំងឡាយ ដូចលាមក សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិច បន្តួច ដោយហោចទៅ សូម្បីអស់កាលត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ [២០៤] ម្នាលភិក្ខុទាំងឡាយ ដូចទឹកមូត្រ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ទឹកមាត់ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ខ្ទុះ សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… ឈាម សូម្បីបន្តិចបន្តួច រមែងមានក្លិនស្អុយ… យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគត មិនដែលសសើរ នូវការបដិសន្ធិក្នុងភព សូម្បីបន្តិចបន្តួច ដោយហោចទៅ សូម្បីអស់កាល ត្រឹមតែផ្ទាត់ម្រាមដៃម្តងឡើយ ក៏យ៉ាងនោះឯង។ ចប់ វគ្គ ទី ៣ ។ បិដកភាគ ៤០ ទំព័រ ៧៧ ឃ្នាប ១៩៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3156/t9038gtitwgk0osw0k_th.jpg
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦៨ ដង)
(ព្រះបាទពារាណសី សួរពោធិសត្វថា) បពិត្រតាបសព្រះនាមអដ្ឋិសេនៈ ខ្ញុំមិនដែលស្គាល់ពួកស្មូមណាពួកស្មូមនោះ ប្រជុំគ្នាមករកខ្ញុំ ហើយសូម (នូវវត្ថុដែលខ្លួនត្រូវការ) ហេតុអ្វីក៏លោកមិនសូមខ្ញុំ។ (តាបសពោធិសត្វ ពោលថា) បុគ្គលអ្នកសូម រមែងមិនជាទីស្រឡាញ់ (នៃអ្នកឲ្យ) បុគ្គលអ្នកមិនឲ្យនូវរបស់ដែលគេសូមរមែងមិនជាទីស្រឡាញ់ (នៃស្មូម) ព្រោះហេតុនោះ បានជាអាត្មាមិនសូមមហារាជ កុំឲ្យមហារាជ ស្អប់អាត្មាឡើយ ។ (ព្រះរាជាត្រាស់ថា) សមណព្រាហ្មណ៍ ណារស់ដោយការសូម តែមិនសូមវត្ថុខ្លូនត្រូវសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃ ឲ្យខូចបុណ្យផង ឈ្មោះថាមិនបានរស់ស្រួល ដោយខ្លួនឯងផង ។ សមណព្រាហ្មណ៍ណា រស់ដោយការសូម ហើយសូមនូវវត្ថុដែលខ្លួនត្រូវការសូម ក្នុងកាលគួរ (សមណព្រាហ្មណ៍នោះ) ឈ្មោះថាញ៉ាំងបុគ្គលដទៃឲ្យបានបុណ្យផង ឈ្មោះថា រស់នៅស្រួល ដោយខ្លួនឯងផង ។ បុគ្គលមានប្រាជ្ញាទាំងឡាយ ឃើញពួកស្មូម មកដល់ហើយ មិនដែលប្រទូស្ត លោកជាព្រហ្មចារីបុគ្គលជាទីស្រឡាញ់នៃខ្ញុំ លោកប្រាថ្នារបស់ណា ដែលត្រូវនិយាយសូម លោកចូរសូមចុះ ។ (ពោធិសត្វ ពោលថា) បុគ្គលមានប្រាជ្ញាទាំងឡាយ មិនដែលសូមទេ ស្រេចតែនឹង (ឧបដ្ឋក) អ្នកមានប្រាជ្ញា គួរដឹង(ខ្លួនឯងចុះ) ពួកអរិយៈ គ្រាន់តែឈរឧទ្ទិសស្ងៀមៗប៉ុណ្ណោះ នុ៎ះជាការសូម របស់ពួកអរិយៈ។ (ព្រះរាជា ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមប្រគេនមេគោមានសម្បុរក្រហម១ពាន់ ព្រមទាំងគោឈ្មោលដល់លោកម្ចាស់ ដ្បិតថា បុគ្គលមានមារយាទដ៏ប្រសើរ បានស្តាប់គាថារបស់លោកដែលប្រកបដោយធម៌ហើយមិនឲ្យដល់បុគ្គល មានអាចារៈដ៏ប្រសើរ (ដូចគ្នា) ដូចម្តេចបាន ។ ចប់ អដ្ឋិសេនជាតកទី៨ បិដក៥៩ ទំព័រ៨៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3134/20fffmons.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៦៤៨ ដង)
[៧៥] ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ កុលបុត្តត្រូវផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងគឺ ដោយកាយកម្ម ប្រកបដោយមេត្តា១ ដោយវចីកម្ម ប្រកបដោយមេត្តា១ ដោយមនោកម្ម ប្រកបដោយមេត្តា១ ជាអ្នកមិនបិទទ្វារ [អដ្ឋកថា ថា ទ្វារផ្ទះបើកទាំងអស់ក្តី បិទទាំងអស់ក្តី បើមិនឲ្យអ្វី ឬធ្វើល្អអ្វី ដល់អ្នកមានសីលសោះ ក៏ឈ្មោះថា បិទទ្វារដែរ បើឲ្យ ឬធ្វើល្អអ្វី ដល់អ្នកមានសីល ក៏ឈ្មោះថា បើកហើយ។] ផ្ទះ១ ដោយកិរិយាឲ្យអាមិសទាន១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្ត ទំនុកបម្រុង ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាង គឺ ហាមឃាត់កុលបុត្ត ចាកអំពើអាក្រក់១ ឲ្យតាំងនៅតែក្នុងអំពើល្អ១ អនុគ្រោះដោយចិត្តដ៏ល្អ១ ឲ្យបានស្តាប់ពាក្យ ដែលមិនធ្លាប់ស្តាប់១ បំភ្លឺសេចក្តី ដែលធ្លាប់ស្តាប់ហើយ១ ប្រាប់ផ្លូវសួគ៌១។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ ជាទិសខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៦យ៉ាងនេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះ ព្រះសុគត ជាសាស្តា លុះសំដែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យជាគាថាព័ន្ធ តទៅទៀតថា [៧៦] មាតាបិតា ជាទិសខាងកើត អាចារ្យ ជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យ ជាទិសខាងជើង ទាសៈ និងកម្មករ ជាទិសខាងក្រោម សមណព្រាហ្មណ៍ ជាទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាចគ្រប់គ្រងផ្ទះ គប្បីនមស្ការទិសទាំងឡាយនុ៎ះ។ បណ្ឌិត [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] បរិបូណ៌ដោយសីល មានវាចាដ៏ពីរោះ មានប្រាជ្ញាវៃ [អដ្ឋកថា ថា បណ្ឌិតមានប្រាជ្ញាវៃ ក្នុងស្ថានជាទីសំពះទិស។] មានកិរិយាប្រព្រឹត្តឱនលំទោន ជាប្រក្រតី មិនរឹងត្អឹង បុគ្គលមានសភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាម រវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាយទាំងឡាយ បុគ្គលមានកិរិយាប្រព្រឹត្តឥតចន្លោះ មានប្រាជ្ញាវាងវៃ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ បុគ្គលមានសេចក្តីសង្គ្រោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ [សំដៅយកមនុស្សនាំពាក្យខ្លួន ដែលបានថាឲ្យរបស់អ្វី ដល់សំឡាញ់ហើយ ក៏ឲ្យទាល់តែបាន ដឹងចិត្តសំឡាញ់ថា ចង់បានអ្វី ក៏ឲ្យរបស់នោះ ឬដឹងថា សំឡាញ់ខ្វះខាតអ្វី ក៏ឲ្យរបស់នោះ។] ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនាំ ពន្យល់ការណ៍ផ្សេងៗ ជាអ្នកណែនាំរឿយៗ បុគ្គលមានសភាពដូច្នោះ រមែងបានយស។ ទាន១ ពាក្យពីរោះ១ សេចក្តីប្រព្រឹត្ត ជាប្រយោជន៍ក្នុងលោកនេះ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទាំងឡាយ និងក្នុងបុគ្គលនោះៗ តាមសមគួរ១។ សង្គហធម៌ ទាំងនេះ (មានក្នុងលោក ទើបលោកប្រព្រឹត្តទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តទៅបាន ដូច្នោះឯង បើ សង្គហធម៌ ទាំងនេះមិនមានហើយ មាតាក្តី បិតាក្តី ក៏មិនបាននូវសេចក្តីរាប់អាន និងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ។ ព្រោះហេតុតែអ្នកប្រាជ្ញាទាំងឡាយ សំឡឹងឃើញ សង្គហធម៌ ទាំងនោះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួរគេសរសើរផង។ តួនាទីព្រះសង្ឃនិងតួនាទីពុទ្ធបរិស័ទ្ធ - បិដកភាគ ១៩ ទំព័រ ៨៩ ឃ្នាប ៧៥ ដោយ​៥០០០​ឆ្នាំ​
images/articles/3133/20ccver.jpg
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៥៤០ ដង)
[៧៣] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្ត ត្រូវប្រតិបត្តិដោយស្ថាន៥យ៉ាងគឺ ដោយការឲ្យរបស់១ ដោយការនិយាយតែពាក្យគាប់ចិត្ត១ ដោយការប្រព្រឹត្តិ ឲ្យជាប្រយោជន៍១ ដោយការប្រព្រឹត្តិខ្លួនស្មើ១ ដោយការមិនកុហកបញ្ឆោត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស១ ជួយថែទាំទ្រព្យសម្បត្តិ របស់មិត្តដែលធ្វេសប្រហែស១ ជាទីពឹងរបស់មិត្តដែលមានភ័យ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ១ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត១។ ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិ ដោយស្ថាន៥យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន៥យ៉ាងនេះ ទិសខាងជើងនោះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។ តួនាទីរបស់មិត្ត ៥ យ៉ាង - បិដកភាគ ១៩ ទំព័រ ៨៧ ឃ្នាប ៧៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3075/2ttrook.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០២១ (អាន: ១១១២ ដង)
អស្សទ្ធសំសន្ទនសូត្រ ទី៧ [៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ (ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។ ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ [៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។ អស្សទ្ធសំសន្ទនសូត្រ ទី ៧ បិដកភាគ ៣២ ទំព័រ ៣៩ ឃ្នាប ៤១ ដោយ៥០០០ឆ្នាំ
images/articles/3144/dsvdr564y5ged.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០២១ (អាន: ៥៣៦ ដង)
ពហុភាណិសូត្រ ទី៤ [១១៤] ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើននេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺនិយាយកុហក ១ និយាយញុះញង់ ១ និយាយពាក្យអាក្រក់ ១ និយាយពាក្យឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ទោសរបស់បុគ្គលនិយាយច្រើន មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិចនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិននិយាយកុហក ១ មិននិយាយញុះញង់ ១ មិននិយាយពាក្យអាក្រក់ ១ មិននិយាយឥតប្រយោជន៍ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិ សួគ៌ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្សរបស់បុគ្គលនិយាយតិច មាន ៥ យ៉ាងនេះឯង។ ពហុភាណិសូត្រ ទី ៤ ឬ ទោស ៥ យ៉ាង របស់បុគ្គលនិយាយច្រើន បិដកភាគ ៤៥ ទំព័រ ២៤៩ ឃ្នាប ១១៤ ដោយ​៥០០០​ឆ្នាំ​
images/articles/3145/bvhj6645e.jpg
ផ្សាយ : ០២ តុលា ឆ្នាំ២០២១ (អាន: ៣៥០ ដង)
សីលសូត្រ ទី៣ [១១៣] ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិរបស់បុគ្គលទ្រុស្តសីលនេះ មាន ៥ យ៉ាង។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ក្នុងលោកនេះ តែងដល់នូវសេចក្តីវិនាសសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាទោស ទី១ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ តែងមានកិត្តិសព្ទដ៏អាក្រក់ខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី២ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី ក៏គ្មានក្លៀវក្លា តែងមានមុខឱនចុះ ដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៣ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីល តែងស្លាប់វង្វេងស្មារតី ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៤ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលទ្រុស្តសីល វិបត្តិចាកសីលហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ម្នាលភិក្ខុទាំងឡាយ នេះជាទោសទី៥ នៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល។ ម្នាលភិក្ខុទាំងឡាយ ទោសនៃសីលវិបត្តិ របស់បុគ្គលទ្រុស្តសីល មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃសីលសម្បទា របស់បុគ្គលមានសីលនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានសីល បរិបូណ៌ដោយសីល ក្នុងលោកនេះ តែងបាននូវគំនរសម្បត្តិដ៏ច្រើន ហេតុមកពីសេចក្តីមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ១ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ២ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់បរិសទ្យណា ទោះបីជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី តែងក្លៀវក្លា មិនឱនមុខចុះដើរចូលទៅ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៣ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល តែងស្លាប់ មិនវង្វេងស្មារតីឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៤ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលមានសីល បរិបូណ៌ដោយសីល លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សទី ៥ នៃសីលសម្បទា របស់បុគ្គលមានសីល។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស នៃសីលសម្បទា របស់បុគ្គលមានសីល មាន ៥ យ៉ាងនេះឯង។ សីលសូត្រ ទី ៣ ឬ ទោស ៥ យ៉ាង របស់បុគ្គលទ្រុស្តសីល បិដក ៤៥ ទំព័រ ២៤៧ ឃ្នាប ១១៣ ដោយ​៥០០០​ឆ្នាំ​
images/articles/3073/20243ok.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ៥២៦ ដង)
កម្មបថវគ្គ ទី៧ បាណាតិបាតីសូត្រ ទី១ [១១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ ប្រការ រមែងកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលដែលសម្លាប់សត្វ ដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការសម្លាប់សត្វ ១ ពេញចិត្តក្នុងការសម្លាប់សត្វ ១ ពោលសរសើរការសម្លាប់សត្វ [ការរាប់ ៤ៗនោះ ឲ្យរាប់ក្នុងមួយបទៗ គឺក្នុងមួយបទៗ ចែកការធ្វើជា៤ គឺធ្វើខ្លួនឯង ដឹកនាំអ្នកដទៃ ពេញចិត្ត និយាយសរសើរ។] ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលវៀរចាកការសម្លាប់សត្វដោយខ្លួនឯង ១ ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការសម្លាប់សត្វ ១ ពេញចិត្តក្នុងការវៀរចាកការសម្លាប់សត្វ ១ ពោលសរសើរការវៀរចាកការសម្លាប់សត្វ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការនេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំយកទៅដាក់។ អទិន្នាទាយីសូត្រ ទី២ [១១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ប្រការ រមែងកើតក្នុងនរក ដូចគេនាំយកទៅទំលាក់។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺបុគ្គលជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ១ ដឹកនាំបុគ្គលដទៃ ក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពេញចិត្តក្នុងការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ពោលសរសើរការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១។ អម្បាលនេះ។បេ។ គឺបុគ្គលជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យដោយខ្លួនឯង ដឹកនាំអ្នកដទៃ ក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពេញចិត្តក្នុងការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ពោលសរសើរការវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យអម្បាលនេះ។បេ។ មិច្ឆាចារីសូត្រ ទី៣ [១១៦] ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងកាមេសុមិច្ឆាចារ ពេញចិត្ត ក្នុងកាមេសុមិច្ឆាចារ ពោលសរសើរកាមេសុមិច្ឆាចារ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកកាមេសុមិច្ឆាចារដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកកាមេសុមិច្ឆាចារ ពេញចិត្តក្នុងការវៀរចាកកាមេសុមិចា្ឆចារ ពោលសរសើរការវៀរចាកកាមេសុមិច្ឆាចារ។ អម្បាលនេះ។បេ។ មុសាវាទីសូត្រ ទី៤ [១១៧] ជាអ្នកនិយាយកុហក ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងមុសាវាទ ពេញចិត្តក្នុងមុសាវាទ ពោលសរសើរមុសាវាទ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកមុសាវាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកមុសាវាទ ពេញចិត្តក្នុងការវៀរចាកមុសាវាទ ពោលសរសើរការវៀរចាកមុសាវាទ។ អម្បាលនេះ។បេ។ បិសុណវាចាសូត្រ ទី៥ [១១៨] ជាអ្នកពោលពាក្យញុះញង់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងបិសុណាវាចា ពេញចិត្តក្នុងបិសុណាវាចា ពោលសរសើរបិសុណាវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកបិសុណាវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកបិសុណាវាចា ពេញចិត្តក្នុងការវៀរចាកបិសុណាវាចា ពោលសរសើរការវៀរចាកបិសុណាវាចា។ អម្បាលនេះ។បេ។ ផរុសវាចាសូត្រ ទី៦ [១១៩] ជាអ្នកនិយាយពាក្យអាក្រក់ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងផរុសវាចា ពេញចិត្ត ក្នុងផរុសវាចា ពោលសរសើរផរុសវាចា។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកផរុសវាចា ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកផរុសវាចា ពេញចិត្ត ក្នុងការវៀរចាកផរុសវាចា ពោលសរសើរការវៀរចាកផរុសវាចា។ អម្បាលនេះ។បេ។ សម្ផប្បលាបសូត្រ ទី៧ [១២០] ជាអ្នកពោលពាក្យឥតប្រយោជន៍ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសម្ផប្បលាបៈ ពេញចិត្ត ក្នុងសម្ផប្បលាបៈ ពោលសរសើរសម្ផប្បលាបៈ។ អម្បាលនេះ។បេ។ ជាអ្នកវៀរចាកសម្ផប្បលាបៈ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការវៀរចាកសម្ផប្បលាបៈ ពេញចិត្តក្នុងការវៀរចាកសម្ផប្បលាបៈ ពោលសរសើរការវៀរចាក សម្ផប្បលាបៈ។ អម្បាលនេះ។បេ។ អភិជ្ឈាលុសូត្រ ទី៨ [១២១] ជាអ្នកមានចិត្តសំឡឹងរំពៃទ្រព្យអ្នកដទៃ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអភិជ្ឈា ពេញចិត្ត ក្នុងអភិជ្ឈា ពោលសរសើរអភិជ្ឈា។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនរំពៃ (ទ្រព្យអ្នកដទៃ) ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងអនភិជ្ឈា ពេញចិត្ត ក្នុងអនភិជ្ឈា ពោលសរសើរអនភិជ្ឈា។ អម្បាលនេះ។បេ។ ព្យាបន្នចិត្តសូត្រ ទី៩ [១២២] ជាអ្នកមានចិត្តព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងព្យាបាទ ពេញចិត្ត ក្នុងព្យាបាទ ពោលសរសើរព្យាបាទ។ អម្បាលនេះ។បេ។ ជាអ្នកមានចិត្តមិនព្យាបាទ ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងការមិនព្យាបាទ ពេញចិត្ត ក្នុងការមិនព្យាបាទ ពោលសរសើរការមិនព្យាបាទ។ អម្បាលនេះ។បេ។ មិច្ឆាទិដ្ឋិសូត្រ ទី១០ [១២៣] ជាអ្នកយល់ខុស ដោយខ្លួនឯង ដឹកនាំបុគ្គលដទៃក្នុងសេចក្ដីយល់ខុស ពេញចិត្ត ក្នុងសេចក្ដីយល់ខុស ពោលសរសើរសេចក្ដីយល់ខុស។ អម្បាលនេះ។បេ។ ជាអ្នកយល់ត្រូវដោយខ្លួនឯង ដឹកនាំបុគ្គលដទៃ ក្នុងសេចក្ដីយល់ត្រូវ ពេញចិត្ត ក្នុងសេចក្ដីយល់ត្រូវ ពោលសរសើរសេចក្ដីយល់ត្រូវ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤នេះ រមែងកើតក្នុងឋានសួគ៌ ដូចគេនាំទៅដាក់។ ចប់ កម្មបថវគ្គ ទី៧។ កម្មបថវគ្គ ទី ៧ ឬ កម្មបថ ៨០ បិដកភាគ ៤៣ ទំព័រ ២៧៨ ឃ្នាប ១១៤ ដោយ៥០០០ឆ្នាំ
images/articles/3082/_______________.jpg
ផ្សាយ : ២៥ កញ្ញា ឆ្នាំ២០២១ (អាន: ៦៩៦ ដង)
[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងកូដាគារសាលា នាមហាវន ជិតក្រុងវេសាលី ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនឹងចីវរ ក្នុងបុព្វណ្ណសម័យ ហើយចូលទៅកាន់ក្រុង វេសាលី ដើម្បីបិណ្ឌបាត ។ លុះទ្រង់ត្រាច់ ទៅបិណ្ឌបាតក្នុងក្រុងវេសាលីហើយ ត្រឡប់អំពីបណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ហើយទ្រង់ត្រាស់ហៅព្រះ អានន្ទដ៏មានអាយុថា ម្នាលអានន្ទ ចូរអ្នកកាន់យក និសីទនៈទៅ យើងនឹងចូល ទៅសម្រាក ក្នុងវេលាថ្ងៃឯបាវាលចេតិយ ។ ព្រះអានន្ទដ៏ មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏កាន់និសីទនៈទៅតាមខាងក្រោយៗព្រះដ៏មានព្រះភាគទៅ ។ គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូលទៅកាន់បាវាលចេតិយ លុះចូលទៅ ដល់ហើយ ក៏គង់លើអាសនៈ ដែលព្រះអានន្ទក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ម្នាលអានន្ទ ឯឥទ្ធិបាទ ៤ តថាគតបានចំរើនហើយ បានធ្វើ ឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធ ល្អហើយ ម្នាលអានន្ទ បុគ្គលនោះ ទោះបីប្រាថ្នានឹងគប្បីឋិតនៅអស់ ១ អាយុកល្ប ឬ លើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះ ដ៏មានព្រះភាគ ទ្រង់ធ្វើនិមមិត្តជាឪឡារិក ទ្រង់ធ្វើឪកាសជាឪឡារិក យ៉ានេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់បាន មិនបានអារាធនា ព្រះដ៏មានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើនដើម្បីអានុគ្រោះ ដល់ពួកទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ ព្រះដ៏មានព្រះភាគទ្រង់មានព្រះពុទ្ធដីកា ជាគំរប់ពីរដងផង ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះទុព្ធដីកានឹងព្រះអានន្ទដ៏មានអាយុ ជាគំរប់បីដងផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ដចេតិយ ជាទីគួរត្រេដអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទទាំង ៤ បើបុគ្គលណាមួយ បានចំរើនហើយ បានធ្វើឲ្យច្រើន បានធ្វើឲ្យដូច ជាយាន បានដម្គល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បានសន្សំទុក បានប្រារព្ធល្អ ហើយ។បេ។ ម្នាលអានន្ទ តថាគត បើប្រាថ្នា គម្បីឋិតនៅ អស់១ អាយុកល្បឬលើសជាង ១ អាយុកល្បក៏បាន ។ ឯព្រះអានន្ទដ៏មានអាយុ ទុកជាព្រះដ៏មាន ព្រះភាគ ទ្រង់ធ្វើនិមិត្តជា ឪឡារិកយ៉ាងនេះហើយ ក៏មិនអាចនឹងយល់ សេចក្ដីច្បាស់លាស់ បានឡើយ ហើយមិនបានអារាធនាព្រះដ៏មានព្រះភាគ ថា បពិត្រ ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន ព្រះភាគ ឋិតនៅអស់ ១ អាយុកល្ប បពិត្រព្រះ អង្គដ៏ចំរើន សូមព្រះសុគត ឋិតនៅអស់ ១ អាយុកល្ប ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បី អានុគ្រោះ ដល់ពួកសត្វលោក ដើម្បីសេចក្ដីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់ទេវាតា នឹងមនុស្សដូច្នេះសោះ ព្រោះមារ ចូលមកជ្រែកគំនិត ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ អ្នកចូលទៅចុះ អ្នកចូលសំគាល់នូវកាលដែលគួរនឹងទៅក្នុងកាលឥឡូវនេះចុះ។ ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគដោយពាក្យថា ព្រះករុណាព្រះអង្គ រួចក៏ក្រោក ចាកអាសនៈ ហើយថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយទៀបគល់ឈើ មួយជិតព្រះដ៏មានព្រះភាគ ។ គ្រានោះ កាលបើព្រះអានន្ទដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន ចិត្តបាប ក៏បានពោលពាក្យនេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចំរើន សូចព្រះដ៏ មានព្រះភាគបរិនិព្វានក្នុងកាលឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ ចំរើនឥឡូវនេះ ជាកាលគួរនឹងបរិនិព្វានរបស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គ ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា នៃមារមានចិត្តបាប ពួកភិក្ខុ ជាសាវករបស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយល្អតាមពាក្យ ដែលសមហេតុ ហើយសំដែង ធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ តថាគតនឹងមិនទាន់ បរិនិព្វានដរាបនោះដូច្នេះ ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវករបស់ ព្រះដ៏មានព្រះភាគ បានឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេមចាកយោគៈ ជាពហុស្សូតទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរ ដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាម ធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់ សង្កិនដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយ បាដិហារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគបរិនិព្វានទៅ សូមព្រះ សុគតបរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះ ដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះដ៏មាន ព្រះភាគ ត្រាស់វាចានេះ ហើយថា ម្នាលមារមានចិត្តបាប ពួកភិក្ខុ ជាសាវិកា តថាគត មិនទាន់មានដរាបណា តថាគតនឹងមិនទាន់បរិនិព្វានដរាបនោះ។បេ។ ពួក ឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា ។បេ។ ពួកឧបាសក ជាសាវិកា របស់តថាគត ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សម គួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិនដោយ ល្អតាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ នៅមិនទាន់មាន ដរាបណាទេ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកឧបាសក ជាសាវិកា របស់ព្រះដ៏មានព្រះភាគ ដែលឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តិតាមធម៌ បានរៀននូវវាទៈ នៃអាចារ្យរបស់ខ្លួនហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន បានខាំងសង្កត់ សង្កិនបរប្បវាទ ដែលកើតឡើងហើយ ឲ្យជាកិច្ចដែលខ្លួនបាន សង្កត់សង្កិន ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយសំដែងធម៌ ប្រកបដោយបាដិហារ្យ បានហើយ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង បរិនិព្វាន របស់ព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ព្រះដ៏មានព្រះភាគ បានត្រាស់វាចានេះហើយថា ម្នាលមារមានចិត្តបាប ព្រហ្មចារ្យ របស់តថាគតនេះ នៅមិនទាន់ខ្ជាប់ខ្ជួន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងមនុស្ស មិនទាន់ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគតនឹងមមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យរបស់ព្រះដ៏មានព្រះភាគនេះ បាន ទាន់ខ្ជាប់ខ្ជួន បានចំរើន បានផ្សាយទៅ សព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ហើយ ពួកទេវតានឹង មនុស្ស ចេះសំដែងបានដោយល្អហើយ ។ បពិត្រ ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូចព្រះដ៏មានព្រះភាគ បរិនិព្វានទៅ សូមព្រះសុគត បរិនិព្វាន ទៅ បពិត្រព្រះអង្គ ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹងបរិនិព្វាន របស់ព្រះដ៏មានព្រះភាគ ហើយ។ ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្ដីខ្វល់ខ្វាយតិចចុះ ការ បរិនិព្វានរ បស់តថាគត មិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះទៅ តថាគតនឹង បរិនិព្វានហើយ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានសតិសម្បជញ្ញៈ ទ្រង់ដាក់អាយុសង្ខារ ឮដ៏ បាវាលចេតិយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ដាក់អាយុសង្ខារហើយ ក៏កើតការ ក្រើកដែនដីយ៉ាងធំ គួរឲ្យភ្លូកព្រឺព្រួចរោម ទាំងផ្គរក៏លាន់ឮឡើង ។ គ្រានោះ ព្រះដ៏ មានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្ដីនេះហើយ ក៏បន្លឺនូវ ឧទាននេះ ក្នុងវេលានោះថាព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ នូវព្រះនិព្វានដែលមាន គុណថ្លឹងមិនបានផង នូវភពផង ទ្រង់លះបង់នូវសង្ខារ ដែលនាំសត្វ ទៅកាន់ភព ទ្រង់ ត្រេកអរនូវអារម្មណ៍ខាងក្នុង [ដោយអំណាច វិបស្សនា] មានព្រះហឬទ័យតាំងមាំហើយ [ដោយអំណាច សមថៈ] ទ្រង់បានទំលាយនូវបណ្ដាញគឺកិលេស ដែលកើតមាន នៅ ក្នុងព្រះអង្គដូចជាក្រោះ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អើហ្ន៎ ការ កក្រើក ផែនដីនេះយ៉ាងធំ ការកក្រើកផែនដីនេះធំណាស់តើគួរឲ្យភ្លួកភ្លឹក ឲ្យព្រឺព្រួច រោម ទាំងផ្គរក៏លាន់ឡើង ។ ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យការ កក្រើក ផែនដី ជាយ៉ាងធំម្ល៉េះ ។ ទើបព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយគង់ក្នុង ទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះ អង្គដ៏ចំរើន ការកក្រើកផែនដីនេះជាយ៉ាងធំ បពិត្រព្រះអង្គដ៏ចំរើន ការកក្រើកផែន ដីនេះ ធំពេកណាស់តើ គួរឲ្យភ្លួកភ្លឹក គួរឲ្យព្រឺព្រួចរោម ទាំងផ្គរក៏លាន់ ឮឡើង។ បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្ដេច បច្ច័យដូចម្ដេចហ្ន៎ ដែលនាំឲ្យកើតការ កក្រើផែនដី ជាយ៉ាងធំម្ល៉េះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យដែលនាំឲ្យកើតការកក្រើផែនដី នេះមាន ៨ យ៉ាង។ ហេតុបច្ច័យទាំង ៨យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពីនេះ ប្រតិស្ថាននៅលើទឹក ឯទឹកប្រតិស្ថាននៅលើខ្យល់ ខ្យល់ ប្រតិស្ថាននៅលើអាកាស ម្នាលអានន្ទ សម័យដែលមានខ្យល់បក់ ខ្យល់ធំដែល បក់នោះ រមែងធ្វើទឹកឲ្យកក្រើក ឯទឹកដែលកក្រើកមកហើយ ក៏ធ្វើផែនដី ឲ្យកក្រើកដែរ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី១ ដែលនាំឲ្យការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត សមណៈក្ដី ព្រាហ្មណ៍ក្ដី ដែលមានឬទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តឬទេវតាដែល មានឬទ្ធិធំ មាន អានុភាពធំបុគ្គលនោះ បានចំរើនបឋវិសញ្ញា ឲ្យមានកំឡាំងតិច ចំរើន អាបោសញ្ញា ឲ្យមានកំឡាំងច្រើន បុគ្គលនោះ រមែងធ្វើផែនដីនេះ ឲ្យកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី២ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណាដែលព្រះពោធិ សត្វ ច្បុតចាកពួកទេវតា ដែលឋិតនៅក្នុងឋានតុសិតមានសតិនឹង សម្បជញ្ញៈ យាងចុះកាន់ព្រះមាតុឧទរ ក្នុងកាល នោះផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៣ ដែលនាំឲ្យកើតការ កក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះពោធិ សត្វ មានសតិនឹងសម្បជញ្ញៈ ទ្រង់ប្រសូតចាកព្រះមាតុឧទរ ក្នុងដីកាល នោះ ផែនដីនេះ តែងកក្រើករំភើប ញាប់ញ័របាន ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៤ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាល ណា ដែលព្រះតថាគត ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៥ ដែលនាំឲ្យកើត ការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត ញុំាងអនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះផែន ដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៦ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត គតមានសតិនឹងសម្បជញ្ញៈ ដាក់ចុះនូវអាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យទី៧ ដែលនាំឲ្យកើតការកក្រើកផែនដីជាយ៉ាងធំ ។ ម្នាលអានន្ទ មួយទៀត កាលណា ដែលព្រះតថាគត បរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះផែនដីនេះ តែងកក្រើករំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំឲ្យកើតការកក្រើកផែនដី ជាយ៉ាងធំ ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែលនាំឲ្យ កើតការកក្រើកផែនដី ជាយ៉ាងធំមាន ៨ យ៉ាងនេះឯង ។ ចប់ ចាសវគ្គទី ២ ។ ឧទ្ទានក្នុងចាលវគ្គនោះគឺ និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគទ្រង់ សំដែងធម៌ ដោយសង្ខេប ១ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងគយាសីសប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ១ ផែនដីកក្រើក ១ ។ (បិ. ៤៨ ទំ២៩៣) ដោយ៥០០០ឆ្នាំ
images/articles/3141/2021xzserest.jpg
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៣៥៩ ដង)
អក្កោសកវគ្គ អក្កោសកសូត្រ ទី ១ [១១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាង តែងប្រាកដឡើង ដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកត្រូវបារាជិក អស់ផ្លូវកែខៃ ១ ជាអ្នកត្រូវអាបត្តិដ៏សៅហ្មងណាមួយ ១ ជាអ្នកប៉ះពាល់នូវរោគយ៉ាងធ្ងន់ ១ ជាអ្នកស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជេរ ប្រទេច តិះដៀលព្រះអរិយៈ ចំពោះសព្រហ្មចារីទាំងឡាយ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ ភណ្ឌនការកសូត្រ ទី ២ ១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើនូវសេចក្តីប្រកួតប្រកាន់ ធ្វើនូវជំលោះ ធ្វើនូវវិវាទ ធ្វើនូវតិរច្ឆានកថា ធ្វើនូវអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាង តែងប្រាកដឡើងដល់ភិក្ខុនោះ។ ទោស ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនបានគុណវិសេស ដែលខ្លួនមិនទាន់បាន ១ គុណវិសេស ដែលខ្លួនបានហើយ សាបសូន្យទៅវិញ ១ កិត្តិសព្ទអាក្រក់ រមែងខ្ចរខ្ចាយទៅ ១ ស្លាប់វង្វេងស្មារតី ១ លុះបែកធ្លាយរាងកាយសា្លប់ទៅ ក៏ទៅកើតជាតិរច្ឆាន ប្រេត អសុរកាយ និងនរក ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអ្នកធ្វើសេចក្តីប្រកួតប្រកាន់ ធ្វើជំលោះ ធ្វើវិវាទ ធ្វើតិរច្ឆានកថា ធ្វើអធិករណ៍ក្នុងសង្ឃ ទោស ៥ យ៉ាងនេះ តែងប្រាកដឡើងដល់ភិក្ខុនោះ។ អក្កោសកវគ្គ ឬ ភិក្ខុធ្វើនូវតិរច្ឆានកថាមែងមានទោស ៥ យ៉ាង - បិដក ៤៥ ទំព័រ ២៤៦ ឃ្នាប ១១១ ដោយ​៥០០០​ឆ្នាំ​
images/articles/3067/43SDWE3.jpg
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៣៤៧ ដង)
សប្បុរិសទានសូត្រ ទី៨ [៤៨] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះ មាន ៥ យ៉ាង។ សប្បុរិសទាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដោយសទ្ធា ១ ឲ្យទានដោយគោរព ១ ឲ្យទានតាមកាលគួរ ១ ឲ្យទានដោយចិត្តអនុគ្រោះ ១ ឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយសទ្ធា ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ជាបុគ្គលមានរូបល្អ គួររមិលមើល ជាទីជ្រះថ្លា ប្រកបដោយភាពជាអ្នកមានសម្បុរល្អដ៏ក្រៃលែងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយគោរព ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ពួកជនណា ទោះកូនក្តី ប្រពន្ធក្តី ខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី របស់បុគ្គលនោះ ជនទាំងនោះ តែងស្តាប់ដោយល្អ ផ្អៀងស្រោត តាំងចិត្តដើម្បីដឹងផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានតាមកាលដ៏គួរ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង ប្រយោជន៍ គឺភោគៈដ៏ពោរពេញ រមែងមកតាមកាលដ៏គួរ ដល់បុគ្គលនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយចិត្តអនុគ្រោះ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង រមែងបង្អោនចិត្តទៅ ដើម្បីបរិភោគក្នុងកាមគុណ ៥ ដ៏លើសលុបផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលឲ្យទានដោយមិនបានបៀតបៀនខ្លួនឯង និងអ្នកដទៃ ដោយផលទាននោះ កើតក្នុងទីណាៗ ជាបុគ្គលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើនផង សេចក្តីអន្តរាយនៃភោគៈទាំងឡាយ មិនមានមកអំពីទីណាមួយ គឺអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពីហេតុមិនជាទីស្រលាញ់ និងអំពីមនុស្សជាទាយាទ។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទានមាន ៥ យ៉ាងនេះឯង។ សប្បុរិសទានសូត្រ ទី ៨ ឬ ផលរបស់ទាននីមួយៗ បិដក ៤៥ ទំព័រ ៨៨ ឃ្នាប ៤៨ ដោយ៥០០០ឆ្នាំ
images/articles/3066/208ok.jpg
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៨០៣ ដង)
វិបត្តិសូត្រ ទី១០ [២៨] ម្នាលភិក្ខុទាំងឡាយ វិបត្តិរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សម្បត្តិរបស់ឧបាសកនេះ មាន៧យ៉ាង។ បរាភវសូត្រ ទី១១ ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសរបស់ឧបាសកនេះ មាន៧យ៉ាង ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនរបស់ឧបាសកនេះ មាន៧យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសក មិនញុំាងការឃើញនូវភិក្ខុ ឲ្យសាបសូន្យ ១ មិនប្រហែសនឹងការស្តាប់នូវព្រះសទ្ធម្ម ១ សិក្សាក្នុងអធិសីល ១ ជាអ្នកមានសេចក្តីជ្រះថ្លាច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ មិនមានចិត្តរិះគន់ មិនស្វែងរកទោសស្តាប់ធម៌ ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនរបស់ឧបាសក មាន៧យ៉ាងនេះឯង។ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសក្នុងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនដោយក្រៃលែង ១ ជាអ្នកមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ឧបាសកកាលសេពនូវបរិហានិយធម៌ទាំង ៧ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យ ចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញ នូវពួកភិក្ខុដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសចំពោះការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនដោយក្រៃលែង ១ មិនមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ឧបាសកកាលសេព នូវអបរិហានិយធម៌ទាំង ៧យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ វិបត្តិសូត្រ ទី_ ១០ ឬវិបត្តិនិងសម្បត្តិរបស់ឧបាសក ៧ យ៉ាង បិដកភាគ ៤៧ ទំព័រ ៤៩ ឃ្នាប ២៨ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕