ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
រឿងនិទានអប់រំចិត្ត
៣៨៣ អត្ថបទ
images/articles/3573/2026-09-18_12_46_40-_New_Text_Document_____-_Notepad.jpg
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៧៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឆព្វគ្គិយភិក្ខុ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សព្វមិទំ ចរិមំ កតំ ដូច្នេះជាដើម ។ រឿងរ៉ាវបច្ចុប្បន្នមាន​មក​ដោយពិស្ដារហើយ ក្នុងព្រះវិន័យ១ ។ ប៉ុន្តែក្នុងជាតកនេះ ព្រះសាស្ដាត្រាស់​ហៅ​ឆព្វគ្គិយភិក្ខុឲ្យចូលគាល់ ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំង​ឡាយ​អង្គុយលើអាសនៈទាប សម្ដែងធម៌ ដល់មនុស្សដែលអង្គុយលើ អាសនៈខ្ពស់ ពិតមែនឬ ? កាលឆព្វគ្គិយភិក្ខុទូលថា យ៉ាងនោះមែន ព្រះអង្គ, ព្រះសាស្ដា តិះដៀលភិក្ខុទាំងនោះ រួចព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ការដែលអ្នកទាំងឡាយ ធ្វើការមិនគោរពចំពោះធម៌របស់តថាគតនេះ មិនគួរទេ, បោរាណកបណ្ឌិតទាំងឡាយតិះដៀលបុគ្គលដែលអង្គុយលើអាសនៈទាប បង្រៀនមន្តខាងក្រៅ ហើយព្រះអង្គនាំយកអតីតនិទានមកថាៈ ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងត្រកូលចណ្ឌាល ចម្រើនវ័យឡើងហើយ ស្វែងរកទ្រព្យសម្បត្តិ ។ ភរិយា​រ​បស់ព្រះពោធិសត្វ កើតរោគចាញ់កូន ឃ្លានផ្លែស្វាយ បានប្រាប់ព្រះពោធិសត្វថា បពិត្រស្វាមី ខ្ញុំចង់ហូបផ្លែស្វាយ ។ ព្រះពោធិសត្វពោលថា នែអូនសម្លាញ់ ក្នុងកាលនេះ មិនមានផ្លែស្វាយទេ បងនឹងនាំផ្លែអម្ពិលយ៉ាងណាមួយដទៃមកវិញ ។ ភរិយាពោលថា បពិត្រស្វាមី បើខ្ញុំបានស្វាយហូប ទើបរស់, បើមិនបានទេ ជីវិតរបស់ខ្ញុំ មិនរស់ទេ ។ ព្រះពោធិសត្វមានចិត្តស្រឡាញ់ប្រពន្ធ គិតថា តើអញបានផ្លែស្វាយអំពីទីណាហ្ន៎ ។ គាប់ចួនពេលនោះ ដើមស្វាយក្នុងឧទ្យានរបស់ស្ដេចក្រុងពារាណសី មានផ្លែជានិច្ច ។ព្រះពោធិសត្វគិតថា អញនឹងនាំផ្លែស្វាយទុំអំពីឧទ្យាននោះ ដើម្បីឲ្យប្រពន្ធហូប បាត់រោគចាញ់កូន ។ ក្នុងពេលយប់ លោកទៅកាន់ឧទ្យាន ឡើងដើមស្វាយ សួតាមមែកនិងសម្លឹងរកផ្លែស្វាយ ។ កាលលោកកំពុងរកមើល រាត្រីក៏កាន់តែងងឹតខ្លាំង ។ លោកគិត ថា ប្រសិនបើអញចុះឥឡូវនេះ ពួកគេនឹងឃើញហើយចាប់អញចោទថា ជាចោរ អញនឹង ចុះក្នុងពេលយប់ជ្រៅ ។ គ្រានោះ ពោធិសត្វឡើងទៅកាន់ប្រគាបមួយ ហើយ​ពួន​សម្ងំ នៅទីនោះ ។ គ្រានោះ ព្រះបាទពារាណសីយាងចូលទៅក្នុងឧទ្យាន ដោយគិតថា យើងនឹងរៀន មន្តក្នុងសម្នាក់បុរោហិត រួចទ្រង់គង់លើអាសនៈខ្ពស់ទៀបគល់ដើមស្វាយ ប្រាប់ឲ្យ អាចារ្យ​អង្គុយលើអាសនៈទាប ហើយទ្រង់រៀននូវមន្ត ។ ព្រះពោធិសត្វដែលពួនសម្ងំនៅ ខាងលើ គិតថា ព្រះរាជានេះប្រកបដោយធម៌ ព្រះរាជាណាគង់លើអាសនៈខ្ពស់រៀនមន្ត, សូម្បីព្រាហ្មណ៍ក៏មិនប្រកបដោយធម៌ដែរ ព្រាហ្មណ៍ណាអង្គុយលើអាសនៈទាបបង្រៀន មន្ត, សូម្បីអញក៏មិនប្រកបដោយធម៌ដែរ បុគ្គលណាលុះក្នុងអំណាចមាតុគ្រាម មិនគិត ជីវិតខ្លួនឯងមកលួចស្វាយនេះ ។ ព្រះពោធិសត្វចុះពីដើមស្វាយ ចាប់មែកសំយុងមួយ ឈរនៅរវាងស្ដេចនិងបុរោហិតទាំងពីរនោះ ពោលថា បពិត្រមហារាជ ទូលព្រះបង្គំ វិនាសហើយ, ព្រះអង្គវង្វេងហើយ, បុរោហិតស្លាប់ហើយ ។ កាល​ព្រះរាជាសួរថា ព្រោះ ហេតុអ្វី លោក ? ព្រះពោធិសត្វពោលគាថាទី ១ ថាៈ សព្ពមិទំ ចរិមំ កតំ, ឧភោ ធម្មំ ន បស្សរេ; ឧភោ បកតិយា ចុតា, យោ ចាយំ មន្តេជ្ឈាបេតិ; យោ ច មន្តំ អធីយតិ។ កិច្ចដែលយើងទាំងបីនាក់ ធ្វើហើយ ទាំងអស់នេះជាកិច្ចលាមក បុគ្គលណា (អង្គុយក្នុងទីទាប) បង្ហាញមន្ត ១ បុគ្គលណា (អង្គុយក្នុងទីខ្ពស់) រៀននូវមន្ត ១ បុគ្គល ទាំងពីរនាក់ (នោះ) មិនឃើញនូវបោរាណធម៌ផង បុគ្គលទាំងពីរនាក់ (នោះ) ឃ្លាតចាក ធម៌ប្រក្រតី ។ ពិតមែនហើយ ធម៌ឈ្មោះថាប្រក្រតី ដោយអំណាចនឹងការកើតឡើងជាគ្រាដំបូង ។ សមដូចពុទ្ធភាសិតថាធម្មោ ហវេ បាតុរហោសិ បុព្ពេ; បច្ឆា អធម្មោ ឧទបាទិ លោកេ។ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ។ (សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ) ព្រាហ្មណ៍ស្ដាប់ពាក្យនោះហើយ ក៏ពោលគាថាទី ២ ថា សាលីនំ ឱទនំ ភុញ្ជេ, សុចិំ មំសូបសេចនំ; តស្មា ឯតំ ន សេវាមិ, ធម្មំ ឥសីហិ សេវិតំ។ ខ្ញុំបរិភោគបាយស្រូវសាលី (ដ៏ស) ស្អាត (របស់ស្ដេចនេះ) លាយដោយសាច់ ហេតុនោះ បានជាខ្ញុំមិនសេពគប់នូវធម៌ ដែលពួកឥសីសេពគប់ហើយនោះទេ ។ ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ពោល ២ គាថាដទៃទៀតថា បរិព្ពជ មហា លោកោ, បចន្តញ្ញេបិ បាណិនោ; មា តំ អធម្មោ អាចរិតោ, អស្មា កុម្ភមិវាភិទា។ អ្នកជៀសចេញពីទីនេះទៅ លោកនេះក៏ធំទូលាយ ពួកសត្វឯទៀត តែងស្លដណ្តាំ ដែរ អ្នកកុំប្រព្រឹត្តអធម៌ ដូចជាថ្មដែលបំបែកនូវឆ្នាំឡើយ ។ ធិរត្ថុ តំ យសលាភំ, ធនលាភញ្ច ព្រាហ្មណ; យា វុត្តិ វិនិបាតេន, អធម្មចរណេន វា។ ម្នាលព្រាហ្មណ៍ យើងសូមតិះដៀលនូវការបានយសនិងការបានទ្រព្យ ព្រោះការប្រព្រឹត្តបំផ្លាញខ្លួន ឬដោយកិរិយាប្រព្រឹត្តអធម៌ ។ លំដាប់នោះ ព្រះរាជាជ្រះថ្លាចំពោះធម្មកថា របស់ព្រះពោធិសត្វ ទ្រង់សួរថា នែបុរសដ៏ចម្រើន តើអ្នកមានជាតិអ្វី ? ព្រះពោធិសត្វទូលថា បពិត្រព្រះសម្មតិទេព ទូលបង្គំជាចណ្ឌាល ។ ព្រះរាជាត្រាស់ថា នែបុរសដ៏ចម្រើន ប្រសិនបើអ្នកដល់ព្រមដោយជាតិ យើងនឹងប្រទានរាជសម្បត្តិដល់អ្នក ប៉ុន្តែចាប់ពីថ្ងៃនេះទៅ យើងជាស្ដេចក្នុងវេលាថ្ងៃ ចំណែកអ្នក ចូរជាស្ដេចក្នុងវេលាយប់ចុះ ដូច្នេះហើយ ព្រះរាជាដោះកម្រងផ្កា ជាគ្រឿង​ប្រដាប់ ក របស់ព្រះអង្គ មកបំពាក់ករបស់ព្រះពោធិសត្វ ធ្វើព្រះពោធិសត្វឲ្យជា​អ្នកគ្រប់គ្រងនគរ ។ កម្រងផ្កានេះ គឺជាកម្រងផ្កាពណ៌ក្រហម ដែលវង្សត្រកូលទុក​ជា​គ្រឿងប្រដាប់ករបស់អ្នក គ្រប់គ្រងនគរ ។ ចាប់ពីពេលនោះមក ព្រះរាជាបានតាំង​នៅ​ក្នុងឱវាទ របស់ព្រះពោធិសត្វ ព្រះអង្គធ្វើសេចក្ដីគោរពចំពោះអាចារ្យ គង់លើអាសនៈទាប ហើយរៀននូវមន្ត ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថាតទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទចណ្ឌាលបុត្តោ បន អហមេវ អហោសិំ ចំណែកកូនចណ្ឌាល គឺ តថាគត នេះឯង ។ ឆវជាតក ចប់ ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កាលិង្គវគ្គ បិដកលេខ ៥៨ ទំព័រ ១៩៤) ថ្ងៃ សៅរ៍ ១០ កើត ខែ កត្តិក ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ថ្ងៃទី ១៧ ខែ វិច្ឆិកា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3561/2026-09-17_15_37_21-_New_Text_Document____t_-_Notepad.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ៥២ ដង)
អច្ឆរិយំទំទុក្ខន្តិ ឥទំសត្ថាជេតវនេ វិហរន្តោមាតុបោសកំ ភិក្ខុំអារព្ភកថេសិប្រែជា​សេច​​ក្ដីថា សត្ថា រីសម្ដេចព្រះបរមសាស្ដាចារ្យកាលព្រះអង្គគង់នៅក្នុងជេត​វន​មហា​វិហារ ទ្រង់ប្រារព្ធនូវភិក្ខុ ១ រូបជាអ្នកចិញ្ចឹមមាតា ហើយទ្រង់សម្ដែងធម្មទេសនា​នេះមានពាក្យថា អច្ឆរិយំវតីទំទុក្ខំ ដូច្នេះជាដើម រឿងនេះមានសេចក្ដីពិស្ដារប្រហែល​គ្នានឹងសាមជាតក ដែលមានមកក្នុងគម្ពីរទសជាតកឯណោះ ក្នុងទីនេះមានសេចក្ដីសង្ខេបដូចនឹងពោលតទៅនេះ ។ សេចក្ដីខាងដើមរឿងនេះថា តាំងអំពីភិក្ខុនោះបានឧប្បទាហើយវេលាណា ក៏តែងតែស្វែងរកនូវបិណ្ឌបាតមកចិញ្ចឹមមាតារបស់ខ្លួន ទាល់តែភិក្ខុទាំងឡាយនាំគ្នាតិះដៀលលើកទោសថា ធម្មតាអ្នកបួសហើយទៅខំស្វែងរកអាហារបិណ្ឌបាតមកចិញ្ចឹមគ្រហស្ដនោះមិនសមគួរឡើយ ពាក្យទាំងនេះមិនបាត់ស្ងាត់ក៏ជ្រួតជ្រាបដល់ព្រះសោតទិព្វថ្លៃនៃព្រះបរមសាស្ដាចារ្យ ទើបទ្រង់មានពុទ្ធភាសិតត្រាស់ថា នៃភិក្ខុទាំងឡាយកុំបៀត​បៀន​មើលងាយនូវភិក្ខុដែលជាអ្នកចិញ្ចឹមមាតានេះឡើយអ្នកប្រាជ្ញទាំងឡាយអំពីបុរាណមុននាយ ក៏តែងទំនុកបម្រុងមាតារបស់ខ្លួនដោយភេទជាអ្នកបួសដូចយ៉ាងហ្នឹង​ដែរ ត្រាស់ដូច្នេះហើយព្រះអង្គក៏ទ្រង់ស្ងៀមនៅដោយតុណ្ហីភាព ទើបភិក្ខុទាំង​ឡាយ​នោះមានចេតនាប្រាថ្នាចង់ដឹងរឿងរ៉ាវនោះដោយពិស្ដារ ហើយក៏ក្រាបបង្គំទូលអារាធនាសូមឲ្យព្រះអង្គសម្ដែងថ្លែងធម្មទេសនាតទៅ ឯព្រះបរមគ្រូក៏ទ្រង់យឹត​យោង​​ទាញយករឿងរ៉ាវដែលកន្លងទៅហើយនោះមកសម្ដែងជាទីសណ្ដាប់ឲ្យភិក្ខុទាំងឡាយនោះស្ដាប់ក្នុងកាលគ្រានោះឯង ។ អតីតេភិក្ខវេ មេឃវតិនគរេមហារថោនាមរាជារជ្ជំការេសិសេចក្ដីថា នែភិក្ខុទាំង​ឡាយ​កាល​ដែលកន្លងទៅហើយនោះ មានព្រះមហាក្សត្រអង្គ ១ ទ្រង់ព្រះនាមថា សិរិរតនអាភា គ្រានោះព្រះបរមពោធិសត្តស្ដេចធ្វើចុត្យាការកិច្ចអំពីទេវលោក ក្នុងជាន់តុសិត ចុះមកកាន់យកបដិសន្ធិក្នុងគភ៌នៃព្រះអគ្គមហេសីអង្គនោះ ឯព្រះអគ្គមហេសី​នោះលុះទ្រង់គភ៌បរិបូណ៌ហើយ ក៏បណ្ដាលឲ្យមានព្រះហឫទ័យប្រាថ្នាចង់ចេញ​ទៅក្រសាលលេងក្នុងព្រះរាជឧទ្យានពន់ពេកណាស់ ទើបទូលព្រះរាជស្វាមីឲ្យស្ដេចជ្រាបឯសម្ដេចព្រះមហារថរាជជាព្រះស្វាមីស្ដេចបានជ្រាបហើយទើបស្ដេចទ្រង់ត្រាស់បង្គាប់ឲ្យហៅនូវឧយ្យានបាល គឺអ្នករក្សាឧទ្យានឲ្យចូលមកគាល់ ហើយទ្រង់ត្រាស់​បង្គាប់ថា នែនាយឧទ្យានចូរអ្នកទាំងឡាយចាត់ការតាក់តែងសម្អាតនូវរាជូទ្យាននោះឲ្យល្អប្រពៃ ឯនាយឧទ្យាននោះក៏ទទួលព្រះរាជតម្រាស់ហើយតាំងរៀបតាក់តែងតាមព្រះរាជអាជ្ញាបង្គាប់ ស្រេចហើយទើបយកសេចក្ដីក្រាបបង្គំទូល លុះដល់ថ្ងៃដែល​ស្ដេចនឹងទ្រង់ព្រះរាជដំណើរទៅនោះ ព្រះមហាក្សត្រនិងព្រះរាជទេវីព្រមទាំងសេវកា​មាត្យមុខមន្រ្តីនិងរាជបរិវារដ៏ច្រើន ស្ដេចក៏ទៅស្ថិតនៅក្នុងព្រះរាជឧទ្យានហើយទ្រង់ទតព្រះនេត្រនិងទ្រង់ក្រសាលសម្រាន្តតាមព្រះរាជហឫទ័យប្រាថ្នា តាំងអំពីវេលាព្រឹករហូតដល់ព្រះអាទិត្យអស្ដង្គតទៅ ព្រះមហាក្សត្រព្រមទាំងព្រះរាជទេវីមិនអាចនឹងស្ដេចចូលទៅក្នុងព្រះនគរបានឡើយ ព្រោះហួសវេលាស្ដេចក៏ទ្រង់ផ្ទំនៅក្នុងឧទ្យាននោះអស់រាត្រី ១ ។ ក្នុងថ្ងៃនោះព្រះបរមរាជានិងអគ្គមហេសី ស្ដេចក៏ផ្ទំរួមសេយ្យាសនជាមួយគ្នាទាំងពីរព្រះអង្គ លុះដល់ពេលបច្ចុសសម័យវេលាជិតព្រឹកឡើង ព្រះរាជទេពីនាងទ្រង់សុបិននិមិត្តយល់សប្ដិថាដូច្នេះ មានបុរសម្នាក់មានកាយដ៏ខ្មៅភ្នែកក្រហម សក់ក្រហម ស្លៀក​សំពត់មានពណ៌ក្រហម ដៃកាន់នូវអាវុធមានមុខដ៏មុតថ្លា ដើរមកពីទិសបស្ចិម តម្រង់ចូលមកកាន់ទីល្វែងដែលព្រះរាជទេវីនាងផ្ទំ ហើយក៏ចាប់នូវផ្នួងព្រះកេសានៃព្រះរាជទេវីទាញផ្ដួលផ្ដេកព្រះអង្គនាងទៅលើផែនដីឆ្កៀលខ្វេះយកព្រះនេត្រទាំងពីរហើយកាត់ផ្ដាច់នូវព្រះហស្តខាងស្ដាំ រួចពុះទម្លាយនូវដើមទ្រូង ត្រងយកនូវតំណក់លោហិតដែលហូរចេញមកទុកទើបរូងយកសាច់បេះដូងបានហើយ ក៏បែមុខចំពោះទៅកាន់បស្ចិមទិសហើយចៀសចេញទៅ ។ ឯព្រះរាជទេវីនាងក៏មានព្រះហឫទ័យញាប់ញ័រតក់ស្លុតអំពីមរណភ័យនោះក្រៃពេកណាស់ ក៏ស្ទុះក្រោកឡើងដោយរហ័សទើបដឹងព្រះស្មារតីច្បាស់ប្រាកដ ថាឱខ្លួនអញយល់សប្ដិទេអ្ហះ ហើយនាងក៏ក្រោកឡើងរំពឹងគឹតថា សុបិនដែលអាត្មាអញឃើញនេះជាសុបិនលាមកអាក្រក់សល់ខ្នាត សេចក្ដីអន្តរាយនឹងមានដល់ខ្លួនអញ ដោយហេតុ​ផល​នៃសុបិននេះមិនខានឡើយ លុះគិតដូច្នេះហើយទើបក្រាបបង្គំទូលនូវរឿងនេះឲ្យព្រះរាជស្វាមីស្ដេចទ្រង់ជ្រាប – លុះព្រះមហាក្សត្រស្ដេចជ្រាបហើយទ្រង់ត្រាស់ប្រាប់នូវដំណើរសុបិននោះ ដល់ហោរាដែលជាអ្នកទំនាយនូវសុបិននិមិត្តថ្វាយ ឯហោរា​ទាំងឡាយនោះបានយល់ច្បាស់ក្នុងសុបិននោះហើយ ទើបយកសេចក្ដីក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ឯសុបិនដែលព្រះរាជទេវីទ្រង់យល់នេះ ទំនាយថាព្រះករុណាជាម្ចាស់ជីវិតនិងព្រះរាជទេពីមុខជានឹងព្រាត់ប្រាសចាកគ្នាដោយផលនៃសុបិននោះ មិនខានឡើយ សូមទ្រង់ជ្រាប ។ ព្រះមហាក្សត្រនិងព្រះអគ្គមហេសីស្ដេចទ្រង់ព្រះសណ្ដាប់ទំនាយនោះហើយព្រះអង្គក៏មានព្រះរាជហឫទ័យរន្ធត់ញាប់ញ័រព្រោះភ័យខ្លាចសេចក្ដីព្រាត់ប្រាសបែកគ្នានោះ​លើស​ប្រមាណទើបទ្រង់សួរទៅហោរនោះថា នែហោរាទាំងឡាយ ហេតុដែលធ្វើឲ្យយើង​វិនាសបែកគ្នានោះតើដូចម្ដេចខ្លះ ហោរទាំងនោះក៏ក្រាបទូលថា បពិត្រព្រះសម្មតិទេវរាជក្នុងវេលារសៀលថ្ងៃនេះ មហាមេឃនឹងតាំងឡើងដោរដាលជាភ្លៀងធ្លាក់ចុះមកពេញដែនដីនេះ កាលដំបូងឡើយមានទឹកប្រមាណត្រឹមករជើងបន្តិចទៅត្រឹមជង្គង់ ត្រឹមចង្កេះ ត្រឹមដោះ ត្រឹមក ត្រឹមក្បាល រហូតដល់ជម្រៅដើមត្នោត ១ និង ៧ ដើមត្នោតឡើងទៅទើបស្ដេចទ្រង់សួរតទៅទៀតថា នែអ្នកទាំងឡាយ បើមានហេតុយ៉ាងហ្នឹងហើយ តើយើងត្រូវធ្វើដូចម្ដេចទើបបានស្រួល នេមិត្តកោទាំងឡាយក៏ក្រាបទូលថា បពិត្រសម្ដេចព្រះបរមមហារាជ រឿងនេះនឹងរកវត្ថុដទៃក្រៅចាកទូកមកជាទីពឹងពំនាក់នោះគ្មានឡើយ គ្រានោះព្រះមហាក្សត្រស្ដេចឲ្យហៅនូវជាងឈើទាំងឡាយមក ហើយទ្រង់ត្រាស់បង្គាប់ថា នែអ្នកទាំងឡាយចូរអ្នកទាំង​ឡាយ​ធ្វើនូវទូកឲ្យបានឆាប់ ហើយចងភ្ជាប់គ្នាស្រេចវេលាណា ចូរអ្នកទាំងឡាយប្រាប់​ដល់យើងកុំខាន នាយជាងទាំងឡាយក៏ទទួលព្រះរាជតម្រាស់ហើយក៏តាំងចាត់​ចែង​ការតទូករួចស្រេចហើយទើបក្រាបទូលថ្វាយតាមព្រះរាជបង្គាប់ ។ លុះដល់សាយណ្ហសម័យ (ថ្ងៃរសៀល) ក៏មហាមេឃតាំងដោរបណ្ដាលជាភ្លៀងធំធ្លាក់ចុះមកឥតមានដាច់គ្រាប់ឡើយ ឯទឹកភ្លៀងនោះសោតកាន់តែច្រើនកើនឡើងឥត​មាន​អាក់ ទីដំបូងឡើយមានទឹកប្រមាណត្រឹមកជើង យូរបន្តិចទៅមានជម្រៅត្រឹមជង្គង់ ត្រឹមចង្កេះ ជម្រៅដើមត្នោត ១ រហូតដល់ជម្រៅ ៧ ដើមត្នោតឡើងទៅដូចទំនាយ មហាជនទាំងឡាយ បានឃើញទឹកមានជម្រៅប្រមាណ ៧ ដើមត្នោតដូច្នោះហើយ ក៏មានចិត្តរន្ធត់ញាប់ញ័រខ្លាចសេចក្ដីស្លាប់តែរាល់គ្នាជាទីបំផុត ហើយក៏ខំស្វែង​រកទីពឹងអាស្រ័យ ចំណែកខាងរលកធំ ៗ ក៏បោកបក់ផ្ទប់នូវមហាជនទាំងនោះឲ្យដល់នូវសេចក្ដីវិនាសយ៉ាងធំក្នុងជាន់នោះ ឯព្រះបាទមហារថរាជនិងព្រះអគ្គមហេសីក៏ស្ដេច​ខះខំឡើងលើទូកនោះបានហើយ រលកធំក៏បក់ផាត់បន្សាត់នូវរាជនាវានោះឲ្យអណ្ដែតត្រឡប់ត្រឡិនទៅតាមខ្សែទឹកព្រះរាជទេវីនាងទ្រង់គភ៌បរិបូណ៌គ្រប់ខែ ហើយជាស្រីប្រកបដោយសេចក្ដីភ័យខ្លាចច្រើន មិនអាចនឹងទប់ទល់តម្កល់ខ្លួនបាន នាងក៏ទ្រង់ព្រះកន្សែងខ្លាំង ទាំងទឹកព្រះនេត្រសោតក៏ហូរចេញស្រោចដូចគេស្រប់ព្រះភក្រ្ដា ទើបត្រាស់នូវព្រះគាថានេះថា ។ អច្ឆរិយំ វតិទំ ទុក្ខំ សុខមត្តំ ន ជាយតិ កថំជីវាម្ហសេទេវ អប្បតិដ្ឋេមហណ្ណវេ អហោអនាថាកប្បណា លភាម្ហសេមហោទធឹ សលិលេអប្បតិដ្ឋស្មឹ កថំទីបំលភាម្ហសេ នាហន្តំទេវបស្សាមិ អនាថាមរណញ្ចមេតិ សេចក្ដីថា បពិត្រព្រះសម្មតិទេពព្រះស្វាមី សេចក្ដីសុខមាតាថាបន្តិចបន្តួចរបស់យើងមិនមានសោះឡើយ សេចក្ដីទុក្ខក្នុងគ្រានេះហើយជាទុក្ខធំធ្ងន់សល់ខ្នាតលើសធម្មតា ជាហេតុគួរសម្បើមជាទីអស្ចារ្យចម្លែកពេកណាស់ យើងទាំងពីរកាលបើចេះតែសាត់ទៅ ៗ ក្នុងទីជ្រៅកណ្ដាលចំណោមទឹកធំដែលរកទីជ្រកទីអាស្រ័យមិនមានហើយ ម្ដេច​ឡើយនឹងមានជីវិតរស់នៅតទៅទៀតបាន ឱយើងទាំងពីរអ្នកជាមនុស្សកំព្រា​ផុត​ទីពឹងត្រឹមហ្នឹងហើយ មកបានឯចំណោមទឹកធំនេះជាផ្ទះនៅកាលបើមកនៅក្នុងកណ្ដាលទឹកជ្រៅ ដែលប្រាសចាកទីពឹងហើយ ធ្វើម្ដេចឡើយនឹងជួបប្រទះនូវកោះត្រើយ​ឯណាបាន ខ្ញុំនឹងមិនបានឃើញព្រះអង្គតទៅទៀត សេចក្ដីស្លាប់របស់ខ្ញុំមុខជារកទីពឹងមិនបាន ។ កាលព្រះរាជទេរីពោលគាថាយ៉ាងនេះហើយ ទើបព្រះបរមក្សត្រាធិរា លួងលោម​ប្រលោម​ព្រះរាជទេវីថា នែព្រះនាងដ៏ចម្រើន ប្អូនកុំភ័យកុំខ្សឹកខ្សួលឲ្យជ្រុលពេកឡើយ ហេតុអ្វីបានជាបងពោលយ៉ាងហ្នឹង ព្រោះថាសម្បត្តិទាំងពួងដែលមានហើយ ក៏គង់ដល់នូវសេចក្ដីវិនាសពុំលែងឡើយ មានវ័យដ៏ចម្រើនក្នុងកាលខាងដើមហើយ តែង​នឹងចាស់ជរាគ្រាំគ្រាក្នុងកាលជាទីបំផុត មិនមានរោគាព្យាធិក្នុងកាលខាងដើមហើយ​តែងនឹងមានជំងឺឈឺចាប់ក្នុងកាលខាងក្រោយ ពុំខានឡើយមានសេចក្ដីរស់នៅហើយ​ គង់នឹងដល់នូវសេចក្ដីស្លាប់ក្នុងទីបំផុតជាទំនៀម ព្រះមហាក្សត្រទ្រង់ប្រោសប្រទាន​ឱវាទដល់ព្រះទេពីដូច្នេះហើយទើបព្រះអង្គត្រាស់គាថាដូច្នេះថាៈ មាពាឡ្ហំបរិទេវេសិ ឯសាលោកស្សធម្មតា អនិច្ចាវតសំខារា សព្វពុទ្ធេហិទេសិតា យំកិញ្ចិកុសលំកតំ មយ្ហញ្ចេវតយាកតំ សព្វហិតញ្ចកុសលំ ចិន្តេព្វេហិសោភណេ សេចក្ដីថា ព្រះនាងកុំខ្សឹកខ្សួលអួលអន់ពេកឡើយធ្វើម្ដេចសេចក្ដីប្រព្រឹត្តទៅរបស់លោក​តែងមានជាធម្មតាយ៉ាងហ្នឹងហើយ សំខារធម៌ទាំងឡាយមិនទៀងទាត់ប្រាកដទេ ព្រះពុទ្ធគ្រប់ព្រះអង្គតែងត្រាស់សម្ដែងហើយយ៉ាងហ្នឹង កុសលឯណា ១ ដែលព្រះ​នាងបានសាងសន្សំទុកហើយក្ដី ប្រយោជន៍ទាំងពួងដែលព្រះប្អូនបានធ្វើទុកដើម្បីឲ្យ​បង​ក្ដី ចូរប្អូននឹករឭកត្រង់កុសលទាំងនោះជាចំណែកដ៏ល្អ ។ កាលព្រះបាទមហារថរាជ ស្ដេចបានប្រទានឱវាទលួងលោមព្រះរាជទេវីដូច្នោះហើយ ចំណែកខាងរលកទឹកធំ ៗ នោះក៏បក់បោកខ្លាំងខ្ទប់ចូលមក ឯនាវានោះសោតក៏បែកបាក់ទៅជាចំណែកពីរ ព្រះទេវីក៏មានសេចក្ដីភិតភ័យនឹងមរណសង្រ្គាមនោះឥតឧបមា នឹងនឹករកឧបាយណា ១ មកជួយដោះខ្លួនឲ្យរួចផុតពីសេចក្ដីគ្រោះថ្នាក់នេះមិនឃើញឡើយ នាងក៏ទ្រង់ព្រះពិលាបសោយសោក ស្រែកហៅរកព្រះរាជស្វាមីឲ្យជួយដោះនាងអំពីទុក្ខធំ ហើយត្រាស់ព្រះគាថាដូច្នេះថា៖ ឯហិគណ្ហហិមំទេវ ខិប្បំមោចេហិទុក្ខតោ តយាវិនានជីវាមិ មាមំសជ្ជេថរថេសភ សេចក្ដីថា បពិត្រព្រះសម្មតិរាជ សូមព្រះអង្គស្ដេចមកជួយខ្ញុំ ចូរដោះខ្ញុំម្ចាស់ឲ្យរួចចាកគ្រោះថ្នាក់ធំក្នុងជាន់នេះឲ្យឆាប់ឲ្យទានផង ឯខ្លួនខ្ញុំម្ចាស់សោតបើវៀរលែងព្រះអង្គហើយ នឹងមិនមានជីវិតតទៅទៀតឡើយ ព្រះអង្គស្ដេចកុំលះបង់ចោលខ្ញុំឡើយណាព្រះករុណា ។ ព្រះបាទសម្ដេចព្រះមហារថរាជ ស្ដេចបានទ្រង់ព្រះសណ្ដាប់សព្ទសំឡេងពិលាប​សោយ​សោកនៃព្រះរាជទេវី ព្រោះសេចក្ដីនិរាសប្រាសព្រាត់ដូច្នោះហើយ ស្ដេចក៏មានព្រះហឫទ័យស្លុតស្លុងភាន់ភាំងព្រះស្មារតីទើបយកព្រះភូសារបស់ព្រះអង្គចងពាត់ព្រះអង្គនឹងព្រះរាជទេវីផ្ជាប់គ្នាយ៉ាងមាំទុកហើយ គ្រានោះព្រះភូសាសាដក ក៏ដាច់​ដាច​ផុតចេញពីគ្នា ហាក់ដូចជាសម្ដែងឲ្យឃើញនូវផលនៃអកុសលកម្មរបស់ព្រះអង្គដែល​បានធ្វើរួចហើយអំពីមុន ។ ព្រះមហាក្សត្រនិងព្រះរាជទេពីទាំងពីរព្រះអង្គ ត្រូវរលកទឹកបោកបែកគ្នាទៅតែ ១ ព្រះអង្គ ៗ ។ ពាក្យសួរថា ព្រះមហាក្សត្រនិងព្រះរាជទេវីបានធ្វើនូវអំពើអកុសលអ្វី ទើបបានមកដល់ប្រទះលើសេចក្ដីអន្តរាយដូច្នេះនេះ ។ ពាក្យឆ្លើយថា កាលអំពីជាតិមុននោះព្រះមហាក្សត្រនិងព្រះអគ្គមហេសីទាំងពីរព្រះអង្គនេះ ជាស្ដេចសោយរាជសម្បត្តិនៅក្នុងពារាណសី គ្រាមួយនោះព្រះអង្គទាំងពីរស្ដេចចុះទៅស្រង់ទឹកទៀបឆ្នេរនៃគង្គា ពេលនោះមានសាមណេរមួយអង្គអាយុបាន ៧ ឆ្នាំ អុំទូកបម្រុងចតនៅត្រង់ទីនោះ ក៏ព្រះមហាក្សត្រនិងព្រះទេពី ស្ដេច​ចង់​ក្រសាលសប្បាយហើយទៅធ្វើទូកដែលសាមណេរជិះនោះឲ្យឃ្លេងឃ្លោងលេង ឯសាមណេរនោះសោតក៏ហេតុតែជាមនុស្សក្មេង មានសេចក្ដីភិតភ័យនឹងទូកឃ្លេង​ឃ្លោង​នោះក្រៃពេកណាស់ ក៏ស្រែកដោយសំឡេងឡើងខ្លាំង ហេតុតែផលនៃកម្មដែលព្រះមហាក្សត្រនិងព្រះនាងឲ្យសាមណេរនោះភិតភ័យនោះឯងហើយ បាន​ជា​ជាប់​តាមមកធ្វើឲ្យព្រះអង្គទាំងពីរព្រាត់ព្រាកចាកគ្នាយ៉ាងនេះ ។ ឯអំពើអាក្រក់សូម្បីមាត្រាថាតូចមួយ ក៏គួរយើងរាល់គ្នាកុំធ្វើឡើយ ព្រោះហេតុហ្នឹងហើយបានជាសម្ដេចព្រះភគវាទ្រង់ត្រាស់ទេសនាហាមឃាត់ទុកថា៖ ខុទ្ទកញ្ចមិទំកម្មំ នតំបត្តោតិមុញ្ចតិ ទុក្ករំសុករំកម្មំ នភវេយ្យកុទាចនំ សេចក្ដីថា កម្មនេះតូចតិចពេកណាស់ ចំណែកបុគ្គលអ្នកធ្វើនោះមុកជាមិនដល់នូវផលនៃកម្មនោះឡើយគង់នឹងរបូតរួចផុតទៅទទេ ការងារដែលធ្វើអាក្រក់ក្ដី ល្អក្ដី មុកជាមិនមាន មកអំពីទីណា ១ ឡើយ បុរសប្រុសស្រីកុំមានប្រមាទយ៉ាងនឹងឡើយ ឯការដែលធ្វើអាក្រក់ឬធ្វើល្អនោះសូម្បីបន្តិចបន្តួចក៏គង់សងផលដល់អ្នកដែលធ្វើតាមកំឡាំងមិនលែងឡើយ ដូចជាព្រះបាទមហារថរាជ នឹងនាងសិរិរតនអាភា ដែលធ្វើលេងឲ្យសាមណេរភិតភ័យប៉ុណ្ណឹង ផលនោះក៏អាចសងវិញធ្វើឲ្យព្រាត់ព្រាកចាកគ្នាជាក់ស្ដែងយ៉ាងនេះមិនខាន ។ ឯព្រះរាជទេវីឃ្លាតចាកព្រះរាជស្វាមីហើយក៏អណ្ដែតសាត់ទៅដោយលំដាប់ ៗ ហើយបានទៅដល់ទៀបជើងភ្នំចន្ទបព៌តនាងក៏ស្ដេចឡើងពីទឹកនោះហើយទ្រង់ទត​ព្រះនេត្រ​រក​មើលទៅក្នុងទិសខាងនេះខាងនោះក៏មិនប្រទះឃើញនូវមនុស្សម្នាឯណាមួយឡើយ ហើយទើបទ្រង់រំសាយព្រះភូសាសាដក ហាលកម្ដៅពាក់កណ្ដាល នាងទ្រង់ស្លៀកបិទបាំងព្រះអង្គពាក់កណ្ដាល លុះប្រែត្រឡប់ស្ងួតទាំងអស់ហើយ ក៏ទ្រង់ស្លៀកតាមប្រក្រតីធម្មតា ទើបទ្រង់ស្ថិតនៅក្រោមដើមឈើមួយ ពេលនោះព្រះរាជទេវីនាងគង់នៅតែម្នាក់ឯង ជាអ្នកកំព្រាឥតមានគ្នីគ្នាមិត្តសម្លាញ់ឯណា ១ ជាទីពឹងពុំនាក់ឡើយ​ គួរឲ្យករុណាអាណិតពេកណាស់ នាងក៏ទ្រង់ព្រះពិលាបសោយសោក ទឹកព្រះនេត្រក៏ហូរហៀរស្រក់ស្រោចព្រះភក្រ្តា ហើយនាងមានព្រះរាជសវនីយ៍ពោលនូវព្រះគាថាដូច្នេះថា៖ វិយោគោមេកតោបុព្វេ នរស្សមិគបក្ខិនោ តេនកម្មវិបាកេន វិយោគោបតិនាសហ កថំបស្សសិមំឯកំ មហារាជមហិប្បតិ អនាថិទានិមេអជ្ជ ឯកិកាវព្រហាវនេ សេចក្ដីថា ការដែលពង្រាត់ពង្រាសមនុស្សនិងសត្វម្រិគ ឬសត្វស្លាប ទំនងជាអញបានធ្វើហើយក្នុងគ្រាមុនឲ្យគេព្រាត់ព្រាកចាកគូ ឬកូនរបស់គេដឹង លុះដល់មកជាតិនេះ ទើបអញត្រូវព្រាត់ព្រាកចាកព្រះរាជស្វាមីជាទីស្រឡាញ់របស់ខ្លួន ដោយផលនៃកម្មនោះឯងជាប់តាមមកប្រគល់ឲ្យ បពិត្រសម្ដេចមហារាជដ៏ទ្រង់នូវអំណាចគ្រប់គ្រងនូវផែនដី ធ្វើម្ដេចហើយព្រះអង្គនឹងបានមកជួបឃើញខ្ញុំម្ចាស់ ដែលជាស្រីកំព្រាម្នាក់ឯងក្នុងទីនេះទៀតទៅ ឥឡូវនេះខ្ញុំម្ចាស់ជាស្រីអនាថាត្រមោចនៅតែម្នាក់ឯងក្នុងដង្គំព្រៃធំរកទីពឹងគ្មានឡើយ មុខជានឹងរងវេទនាដរាបដល់ស្លាប់ក្នុងថ្ងៃនេះហើយព្រះករុណា ។ ចុចអានបន្តបញ្ចប់អត្ថបទ>> ដោយ៥០០០ឆ្នាំ
images/articles/3560/2026-09-17_15_10_31-_New_Text_Document____xt_-_Notepad.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៥ ដង)
រស្មីពណ៌ក្រហម ជាតំណាងកាលដែលព្រះអង្គសោយព្រះជាតិ ជាមហាបទុម មាណព ។ គ្រានោះ មានពស់មួយ ប្រកបដោយពិសដ៏ពន្លឹកចឹកមាតាព្រះអង្គ ។ ព្រះអង្គ យកកាំបិតមកពុះទ្រូង លូកយកបេះដូងមកផ្សំធ្វើថ្នាំ ព្យាបាលមាតាព្រះអង្គឲ្យមានជីវិត ឡើងវិញ ។ សេចក្តីលម្អិតមានដូចតទៅនេះ ៖ មានរឿងតំណាលថា ក្នុងអតីតកាល មានព្រះមហាក្សត្រមួយអង្គព្រះនាម សេនរាជ គ្រងរាជសម្បត្តិក្នុង នគរអង្គវតី មានមហេសីព្រះនាម សុមេខលារាជទេវី ជានារីទ្រង់មានរូបឆោមល្អក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វច្យុតចាកឋានតុសិតមកចាប់បដិសន្ធិក្នុង ព្រះឧទរនៃព្រះរាជទេវីនោះ ។ កាលណោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម កូជរាជ ទ្រង់ឮព័ត៌មានពីមនុស្សទាំងឡាយថា ព្រះនាង សុមេខលារាជទេវី ទ្រង់មានព្រះរូបឆោមល្អក្រៃលែងលើផែនដី ក៏មានព្រះទ័យស្នេហាប្រតិព័ទ្ធយ៉ាងខ្លាំង ទើបទ្រង់កេណ្ឌទ័ពលើកចេញទៅព័ទ្ធ នគរអង្គវតី ហើយទ្រង់បញ្ជូនរាជទូត ឲ្យទៅថ្លែងរាជសារដល់ព្រះបាទសេនរាជៗ មានតម្រិះថា “ឱ! អស់អាណាប្រជារាស្ត្រទាំងឡាយនឹងដល់នូវសេចក្តីវិនាសអន្តរាយ ទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិ ក្នុងគ្រានេះជាមិនខាន” ។ ឯពួកអ្នកនគរ បានប្រមូលផ្តុំគ្នាជាពួក ជាក្រុម ចូលក្រាបបង្គំទូលសុំទទួលអាសាការពាររាជបល័្លង្ក ។ តែព្រះអង្គពុំយល់ព្រម ដោយទ្រង់ ខ្លាចក្រែងមានអន្តរាយអាយុរបស់ប្រជាជន ។ ឯពួកសេនាយោធា ក៏លើកទ័ពចេញទៅច្បាំងតាមទំនើងខ្លួន ដោយគ្មានអគ្គបញ្ជាការ ដោយ​ក្តីស្ម័គ្រចិត្តរៀងៗខ្លួន ម្លោះហើយ ការប្រយុទ្ធឥតមានយុទ្ធសាស្ត្រ និងរបៀបរៀបរយត្រឹមត្រូវ ក៏បណ្តាលឲ្យទទួលការបរាជ័យ ។ ចំណែកឯព្រះបាទសេនរាជ ទ្រង់បានជ្រាប ព័ត៌មានហើយ ព្រះអង្គក៏ម្នីម្នាដោះព្រះកាយចេញពីនគរ ដោយមានព្រះអគ្គមហេសីស្វាមី ភក្តីស្ម័គ្រចិត្តទៅតាមហែព្រះអង្គផង ។ ក្សត្រាក្សត្រីទាំងពីរព្រះអង្គ ទ្រង់ឈមព្រះភ័ក្រ្តសំដៅ ទៅព្រៃហេមពាន្ត ទ្រង់ចូលព្រៃ ចេញពីព្រៃឆ្លងកាត់វាលអស់ផ្លូវសែនឆ្ងាយ ដរាបឆ្នេរទន្លេ គង្គាដ៏ធំមួយ ទើបទ្រង់កាប់ឈើធ្វើជាក្បូន រួចស្រេចហើយក៏ឲ្យព្រះរាជអគ្គមហេសីគង់លើ ក្បូនឈើនោះឆ្លងទៅត្រើយនាយ ។ ពេល​ដែលក្បូនដល់ពាក់កណ្តាលទន្លេ ស្រាប់តែមាន ខ្យល់ព្យុះអាកាសវាតមួយ​បក់​បោក​យ៉ាងខ្លាំង បណ្តាលឲ្យក្បូននោះដាច់ចំណង ក្សត្រទាំងពីរអង្គក៏ព្រាត់ទៅទីទៃពីគ្នានាគ្រានោះឯង ។ ព្រះរាជទេវីត្រូវខ្យល់រលក បក់បោកទៅដល់ត្រើយមុន ក្រឡេកមើលព្រះស្វាមីពុំឃើញ ទ្រង់ព្រះកន្សែងសោកាជាពន្លឹក ហើយត្រាច់រកតាមឆ្នេរគង្គា ជូនជាក្រឡេកមើលទៅ កណ្តាលទន្លេ ក៏បានឃើញព្រះស្វាមី លិចអណ្តែតៗ ទ្រង់ភិតភ័យតក្កមាក្រែងព្រះស្វាមីក្ស័យព្រះជន្មា ទើបព្រះនាងតាំងសច្ចកិរិយាធិដ្ឋានសុំឲ្យផ្ទៃគង្គា មានសណ្ឋានរឹងដូចប្រថពី ។ គ្រានោះ គួរឲ្យអស្ចារ្យណាស់ ផ្ទៃទឹកគង្គាក៏រឹងគួរឲ្យចម្លែក ទើបព្រះនាងយាត្រាលើខ្នងទឹក ទៅរកស្វាមីនាកណ្តាលទន្លេគង្គា ស្រង់ព្រះស្វាមីពីទឹកហើយឲ្យយាត្រាតាមព្រះនាង ដរាប ដល់ត្រើយ ។ ព្រះរាជាទ្រង់ស្ងើចសរសើរបុណ្យបារមីព្រះនាងដោយប្រការផ្សេងៗ ហើយ ក្សត្រាក្សត្រីយាត្រាសំដៅទៅព្រៃព្រះហេមពាន្តដើម្បីទ្រង់ផ្នួសជាតាបសឥសី ។ កាលណោះ ក្រឡាអាសនៈនៃព្រះអមរិន្ទ សម្តែងឧណ្ហាការជាចម្លែក ទើបទ្រង់បើក ទិព្វចក្ខុទតមកមើលមនុស្សលោក ក៏ទ្រង់បានជ្រាបព្រឹត្តិការណ៍ហេតុសព្វគ្រប់ ទើបទ្រង់មាន ទេវបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកនិម្មិតជាបណ្ណសាលាពីរខ្នង សម្រាប់ក្សត្រាក្សត្រីទាំងពីរៗ ក៏ទ្រង់ជ្រាបថា បណ្ណសាលានេះកើតឡើងដោយទេវានុភាព អនុគ្រោះចំពោះព្រះអង្គ ទើបស្តេចចូលទៅក្នុងបណ្ណសាលា ហើយទ្រង់ព្រះផ្នួសជាឥសីតាមប្រពៃណី ។ ព្រះមហាក្សត្រគង់នៅក្នុងបណ្ណសាលានាព្រៃហេមពាន្ត ដោយក្តីសុខជាមួយនឹងព្រះ មហេសី ដែលតែងតែយាងទៅស្វែងរកមើមឈើព្រៃ សម្រាប់ធ្វើអាហារ ឥតមានកង្វះខាត ឡើយ ។ ព្រះរាជាតែងទ្រង់បន្លឺនូវព្រះឧទានថា សុខស្រួលណាស់នៅទីនេះ ។ ប៉ុន្តែក្តីសុខ ក្សេមក្សាន្តនេះ មិនបានឋិតថេរទេ មិនយូរប៉ុន្មាន ទ្រង់ក៏ប្រឈួនជាទម្ងន់ ហើយទ្រង់សោយ ទិវង្គតទៅ ។ ឯព្រះរាជទេវី ទ្រង់ព្រះកន្សែង​សោយ​សោកលើសលន់ពន់ប្រមាណស្ទើរក្ស័យ ព្រះជន្មទៅជាមួយនឹងព្រះស្វាមី ។ លុះបន្ទោបង់នូវសេចក្តីសោកបានខ្លះហើយទើបព្រះនាង ថ្វាយបង្គំព្រះសព សុំខមាទោសតាមប្រពៃណីរួចហើយ ទើបព្រះនាងរៀបពិធីបូជាព្រះសព ព្រះស្វាមី ។ រាល់ទិវារាត្រី ព្រះនាងតែងតែនឹកឃើញព្រះស្វាមី ធើ្វឲ្យព្រះនាងអាឡោះ អាល័យស្ទើរតែទៅជាវិកលចរិត ។ ឯព្រះគ៌ភព្រះនាងកាន់តែចាស់ខែហើយ នៅទីបំផុតព្រះនាងក៏ប្រសូត្រព្រះរាជបុត្រ ។ ដោយបុណ្យបារមីរបស់ព្រះរាជបុត្រ ពេលនោះ ក៏មានហេតុអស្ចារ្យកើតប្រាកដឡើង គឺមានផ្កាឈូកមាសយ៉ាងធំផុសឡើងទ្រព្រះរាជកុមារ ។ ព្រះនាងទតឃើញដូច្នោះ ក៏មានព្រះ ទ័យត្រេកអរយ៉ាងខ្លាំង ក៏ទ្រង់ជ្រាបថា ព្រះរាជកុមារនេះ មានបុណ្យបារមី ទើបទ្រង់តាំង នាមថា មហាបទុមកុមារ ។ លុះព្រះកុមារមានវ័យចម្រើនឡើង បាន​ទូល​សួររកព្រះបិតា ព្រះនាងក៏រៀបរាប់ប្រាប់ ព្រះរាជកុមារតាមដំណើររឿងចប់សព្វគ្រប់ ។ រៀងរាល់ថ្ងៃព្រះរាជកុមារតែងតែសុំព្រះមាតា ទៅព្រៃដើម្បីរកផលាផល និង​មើម​ឈើជំនួសមាតា តែមាតាមិនយល់ព្រម ដោយទ្រង់យល់ ថា ព្រះរាជបុត្រនៅក្មេងពេក ។ ព្រះរាជកុមារជាមនុស្សមានប្រាជ្ញា និងប្រកបដោយកតញ្ញូតាធម៌ ចង់តបគុណព្រះ មាតា និងខ្លាចព្រះមាតាជួបប្រទះនូវហេតុភេទណាមួយ ពេលដែលព្រះមាតាចេញទៅរក ផលាផល ព្រះរាជកុមារតែងតែលបទៅតាមពីក្រោយមិនឲ្យព្រះមាតាដឹងឡើយ រហូតកំណត់ទិសតំបន់បានគ្រប់ទីកន្លែង ទើបត្រឡប់មកអាស្រមវិញ ។ នៅរសៀលថ្ងៃមួយ ព្រះនាងកំពុងតែយាងត្រឡប់មកអាស្រមវិញ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបព្រះនាង គេចចូលជ្រកក្រោមម្លប់ឈើធំមួយ នៅដើមឈើនោះ មានអាសិរពិសមួយលូនចេញពីរន្ធឈើនោះ ក៏ចឹកចំព្រះបាទារបស់ព្រះនាងៗស្រែក ដង្ហោយហៅព្រះរាជបុត្រ ទ្រង់ព្រះកន្សែង សោយសោកអាណិតដល់ព្រះរាជបុត្រ មិនយូរប៉ុន្មាន ព្រះនាងក៏ក្ស័យព្រះជន្ម ដោយពិស ពស់ដ៏សាហាវនោះទៅ ។ ឯព្រះបទុមកុមារ ពេលមិនឃើញមាតាត្រឡប់មកអាស្រមតាមប្រក្រតីវិញ ក៏សង្ស័យ ថា ប្រហែលជាព្រះមាតាមានឧបសគ្គអ្វី ទើបយាត្រារត់រកព្រះមាតា ត្រាតែបានជួបប្រទះ ហើយក៏ទ្រង់ព្រះកន្សែងសោយសោកមហិមា រហូតដល់បាត់ស្មារតី ។ ពេលដឹងខ្លួនឡើង ក៏ តាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថា “ខ្ញុំសុខចិត្ត លះបង់ជីវិតរបស់ខ្ញុំ សូមឲ្យ តែព្រះមាតារបស់ខ្ញុំរស់រានមានជីវិតឡើងវិញចុះ ។ គ្រានោះ បណ្តាលឲ្យក្តៅដល់ព្រះឥន្ទ្រាធិរាជៗក៏និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ ចូលទៅ រក​ព្រះកុមារៗ ក៏សួររកថ្នាំ ។ ព្រាហ្មណ៍ចាស់ប្រាប់ថា ចូរអ្នករកសាច់បេះដូងមនុស្ស​រស់​យក មកផ្សំ រួចបញ្ច្រកចូលទៅក្នុងមាត់មាតារបស់អ្នក មាតារបស់អ្នកនឹងរស់ឡើងវិញ ។ ពេលនោះ ព្រះបទុមកុមារក៏ងើបទៅលើអាកាស ហើយបួងសួងសុំឲ្យទេវតាទម្លាក់អាវុធចុះមក ។ អាវុធក៏ធ្លាក់ចុះមកមែន ទើបព្រះកុមារ ចាប់យកកាំបិតវះកាត់​យក​សាច់បេះដូង ចេញមក ជូនទៅតាព្រាហ្មណ៍ៗ ក៏ចាប់ដាក់ទៅក្នុងមាត់ព្រះនាង រួចសេកមន្តផ្សំផង ស្រាប់តែ ព្រះមាតារបស់ព្រះកុមាររស់ឡើងវិញភ្លាម ហាក់ដូចជាទើបតែក្រោកពីនិទ្រា ។ ចំណែកឯ ព្រះកុមារវិញ ដេកដូលក្ស័យព្រះជន្មក្នុងខណៈនោះដែរ ។ ដោយអំណាចរបស់ព្រះឥន្ទ្រាធិរាជ និងកម្លាំងកតញ្ញូតាធម៌ ព្រះឥន្ទ្រាធិរាជក៏បានជួយស្រោចស្រង់ព្រះរាជកុមារឲ្យមានព្រះជន្មឡើងវិញ ដូចធម្មតា ។ ព្រះវរមាតា និងព្រះ រាជបុត្រ ក៏មានព្រះទ័យសោមនស្សរីករាយក្រៃលែង ហើយនាំគ្នាត្រឡប់ទៅកាន់អាស្រម គង់នៅជាសុខក្សេមក្សាន្តដរាបដល់អស់ព្រះជន្មាយុ ។ ចប់ មហាបទុមជាតក ៕ (ចាកបញ្ញាសជាតក របស់ជនជាតលាណា) ញ៉ុក-ថែម ដោយ៥០០០ឆ្នាំ
images/articles/3562/2026-09-17_15_37_21-_New_Text_Document____t_-_Notepad.jpg
ផ្សាយ : ១៧ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២ ដង)
...ចុចអានខាងដើមអត្ថបទ ក៏ហេតុតែអំណាចតេជះបុញ្ញាធិការរបស់ព្រះបរមពោធិសត្ត ដែលទ្រង់អាស្រ័យនៅក្នុងគភ៌នៃព្រះរាជទេវីនោះបណ្ដាលឲ្យពិភពសម្ដេចអមរិន្ទឥន្ទកោសី ក្ដៅក្រហាយឡើង គ្រានោះសម្ដេចព្រះសហស្សនេត្រ ទ្រង់បានជ្រាបនូវហេតុនោះគ្រប់ប្រការទើប​​មានទេវឱង្ការ ត្រាស់ឲ្យហៅវិស្សកម្មទេវបុត្រឲ្យចូលមកគាល់ លុះមកដល់ហើយ​​ទើបទ្រង់បង្គាប់ថា នែវិស្សកម្ម ចូរអ្នកចុះទៅកាន់ជើងភ្នំចន្ទបពត៌ហើយនិម្មិតនូវ​ស្រះមួយ ព្រមទាំងឈូកមានផ្កាមានពណ៌ ៥ យ៉ាង ក្នុងវនប្រទេសឲ្យជាទីសប្បាយ​រីក​​រាយនឹងនិម្មិតបណ្ណសាលាមួយ ព្រមទាំងគ្រឿងបរិក្ខារសម្រាប់អ្នកបួសទុកនៅក្នុងទីនោះផង រួចហើយចូរអ្នកត្រឡប់មកវិញចុះ ឯព្រះវិស្សកម្មទេវបុត្រនោះក៏ទទួលទេវ​អាជ្ញាហើយ ចុះមកនិម្មិតតាមព្រះរាជឱង្ការស្រេចហើយទើបចារឹកអក្សរទុកនៅក្លោងទ្វារនោះថា ។ យោបព្វជ្ជិតុកាមោយថាសុខំគណ្ហតុ សេចក្ដីថាអ្នកឯណា ត្រូវការនឹងបួស អ្នកនោះចូរកាន់នូវគ្រឿងបរិក្ខារនេះតាមសេចក្ដីសប្បាយចុះ ហើយវិស្សកម្មក៏ត្រឡប់ទៅកាន់ទីនៅរបស់ខ្លួនវិញក្រាបបង្គំទូលសេចក្ដីទាំងនោះដល់សម្ដេចព្រះឥន្រ្ទាធិរាជស្ដេចបានជ្រាបគ្រប់ប្រការ ។ ឯព្រះបាទមហារថរាជ កាលដែលអណ្ដែតដោយរលកបន្សាត់ទៅ បានរងនូវសេចក្ដីទុក្ខលំបាកក្រៃលែងលើសប្រមាណ អណ្ដែតទៅហួស ៧ ថ្ងៃ ទើបបានដល់មកនគររបស់ព្រះអង្គដដែលវិញ ។ ចំណែកខាងនាងទេវីនោះសោតនាងក៏ឆ្អែតឆ្អន់ទៅដោយសេចក្ដីទោមនស្ស តែរាល់ពេលឥតមានស្រាកស្រាន្តឡើយ ក្នុងថ្ងៃមួយនោះនាងក៏លីលាទៅតាមមគ្គមាគ៌ា បានឃើញនូវបណ្ណសាលាព្រមទាំងអក្សរចារឹកទុកនៅទីក្លោងទ្វារនោះនាងក៏ប្រឹងទតសព្វសេចក្ដីហើយ ក៏ទ្រង់ជ្រាបថាជាស្ដេច​ទេព្តាព្រះអង្គសាងទុកឲ្យ ទើបចូលទៅសម្នាក់អាស្រ័យក្នុងបរមសាលានោះ ហើយ​ក៏ទ្រង់ព្រះផ្នួសបួសជាតាបសនីនៅក្នុងទីនោះ ឯនាងទេវីជាស្រីមានគភ៌បរិបូណ៌គ្រប់ខែថ្ងៃហើយ វេលានោះខ្យល់កម្មជ្ជវាតបក់កម្រើកឡើងបង្វិលគភ៌នាងហើយឲ្យទ្រង់ប្រសូតនូវព្រះរាជឱរស ដ៏ល្អមានពណ៌បីដូចជាពណ៌នៃមាសឆ្អិនក្នុងវេលាពាក់​កណ្ដាល​អធ្រាត្រនោះ លុះព្រឹកឡើងនាងក៏ស្រង់ទឹកជម្រះព្រះមហាសត្តហើយ ឲ្យ​សោយ​នូវក្សីរធារារួចស្រេចទើបផ្ដេកព្រះពោធិសត្តទុកក្នុងទីនោះ ។ ឯព្រះរាជទេវីកាលដែលនឹងកំណត់ព្រះនាមថ្វាយព្រះពោធិសត្តនោះ គឺព្រះនាងកាន់​យក​នូវ​និម្មិតក្នុងថ្ងៃដែលប្រសូតនោះ ព្រោះថ្ងៃយប់នោះពន្លឺកែវគ្រប់យ៉ាងបណ្ដាលឲ្យភ្លឺព្រោងព្រាតដាសពេញក្នុងព្រៃហិមពាន្តទាំងអស់ ទើបកាន់យកហេតុនោះមកកំណត់​ជាព្រះនាមថ្វាយថា រតនបជោត ដូច្នេះ ។ ក្នុងគ្រា ១ នោះព្រះរាជទេវីនាងក៏ដាក់ពោធិសត្តឲ្យទ្រង់ផ្ទំនៅក្នុងបណ្ណសាលា ហើយព្រះអង្គនាងក៏ចូលទៅក្នុងព្រៃដើម្បី​ស្វែងរកមើមឈើនិងផ្លែឈើតូចធំ លុះបានហើយក៏ត្រឡប់មកអង្គុយនៅក្នុង​បណ្ណ​​សាលាវិញបរិភោគនូវផលាផលទាំងនោះតាមធម្មតា ដែលនាងប្រព្រឹត្តធ្វើយ៉ាងនេះដរាបដល់ព្រះពោធិសត្តមានព្រះជន្មាយុបាន ៥ ឆ្នាំ ។ ក្នុងថ្ងៃ ១ នោះព្រះពោធិសត្តទ្រង់ត្រាស់សួរព្រះវររាជជននីថា បពិត្រអ្នកម៉ែ បិតារបស់ខ្ញុំនោះជាអ្វី នៅក្នុងទីណា? ព្រះមាតាបានស្ដាប់ហើយ ក៏ប្រាប់ទៅវិញថាឱកូនសម្លាញ់ បិតារបស់អ្នកនោះជាស្ដេចសោយរាជ្យ មាតានេះជាព្រះរាជទេវី ហើយនាងក៏និយាយរាប់រៀបរឿងពី​ដើមប្រាប់ព្រះរាជបុត្រដរាបដល់ចប់ ព្រះពោធិសត្តបានទ្រង់ព្រះសណ្ដាប់រឿងនោះហើយ មិនអាចនឹងទប់ទល់ខ្លួនបាន ដោយអានុភាពនៃសេចក្ដីកតញ្ញូទើបទូលព្រះមាតាថា បពិត្រអ្នកម៉ែ តាំងអំពីថ្ងៃនេះទៅ សូមព្រះមាតានៅចាំសាលាចុះ ខ្ញុំនឹងទៅស្វែងរកមើមឈើផ្លែឈើមកបម្រើចិញ្ចឹមអ្នក ព្រះមាតាបានស្ដាប់ហើយ ទើបប្រាប់ទៅពោធិសត្វវិញដោយសេចក្ដីស្នេហានឹងកូននោះថា នែកូនសម្លាញ់អ្នកកុំចូលទៅក្នុងព្រៃឡើយ កាលបើអ្នកមានជីវិតរស់នៅ មាតាក៏ឈ្មោះថារស់នៅដែរ ព្រោះហេតុអ្វីក៏បានជាមាតា ពោលយ៉ាងហ្ននឹង ព្រោះថាខ្លួនអ្នកនៅក្មេងតូចពេកណាស់ ហេតុនោះកូនកុំទៅក្នុងព្រៃឡើយ ព្រះបរមពោធិសត្វកាលមិនបានឱកាសយ៉ាងហ្នឹងហើយ ក៏ស្ថិតនៅស្ងៀមនៅទីនោះ ។ វេលាថ្ងៃក្រោយព្រះរាជទេវីនាងក៏ស្ដេចចូលទៅក្នុងព្រៃស្វែងរកផលាផលតែរាល់ ៗ ថ្ងៃ ក្នុងថ្ងៃមួយនោះព្រះពោធិសត្វក៏ចេញចាកបណ្ណសាលា ហើយទៅតាមស្នាមព្រះបាទព្រះមាតា ព្រោះបានចាំផ្លូវនិងទិសដែលមាតាស្ដេចទៅតាំងពីដំបូងឡើយ ។ ថ្ងៃមួយនោះ ព្រះរាជទេវីស្ដេចចេញទៅព្រៃតាំងពីព្រលឹមរកបេះផ្លែឈើបានដាក់ពេញកញ្ជើហើយ ទើបគិតថា អញនឹងត្រឡប់មកបណ្ណសាលាវិញ ហើយនាងចូលទៅឈប់ក្រោមម្លប់ដើមជ្រៃ ១ ដើម្បីបន្ទោបង់នូវសេចក្ដីព្រួយកាយ រួចនាងប្រាថ្នាក្រោកឡើងចេញទៅទៀត ខណៈនោះមានយក្ខ ១ ឈ្មោះពលាហកអាស្រ័យនៅ​ដើម​ជ្រៃ យក្ខនោះក៏ស្ទុះចូលមកចាប់ព្រះហស្តនាងទាញទុក នាងក៏ទតព្រះនេត្រទៅឃើញរូបយក្ខនោះហើយក៏ញ័ររន្ធត់ស្លុតខ្លាចសេចក្ដីស្លាប់នោះពន់ប្រមាណ ហើយក៏នឹកដល់ព្រះមហាសត្តថា កូនសម្លាញ់អញអើយអ្នកនៅតូចណាស់ ហើយនាងទ្រង់ពិលាបសោយសោកបោកខ្លួន ទើបពោលនូវគាថាដូច្នេះថា៖ អនាថោទានិមេបុត្តោ វសន្តោឯកោអស្សមេ ផលាផលំអលទ្ធាន មមំទិស្វាអនយតឹ អស្សមានិក្ខមិត្វាន វិចរតិព្រហាវនេ មមបុត្តំអទិស្វាន មញ្ញេហេស្សាមិជីវិតំ សោនូនកប្បណោបុត្តោ ចីរំរត្តាយរុច្ចតិ អឌ្ឍរត្តេចរត្តេវា នទីវអវសុស្សតិ សេចក្ដីថា ឥឡូវនេះកូនអញនៅក្នុងអាស្រមតែម្នាក់ឯងរកអ្នកណាមួយ ជាទីពឹងមិនមានឡើយ មុខជានឹងមិនបានបរិភោគនូវផ្លែឈើឡើយ ហើយក៏នឹងចេញចាកអាស្រមទៅស្វែងរកអញក្នុងព្រៃធំ ព្រោះហេតុតែមិនបានឃើញអញមក អញសោតក៏មិនខានឃើញកូនរបស់អញ ហើយអាត្មាអញប្រហែលជានឹងអស់ជីវិតទៅមិនខានឡើយ ឯកូនសម្លាញ់អញសោតក៏នឹងនៅកំព្រាតែម្នាក់ឯងនឹងស្រែកយំរកម្ដាយទាំងយប់កណ្ដាលអធ្រាត្រដរាបដល់ហបហត់បាត់សំឡេងទៅ ដូចជាទឹកក្នុងស្ទឹងដែលហួតហែងនោះឯងមិនលែងឡើយ ។ គ្រានោះព្រះបរមពោធិសត្តអង្គុយនៅចាំព្រះមាតាតាំងពីព្រឹករហូតដល់វេលាល្ងាច មិនឃើញព្រះមាតាត្រឡប់មក ទើបគឹតរំពឹងថា ពេលនេះព្រះអាទិត្យអស្ដង្គតរលត់បាត់រស្មីទៅហើយ ចុះព្រះមាតារបស់អញហេតុអ្វីក៏បាត់យូរដល់ម្ល៉េះប្រហែលជាមានអ្វីមួយបៀតបៀនមិនខានឡើយ លុះគិតដូច្នេះហើយក៏ក្រោកឡើងចាកបណ្ណសាលា ស្រែកបង្កូករកហៅព្រះមាតាថា អ្នកម៉ែៗ ដូច្នេះ ទៅក្នុងទីទៀបមាត់ស្ទឹងនិងព្រៃញាត​ស្បាត​រហូតដល់ជើងភ្នំធំនិងទីដទៃ ៗ ឯព្រះពោធិសត្តប្រាសមាតា ទ្រង់សោយទុក្ខវេទនា​ប្រៀបដូចកូនសុវណ្ណហង្សដែលប្រាសចាកមេ កាលបើពុំឃើញព្រះមាតាហើយ​ក៏ចូលទៅកាន់ដើមជ្រៃដែលយក្ខចាប់ព្រះមាតាទុកនៅនោះ ។ ឯព្រះរាជទេវីសិរិរតនអាភា ទ្រង់ជ្រាបថា ព្រះមហាសត្តតាមមករក ទើបស្រែកប្រាប់ទៅកូនថា នែកូនសម្លាញ់ម្ដាយ ៗ នៅឯណេះហើយ ៗ ព្រះពោធិសត្តក៏ស្ទុះចូលទៅរកមាតា ដល់ហើយក៏ឃើញមាតាអង្គុយជិតមហាយក្ខ ព្រះអង្គក៏មានព្រះហឫទ័យសោមនស្សត្រេកអរ ហាក់ដូចជាព្រះអង្គបានត្រាស់ជាព្រះពុទ្ធក្នុងថ្ងៃស្អែក ព្រះមហាសត្តក៏ខិតចូលទៅជិតមហាយក្ខ ហើយនិយាយអង្វរយក្ខនោះថា បពិត្រមហាយក្ខ សូមអញ្ជើញអ្នកទំពារនូវសាច់ឈាមនឹងបេះដូងរបស់ខ្ញុំចុះ សូមតែអ្នកប្រោសប្រណីលែងមាតាខ្ញុំឲ្យរួចជីវិតចេញទៅជាឆាប់ រួចទើបពោលនូវព្រះគាថា ដូច្នេះថា ខាទមេមហាយក្ខអានុភាវ មាតុអត្ថាយជហាមិជីវិតំ រុធិរំមេហទយំមំសំខាទ ខាទាហិមំបតិមុញ្ចមាតរំ សេចក្ដីថា បពិត្រមហាយក្ខ អ្នកជាបុគ្គលមានអានុភាពធំខ្ញុំសូមលះបង់នូវជីវិតរបស់ខ្ញុំជំនួសព្រះមាតា សូមអ្នកបរិភោគនូវឈាមនិងបេះដូងនិងសាច់របស់ខ្ញុំចុះ ចូរអ្នកបរិភោគ​នូវរូបខ្ញុំទាំងមូលឲ្យអស់ចុះ ហើយសូមមេត្តាលែងមាតាខ្ញុំចេញទៅ ។ ព្រះពោធិសត្តនិយាយយ៉ាងនេះហើយ ទើបដើរចូលទៅជិតនៃមហាយក្ខ រួចនិយាយ​ថា​ បពិត្រស្ដេចយក្ខ អ្នកអាណិតខ្ញុំ ៗ សូមឲ្យអ្នកទំពារស៊ីនូវខ្លួនខ្ញុំទៅ សូមតែលែងមាតាខ្ញុំក្នុងវេលានេះកុំខានឡើយ ។ ទើបមហាយក្ខនោះឆ្លើយទៅកាន់ពោធិសត្តវិញថា នែមហាបុរស បើអ្នកនិយាយយ៉ាងហ្នឹងពិតមែន ចូរអ្នកពុះនូវទ្រូង​រូង​យក​បេះដូង​នឹងសាច់មកឲ្យយើងស៊ីឥឡូវនេះមើល ឯបរមពោធិសត្ត ឮដូច្នោះហើយ ទើបមកគិតក្នុងព្រះអង្គថាចុះអញនឹងបានកាំបិតអំពីទីណាអេះ នឹកយ៉ាងហ្នឹងហើយទើបងើបងើយខំសម្រឹងព្រះស្មារតីសម្លឹងមើលទៅឯអាកាស ហើយត្រាស់នូវបាទព្រះគាថាដូច្នេះថា កតញ្ញុតាយតេជេន ពុទ្ធោហោមិអនាគតេ ឯតេនសច្ចវជ្ជេន សត្ថំបតតុមេមុខា សេចក្ដីថា ខ្ញុំសូមប្រាថ្នាជាព្រះពុទ្ធមួយព្រះអង្គក្នុងកាលជាអនាគតខាងមុខ ដោយតេជានុភាពនៃចិត្តកតញ្ញូរបស់ខ្ញុំនេះសូមកាំបិតធ្លាក់ចុះមកក្នុងទីចំពោះមុខខ្ញុំកុំខានឡើយ ដោយពាក្យសច្ចនេះ ។ ពោលយ៉ាងនេះមិនទាន់ផុតពាក្យសច្ចវាចានោះវេលាណា កាំបិតសស្រ្តាដ៏មុតធ្លាក់ចុះមកអំពីទីកណ្ដាលអាកាសមកចំពោះនៅមុខនៃព្រះពោធិសត្ត ជាលំដាប់ស្មើនៃពាក្យសច្ចវាទីនោះឯង ហើយព្រះមហាសត្តនិកាយនិងយក្ខនោះទៀតថា បើខ្ញុំមុខជានឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលខាងមុខ ខ្ញុំសូមថ្វាយបង្គំលាព្រះមាតានឹងស្លាប់ សូមអ្នកឲ្យនូវជីវិតរបស់ខ្ញុំដល់ព្រះមាតាខ្ញុំកុំខានឡើយ ។ គ្រានោះព្រះមាតាក៏អង្វរឃាត់ព្រះពោធិសត្តកុំឲ្យធ្វើដូច្នោះ ឯព្រះពោធិសត្តសោតអ្នកតម្កល់នូវពាក្យព្រះមាតាលើត្បូងលើកទុកហើយក៏ពុះនូវទ្រូងរបស់ព្រះអង្គ ដោយសស្រ្តាដ៏មុត ហើយចាប់យកនូវបេះដូងទាញចេញមកតម្កល់លើត្បូងទើបពោលព្រះគាថាដូច្នេះថា ។ កតញ្ញុតាយតេជេន ពុទ្ធោហោមិអនាគតេ ហទយំខាទតុមយ្ហំ មាមេយក្ខនខិយតុ សេចក្ដីថា ខ្ញុំសូមឲ្យបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្ខក្នុងកាលខាងមុខ ដោយអំណាចធម៌កតញ្ញូកតវេទីរបស់ខ្ញុំនេះបពិត្រមហាយក្ខ អញ្ជើញអ្នកពិសានូវបេះដូងរបស់ខ្ញុំចុះ ហើយខ្ញុំសូមជីវិតរបស់ខ្ញុំកុំអាលឲ្យរលត់អស់មុនឡើយ ព្រះបរមពោធិសត្តសម្ដែងនូវព្រះគាថាដូច្នេះហើយ ទ្រង់ប្រាថ្នានឹងឲ្យនូវហទយវត្ថុដល់យក្ខនោះដោយគោរព ទើបលើកបេះដូងនោះតម្កល់លើដៃយក្ខហើយទ្រង់ប្រកាសសេចក្ដីឲ្យជាក់ច្បាស់ថា នែមហាយក្ខ ខ្ញុំឯងឲ្យសាច់ដែលមានតម្លៃស្មើជីវិតនេះជាទានមដល់អ្នក ខ្ញុំមិនប្រាថ្នាសម្បត្តិបរមចក្រពត្រាធិរាជ ឬសម្បត្តិព្រះឥន្ទ សម្បត្តិព្រះព្រហ្ម និងព្រះបច្ចេកពុទ្ធឡើយ ឯផលដែលខ្ញុំឲ្យជីវិតនេះ ខ្ញុំសូមឲ្យបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ១ អង្គក្នុងកាលខាងមុខនឹងបានស្រោចស្រង់សត្តនិករដែលលង់លិចទៅក្នុងសមុទ្ទសាគរពោលគឺភពទាំង ៣ ប្រការ ឲ្យឡើងកាន់សុវណ្ណនាវាពោលគឺព្រះសទ្ធម្ម នឹងនាំចេញចាកសំសារភព ចម្លងទៅកាន់ត្រើយគឺព្រះនិព្វាន ដែលជាស្ថានក្សេមក្សាន្តនិរាសភ័យទាំងពួង ព្រះមហាសត្តប្រកាសយ៉ាងនេះហើយ ក៏ប្រាប់ទៅមហាយក្ខឲ្យបរិភោគនូវសាច់បេះដូងនោះតាមចេតនា ឯមហាយក្ខក៏ទទួលយកសាច់នោះទៅបរិភោគទាំងអស់មិនមានសល់ ហើយនាំយកមាតារបស់ពោធិសត្តនោះមកប្រគល់ឲ្យពោធិសត្តវិញ ។ ព្រះបរមពោធិសត្តបានជួបនឹងព្រះមាតាហើយក៏នាំទៅឲ្យគង់នៅក្រោមម្លប់ឈើ ១ ទើបក្រាបថ្វាយបង្គំទូលព្រះមាតាថាបពិត្រព្រះរាជជននីម្ចាស់ ចាប់ដើមតាំងអំពីខ្ញុំមកជ្រកនៅក្នុងព្រះឧទ្ទរអ្នកមករហូតដល់ថ្ងៃនេះ សេចក្ដីភ្លាំងភ្លាត់របស់ខ្ញុំដោយកាយវាចាចិត្តឯណា ១ សូមព្រះមាតាមេត្តាប្រោសប្រណីប្រទានទោសនោះដល់ខ្ញុំដោយសេចក្ដីការុញ្ញភាពរបស់អ្នកចុះ លុះពោលពាក្យប៉ុណ្ណឹងហើយក៏បាត់បាត់សំឡេងឈឹង ទន់ទោព្រះអង្គក្រាបចុះទៅត្រង់ទីចំពោះព្រះភក្រ្តព្រះមាតា។ ចំណែកសម្ដេចព្រះវររាជជននីទ្រង់បានទតព្រះនេត្រឃើញព្រះមហាសត្តភាំងបាត់ ព្រះស្មារតីដូច្នោះហើយ នាងក៏ក្រោកឡើងត្រកងចាប់ព្រះហស្ដថ្នមព្រះអង្គពោធិសត្តមកផ្ទប់នឹងព្រះឱរារតន៍ មានព្រះហឫទ័យក្ដៅផ្សារហាក់ដូចជានឹងបែកថ្លើមចេញជាពីរភាគ ហើយមិនអាចទប់ទល់នូវសេចក្ដីសោកនោះបានឡើយ ហើយនាងក៏យកព្រះហស្ដទាំងពីរមកឱបក្រសោបថ្នមព្រះឱរសមកដាក់ផ្ដេកផ្ដិតជិតនឹងព្រះឱរា ហើយទ្រង់ព្រះពិលាបសោយសោកជាគាថាដូច្នេះថា៖ បតិតោនូនមេបុត្តោ សុរិយោវិយមហីតលេ បតិតោទានិមេបុត្តោ ចន្ទោវបតិតោឆមា ឧដ្ឋេហិបុត្តមាសយេ ទយ្ហន្តេហទយំមម តយិមតេមរិស្សាមិ កថំជីវាមិឯកិកា អនាថាទានិហំបុត្ត បុត្តនដ្ឋាយថាមិគី អរញ្ញេវិចរិស្សាមិ វនេហិចមរិស្សាមិ បព្វតានិវនានិច រិក្ខវិមានភូមដ្ឋា អាកាសដ្ឋទេវតាច ជលថលាចយេទេវា ឥន្ទទេវាសព្រហ្មកា អញ្ជលឹតេនមស្សាមិ ខិប្បំបុត្តំបមុញ្ចថ ខិប្បំបុត្តំបមុញ្ចថ សេចក្ដីថា ឱកូនអញដួលក្រាបនៅលើផែនដីហើយដូចព្រះអាទិត្យឬព្រះចន្ទដែលអស់អំណាចរស្មីហើយ ធ្លាក់ចុះមកលើផែនប្រឹថពី ឱកូនសម្លាញ់ម្ដាយ ចូរអ្នកក្រោកឡើងកុំដេកនៅឡើយ សាច់បេះដូងរបស់ម្ដាយភ្លើងគឺសេចក្ដីទុក្ខនឹងឆេះឥឡូវនេះហើយ កាលបើកូនសម្លាញ់អ្នកស្លាប់ទៅហើយម្ដាយក៏នឹងស្លាប់ជាមួយមិនខានឡើយ ម្ដាយនឹងរស់នៅឯណាបានតែម្នាក់ឯង នែបុត្រជាទីស្រឡាញ់បំផុតរបស់ម្ដាយ ឥឡូវនេះម្ដាយរកទីពឹងពុំនាក់មិនមានឡើយ ដូចមេម្រិគដែលព្រាត់ប្រាសចាកកូន ម្ដាយនឹងត្រាច់ទៅក្នុងព្រៃនឹងក្ស័យជីវិតដល់នូវមរណកាលក្នុងដងនៃព្រៃមិនខាន ។ មួយសោតទេវតាទាំងឡាយ ដែលលោកស្ថិតនៅក្នុងភ្នំនឹងព្រៃទាំងឡាយ និងដើមឈើវិមានភូមិស្ថានទាំងឡាយឬទេវតាដែលស្ថិតនៅលើអាកាសស្ថាននិងជលស្ថាននិងថលស្ថានទាំងឡាយឯណា និងសម្ដេចនរិន្រ្ទាធិរាជព្រមទាំងមហាព្រហ្ម ខ្ញុំម្ចាស់សូមប្រណម្យនមស្ការនូវទេវតាទាំងឡាយនោះសូមលោកទាំងឡាយអញ្ជើញមកជួយដោះទុក្ខកូនខ្ញុំ ឲ្យរួចផុតចាកសេចក្ដីស្លាប់ក្នុងកាលឥឡូវនេះកុំខាន ៗ ព្រះទេវីទ្រង់ឱបនូវព្រះឱរសរបស់នាងហើយទ្រង់ព្រះពិលាបដោយន័យយ៉ាងនេះ ។ គ្រានោះពិភពនៃសកទេវរាជ ក៏បណ្ដាលអាការឲ្យជាហេតុខុសចាកធម្មតា ដោយអំណាចនៃសេចក្ដីកតញ្ញូរបស់ព្រះមហាបុរសរតន៍ សម្ដេចព្រះសហស្សន័យទ្រង់រំពឹងមើលហើយទ្រង់ជ្រាបច្បាស់នូវហេតុនោះទើបស្ដេចចុះចាកសគ្គស្ថានទេវលោក មកស្ថិតនៅលើអាកាសត្រង់ទីដែលមហាយក្ខស្ថិតនៅនោះ ហើយទ្រង់សួរទៅយក្ខនោះថា នែពលាហកយក្ខហេតុអ្វីក៏ឯងធ្វើអំពើកម្មមានកម្លាំងរហ័ស់យ៉ាងនេះ នែមហាយក្ខថាបើមហាបុរសនេះមិនបានរស់ឡើងឥឡូវនេះទេអញនឹងទម្លាយនូវក្បាលរបស់អ្នកឲ្យបែកជា ៧ ភាគ ដោយវជិរាវុធនេះមិនខាន ពលាហកយក្ខ បានស្ដាប់ដូច្នោះហើយ មានចិត្តខ្លាចស្លាប់នោះក្រៃពេក ទើបស្ទុះចូលទៅលើកព្រះបរមពោធិសត្តឡើងហើយក៏លាបស្រឡាបដោយឱសថទិព្វវិសេស ១ រំពេចព្រះពោធិសត្តក៏បានភ្ងាព្រះស្មារតីឡើង ។ ឯសម្ដេចព្រះវររាជទេវីនាងក៏ទ្រង់អធិដ្ឋានថាៈ កតញ្ញុតាយយុត្តោសោ ពុទ្ធោហោតិអនាគតេ មម សច្ចានុភាវេន ខិប្បំជីវតុឱរសោ ។ សេចក្ដីថា ព្រះឱរសរបស់អញនោះជាអ្នកតាំងមាំក្នុងធម៌កតញ្ញូ មុខជានឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលដោយពិត សូមឲ្យឱរសរបស់ខ្ញុំរស់រួចជីវិតឡើងក្នុងកាលឥឡូវនេះ ដោយអានុភាពនៃសេចក្ដីពិតរបស់ខ្ញុំម្ចាស់កុំខានឡើយ ។ កាលបើចប់ពាក្យសច្ចាធិស្ឋានហើយ ព្រះមហាបុរសក៏មានពណ៌សម្បូរដ៏ផូរផង់ ហាក់ដូចជាពណ៌ទិព្វវិសេស ដោយអំណាចនៃសេចក្ដីអធិស្ឋានរបស់ព្រះរាជទេវី លុះចប់សេចក្ដីអធិស្ឋានជាគម្រប់ពីរព្រះបរមពោធិសត្តក៏មានដង្ហើមចេញចូលបានហើយប្រែព្រះអង្គត្រឡប់ទៅមកខាងឆ្វេងខាងស្ដាំ លុះចប់ពាក្យសច្ចវាទីជាគម្រប់ ៣ ព្រះពោធិសត្តមានព្រះស្មារតីដឹងប្រាកដហើយ ទើបក្រោកឡើងក្រាបថ្វាយបង្គំសម្ដេចព្រះវររាជទេវីព្រះជននីរបស់ព្រះអង្គក្នុងកាលគ្រានោះ ។តមត្ថំបកាសេន្តោសត្ថាអាហ ព្រះបរមលោកនាថសាស្ដាចារ្យ ទ្រង់ប្រកាសនូវសេចក្ដីទាំងនោះមកដល់ត្រឹមនេះហើយទើបទ្រង់សម្ដែងនូវព្រះគាថានេះថា៖ និរោគោឧដ្ឋហិត្វាន វន្ទិត្វាសកមាតរំ ឯកមន្តេនិសីទិត្វា អាវជ្ជគុណមត្តនោ ឯវំអាជ្ជមានោសោ អកម្បិធរណីតទា សាគរោបិសំខុព្ភតិ សិនេរុតត្ថឱនមិ ចាតុមហារាជិកាទេវា តាវតឹសាចយាមិកា តុសិតាចេវយេទេវា និម្មានរតិយេវច បរនិម្មិតវសវត្តី យេព្រហ្មាបិចទេវតា អានន្ទតាបមុទិតា ទិសាទិសំអកំសុតេ ទិព្វមណ្ឌារវបុប្ជំ បទុមំបារិច្ឆត្តកំ ទិសាទិសំឱកិរឹសុ នភតលេនរាមរុំ ចម្បកំសរលនិបំ នាគបុនាគតេតលំ ទិសាទិសំឱកិរឹសុ ភុម្មាភុម្មដ្ឋទេវតា សព្វេទេវាសមាគតា បូជយឹសុនរុត្តមំ បូជយន្តាចយេទេវា ឥទំវចនមព្រវិ សាធុសាធុមហាវីរ កតវេទីនរុត្តម អចិរេនេវកាលេន ពុទ្ធោលោកេភវិស្សតិ ប្រែជាសេចក្ដីថា ព្រះមហាបុរសព្រះអង្គបានប្រាសចាករោគាពាធហើយ ក៏ក្រោកឡើងឱនកាយថ្វាយបង្គំព្រះជននី អង្គុយនៅក្នុងទីដ៏សមគួរមួយ ហើយទើបនឹករឭកដល់គុណគឺសេចក្ដីល្អរបស់ខ្លួន កាលដែលទ្រង់រំពឹងយ៉ាងហ្នឹងហើយទីនោះព្រះធរណីក៏កម្រើកញាប់ញ័រ សាគរសមុទ្ទក៏បន្លឺសព្ទសំឡេងលាន់ឮគឹកកងរំពង ទាំងភ្នំសិនេរុរាជសោតក៏ទន់ទោឱនទៅក្នុងទីនោះ ឯទេវតាក្នុងជាន់ចាតុម្មហារាជិកានិងតាវត្តិង្ស យាមា តុសិត និម្មារតី និងបរនិម្មិតវសវតី រហូតដល់ទេវតាក្នុងជាន់មហាព្រហ្មសោតក៏មានសេចក្ដីសប្បាយរីករាយ តែរាល់គ្នាដោយសោមនស្សចិត្ត ទាំងផ្កាទិព្វមណ្ឌារ​វបា​រិច្ឆតកបទុមជាតិសោត ក៏ធ្លាក់ចុះរោយរាយទួទៅទាំងទិសតូចទិសធំសព្វកន្លែង ពពួក​ជនទួទៅទាំងអស់ក៏រោយរាយនូវគ្រាប់ខ្សាច់និងផ្កាឈើផ្សេង ៗ មានផ្កាស្រល់នឹងផ្កា​រាំង​ផ្កាខ្ទឹងនិងផ្កាបុនាគនិងផ្កាចម្ប៉ាជាដើម ឲ្យផ្សាយក្លិនរហូតទៅក្នុងអាកាសនិងទិសានុទិស ចំណែកទេវតាទាំងឡាយទាំងពួងមានភូមទេវតាជាដើម ក៏មកប្រជុំគ្នាធ្វើសក្ការ​បូជា មហាបុរសជានរុត្តមក្សត្រ លុះបានបូជារួចហើយក៏ពោលសរសើរព្រមគ្នាថា នរុត្តមបពិត្រព្រះមហាបុរសជានរុត្តមលោក ព្រះអង្គមានព្យាយាមធំ ទ្រង់បានសងគុណព្រះជននី ដោយកតវេទិតាធម៌រួចហើយជាកិច្ចដ៏ឧត្តមប្រពៃពេកណាស់ ព្រះអង្គមុខជានឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងលោកនេះមិនខានឡើយ ។ លំដាប់នោះ ទើបពលាហកយក្ខក្រាបថ្វាយបង្គំព្រះបរមពោធិសត្តសូមខមាទោសស្រេចហើយ ក៏ទេវតាទាំងឡាយមានសម្ដេចសក្កទេវរាជជាដើម និម្មិតនូវសុវណ្ណសិវិកា (វមាស ) អញ្ជើញព្រះរាជទេវីនិងព្រះបរមពោធិសត្តឲ្យគង់លើវមាសនោះហើយ ដង្ហែរទៅកាន់ស្រុកមេឃវតី ក្នុងវេលារាត្រីកណ្ដាលអធ្រាត្រ ហើយឲ្យគង់នូវលើរតនបញ្ចាសនឰដ៏ខាងលើប្រាសាទ ៧ ជាន់ ទើបទេវតាទាំងនោះថ្វាយបង្គំលាត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួន ៗ រាល់គ្នាវិញ ។ គ្រានោះសម្ដេចព្រះបាទមហារថរាជ ព្រះអង្គក៏បានជួបប្រទះនឹងបុត្រភរិយា ហើយទ្រង់ក៏ស្គាល់ជាក់ប្រាកដជាព្រះរាជទេវីនិងព្រះពោធិសត្ត ស្ដេចក៏មានព្រះហឫទ័យសោមនស្សជាទីបំផុតចិត្តពេកណាស់ ហើយព្រះអង្គទ្រង់លើករាជសម្បត្តិឲ្យទៅរាជឱរសរបស់ព្រះអង្គសោយរាជជំនួស ឯព្រះបរមពោធិសត្ត ទ្រង់បានរាជាភិ​សេក​សោយ​នូវបញ្ចកាមគុណតាមសមគួរហើយ ទ្រង់ក៏ឲ្យទានអស់ ១ ខែទើបលើករាជសម្បត្តិនោះបង្វែរថ្វាយព្រះវររាជបិតាវិញ ដើម្បីនឹងឲ្យព្រះបិតាមាតាទ្រង់ស្រង់តាក់តែងព្រះអង្គនិងសោយឲ្យស្រួលក្នុងព្រះរាជហឫទ័យទើបថ្វាយបង្គំសូមខមា​ទោស​និងសូមព្រះរាជានុញ្ញាតដើម្បីចេញទៅទ្រង់ព្រះផ្នួស ហើយទ្រង់លាអស់រាជវង្សានុវង្សទាំងឡាយគ្រប់គ្នា ឯមហាជនទាំងឡាយនោះ ក៏កើតសេចក្ដីសោកស្ដាយព្រះពោធិសត្តជាទីបំផុតពេក ហើយព្រះអង្គក៏ស្ដេចចេញចាកនគរទៅតែម្នាក់ឯង បែរព្រះភក្រ្តាចំពោះទៅកាន់ភ្នំហិមពាន្តហាក់ដូចជាកូនរាជហង្សហើរចេញអំពីកំពូលភ្នំធំ ។តមត្ថំបកាសេន្តោសត្ថាអាហ ព្រះបរមសាស្ដាចារ្យ កាលទ្រង់ប្រកាសនូវរឿងទាំងនោះស្រេចហើយ ទើបទ្រង់ត្រាស់នូវគាថានេះថា៖ យតោរជ្ជំលភិត្វាន មាសំទានំអទាសិសោ បិតុរជ្ជំនិយាទេត្វា ហិមវន្តំនិវត្តយិ សេចក្ដីថា កាលណាដែលព្រះមហាសត្ត ស្ដេចបានរាជសម្បត្តិរួចហើយទ្រង់ក៏បានបរិច្ចាគនូវទានប្រមាណ ១ ខែហើយ ទើបទ្រង់បង្វែរាជសម្បត្តិនោះថ្វាយដល់ព្រះរាជបិតាវិញរួចទើបព្រះអង្គក្រាបថ្វាយបង្គំសូមព្រះរាជានុញ្ញាតនឹងត្រឡប់ទៅកាន់ព្រៃហិមពាន្តវិញ ដើម្បីនឹងបួសជាឫសី ក៏ព្រះបរមពោធិសត្តទ្រង់បព្វជ្ជាជាឫសីរួចហើយវេលាណាព្រះអង្គក៏ចម្រើនអភិញ្ញា ៥ និងសមាបត្តិ ៨ ឲ្យបរិបូណ៌ឡើងក្នុងសន្ដានទ្រង់ក៏រក្សាគុណវិសេសទាំងនោះមិនឲ្យសាបសូន្យឡើយ លុះអស់ព្រះជន្មាយុទៅក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោក ។ ឯសម្ដេចព្រះបាទមហារថរាជនិងព្រះនាងសិរិរតនអាភានិងមហាជនក្នុងនគរនោះ ក៏បានតម្កល់នៅក្នុងឱវាទនៃព្រះបរមពោធិសត្តនោះបានធ្វើនូវបុញ្ញរាសីទាំងឡាយ មានទានជាដើម កាលបើអស់អាយុរាល់គ្នាទៅវេលាណាហើយ ក៏បានឡើងទៅកើតក្នុងស្ថានព្រហ្មលោកគ្រប់គ្នា ។ សត្ថាឥមំធម្មទេសនំអាហរិត្វា សច្ចានិបកាសេត្វាជាតកំសមោធានេសិ សម្ដេចព្រះបរមគ្រូទ្រង់នាំនូវធម្មទេសនារឿងនេះមកហើយ ទើបទ្រង់ប្រកាសនូវអរិយសច្ចទាំង ៤ ប្រការលុះចប់ហើយវេលាណា មាតុបោសក ក៏បានលុះសោតាបត្តិ​ផល​ជាអរិយបុគ្គលក្នុងពុទ្ធសាសនមណ្ឌល ទើបព្រះបរមសាសា្ដទ្រង់ផ្ជុំនូវជាតក​មកប្រាប់ថា នាងសិរិរតនអាភាជាមាតាពោធិសត្តនោះបានមកជានាងមហាមាយាទេវី ព្រះ​បាទព្រះមហារថរាជជាបិតាពោធិសត្តនោះបានមកជាព្រះបាទសិរិសុទ្ធោទនមហារាជ ព្រះសកទេវរាជបានមកជាព្រះអនុរុទ្ធត្ថេរ ពលាហកយក្ខបានមកជាព្រះអង្គុលិ​មាល​ត្ថេរ ព្រះមហាសត្វរតនបជោត នោះមិនគឺអ្នកដ៏ទៃឡើយ គឺអង្គអញតថាគតជានាយកនេះឯង អស់លោកទាំងឡាយចូរទ្រទ្រង់នូវព្រះជាតកនេះទុកដោយប្រការ​យ៉ាង​នេះ ។ ចប់រតនបជោតជាតក ចាកបញ្ញាសជាតក ព្រះឧត្ដមមុនី អ៊ុំ ស៊ូរ អាចារ្យព្រះរាជបណ្ណាល័យកម្ពុជា ប្រែនិងរៀបរៀង ចាកទស្សនាវដ្ដី កម្ពុជសុរិយា ឆ្នាំ ១៩៣២ ដោយ គុណធម៌ខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/2946/xdswwc.jpg
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ១០៩,៨៧៩ ដង)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការព្យាយាមសម្លាប់របស់ទេវទត្ត បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា អហមេវ ទូសិយា ភូនហតា ដូច្នេះជាដើម ។ ក្នុងជាតកទាំងឡាយដទៃ ទេវទត្តមិនអាចនឹងធ្វើ សូម្បីតែសេចក្ដីតក់ស្លុត ដល់ព្រះពោធិសត្វឡើយ ចំណែកក្នុងចូឡធម្មបាលជាតកនេះ ទេវទត្តក្នុងកាលនោះបានបញ្ជាឲ្យ ជេជ្ឈឃាដកាត់ដៃ ជើង និងសីសៈរបស់ព្រះពោធិសត្វ និងឲ្យធ្វើអសិមាលកកម្ម (បោះសាកសពឡើងលើ ហើយយកដាវគ្រវីកាប់ចិញ្ច្រាំឲ្យសាកសព បំបែកជាបំណែកតូចៗ) ក្នុងកាលដែលទ្រង់មានព្រះជន្មត្រឹមតែ ៧ ខែ ។ ក្នុងទទ្ទរជាតក ទេវទត្តបានចាប់ច្របាច់កសម្លាប់ព្រះពោធិសត្វ ហើយអាំងសាច់លើជើងក្រាន រួចបរិភោគ ។ ក្នុងខន្តីវាទីជាតក ទេវទត្តបានឲ្យគេវាយប្រហារព្រះពោធិសត្វ ២ ពាន់រំពាត់ និងឲ្យគេកាត់ដៃ ជើង ត្រចៀក ច្រមុះ ហើយឲ្យគេចាប់ផ្នួងសក់អូសទាញ ឲ្យដេកផ្ញារ និងប្រហារទ្រូងដោយជើង រួចទើបចេញទៅ ។ ព្រះពោធិសត្វក៏អស់អាយុក្នុងថ្ងៃនោះឯង ។ សូម្បីក្នុងចូឡនន្ទិយជាតក និងមហាកបិជាតក ទេវទត្តក៏បានព្យាយាមសម្លាប់ព្រះពោធិសត្វ ។ ទេវទត្តនោះព្យាយាមសម្លាប់ព្រះពោធិសត្វអស់កាលយូរដោយប្រការយ៉ាងនេះ សូម្បីក្នុងសម័យពុទ្ធកាល ក៏ព្យាយាមដូចគ្នាដែរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុងធម្មសភាថា ម្នាលអាវុសោ ទេវទត្តធ្វើឧបាយដើម្បីធ្វើឃាតព្រះពុទ្ធ ទេវទត្តគិតថា យើងឲ្យគេសម្លាប់ព្រះសម្មាសម្ពុទ្ធ ដូច្នេះហើយ ប្រកបនាយខ្នាន់ធ្នូ ប្រមៀលថ្ម និងឲ្យគេលែងដំរីនាឡាគិរី ។ ព្រះសាស្ដាយាងមកហើយសួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយរឿងឈ្មោះនេះ ដូច្នេះហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ សូម្បីក្នុងកាលមុន ទេវទត្តក៏បានព្យាយាមដើម្បីនឹងសម្លាប់​តថាគតដែរ ប៉ុន្តែឥឡូវនេះ ទេវទត្តមិនអាចនឹងធ្វើសូម្បីតែសេចក្ដីតក់ស្លុត ក្នុងកាលមុន កាលតថាគតនៅជាចូឡធម្មបាលកុមារ ទេវទត្តបានញ៉ាំងតថាគត ដែលជាបុត្ររបស់ខ្លួនឲ្យអស់ជីវិត ហើយឲ្យគេធ្វើអសិមាលកកម្ម ដូច្នេះហើយ ទ្រង់ទើបនាំអតីតនិទានមកថា ក្នុងអតីតកាល ព្រះរាជាព្រះនាម មហាបតាបៈ សោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានកើតក្នុងផ្ទៃ នៃព្រះនាងចន្ទាទេវី ដែលជាអគ្គមហេសីរបស់ព្រះរាជានោះ ព្រះញាតិទាំងឡាយថ្វាយព្រះនាមថា ធម្មបាល ។ ក្នុងវេលាដែលធម្មបាលកុមារមានអាយុបាន ៧ ខែ ព្រះមាតាងូតទឹកក្រអូបឲ្យព្រះពោធិសត្វ និងប្រដាប់តាក់តែងហើយ ទើបអង្គុយប្រលែងលេងនឹងព្រះរាជកុមារ ។ ព្រះរាជាបតាបៈស្ដេចយាងមកដំណាក់របស់ព្រះនាង ។ ព្រះនាងចន្ទាទេវីនោះ កាលនឹងឲ្យបុត្រលេង ព្រោះភាពជាអ្នកមានសេចក្ដីស្រឡាញ់បុត្រ ទោះឃើញព្រះរាជាយាងមកហើយ ក៏មិនបានក្រោកទទួល ។ ព្រះរាជាគិតថា ឥឡូវនេះ នាងចន្ទាទេវីនេះធ្វើនូវមានះដោយអាស្រ័យបុត្រ មិនសម្គាល់យើងថាជាអ្វីឡើយ ចុះទម្រាំតែបុត្រនោះធំ នឹងមិនសម្គាល់យើងសូម្បីតែជាមនុស្ស យើងនឹងសម្លាប់បុត្រនោះឥឡូវនេះឯង ។ ព្រះរាជាបតាបៈយាងត្រឡប់ទៅអង្គុយលើរាជាសនៈ ហើយត្រាស់ហៅអ្នកសម្លាប់ចោរមកថា ពេជ្ឈឃាដចូរមក ដោយការតាក់តែងរបស់ខ្លួន ។ ពេជ្ឈឃាដនោះស្លៀកដណ្ដប់សំពត់ជ្រលក់ដោយទឹកអម្ចត់ ទ្រទ្រង់កម្រងផ្កាក្រហម លីពូថៅលើស្មា កាន់យកឈើសម្រាប់តម្កល់ដៃនិងជើង ដែលមានពកជាគ្រឿងទទួល មកហើយថ្វាយបង្គំព្រះរាជាទូលថា បពិត្រព្រះសម្មតិទេព ព្រះអង្គឲ្យទូលព្រះបង្គំធ្វើអ្វី ? ព្រះរាជាត្រាស់ថា អ្នកចូរទៅកាន់បន្ទប់ដ៏មានសិរីរបស់ព្រះទេវី រួចនាំធម្មបាលកុមារមក ។ ចំណែកព្រះទេវីជ្រាបថា ព្រះរាជាក្រោធនិងយាងត្រឡប់ទៅវិញដូច្នេះ ក៏ឲ្យព្រះពោធិសត្វដេកនៅនឹងទ្រូង ហើយអង្គុយយំ ។ ពេជ្ឈឃាដទៅហើយ បានប្រហារនូវខ្នងព្រះទេវីដោយដៃ ចាប់ទាញព្រះកុមារឲ្យដាច់ចេញអំពីដៃ របស់ព្រះនាង ហើយមកកាន់សម្នាក់ព្រះរាជា ពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាបញ្ជាឲ្យនាំផែនក្ដារមួយមក ឲ្យដាក់ចុះខាងមុខ រួចត្រាស់ថា អ្នកចូរឲ្យកុមារនេះដេកលើទីនេះ ។ ពេជ្ឈឃាដក៏បានធ្វើយ៉ាងនោះ ។ ព្រះនាងចន្ទាទេវីយំ យាងមកតាមខាងក្រោយបុត្រ ។ ពេជ្ឈឃាដពោលម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ដៃធម្មបាល ព្រះនាងចន្ទាទេវីពោលថា បពិត្រមហារាជ បុត្ររបស់ខ្ញុំម្ចាស់នេះ មានអាយុត្រឹមតែ ៧ ខែ នៅក្មេងតូច មិនដឹងអ្វីឡើយ ទោសមិនមានដល់បុត្ររបស់ខ្ញុំម្ចាស់ទេ ទោសនោះគប្បីមានដល់ខ្ញុំម្ចាស់ប៉ុណ្ណោះ ព្រោះហេតុនោះ សូមទ្រង់ឲ្យពេជ្ឈឃាដកាត់ដៃរបស់ខ្ញុំម្ចាស់ចុះ ដូច្នេះហើយ កាលនឹងប្រកាសសេចក្ដីនោះ ព្រះនាងទើបពោលគាថាទី ១ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, ហត្ថេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមលែងនូវធម្មបាល (ជាកូនខ្ញុំ) នេះចេញ សូមកាត់នូវដៃទាំងឡាយ របស់ខ្ញុំម្ចាស់វិញចុះ ។ បណ្ដាបទទាំងនោះ បទថា ទូសិយា សេចក្ដីថា អ្នកប្រទូស្ត អធិប្បាយថា ខ្ញុំម្ចាស់បានឃើញព្រះអង្គហើយ កាលមិនបានក្រោកទទួល គឺជាអ្នកបានធ្វើទោស ។ បាឋៈថា ទូសិកា យ៉ាងនេះ ក៏មាន ។ បទថា ភូនហតា សេចក្ដីថា អ្នកបំផ្លាញសេចក្ដីចម្រើន អធិប្បាយថា ជាអ្នកសម្លាប់ប្រយោជន៍ ។ បទថា រញ្ញោ នេះ គប្បីប្រកបដោយបទថា ទូសិយា ។ លោកអធិប្បាយថា ខ្ញុំម្ចាស់ជាស្ត្រីធ្វើនូវកំហុសដល់ព្រះរាជាមហាបតាបៈ កុមារនេះមិនបានធ្វើទេ ព្រោះហេតុនោះ ធម្មបាលដែលនៅតូច និងមិនមានកំហុសនេះ ចូររួចផុត បពិត្រព្រះសម្មតិទេព ប្រសិនបើព្រះអង្គប្រាថ្នានឹងឲ្យពេជ្ឈឃាដកាត់ដៃ ចូរឲ្យកាត់ដៃរបស់ខ្ញុំម្ចាស់ ដែលជាស្ត្រីធ្វើនូវទោសចុះ ។ ព្រះរាជាសម្លឹងមើលមុខពេជ្ឈឃាដ ។ ពេជ្ឈឃាដពោលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា កុំធ្វើយឺតយូរឡើយ អ្នកចូរកាត់ដៃ ។ ក្នុងខណៈនោះ ពេជ្ឈឃាដបានកាន់យកពូថៅដ៏មុតកាត់ដៃទាំងពីររបស់ព្រះរាជកុមារ ហាក់ដូចជាកាត់ឈើខ្ចី ។ ធម្មបាលកុមារនោះសូម្បីត្រូវកាត់ដៃទាំង ២ ហើយ ក៏មិនស្រែកយំឡើយ ទ្រង់ធ្វើខន្តី និងមេត្តាឲ្យជាបុរេចារិក (ឲ្យប្រព្រឹត្តទៅខាងមុខ) ហើយអត់សង្កត់ ។ ចំណែកព្រះនាងចន្ទាទេវីកាន់យកចុងដៃដែលដាច់ហើយនោះ សៀតទុកនឹងចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំខ្សឹកខ្សួល ។ ពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំនឹងធ្វើអ្វី ? ព្រះរាជាត្រាស់ថា ចូរកាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា អហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, បាទេ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លែងនូវធម្មបាលនេះចេញ សូមកាត់នូវជើងទាំងឡាយ របស់ខ្ញុំវិញចុះ ។ សេចក្ដីអធិប្បាយក្នុងគាថានេះ គប្បីជ្រាបតាមន័យដែលពោលហើយក្នុងគាថាទី ១ នោះចុះ ។ ចំណែកព្រះរាជាមហាបតាបៈ បញ្ជាពេជ្ឈឃាដម្ដងទៀត ។ ពេជ្ឈឃាដនោះក៏កាត់ជើងទាំងពីរ ។ ព្រះនាងចន្ទាទេវីកាន់យកនូវចុងជើងហើយសៀតទុកនឹងថ្នក់ចង្កេះ មានព្រះកាយប្រឡាក់ដោយលោហិត យំបរិទេវនាការ ពោលថា បពិត្រមហាបតាបៈជាម្ចាស់ ទារកឈ្មោះថា មានដៃជើងដាច់ហើយ គឺមាតាត្រូវចិញ្ចឹម ខ្ញុំម្ចាស់នឹងធ្វើការស៊ីឈ្នួល ហើយចិញ្ចឹមបុត្ររបស់ខ្ញុំម្ចាស់ សូមព្រះអង្គប្រទានបុត្រនោះដល់ខ្ញុំម្ចាស់ ។ ពេជ្ឈឃាដសួរព្រះរាជាបន្តទៀតថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំធ្វើតាមព្រះរាជបញ្ជាហើយ កិច្ចរបស់ទូលព្រះបង្គំដល់ទីបំផុតហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើអ្វីទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរកាត់ក្បាលរបស់ធម្មបាលកុមារ ។ ព្រះនាងចន្ទាទេវីស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា ហមេវ ទូសិយា ភូនហតា, រញ្ញោ មហាបតាបស្ស; ឯតំ មុញ្ចតុ ធម្មបាលំ, សីសំ មេ ទេវ ឆេទេហិ។ ខ្ញុំម្ចាស់ជាស្រីប្រទូស្ត ជាអ្នកបំផ្លាញនូវសេចក្តីចម្រើន ដល់សេ្តចឈ្មោះមហាបតាបៈ បពិត្រព្រះសម្មតិទេព សូមព្រះអង្គលែងនូវធម្មបាលនេះចេញ សូមកាត់នូវក្បាល របស់ខ្ញុំវិញចុះ ។ កាលព្រះនាងពោលយ៉ាងនេះហើយ ក៏បង្អោនក្បាលរបស់ខ្លួនចូលទៅ ។ ចំណែកពេជ្ឈឃាដសួរព្រះរាជាម្ដងទៀតថា បពិត្រព្រះសម្មតិទេព តើទូលព្រះបង្គំនឹងធ្វើដូចម្ដេច ? ព្រះរាជាត្រាស់ថា ចូរកាត់ក្បាលរបស់ធម្មបាល ។ ពេជ្ឈឃាដក៏កាត់ក្បាលរបស់ព្រះកុមារ រួចហើយទូលសួរព្រះរាជាថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំបានធ្វើតាមព្រះរាជបញ្ជាហើយឬ ? ព្រះរាជាត្រាស់ថា នៅមិនទាន់សម្រេចទេ ។ ពេជ្ឈឃាដសួរថា បពិត្រព្រះសម្មតិទេព បើយ៉ាងនោះ ទូលព្រះបង្គំនឹងធ្វើដូចម្ដេចទៀត ? ព្រះរាជាត្រាស់ថា អ្នកចូរយកចុងដាវទទួលរាងកាយធម្មបាលនោះ ចូរធ្វើនូវអសិមាលកកម្ម ។ ពេជ្ឈឃាដនោះក៏បោះរាងកាយរបស់ធម្មបាលកុមារទៅលើអាកាស ហើយទទួលដោយចុងដាវ ធ្វើនូវកម្មឈ្មោះ អសិមាលកៈ ឲ្យរាងកាយធម្មបាលរោយរាយលើផ្ទៃបាតខាងក្រោម ។ ព្រះនាងចន្ទាទេវីប្រមូលសាច់ របស់ព្រះពោធិសត្វដាក់ទុកក្នុងថ្នក់ចង្កេះ កាលយំខ្សឹកខ្សួល បរិទេវនាការលើផ្ទៃបាតខាងក្រោម បានពោលគាថាទាំងនេះថា ន ហិ នូនិមស្ស រញ្ញោ, មិត្តាមច្ចា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ ឱរសំ បុត្តំ។ ពួកមិត្តអាមាត្យ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គ កុំសម្លាប់បុត្តជាឱរស ។ ន ហិ នូនិមស្ស រញ្ញោ, ញាតី មិត្តា ច វិជ្ជរេ សុហទា; យេ ន វទន្តិ រាជានំ, មា ឃាតយិ អត្រជំ បុត្តំ។ ពួកមិត្ត ញាតិ និងជនអ្នកមានហឫទ័យល្អ របស់សេ្តចនេះ មិនមានទេឬ បានជាមិននិយាយឃាត់សេ្តចថា សូមព្រះអង្គកុំសម្លាប់បុត្ត ដែលកើតអំពីខ្លួន ។ បណ្ដាបទទាំងនោះ បទថា មិត្តាមច្ចា ច វិជ្ជរេ សុហទា សេចក្ដីថា ជនជាមិត្រជិតស្និទ្ធរបស់ស្ដេចនេះ ឬ អាមាត្យអ្នករួមក្នុងការងារទាំងពួង ឬអ្នកមានចិត្តល្អ ព្រោះមានចិត្តទន់ភ្លន់ នឹងមិនមាន ដោយពិត ។ បទថា យេ ន វទន្តិ សេចក្ដីថា ជនពួកណាមកក្នុងកាលឥឡូវនេះ (មកទាន់ពេល) តែមិនពោល គឺមិនហាមឃាត់ព្រះរាជានេះថា សូមព្រះអង្គកុំសម្លាប់បុត្រជាទីស្រឡាញ់របស់ខ្លួន ដូច្នេះ យើងយល់ថា ជនទាំងនោះ នឹងមិនមាន ដោយពិតប្រាកដ ។ បទថា ញាតី ក្នុងគាថាទី ២ នេះ បានដល់ ញាតិទាំងឡាយ ។ ចំណែកព្រះនាងចន្ទាទេវី កាលពោលគាថាទាំងពីរនេះហើយ យកដៃទ្រទ្រង់សាច់ទ្រូង (យកដៃរឺតទ្រូង) ពោលគាថាទី ៣ ថា ចន្ទនសារានុលិត្តា, ពាហា ឆិជ្ជន្តិ ធម្មបាលស្ស; ទាយាទស្ស បថព្យា, បាណា មេ ទេវ រុជ្ឈន្តិ។ ដើមដៃទាំងឡាយ ដែលលាបដោយខ្លឹមចន្ទន៍ របស់ធម្មបាល អ្នកជាទាយាទផែនដីដាច់ បពិត្រព្រះសម្មតិទេព ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ បណ្ដាបទទាំងនោះ បទថា ទាយាទស្ស បថព្យា សេចក្ដីថា ព្រះនាងចន្ទាទេវីពោលរៀបរាប់ ត្អូញត្អែរ ពិលាបមានពាក្យជាដើមយ៉ាងនេះថា ដៃទាំងឡាយរបស់កុមារជាទាយាទនៃផែនដីដែលមានមហាសមុទ្រទាំង ៤ ជាទីបំផុត ដែលជារបស់ព្រះបិតា ដាច់ហើយ ជើងទាំងឡាយដាច់ហើយ និងក្បាលរបស់កុមារនោះក៏ដាច់ដែរ រាងកាយរបស់កុមារនោះត្រូវធ្វើដោយអសិមាលកកម្ម ឥឡូវនេះ ព្រះអង្គកាត់ផ្ដាច់វង្សរបស់ខ្លួន សូមទ្រង់ទៅចុះ ។ បទថាបាណា មេ ទេវ រុជ្ឈន្តិ សេចក្ដីថា បពិត្រព្រះសម្មតិទេព កាលខ្ញុំម្ចាស់មិនអាចនឹងទ្រទ្រង់សេចក្ដីសោកនេះបាន ជីវិតរបស់ខ្ញុំម្ចាស់នឹងរលត់ ។ កាលព្រះនាងចន្ទាទេវីយំរៀបរាប់ បរិទេវនាការយ៉ាងនេះហើយ ព្រះហឫទ័យក៏បែកទៅ ដូចជាឫស្សីដែលត្រូវភ្លើងឆេះក្នុងព្រៃឫស្សីដូច្នោះ ព្រះនាងបានដល់នូវការអស់ព្រះជន្មក្នុងទីនោះឯង ។ ចំណែកព្រះរាជាមហាបតាបៈមិនអាចនឹងឋិតនៅលើបល្ល័ង្កឡើយ ទ្រង់ធ្លាក់ចុះមកលើផ្ទៃបាតខាងក្រោម ហើយផែនក្ដាររនាបក៏បែកជាពីរ ព្រះអង្គក៏ធ្លាក់ចុះមកលើផែនដី ។ លំដាប់នោះ ផែនប្រឹថពីសូម្បីមានកម្រាស់ ២ សែន ៤ ម៉ឺនយោជន៍ ក៏មិនអាចនឹងទ្រទ្រង់អគុណរបស់ព្រះរាជានោះបានឡើយ បែកជាពីរ ធ្វើឲ្យមានចន្លោះ សំណាញ់ភ្លើងអំពីអវីចិ-នរកបានតាំងឡើង ចាប់យកព្រះរាជានោះ បោះទៅក្នុងអវីចិនរក ដូចជារួបរឹតដោយសំពត់កម្ពលដែលត្រកូលប្រគល់ឲ្យ ដូច្នោះ ។ ពួកអាមាត្យទាំងឡាយធ្វើសរីរកិច្ចរបស់ព្រះនាងចន្ទាទេវី និងព្រះពោធិសត្វ ។ ព្រះសាស្ដាបាននាំធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា រាជា ទេវទត្តោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជាទេវទត្ត ។ ចន្ទាទេវី មហាបជាបតិគោតមី ព្រះនាងចន្ទាទេវីបានមកជាព្រះនាងមហាបជា-បតិគោតមី ។ ធម្មបាលកុមារោ បន អហមេវ អហោសិំ ចំណែកធម្មបាលកុមារ គឺតថាគតនេះឯង ។ ចប់ ចូឡធម្មបាលជាតក ៕ (ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១១) ដោយខេមរ អភិធម្មាវតារ ។ ព.ស. ២៥៦១ ។ ដោយ៥០០០ឆ្នាំ
images/articles/2838/2026-07-23_12_12_18-K-Lite_Update_Checker.jpg
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ៩,៤៩០ ដង)
ព្រះនាលកត្ថេរបានស្ដាប់ដូចនោះហើយ ក៏ជាអ្នកមានសេចក្ដីប្រាថ្នាតិចក្នុងឋានៈ ៣ គឺ ការក្នុងឃើញ ១ ក្នុងការស្ដាប់ ១ ក្នុងការសួរ ១ ។ កាលចប់ព្រះធម្មទេសនា ព្រះនាលកៈមានចិត្តជ្រះថ្លា ថ្វាយបង្គំព្រះ​មានព្រះភាគ ហើយចូលទៅកាន់ព្រៃ មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន ទើប​​យើងបានគាល់ព្រះមានព្រះភាគទៀត នេះគឺជាភាពជាអ្នកប្រាថ្នាតិចក្នុងការឃើញរបស់ព្រះនា​ល​កៈ ​។ មួយទៀត មិនញ៉ាំងការប្រាថ្នាច្រើនឲ្យកើតឡើងថា ធ្វើយ៉ាងណាហ៎្ន យើងគប្បីបានស្ដាប់ព្រះធម្មទេសនាទៀត នេះគឺភាពជាអ្នកប្រាថ្នាតិចក្នុងការស្ដាប់របស់ព្រះនាលកៈ ។ មួយទៀត មិនញ៉ាំងការប្រាថ្នា​ច្រើនឲ្យកើតឡើងថា ធ្វើដូចម្ដេចហ៎្ន យើងគប្បីបានសាកសួរក្នុងមោនេយ្យបដិបទាទៀត នេះគឺ ភាពជាអ្នកប្រាថ្នាតិចក្នុងការសួររបស់ព្រះនាលកៈនោះ ។ ព្រះនាលកៈនោះ ជាអ្នកមានសេចក្ដីប្រាថ្នាតិចយ៉ាងនេះ ចូលទៅកាន់ជើងភ្នំហើយ មិននៅអស់ ២ ថ្ងៃក្នុង​ព្រៃមួយ, មិនអង្គុយអស់ ២ ថ្ងៃ នៅក្រោមដើមឈើមួយ, មិនចូលទៅបិណ្ឌបាតក្នុងស្រុកមួយ អស់ ២ ​ថ្ងៃ ។ ព្រះនាលកៈត្រាច់ពីព្រៃមួយទៅព្រៃមួយ ពីដើមឈើមួយទៅដើមឈើមួយ ពីស្រុកមួយទៅស្រុក​មួយ បដិបត្តិបដិបទាដ៏សមគួរ ហើយតាំងនៅក្នុងអរហត្តផល ។ ភិក្ខុអ្នកបំពេញមោនេយ្យបដិ​បទា​យ៉ាងឧក្រិដ្ឋ នឹងមានជីវិតរស់នៅបាន ៧ ខែប៉ុណ្ណោះ ។ បំពេញយ៉ាងកណ្ដាល នឹងមានជីវិតរស់​នៅ​បាន ៧ ឆ្នាំ ។ បើបំពេញកម្រិតស្រាល នឹងមានជីវិតរស់នៅបាន ១៦ ឆ្នាំ ។ ព្រះនាលកត្ថេរនេះ លោកបដិបត្តិយ៉ាងឧក្រិដ្ឋ ដូច្នោះលោករស់នៅបានត្រឹមតែ ៧ ខែ ដឹងថា ខ្លួននឹងអស់​អាយុ ទើបស្រង់ទឹក ស្លៀកបណ្ដប់សំពត់ ក្រវ៉ាត់វត្ថពន្ធចង្កេះ ដណ្ដប់សង្ឃាដិ ២ ជាន់ បែរមុខទៅទិស​ដែលព្រះទសពលគង់នៅ ថ្វាយបង្គំដោយបញ្ចង្គបត្រិស្ថាន ផ្គងអញ្ជលី ឈរត្រង់ចង្កេះភ្នំហិង្គុ​លិកៈ ​បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ ។ ព្រះមានព្រះភាគទ្រង់ជ្រាបថា ព្រះនាលកៈបរិនិព្វានហើយ ទើបស្ដេចយាងទៅកាន់ភ្នំនោះព្រមដោយភិក្ខុ​សង្ឃ ធ្វើឈាបនកិច្ច ឲ្យកាន់យកព្រះធាតុយកទៅបញ្ចុះនៅចេតិយ ហើយស្ដេចយាងត្រឡប់ ។ (បរមត្ថជោតិកា សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត មហាវគ្គ នាលកសូត្រ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
ផ្សាយ : ០៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៤,៦៩១ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ (បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា) កាលព្រះមានព្រះភាគ ស្ដេច​ទ្រង់​បរិនិព្វាន ទៅ​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ក្នុង​សាលវ័ន នៃ​ពួក​មល្លក្សត្រ ដែល​ជា​ទីឆៀង​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា (​ក្រោយ​មក ទោណព្រាហ្មណ៍) និង​ធ្វើ​ការ​ចែក​ព្រះធាតុ។ ព្រះបាន​អជាតសត្តុ បាន​ទទួល​ចំណែក​នៃ​ព្រះធាតុ​ចំនួន​២​នាឡិ បាន​កសាង​ព្រះស្ដូប បញ្ចុះ​ព្រះបរមសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​នា​ក្រុង​រាជគ្រិះ។ សួរ​ថា តើ​ធ្វើ​យ៉ាង​ណា?ឆ្លើយថា គឺ​ព្រះរាជា បាន​ដង្ហែ​តាំង​តែអំពី​ក្រុង​កុសិនារា​រហូត​ដល់​ក្រុង​រាជគ្រិះ ក្នុងចម្ងាយ​ផ្លូវ​២៥​យោជន៍។ ក្នុង​ចន្លោះផ្លូវ​នោះ ទ្រង់​បានឲ្យ​ឈប់​រវាង​ផ្លូវ​៨ឧសភៈ(ម្ដងៗ) ដើម្បី​ឲ្យ​មហាជន​បាន​បូជា គ្រប់​កន្លែង​ដែល​បាន​ឈប់​នោះ។ ដោយ​ការ​នឹក​រលឹក​ដល់​ព្រះពុទ្ធគុណ ទើប​ធ្វើ​ការ​បូជា យ៉ាង​ឱឡារិក​គគ្រឹកគគ្រេង​ឲ្យ​ប្រព្រឹត្ត​ទៅ រហូត​៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួក​មនុស្ស​ក្នុងទីនោះ រាប់​ប្រមាណ​មិនបាន នាំគ្នា​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុងព្រះបរមសារីរិកធាតុ ក្រោយ​ពីស្លាប់ បាន​ចូល​ទៅ​កើត​ក្នុង​ឋានសួគ៌ ដោយ​អំណាច​នៃ​ការ​បូជា​ចំពោះ​ព្រះសារីរិកធាតុ។ ចំណែក​ពួកជន​ដែល​ជា​មិច្ឆាទិដ្ឋិ មានចិត្ត​វិបល្លាស ព្រោះ​ជា​បុគ្គល​មិន​មាន​សទ្ធា ដោយ​ការ​យល់​ខុស​របស់ខ្លួន បាន​នាំគ្នាតិះដៀល​ថា តាំង​តែ​អំពី​ព្រះសមណគោតម​បរិនិព្វាន​ទៅ ពួក​យើង​រវល់​តែលេង​នូវ​គ្រឿង​ប្រគំ ការងារ​របស់​ពួក​យើង​វិនាស​អស់​ហើយ ក៏​មាន​ចិត្ត​ប្រទូស​រ៉ាយ​កើត​ឡើង សូម្បី​ក្នុង​វត្ត​ដែល​គួរ​ឲ្យ​កើត​សេចក្ដី​ជ្រះថ្លា បែរ​ជា​តិះដៀល ពួក​ជន​មាន​ប្រមាណ​៨៦០០០នាក់ ក្នុងទី​នោះ បាន​ទៅ​កើត​ក្នុង​អបាយភូមិ (ដោយ​ការ​តិះដៀល​ព្រះបរមធាតុ)។ (ក្នុង​កាល​នោះ មាន) ភរិយា កូនស្រី និង​កូនប្រសារស្រី​របស់​កុដុម្ពិកៈម្នាក់ ដែល​បរិបូរណ៌ដោយ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​រាជគ្រឹះ​នោះ​ឯង មាន​ចិត្ត​ជ្រះថ្លា នាំ​គ្នា​គិត​ថា ពួក​យើង​នឹង​ធ្វើ​ការបូជា​ព្រះធាតុ ទើប​កាន់​យក​នូវ​សក្ការៈ​ទាំងឡាយ មាន​ផ្កាកម្រង និងគ្រឿងក្រអូប​ជាដើម ប្រុង​ដើម្បី​នឹង​ទៅ​កាន់​ទីតម្កល់​ព្រះធាតុ។ កុដុម្ពិៈនោះ​គិត​ថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍​អ្វី​ដោយ​ការ​បូជា​ឆ្អឹង​ទាំង​ឡាយ (នោះ) ទើប​ជេរ​ពួក​ស្ត្រី​ទាំង​នោះ ដោយ​ពោល​តិះដៀល​ចំពោះ​ការ​បូជា​ព្រះសារីរិកធាតុ។ តែស្ត្រី​ទាំង​នោះ មិន​បាន​អើពើ​នឹង​ពាក្យ​របស់​គាត់​ទេ ក៏​នាំ​គ្នា​ទៅ​ក្នុងទីនោះ ធ្វើការ​បូជា​ព្រះសារីរិកធាតុ​ហើយ ទើប​ត្រឡប់​មក​ផ្ទះ មិនយូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល ហើយ​ទៅកើត​ក្នុងទេវលោក។ ចំណែក​កុដុម្ពិកៈនោះ​ត្រូវ​សេចក្ដីក្រោធ​គ្របសង្កត់ មិនយូរ​ប៉ុន្មាន ស្លាប់​ហើយ ទៅកើត​ក្នុងពួក​ប្រេត ព្រោះ​បាបកម្មនោះ។ ក្រោយ​មក ថ្ងៃ​មួយ ព្រះមហាកស្សបៈ​មាន​អាយុ បាន​សម្ដែង​នូវ​ឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយ​ប្រការ​ដែល​ពួក​មនុស្ស​អាច​ឃើញ​ប្រេត​ទាំង​នោះ និង​ទេវតា​ទាំង​នោះ​បាន លុះ​ធ្វើ​យ៉ាង​នេះ​ហើយ ក៏​ឈរ​ត្រង់​ទីលាន​ព្រះចេតិយ សួរ​ប្រេត​អ្នក​ដែល​ពោល​តិះដៀល​ព្រះសារីរិកធាតុ​នោះ ​ទាំង​នេះ​ថាអ្នក​ឋិត​នៅ​ព្ធដ៏អាកាស មានក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ចេញ​ឯពួកដង្កូវ​ក៏​នាំ​គ្នា​រុក​ស៊ី​មាត់របស់​អ្នក​ដែល​មាន​ក្លិន​ស្អុយ តើ​អ្នក​បាន​ធ្វើ​អំពើ​អ្វី​ក្នុង​កាល​មុន?ព្រោះកាល​ផ្សាយ​ទៅ​នៃ​ក្លិន​ស្អុយ និង​មាត់​ដែល​មាន​កដង្កូវ​រុក​ស៊ី​នោះ (បាន​ជា​ពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្ម) កាន់​យកគ្រឿង​សស្ត្រា មក​វះ (មាត់​ដំបៅ) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) ថែមទៀត។អំពើ​អាក្រក់​អ្វី ដែល​អ្នក​បាន​ធ្វើ​ដោយ​កាយ វាចា ចិត្ត? ព្រោះ​វិបាក​នៃ​កម្ម​អ្វី អ្នក​ទើប​បាន​ទទួល​សេចក្ដី​ទុក្ខ​យ៉ាង​នេះ? ប្រេត​នោះ ក៏​បាន​ទូល​ប្រាប់​ដល់​លោក​ថា បពិត្រ​លោក​អ្នក​និរទុក្ខ (កាល​មុខ) ខ្ញុំ​ជា​ឥស្សរៈ លើ​ទ្រព្យ និង​ស្រូវអង្ករ​ច្រើន​ណាស់ នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដែល​គួរ​រីករាយ មាន​ភ្នំឡោមព័ទ្ធជុំវិញ។(កាល​ពីជាតិ​មុន) ស្រី​នេះ​ជាភរិយា​របស់ខ្ញុំ ស្រីនេះ​ជាកូន​ស្រីរបស់​ខ្ញុំ ស្រី​នេះ​ជាកូនប្រសារ​របស់​ខ្ញុំ ខ្ញុំ​បាន​ហាម​ឃាត់​ពួក​គេ ដែល​នាំ​គ្នាកាន់​យក​កម្រង​ផ្កា ផ្កាឧប្បល និង​គ្រឿង​លាបស្រលាប​ដែល​មាន​តម្លៃ ទៅ​កាន់​ព្រះស្ដូប (ដើម្បី​បូជា​ព្រះធាតុ) បាបកម្ម​នោះ គឺ​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​ហើយ។ពួក​ខ្ញុំ​មាន​ចំនួន ៨៦០០០នាក់ បាន​ទទួល​ទុក្ខវេទនា​ចំពោះ​ខ្លួន ដែល​បាន​តិះដៀល​នូវ​ការបូជា​ព្រះស្ដូប​ហើយ ទើប​ឆេះ​នៅ​ក្នុង​ប្រេត​វិស័យ ដែល​ដូច​ជានរក ព្រោះមានការ​លំបាក​យ៉ាង​ខ្លាំង។នាកាល​បុណ្យ​ដង្ហែ ដែល​គេបូជា​ឧទ្ទិស្ដូប​នៃ​ព្រះអរហន្តសម្មាសម្ពុទ្ធ កំពុង​តែ​ប្រព្រឹត្ត​ទៅ ពួក​ជន​ណា​ប្រកាស​ទោស​ក្នុងការ​បូជាព្រះស្ដូប​(ដូចជាខ្ញុំ) ពួក​ជន​នោះ តែង​ងាក​ចេញចាក​បុណ្យ (តែម្យ៉ាង)។ លោកម្ចាស់ សូមទតមើល នូវ​ពួកទេពអប្សរ​ទាំង​នេះ​ដែល​ទ្រទ្រង់​ផ្កា​កម្រង តាក់តែង​កាយ កំពុង​តែ​ហោះ​មក (តាម​អាកាស) ទេពអក្សរ​ទាំង​នោះ ដែល​បាន​សម្រេច (​ដោយ​សម្បត្តិ​ទិព្វ) មាន​យសបរិវារ កំពុង​តែ​សោយ​នូវ​ផល​នៃ​ការបូជា​ (ព្រះសារីរិកធាតុ) ដោយ​កម្រងផ្កា។(បពិត្រ​លោកម្ចាស់កស្សបៈ) ពួក​នាង ជាអ្នក​មាន​បញ្ញា​បាន​ឃើញ​ផល​ដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យ​ដ៏តិចតួច​នោះ) តែង​ធ្វើ​ការ​នមស្ការ ពោល​ថា (នមោ នមោ) ចំពោះ​ព្រះមហាមុនីអង្គ​នោះ។ (លំដាប់​នោះ) ប្រេត​នោះ​មាន​ចិត្តតក់ស្លុត កាល​សម្ដែង​កម្មដែល​ខ្លួន​គប្បី​ធ្វើ​តទៅ ទើប​ពោល​ថាខ្ញុំ​ទៅ​អំពី​បេតលោក (នេះ) ហើយ (បើ)បានកំណើត​ជាមនុស្ស ខ្ញុំ​នឹង​ជាអ្នក​មិនប្រមាទ ហើយនឹង​ធ្វើការបូជា​ព្រះស្ដូប​(ដែលតម្កល់​នូវ​ព្រះសារីរិកធាតុ) រឿយៗ​ដោយពិត។ព្រះមហាកស្សបៈ ដែល​ប្រេត​ពោល​ប្រាប់​យ៉ាង​នេះ​ហើយ ទើប​ធ្វើ​រឿង​នោះ​ឥ្យ​ជា​អត្ថុប្បត្តិ​ហេតុ សម្ដែងធម៌ដល់​បរិស័ទដែល​មក​ប្រជុំ​គ្នា​ព្រម​ហើយ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន ដោយ៥០០០ឆ្នាំ
images/articles/3490/2026-07-14_09_39_21-_______________________________________________-__Protected_View_-_Word.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៤១០ ដង)
ចោរឃាតកវត្ថុកថា (ពោលអំពីរឿងបុរសអ្នកសម្លាប់នឹងបានជា ព្រះបច្ចេកពុទ្ធ) សម្ដែង​រឿង​និទានបុរសអ្នកសម្លាប់ចោរតទៅទៀត ដោយវារៈបាលីថា ឯកស្មឹ កិរ សមយេ ដូច្នេះជាដើម អធិប្បាយថា បានឮរៀង ៗ មកថា ក្នុងសម័យមួយ ព្រះមានព្រះ​ភាគ​ជាម្ចាស់នៃយើងទ្រង់ប្រទានធម៌ទេសនាពន្យល់នូវស្ថានសួគ៌ និងព្រះនិព្វាន ដល់​មហាជន​ហើយ​ព្រះអង្គអាស្រ័យនៅក្នុងវិហារជេតពន ទៀបក្រុងសាវត្ថី។ សម័យនោះឯង មានចោរប្រាំរយនាក់ចេញអំពីដងព្រៃ បានធ្វើចោរកម្ម ក្នុងចំណែក រាត្រី ពុំដែលដាច់ គឺលួចប្លន់យកទ្រព្យគេ មកចិញ្ចឹមជីវិតខ្លួន ព្រមទាំងកូនប្រពន្ធ ដោយ​អំពើនោះឯង។ លុះថ្ងៃមួយជាខាងក្រោយទៀត ចោរទាំងនោះ វានាំគ្នាចូលទៅកាន់​ទីក្រុងដើម្បីធ្វើចោរកម្ម ក៏បានឃើញមនុស្សអ្នកជនបទម្នាក់ ជាអ្នកកម្សត់ អត់ឃ្លាន​ឈរនៅទៀបទ្វារក្រុង ហើយសួរថា ម្នាលបុរសដ៏ចម្រើន អ្នកឯងអាស្រ័យនៅស្រុក​ណា។ ឯបុរសកម្សត់នោះ បាននិយាយប្រាប់ថា ខ្ញុំនេះជាអ្នកកម្សត់នៅអាស្រ័យក្នុងជនបទឯណោះអ្នក ?។ ចោរទាំងឡាយនោះ និយាយតបទៅនឹងបុរសអ្នកជនបទវិញ ដើម្បីល្បងបញ្ចូលឲ្យចូលក្នុង​ពួកខ្លួនថា អ្នកឯងរស់នៅដោយការចិញ្ចឹមជីវិតទាំងទុក្ខលំបាកយ៉ាងនេះធ្វើអ្វី ត្រូវតែអ្នក​ចូលមកប្រព្រឹត្ត​ធ្វើចោរកម្មជាមួយនឹងពួកយើងហើយចិញ្ចឹមកូនប្រពន្ធ ដោយ​​អំពើ​នោះជាការងាយជាង អ្នកមិនត្រូវនៅដោយការចិញ្ចឹមជីវិតដ៏លំបាក មានទុក្ខព្រួយ​ដូចនេះទៀតឡើយ។ ឯបុរសនោះ ក៏បានទទួលព្រមតាមពាក្យចោរទាំងនោះដោយគំនិតឈ្វេង​យល់ថា ចោរទាំងឡាយនិយាយនេះគួរស្ដាប់បានមែន ដូចនេះត្រូវតែអាត្មា​អញរួមគំនិតជាមួយនឹងចោរទាំងនោះចុះ។ លុះពួកចោរ និងអ្នកជនបទយល់ស្របគ្នាហើយ ទើបពួកចោរទាំងនោះនិយាយផ្ទួនទៀត​ថា អ្នកត្រូវចូលមកជាមួយនឹងយើងក្នុងកាលឥឡូវនេះឯង ហើយក៏នាំបុរសនោះ​ដើរចូលទៅខាងក្នុងទីក្រុងលួចប្លន់អ្នកក្រុងជាលំដាប់ពីផ្ទះមួយទៅផ្ទះមួយ ៗ តែយ៉ាង​នោះឯង។ មិនយូរប៉ុន្មាន បុរសអ្នកជនបទតែងសន្សំបានទ្រព្យធនជាច្រើនទើបគិតថា អំពើដែលអាត្មាអញប្រព្រឹត្តធ្វើនេះ ជាអំពើដ៏ប្រសើរដោយពិត លុះគិតយ៉ាងនេះហើយក៏ប្រព្រឹត្តធ្វើអំពើចោរកម្មចិញ្ចឹមជីវិត ជាមួយនឹងពួកចោរទាំងនោះជាដរាប។ ស្រាប់តែដល់ថ្ងៃជាខាងក្រោយទៀត រាជបុរសទាំងឡាយគេដើរល្បាតចាប់ពួក​ចោរ​​ទាំងនោះបាន គេចងសេកយ៉ាងមាំ នាំយកទៅថ្វាយដល់ព្រះបាទបសេន​​ទិកោសល សូមស្ដេចទ្រង់វិនិច្ឆ័យ ទោសានុទោស តាមច្បាប់សម្រាប់ព្រះ​នគរ។ ឯសម្ដេចព្រះចមបុរី ស្ដេចទ្រង់ទតទៅយល់ពួកចោរទាំងឡាយហើយ ទ្រង់មានព្រះរាជ​ឱង្ការត្រាស់យ៉ាងនេះថា នែនាយទាំងអស់គ្នាអើយ ! ក្នុងចំណោមអ្នកទាំងឡាយនេះ​ តើអ្នកណាអាចសម្លាប់ចោរទាំងនេះឲ្យក្សិណក្ស័យជីវិតបាន យើងនឹងឲ្យជីវិត​ទាន​ដល់អ្នកនោះឯង។ ឯចោរទាំងអស់នោះ លុះបានស្ដាប់ព្រះរាជ ឱង្ការត្រាស់សួរដូចនោះ​ហើយ ក៏ពុំបានប្រាថ្នាដើម្បីសម្លាប់គ្នានឹងគ្នាឡើយ ព្រោះពួកចោរទាំងនោះ សុទ្ធ​តែ​ជា​ញាតិមិត្ត នឹងគ្នាទៅវិញទៅមកយូរយារណាស់ហើយ ទើបពុំអាចសម្លាប់គ្នាឯងបាន​។ ចំណែកឯបុរសអ្នកជនបទនោះ ក៏ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះ​ករុណា​ថ្លៃ​ថ្លៃវិសេស អាចនឹងសម្លាប់ពួកចោរទាំងអស់នេះបានសូមទ្រង់ជ្រាប។ ស្ដេចក៏ទ្រង់អនុញ្ញាតដល់បុរសនោះ ៗ ក៏សម្លាប់ពួកចោរទាំងអស់នោះ ឥតមានរួញរា​ឡើយ​។ ព្រះបរមក្សត្រិយ៍ ទ្រង់បានឃើញបុរសនោះអាចហ៊ានសម្លាប់ចោរទាំងឡាយបានដូច​នោះ​ហើយ ក៏មានព្រះហឫទ័យត្រេកអរពន់ពេក ទ្រង់ព្រះរាជទាននូវចោរ​ឃាតកម្ម​ តំណែង​ងារសម្រាប់សម្លាប់ចោរដល់បុរសនោះតាំងពីថ្ងៃនោះតទៅ។ លុះបុរសបានទទួលភារៈជាអ្នកសម្លាប់ចោរហើយ ក៏តែងតែសម្លាប់ចោររាល់ ៗ ថ្ងៃ អស់​កាល​ជាអំឡុងយូររវាង ២៥ ឆ្នាំ ក៏ដល់នូវភាពចាស់ជរាមានកម្លាំងថយ ពុំអាចនឹងប្រហារ​ចោរ តែមួយដងបានឡើយ មានតែប្រហារពីរបីដងទើបបានស្លាប់ ព្រោះខ្លួនមាន​កម្លាំង​ថយពេកណាស់។ ទើបព្រះបាទបសេនទិកោសលរាជ ស្ដេចទ្រង់ជ្រាប​សេច​ក្ដីនោះហើយ ទ្រង់បានបញ្ឈប់បុរសនោះចេញពីមុខតំណែង ហើយទ្រង់ប្រទានតំណែង​ចោរឃាតកម្មនោះ ដល់បុរសដទៃវិញ។ ឯចោរឃាតកបុរសនោះ កាលបើស្ដេចបានបន្ថយចេញអំពីទីតំណែងជាអ្នកសម្លាប់​ចោរ​ហើយ ក៏​ដល់នូវសេចក្ដីលំបាកទាល់ក្រ តែងនៅអាស្រ័យក្នុងផ្ទះរបស់ខ្លួនតាមភាព​ជាអ្នកខ្សត់ខ្សោយនោះ។ កាលនោះ មានបុរសកំលោះដទៃម្នាក់ពុំស្គាល់ឈ្មោះ ជាអ្នក​ចេះមន្តអាចសម្លាប់មនុស្សដោយគ្រាន់តែរាយមន្តហើយ បញ្ចេញខ្យល់តាមច្រមុះ​ក៏អាចសម្លាប់បាន។ ឯមន្តនោះសោត បើយើងមានប្រាថ្នាចង់កាត់បំបាក់ ទម្លាយបណ្ដា​អវយវៈទាំងឡាយ មានដៃ ជើង ត្រចៀក ច្រមុះ និងក្បាលជាដើម អវយវៈណា​មួយ​​ហើយ យើង​សូធ្យរាយមន្តបញ្ចេញផ្សាយមន្តទៅតាមច្រមុះ សំដៅទីត្រង់ណា ទីត្រង់​នោះ​ក៏ដាច់​ចេញមួយរំពេច ដោយឫទ្ធានុភាពនៃមន្តនេះឯង។ មិនយូរប៉ុន្មាន ស្រាប់តែបុរាណចោរឃាតកាមាត្យចាស់នោះបានចូល​ទៅ​ផ្គាប់ផ្គុនបម្រើ​អ្នក​កំលោះដែលចេះមន្តហើយសុំរៀនមន្តនោះ បានចេះចប់សម្រេចដូចបំណងក៏ត្រឡប់​មក​ផ្ទះខ្លួនវិញ ទើបបញ្ជូនចុតហ្មាយទៅថ្វាយចំពោះព្រះបរមក្សត្រិយ៍ដើម្បីទ្រង់ជ្រាបសេចក្ដីសព្វគ្រប់ថាៈ ខ្ញុំព្រះករុណាថ្លៃវិសេសនេះ កាលពីមុនតែងធ្វើអំពើកាត់ផ្ដាច់​នូវអវយវៈ មានដៃ និងជើងជាដើម របស់ពួកចោរបានទាំងលំបាក ឬការសម្លាប់​ចោរ​ដែលគួរសម្លាប់ក៏បានទាំងលំបាកណាស់ ព្រោះទូលព្រះបង្គំមានវ័យចាស់ តែឥឡូវ​នេះ ខ្ញុំព្រះអង្គសូមធ្វើទីតំណែងនោះទៀត ព្រោះខ្ញុំព្រះអង្គបានចេះមន្តមួយពូកែវិសេស​ឆុតឆាប់ណាស់ ខ្ញុំព្រះអង្គអាចនឹងកាត់បំបែកទម្លាយ ឬសម្លាប់​ចោរ​ទាំង​ឡាយ ដោយ​អានុភាពមន្តរបស់ខ្ញុំព្រះអង្គ បានដោយងាយ។ ឯព្រះបរមក្សត្រិយ៍ លុះទ្រង់ព្រះសណ្ដាប់សេចក្ដីចុតហ្មាយនោះហើយ ទ្រង់ក៏ទទួលព្រមថា សាធុ​ហើយ ទ្រង់ត្រាស់បង្គាប់ឲ្យហៅបុរសនោះចូលមកគាល់ ទ្រង់ក៏បានប្រទាន​​ទីតំណែងងារដដែលនោះដល់បុរាណចោរឃាតកាមាត្យនោះដូចប្រក្រតីវិញ។ អាមាត្យ​នោះ តែងប្រព្រឹត្តអំពើសម្លាប់ចោរកន្លងទៅបាន ២៥ ឆ្នាំទៀត។ ក្នុងកាលជាខាងក្រោយនេះ អាមាត្យនោះក៏កាន់តែចាស់ជរាពន់ពេកមានអាយុច្រើន មានកម្លាំង​ថយ​ចុះ មាន​តែ​សេចក្ដីស្លាប់នៅខាងមុខ មានជំងឺឈឺជាទម្ងន់ ដរាបដល់ស្រែកថ្ងូរដោយ​សម្រែកលាន់ឮខ្លាំង មានភ័យយ៉ាងធំបំផុត ព្រោះមរណទុក្ខ​បៀតបៀន​ក្រៃ​ពេក​ តែអាមាត្យនោះធ្មេចភ្នែកទៅ ក៏បានឃើញ​និរយបាល​ទាំងឡាយ​កាន់ញញួរដែក ដំបងដែកមាន​ជ្រុងបួន សឹងឆេះភ្លឺរុងរឿងដោយអណ្ដាតភ្លើងនរក មុខ​គួរខ្លាចស្ញប់ស្ញែង​ពន់​ពេក គាត់ក៏ដេកបម្រះននៀលក្នុងកាលនោះ​ឯង។ លំដាប់នោះ មនុស្សអ្នកស្និទស្នាលនាផ្ទះជិតខាងនោះ លុះបានឮសំឡេង​ដែលគួរខ្លាចស្ញប់​ស្ញែង​ដូចនោះ ក៏​ភ័យ​​ញ័ររន្ធត់រត់ចោលផ្ទះទីលំនៅទីទៃ ៗ ក្នុងកាលនោះឯង។ មានសេចក្ដីតំណាលថា សម័យមួយនោះ ព្រះសារិបុត្តត្ថេរដ៏មានអាយុ លោកបានរមិល​មើលដោយទិព្វចក្ខុបានឃើញនូវអ្នកសម្លាប់ចោរដែលជិតនឹងស្លាប់ លុះស្លាប់ហើយ​មុខជានឹងទៅកើតក្នុងអវិចីនរកដោយពិត កាលបើព្រះថេរៈបានជ្រាបសព្វគ្រប់ហើយ​ ក៏មានព្រះហឫទ័យមេត្តាអាណិតបុរសនោះ បានរំពឹងពិចារណាថា ប្រសិនបើអាត្មាអញបានទៅកាន់ក្នុងទីនោះហើយ ចោរ​ឃាតកាមាត្យនេះ នឹងបានឡើងទៅកើត​ឯស្ថានសួគ៌ទេវលោកនាយ ដោយពិត។ ព្រះថេរៈបានគិតតទៅទៀតថា ថ្ងៃ​នេះត្រូវ​តែ​អាត្មាអញធ្វើសេចក្ដីអនុគ្រោះចំពោះបុរសនោះទើបគួរ លុះគិតយ៉ាងនេះហើយ ក៏ទ្រង់ស្បង់ប្រដាប់បាត្រ ក្នុងបុព្វណ្ហ​សម័យនិមន្តចេញទៅឈរទៀបទ្វារផ្ទះនៃចោរឃាតកបុរសនោះឯង។ ចំណែកឯបុរសនោះ បានឃើញព្រះថេរៈហើយ ក៏ក្រោធខឹងជាញឹកញយដូចរលកខ្ទប់ច្រាំង មានចិត្ត​ញាប់ញ័រ លាន់មាត់ថាៈ តដៈ​តដៈ ដោយសេចក្ដី​ក្រោធខ្លាំង គាត់ដេកគិត​ថា អញនឹងរាយមន្តសម្លាប់សមណៈកំណាចនេះ ឥឡូវនេះឯង ហើយសូធ្យរាយមន្តផ្សាយ​ខ្យល់ចេញទៅតាមច្រមុះ ដើម្បីសម្លាប់ព្រះថេរៈនោះតាមបំណង។ ក្នុងខណៈ​នោះ ព្រះថេរៈក៏បានចូលកាន់សមាបត្តិ ហើយចេញអំពីសមាបត្តិមួយរំពេច លោកមាន​រស្មីរុង​រឿងបីដូចព្រះអាទិត្យទើបនឹងរះឡើងបានឈរនឹងនៅក្នុងទីដដែលនោះ​ឯង​។ ចំណែកឯចោរឃាតកាមាត្យ ក៏រឹងរឹតតែខឹងខ្លាំងហើយសូធ្យរាយមន្តផ្សាយខ្យល់ចេញ​ទៅ​តាម​ច្រមុះ យ៉ាងនោះពីរដងបីដង ក៏គង់ពុំអាចនឹងធ្វើអវយវៈ នីមួយរបស់ព្រះថេរៈ​​ឲ្យកម្រើកបានឡើយ ហើយ​ត្រឡប់ជាមានចិត្តភិសវង់ស្ញប់ស្ញែងក្រៃពេក ក្នុងគុណ​ព្រះថេរៈក៏ញ៉ាំងចិត្តឲ្យជ្រះថ្លាជាថ្មីទៀត ទើបចាត់ចែងបុត្តភរិយាឲ្យថ្វាយ បាយាស​​ដែល​គេតាក់តែងបម្រុងខ្លួនចំពោះព្រះមហាសារីបុត្តត្ថេរក្នុងកាលនោះឯង។ ព្រះសារីបុត្តត្ថេរ លោកបានទទួលបាយាស ហើយក៏ញ៉ាំងមង្គលសួស្ដីឲ្យចម្រើនដល់បុរសនោះ ហើយនិមន្តត្រឡប់ទៅកាន់ព្រះវិហារវិញ។ ក្រោយពីនោះមក ចោរ​ឃាតកម្ម​ មានសេចក្ដីរលឹករឿយ ៗ នូវទានដែលបូជាដល់ព្រះថេរៈ ហើយធ្វើមរណកាល​ក្សិណក្ស័យជីវិតទៅក្នុងខណនោះ ក៏បានឡើងទៅកើតក្នុងស្ថានសួគ៌ទេវលោក សោយ​ទិព្វសម្បត្តិប្រកបដោយស្រីទេពអប្សរមានប្រមាណច្រើន ចោមរោមជាបរិវារបម្រើ​ជាប្រក្រតី ដោយផលានិសង្សនោះឯង។ ឱហ្ន៎ មុខគួរអស្ចារ្យពេកណាស់ កម្លាំងអានុភាពនៃបុគ្គលដែលមានរាគាទិកិលេសប្រាសចេញហើយ អាចញ៉ាំងសត្វលាមកអ្នកមាន​បាបស្លាប់ហើយគួរនឹងទៅកើតក្នុងនរក នេះត្រឡប់ឲ្យទៅកើតក្នុងស្ថានសួគ៌វិញ​បាន ដោយអំណាចសេចក្ដីព្យាយាមរបស់ព្រះមហាថេរៈនោះឯង។ ហេតុដូច្នេះ បានជាមានសុភាសិតជាបទគាថាថាៈ ទានំ តាណំ មនុស្សានំ, ទានំ ទុគ្គតិវារណំ; ទានំ សគ្គស្ស សោបានំ, ទានំ សន្តិករំ បរំ។ ប្រែថា ទានជាទីពឹងផ្អែកនៃមនុស្សទាំងឡាយ ទានអាចឃាត់ឃាំងរាំងរាមិនព្រមឲ្យទៅ​កាន់ទុគ្គតិបាន ទានប្រាកដស្មើដូចជណ្ដើរកែវឡើងទៅកាន់ស្ថានសួគ៌ ទានដ៏ឧត្ដម អាច​ធ្វើម្ចាស់ទានឲ្យរលត់ទុក្ខទាំងពួងបានដោយពិត។ ឥច្ឆិតិច្ឆិតទានេន, ទានំ ចិន្តាមណី វិយ; កប្បរុក្ខោវ សត្តានំ, ទានំ ភទ្ទឃដោវិយ។ ទានបីដូចជាកែវចិន្ដាមណី អាចឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួងតាមចិត្តនឹក ពុំនោះ​សោត​បីដូចជាដើមកប្បព្រឹក្ស អាចឲ្យសម្រេចសម្បត្តិទាំងពួងដល់សត្វនិករទួទៅ ទាន​បីដូចជាឆ្នាំងដ៏ពេញដោយបាយជាទិព្វ អាចផ្ដល់ឲ្យដល់សត្វទាំងឡាយបានដោយ​ពិត។ សីលវន្តស្ស ទានេន, ចក្កវត្តិសិរិម្បិ ច; លភន្តិ សក្កសម្បត្តិំ, តថា លោកុត្តរំ សុខំ។ មួយវិញទៀត ជនទាំងឡាយតែងបានសោយសម្បត្តិជាស្ដេចចក្រពត្តិដ៏មានសិរីសួស្ដីក្ដី បាន​​សោយទិព្វ​សម្បត្តិជាព្រះឥន្រ្ទាធិរាជក្ដី ក៏បានដោយទាន​ដែលខ្លួន​បានឲ្យដល់​បុគ្គល​អ្នកមាន​សីលដោយពិត ឬថា ជនទាំងឡាយតែងបាន​នូវលោកុត្តរសុខ គឺសេចក្ដីសុខ​ជាលោកុត្តរសម្បត្តិក្ដី ក៏បានដោយផលទានជាដើមនោះដែរ។ បាបកម្មេសុ និរតោ, ឋិតោយំ នរកាយនេ; សារិបុត្តស្ស ថេរស្ស, បិណ្ឌបាតស្ស វាហសា។ អបាយំ បរិវជ្ជេត្វា, នេកទុក្ខសមាកុលំ; ទេវសង្ឃបរិព្ពូឡ្ហោ, គតោ ទេវបុរំ វរំ។ ចោរឃាតកាមាត្យនេះ ស្ថិតនៅជានិច្ចតែក្នុងបាបកម្មទាំងឡាយ នឹងត្រូវទៅស្ថិតនៅក្នុង​ផ្ទះ គឺឋាននរកដោយពិត តែបែរអាចវៀរចាកអបាយទុក្ខបាន ព្រោះហេតុបានថ្វាយ​បិណ្ឌបាត ដល់ព្រះថេរៈព្រះនាមសារិបុត្ត។ទានដែលចោរឃាតកាមាត្យបានធ្វើ ជាអំពើមិនច្រឡំលាយដោយសេចក្ដីទុក្ខឡើយ ដោយផល្លានិសង្សបិណ្ឌបាតទាននេះ ចោរឃាតកាមាត្យបានឡើងទៅកាន់ទេវបុរីដ៏ប្រសើ​រ សឹងមានពួកទេវតាចោមរោមជាបរិវារជាសុខសប្បាយពិត។ តស្មា សុខេត្តេ សទ្ធាយ, ទេថ ទានានិ កាមទំ; ទានំ ទេន្តេហិ សីលម្បិ, បាលនីយំតិសុន្ទរំ។ ព្រោះហេតុនោះ សប្បុរសទាំងឡាយត្រូវតែឲ្យទាន ដែលជាគុណអាចសម្រេចប្រយោជន៍​ដល់បុគ្គលជាស្រែបុណ្យល្អ តាមចិត្តសទ្ធាដោយពិត ត្រូវតែរក្សាសីល (តាម​កាល​គួរ) រីទាន និងសីលនេះ ជាធម្មជាតមានផលល្អក្រៃលែង។ កាល​នោះ ភិក្ខុទាំងឡាយបានចូលមកប្រជុំគ្នាក្នុងរោងធម្មសភា បានលើកអញ្ជលីឡើង​ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរទើបក្រាបបង្គំទូលថា ៖ បពិត្រព្រះមានព្រះភាគដ៏ចម្រើន ! បុរសដ៏លាមកដូចចោរឃាតកាមាត្យនោះ តើនឹងទៅ​កើតក្នុងអបាយណាព្រះអង្គ ព្រះបរមសាស្ដាជាម្ចាស់ ទ្រង់ត្រាស់ព្យាករណ៍ថា ៖ ម្នាលភិក្ខុទាំងឡាយ បុរសនោះបានទៅកើតក្នុងស្ថានទេវលោកហើយ ដោយអានុភាព​នៃទានដែលបុរសនោះបានថ្វាយដល់ព្រះសារីបុត្តក្នុងថ្ងៃនេះឯង មួយទៀត​សោត លុះអំឡុងយូរទៅនាអនាគតកាល បុរសនោះនឹងបានត្រាស់ដឹងជាព្រះបច្ចេក​ពុទ្ធ​មួយ​ព្រះអង្គ ដោយអំណាចផលានិសង្សដែលហូរជូនមកពុំដាច់នោះដោយពិត។ លុះ​ព្រះ​មានព្រះភាគទ្រង់ត្រាស់សម្ដែងយ៉ាងនេះហើយក៏ទ្រង់ប្រកាសជាបទគាថាដូចនេះថា៖ ភោ សារិបុត្តេ និហិតប្បទានំ, ខណេន បាបេតិ ហិ សគ្គមគ្គំ; តស្មា សុខេត្តេសុ ទទាថ ទានំ, កាមត្ថ ចេ សគ្គមោក្ខំ បរត្ថ។ ប្រែថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ការថ្វាយអាហារបិណ្ឌបាត មានប្រមាណតិច ដែល​បុរសអ្នកសម្លាប់ចោរ បានថ្វាយហើយដល់ព្រះមហាសារីបុត្ត ក៏គង់អាចញ៉ាំង ឲ្យបាន​ដល់នូវស្ថានសួគ៌ទេវលោកមួយរំពេច ព្រោះហេតុដូចនោះ អ្នកទាំងឡាយត្រូវតែឲ្យទានដែលជាគុណញ៉ាំងសេចក្ដីប្រាថ្នាឲ្យសម្រេច ជាឧបាយទៅកាន់ស្ថានសួគ៌ឯបរ​លោក​ ចំពោះបុគ្គលអ្នកមានសីល ទុកដូចស្រែដ៏មានជីជាតិល្អដោយពិត។ សម្ដែងរឿងនិទានបុរសអ្នកសម្លាប់ចោរ ជាគម្រប់ប្រាំមួយក្នុងវគ្គទីបី ក៏ចប់សេចក្ដីជាសង្ខេប តែប៉ុណ្ណេះឯង។ (ចាកគម្ពីរមធុរសវាហិណី យក្ខវញ្ចិតវគ្គ ប្រែដោយសម្ដេច ព្រះធម្មលិខិត ល្វីឯម) ចម្លងនិងត្រួតពិនិត្យឡើងវិញដោយ ខេមរ អភិធម្មាវតារ ។ ដោយ៥០០០ឆ្នាំ
images/articles/3508/2026-07-21_15_53_06-____________________________________________________-_Word.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២២១ ដង)
(ធម្មទេវបុត្តចរិយាមានពាក្យផ្ដើមថា) ៖ បុនាបរំ យទា ហោមិ, មហាបក្ខោ មហិទ្ធិកោ; ធម្មោ នាម មហាយក្ខោ, សព្ពលោកានុកម្បកោ។ មានចរិយាដទៃទៀត កាលតថាគតកើតជាទេវបុត្តមានអានុភាពធំ ឈ្មោះ ធម្មៈ មានសក្តិធំ មានឫទ្ធិច្រើន ជាអ្នកអនុគ្រោះដល់សត្វលោកទាំងពួង ។ ក្នុងគ្រានោះ ព្រះមហាសត្វកើតជាទេវបុត្រឈ្មោះ ធម្មៈ ក្នុងកាមាវចរទេវលោក ។ កាលដែលមនុស្សទាំងឡាយបរិភោគអាហារល្ងាចរួច អង្គុយនិយាយគ្នា ដោយពាក្យជាសុខ ត្រង់ទ្វារផ្ទះរបស់ខ្លួនៗ ព្រះពោធិសត្វប្រដាប់តាក់តែងដោយគ្រឿងអលង្ការជាទិព្វ ឡើងជិះលើរថជាទិព្វ មានពួកទេពអប្សរជាបរិវារ ទៅឋិតនៅលើអាកាស ត្រង់ស្រុក និគម និងរាជធានី ក្នុងថ្ងៃបុណ្ណមីឧបោសថ ឲ្យឱវាទមនុស្សថា អ្នកទាំងឡាយចូរវៀរចាកអកុសលកម្មបថ ១០ មានបាណាតិបាតជាដើម ចូរបំពេញសុចរិតធម៌ ៣ ប្រការ ចូរចម្រើនការគោរពរាប់អានមាតាបិតា សមណព្រាហ្មណ៍ និងរៀមច្បងក្នុងត្រកូល ជាអ្នកមានសួគ៌ជាទីទៅខាងមុខ នឹងបានសោយយសដ៏ធំ កាលឲ្យពួកមនុស្សសមាទានក្នុងកុសលកម្មបថ ១០ ហើយ ធ្វើប្រទក្សិណ (ដំណើរវិលទៅខាងស្ដាំ) ជម្ពូទ្វីប ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ៖ ទសកុសលកម្មបថេ, សមាទបេន្តោ មហាជនំ; ចរាមិ គាមនិគមំ, សមិត្តោ សបរិជ្ជនោ។ កាលនោះ តថាគតញ៉ាំងមហាជនឱ្យតម្កល់នៅក្នុងកុសលកម្មបថ ១០ ត្រាច់ទៅក្នុងស្រុក និងនិគម ជាមួយនឹងមិត្រ ជាមួយនឹងជនបរិវារ ។ ក្នុងសម័យនោះ មានទេវបុត្រមួយ ឈ្មោះ អធម្មៈ កើតក្នុងកាមាវចរទេវលោក ។ ទេវបុត្រនោះ ឲ្យសត្វទាំងឡាយសមាទានអកុសលកម្មបទ ដោយន័យជាដើមថា អ្នកទាំងឡាយចូរសម្លាប់សត្វ ចូរលួចទ្រព្យ ដូច្នេះហើយ ជាអ្នកមានបរិវារដ៏ធំ ធ្វើដំណើរវិលជុំវិញជម្ពូទ្វីបជាឧត្តរាវដ្ដ (ដំណើរវិលទៅខាងឆ្វេង) ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា៖ បាបោ កទរិយោ យក្ខោ, ទីបេន្តោ ទស បាបកេ; សោបេត្ថ មហិយា ចរតិ, សមិត្តោ សបរិជ្ជនោ។ មានទេវបុត្តមួយអង្គ មានធម៌លាមក កំណាញ់ស្វិតស្វាញ សម្តែងនូវធម៌ដ៏លាមក ១០ ប្រការ ទេវបុត្តនោះ ត្រាច់ទៅលើផែនដីដ៏ធំ ក្នុងជម្ពូទ្វីបនេះ ជាមួយនឹងមិត្ត ជាមួយនឹងជនជាបរិវារ ។ ក្នុងរឿងនោះ សត្វទាំងឡាយណាជាអ្នកមានកម្មល្អ ធ្ងន់ក្នុងធម៌ សត្វទាំងឡាយនោះ ឃើញធម្មទេវបុត្រមកយ៉ាងនោះហើយ ក្រោកចាកអាសនៈ បូជាដោយគ្រឿងក្រអូប និងផ្កាកម្រងជាដើម ឈរសំពះនមស្ការ ពោលសរសើររហូតដល់ផុតកន្ទុយភ្នែក រួចស្ដាប់តាមពាក្យរបស់ធម្មទេវបុត្រ ជាអ្នកមិនប្រមាទ ធ្វើបុណ្យដោយសេចក្ដីគោរព ។ ចំណែកសត្វទាំងឡាយណាប្រព្រឹត្តអំពើបាប ជាអ្នកមានកម្មអាក្រក់រឹងរូស សត្វទាំងឡាយនោះស្ដាប់តាមពាក្យអធម្មទេវបុត្រហើយ ពេញចិត្តយ៉ាងក្រៃលែង រួចនាំគ្នាប្រព្រឹត្តអំពើបាបឲ្យក្រៃលែងឡើងថែមទៀត ។ ក្នុងគ្រានោះ ទេវបុត្រទាំងពីរនោះ ជាអ្នកមានវាទៈផ្ទុយគ្នា មានការប្រព្រឹត្តផ្ទុយគ្នា ត្រាច់ទៅក្នុងលោក យ៉ាងនេះ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ៖ ធម្មវាទី អធម្មោ ច, ឧភោ បច្ចនិកា មយំ។ យើងជាទេវបុត្តទាំងពីរនាក់ គឺទេវបុត្តអ្នកពោលនូវធម៌ និងទេវបុត្តអ្នកពោលនូវអធម៌ ទៅជាសត្រូវនឹងគ្នា ។ កាលកន្លងទៅយ៉ាងនេះ ថ្ងៃមួយ រថរបស់ទេវបុត្រទាំងពីរនោះ មកជួបទល់មុខគ្នាលើអាកាស ។ ពេល​នោះ បរិស័ទទាំងឡាយរបស់ទេវបុត្រទាំងនោះសួរឡើងថា ពួកលោកជារបស់ទេវបុត្រណា ? ពួកលោកជារបស់ទេវបុត្រណា ? ហើយពោលថា ពួកយើងជាបក្សពួកធម្មទេវបុត្រ ពួកយើងជាបក្សពួកអធម្មទេវបុត្រ ដូច្នេះហើយ ទើបធ្វើផ្លូវឲ្យញែកជាពីរ ។ រថរបស់ធម្មទេវបុត្រនិងអធម្មទេវបុត្រទល់មុខគ្នា នឹមប៉ះនឹម ឋិតនៅ ។ ទាំងពីរពួកពោលឡើងថា ចូរបររថរបស់លោកចៀសចេញ ហើយឲ្យផ្លូវដល់យើង, ចូរបររថរបស់លោកចៀសចេញ ហើយឲ្យផ្លូវដល់យើង ដូច្នេះហើយក៏ធ្វើវិវាទដល់គ្នានឹងគ្នាដើម្បីបានផ្លូវ ។ ពួកបរិស័ទរបស់ទេវបុត្រទាំងនោះ នាំអាវុធមកហើយ ជាអ្នកត្រៀមប្រយុទ្ធ ។ សមដូចព្រះមានព្រះភាគត្រាស់ថា៖ ធុរេ ធុរំ ឃដ្ដយន្តា, សមិម្ហា បដិបថេ ឧភោ។ យើងទាំងពីរនាក់ ត្រូវបររថប៉ះនឹមដោយនឹម ក្នុងផ្លូវជួបគ្នា ។ កលហោ វត្តតី ភេស្មា, កល្យាណបាបកស្ស ច; មគ្គា ឱក្កមនត្ថាយ, មហាយុទ្ធោ ឧបដ្ឋិតោ។ ជម្លោះជាហេតុញ៉ាំងភ័យឱ្យកើតឡើង ប្រព្រឹត្តទៅដល់កល្យាណទេវបុត្ត និងបាបទេវបុត្ត មហា​សង្គ្រាម​ក៏តាំងឡើង ដើម្បីប្រជែងផ្លូវគ្នា ។ កាលដែលបរិស័ទរបស់ទេវបុត្រទាំងនោះ ប្រាថ្នានឹងធ្វើសង្គ្រាម ដល់គ្នានឹងគ្នាយ៉ាងនេះ ។ បណ្ដាទេវបុត្រទាំងនោះ ធម្មទេវបុត្តពោលនឹងអធម្មទេវបុត្តថា នែសម្លាញ់ លោកជាអធម៌ ខ្ញុំជាធម៌ ផ្លូវសមគួរដល់ខ្ញុំ លោកចូរបររថចៀសចេញ ហើយឲ្យផ្លូវដល់ខ្ញុំ ។ អធម្មទេវបុត្តពោលថា ខ្ញុំមានយានដ៏មាំ ជាអ្នកមានកម្លាំង ព្រោះហេតុនោះ ខ្ញុំមិនឲ្យផ្លូវទេ ខ្ញុំនឹងធ្វើសង្គ្រាម អ្នកណាឈ្នះក្នុងសង្គ្រាម ផ្លូវជារបស់អ្នកនោះ ។ ដោយហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា៖ (ធម្មទេវបុត្តពោលថា) យសោករោ បុញ្ញករោហមស្មិ, សទាត្ថុតោ សមណព្រាហ្មណានំ; មគ្គារហោ ទេវមនុស្សបូជិតោ, ធម្មោ អហំ ទេហិ អធម្ម មគ្គំ។ ម្នាលអធម្មទេវបុត្រ ខ្ញុំឈ្មោះធម្មៈ ជាអ្នកធ្វើយស ធ្វើបុណ្យ ខ្ញុំដែលពួកសមណព្រាហ្មណ៍ សរសើរជានិច្ច ដែលទេវតា និងមនុស្សបូជាហើយ គួរបានផ្លូវ អ្នកចូរឲ្យផ្លូវ ។ (អធម្មទេវបុត្តពោលថា) អធម្មយានំ ទឡ្ហមារុហិត្វា, អសន្តសន្តោ ពលវាហមស្មិ; ស កិស្ស ហេតុម្ហិ តវជ្ជ ទជ្ជំ, មគ្គំ អហំ ធម្ម អទិន្នបុព្ពំ។ ម្នាលធម្មៈ ខ្ញុំជិះរថ ឈ្មោះអធម្មយានដ៏មាំ ជាអ្នកមិនតក់ស្លុត មានកម្លាំង ខ្ញុំនោះនឹងឲ្យផ្លូវដល់អ្នក ដែលមិនធ្លាប់ឲ្យហើយ ក្នុងថ្ងៃនេះ ព្រោះហេតុអ្វី ។ (ធម្មទេវបុត្រពោលថា) ធម្មោ ហវេ បាតុរហោសិ បុព្ពេ, បច្ឆា អធម្មោ ឧទបាទិ លោកេ; ជេដ្ឋោ ច សេដ្ឋោ ច សនន្តនោ ច, ឧយ្យាហិ ជេដ្ឋស្ស កនិដ្ឋ មគ្គា។ ធម៌បានកើតមុន អធម៌កើតក្រោយ ក្នុងលោក ខ្ញុំជាច្បងផង ប្រសើរជាងផង មានតាំងពីព្រេងនាយផង ម្នាលប្អូន អ្នកចូរចៀសចេញ អំពីផ្លូវរបស់បង ។ (អធម្មទេវបុត្រពោលថា) ន យាចនាយ នបិ បាតិរូបា, ន អរហតា តេហំ ទទេយ្យំ មគ្គំ; យុទ្ធញ្ច នោ ហោតុ ឧភិន្នមជ្ជ, យុទ្ធម្ហិ យោ ជេស្សតិ តស្ស មគ្គោ។ ខ្ញុំមិនត្រូវឲ្យផ្លូវដល់អ្នក ដោយសេចក្តីអង្វរ មិនត្រូវឲ្យ ដោយពាក្យសមគួរ មិនត្រូវឲ្យ ព្រោះខ្ញុំគួរបានផ្លូវ យើងទាំងពីរនាក់ ចូរច្បាំងគ្នា ក្នុងថ្ងៃនេះ អ្នកណាឈ្នះក្នុងចម្បាំង ផ្លូវជារបស់អ្នកនោះ ។ ធម្មទេវបុត្រពោលថា) សព្ពា ទិសា អនុវិសដោហមស្មិ, មហព្ពលោ អមិតយសោ អតុល្យោ; គុណេហិ សព្ពេហិ ឧបេតរូបោ, ធម្មោ អធម្ម ត្វំ កថំ វិជេស្សសិ។ មា្នលអធម្មៈ ខ្ញុំឈ្មោះធម្មៈ ជាអ្នកល្បីល្បាញសព្វទិស មានកម្លាំងច្រើន មានយសរាប់មិនអស់ មិនមានអ្នកណាផ្ទឹមបាន មានសភាពជាអ្នកប្រកបដោយគុណគ្រប់យ៉ាង អ្នកនឹងឈ្នះ (ខ្ញុំ) ដូចម្តេចបាន ។ (អធម្មទេវបុត្រពោលថា) លោហេន វេ ហញ្ញតិ ជាតរូបំ, ន ជាតរូបេន ហនន្តិ លោហំ; សចេ អធម្មោ ហញ្ឆតិ ធម្មមជ្ជ, អយោ សុវណ្ណំ វិយ ទស្សនេយ្យំ។ គេតែងដំមាស ដោយដែក គេមិនដែលដំដែកដោយមាសទេ បើអធម្មៈ ដំធម្មៈក្នុងថ្ងៃនេះ ដូចជាដែកដំមាស បុគ្គលគួរមើលដែរ ។ (ធម្មទេវបុត្រពោលថា) សចេ តុវំ យុទ្ធពលោ អធម្ម, ន តុយ្ហ វុឌ្ឍា ច គរូ ច អត្ថិ; មគ្គញ្ច តេ ទម្មិ បិយាប្បិយេន, វាចាទុរុត្តានិបិ តេ ខមាមិ។ ម្នាលអធម្មៈ បើអ្នកមានកម្លាំងនឹងច្បាំងបុគ្គលចាស់ និងបុគ្គលជាគ្រូ មិនមានដល់អ្នក ខ្ញុំនឹងឲ្យនូវផ្លូវដល់អ្នក ដោយពាក្យជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ផង ខ្ញុំនឹងអត់ទ្រាំនូវពាក្យទ្រគោះបោះបោក របស់អ្នកផង ។ (សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ទំព័រ ២១៦) គាថា​ទាំង​ឡាយ​នេះ ជាពាក្យឆ្លើយឆ្លងរបស់ទេវបុត្រទាំង ២ នោះ ។ គ្រានោះ ព្រះមហាសត្វគិតថា ប្រសិនបើយើងផ្ទាត់ម្រាមដៃ ហើយពោលនឹងបុគ្គលអាក្រក់នេះ ដែលជាអ្នកធ្វើអំពើមិនជាប្រយោជន៍ដល់សត្វលោកទាំងពួង ដែលជាអ្នកកាត់សេចក្ដីស្រឡាញ់នឹងយើង យ៉ាងនេះថា នែបុគ្គលអនាចារ កុំឋិតនៅទីនេះអី ចូរប្រញាប់ថយចេញ ចូរវិនាសចុះ ក្នុងខណៈនោះ អធម្មទេវបុត្តនឹងគប្បីខ្ចាយទៅ ដូចជាអង្កាមដែលគេបាច ដោយធម្មតេជះរបស់យើង តែអំពើនោះមិនសមគួរដល់យើង យើងអនុគ្រោះសត្វលោកទាំងពួង ប្រតិបត្តិដោយគិតថា យើងនឹងធ្វើលោកត្ថចរិយា (ការប្រព្រឹត្តជាប្រយោជន៍ដល់សត្វលោក) ឲ្យដល់កំពូល ។ តទៅ បុគ្គលលាមកនេះនឹងមានចំណែកនៃសេចក្ដីទុក្ខដ៏ធំ, យើងគប្បីអនុគ្រោះបុគ្គលនេះឲ្យវិសេស ព្រោះហេតុនោះ យើងឲ្យផ្លូវដល់គេ កាលបើយ៉ាងនេះ សីលរបស់យើងនឹងបរិសុទ្ធ មិនដាច់ ។ កាលព្រះពោធិសត្វគិតយ៉ាងនេះហើយ ក៏ពោលគាថាថា សចេ តុវំ យុទ្ធពលោ (បើអ្នកមានកម្លាំងនឹងច្បាំង) ដូច្នេះហើយ កាលដែលព្រះពោធិសត្វបររថចុះចេញបន្តិចប៉ុណ្ណោះ អធម្មទេវបុត្រមិនអាចនឹងឋិតនៅលើរថ មានក្បាលសំយុងចុះ ធ្លាក់មកលើផែនដី ហើយផែនដីបើកចន្លោះប្រហោង គេក៏ទៅកើតក្នុងអវីចិនរក ។ ដោយហេតុនោះ ព្រះមានព្រះភាគទើបត្រាស់ថា ៖ យទិហំ តស្ស កុប្បេយ្យំ, យទិ ភិន្ទេ តបោគុណំ; សហបរិជនំ តស្ស, រជភូតំ ករេយ្យហំ។ បើតថាគត ខឹងនឹងអធម្មទេវបុត្ត មានតែតថាគតទម្លាយតបោគុណ គឺសីលដ៏ប្រសើរ តថាគតគប្បីធ្វើនូវអធម្មទេវបុត្តនោះ ព្រមទាំងជនជាបរិស័ទ ឱ្យទៅជាធូលីក៏បាន ។ អបិចាហំ សីលរក្ខាយ, និព្ពាបេត្វាន មានសំ; សហ ជនេនោក្កមិត្វា, បថំ បាបស្ស ទាសហំ។ ប៉ុន្តែ តថាគតរំលត់ចិត្ត ដើម្បីរក្សាសីល តថាគតព្រមទាំងជនជាបរិស័ទ ក៏បរចៀស បើកផ្លូវឱ្យបាបទេវបុត្ត ។ សហ បថតោ ឱក្កន្តេ, កត្វា ចិត្តស្ស និព្ពុតិំ; វិវរំ អទាសិ បថវី, បាបយក្ខស្ស តាវទេ។ កាលតថាគត ព្រមទាំងជនជាបរិស័ទ រំលត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពី ក៏ស្រូបបាបទេវបុត្ត ក្នុងខណៈនោះ ។ កាលអធម្មទេវបុត្តធ្លាក់ចុះលើផែនដីយ៉ាងនេះហើយ មហាប្រឹថពីដែលមានកម្រាស់ ២៤០០០០ យោជន៍ សូម្បីអាចទ្រទ្រង់របស់ល្អនិងមិនល្អទាំងអស់ ក៏ប្រេះបែកជាពីរ ត្រង់កន្លែងដែលអធម្មទេវបុត្រឋិតនៅ ។ កាលអធម្មទេវបុត្រធ្លាក់ទៅ និងកើតក្នុងអវីចិនរកហើយ ព្រះមហាសត្វឋិត​នៅ​លើ​នឹម​រថតាមធម្មតា យាងទៅតាមផ្លូវនោះឯង ដោយទេវានុភាពដ៏ធំ មួយអន្លើដោយបរិស័ទ ហើយចូលទៅកាន់ពិភពរបស់ខ្លួន ។ ដោយហេតុនោះ ព្រះមានព្រះភាគ ទើបត្រាស់ថា ៖ ខន្តីពលោ យុទ្ធពលំ វិជេត្វា, ហន្ត្វា អធម្មំ និហនិត្វ ភូម្យា; បាយាសិ វិត្តោ អភិរុយ្ហ សន្ទនំ, មគ្គេនេវ អតិពលោ សច្ចនិក្កមោ។ ធម្មទេវបុត្រ មានខន្តិធម៌ ជាកម្លាំង មានចិត្ត មានកម្លាំងក្រៃពេក មានព្យាយាមដ៏ទៀងទាត់ បានផ្ចាញ់ បានសម្លាប់នូវអធម្មទេវបុត្រ ដែលមានចម្បាំងជាកម្លាំង ទម្លាក់ទៅលើផែនដី ហើយឡើងកាន់រថ (របស់ខ្លួន) បរទៅតាមផ្លូវដដែល ។ (សុត្តន្តបិដក ជាតក ឯកាទសកនិបាត ធម្មទេវបុត្តជាតក បិដកលេខ ៥៩ ទំព័រ ២១៨) តទា អធម្មោ ទេវទត្តោ អហោសិ អធម្មទេវបុត្រក្នុងកាលនោះ បានមកជាទេវទត្តតស្ស បរិសា ទេវទត្តបរិសា បរិស័ទរបស់អធម្មទេវបុត្របានមកជាបរិស័ទរបស់ទេវទត្តធម្មោ លោកនាថោ ធម្មទេវបុត្រ បានមកជាព្រះលោកនាថតស្ស បរិសា ពុទ្ធបរិសា បរិស័ទរបស់ធម្មទេវបុត្របានមកជាពុទ្ធ​បរិស័ទ ។ សូម្បីធម្មទេវបុត្តចរិយានេះ គប្បីពោលដល់បារមីដ៏សេស តាមសមគួរ ដោយន័យដែលបានពោលហើយ ក្នុងចរិយាខាងក្រោយ ។ សូម្បីក្នុងចរិយានេះ គប្បីពោលគុណានុភាពរបស់ព្រះមហាសត្វ ដោយន័យជាដើមថា ព្រះមហាសត្វដល់ព្រមដោយអាយុ វណ្ណៈ យស សុខ និងអាធិបតេយ្យដ៏ជាទិព្វ, ដល់ព្រមដោយកាមគុណដ៏ជាទិព្វយ៉ាងឱឡារិក មានស្រីទេពអប្សរច្រើនពាន់នៅបម្រើសព្វកាល ដែលគួរធ្លាក់ក្នុងសេចក្ដីប្រមាទដ៏ធំ តែព្រះអង្គមិនដល់សេចក្ដីប្រមាទ សូម្បីតែបន្តិចឡើយ ទ្រង់គិតថា យើងនឹងធ្វើលោកត្ថចរិយាឲ្យដល់ទីបំផុត ដូច្នេះទើបសម្ដែងធម៌ ក្នុងថ្ងៃពេញបូណ៌មីរាល់ៗខែ ជាអ្នកមានបរិវារចោមរោម ត្រាច់ទៅកាន់ស្រុកមនុស្ស, ញ៉ាំងសព្វសត្វឲ្យវៀរចាកអធម៌ ឲ្យប្រកបក្នុងធម៌ ដោយសេចក្ដីករុណាដ៏ធំ សូម្បីបានជួបអធម្មទេវបុត្រហើយ ក៏មិនគិតដល់អំពើអនាចារ ដែលអធម្មទេវបុត្របានធ្វើ ញ៉ាំងចិត្តមិនឲ្យក្រោធនឹងអធម្មទេវបុត្រនោះ ធ្វើខន្តី មេត្តា និងសេចក្ដីអាណិតឲ្យតាំងឡើង រក្សាសីលរបស់ខ្លួន មិនឲ្យដាច់ ឲ្យបរិសុទ្ធល្អ ។ ធម្មទេវបុត្តចរិយា ចប់ ៕ (បរមត្ថទីបនី អដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ចរិយាបិដក សីលបរមិតា បិដកលេខ ៧៧ ទំព័រ ២៧៩) ថ្ងៃអង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ត្រូវនឹង​ថ្ងៃទី ២៣ ខែ តុលា ព.ស. ២៥៦២ គ.ស.២០១៨ ។ ដោយ​ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3509/2026-07-21_16_07_25-__________________________-__Protected_View_-_Word.jpg
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៥៨ ដង)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា កាកោលា កាកសង្ឃា ច ដូច្នេះជាដើម ។ បានឮមកថា ភិក្ខុនោះរៀនយកកម្មដ្ឋានក្នុងសំណាក់ព្រះសាស្ដា ហើយទៅកាន់បច្ចន្តគ្រាមមួយ ។ មនុស្សទាំងឡាយជ្រះថ្លានឹងឥរិយាបថរបស់ភិក្ខុនោះ និមន្តលោកឲ្យឆាន់ ឲ្យលោកទទួលប្ដេជ្ញា រួចកសាងបណ្ណសាលា ឲ្យលោកគង់ចាំវស្សាក្នុងទីនោះ នាំគ្នាធ្វើសក្ការៈយ៉ាងច្រើន ។ គ្រានោះ ពួកភិក្ខុដទៃជាសស្សតវាទ (អ្នកមានវាទៈថាទៀង) បានមកក្នុងទីនោះ ។ មនុស្សទាំងឡាយស្ដាប់ពាក្យរបស់ពួកសស្សតវាទហើយ នាំគ្នាលះបង់វាទៈរបស់ព្រះថេរៈ កាន់យកសស្សតវាទ ហើយធ្វើសក្ការៈដល់ពួកសស្សតវាទនោះ ។ បន្ទាប់មក មានពួកឧច្ឆេទវាទ (មានវាទៈថាដាច់សូន្យ) មកក្នុងទីនោះ មនុស្សទាំងឡាយលះបង់សស្សតវាទ នាំគ្នាកាន់យកឧច្ឆេទវាទ ។មានពួកអចេលក៍ដទៃមក ។ មនុស្សទាំងឡាយលះបង់ឧច្ឆេទវាទ នាំគ្នាកាន់យកអចេលកវាទ ។ភិក្ខុនោះរស់នៅជាទុក្ខក្នុងសំណាក់ពួកមនុស្សដែលដឹងនូវគុណនិងទោស ។ កាលបវារណាចេញវស្សាហើយ លោក​មក​កាន់​សំណាក់ព្រះសាស្ដា ។ ព្រះពុទ្ធធ្វើបដិសណ្ឋារៈត្រាស់សួរលោកថា អ្នកចាំវស្សានៅក្នុងទីណា ? លោកទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ខ្ញុំព្រះអង្គនៅក្នុងបច្ចន្តគ្រាមមួយ ។ព្រះសាស្ដាសួរថា អ្នកចាំវស្សានៅជាសុខទេឬ ?លោកទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនៅចាំវស្សាជាទុក្ខ ក្នុងសំណាក់ពួកមនុស្សដែលមិនដឹងនូវគុណនិងទោស ។ ព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុ បោរាណកបណ្ឌិតទាំងឡាយ សូម្បីកើតក្នុងកំណើតសត្វតិរច្ឆាន ក៏មិននៅអស់ ១ ថ្ងៃ ជាមួយនឹងអ្នកដែលមិនដឹងនូវគុណនិងទោសដែរ ព្រោះហេតុអ្វី បានជាអ្នកនៅក្នុងសំណាក់មនុស្សដែលមិនដឹងនូវគុណនិងទោសទៅវិញ ដូច្នេះហើយ កាលភិក្ខុនោះអារាធនា ទ្រង់ទើបនាំយកអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះពោធិសត្វកើតក្នុងកំណើតសុវណ្ណហង្ស, លោកមានបងប្អូន ។ សត្វទាំងនោះរស់នៅលើភ្នំចិត្តកូដ បរិភោគស្រូវសាលីដែលដុះឯង ក្នុងព្រៃហិមពាន្ត ។ ថ្ងៃមួយ សត្វទាំងនោះត្រាច់ទៅកាន់ព្រៃហិមពាន្ត កាលមកកាន់ភ្នំចិត្តកូដវិញ បានឃើញកញ្ចនបព៌តមួយ ដែលមានឈ្មោះថា នេរុ នៅក្នុងរវាងផ្លូវ ហើយហើរទៅទំលើកំពូលភ្នំនោះ ។ សត្វទាំងឡាយដែលរស់នៅលើភ្នំនោះ ទាំងពួកបក្សី ទាំងសត្វជើងបួន កាលនៅលើដី ជាសត្វមានពណ៌ផ្សេងៗ, តែកាលចាប់ពីពេលចូលទៅកាន់ភ្នំហើយ សត្វទាំងអស់នោះ ទៅជាមានពណ៌ដូចមាស ដោយរស្មីរបស់ភ្នំ ។ ប្អូនព្រះពោធិសត្វឃើញសត្វទាំងនោះហើយ មិនដឹងហេតុនោះ សង្ស័យថា “មានហេតុអ្វីអេះ” កាលនឹងចរចាជាមួយបង ទើបពោល ២ គាថាថា ៖ កាកោលា កាកសង្ឃា ច, មយញ្ច បតតំ វរា; សព្ពេវ សទិសា ហោម, ឥមំ អាគម្ម បព្ពតំ។ ហ្វូងក្អែកព្រៃ ក្អែកស្រុក និងយើង ជាសត្វប្រសើរជាងពួកសត្វស្លាប មកដល់ភ្នំនេះ មានសម្បុរប្រហែលគា្នទាំងអស់ ។ ឥធ សីហា ច ព្យគ្ឃា ច, សិង្គាលា ច មិគាធមា; សព្ពេវ សទិសា ហោន្តិ, អយំ កោ នាម បព្ពតោ។ ពួកសីហៈ ខ្លាធំ សត្វសា្លប ម្រឹគថោកទាប ក្នុងទីនេះ មានសម្បុរប្រហែលគ្នាទាំងអស់ តើភ្នំនេះ ឈ្មោះអ្វី ។ ព្រះពោធិសត្វស្ដាប់ពាក្យប្អូនហើយ ពោលគាថាទី ៣ ថា៖ ឥមំ នេរូតិ ជានន្តិ, មនុស្សា បព្ពតុត្តមំ; ឥធ វណ្ណេន សម្បន្នា, វសន្តិ សព្ពបាណិនោ។ មនុស្សទាំងឡាយ ដឹងថាភ្នំដ៏ឧត្តមនេះឈ្មោះ នេរុ សព្វសត្វទាំងឡាយ នៅក្នុងទីនោះ ជាសត្វបរិបូណ៌ដោយពណ៌សម្បុរ ។ ប្អូនស្ដាប់ពាក្យនោះហើយ ពោលគាថាដ៏សេសថា អមាននា យត្ថ សិយា, អន្តានំ វា វិមាននា; ហីនសម្មាននា វាបិ, ន តត្ថ វិសតិំវសេ។ ការមិនរាប់អាន ឬការមើលងាយ នូវពួកសប្បុរស ឬក៏ការរាប់អានបុគ្គលថោកទាប មានក្នុងទីណា បុគ្គលមិនគប្បីនៅក្នុងទីនោះទេ ។ យត្ថាលសោ ច ទក្ខោ ច, សូរោ ភីរុ ច បូជិយា; ន តត្ថ សន្តោ វសន្តិ, អវិសេសករេ នរេ។ មនុស្សខ្ជិល និងមនុស្សឧស្សាហ៍ មនុស្សក្លៀវក្លា និងមនុស្សខ្លាច គេបូជាស្មើគ្មា ក្នុងទីណា សប្បុរសទាំងឡាយ រមែងមិននៅក្នុងទីនោះ ជាភ្នំមិនធ្វើឲ្យប្លែកបាន ។ នាយំ នេរុ វិភជតិ, ហីនឧក្កដ្ឋមជ្ឈិមេ; អវិសេសករោ នេរុ, ហន្ទ នេរុំ ជហាមសេ។ ភ្នំនេរុនេះ មិនចែកនូវសត្វឲ្យថោកទាប ឲ្យខ្ពង់ខ្ពស់ ឲ្យជាកណ្តាល ភ្នំនេរុមិនធ្វើឲ្យប្លែកគ្នាបាន បើដូច្នោះ យើងទាំងឡាយ លះបង់នូវភ្នំនេរុចោល ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ និងប្រជុំជាតក, កាលចប់សច្ចធម៌ ភិក្ខុនោះបានតាំងនៅក្នុងសោតាបត្តិផល ។តទា កនិដ្ឋហំសោ អានន្ទោ អហោសិ សុវណ្ណហង្សជាប្អូនក្នុងកាលនោះបានមកជាអានន្ទ ជេដ្ឋកហំសោ បន អហមេវ អហោសិំ សុវណ្ណហង្សជាបង គឺ តថាគតនេះឯង ។ នេរុជាតក ចប់ ៕ (អដ្ឋកថា ជាតក ឆក្កនិបាត អាវារិយវគ្គ) ដោយ សដវថ ដោយ៥០០០ឆ្នាំ
images/articles/852/2026-08-21_12_59_55-4K_YouTube_to_MP3_Professional_License.jpg
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៥,៤៥៩ ដង)
រឿង​ស្តេច​លិច្ឆវី និង​ភូម​ទេវ​តា​ ( ចាក​ បេ. ខុ. ) (​ អានិ​សង្ស​ធ្វើផ្លូវ​ថ្នល់​ ដោយ​សេច​ក្តី​ជ្រះ​ថ្លា​ ) សម័យ​ពុទ្ធ​កាល​ មាន​ស្តេច​លិច្ឆ​វី​មួយ​ព្រះ​អង្គ​ព្រះ​នាម​ អម្ពស​ក្ខរ នៅ​ន​គរ​វេ​សា​លី​ ជា​ស្តេច​មិ​ច្ឆា​ទិ​ដ្ឋិ​ យល់​ថា​លោក​ខាង​មុខ​មិនមាន​ ម​នុស្ស​សត្វ​ទាំង​ពួង​តែ​ស្លាប់ទៅ​ហើយ​​សូន្យ​គ្មាន​កើត​ទៀត​ ។ព្រះ​រា​ជា​អង្គ​នេះ​ តែង​បៀត​បៀន​ពួក​ពុទ្ធ​ប​រិ​ស័ទ​ មាន​ភិ​ក្ខុ​សាម​ណេរ​ជា​ដើម​ រាល់​ពេល​វេ​លា​ដែល​បាន​ជួប​ប្រ​ទះ​ ។ ក្នុង​ក្រុង​វេ​សា​លី​ មាន​ឈ្មួញ​លក់​ដូរ​នៅ​ច្រើន​ កាល​នោះ​មាន​ឈ្មួញ​លក់​រាន​ ១ រូប​ជា​ប​ណ្ឌិត​អ្នក​ប្រាជ្ញ​ ប​រិ​បូណ៍​ដោយ​សីល​ និង​ទាន​ មាន​ចិត្ត​សប្បុរស​​បាន​ឃើញ​ទឹក​ភក់​ដក់​នៅ​កណ្តាល​ផ្លូវ​ ជា​ហេតុ​ឲ្យ​លំ​បាក​ដល់​ម​ហា​ជន​ទៅ​មក​ ក៏​យក​ឆ្អឹង​គោ​ទៅ​ដាក់​រៀប​លើ​ភក់​ ហើយ​យក​ដី​ចាក់​​ ធ្វើ​ផ្លូវ​ នោះ​ឲ្យ​ស្អាត​ល្អ​ឡើង ។ ពេល​ថ្ងៃ​ក្តៅ​ទៅ​ងូត​ទឹក​ជា​មួយ​សម្លាញ់​ម្នាក់​ ប្រ​ឡែង​គ្នា​យក​សំ​ពត់​សម្លាញ់នោះ​លាក់​លេង​ជា​ល្បែង​ឲ្យ​សម្លាញ់​នោះ​អា​ក្រាត​នៅ​ខ្លួន​ទ​ទេ ។ ដល់​ត្រ​ឡប់​មក​រាន​ផ្សារ​វិញ​ ជួន​ជា​ពេល​នោះ​ ក្មួយ​ប្រុស​​របស់​គាត់​ទៅ​លួច​ទ្រព្យ​​គេ​ទុក​នៅ​រាន​នោះ​ ។ ពួក​រាជ​បុ​រស​ចាប់​យក​ទាំង​ពីរ​នាក់​ទៅ​ថ្វាយ​ស្តេច​លិច្ឆ​វី​ ព្រះ​រា​ជា​ឲ្យ​យក​ឈ្មួញ​នោះ​ទៅ​សម្លាប់​ចោល​ ឯ​ក្មួយ​ឲ្យ​ដោត​ទុក​លើ​ឈើ​អណ្តោត​ក្បែរ​កំ​ពែង​វាំង​ ។ ឈ្មួញ​នោះ​ស្លាប់​ ទៅ​កើត​ជា​ភូ​ម​ទេវ​តា​អា​ក្រាត​កាយ​ទទេ​ មាន​សេះ​ស​មួយ​ជា​យាន​ជំ​និះ​ សេះ​នោះ​ឈ្មោះ​មនោ​ជព​ មាន​ឫទ្ធិ​ពូ​កែ​អស្ចារ្យ​ កើត​ឡើង​ដោយ​អំ​ណាច​បុណ្យ​ដែល​បាន​ធ្វើ​ផ្លូវ​ភក់​ឲ្យ​ស្អាត​ពី​ជាតិ​មុន​នោះ​ឯង​ ដែល​អា​ក្រាត​ខ្លួន​ទទេ​នោះ​ ដោយ​ទោស​ដែល​យក​សំ​ពត់​លាក់​ ធ្វើ​ឲ្យ​សម្លាញ់​អា​ក្រាត​កាយ​ពី​ជាតិ​មុន​ដែរ ។ មាន​សេច​ក្តី​ប្លែក​ថា​ ភូម​ទេវតា​នោះ​ តែង​តែ​ជិះ​សេះ​ទៅ​ប្រាប់​ក្មួយ​ដែល​ជាប់​លើ​អណ្តោត​ថា កាល​ដែល​គេ​ធ្វើ​ទោសនោះ​ គួរ​ជា​ទី​ពេញ​ចិត្ត​ណាស់​ ព្រោះ​ជា​ទោស​តូច​ស្រាល តែ​ដល់ស្លាប់​ទៅ ធ្លាក់​ទៅ​ន​រក​ទទួល​ទោស​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់​ ដូច្នេះ​ចូរ​អ្នក​ខំ​អត់​កុំ​ថ្ងូរ​ ។ ភូម​ទេវតា​ ចេះ​តែ​ជិះ​សេះ​មក​ប្រាប់​ក្មួយ​ដូច្នេះ​រាល់​ពេល​ពុំ​ដែល​ខាន​ ។ សង្ខេប​សេច​ក្តី​នេះ​សិន​ នឹង​និ​យាយ​អំ​ពី​ស្តេច​លិច្ឆវី​ព្រះ​នាម​អម្ព​សក្ខរ​នោះ​ ស្តេច​ចេញ​ទៅ​ទត​ទី​ក្រុង​ បាន​ឃើញ​ស្រ្តីមានរូប​ល្អ​ម្នាក់​ ជា​ប្រ​ពន្ធ​រ​បស់​កស​ក​បុ​រស​ ដែលកំ​ពុង​អើត​មើល​ព្រះ​អង្គ​ គឺ​ជួន​ជា​ព្រះ​រាជា​ទត​ព្រះ​នេត​ទៅ​ចំ​ នាង​ក៏​លិប​ក្បាល​ចូល​ទៅ​ក្នុង​ផ្ទះ​ ហាក់​ដូច​ព្រះ​ចន្ទ​ចូល​ទៅ​ក្នុង​ដុំ​ពពក​ ។ ព្រះ​រា​ជា​កើត​សេច​ក្តី​ស្នេ​ហា​ចំ​ពោះ​រូប​ស្រ្តី​នោះ​ លុះ​ត្រ​ឡប់​មក​ព្រះ​រាជ​ដំណាក់​វិញ​ ប្រើ​រាជ​បុ​រស​សួរ​ដឹង​ថា​ ជា​ភ​រិ​យា​រ​បស់​ក​សក​បុ​រស​ ក៏​ចូល​ទៅ​ក្រាប​ទូល​ព្រះ​រា​ជាតាម​ដំ​ណើរ​ ។ ព្រះ​រា​ជា​កើត​ព្យា​បាទ​វិ​តក្ក​ រិះ​រក​ឧ​បាយ​​ នឹង​សម្លាប់​បុ​រស​នោះ​យក​ប្រ​ពន្ធ​ ក៏​បាន​ឃើញ​ឧ​បាយ​មួយ​ ទើប​ប្រើ​រាជ​បំ​រើ​ឲ្យ​ទៅ​ហៅ​បុ​រស​នោះ​មក​បង្គាប់​ ឲ្យ​ទៅ​បេះ​ផ្កា​ឈូក​ និង​យក​ដី​ក្រ​ហម​ពី​ស្រះ​បោក្ខ​រ​ណី​ចម្ងាយ​ ៣ យោជន៍​ពី​ក្រុង​វេ​សា​លី​ ហើយ​ឲ្យ​យក​បាន​មក​ដាក់​ក្នុង​ពេល​ថ្ងៃ​ បើ​មកមិន​ទាន់​ទេ​ ដល់​យប់​ទើប​មក​ដល់​ ត្រូវ​សម្លាប់​ចោល​ ។ បុ​រស​នោះ​ទទួលព្រះ​រាជ​បញ្ជា​ហើយ ម្នី​ម្នា​រត់​សំ​ដៅ​ទៅ​ស្រះ​បោក្ខ​រ​ណី​នោះ​ ។ ឯ​ស្តេច​លិច្ឆវី​ លុះ​បុ​រស​ចេញ​ផុត​ទៅ​ បាន​ប្រាប់​ដល់​អ្នក​ចាំ​ទ្វា​រ​ថា​ បើ​ឃើញ​បុ​រស​នោះ​ យក​ផ្កា​ឈូក​ និង​ដី​ក្រ​ហម​មក​ ត្រូវ​បិទ​ទ្វារ​កុំ​ឲ្យ​ចូល​ ដល់​យប់​ចាំ​បើក​ឲ្យ​ចូល​ ។​ កសក​បុ​រស​ខំ​រត់​ទៅ​ដល់​ស្រះ​បោក្ខរ​ណី​ ឃើញ​ពួក​បិ​សាច​អារ័ក្សទឹក​និម្មិត​ខ្លួន​គួរ​ខ្លាច​នៅ​ជុំ​វិញ​ស្រះ​នោះ​ ក៏​បួង​សួង​ ប្រ​កាស​សេច​ក្តី​ទុក្ខ​រ​បស់​ខ្លួន​ ពួក​បិ​សាច​ឮ ហើយ​មាន​ចិត្ត​អា​ណិត​ ឲ្យ​បេះ​ផ្កា​ឈូក​យក​ដី​ត្រឡប់​មក​វិញ​ មក​ដល់​មាត់​ទ្វារ​វាំង​ថ្ងៃ​រ​សៀល​ ស្រាប់​តែ​ឃើញ​ទ្វារ​បិទ​ ខំ​ស្រែក​ហៅ​ក៏​គ្មាន​អ្នក​ណា​បើក​ឲ្យ​ ។ ក​សក​បុ​រស​ក្រ​ឡេក​មើល​ទៅ​ខាង​ត្បូង​វាំង​ ឃើញ​បុ​រស​កំ​ពុង​ស្រែក​ថ្ងូរ​នៅ​លើ​ឈើ​អណ្តោត​ ក៏​និយាយ​ប្រាប់​ឲ្យ​បុ​រស​នោះ​ធ្វើ​ជា​សាក្សី​ជួយ​ដឹង​ឮ​ថា​ខ្លួន​យក​ផ្កា​ឈូក​ និង​ដី​ក្រ​ហម​មក​ទាន់​ពេល​វេលា​ ។ បុ​រស​ជាប់​ឈើ​អណ្តោត​និ​យាយ​ប្រាប់​ថា​ ខ្ញុំ​ អ្នក​យក​ធ្វើ​ជា​សាក្សី​មិន​បាន​ទេ​ ព្រោះ​ខ្ញុំ​ជា​អ្នក​ទោស​ សូម​អ្នក​យក​ភូម​ទេវ​តា​វិញ​បន្តិច​មក​ដល់​ហើយ​ ។ ដល់​ពេល​ព្រ​លប់​ភូម​ទេវ​តា​មក​ដល់​ បុ​រស​នោះ​ដំណាលប្រាប់​តាម​ដំ​ណើរ​រឿង​ ភូម​ទេវតា​ព្រម​ទទួល​ធ្វើ​សាក្សី​ ហើយ​ជិះ​សេះ​ត្រ​ឡប់​ទៅ​វិញ ។ ព្រះ​រា​ជា​ កាល​បើ​ព្រះ​អា​ទិត្យ​លិច​បាត់​ហើយ​ ក៏​ឲ្យ​រាជ​បុ​រស​ធ្វើ​ជា​រក​មើល​ តើ​ឃើញ​កសក​បុ​រស​មក​ពី​រក​ផ្កា​ហើយ​ឬ​នៅ​ ? រាជ​បុ​រស​ចេញ​ទៅ​ក្រៅ​កំ​ពែង​វាំង​ឃើញ​បុ​រស​នោះ​កំ​ពុងអង្គុយ​កើត​ទុក្ខ​ ក៏​នាំ​ទៅ​ថ្វាយ​ព្រះ​រា​ជា​ ដោយ​ចោទ​ប្រ​កាន់​ថា​ មក​ហួស​ពេល​កំ​ណត់​ ត្រូវ​ព្រះ​រាជា​យក​ទោស​ដល់​ជី​វិត​ ។ ព្រះ​រា​ជា​គ្រាន់​តែទត​ឃើញ​បុ​រស​នោះ​​ ក៏​ដាក់​ទោស​ឲ្យ​ថា​ ត្រូវ​រាជ​បុ​រស​យក​ទៅ​សម្លាប់​ ។ កសក​បុ​រស​ទូល​អង្វរ​តាម​សេច​ក្តី​ពិត​រ​បស់​ខ្លួន​ ហើយ​អាង​ដល់​សាក្សី​រប​ស់​ខ្លួន​ថា​ បើ​ព្រះ​រា​ជា​ពុំ​ជឿ​ទេ​ចាំ​សួរ​ភូម​ទេវ​តា​ ដែល​​តែង​ជិះ​សេះ​មក​ឲ្យ​ឱវាទ​ដល់​បុ​រស​ជាប់​ឈើ​អ​ណ្តោត​នោះ​ចុះ​ ។ ព្រះ​រា​ជា​ទាល់​ប្រា​ជ្ញ ដោយ​ចង់​ឃើញ​ភូម​ទេវ​តា​ ក៏​ឲ្យ​​បុ​រស​នោះ​នាំ​ទៅ​ជួប​ ដល់​ពេល​ព្រ​លប់​ភូម​ទេវ​តា​ជិះ​សេះ​មក​ ព្រះ​រា​ជា​ទត​ឃើញ​ហើយ​ ត្រាស់​សួរ​ថា​ អ្នក​ជា​សាក្សី​ កសក​បុ​រស​នេះ​ឬ ?​ បុ​រស​នេះ​បាន​យក​ផ្កា​ និង​ដី​មក​ដល់​មុន​ថ្ងៃ​លិច​ឬ ? ភូម​ទេវតា​ទូល​ថា​ ជា​សាក្សី​មែន​ បាន​ឃើញ​បុ​រស​នេះ​នាំ​យក​ដី​ និង​ផ្កា​មក​ដល់​មុន​ថ្ងៃ​លិច​មែន​ ។ កសក​បុ​រស​ក៏​បាន​រួច​ខ្លួន​ទៅ​​ ។ ដំ​ណាល​អំ​ពី​ភូម​ទេ​វតា​ មាន​ប្រា​ថ្នា​យូរ​ហើយ​ ចង់​ទូ​ន្មាន​ស្តេច​លិច្ឆ​វី​ ឲ្យ​លះ​បង់​មិ​ច្ឆា​ទិ​ដ្ឋិ​ចេញ​ និង​ដោះ​ក្មួយ​រ​បស់​ខ្លួន​ឲ្យ​បាន​រួច​ពី​ឈើ​អណ្តោត​ ។ ជួន​ជា​ឱកាស​នោះ​ស្តេច​លិច្ឆវី​ ចង់​ដឹង​បុព្វ​កម្ម​រ​បស់​ភូម​ទេវ​តា​ ក៏​ត្រាស់​សួរ​ថា​ អ្នក​នៅ​ទី​ណា​ ? យើង​មិន​ដែល​ឃើញ​ ? ភូម​ទេវតា​ក្រាប​ទូល​ថា​ ពី​ដើម​ជា​អ្នក​លក់​រាន​ផ្សា​រ​ បាន​រក្សា​សីល​ធ្វើ​ទាន​ សន្សំ​បុណ្យ​កុ​សល​ផ្សេងៗជា​ច្រើន ជា​អ្នក​វៀរ​ចាក​អំ​ពើ​ទុច្ច​រិត​ មិន​រំ​លោភ​ខុស​ច្បាប់​ មិន​ធ្វើ​តាម​អំ​ពើ​ចិត្ត​ពាល ​រ​បស់​ខ្លួន​ ។ ថ្ងៃ​មួយ​ ត្រូវ​គេ​ចោទ​ទូល​ព្រះ​បង្គំ​ថាលួច​ទ្រព្យ​គេ​ ម​ហា​រាជ​បាន​ឲ្យ​រាជ​បុ​រស​សម្លាប់​ទូល​ព្រះ​បង្គំ​ហើយ​ យក​ក្មួយ​ទូល​ព្រះ​បង្គំ​ទៅ​ដោត​លើ​អណ្តោត​ ដោយ​បុណ្យ​ដែល​ទូល​បង្គំ​បាន​ធ្វើ​នោះ​ឯង នាំ​មកកើត​ជា​ទេវតា​​ ឯ​សេះ​នេះ​បាន​កើត​ដោយ​បុណ្យ​ដែល​ទូល​ព្រះ​បង្គំ​ បាន​យក​ឆ្អឹង​គោ​ទៅ​ដាក់​លុប​ភក់​ធ្វើ​ផ្លូវ​ឲ្យ​ម​នុស្ស​ដើរ​បាន​ស្រួល​ ។ ព្រះ​រា​ជា​ត្រាស់​សួរ​ទៀត​ថា​ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​គ្មាន​សំ​ពត់​ស្លៀក​ ? ភូម​ទេវ​តា​ទូល​ថា​ នេះ​គឺ​ទោស​ដែល​ទូល​ព្រះ​បង្គំ​ យក​សំ​ពត់​សម្លាញ់​លាក់​លេង​ជា​ល្បែង​ ធ្វើ​ឲ្យ​សម្លាញ់​នោះ​អា​ក្រាត​នៅខ្លួនទទេ​ សូម​ម​ហា​រាជ​ជ្រាប​ មិន​មែន​ដូច​ម​ហា​រាជ​ធ្លាប់​យល់​ថា​ ស្លាប់​ទៅ​សូន្យ​ ធ្វើ​បុណ្យ​បាប​មិន​មាន​ផល​នោះ​ទេ​ ។ ក្នុង​ពេល​នោះ​ ព្រះ​រា​ជា​ហាក់​ដូច​ជា​ភ្ញាក់​ព្រះ​អង្គ​ថា​ អញ​ប្រ​ហែល​យល់​ខុស​ទេ​ដឹង​ ? ភូម​ទេ​វតា​ក៏​ទូល​បញ្ជាក់​ទៀត​ថា​ បុណ្យ​ក្តី​ បាប​ក្តី​ដែល​បុ​គ្គល​ធ្វើ​ហើយ​មិន​សាប​សូន្យ​ទេ​តែង​ឲ្យ​ផល​ជា​និច្ច​ ពេល​នេះ​បើ​ម​ហា​រាជ​ទ្រង់​មេត្តា​ដល់​ទូល​ព្រះ​បង្គំ​ដែល​គ្មាន​សំពត់​ស្លៀក​ សូម​ម​ហា​រាជ​យក​សំ​ពត់​ទៅ​ប្រ​គេន​ព្រះសង្ឃ​ ឧ​ទ្ទិស​ផល​ចំ​ពោះ​ទូល​បង្គំ​ៗ នឹង​បាន​ស្លៀក​ដណ្តប់​ ម​ហា​រាជ​ក៏​នឹក​បាន​ទត​ឃើញ​ផល​ទាន​ជាក់​ច្បាស់​ចំ​ពោះ​ព្រះ​នេត្រ ។ ព្រះ​រាជា​ទ្រង់​ព្រះ​តម្រាស់​ថា​ ម្នាល​ទេវ​តា​ ឲ្យ​យើង​យក​សំ​ពត់​ទៅ​ប្រ​គេន​សង្ឃ​អង្គឯណា​ ទេវ​តា​ទូល​ថា​ សូម​មហា​រាជ​ប្រ​គេន​ចំ​ពោះ​ព្រះ​កប្បិតត្ថេរ ជា​ព្រះ​អ​រហន្ត​ ដែល​​​​លោក​តែង​និ​មន្ត​បិណ្ឌ​បាត​ក្នុង​ក្រុង​វេ​សា​លី​​ ។ ព្រះ​រា​ជា​យក​សំពត់​ព្រះ​រាជ​ទ្រព្យ​ មាន​សាច់​ម៉ត់​ល្អ​ទៅ​ប្រ​គេន​ព្រះ​កប្បិត​ត្ថេរ​ ហើយ​ឧទ្ទិស​ផល​ចំ​ពោះ​ទេវ​តា​ ក្នុង​ពេល​នោះ​ ទេវ​តា​បាន​ស្លៀក​ដណ្តប់​សំពត់​ទិព្វ​ ហើយ​ទៅ​កាន់​សំណាក់​ព្រះ​កប្បិត​ត្ថេរ​​នោះ​ភ្លាម​ ព្រះ​រាជា​បាន​ទត​ឃើញ​ជាក់​នឹង​ព្រះ​នេត្រ សេច​ក្តី​យល់​ខុស​មិ​ច្ឆាទិ​ដ្ឋិ ក៏​រលត់​បាត់​អស់​ក្នុង​ពេល​នោះ​ឯង​ ហើយ​ត្រាស់​បង្គាប់​ឲ្យ​រាជ​បុ​រស​ ដោះ​លែង​បុ​រស​ដែល​ជាប់​ឈើ​អណ្តោត ។ បុរ​សនោះ​បាន​រួច​ពី​ឈើ​អណ្តោត​ហើយ​ ខំ​មើល​មុខ​ដំ​បៅ​សះ​ជា​ ក៏​ចូល​ទៅ​បួស​បាន​សម្រេច​ជា​ព្រះ​អរ​ហន្ត​​​ ។ ឯ​ព្រះ​រា​ជា​​ បាន​ថ្វាយ​ខ្លួន​ជា​ឧ​បា​សក​រក្សាសីល​ ៥ សីល​ឧ​បោសថ ​ថ្ងៃ​​មួយ​បាន​ស្តាប់​ធម្មទេស​នា​រ​បស់​ព្រះ​កប្បិត​ត្ថេរ​ ក៏​បាន​សម្រេច​ដល់​សោ​តា​បត្តិផល​ហោង ។ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជា​តក​ ដោយ៥០០០ឆ្នាំ
images/articles/749/Untitled-1.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ៧០,៣៨៨ ដង)
រឿង​នាង​វិសា​ខា​ (ចាក​ ធ​ ខុ) (ស្រ្តី​ល្អ​​ កម្រ​មាន​​ក្នុង​​លោក​) កាល​ព្រះសម្ពុទ្ធទ្រង់​នៅ​ក្នុង​វត្តបុពា្វរាម​ នាង​ក្រុង​សាវតី​ទ្រង់​ប្រារព្ធនូវ​មហា​ឧបាសិ​កា​ឈ្មោះ​វិសាខា​បាន​សំដែង​ធម្មទេស​នា​មាន​បទ​ថា​ យថា​បិ​ បុបូ​រា​សិ​ម្ហា ដូច្នេះជាដើម​។ សេចក្តី​ថា​នាង​វិសា​ខា​ជាធីតា​របស់​ធន​ញ្ជាយ​សេដ្ឋី មាតា​ឈ្មោះ​សុម​នោ​ទេវី​ ជីតា​របស់​នាង​ឈ្មោះ​មេ​ណ្ឌកៈ​ ជីដូន​ឈ្មោះ​ចន្ទ​បទុ​មា​។នាង​វិសា​ខា​ជាស្រ្តី​មាន​ឧប​និស្ស័យ​ខ្ពស់​ បាន​សម្រេច​សោតា​​បត្តិផល​តំាង​ពីអាយុ​ ៧​ឆ្នាំ​ ជាមួយនឹង​នាង​ទារិកា ៥០០​ នាក់​ជាបរិ​វាររបស់​ នាង​ជាស្ត្រី​ប្រកបដោយ​បញ្ចពិធកល្យាណី មាន​លំអ ៥យ៉ាងគឺៈ ១. កេស​កល្យាណ​ លំអ​សក់​ ២. មំសក​ល្យាណ លំអសាច់​ ៣. អដ្ឋិកល្យាណ លំអឆ្អឹង​ ៤. ឆវិក​ល្យាណ លំអសម្បុរថ្ងៃ ៥. វ​យ​ក​ល្យាណ​ លំអវ័យ អធិ​ប្បាយ​ ១. កេស​កល្យាណ លំអសក់​ សក់​នៃស្រ្តីមាន​លំអ​មាន​ស​រសៃ​ល្អិត​ មាន​ពណ៍​ដូចស្លាប​កំភេម​ កាល​រំសាយ​ចុះ​មាន​ចុង​ឡើង​លើ​ ដូចសណ្ឋាន​កន្ទុយ​ក្ងោក​ពង់​ មិន​ចេះ​ស្កូវ​ឡើយ​​ សូម្បី​មាន​អាយុ​មួយរយឆ្នាំ​ហើយ​ ក៏នៅមាន​ពណ៍រលង់​រលើប​ល្អ​ដូច​ដូចកាល​ពីក្មេង​។ យ៉ាង​នេះហៅ​ថា​លំអ​សក់​។ ២. មំសកល្យាណ លំអសាច់​​ សំដៅ​យក​សាច់​បបូរមាត់​ស្ត្រីមាន​លំអ​សាច់​បបូរមាត់​ឡើង​ពណ៍ក្រហម​រលោង​ ដូច​ផ្លែបាស​ទុំ​ឬ​ផ្លែទន្លាប់​ទុំ​ ជាសាច់់​ល្អឥត​មន្ទិល​សៅ​ហ្មង​ទោះ​បីមាន​អាយុ​មួយរយ​ឆ្នាំ​ហើយ ក៏នៅក្រហម​រលោង​ស្រស់​ដូ​ចដើម​។ យ៉ាង​នេះហៅ​ថា​លំអ​សាច់​។ ៣. អដ្ឋិកល្យាណ លំអឆ្អឹង​ សំដៅ​យក​ឆ្អឹង​ធ្មេញ​ស្ត្រី​ប្រ​កប​ដោយ​លំ​អ មាន​ធ្មេញជិត​ស្និទ្ធរាប​ស្មើ​ មិន​ចំពើស​ មាន​ពណ៍​ស​រលោង​ដូច​ជា​ត្បូង​ពេជ្រ​ ដែលជាង​ឆ្នៃយ៉ាង​ស្អាត​ហើយ​ដាក់​តំរៀប​គ្នា​ ឬដូច​ជា​ស័ង្ខដែល​បុគ្គល​ច្នៃយ៉ាង​ល្អ​ បើ​ហា​និយាយ​ឡើង​កាល​ណា​មាន​ពន្លឺទឹក​ដម​ព្រាត​ៗ​សូម្បីមាន​អាយុ​រាប់​​រយ​ឆ្នាំហើយ​ ក៏ធ្មេញនៅតែ​រាប​ស្និទ្ធដូច​កាល​អា​យុ​ ១៦ឆ្នាំ ។ យ៉ាង​នេះ​ហៅ​ថា​លំ​អឆ្អឹង​។ ៤. ឆវិ​កល្យាណ​ លំអ​សម្បុរ​ថ្ងៃ​ បាន​ដល់​លំ​អ​ស្បែក​ស្ត្រី​ប្រកប​ដោយលំអ​ មាន​ពណ៍ពីរយ៉ាង​គឺ ស១ ខ្មៅ​១ ស​ មាន​ពណ៍ដូចជា​កណ្ណិការ​​ រលីង​រលោង​ស្អាត​ឥត​មាន​អាច​ម៍​រុយ​ ឬសម្លាក​មន្ទិល​​សៅ​ហ្មង​ សូម្បីតែសម្លាក​រមាស​មួយ​ក៏គ្មាន​ លំខាង​ពណ៍ខ្មៅ​ មាន​ពណ៍ខៀវ​ស្រស់​ដូច​ផ្កា​ឧប្បល​ ជាសម្បុរមាន​ទឹក​ដម​រលើប​រលោង​។ យ៉ាង​នេះ​ហៅ​ថា​លំអ​សម្បុរថ្ងៃ​។ ៥. វយ​កល្យាណ​ លំអ​វ័យ​ ស្រី្ត​បរិ​បូណ៌ដោយ​លំ​អ​ ទោះ​បី​ប្រសូត្រ​បុត្រ​មួយរយ​ដង​ ក៏នៅតែ​ល្អស្អាត​ដូចជាវ័យ​ក្មេង​កាល​ដែល​មាន​អាយុ​១៦ឆ្នាំ​ ទោះបី​មាន​អាយុ​មួយរយ​ឆ្នំា​ហើយ​ ក៏នៅ​តែ​ល្អស្រស់​គ្រប់​អាវ​យវៈ​ដូចជាស្រ្តី​ពេញ​ក្រមុំ។ យ៉ាង​នេះ​ហៅ​ថា​ លំអ​វ័យ។ ក្នុង​កាល​​ដែល​នាង​វិសាខា​មាន​អាយុ​ ១៦ ឆ្នំា​ថ្ងៃមួយជា​ថ្ងៃ​បុណ្យនក្ខត្តឬក្ស នាង​បាន​នាំ​បរិវារ​ទំាង​ ៥០០ ព្រម​ទំាង​ធីតា​របស់​​សេដ្ឋីហបតី​ទៅលេង​ទឹក​ក្នុង​ស្ទឹង​។ ពេលនោះ​មហា​មេឃ​បង្អុរ​ទឹក​ភ្លៀង​ចុះ​មក​ ពួក​ធីតា​ទាំងឡាយ​ក៏នាំគ្នា​រត់​ព្រោង​ព្រាត​ចូលទៅ​ក្នុង​សាសា​ ឯនាង​វិសា​ខា​នាង​ដើរ​សន្សឹម​ៗ​ ហាក់​ដូច​ជា​មិន​ខ្លាច​ទទឹក​គ្រានោះ​មាន​ព្រាហ្មណ៍​ ៨​ នាក់​ជាអ្នក​បំ​រើ​របស់​មិគា​សេដ្ឋី​​ ដែល​ប្រើ​​ឱ្យដើរ​រក​ស្រ្តី​ប្រកប​ដោយ​លំ​អ​ ៥ យ៉ាង​ផ្សំ​ផ្គុំ​ជា​ភរិយា​ឲ្យ​បុណ្ណវឌ្ឍន​កុមារ​ជា​កូន​។ ព្រាហ្មណ៍ទាំង​ ៨ បានឃើញ​ចរិយា​សម្បតិ្ត​របស់​នាង​វិ​សាខា​ដូច្នោះ​ហើយ​ នាំគ្នាសង្កេតពិនិត្យមើល​បាន​ដឹង​ជាក់​ថា​ ជា​ស្រ្តីប្រកប​ដោយ​លំអ ៥ យ៉ាង​ ប៉ុន្តែ​មិនទាន់​ឃើញធ្មេញ​​របស់់​នាង​ លុះនាង​វិសា​ខា​ឡើងដល់​លើ​សិ​លា​មាន​សរី​រៈ​ទឹក​ជោគដោយ​ទឹក​ភ្លៀង​​ ព្រាហ្មណ៍ក៏បាន​ឱ​កាស​ឃើញ​ធ្មេញ​របស់​នាង ទើបនំា​គ្នា​និយាយ​ថា​ ស្រី្តប្រ​ហែល​ជា​កូន​អ្នក​ក្រី​ក្រ​ បាន​ជា​ខ្ជិល​យ៉ាង​នេះ ស៊ូ​ដើ​រ​ឲ្យ​ទទឹក​​ភ្លៀង​អស់​។ នាង​វិ​សាខា​ឮ​ដូច្នោះ​ហើយ​ក៏​សួរ​ព្រាហ្មនណ៍​ថា​ អ្នក​និយាយ​ពី​អ្នក​ណា​?។ ព្រាហ្មថា​យើង​និយាយ​ថា​ យើង​និយាយ​ពីនាង​។ ក្នុង​ពេល​នោះ​នាង​វិសាខា​បាន​និយាយប្រាប់​ដល់​ព្រាហ្មណ៍​ដោយ​សំ​ឡេង​ពិរោះ​ ហាក់​ដូចជា​សំឡេង​នៃ​រគាំង​សំរិទ្ធ​ថា​ បាន​ជា​ខ្ញុំមិន​រត់​ស៊ូ​ដើរ​ឲ្យទទឹក​គ្រឿង​អលង្ការ​យ៉ាង​នេះ​ព្រោះ​ពួក​ជន​ដែល​គ្រប់​លក្ខណ៍​មាន​ ៤ ពួក​គឺៈ បព្វជិត​ ស្តេច​ ស្ត្រី​ ដំរី​ ជន​ទាំង​ ៤ ពួក​នេះមិន​គួររត់​ឡើយ​ព្រោះថាៈ ១. បព្វជិត​ ទោះបី​មាន​ហេតុ​យ៉ាង​ណា​ មាន​ភ្លៀង​និងខ្យល់​ព្យុះ​ជា​ដើម​ មិន​ត្រូវ​រត់​ឡើយ​ ត្រូវ​តែ​ដើ​រ​សន្សឹមៗ​ តាម​ធម្មតា​ទើប​ហៅ​ថា​ ​បព្វជិត​មាន​លក្ខណ៍​។ ២. ស្តេច​ដែល​បាន​អភិសេក​ហើយ​ កំ​ពុង​ទ្រទ្រង់​នូវ​គ្រឿង​បញ្ចកុក្តភណ្ឌ​ ទោះ​បីមាន​ហេតុ​យ៉ាង​ណា​ មាន​ភ្លៀង​និងខ្យល់​ព្យុះ​​ជាដើម​ មិន​គួរ​រត់​ដូចជា​គហបតី​ឡើយ​ ត្រូវ​យាង​សន្សឹម​ៗ​ ទើប​ហៅថា​ស្តេច​មាន​លក្ខណ៍​។ ៣. ស្ត្រី​ដែល​ពេញ​ក្រមុំ​ ទោះបី​មាន​ហេតុ​យ៉ាង​ណា​មាន​ភ្លៀង​និង​ខ្យល់​ព្យុះ​ជា​ដើម​ មិន​ត្រូវ​រត់​ដូច​​ជា​បុរស​ឡើយ​ ត្រូវ​តែដើរ​សន្សឹមៗ ទើប​ហៅ​ថា​ស្រ្តី​មាន​លក្ខណ៍​។ ៤. ដំរីមង្គល​ដែល​ប្រ​ដាប់​តាក់​តែង​ដោយ​គ្រឿង​អលង្ការ​ហើយ​ ទោះ​បីមាន​ហេតុ​យ៉ាង​ណា​មិន​ត្រូវ​រត់​ឡើយ​ ត្រូវ​​ដើ​រ​ដោយ​ដំណើរ​ធម្មតា​ ទើប​ហៅថា​ដំរី​មាន​លក្ខណ៍​។ ព្រាហ្មណ៍ទាំង​​ ៨ នាក់​ស្តាប់​ហើយ បាន​ឱ្យពរ​សព្វ​សា​ធុការ​ដល់​នាង​វិសា​ខា​ ការ​ចង់​ឃើញ​នូវ​ធ្មេញ​របស់​នាង​គ៏បាន​ឃើញ​ដូច​បំណង​។ ព្រាហ្មណ៍​ទាំង​៨ នាក់​និយាយ​ដល់​នាង​វិសាខា​ថា​យើង​ទំាង​អស់​គ្នា​ មាន​សេចក្តី​ប្រាថ្នា​ចំ​ពោះ​នាង​ ហើយ​លើក​ភួង​ផ្កា​មាស​មួយ​ដែល​មាន​តម្លៃ​ ១ សែន​ជូន​ជា​គ្រឿង​បញ្ចាំ​ចិត្តដល់​នាង​ៗ​ ក៏​ព្រម​ទទួល​យក​មក​ពាក់​នូវ​ក ដើម្បីបញ្ជាក់​ឱ្យព្រាហ្មណ៍​ដឹង​ថា​ នាង​ព្រម​ទទួល​ ទើប​នាង​សួរ​ទៅ​ព្រាហ្មណ៍ថា​ អ្នក​មក​ពី​នគរ​ណា​?។ ព្រាហ្មណ៍ថា​ ខ្ញុំ​មក​ពី​នគរ​សា​វ​ត្ថី​ ត្បិត​មិ​គារសេដ្ឋីមាន​កូន​ប្រុស​ ១ ឈ្មោះ​បុណ្ណវឌ្ឍនកុមារ​ បាន​បញ្ជូន​ខ្ញុំមក​ដណ្តឹង​នាង​។ នាង​វិសាខា​ព្រម​ទទួល​ ទើប​នំា​ព្រាហ្ម​ទំាង​ ៨ នាក់​ទៅ​ប្រាប់​ដល់​ធនញ្ជយ​សេដ្ឋី​បិតា​។ ធនញ្ជយ​សេដ្ឋី ក៏ព្រមឱ្យ បាន​សួរ​អំ​ពី​សម្បតិ្ត​របស់​មិគារ​សេដ្ឋី​ ព្រាហ្មណ៍​ប្រាប់​ថាមិគារ​សេដ្ឋី​មាន​ប្រាក់​ ៤០ កោដិ។ ធនញ្ជយសេដ្ឋី​លាន់​មាត់​ថា​​ប្រាក់​៤០ កោដិ​នោះ​តិច​ពេក​ណាស់​ មិន​បាន​ប្រហែល​នឹង​តម្លៃ​ថែរក្សា មាន​​តម្លៃ​ម្សៅ​និង​ប្រេង​ជា​ដើម​របស់​កូន​ខ្ញុំ​ទេ។ ត​មក​ធនញ្ជយសេដ្ឋីនិង​មិ​គារ​សេដ្ឋី ក៏ចាត់​ចែង​រៀប​មង្គលការ​បុត្រ​ធីតា​ បាន​អញ្ជើញ​ស្តេច​ពី​នគរ​ព្រម​ទាំង​គហបតីសេដ្ឋី​ មន្ត្រី​តូច​​ធំ​ប្រជាពលរដ្ឋ​ទាំង​អស់​ ជា​កិតិ្តយស​ក្នុង​មង្គល​ការ​ក្នុង​ថ្ងៃ​ទី​ ១ ជា​ដំ​បូង​ ធន​ញ្ជយសេដ្ឋី​បាន​ហៅ​ជាង​មាស​ ៥០០​ នាក់​មក​ធ្វើ​មហាតាបស​ធន៍​អាវ​សម្រាប់​ពាក់​ការ​។ អាវនោះ​មាន​តម្លៃ​ ៩ កោដិ​ ថ្លៃ​ឈ្នួល​ជា​១ សែន​រៀល​ អាវនោះ​ធ្វើអំ​ពីមាស​និង​ពេជ្រសុទ្ធ​គឺៈ ត្បូង​ពេជ្រចំនួន​ ៤ នាឡី កែវ​មុតា​១១ នាឡិ កែវ​បវា​ឡ ២២​នាឡិ​ កែវ​មណី ៣៣ នាឡិ ​ព្រម​ទាំង​មាស​និង​ប្រាក់​ជាច្រើ​ន​យកទៅហូត​ធ្វើជា​អំ​បោះ​។ អាវ​នោះមាន​រាងជា​សត្វ​ក្ងោក​ ស្លាប​ម្ខាងៗចំនូន​៥០០ ស្លាប​ រចនាអំពីមាស​និង​ប្រាក់​ ចំពុះរចនា​ដោយ​កែ​វ​ប​វាឡ ភ្នែក​រចនា​ឡើយ​ដោយ​កែវ​មណី កន្ទុយ​មាន​ស្លាប ៥០០ រចនា​ដោយ​មាស​និង​ប្រាក់​។ អាវនោះ​លើក​ពាក់​ឡើង​កាល​ណា​ ឃើញ​ហាក់​ដូច​ជា​ក្ងោក​មាស​ពង់​រាំ​ព្ធដ៏​កំពូលភ្នំ ឮ​សូរ​សំឡេង​លាន់​ចេញ​អំ​ពី​ស្លាប​ដូច​ជា​ដូតន្រី្ត​ទិព្វ។ សេដ្ឋីរៀប​មង្គល​ការ​បាន​ចំ​នួន​ ៣ ខែ ពួក​អ្នក​ចំ​អិល​អា​ហារ​ប្រាប់​ថា​ អស់​ឧស​ដុត​ហើយ​។ សេដ្ឋីប្រាប់​ឱ្យ​ទៅ​រុះ​​ផ្ទះចាស់ៗ​ និងរោង​ដំរី​យក​មក​ដុត​ ដល់​ដុត​បាន​កន្លះខែ​ ក៏​អស់​ឧស​នោះ​ទៅ​ទៀត​ ទើប​សេដ្ឋី​បង្កាប់​ឱ្យចាក់​ឃ្លាំង​យក​សំ​ពត់​សាច់​ក្រាស់​ៗ​ ជ្រលក់​ប្រេង​ដុត​ចំអិន​អា​ហារ​តទៅ​ទៀត​ដុត​បាន​កន្លះខែ​ទៀត​ជា​គំរប់​៤ខែ។ ជាង​ទាំ​ង​៥០០​នាក់​បាន​ធ្វើ​គ្រឿង​មហាល​តាបសា​ធន៍​ តាំង​ពី​​ថ្ងៃចូល​រោង​មក​ក៏គ្រប់​ ៤ ខែ​គត់​ទើប​ហើយ​អាវ​មហា​តាបសាធន៍​នោះ។ ធនញ្ជយ​សេដ្ឋី​​ និង​ មិគារ​សេដ្ឋី​បាន​ផ្សំ​ផ្គុំ​នាង​វិសា​ខា​និង​បុណ្ណ​វឌ្ឍ​ន​កុមារ​ ឱ្យ​ជាគូ​រស្វាមី​ភរិ​យា​ក្នុង​ថ្ងៃ​គំរប់​ ៤​ខែ​នោះ​។ លុះរៀប​អា​ពាហ៍​​ពិពាហ៍​​ហើយ​ធន​ញ្ជយ​សេដ្ឋី​ បញ្ជូននាង​ឱ្យទៅ​នៅ​ខាង​សំ​ណាក់​ម្តាយ​ក្មេក​ឪពុក​ក្មេក​ បាន​ចែក​ទ្រព្យ​សម្បត្តិ​ឱ្យ​ជា​ច្រើន​គឺ​ ឱ្យភា​ជនៈមាស​៥០០ រទេះ​ ភាជនៈប្រាក់​៥០០​ រទេះ ភាជនៈទង់​ទង់​ដែង​៥០០ រទេះ​ ភាជនៈសំរិទ្ធ​ ៥០០ រទេះ​ សំពត់​អំ​បោះ​និង​សំ​ពត់​សូត្រ​ ៥០០ រទេះ សប្បិ​ ៥០០ រទេះ​ប្រេង​ ៥០០រទេះ​ ស្ករអំពៅ​៥០០​រទេះ អង្ករស្រូវ​សាលី​៥០០ រទេះ គ្រឿង​ឧបករណ៍​ផ្សេងៗ​ មាន​នង្គ័ល​ និងមាន​ផាល​ជា​ដើម​ ៥០០ រទេះនិង​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រីជា​ច្រើន​។ ក្នុង​ថ្ងៃ​ដែល​នាង​ចេញទៅ​ បាន​បង្កាប់​ឱ្យបុរស​បើក​ទ្វា​ក្រោល​គោ​ ហើយ​ឱ្យដេញ​គោ​ទៅ​វាស់​បណ្តោយ​បី​ល្បី​ស្គរទទឹង​៣ឧសភ​ បុរសក៏​ធ្វើតាម​បង្កាប់​របស់សេដ្ឋី ​លុះ​គ្រប់​ចំនួន​ហើយ​ បុរស​បិទ​​ទ្វា​ក្រោលគោ​គ៏​ស្ទុះ​ទម្លាយ​ ក្រោល​ទៅ​តាម​នាង​ទៀត​ ដោយ​ផល​បុណ្យ​ដែល​នាង​​បាន​ធ្វើ​ទាន​ដោយ​ចិត្ត​ទូលាយ​ពីជាតិ​មុន​មក​។ ថ្ងៃ​មួយ​នាង​វិសាខា​បាន​ទៅ​ស្តាប់​ធម៌នៅ​វត្តជេត​ពន​ បាន​នាំកូន​និង​ចៅ​ជា​ច្រើន​ពាន់​ទៅជាមួយផង​ កាល​នោះ​មាន​ភិក្ខុ​មួយរូប​ចង់​ឃើញ​នាង​វិសាខា​ បាន​សួរ​ភិក្ខុមួយរូប​ដែលអង្គុយ​ជិត​ភិក្ខុនោះ​ប្រាប់​ថា​ មើ​តែ​ស្រ្តី​ណា​ក្រោក​ឡើង​យក​ដៃ​ច្រត់​ក្បាលជង្គង់​ ស្ត្រី​នោះ​ហើយ​គឺនាង​វិសាខា​។ កាល​នោះ​នាង​វិសាខា​​​មាន​អាយុ​ ៧០​ ឆ្នាំ​នាង​នៅ​តែ​ក្មេង​ដូច​ជា​ចៅ​របស់់​នាង​ដែល​មាន​អាយុ​១៦​ឆ្នំា។ នាង​វិសាខា​មាន​កូន​២០ ក្នុង​កូន​និមួយៗ មាន​ចៅ​២០​ ក្នុង​ចៅ​និមួយៗ មាន​កូន២០ រួម​ទាំង​កូន​ទាំង​ចៅ​ទំាង​ចៅ​ទួត​ចំនួន​៨៤២០ នាក់​ឥត​មាន​ឈីស្លាប់​មួយឡើយ​។ នាង​វិសាខា​មាន​កម្លាំង​ស្មើ​កម្លាំង​ដុំរី​៥ ថ្ងៃមួយនាងត្រឡប់​មក​ពី​ស្តាប់​ធម៌ ព្រះរាជា​ចង់​ល្បង​កម្លាំង​របស់​នាង​បាន​លែង​ដំរី​ចុះ​ប្រេង​១ ឱ្យទៅ​ព្រេច​នាងៗ​ បាន​យក​ម្រាម​ដៃ​ពីរទប់​ដំរីៗ​ ក៏ដួលក្រាប​លើ​ផែន​ដី​មិន​អាច​ក្រោក​ឡើង​។ ថ្ងៃ​មួយ​នាង​វិសាខា​ទៅ​ស្តាប់​ធម៌ ដោះ​គ្រឿងមហា​ល​តា​បសា​ធន៍​ទុក​ខាង​ក្រៅ​វិ​ហារ​ ដល់​ស្តាប់​ហើយ​ភ្លេច​ចោល​នៅ​ទី​នោះ ទើប​ប្រើនាង​ទាសី​ដែលមាន​កម្លាំង​ស្មើ​នឹង​នាង​ឱ្យទៅយក​អាវ​បាន​ប្រាប់​ថា​ បើ​ភិក្ខុ​អង្គ​ណា​មួយលោក​​រើស​ទុក​នាង​ប្រគេន​លោក​​ចុះ​កុំយក​មក​វិញ។ តម្លៃអាវ​នេះ​ហើយ​ដែល​កសាង​បាន​វត្តបុព្វារាមមួយ។ ​នាង​វិសាខា​មាន​អា​យុ​ ១២០ ឆ្នាំ​ នាង​បាន​ធ្វើមរណ​កាល​ទៅ​បាន​កើត​នៅ​ក្នុង​ស្ថាន​ និ​ម្មា​រតី ជា​អគ្គមហេសីរបស់​ព្រះបាទ​និម្មាត​ទេវបុត្រ។ ដោយ៥០០០ឆ្នាំ
images/articles/1037/Untitled-1.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ២១,២៥៧ ដង)
រឿង​អរិយ​ព្រាន​មាន​សីល​ជា​ខ្លឹម (ចាក គ.ស.) (ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​សកម្មភាព) កាល​ព្រះ​សម្មាសម្ពុទ្ធ​ទើប​នឹង​បាន​ត្រាស់​ថ្មី​ៗ ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោស បញ្ចវ​គ្គិយភិក្ខុ នៅ​ក្នុង​ព្រៃ​ឥសីបតន​មិគទាយ​វ័ន ត្រា​តែ​បាន​សម្រេច​ព្រះ​អរហត្ត​ផល​គ្រប់​អង្គ ។ លំដាប់​នោះ​ព្រះ​អង្គ​ទ្រង់​ប្រោស​យសកុលបុត្ត​ឲ្យ​បាន​សម្រេច​ព្រះ​អរហត្ត​ផល ព្រម​ទាំង​សម្លាញ់​ទាំង​៤​នាក់​ទៀត គឺ​ព្រះ​វិមលត្ថេរ ព្រះ​សុពាហុកត្ថេរ១ ព្រះ​បុណ្ណជិ១​ព្រះ​គវម្បតិ ១ ។ បន្ទាប់​ពី​សម្លាញ់ ៤​នាក់​មក មាន​សម្លាញ់ ៥០​នាក់​ទៀត​បាន​សម្រេច មគ្គផល​ដូច​គ្នា ក្នុង​ពេល​នោះ​ព្រះ​អង្គ​ទ្រង់​ប្រជុំ​ពួក​ព្រះ​អរហន្ត​បាន ៦១ អង្គ ព្រម​ទាំង​ព្រះ​អង្គ​ផង ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីការ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​រួច​ហើយ​ចាក​អន្ទាក់​ទាំង​ពួង ទេវតា​នឹង​មនុស្ស​ទាំង​ឡាយ​ឯ​ណា​មាន​ក្នុង​លោក​នេះ​ ចូរ​អ្នក​ត្រាច់​ទៅ​កាន់​ចារិក​ផ្សេង​ៗ​ពី​គ្នា កុំ​ទៅ​ផ្លូវ​មួយ​គ្នា​ពីរ​នាក់ ដើម្បី​ដោះ​ទុក្ខ​ទេវតា​និង​មនុស្ស​ទាំង​នោះ​ឲ្យ​បាន​ចាក​រួច​អន្ទាក់​ផង ។ ព្រះ​អរហន្ត​ទាំង​នោះ ក៏​ត្រាច់​ទៅ​ទីទៃ​ពី​គ្នា​ព្រះ​ពុទ្ធ​ដីកា​ព្រះ​អង្គ ។ ចំណែក​ព្រះ​សុពាហុក​ត្ថេរ បាន​និមន្ត​ទៅ​ជនបទ​មួយ​ដើម្បី​ប្រកាស​សាសនា ។ នៅ​ក្នុង​ជនបទ​នោះ មាន​ត្រកូល​ព្រាហ្មណ៍​មួយ ជា​មនុស្ស​មិច្ឆាទិដ្ឋិ​តែង​ប្រព្រឹត្ត​បរបាញ់​សត្វ​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ ។ ថ្ងៃ​មួយ​ព្រាន​ជា​កូន​ប្រសា រៀប​ចំ​ប្រដាប់​ប្រដា​ចេញ​ទៅ​បរបាញ់​សត្វ បាន​ជួប​នឹង​ព្រះ​សុពាហុក​ត្ថេរ​គង់​នៅ​ក្រោម​ដើម​ឈើ​មួយ​ដើម​ ។ ព្រាន​នោះ​គិត​ថា អើ​! ថ្ងៃ​នេះ​ឆ្នែង​ណាស់ ព្រោះ​ជួប​នឹង​មនុស្ស​កាឡកណ្ណី ហើយ​ក៏​ដើរ​ហួស​ទៅ​​ថ្ងៃ​នោះ​រក​បាញ់​សត្វ​អ្វី​ពុំ​បាន​សោះ ក៏​ត្រឡប់​មក​វិញ ដើរ​មក​ក៏​ជួប​នឹង​ព្រះ​ថេរៈម្តង​ទៀត ចេះ​តែ​ទន្ទេញ​ថា​ជួប​នឹង​មនុស្ស​កាឡកណ្ណី​ៗ​ ដូច្នេះ​ទើប​ព្រះ​ថេរៈសួរ​ថា ម្នាល​ព្រាន! អ្នក​ឈ្មោះ​អ្វី ? ព្រាន​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​អរិយៈ ។ លោក​មាន​ថេរ​ដីកា​ថា ម្នាល​ព្រាន​ជន​អ្នក​បៀត​បៀន​សម្លាប់​សត្វ​ទាំង​ឡាយ​មិន​ឈ្មោះ ​អរិយៈ​ ទេ ឯ​ព្រះ​អរិយៈទាំង​ឡាយ​លោក​មិន​ដែល​បៀត​បៀន​សត្វ​ឡើយ បណ្ឌិត​ហៅ អរិយៈ ដោយ​ចំពោះ​តែ​បុគ្គល​ដែល​អស់​ការ​បៀត​បៀន​សត្វ ។ ហើយ​ព្រះ​ថេរក៏​សំដែង​គុណ​នៃ​ព្រះ​ថេរៗ​ក៏​បង្រៀន​ព្រាន​នោះ​ថា​ ពុទ្ធម សរណម គច្ឆាមិន ធម្មំ សរណម គច្ឆាមិ​ សង្ឃម សរណម គច្ឆមិ ។ ល ។ ហើយ​ក៏​ថ្វាយ​បង្គំព្រះ​ថេរៈ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ទន្ទេញ​មន្ត​នោះ​ទាល់​តែចាំ ។ ក្នុង​ថ្ងៃ​នោះ​ព្រាន​រក​បរបាញ់​សត្វ​ណា​មួយ​ក៏​ពុំ​បាន សូម្បី​ឲ្យ​គ្រាន់​តែ​ជួប​ក៏​មិន​ជួប​ផង លុះ​ទៅ​ដល់​ផ្ទះ​ប្រពន្ធ​ក៏​ម្នី​ម្នា​ស្ទុះ​មក​ទទួល​ដូច​សព្វ​ដង​ព្រោះ​ពី​ដើម​គាត់​ធ្លាប់​រែក​សាច់​ទៅ​ផ្ទះ​ស្ទើរ​តែ​មិន​រួច ប្លែក​អ្វី​ថ្ងៃ​នោះ​ក៏​ដើរ​ខ្លួន​ទទេ​មាន​តែ​ប្រដាប់​សម្រាប់​បរ​បាញ់ នឹង​កញ្ចប់​បាយ​ទឹក​បំពង់​ប៉ុណ្ណោះ​មាត់​ចេះ​តែ​ទន្ទេញ​មន្ត​នោះ​មិន​ឈប់​សោះ​។ លុះ​ប្រពន្ធ​ឃើញ​គ្មាន​បាន​អ្វី​សោះ ក៏​កើត​ចិត្ត​ក្តៅ​ក្រហាយ​ជេរ​ស្តី​បន្ទោស​រហូត​ឈ្លោះ​ប្រកែក​គ្នា ទើប​ឪពុក​ក្មេក​ម្តាយ​ក្មេក​មក​ឃាត់​ហើយ​សួរ​រឿង​ហេតុ​ដែល​ចេញ​ទៅ​បរ​បាញ់​ពុំ​បាន​អ្វី​សោះ ។ ព្រាន​ជា​កូន​ប្រសារ​ជម្រាប​ថា បាន​ទៅ​ជួប​នឹង​ព្រះ​ថេរ ១ អង្គ​គង់​នៅ​ក្រោម​ដើម​ឈើ​មួយ​លោក​សម្តែង​អំពី​គុណ​នៃ​ព្រះ​រតន​ត្រ័យ​និង​សីល​ឲ្យ​ខ្ញុំ​ស្តាប់​ក៏​មាន​ចិត្ត​ត្រេក​អរ​ហើយ​បាន​សុំលោក​រៀន​មន្ត​នោះ ឪពុក​ម្តាយ​បាន​ស្តាប់​ឮ​ដូច្នោះ ហើយ ក៏​រឹត​តែ​ជួយ​ខឹង ជេរស្តី​បន្ទោស​បណ្តេញ​ចេញ​ពី​ផ្ទះ​ថា​បើ​អ្នក​ឯង​នៅ​តែ​កាន់​របៀប​នេះ យើង​ឈប់​ឲ្យ​អ្នក​ឯង​នៅ​លើ​ផ្ទះ​នេះ​ត​ទៅ​ទៀត​ហើយ ។ ទើប​កូន​ប្រសារ​ថា បើ​ដូច្នោះ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច? ឪពុក​ម្តាយ​ប្រាប់​ថា​យក​មន្ត​សីល​ទៅ​ឲ្យ​លោក​វិញ​ទៅ​ ។ ព្រាន​នាំ​យក​មន្ត​សី​ល​ដើរ​សំដៅ​ទៅ​កាន់​សំណាក់​ព្រះ​ថេរៈ លុះ​ទៅ​ដល់​ហើយ​លោក​សំដែង​សរសើរ​អំពី​គុណ​នៃ​ព្រះ​រតន​ត្រ័យ​ឲ្យ​ស្តាប់​ម្តង​ទៀត ហើយ​បាន​និយាយ​ជូន​មន្ត​សី​ល​នោះ​ទៅ​លោក​វិញ ព្រះ​ថេរៈបា​ន​ប្រាប់​ថា​មិនមែន​មន្ត​សី​ល​របស់​អាត្មា​បាន​រៀន​មក​អំពី​ព្រះ​សម្ពុទ្ធ​ដែរ បើ​អ្នក​ចង់​ជូន​មន្ត​សី​ល​នោះ លុះ​តែ​ទៅ​ជូន​​ដល់​ព្រះ​ឯ​ណោះ​ទើប​បាន​ ។ ព្រាន​នោះ​គិត​ក្នុង​ចិត្ត​ថា វីវរ​ហើយ​អញ​មិន​ដឹង​ជា​ព្រះ​លោក​គង់​នៅ​ឯ​ណា? ហើយ​មិន​ដឹង​ជា​លោក​ទទួល ឬ មិន​ទទួល​ទេ! ទើប​ទូល​សួរ​ព្រះ​ថេរថា ព្រះ​គង់​នៅ​ឯ​ណា? លោក​ប្រាប់​ថា​គង់​នៅ​ឯ​វត្ត​ជេត​ពន ចូរ​អ្នក​ទៅ​ឯ​ណោះ​ចុះ ។ ថ្លែង​ពី​បុរស​ព្រាន​នោះ កាល​បើ​ព្រះ​ថេរ​មិន​ព្រម​ទទួល​ដូច្នោះ​ហើយ ក៏​ដើរ​សំដៅ​ទៅ​កាន់​វត្ត​ជេពន​នោះ លេច​វាល​ចូល​ព្រៃ​យ៉ាង​ដាច់​ស្រយាល បាន​ទៅ​ជួប​នឹង​នាង​ទេវប្រេត​៥០០ នាក់​នៅ​ជើង​ភ្នំ​មួយ​ស៊ី​សុទ្ធ​តែ​អាហារ​ទិព្វ តែ​អាក្រាត​កាយ​នៅ​ខ្លួន​ទេ​ទាំង​អស់​គ្នា គ្មាន​សំលៀក​បំពាក់​អ្វី​សោះ ។ នាង​ទេវប្រេត​ទាំង​នោះ សួរ​អរិយៈ​ព្រាន​នោះ​ថា​អ្នក​អញ្ជើញ​ទៅ​ណា? អរិយៈ​ព្រាន​ប្រាប់​ថា ខ្ញុំ​នាំ​មន្ត​សី​ល​ទៅ​ជូន​ព្រះ!​ ហើយ​ក៏​នាំ​បុរស​នោះ​ទៅ​កន្លែង​របស់​ខ្លួន រៀប​ចំ​អាហារ​ភោជន៍​ដ៏​ជា​ទិព្វ​ឲ្យ​បរិភោគ​យ៉ាង​ឆ្អែត​ឆ្អន់​ស្កប់​ស្កល់​ស្រេច​ហើយ ផ្តាំ​ថា​បើ​អ្នក​បាន​ទៅ​ជួប​នឹង​ព្រះ​សូម​ទូល​សួរ​អំពី​បុព្វកម្ម​របស់​ខ្ញុំ តើ​ពី​ដើម​បាន​ធ្វើ​កម្ម​អ្វី បាន​ជា​កើត​មក​បរិភោគ​អាហារ​សុទ្ធ​តែ​ទិព្វ ប៉ុន្តែ​គ្មាន​សំលៀកបំពាក់​សោះ បើ​មាន​បន្តិច​បន្តួច​យក​មក​ដាក់​ប៉ះ​នឹង​ខ្លួន​មិន​បាន? ។ ព្រាន​នោះ​ទទួល​បណ្តាំ​នាង​ទេវប្រេត​ទាំង​នោះ​រួច​ហើយ​ ក៏​លា​ធ្វើ​ដំណើរ​ត​ទៅ​ទៀត​បាន​ជួប​នឹង​ដំរីស​មួយ ស៊ី​សុទ្ធ​តែ​បន្លា មាន​បន្លា​ឬស្សី នឹង​បន្លា​ព្រេច​ជា​ដើម​មុត​មាត់​ចេញ​ឈាម​ហូរហាម រង​ទុក្ខ​វេទនា មាន​សេចក្តី​លំបាក​នឹង​ការ​ចិញ្ចឹម​ជីវិត​ក្រៃ​លែង មាន​ខ្លួន​ស្គាំង​ស្គម​នៅ​តែ​ស្បែក​នឹង​ឆ្អឹង បើ​ស៊ី​ស្មៅ​ឬ​ស្រូវ ដែល​ជា​វត្ថុ​មាន​ឳជារស​ក្រៅ​ពី​បន្លា​ចេញ​នាំ​ឲ្យ​ក្តៅ​ក្រហាយ អន្ទះ​អន្ទែង​ស្ទើរ​ដាច់​ខ្យល់ ។ ឯ​ដំរី​បាន​ឃើញ​ហើយ​សួរ​ថា​អ្នក​អញ្ជើញ​ទៅ​ណា? ព្រាន​នោះ​ប្រាប់​ថា ខ្ញុំ​នាំ​យក​មន្ត​សីល​ទៅ​ជូ​ន​ព្រះ​! ហើយផ្តាំ​ផ្ញើ​ឲ្យ​ទូល​សួរ​ព្រះ​ឲ្យ​​ខ្ញុំ​ផង​ ថា​តើ​ជាតិ​មុន​ខ្ញុំ​បាន​ធ្វើ​កម្ម​អ្វី? បាន​ជា​មក​កើត​ជាដំរី​ស៊ី​របស់​អ្វីៗ ដទៃ​ទៀត​មិន​បាន ស៊ី​បាន​តែ​បន្លា​១​មុខ​ប៉ុណ្ណោះ មាន​ការ​លំបាក​រង​ទុក្ខ​វេទនា​នឹង​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​ខ្លាំង សូម​ទូល​សួរ​​​ខ្ញុំ​កុំ​ខាន ។ ព្រាន​នោះ​ទទួល​បណ្តាំ​ដំរី​ហើយ លាចរយាត្រា​ដោយ​បាន​ដំរី​ចង្អុល​បង្ហាញ​ផ្លូវ​ទៅ​មុខ​ទៀត បាន​ជួប​នឹង​ពស់​ថ្លាន់​មួយ​ដេក​វៀន​ព័ទ្ធ​ដំបូក​ទៅ​ណា​មក​ណា​មិន​រួច​ស្គាំ​ង​ស្គម​នៅ​ស្បែក​នឹង​ឆ្អឹង​រក​អាហារ​ស៊ី​មិន​សូវ​បាន។ បាន​ជួប​នឹង​ព្រាន​នោះ​សួរ​ថា អ្នក​អញ្ជើញ​ទៅ​ណា? ព្រាន​នោះ​បាន​ប្រាប់​ដូច​មុន រួច​ហើយ​ក៏​និយាយ​ផ្តាំ​ផ្ញើ​នឹង​មាណព​នោះ​ថា បើ​អ្នក​បាន​ទៅ​ជួប​នឹង​ព្រះ​ សូម​អ្នក​មេត្តា​ទូល​សួរ​អំពី​បុព្វ​កម្ម​របស់​ខ្ញុំ តើ​ពី​ជាតិ​មុន ខ្ញុំ​បាន​ធ្វើ​អំពើ​អ្វី? បាន​ជា​មក​កើត​ជា​ពស់​ថ្លាន់​ដេក​វៀន​នៅ​តែ​មួយ​កន្លែង​រក​ទៅ​ណា​មក​ណា​មិន​រួច? លុះ​បាន​ទទួល​ពាក្យ​បណ្តាំ​របស់​ពស់​ថ្លាន់​សំគម​នោះ​ហើយ ព្រាន​នោះ​លី​លា​យាត្រា​សំដៅ​ទៅ​ទៀត​បាន​ជួប​នឹង​ពួក​អសុរ នៅ​ក្នុង​ជន​បទ​មួយ​តែង​តែ​កាប់​សម្លាប់​គ្នា​គ្មាន​លោះ​លា​ត្រា​ប្រណី ខ្លះ​បែក​ក្បាល​ ខ្លះ​ពក​ក្បាល​ចេញ​ឈាម ហូរ​រហាម​ពេញ​មុខ​មាត់ រង​ទុក្ខ​វេទនា​យ៉ាង​ក្រៃលែង​។ ក្នុង​១​ខែ​ឈប់​កាប់​គ្នា​បាន​តែ​ត្រឹម​ ៤ ថ្ងៃ​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​គិត​តែ​ពី​កាប់​សម្លាប់​គ្នា រួច​ពី​កាប់​ចាក់​ទៅ​ក៏​ស្រុះ​ស្រួល​បបួល​គ្នា​ដាំ​បាយ​បរិភោគ​ជា​មួយ​គ្នា ដូច​ជា​គ្មាន​ខឹង​ទាស់​ទែង​នឹង​គ្នា ឲ្យ​តែ​ដល់​ពេល​ក៏​ចាប់​ប្រតិបត្តិ​ការ​កាប់​ចាក់​គ្នា​ទៀត ។ ពួក​អសុរ​បាន​ឃើញ​ព្រាន​នោះ​ក៏​សួរ​ថា អ្នក​អញ្ជើញ​ទៅ​ណា? អរិយៈ​ព្រាន​ក៏​បាន​​ប្រាប់​ដូច​មុន ហើយ​នាំ​ទៅ​កន្លែង​របស់​ខ្លួន ចាត់​ចែង​អាហារ​ភោជន​ឲ្យ​បរិភោគ​ឆ្អែត​ស្កប់​ស្កល់​ហើយ​និយាយ​ផ្តាំ​ផ្ញើ បើ​អ្នក​បាន​ជួប​នឹង​ព្រះ សូម​អ្នក​មេត្តា​ទូល​សួរ​បុព្វ​កម្ម​របស់​ខ្ញុំ​តើ​ពី​ជាតិ​មុន​បាន​ធ្វើ​អំពើ​យ៉ាង​ណា ? បាន​ជា​មក​កើត​អសុរ នេះ​ចេះ​តែ​កាប់​ចាក់​គ្នា​រាល់​តែ​ពេល​គ្មាន​ឈប់​ឈរ​សោះ ក្នុង​១​អាទិត្យ បាន​ឈប់​​កាប់​ចាក់​គ្នា​បាន​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ហេតុ​នេះ​សូម​អ្នក​ទូល​សួរ​​​ខ្ញុំ​កុំ​ខាន ។ អរិយ​ព្រាន​ទទួល​បណ្តាំ​ពួក​អសុរ​រួច​ហើយ ក៏​លា​ធ្វើ​ដំណើរ​ទៅ​ទៀត​បាន​ជួប​នឹង​ព្រះ​រាជា​១​អង្គ ព្រះ​នាម​ព្រះ​បាទ​សាល​រាជ មាន​បុត្រី​២​ព្រះ​អង្គ​សុទ្ធ​តែ​ជា​ក្រមុំ​សៅកែ ។ ក្នុង​១ឆ្នាំ​ៗ​ព្រះ​រាជា​ត្រូវ​តែ​នាំ​ ព្រះ​រាជ​វង្សា​នុវង្ស​រត់​ចេញ​ពីរាជ​ដំណាក់ ទៅ​គង់​នៅ​ស្រុក​ជាយ​ដែន ដែល​ឆ្ងាយ​ដាច់​ស្រយាល​អស់​រយះ​កាល​កន្លះ​ខែ ឬ ១​ខែ ដោយ​នៅ​ក្នុង​ព្រះ​រាជាដំណាក់​ពុំ​បាន​សោះ បើ​ខំ​ជំនះ​តែ​នៅ​នឹង​កើត​ហេតុ​ឧបទ្រព្យ​ចង្រៃ​ជា​ភ្លើង​ឆេះ​ក្តៅ​ក្រហាយ​វិនាស​អន្តរាយ​គ្មាន​សល់​អ្វី​ឡើយ លុះ​ត្រា​តែ​អស់​រយកាល​កន្លះ​ខែ ទើប​យាង​ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​បាន។ ព្រះ​រាជា​បាន​ជួប​នឹង​អរិយៈ​​ព្រាន ក៏​សួរ​តាម​ដំណើរ​ដើម​ទង ទើប​អរិយៈ​ព្រាន​ក្រាប​ទូល​សេចក្តី​មុន​ទៀត ហើយ​ក៏​នាំ​ទៅ​កន្លែង​របស់​ខ្លួន​រៀប​ចំ​ចាត់​ចែង​អាហារ​ភោជន​ឲ្យ​បរិភោគ​ឆ្អែត​ស្រេច​ហើយ បាន​ផ្តាំ​ផ្ញើ​នឹង​អរិយៈព្រាន​នោះ​ឲ្យ​ទទួល​សួរ​បុព្វ​កម្ម​ចែក​ព្រះ​អង្គ​ផង ។ អរិយៈ​ព្រាន​ទទួល​យក​បណ្តាំ​ព្រះ​រាជា​រួច​ស្រេច​ហើយ ក៏​ក្រាប​លា​ធ្វើ​ដំណើរ​ទៅ​ទៀត​បាន​ទៅ​ជួប​នឹង​ព្រះ​សម្ពុទ្ធ​ ចូល​ទៅ​នម​ស្ករ​ថ្វាយ​បង្គំ​ព្រះ​អង្គ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​ថា​ម្នាល​ព្រាន​អ្នក​មក​ពី​ណា? អរិយៈព្រាន​ក្រាប​ទូល​តាម​ដំណើរ​សេចក្តី​ទើប​ព្រះ​អង្គ​ទ្រង់​សំដែង​ធម៌​ទេសនា​ទូន្មាន​ប្រៀន​ប្រដៅ អរិយៈព្រាន​បាន​ស្តាប់​ហើយ ក៏​រឹង​រិត​តែ​មាន​ចិត្ត​ជ្រះ​ថ្លា​ជាង​មុន​ទៅ​ទៀត ហើយ​គិត​ថា អញ​នឹង​មិន​លះ​បង់​ចោល​មន្ត​សីល​នោះ​ទេ អញ​នៅ​តែ​ទន្ទេញ​ឲ្យ​ទាល់​តែចាំ​មែន​ទែន​លុះ​គិត​ដូច្នោះ​ហើយ ទើប​ក្រាប​ទូល​ព្រះ​អង្គ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន កាល​ដែល​ខ្ញុំ​ព្រះ​អង្គ​ចេញ​ធ្វើ​ដំណើរ​ពី​ស្រុក​មក បាន​ជួប​នឹង​នាង​ទេវប្រេត​ចំនួន ៥០០​នាក់​នៅ​ជើង​ភ្នំ​មួយ ស៊ី​សុទ្ធ​តែ​អាហារទិព្វ​ហើយ​មាន​ខ្លួន​អាក្រាត​ទទេ​ទាំង​អស់​គ្នា យក​សំពត់​មក​ប៉ះ​ពាល់​នឹង​កាយ​ពុំ​បាន​សោះ បើ​ជំនះ​តែ​ខំ​យក​មក​ប៉ះ​នឹង​ខ្លួន ក៏​បណ្តាល​ឲ្យ​ក្តៅ​ក្រហល់​ក្រហាយអន្ទះ​អន្ទែង​ស្ទើរ​តែ​ដាច់​ខ្យល់ ។ ពួក​នាង​ទេវ​ប្រេត​ទាំង​នោះ​បាន​ផ្តាំ​ផ្ញើ​នឹង​ខ្ញុំ​ព្រះ​អង្គ​ឲ្យ​ក្រាប​ទូល​សួរ​អំពី​បុព្វ​កម្ម​របស់​នាង តើ​ពី​ជាតិ​មុន​នាង​បាន​ធ្វើ​កម្ម​ដូច​ម្តេច​ខ្លះ? ហេតុ​នេះ​សូម​ព្រះ​អង្គ​ទ្រង់​សំដែង​បុព្វកម្ម​របស់​នាង​ទេវ​ប្រេត​ទាំង​នោះ​ឲ្យ​ខ្ញុំ​ព្រះ​អង្គ​បាន​ដឹង​ផង ។ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​ព្រាន​នោះ​ហើយ ទើប​ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​មក​ថា​ម្នាល​ព្រាន នាង​ទេវប្រេត​នោះ កាល​ពី​ដើម​បាន​កើត​ជា​ស្រ្តី​នៅ​ក្នុង​ជន​បទ​មួយ​តែង​នាំ​គ្នា​លក់​ជ្រូក​ចិញ្ចឹម​ជីវិត ដល់​កាល​ណា​លក់​ជ្រូក​អស់​ទៅ​បាន​ប្រាក់​យក​ទៅ​ទិញ​គ្រឿង​អលង្ការ សម្រាប់​តុប​តែង​ខ្លួន​មាន​ខ្សែមាស នឹង​ទឹក​អប់​ម្សៅ​ជា​ដើម មួយ​ចំណែក​ទៀត​បាន​អង្គាស​ប្រមូល​ប្រាក់​គ្នា​យក​ទៅ ចាត់​ចែង​ប្រគេន​ចង្ហាន់​បិណ្ឌ​បាត​ចំពោះ​ព្រះ​សង្ឃតែ​មិន​បាន​​ធ្វើ​ចីវរទាន​នឹង​សេនាសេនៈ​​ទាន​ទេ ។ ដោយ​បាប​កម្ម​ដែល​នាង​ចិញ្ចឹម​ជ្រូក​នោះ​ក៏​បណ្តាល​ឲ្យ​នាង​ធ្លាក់​ទៅ​កើត​ជា​ប្រេត​រង​ទុក្ខ​វេទនា​គ្មាន​សំពត់​ស្លៀក​ដណ្តប់​នឹង​កន្លែង​នៅ​ឲ្យ​បាន​ស្រួល​បួល​ ព្រោះ​មិន​បាន​ធ្វើ​វីវរ​ទាន​នឹង​សេនាសនទាន ។ ដោយ​អំពើ​ជា​កុសល​ដែល​នាង​បាន​ប្រគេន​ចង្ហាន់​បិណ្ឌ​បាត​ចំពោះ​ព្រះ​សង្ឃ​អានិសង្ស​នៃ​ទាន​នោះ ក៏​បណ្តាល​ឲ្យ​នាង​បាន​អាហារ​ទិព្វ​បរិភោគ​តែ​រាល់​ពេល​វេលា​ដូច្នេះ​ឯង ។ ព្រាន​បាន​ស្តាប់​ចាំ​ហើយ ទើប​ទូល​ពី​រឿង​ដែល​ខ្លួន​បាន​ជួប​ដំរី​ស៊ី​បន្លាត​ទៅ​ទៀត ។ ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​មក​ថា កាល​ពី​ព្រេង​នាយ​ដំរី​នោះ​បាន​កើត​ជា​អ្នក​កាត់​ក្តី​ប្រកប​ដោយ​អគតិ​ទាំង​៤ ធ្វើ​អំពើ​អាក្រក់​លា​មក​គ្រប់​បែប​យ៉ាង មាន​ស៊ី​សំណូក​ជា​ដើម​ ដល់​ពេល​កាត់​ក្តី​ម្តងៗ កាត់​មិន​ដែល​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​សោះ ប្រកប​ដោយ​អំពើ​អយុត្តិ​ធម៌​គ្រប់​ជំពូក ។ ដល់​គាត់​អស់​អាយុ​សង្ខារ​ទៅ បាន​ទៅ​កើត​ជា​សត្វ​ដំរី​ស៊ី​តែ​បន្លា​ដាច់​មាត់​ចេញ​ឈាម​ហូរ​រហាម​រង​ទុក្ខ​វេទនា​នៅ​ទី​នោះ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​គាត់​បាន​ធ្វើ​ឲ្យ​បណ្តា​ជន​ក្តៅ​ក្រហាយ ដោយ​សារ​តែ​គាត់​កាត់​ក្តី​មិន​សុចរិត​យុត្តិធម៌ ។ ព្រាន​ទូល​សួរ​រឿង​ពស់​ថ្លាន់​ទៀត​ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​ថា កាល​ពី​ដើម​ពស់​ថ្លាន់​នោះ​កើត​ជា​សេដ្ឋី​មាន​ទ្រព្យ​ច្រើន តែ​កំណាញ់​ស្វិត​ស្វាញ​​ជូរ​ជាតិ​ណាស់ មិន​ដែល​ធ្វើ​បុណ្យ​ទាន​ដល់​ស្មូម​យាចក​អ្នក​កំសត់​ទុគត៌​ណា​​មួយ​ឡើយ សូម្បី​តែ​ខ្លួន​ឯង​ក៏​មិន​ហ៊ាន​ស៊ី​វត្ថុ​ដែល​មាន​ឳជារស​ឆ្ងាញ់​ពិសារ​ផង ដល់​ពេល​ជិត​ស្លាប់​គាត់​យក​ទ្រព្យ​ទៅ​កប់​ទុក​គ្មាន​ឲ្យ​នរណា​ម្នាក់​ដឹង​សោះ ។ លុះ​ដល់​ស្លាប់​ទៅ​បាន​កើត​ជា​ពស់​ថ្លាន់​វៀន​នៅ​តែ​១​កន្លែង​រក​ទៅ​ណា​ពុំ​រួច ដោយ​ហេតុ​តែ​សេចក្តី​កំណាញ់​ដែល​គាត់​បាន​អប់​រំ​សន្សំ​មក​អស់​កាល​ដ៏​យូរ​បាន​ដិត​ជាប់​នៅ​ក្នុង​ចិត្ត​របស់​គាត់​ ម្ល៉ោះ​ហើយ​ក៏​ហ៊ាន​ទៅ​ណា​មក​ណា ព្រោះ​ខ្លាច​វិនាស​អន្តរាយ​ទ្រព្យ​សម្បត្តិ​នោះ ដូច្នោះ​ហើយ ក៏​ស៊ូទ្រាំ​រង​ទុក្ខ​វេទនា​នឹង​សេចក្តី​ស្រេក​ឃ្លាន​តាម​យ​ថា​ហេតុ ។ ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា​ម្នាល​ព្រាន ពស់​ថ្លាន់​នោះ​ដែល​មិន​ហ៊ាន​វារ​ទៅ​រក​ស៊ី​ឯ​ណា ព្រោះ​នៅ​ខាង​ក្រោម​កន្លែង​ដែល​វៀន​នោះ សុទ្ធ​តែ​កំណប់​ទ្រព្យ ដែល​គាត់​បាន​កប់​ទុក​ពី​អតីត​ជាតិ ។ ព្រាន​បាន​ស្តាប់​ហើយ ក៏​ធ្វើ​មនសិការះ​កត់​សំគាល់​ទុក​ក្នុង​ចិត្ត រួច​ទូល​សួរ​ពី​រឿង​ពួក​អសុរ​ដែល​កាប់​សម្លាប់​គ្នា​គ្មាន​ត្រា​ប្រណី ក្នុង​១​អាទិត្យ​ត្រូវ​បាន​ឈប់​សម្រាក​លែង​កាប់​គ្នា​បាន​តែ​១​ថ្ងៃ​ព្រះ​អង្គ​ទ្រង់​តា្រស់​ថា ម្នាល​ព្រាន​ក្នុង​កាល​ខណ្ឌ​ខាំង​កំបាំង​បាត់​ស្លាត់​កន្លង​រំលង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ​សម្បត្តិ​នៅ​នគរ​មួយ​ទ្រង់​ប្រកប​ដោយ​ទសពិរាជ​ធម៌ ព្រះ​អង្គ​ទ្រង់​ដាក់​អាជ្ញា​ថា ក្នុង​១​អាទិត្យ ត្រូច​ប្រជារាស្ត្រ​ទាំង​អស់​ឈប់​សម្រាក​ប្រកប​ការ​ងារ​ក្នុង​ថ្ងៃ​សីល ១ ថ្ងៃ ។ ត្រូវ​នាំ​គ្នា​រក្សា​សីល​ឲ្យ​បាន​ជា​និច្ច បើ​នរណា​មិន​ប្រតិបត្តិ​តាម​ត្រូវ​ទទួល​ទណ្ឌ​កម្ម​តាម​ព្រះ​រាជ​អាជ្ញា ។ ចំណែក​បណ្តា​រាស្ត្រ​មាន​កិច្ចករា​ប្រកប​ផ្សេងៗ​គ្នា ខ្លះ​ប្រកប​ខាង​កសិកម្ម ខ្លះ​ខាង​លក់​ស្រា ខ្លះ​លេង​ល្បែង​ស៊ី​សង​មាន​បញ្ជល់​មាន់​ជា​ដើម ក៏​នាំ​គ្នា​ឈប់​ប្រកប​កិច្ចការ​ទាំង​នោះ​ក្នុង​ថ្ងៃ​សី​ល​តាម​ព្រះ​រាជអាជ្ញា ខ្លះ​បាន​រក្សា​សីល ខ្លះ​ទៀត​ក៏​គ្រាន់​តែ​ឈប់​ស្ងៀម​ទទេ ដោយ​ខ្លាច​អំណាច​អាជ្ញា​ព្រះ​មហាក្សត្រ ។ ចំណែក​ពួក​ជន​មួយ​ក្រុម ជា​អ្នក​ប្រព្រឹត្ត​អំពើ​អបាយ​មុខ​ខាង​បញ្ជល់​មាន់​គ្មាន​លស់​ថ្ងៃ​ណា​មួយ ដល់​ព្រះ​រាជា​ទ្រង់​ដាក់​អាជ្ញា​ដូច្នោះ ក៏​នាំ​គ្នា​ឈប់​លេង​ល្បែង​បញ្ជល់​មាន់​ក្នុង​ថ្ងៃ​សីល ផុត​តែ​ថ្ងៃ​នោះ​នាំ​គ្នា បញ្ជល់​មាន់​ទៀត ប្រព្រឹត្ត​តែ​អំពើ​បាប​អកុសល​យ៉ាង​នេះ​រហូត​ដល់​ចាស់​ជរា​តែ​រៀង​ៗ​ខ្លួន ។ លុះ​ផុត​អាយុ​សង្ខារ​បាន​ទៅ​កើត​ជា​ពួក​អសុរ​តែង​កាប់​សម្លាប់​គ្នា​គ្មាន​ត្រាប្រណី ដោយ​ផល​កម្ម​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​បញ្ជល់​មាន់​ពី​ជាតិ​មុន ក៏​ហុច​ផល​ផ្តល់​ឲ្យ​ចាក់​កាប់​សម្លាប់​គ្នា​យ៉ាង​នេះ ហើយ​ដែល​បាន​ឈប់​សម្រាក​លែង​កាប់​គ្នា​១ ថ្ងៃ ព្រោះ​ខ្លាច​អំណាច​អាជ្ញា​ព្រះ​រាជា​ដែល​បាន​កំរិត​យ៉ាង​តឹង​តែង ម្ល៉ោះ​ហើយ​ពួក​អសុរ​នោះ​ក៏​ត្រូវ​បាន​រួច​ខ្លួន​សុខ​សប្បាយ​ក្នុង​១​អាទិត្យ​បាន​តែ​១ ថ្ងៃ​ប៉ុណ្ណោះ​ដូច​អ្នក​ឃើញ​ស្រាប់​ហើយ ។ ព្រាន​បាន​ស្តាប់​និទាន​នោះ​ហើយ ទើប​ទូល​សួរ​ព្រះ​មាន​បុណ្យ​ពី​រើង​ព្រះ​រាជា​១​ព្រះ​អង្គ​តាម​លំដាប់​ហូរ​ហែ​មក​ទៀត ។ ព្រះ​អង្គ​ទ្រង់​នាំ​អតីត​និទាន​មក​សំដែង​បា្រប់​ថា ព្រះ​រាជា​អង្គ​នោះ​កាល​ពី​ដើម​កើត​ជា​កុដុម្ពី​មាន​បុត្រ​ពីរ​នាក់ ជា​អ្នក​ធ្វើ​ស្រែ​ចំការ​មាន​ទ្រព្យ​ច្រើន តែង​ជួល​ពួក​កម្មករ​ឲ្យ​កាប់​ឆ្កា​ព្រៃ​ធ្វើ​ស្រែ​ចំការ​ក្នុង ១​ឆ្នាំ​ម្តង លុះ​កាប់​រួច​ហើយ​គ្រាន់​តែ​ព្រៃ​នោះ​ស្ងួត​ស្រពាប់​ល្មមៗ ក៏​យក​ភ្លើង​ទៅ​ដុត​ឆេះ​ស្លាប់​សត្វ​ទាំង​តូច​ទាំង​ធំ តាំង​ពី​ស្រមោច កណ្តូប សង្អា​រជា​ដើម ដោយ​គ្មាន​សេចក្តី​មេត្តា​ករុណា​ចំពោះ​សត្វ​តូច​តាច ទាំង​មិន​បាន​ដេញ​សត្វ​ដែល​ឃើញ​ឲ្យ​រត់​ចេញ​ឡើយ ។ ម្ល៉ោះ​ហើយ​ក៏​ត្រូច​ឆេះ​ស្លាប់​ក្នុង ភ្លើង​នោះ​ទៅ។ ដោយ​ពៀរ​វេរា ដែល​ព្រះ​អង្គ​ដុត​ព្រៃ​ឆេះ​សត្វ​ស្លាប់​សត្វ​តូច​តាច​អស់​ជា​ច្រើន​នេះ​បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​រង​ទុក្ខ​វេទនា​គង់​នៅ​ក្នុង​ព្រះ​រាជ​ដំណាក់ពុំ​បាន​ក្នុង​១​ឆ្នាំ​ត្រូវ​តែ​នាំ​គ្រួសារ​រត់​ចេញ​ទៅ​នៅ​ជនបទ​អស់​រយៈ​កាល​កន្លះ​ខែ​ឬ ១​ខែ ទើប​ត្រឡប់​ចូល​មក​វិញ​បាន ដោយ​បាបកម្ម​ដែល​ព្រះ​អង្គ​បាន​ធ្វើ​នោះ​ឯង ។ ព្រាន​បាន​ស្តាប់​អតីត​ទាន ដែល​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​នាំ​មក​សំដែង​ចប់​សព្វ​គ្រប់​ហើយ ក៏​លើក​ករ​ប្រណម្យ​ថ្វាយ​បង្គំ​លា​ព្រះ​មាន​បុណ្យ​ត្រឡប់​ទៅ​វិញ ដើម្បី​នាំ​យក​ពត៌​មាន​នោះ​ទៅ​ប្រាប់​ដល់​ជន​ទាំង​៥​នាក់​ឲ្យ​បាន​ដឹង​ពី​បុព្វ​កម្ម​ដែល​ខ្លួន​បាន​ធ្វើ​ពី​ក្នុង​អតីត​ជាតិ ។ លុះ​គាត់​ដើរ​ត្រឡប់​ទៅ​វិញ​បាន​ជួប​នឹង​ព្រះ​រាជា ហើយ​អធិប្បាយ​រឿង​នោះ​ទូល​ព្រះ​រាជា​ឲ្យ​បាន​ជ្រាប​តាម​ដំណើរ​សេចក្តី​ហូរ​ហែ ព្រះ​រាជា​បាន​ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​មាន​ព្រះ​ទ័យ​នឹក​សង្វេគ​ខ្លោច​ផ្សា​ចំពោះ​បាបកម្ម​ដែល​ព្រះ​អង្គ​បាន​ប្រព្រឹត្ត ហើយ​លើក​បុត្រ​ទាំង​២ អង្គ​ប្រគល់​ឲ្យ​អរិយៈព្រាន​ធ្វើ​ជា​ប្រពន្ធ ។ លុះ​អំណើរត​មក​ព្រះ​អង្គ​ប្រគល់​រាជ​សម្បត្តិ​ទាំង​អស់​ឲ្យ​អរិយៈ​ព្រាន​ជា​កូន​ប្រសារ​គ្រប់​គ្រង​ជំនួស​ព្រះ​អង្គ តាំង​ពី​ពេល​នោះ​មក​អរិយៈ​ព្រាន​បាន​ឡើង​ជា​ស្តេច​ព្រះ​នាម​សីលសាររាជ ។ ព្រះ​បាទ​សីល​សាររាជ​ទ្រង់​នាំ​ពួក​ពល​សកល​យោធា​យាង​ធ្វើ​ដំណើរ​ទៅ​ទៀត ដើម្បី​យក​ពត៌​មាន​ទៅ​ប្រាប់​ពួក​អសុរ លុះ​ទៅ​ដល់​ហើយ​បាន​អធិប្បាយ​ប្រាប់​ដូច​លើក​មុន។ ឯ​ពួក​អសុរ​ទាំង​អស់ បាន​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ជា​បរិវារ ។ ឯ​ផល​កម្ម​អកុសល​ដែល​ខ្លួន​​បាន​ធ្វើ​នោះ ក៏​បាន​ផុត​រលត់​លែង​កាប់​សម្លាប់គ្នា​ទៅ​ទៀត​ពី​ពេល​ត្រឹម​ពេល​ដែល​ខ្លួន​បាន​ដឹង​នោះ​មក ។ រួច​ទ្រង់​យាង​ទៅ​បា្រប់​ពស់​ថ្លាន់​នោះ​ទៀត​ថា ពី​ជាតិ​មុន​ពស់​ឯង​ធ្លាប់​កើត​ជា​សេដ្ឋី​ម្នាក់​មា​ន​ទ្រព្យ​ស្តុក​ស្តម្ភ ប៉ុន្តែ​ជា​មនុស្ស​កំណាញ់​ស្វិត​ស្វាញ មិន​ធ្វើ​បុណ្យ​ឲ្យ​ទាន​ដល់​ស្មូម​យាចក​អ្នក​កំសត់​ទុគត៌​ឡើយ ម្ល៉ោះ​ហើយ​បាន​ជា​ឯង​មក​កើត​ជា​ពស់​ថ្លាន់​នេះ នៅ​ខាង​ក្រោម​ដំណេក​ឯង​ក្នុង​ដំបូក​នេះ​មាន​កំណប់​ទ្រព្យ​ជា​ច្រើន​ដែល​អ្នក​ឯង​បាន​កប់​ទុក​ពី​ជាតិ​មុន យើង​បាន​ដឹង​ពត៌​មាន​នេះ​សព្វ​គ្រប់​អស់​ហើយ ។ ចំណែក​ពស់​ថ្លាន់​លុះ​បាន​ដឹង​ដូច្នោះ​ហើយ ក៏​ប្រគល់​ទ្រព្យ​ទាំង​អស់​របស់​ខ្លួន​ថ្វាយ​ព្រះ​រាជ​ក្នុង​ពេល​នោះ ។ ឯ​ព្រះ​បាទ​សីល​សាររាជ​លុះ​បាន​កំណប់​ទ្រព្យ ដែល​ពស់​ប្រគល់​ឲ្យ​មក​នោះ​យក​ទៅ​ធ្វើ​បុណ្យ​ឲ្យ​ទាន​ឧទ្ទិស​ចំណែក​កុសល​ផ្តល់​ឲ្យ​ពស់​ថ្លាន់​នោះ ក៏​បាន​រួច​ផុត​ចាក​សេចក្តី​ទុក្ខ បាន​សោយ​សុខ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត​តាំង​ពី​ពេល​នោះ​រៀង​ដរាប​មក ។ បន្ទាប់​មក​ទ្រង់​នាំ​ពួក​បរិវារ​ដើរ​ទៅ​កន្លែង​ដំរី​ទៀត​ លុះ​ទៅ​ដល់​ហើយ​ក៏​និយាយ​រឿង​រ៉ាវ​ប្រាប់​ដំរី​នោះ​ឲ្យ​បាន​ដឹង​សព្វ​គ្រប់ ។ ឯ​ដំរី​កាល​បើ​បាន​ដឹង​បាបកម្ម​ដែល​ខ្លួន​ធ្វើ​អំពើ​អយុត្តិធម៌​បន្ទុក​ ឥត​មាន​ការ​កោត​ក្រែង​ញញើត​អ្វី​សោះ ព្រោះ​ហេតុ​នេះ​បាន​ជា​បណ្តាល​ឲ្យ​ទៅ​កើត​ជា​ដំរី​ស៊ី​តែ​បន្លា​មុត​មាត់​ចេញ​ឈាម​តែ​រាល់​ថ្ងៃ​នោះ​ហើយ ក៏​សុខ​ចិត្ត​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ជា​សេនា​ព្រះ​បាទ​សីល​សាររាជ​តាំង​ពី​ពេល​នោះ ហើយ​បាន​រួច​ចាក​សេចក្តី​ទុក្ខ​គ្រប់​យ៉ាង បាន​សោយ​សុខ​ក្សេម​ក្សាន្ត​ជា​ភិយ្យោ​ភាព​ដោយ​សារ​ចំណែក​កុសល ដែល​ព្រះ​បាទ​សីល​សាររាជ បាន​ឧទ្ទិស​ផ្សាយ​ទៅ​ឲ្យ ។ លំដាប់​ពី​នោះ​មក​ព្រះ​អង្គ​ទ្រង់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដើម្បី​យក​ដំណឹង​នេះ​ទៅ​ប្រាប់​ដល់​ពួក​នាង​ទេវ​ប្រេត​ទាំង​៥០០ ដែល​បាន​ផ្តាំ​ផ្ញើពី​ពេល​មុន លុះ​ដល់​ពួក​នាង​ទេវ​ប្រេត​ទាំង ៥០០ មាន​ចិត្ត​ត្រេក​អរ​រីក​រាយ​នាំ​គ្នា​ចាត់​ចែង​អាហារ​ភោជន​ថ្វាយ​ព្រះ​អង្គ​សោយ លុះ​សោយ​រួច​ស្រេច​ទើប​ទ្រង់​ថ្លែង​បុព្វ​កម្ម​របស់​នាង​ទេវប្រេត​ទាំង​នោះ​ឲ្យ​បាន​ដឹង​ថា កាល​ពី​មុន​នាង​កើត​ជា​មនុស្ស​រក​ស៊ី​ចិញ្ចឹម​ជ្រូក​លក់ លុះ​បាន​ប្រាក់​មក​យក​ទៅ​ទិញ​សំលៀក​បំពាក់ នឹង​គ្រឿង​អលង្ការ​សម្រាប់​តាក់​តែង​ខ្លួន​មាន​ម្សៅ​ប្រេង​ជា​ដើម​លុះ​សម័យ​ថ្ងៃ​មួយ​បាន​នាំ​គ្នា​ចាត់​តែង​ធ្វើ​ចង្ហាន់​ដាក់​បាត​ព្រះ​សង្ឃ ដោយ​សារ​អំណាច​អានិសង្ឃ​នៃ​បិណ្ឌ​បាត​​ទាន​នោះ ក៏​នាំ​ឲ្យ​នាង​ទាំង​អស់​គ្នា​បាន​មក​កើត​ជា​ទេវប្រេត សោយ​អាហារ​សុទ្ធ​តែ​ទិព្វ​ចីវរ​ទាន​ពួក​នាង​មិន​បាន​ឲ្យ​ទេ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​នាង​រង​ទុក្ខ​វេទនា​រក​សំលៀក​បំពាក់​គ្មាន ។ ចំណែក​ពួក​នាង​ទេវប្រេត​ទាំង​៥០០លុះ​បាន​ស្តាប់​អតីត​និទាន​របស់​ខ្លួន​ដូច្នោះ​ហើយ ក៏​នឹក​តក់​ស្លុត​តូច​ចិត្ត​អាណិត​ខ្លួន​គ្រប់​ៗ​គ្នា រួច​បាន​ប្រគល់​កាយ​ថ្វាយ​ខ្លួន​ធ្វើ​ជា​បរិវា​ទាំង​អស់​គ្នា​បាន​សុខ​សប្បាយ​រួច​ចាក​ទុក្ខ​ទាំង​ពួង ដោយ​សារ​កុសល​ផល​បុណ្យដែល​ព្រះ​បាទ​សីល​សាររាជ បាន​ឧទ្ទិស​ផ្សាយ​ទៅ​ឲ្យ​តាំង​ពី​ត្រឹម​ពេល​នោះ​រៀង​ដរាប​មក ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1040/2026-08-20_08_15_37-yearsorg_-_f62_214_79_36_-_FileZilla.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ២២,១៥៨ ដង)
រឿង​ឥសី​មាត់​ទិព្វ (ចាក​ គ. នា) (ការ​មើល​ងាយ​អ្នក​មាន​តេជៈ​ច្រើន ត្រូវ​វិនាស​ខ្លួន​យ៉ាង​ទាន់​ហន់) កាល​ពី​ព្រេង​នាយ​មាន​ឥសី​មួយ​អង្គ​នៅ​ព្រៃ​ហេម​ពាន្ត ចេះ​សិល្ប៍​ពូកែ​ចំណាន​លើស​ឥសី​ទាំង​ពួង ជា​អ្នក​កាន់​សច្ចៈ​ទៀង​ទាត់​ទើប​មាត់​របស់​លោក​ក្លាយ​ជា​មាត់​ទិព្វ​និយាយ​ថា​យ៉ាង​ណា​បាន​យ៉ាង​នោះ ។ សម័យ​មួយ​ ព្រះ​រាជា​ក្នុង​ដែន​មគធៈ នាំ​ព្រះ​អគ្គមហេសី និង​ព្រះ​រាជ​ធីតា​ព្រម​ទាំង​បរិវារ​ទៅ​ក្រសាល​ឳទ្យាន បាន​ជួប​នឹង​ឥសី​នោះ​នៅ​ក្នុង​ព្រៃ​ពាក់​កណ្តាល​ផ្លូវ ។ ព្រះ​រាជា​គង់​លើ​រាជ​យាន​ស្រែក​សួរ​ចំពោះ​ឥសី​ថា លោក​មក​អង្គុយ​ធ្វើ​អ្វី​ក្នុង​អាណា​ខេត្ត​របស់​យើង​នេះ​លោក​ឈ្មោះ​អ្វី?នៅ​ក្នុង​ទី​ណា? ។ ឥសី​កំពុង​ចូល​ឈាន ឥត​បាន​ឮ​ព្រះ​សូរ​សីហនាទ​របស់​ព្រះ​រាជា​អង្គ​នេះ​ឡើយ ។ ព្រះ​រាជា​ទ្រង់​ពិរោធ​ជា​ខ្លាំង ចុះ​ចាក​រាជ​យាន​យាង​សំដៅ​ទៅ​រក​ឥសី​ត្រាស់​សួរ​ខ្លាំង​ៗ ឥសី​នៅ​តែ​គង់​ពែន​ភ្នែន​ដដែល​ព្រោះ​ចិត្ត​លោក​នៅ​ក្នុង​ឈាន ។ ព្រះ​រាជា​ខ្ញាល់​ខ្លាំង​ណាស់​ថា​ឥសី​នេះ​កោង អប្បាល​យើង​ជា​មហា​ក្សត្រ​ម្ចាស់​ផែនដី​សួរ​មិន​ឆ្លើយ ទើប​យក​ព្រះ​បាទ​ធាក់​ឥសី​ដួល​ដេក​លើ​ដី ហើយ​ត្រាស់​ប្រើ​រាជ​អាមាត្យ​ឲ្យ​យក​ដុំ​ថ្ម​ធំៗ សង្កត់​ឥសី​នោះ ដរាប់​ដល់​មាន​កំពស់​ដូច​ដំបូក​ហើយ​យាង​ហួស​ទៅ ។ ដល់​គ្រប់​៧​ថ្ងៃ​ឥសី​ចេញ​ចាក​ឈាន គឺ​មាន​សេចក្តី​ទុក្ខ​វេទនា​ដោយ​ដុំ​ថ្ម​សង្កត់​នោះ​យ៉ាង​ក្រៃ​លែង ទើប​លោក​និយាយ​ថា ដុំ​ថ្ម​នេះ​ចូរ​ក្លាយ​ទៅ​ជា​រូប​អ្នក​ព្យាបាទ​យើង​ចុះ ថា​តែ​ប៉ុណ្ណោះ​ដុំ​ថ្ម​ទាំង​នោះ​បាត់​អស់​ទៅ​ ពួក​ព្រះ​រាជា​ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា ទាំង​រាជ​បរិវារ​ទាំង​អស់​ ក្លាយ​ជា​ថ្ម។ ពួក​អ្នក​នគរ​ផ្អើល​ជ្រួល​ជ្រើម​ព្រោះ​គ្មាន​ដឹង​ហេតុ​អ្វី​សោះ​ស្រាប់​តែ​ជន​ទាំង​នោះ​ក្លាយ​ទៅ​ជា​ថ្ម ក៏​ខំ​បន់​ស្រន់​រៀង​ខ្លួន ទោះ​បី​ខំ​បន់​ស្រន់​បួង​សួង​ឲ្យ​វត្ថុ​ស័ក្ត​សិទ្ធិ​ជួយ​យ៉ាង​ណា ក៏​មិន​អាច​ធ្វើ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​ដូច​ដើម​បាន ។ ចំណែ​ក​ឥសី​មាត់​ទិព្វ​លោក​និមន្ត​ទៅ​អាស្រម​លោក​វិញ មាន​អាពាធ​ជា​ទម្ងន់​ដោយ​រូប​កាយ​លោក​បាក់​បែក​ខ្ទេច​ខ្ទី​អស់ ។ ឯ​ពួក​ទេវតា​ដែល​រក្សា​នគរ រក្សា​ស្វេត​ឆត្រ​ព្រះ​រាជា​នោះ កើត​ទុក្ខ​ក្រៀម​ក្រំ​គ្រប់​ៗ​គ្នា ដោយ​បាន​ដឹង​ថា​ជន​ទាំង​នេះ ត្រូវ​បណ្តា​សា​ឥសី​មិន​អាច​អ្នក​ណា​ជួ​យឲ្យ​ក្លាយ​ជា​មនុស្ស​វិញ​បាន ។ ​ទើប​នាំង​គ្នា​ទៅ​កាន់​សំណាក់​ឥសី​ដើម្បី​សុំ​ឲ្យ​ជន​ទាំង​នោះ​ក្លាយ​ជា​មនុស្ស​វិញ ។ឥសី​ប្រាប់​ទេវតា​ថា​កំហុស​របស់​អ្នក​ណា​ ទាល់​តែ​អ្នក​នោះ​មក​សុំ​ទោស​ទើប​បាន ព្រោះ​អំពើ​ល្អ​អាក្រក់​របស់​អ្នក​ណា ត្រូវ​តែ​ខ្លួន​អ្នក​នោះ​ទទួល​ផល​អ្នក​ដទៃ​ជួស​មិន​បាន ។ ពួក​ទេវតា​ទាល់​គំនិត ក៏​ត្រឡប់​ទៅ​នគរ​វិញ​ ។ ពេល​បន្ទាប់​នោះ​ឥសី​ដឹង​ខ្លួន​ថា​នឹង​អស់​ព្រះ​ជន្ម​ថ្ងៃ​នោះ​ហើយ ទើប​លោក​ហៅ​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​របស់​លោក​មក​ប្រាប់​ថាៈ អាត្មា​ត្រូវ​ស្លាប់​ក្នុង​ថ្ងៃ​នេះ ហើយ ឯង​ត្រូវ​កាន់​សច្ចះ​សុចរិត​ចុះ​ យើង​ឲ្យ​អ្នក​ឯង​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​នេះ ឯ​គូ​ព្រេង​របស់​ឯង គឺ​នាង​ចន្ទ​រស្មី ជា​ព្រះ​រាជ​ធីតា​របស់​ព្រះ​រាជា​ដែន​មគធៈ​ ឥឡូវ​ក្លាយ​ទៅ​ជា​ថ្ម​ហើយ នៅ​១​ពាន់​ឆ្នាំ​ទៀត​ទើប​រួច​ទោស​ក្លាយ​ជា​មនុស្ស​វិញ ។ ឯង​ត្រូវ​ស្វែង​រក​ផ្លែ​ស្វាយ​ទិព្វ​នៅ​ក្នុង​ព្រៃ​ហេមពាន្ត​យក​មក​ស៊ី​ឲ្យ​បាន ទើប​ខ្លួន​ឯង​នៅ​ក្មេង​ដដែល​ បើ​រក​មិន​បាន​ទេ មុខ​ជា​អស់​បាន​ជួប​គូព្រេង​ឯង​ហើយ ព្រោះ​ឯង​មិន​អាច​រស់​នៅ​បាន ១ ពាន់​ឆ្នាំ​ទេ ។ ឥសី​ប្រាប់​នាយ​ទិព្វ​វង្ស​ជា​សិស្ស​សំណប់​តែ​ប៉ុណ្ណោះ ក៏​ឲ្យ​ថ្នាំ​១​ដុំ​ប្រាប់​ថា ដល់​គ្រប់​១ ពាន់​ឆ្នាំ ឯង​យក​ថ្នាំ​នេះ​លាយ​នឹង​ទឹក​ស្រោច​លើ​រូប​ថ្ម​ចុះ នឹង​ក្លាយ​ជា​មនុស្ស​បាន​ដូច​បំណង​ហើយ​លោក​ក៏​សុគត​ទៅ​។ ដោយ​អំណាច​មាត់​ទិព្វ​របស់​ឥសី នាយ​ទិព្វ​វង្ស ក៏​ពូកែ​មាន​អំណាច​ធំ​ជាង​គេ​ក្នុង​លោក​មែន សូម្បី​ព្រះ​អាទិត្យ​ក៏​មិន​ហ៊ាន​បញ្ចាំង​កំដៅ​ឲ្យ​ត្រូវ​ដែរ គឺ​បើ​នាយ​ទិព្វ​វង្ស​ទៅ​ក្នុង​ទីណា​មេឃ​ស្រទំ​ក្នុង​ទី​នោះ​ជា​ដរាប ។ ក្រោយ​ដែល​នាយ​ទិព្វ​វង្ស​បូជា​សព​ឥសី​ជា​គ្រូ​ហើយ នាយ​ដើរ សំដៅ​ទៅ​នគរ​មគធៈ ដើម្បី​ឲ្យ​ឃើញ​មុខ​គូព្រេង​របស់​នាយ ។ គួរ​អសា្ចរ្យ​នឹង​អំណាច​របស់​នាយ​ទិព្វ​វង្ស​ណាស់ គឺ​រូប​ព្រះ​រាជា​ ព្រះ​អគ្គមហេសី ព្រះ​រាជ​ធីតា​ដែល​ក្លាយ​ទៅ​ជា​ថ្ម​នោះ​ពួក​មហាជន​បាន​ធ្វើ​ចេតិយ​ដាក់​បិទ​សន្ធប់​យ៉ាង​ជិត​ហើយ​មាំ​មួន​ណាស់ មាន​អ្នក​ថែ​រក្សា​ច្រើន​ជាន់​ច្រើន​សង្កាត់ ព្រោះ​ខ្លាច​រូប​ថ្ម​នេះ​បាក់​បែក​ខូច ។ នាយ​ធ្វើ​ដំណើរ​ទៅ​ដល់​នគមគធហ បាន​សួរ​អ្នក​យាម​នគរ​ថា ព្រះ​រូប​ថ្ម​នៅ​ក្នុង​ទីណា​គេ​ចង្អុល​ប្រាប់​ចេតិយ​ដែល​មើល​ឃើញ​ច្បាស់ ។ នាយ​ត្រេក​អរ​ណាស់​ដើរ​សំដៅ​ទៅ​រក​ តែ​ពួក​អ្នក​យាម​ទ្វារ​មិន​ឲ្យ​ចូល​ទៅ​ជិត ទើប​នាយ​បួង​សួង​ថា​បើ​ព្រះ​រាជ​ធីតា​នោះ​ត្រូវ​ជា​គូ​ព្រេង​ដូច​ឥសី​ថា​មែន សូម​ឲ្យ​ចេតិយ​បាក់​បែក​អស់ ហើយ​រូប​ថ្ម​ទាំង​បី​អណ្តែត​ឡើង គ្រាន់​តែ​បួង​សួង​ចប់​ចេតិយ​ក៏​បាក់​បែក​ខ្ទេច កំរើក​ញាប់​ញ័រ​ពេញ​នគរ រូប​ទាំង​បី​ក៏​អណ្តែត​ឡើង ឯ​រូប​នាង​ចន្ទរស្មី​ធ្លាក់​មក​ជិត នាយ​ស្ទុះ​ទៅ​ឳប​រូប​នោះ​បបោស​អង្អែល​ហើយ​និយាយ​ថា ឳ​គូ​ព្រេង​កំសត់​នៅ ១​ពាន់​ឆ្នាំ​ទៀត​ទើប​យើង​បាន​ជួប​គ្នា ឥឡូវ​បង​ត្រូវ​ចូល​ទៅ​ព្រៃ​ហេមពាន្ត ដើរ​រក​ផ្លែ​ស្វាយ​ទិព្វ​បរិភោគ​ដើម្បី​បន្ត​ជីវិត​បង​ឲ្យ​រស់​នៅ​ស្មើ​នឹង​ជីវិត​ប្អូន សូម​ប្អូន​នៅ​ចាំ​បង​ក្នុង​ចេតិយ​នេះ​វិញ​ចុះ ថា​តែ​ប៉ុណ្ណោះ​ចេតិយ​កើត​ឡើង​ភ្លាម​រូប​ទៅ​នៅ​ចេតិយ​នោះ​ដូច​ដើម ។ ពួក​អ្នក​នគរ​បាន​ឃើញ​ បាន​ដឹង​ហេតុ​អស្ចារ្យ​ដូច្នោះ នាំ​គ្នា​ចូល​ទៅ​រក​នាយ​ទិព្វវង្ស អញ្ជើញ​ឲ្យ​សោយ​រាជ្យ តែ​នាយ​មិន​ព្រម​ទទួល​ព្រោះ​មិន​ទាន់​រក​ផ្លែ​ស្វាយ​ទិព្វ​បាន ។ ផ្លែ​ស្វាយ​ទិព្វ​មាន​ឳជារស​ឆ្ងាញ់​យ៉ាង​ក្រៃ​លែង ដុះ​នៅ​ក្នុង​ទី​កំបាំង​មិន​អាច​មនុស្ស​លោក​ទៅ​រក​ឃើញ​ឡើយ ទាល់​តែ​អ្នក​មាន​បុណ្យ​ទើប​ទៅ​ដល់ ។ ផ្លែ​ស្វាយ​ទិព្វ​នោះ​ក្នុង​១​រយ​ឆ្នាំ ផ្លែ​ម្តង បើ​អ្នក​ណា​បាន​ស៊ី​ហើយ មាន​សាច់​ឈាម​ល្អ​ដូច​ទេវតា បើ​ចាស់​ក្លាយ​ទៅ​ជា​ក្មេង​ ស៊ី​ម្តង​បន្ត​អាយុ​១​រយ​ឆ្នាំ ។ នាយ​ទិព្វវង្ស​ដើរ​រក​ក្នុង​ព្រៃ​ហេពាន្ត​យូរ​ខែ​ឆ្នាំ​ណាស់​ទើប​បាន​ជួប​ផ្លែ​ស្វាយ​ទិព្វ​នោះ​តែ​ពុំ​អាច​ចូល​ទៅ​ជិត​បាន ព្រោះ​មាន​យក្ស​កំណាច​ៗ​នៅ​ថែរក្សា​ជា​ច្រើន ។ ពួក​យក្ស​បាន​ធ្វើ​បាប​នាយ​ទិព្វ​វង្ស​ជា​ច្រើន​ប្រការ មាន​ធ្វើ​ជា​ខ្យល់​ព្យុះ ធ្វើ​ជា​ភ្លើង​ឆេះ​ធ្វើ​ជា​ទឹក​ភ្លៀង​ជោរជន់ នឹង​ចោល​ដុំ​ថ្ម​ធំៗ​ជា​ដើម តែ​មិន​អាច​ប៉ះ​ពាល់​ត្រូវ​ដល់​រូប​កាយ​នាយ​ទិព្វ​វង្ស​ឡើយ ។ ពេល​ក្រោយ​យក្ស​ដឹង​ថា​ទិព្វវង្ស​ពូកែ​មាន​អំណាច ទើប​និម្មិត​ខ្លួន​ជា​ស្រីរូប​ល្អ​ស្អាត​ចូល​ទៅ​ប្រលោម​តែ​នាយ​មិន​រវល់ កាន់​តែ​សច្ចៈ​សុចរិត​តាម​បណ្តាំ​ឥសី​យ៉ាង​មាំ​មួន​ពួក​យក្ស​ទាល់​គំនិត​ក៏​ព្រម​បេះ​ផ្លែ​ស្វាយ​ទិព្វ​ឲ្យ ។ នាយ​ទិព្វវង្ស​តាំង​ទី​សំណាក់​នៅ​ក្បែរ​ដើម​ស្វាយ​ទិព្វនោះ ដល់​១​រយ​ឆ្នាំ​បេះ​ស៊ី​ម្តងៗ គ្រប់​១​ពាន់​ឆ្នាំ ទើប​ត្រឡប់​ទៅ​នគរមគធៈ​វិញ ដើម្បី​ប្រស់​គូព្រេង​របស់​គេ​ឲ្យ​ក្លាយ​ពី​ថ្ម​ជា​មនុស្ស​វិញ ។ គួរ​ឲ្យ​អាណិត​នាយ​ទិព្វវង្ស​ណាស់ ឥត​ដឹង​ថា​ពួក​យក្ស​លួច​យក​ថ្នាំ​ដែល​ឥសី​ប្រគល់​ឲ្យ​សំរាប់​ធ្វើ​ឲ្យ​ថ្ម​ក្លាយ​ជា​មនុស្ស​សោះ ស្រាប់​តែ​ទៅ​ជិត​ដល់​នគរមគធៈ ទើប​ដឹង​ថា​បាត់​ថ្នាំ​ដែល​ខ្លួន​បាន​រុំ​ដោយ​អំបោះ​ច្រើន​ជាន់​ហើយ​ចង​ភ្ជាប់​នឹង​ចង្កេះ ។ ក៏​វិល​ត្រឡប់​ទៅ​រក​ក្បែរ​ដើម​ស្វាយ​ទិព្វ​វិញ ។ ឥត​អំពើ​សោះ​ថ្នាំ​នោះ​យក្ស​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ​ជិត​៥​រយ​ឆ្នាំ​មក​ហើយ ។ ក្នុង​ពេល​ដែល​ចោល​នោះ ស្តេច​ក្រពើ​បាន​លេប​ចូល ទៅ​ក្នុង​ពោះ​ក៏​កើត​ក្តៅ​ក្រហាយ​នៅ​ក្នុង​ទឹក​ពុំ​បាន ឡើង​ទៅ​ក្រាំង​នៅ ក្នុង​ព្រៃ​យូរ​ៗ​ទើប​ក្រពើ​នោះ​ក៏​ក្លាយ​ជា​សត្វ​រមាស ។ មាន​ឥសី​មួយ​រូប​ឈ្មោះ​អគ្គីនេត្រ តាំង​អាស្រម​នៅ​ក្បែរ​មាត់សមុទ្រ បើ​លោក​ខ្ញាល់​នឹង​អ្នក​ណា​បើក​ភ្នែក​ឡើង​ឆេះ​អ្នក​នោះ​ខ្ទេច​ខ្ទី។ សត្វ​រមាស​ជា​យាន​ជំនិះ​របស់​លោក និងដើម្បី​ថែរក្សា​ថ្នាំ​ទុក​ឲ្យ​ម្ចាស់​គេ​វិញ​ ដែល​លោក​ដឹង​បាន​យ៉ាង​នេះ ​ព្រោះ​ក្នុង​ពេល​ដែល​យក្ស​យក​ទៅ​ចោល​ បណ្តាល​ឲ្យ​ក្តៅ​ក្រហាយ​ដល់​ទេវតា​រក្សា​សមុទ្រ​ៗ​បាន​មក​ប្រាប់​ដល់​លោក ។ ចំណែក​នាយ​ទិព្វវង្ស​កាល​បើ​ទៅ​ដល់​ដើម​ស្វាយ​ទិព្វ ហើយ​រក​មិន​ឃើញ​បាន​ចោទ​ប្រកាន់​ពួក​យក្ស បណ្តាល​កើត​ឈ្លោះ​ប្រកែក​វាយ​តប់​គ្នា​ជា​ខ្លាំង ពួក​យក្ស​ចាញ់​ដៃ ក៏​ចេះ​តែ​រត់​ថយ​ក្រោយ ទៅ​ដល់​អាស្រម​ឥសី​អគ្គីនេត្រ ឥសី​ភ្ញាក់​នឹង​សន្ធឹក​ជើង​យក្ស​បើក​ភ្នែក​ឡើង​ប្រកប​ដោយ​កំហឹង ក៏​ឆេះ​ពួក​យក្ស​ខ្ទេច​ខ្ទីអស់ នៅ​សល់​តែ​នាយ​ទិព្វវង្ស​មិន​ឆេះ ព្រោះ​បាន​អំណាច​ដែល​ឥសី​មាត់ទិព្វ​ប្រទាន​ឲ្យ ។ ឥសី​អគ្គី​នេត្រ​បាន​ឃើញ​នាយ​ទិព្វវង្ស​មិន​ឆេះ ក៏​អស្ចារ្យ​ក្នុង​ចិត្ត​ថា​បុរស​នេះ​ពូកែ​ណាស់​តាំង​ពី​ដើម​មក​មិន​ឃើញ​ដូច្នេះ​សោះ ទើប​លោក​សួរ​ដឹង​សព្វ​គ្រប់​ហើយ​ប្រាប់​ថាៈ ថ្នាំ​របស់​អ្នក​នោះ​ពួក​យក្ស​វា​លួច​យក​ទៅ​ចោល​ក្នុង​សមុទ្រ ស្តេច​ក្រពើ​បាន​លេប​ចូល​ទៅ​ក្នុង​ពោះ​កើត​ក្តៅ​ក្រហាយ​ឡើង​ទៅ​ក្រាំង​ក្នុង​ព្រៃ​ក៏​ក្លាយ​ទៅ​ជា​សត្វ​រមាស ឥឡូវ​យើង​យក​សត្វ​រមាស​នោះ​មក​ចិញ្ចឹម​ទុក​ឲ្យ​ចូរ​អ្នក​យក​រមាស​នេះ​ធ្វើ​ជា​យាន​ជំនិះ​ញទៅ​ចុះ ឯ​ថ្នាំ​នោះ​រលាយ​រលួយ​ក្នុង​ពោះ​រមាស​អស់​ទៅ​ហើយ បើ​អ្នក​ត្រូវ​ការ​ប្រស់​រូប​ថ្ម​គ្រាន់​តែ​យក​ទឹក​មាត់​រមាស​ទៅ​លាប​លើ​ថ្ម​បាន​ហើយ ។ នាយ​ទិព្វវង្ស​លា​ឥសី​អគ្គី​នេត្រ ជិះរមាស​សំដៅ​ទៅ​នគរ​មគធៈ​ទៅ​ដល់​រក​ចេតិយ​ស្ទើរ​តែ​មិន​ឃើញ មាន​ព្រៃ​ដុះ​ជុំ​ជិត ព្រោះ​មនុស្ស​លែង​នៅ​ក្នុង​នោះ​ជិត​១ ពាន់​ឆ្នាំ​មក​ហើយ ។ នាយ​ទិព្វវង្ស​ចេះ​តែ​ជិះ​រមាស​រុក​រក​ព្រៃ​ទៅ ក៏​មិនបាន​ជួប​ប្រទះ​ឃើញ​ចេតិយ​នោះ​ហាក់​ដូច​ជា​អស់​សង្ឃឹម ប៉ុន្តែ​នាយ​នឹក​ដល់​អានុភាព​របស់​ឥសី​ជា​គ្រូ​ថា មាត់​របស់​លោក​ជា​មាត់​ទិព្វ ពុំ​ដែល​ប្រែប្រួល​ខុស​សំដី​របស់​លោក​ទេ ទើប​នាយ​លើ​ដៃ​ប្រណម្យ ហើយ​បួង​សួង​ថា ដោយ​អានុភាព​នៃ​គ្រូ​របស់​ខ្ញុំ សូម​ឲ្យ​ព្រៃ​នេះ​វិនាស​អស់​ទៅ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ញទេសភាព​គ្រប់​យ៉ាង​របស់​នគរមគធៈ​ក្នុង​សម័យ​មុន​នេះ ១​ពាន់​ឆ្នាំ​កើត​ឡើង​ដូច​ដើម​វិញ ថា​តែ​ប៉ុណ្ណោះ​ប្រាសាទ នឹង​គេហស្ថាន​ទាំង​ឡាយ ព្រម​ទាំង​ទេសភាព​គ្រប់​យ៉ាង​កើត​ប្រាកដ​ដូច​ដើម​វិញ​ទាំង​អស់ ទើប​នាយ​នាំ​រមាស​ចូល​ទៅ​ក្នុង​ចេតិយ​យក​ទឹក​មាត់​លាប​រូប​ព្រះ​រាជា ជា​ដំបូង​ក៏​ក្លាយ​ជា​មនុស្ស​ដូច​ដើម​ ។ ព្រះ​រាជា​ស្ទុះ​ឳប​នាយ​ទិព្វវង្ស​ដោយ​សេចក្តី​ត្រេកអរ​យ៉ាង​ក្រៃ​លែង សួរ​ដឹង​រឿង​ហេតុ​សព្វ​គ្រប់​ទើប​អង្វរនាយ​ឲ្យ​ប្រស់​ព្រះអគ្គមហេសី ព្រះ​រាជ​ធីតា ព្រម​ទាំង​ពួក​រាជ​បរិវារ​ទាំង​អស់​ឲ្យ​ក្លាយ​ជា​មនុស្ស​វិញ ។ នាយ​ក៏​ប្រស់​បាន​ដូច​បំណង ។ លំដាប់​មក​ព្រះ​រាជា​រៀប​អភិសេក​នាយ​ទិព្វវង្ស ជា​មួយ​នាង​ចន្ទរស្មី​ជា​ព្រះ​រាជធីតា ឲ្យ​សោយ​រាជ្យ​ក្នុង​នគរមគធៈ​នោះ ដោយ​ពិធី​រាជា​សេក​យ៉ាង​ធំ​អស្ចារ្យ​តាម​រាជ​ប្បវេណី​ពី​បុរាណ​កាល​មក ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1041/Untitled-1.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ២៩,១៨៥ ដង)
រឿង​នង្គលកូដត្ថេរ (ចាក ធ. ខុ.) (ខ្លួន​ទូន្មាន​ខ្លួន​ឯង​បាន ប្រសើរ​បំផុត​ក្នុង​ពិភព​លោក) បាន​ឮ​ថា​មាន​បុរស​កំសត់​ម្នាក់​ឈ្នួល​គេ​ចិញ្ចឹម​ជីវិត ។ ភិក្ខុ​មួយ​អង្គ​បាន​ឃើញ​បុរស​កំសត់​នោះ ស្លៀក​កំណាត់​សំពត់​លី​នង្គ័ល​ដើរ​ទៅ​ស្រែ​លោក​សួរ​ថា បើ​អ្នក​ឯង​បួស​មិន​ប្រសើរ​ជាង​ការ​រស់​នៅ​ចិញ្ចឹម​ជីវិត​យ៉ាង​នោះ​ទេ​ឬ? ។ គាត់​ឆ្លើយ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ នរណា​នឹង​បំបួស​ខ្ញុំ​ព្រះ​ករុណា​ដែល​រស់​នៅ​បែប​នេះ ។ ព្រះ​ថេរះ​ពោល​ថា​បើ​អ្នក​បួស​,​ អាត្មា​នឹង​បំបួស​អ្នក​ឯង បុរស​នោះ​ទូល​ថា បពិត្រ​លោក​ម្ចាស់​ប្រពៃ​ណាស់​ហើយ ប្រសិន​បើ​លោក​ម្ចាស់​បំបួស​ខ្ញុំ​ព្រះ​ករុណា​ៗ នឹង​បួស។ លំដាប់​នោះ ព្រះ​ថេរៈ​នាំ​បុរស​នោះ​ទៅ​វត្ត​ជេតពន ផ្ងូត​ទឹក​ដោយ​ដៃ​ខ្លួន​ឯង​ឲ្យ​នៅ​ក្នុង​រោង​ហើយ​បំបួស រួច​ឲ្យ​គាត់​ទុក​នង្គ័ល ព្រម​ទាំង​កំណាត់​សំពត់​ដែល​គាត់​ស្លៀក​លើ​មែក​ឈើ​ក្នុង​ទី​មួយ​ជិត​រោង ។ តាំង​ពី​ពេល​ដែល​ឧបសម្បទ៍​ហើយ ភិក្ខុ​មាន​នាម​ប្រាកដថា " នង្គ័ល​កូដត្ថេរ " លោក​ចិញ្ចឹម​ជីវិត ដោយ​អាស្រ័យ​លាភសក្ការៈ ដែល​កើត​មាន​ដល់​ព្រះ​ពុទ្ធ​សម័យ​ក្រោយ​មក លោក​អផ្សុក​មិន​អាច​នឹង​បន្ទោរ​បង់​សេចក្តី​អផ្សុក​នោះ​បាន ទើប​គិត​ថា​ឥឡូវ​នេះ អាត្មា​អញ​ស្លៀក​ដណ្តប់​សំពត់​កាសាវៈ ដែល​គេ​ឲ្យ​ដោយ​សទ្ធា​ជា​ការ​ស្រួល​ណាស់ តើ​ចង់​សឹក​ទៅ​ស៊ី​ឈ្នួល​គេ​ទៀត​ឬ? ហើយ​ដើរ​សំដៅ​ទៅ​គល់​ឈើ​ដែល​ទុក​នង្គ័ល​ នឹង​កំណាត់​សំពត់​ទូន្មាន​ដោយ​ខ្លួន​ឯង​ថា នែ​បុគ្គល​ឥត​មាន​សេចក្តី​អៀន​ខ្មាស អ្នក​ឯង​ស្លៀក​ដណ្តប់​សំពត់​នេះ ហើយ​ចង​សឹក​ទៅ​ស៊ី​ឈ្នួល​គេ​វិញ​ឬ? ។ កាល​ដែល​លោក​ទូន្មាន​ខ្លួន​ឯង​យ៉ាង​នេះ​ចិត្ត​ក៏​រសាយ​បាត់​ចង់​សឹក​ទៅ ទើប​លោក​ត្រឡប់​មក​វិញ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​មាន​សេចក្តី​អផ្សុក​ម្តង​ទៀត​លោក​ក៏​ទូន្មាន​ខ្លួន​លោក​ដូច​ពេល​មុន​ទៀត ចិត្ត​របស់​លោក​ក៏​ភេ្លច​នឹក​នា​ពី​រឿង​ចង់​សឹក​នោះ​ទៅ​វិញ ។ កាល​ណា​លោក​អផ្សុក​ចង់​សឹក​ លោក​តែង​និមន្ត​ទៅ​កន្លែង​នោះ ទូន្មាន​ខ្លួន​តាម​ទំនង​នេះ​ជា​រៀង​រាល់​ពេល ។ ពេល​មួយ​នោះ ពួក​ភិក្ខុ​ឃើញ​នង្គ័ល​កូដភិក្ខុ​ដើរ​ទៅ​ទី​កន្លែង​នោះ​ជា​រឿយ​ៗ ក៏​សួរ​ថា​នែ​នង្គ័ល​កូដ អ្នក​ទៅ​កន្លែង​នោះ​រឿយ​ៗ ព្រោះ​ហេតុ​អ្វី? ។ ភិក្ខុ​នោះ​ប្រាប់​ថា ខ្ញុំ​ព្រះ​ករុណា​ទៅ​កន្លែង​អាចារ្យ​របស់​ខ្ញុំ​ លុះ​កន្លង​ពី​នោះ​បាន​ពីរ​បី​ថ្ងៃ ក៏​បាន​សម្រេច​ជា​ព្រះ​អរហន្ត ។ ពួក​ភិក្ខុ​ទាំង​នោះ​ក៏​សើច​ចំអក​ឲ្យ​នង្គ័ល​ភិក្ខុថា នែ​នង្គ័ល​កូដ​អាវុសោ អ្នក​ដើរ​ទៅ​ផ្លូវ​នោះ​ជា​ផ្លូវ​គេ​ប្រើ​ប្រាស់​មិន​កើត ទំនង​ជា​មិន​ទៅ​កន្លែង​អាចារ្យ​របស់​លោក​ទេ​ដឹង? ។ នង្គ័ល​កូដ​ភិក្ខុ​ពោល​ថា ព្រះ​ករុណា​លោក​ម្ចាស់​ដ៏​ចម្រើន កាល​បើ​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​នៅ​មាន ខ្ញុំ​ព្រះ​ករុណា​ទៅ​កន្លែង​នោះ ក៏​ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​បាន​កាត់​ចោល​អស់​ហើយ ខ្ញុំ​មិន​ទៅ​កន្លែង​នោះ​ទៀត​ទេ ។ ពួក​ភិក្ខុ​ទាំង​នោះ​បាន​ស្តាប់​ពាក្យ​របស់​នង្គ័ល​កូដ​ភិក្ខុ​ស្រេច​ហើយ ក៏​នាំ​យក​រឿង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​សាស្តា​ថា​ភិក្ខុ​នេះ​និយាយ​ពាក្យ​មិន​ពិត ពោល​អួត​គុណ​វិសេស​ដែល​គេ​មិន​អាច​ដឹង​បាន ។ ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​អើយ កូន​របស់​តថាគត​ ចេះ​ដាស់​តឿន​ខ្លួន​ដោយ​ខ្លួន​ឯង ហើយ​បាន​ដល់​នូវ​ទី​បំផុត​នៃ​កិច្ចអ្នក​បួស​​ហើយ​ៗ​ទ្រង់​សម្តែង​ធម៌​ទៅ​ទៀត​ថាៈ ម្នាល​ភិក្ខុ ចូរ​អ្នក​ដាស់​តឿន​ខ្លួន​ឯង ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​អ្នក​មាន​ស្មារតី​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង នឹង​នៅ​ជា​សុខ​ស្រួល ។ ព្រោះ​ថា​ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន​ខ្លួន​ហ្នឹង​ជា​គតិ​របស់​ខ្លួន​ព្រះ​ហេតុ​នោះ​អ្នក​ចូរ​ស្ងួន​​គ្រង​ខ្លួន​ដូច​ជា​នាយ​ពាណិជ​ស្ងួន​គ្រង​នូវ​សេះ​ដែល​ចម្រើន​ដូច្នោះ​ដែរ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1043/Untitled-1.jpg
ផ្សាយ : ២០ សីហា ឆ្នាំ២០២៦ (អាន: ៣៤,៣៥០ ដង)
រឿង​ប្រេត​មាត់​ស្អុយ (បេ.ខុ.) (មាត់​ធំក្លិន​ស្អុយ​អាសោធន៍ ព្រោះ​ស្រដី​ចែចូវ​ញុះ​ញង់) បាន​ឮ​មក​ថា ក្នុង​សាសនកាល​នៃ​ព្រះ​ពុទ្ធ​កស្សប មាន​ភិក្ខុ​២​អង្គ​នៅ​ជា​មួយ​គ្នា​ក្នុង​អាវាស​មួយ មាន​សេចក្តី​រាប់​អាន​ស្រឡាញ់​គ្នា​ដូច​ជា​បង​ប្អូន​ចេញ​ពី​ឧទរមាតា​តែ​មួយ លោក​គង់​នៅ​ក្នុង​អាវាស​នោះ​ជា​សុខ​សប្បាយ​ ពុំ​ដែល​មាន​មោះ​មៃ​នឹង​គ្នា​ឡើយ ។សម័យ​ថ្ងៃ​មួយមាន​ភិក្ខុ​អាគន្តុកៈ​​មួយ​អង្គ​និមន្ត​មក​ពី​ទី​ឆ្ងាយ​ដាច់​ស្រយាល បាន​មក​ដល់​អារាម​នោះ​ចូល​ទៅ​សុំ​ពឹង​ពាក់​សំណាក់​នៅ ដោយ​យល់​ថា​ជា​ទី​ស្រណុក​សប្បាយ​ដោយ​អាហារ​បិណ្ឌ​ជា​ដើម ។ ព្រឹក​ព្រាង​ស្វាង​អរុណោ​ទ័យ ទើប​ព្រះ​ថេរៈទាំង​ពីរ​នាំ​អាគន្តុកៈ​ភិក្ខុ​ទៅ​បិណ្ឌ​បាត​ក្នុង​ស្រុក​នោះ មនុស្ស​ទាំង​ឡាយ​ឃើញ​ព្រះ​ថេរះ​ទាំង​២​អង្គ​មាន​ចិត្ត​ជ្រះ​ថ្លា ធ្វើ​សក្ការ​បូជា​ដោយ​ទេយ្យ​វត្ថុ មាន​បបរ​អាហារ​ភោជន៍​ដ៏​ត្រកាល ។ ឯ​អាគន្តុក​ភិក្ខុ​នោះ​គិត​ពិចារណា​ថា​ស្រុក​នេះ​ជា​ទី​សប្បាយ​ងាយ​ស្រួល​បិណ្ឌ​បាត ហើយ​មនុស្ស​ទាំង​ឡាយ​ក៏​មាន​សទ្ធា​ជ្រះ​ថ្លា​ផ្ចិត​ផ្ចង់​ភោជនាហារប្រគេន ហើយ​អាវាសនៈ​ថែម​ទៀត​ក៏​ស្រណុក​សុខ​សប្បាយ​ប្រកប​ដោយ​ទឹក​នោះ​ថ្លា បើ​អាត្មា​អញ​បាន​នៅ​ទី​នេះ​នឹង​បាន​អញ​ពុំ​មាន​សេចក្តី​សុខ​សប្បាយ​សោះ​ឡើយ បើ​ដូច្នើ​អាត្មា​អញ​គិត​ធ្វើ​ឲ្យ​ព្រះ​ថេរៈឈ្លោះ​វិវាទ​ទាស់​ទែង​គ្នា ព្រាត់​ប្រាស​ចាក​ចេញ​ពី​ទី​នេះ ។ មាន​កាល​ថ្ងៃ​មួយ​នោះ ព្រះ​ថេរៈ​ទាំង​ពីរ​អង្គ​សន្ទនា​ឲ្យ​ឳវាទ​គ្នា​ទៅ​វិញ​ទៅ​មក រួច​ហើយ​ក៏​ទៅ​កាន់​លំនៅ​រៀង​ៗ​ខ្លួន ឯ​ភិក្ខុ​ចែចូវ​អង្គុយ​នៅ​បន្តិច ក៏​ទៅ​កាន់​សំណាក់​ព្រះ​មហាថេរ​ថ្វាយ​បង្គំ​នម​ស្ការ​ព្រះ​មហាថេរៈដណ្តឹង​សួរ​ថា អាវុសោ​!មក​ធ្វើ​អ្វី​ក្នុង​វេលា​នេះ? ភិក្ខុ​នោះ​ទូល​ព្រះ​ពុទ្ធ​ដីកា​ថា មាន​ការ​និយាយ​បន្តិច​ទើប​ព្រះ​មហាថេរៈ​អនុញ្ញាត​ថា ចូរ​ស្រដី​មក​ចុះ​ បពិត​ព្រះ​មហាថេរ​ដ៏​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត នៅ​ក្នុង​ទី​ចំពោះ​មុខ​ដូច​មិត្ត​សំឡាញ់ កំបាំង​មុខ​​ដូច​ជា​សត្រូវ​ ។ ទើប​មហា​ថេរៈលោក​ស្រដី​ដូចម្តេច​អ្នក​ប្រាប់​ឲ្យ​ដឹង​ផង អនុត្ថេរ​ប្រាប់​ខ្ញុំ​ម្ចាស់​ថា លោក​ម្ចាស់​ឡេះ​ឡោះ​កុហក​ចិញ្ចឹម​ជីវិត​ប្រព្រឹត្ត​ខុស​វិន័យ​ធម៌ ។ ព្រះ​មហា​ថេរៈថា អាវុសោ​! កុំ​ស្រដី​ដូច្នោះ អនុត្ថេរ​នេះ​មិន​មែន​ស្គាល់​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ គឺ​ចាប់​ស្គាល់​ស្រឡាញ់​រាប់​អាន​គ្នា​តាំង​ពី​ឃរាវាស​ម្ល៉េះ​ជំពូក​មួយ​ទៀត​លោក​ពុំ​ជា​អ្នក​ស្រដី​ដូច្នោះ​ដែរ​ ។ ភិក្ខុ​ពោល​នោះ​ទូល​ថា បពិត្រ​មហា​ថេរៈ​កុំ​ស្មាន​ថា​អនុត្ថេរ​នោះ​ជា​មនុស្ស​ល្អ​រក​មន្ទិល​គ្មាន ខ្ញុំ​ព្រះ​ករុណា​ថា​នេះ​នឹង​ប៉ុន​ប៉ង​ចង​ពៀរ​នឹង​អនុត្ថេរ​ក៏​គ្មាន លោក​ម្ចាស់​ចាំ​មើល​បន្តិច​ទៅ​គង់​នឹង​ជ្រាប​ឯង ។ ដោយ​ព្រះ​ទ័យ​ទោរ​ទន់​ស្រឡាញ់​រាប់​អាន​របស់​ព្រះ​មហាថេរ​ពុំ​អាច​នឹង​ព្រាត់​ប្រាស​គ្នា​បាន​ឡើយ ទើប​ភិក្ខុ​ពាល​នោះ​ទៅ​កាន់​សំណាក់​អនុត្ថេរ​ញុះ​ញង់​ដូច្នោះ​ទៀត ព្រះ​ថេរៈទាំង​ពីរ​អង្គ​ធន់​ទ្រាំ​ពុំ​បាន​ លុះ​វេលា​ព្រឹក​ឡើង​ពុំ​មាន​ស្រដី​នឹង​គ្នា​ ស្ងៀម​ដោយ​រៀង​ខ្លួន​បាន​បាត្រ​ចីវ​រ​ត្រាច់​ចរ​បិណ្ឌ​បាត​ក្នុង​ស្រុក​នោះ ហើយ​ត្រឡប់​មក​អាវាស​វិញ​ចូល​បន្ទប់​បិទ​ទ្វារ​ឆាន់​តែ​រៀង​ៗ​ខ្លួន ពុំ​បាន​ធ្វើ​សាមី​ចិកម្ម​នឹង​គ្នា​ឡើយ ។ លុះ​ព្រឹក​ព្រាង​ស្វាង​ព្រះ​សុរិយា ព្រះ​ថេរៈ​ទាំង​ពីរ​ចេញ​ទៅ​ទី​ទៃ​ពី​គ្នា ភិក្ខុ​ពាល​នោះ​ញុះ​ញង់​បំបែក​បំបាក់​បាន​ដូច​ប្រាថ្នា​ហើយ ក៏​ចូល​ទៅ​បិណ្ឌ​បាត​ក្នុង​ស្រុក​នោះ ។ អ្នក​ស្រុក​ឃើញ​ភិក្ខុ​នោះ​ក៏​សួរ​ថា ព្រះ​ថេរះ​ទាំង​២​អង្គ​ក៏​ពុំ​ឃើញ​មក? ភិក្ខុ​ពាល​នោះ​ប្រាប់​ថា លោក​វិវាទ​ទាស់​ទែង​គ្នា​ទាំង​យប់​អាធ្រាត​អាត្មា​បាន​ឃាត់​កុំ​ឲ្យ​ទាស់​ទែង​គ្នា ព្រោះ​ការ​ទាស់​ទែង​នេះ​រក​ប្រយោជន៍​គ្មាន​លោក​ពុំ​អាច​ស្តាប់​ពាក្យ​អាត្មា​ឃាត់​នោះ​ឡើយ ហើយ​រៀប​ខ្លួន​ដើរ​ចេញ​ទៅ​តែ​រៀង​ខ្លួន ។ ពួក​មហា​ជន​ថា បើ​ព្រះ​ថេរៈនិមន្ត​ទៅ​ហើយ​សូម​លោក​ម្ចាស់​អនុគ្រោះ​និមន្ត​គង់​ឲ្យ​សុខ​សប្បាយ​នៅ​ទី​នេះ​ចុះ ។ ភិក្ខុ​នោះ​ទទួល​ចង្ហាន់​បិណ្ឌ​បាត​ស្រេច​ហើយ ក៏​ត្រឡប់​ទៅ​អាវាស​វិញ បាន​ពីរ​បី​ថ្ងៃ​ទើប​គិត​ថា ព្រះ​មហា​ថេរ​ទាំង​ពីរ​ព្រះ​អង្គ​ជា​ចៅ​អាវាស មាន​សីល​បរិបូណ៌ អាត្មា​អញ​ស្រដី​កំចាយ​រំលាយ​ឲ្យ​ព្រាត់​ប្រាស​ចេញ​ពី​គ្នា អាត្មា​អញ​ធ្វើ​កម្ម​នេះ​ជា​ទម្ងន់​ពន់​ប្រមាណ ព្រោះ​លោភ​ចង់​បាន​អាវាស​នេះ ។ ដោយ​ផល​កម្ម​អាក្រក់​នោះ ក៏​បណ្តាល​ចិត្ត​ឲ្យ​ក្តៅ​ក្រហាយ​ឆាន់​អាហារ​ពុំ​បាន កើត​រោគា​ក្តី​ក្រហាយ​អន្ទះ​អន្ទែង​ធ្វើ​កាល​កិរិយា​ទៅ​កើត​ក្នុង​អវីចី​មហានរក ។ ចំណែក​ព្រះ​មហាថេរ​ទាំង​ពីរ​ត្រាច់​ទៅ​តាម​លំដាប់​ជនបទ បាន មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​អាវាស​មួយ​ត្រេក​អរ​សាទរ​ជា​សុខ​សប្បាយ រាក់​ទាក់​រក​គ្នា​ និយាយ​ប្រាប់​តាម​សេចក្តី​ដែល​ភិក្ខុ​ញុះ​ញង់​នោះ​បាន​ធ្វើ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដឹង​ហេតុ​ពុំ​ពិត​ទើប​បបួល​គ្នា​ទៅ​គង់​នៅ​អាវាស​ដើម​វិញ ។ ពួក​មហាជន​បាន​ឃើញ​ព្រះ​ថេរៈ​និមន្ត​ត្រឡប់​មក​វិញ​មាន​ចិត្ត​ត្រេក​អរ​នមស្ការ​គោរព​បូជា​នូវ​ចតុប្បច្ច័យ​ដូច​ដើម​ កាល​គង់​នៅ​ក្នុង​អាវាស​នោះ​លោក​បាន​ចម្រើន​រិបស្ស​នាកម្មដ្ឋាន បាន​សម្រេច​ព្រះ​អរហត្ត​ផល​ជា​គ្រឿង​រំលត់​ទុក្ខ​គ្រប់​យ៉ាង ។ ឯ​ភិក្ខុ​ចែចូវ​នោះ​ទៅ​កើត​នៅ​ក្នុង​អវិចីមហា​នរក​អស់​១​ពុទ្ធវ លុះ​ព្រះ​សមណគោតម​ឧប្បត្តិ​ឡើង​ក្នុង​លោក ក៏​បាន​មក​កើត​ជា​ប្រេត​នៅ​ទៀប​ជើង​ភ្នំ​គិជ្ឈកូដ មាន​មាត់​នោះ​ស្អុយ មាន​ខ្លួន​ដូច​មាស មាន​ដង្កូវ​វារ​ចេញ​ពាស​អំពី​មាត់ កាត់​រឹម​មាត់​ធំក្លិន​ស្អុយ​សាយ​ភាយ​ចេញ​ទៅ ។ លំដាប់​នោះ​ព្រះ​អនុរុទ្ធត្ថេរ​ចុះ​ពី​ភ្នំ​គិជ្ឈកូដ បាន​ឃើញ​ប្រេត​នោះ​សួរ​ថា ហៃ​ព្រះ​ស្តែង​មាន​សម្បុរ​ល្អ ភ្លឺ​ច្រាល​រន្ទាល​ឆ្អិន​ឆ្អៅ​ដូច​ទេពតា​នៅ​ព្ធ​ដ៏កណ្តាល​អាកាស រី​មាត់​ធំ​ក្លិន​ស្អុយ​ដូច​សាក​អសុភ មាន​ដង្កូវ​វារ​ចេញ​ចូល​ព្ធ​ដ៏​មាត់​គួរ​ឲ្យ​ខ្ពើម​រអើម តើ​ព្រះ​ស្តែង​បាន​ធ្វើ​បុព្វ​កម្ម​ដូចម្តេច​ពី​ជាតិ​មុន? ។ ប្រេត​នោះ​ក្រាប​ទូល​ព្រះ​ពុទ្ធ​ដី​កា​ថា ខ្ញុំ​ម្ចាស់​ជា​មនុស្ស​ចិត្ត​បាប​ស្រដី​អាក្រក់​ញុះ​ញង់​គេ​ឲ្យ​បែក​បាក់​គ្នា​ពី​ជាតិ​មុន បាន​មក​កើត​ជា​ប្រេត​មាត់​ស្អុយ មាន​ដង្កូវ​វារ​ចេញ​ពី​មាត់​ ព្រោះ​ស្រដី​ចែចូវ​ញុះ​ញង់​ព្រះ​សង្ឃ​ពីរ​អង្គ​ឲ្យ​បែក​បាក់​គ្នា ហើយ​មាន​រស្មី​ផ្សាយ​ចេញ​ពី​ខ្លួន​ដូចមាស ព្រោះ​ត្បិត​ខ្ញុំ​ម្ចាស់​បាន​បួស​ជា​ភិក្ខុ​ចម្រើន​រិបស្សនាកម្ម​ដ្ឋាន លុះ​ប្រេត​ប្រាប់​នូវ​បុព្វ​កម្ម​របស់​ខ្លួន​ហើយ ទើប​ផ្តាំ​នឹង​ព្រះ​អនុរុទ្ធ​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន ព្រះ​អង្គ​ជា​អ្នក​ប្រាជ្ញា សូម​មេត្តា​អាសូរ​ករុណា​សម្តែង ទូន្មាន​ប្រៀប​ប្រដៅ​សត្វ​ផង​ទាំង​ឡាយ កុំ​ធ្វើ​អំពើ​ចែ​ចូវ ញុះ​ញង់​មុសាវាទ​ ជា​ហេតុ​បណ្តាល​ឲ្យ​រង​ទុក្ខ​វេទនា​ដូច​ខ្ញុំ​ម្ចាស់ ជា​ឧទាហរណ៍​ស្រាប់ ។ បើ​អ្នក​ឯ​ណា​បាន​បំពេញ​បុណ្យ​ទាន​សីល​ភាវនា​ហើយ​មុខ​នឹង​បាន​ជា​ទេវតា​ឯ​ណា​នី​មួយ មាន​ព្រះ​ឥន្ទ​ជា​ដើម បាន​សោយ​សុខ​សម្បត្តិ​នោះ​ច្រើន​មហិមា ។ ព្រះ​អនុរុទ្ធ​ត្ថេរ​លុះ​បាន​ស្តាប់​ពាក្យ​ប្រេត​នោះ​ហើយ​ទើប​និមន្ត​ទៅ​ក្រុង​រាជ​គ្រឹះ​ដើម្បី​យក​រឿង​នោះ​ទៅ​ក្រាប​ទូល​ព្រះ​បរម​ចេស្តា ព្រះ​អង្គ​ទ្រង់​សម្តែង​ធម៌ទេសនា​លើក​យក​រឿង​ប្រេត​នោះ​ទុក​ជា​ទិដ្ឋានុគតិ​ដល់​សព្វ​សត្វ​ទាំង​ឡាយ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅៈ ប្រជុំជាតក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា​ ម៉ានិត ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿