អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,០៦០ ដង)
កម្ម បដិសន្ធិ និងភាពមិនស្មើគ្នានៃជីវិត

|
កម្ម បដិសន្ធិ និងភាពមិនស្មើគ្នានៃជីវិត
តើច្បាប់កម្មផលមានពន្យល់អំពី ហេតុអ្វីបានជាមានភាពមិនស្មើគ្នាខ្លាំងយ៉ាងនេះ នៅជុំវិញខ្លួនយើង ដែរទេ? មនុស្សតែងតែសង្ស័យអំពីភាពស្មើគ្នានៃជីវិត និងហេតុអ្វីបានជាមនុស្សកើតមកមិនស្មើគ្នា។ គេតែងតែសាកសួរថា ហេតុអ្វីបានជាបុគ្គលខ្លះមានសុខភាពល្អម៉្លេះ ហើយបុគ្គលខ្លះទៀតកើតមកមានការឈឺចាប់ផ្លូវកាយច្រើន? ហេតុអ្វីបានជាបុគ្គលខ្លះកើតនៅក្នុងត្រកូលអ្នកក្រីក្រ? ហេតុអ្វីបានជាបុគ្គលខ្លះ អាចរស់នៅរីករាយនឹងជីវិតដ៏សម្បូរបែបនេះបានយូរអង្វែង ហើយបុគ្គលខ្លះទៀតមានអាយុខ្លី ដោយមានគ្រោះថ្នាក់អំពើហិង្សា ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ពុទ្ធសាសនិកមានជំនឿថា ភាពសុខគ្នាទាំងនេះគឺមិនមែនកើតឡើងព្រោះតែឱកាស ឬគំនិតនៃព្រះអាទិទេពដែលអាចមើលឃើញនោះឡើយ។ យើងមានជំនឿថា កម្មនិងផលរបស់កម្មនេះឯង ដែលបានបន្សល់ទុកនូវភាពផ្សេងគ្នាទាំងនេះក្នុងជីវិតមនុស្ស។ ចុះប្រសិនបើយើងមិនចងចាំនូវអ្វីដែលបានធ្វើ កាលពីជាតិមុនទេ តើវាមានយុត្តិធម៌ដែរឬ ចំពោះការទទួលរងទុក្ខក្នុងជាតិនេះ ពីអ្វីដែលយើងបានធ្វើខុសក្នុងជាតិមុន? ចូរចាំក្នុងចិត្តថា កម្មមិនមែនជាប្រពន្ធ័ផ្ដល់នូវរង្វាន់ ឬការដាក់ទណ្ឌកម្មនោះទេ។ កម្មតាកម្មជាច្បាប់ធម្មជាតិ ដែលមានចេតនាកម្មណាមួយនឹងត្រូវទទួលផលរបស់វា នៅពេលណាល័ក្ខខ័ណ្ឌដល់ព្រមល្អហើយ។ សូមលើកយកឧទារហណ៍ពីបុគ្គលម្នាក់ដែលស្រវឹងស្រា ហើយដើររអិលធ្លាក់ចូលក្នុងប្រឡាយទឹក។ គាត់បានបាក់ជើង។ បុគ្គលនោះអាចមិនមានការចងចាំពីការដួល និងការឈឺចាប់ទេ ប៉ុន្តែគាត់នៅតែស្ថិតក្នុងសភាពឈឺចុកចាប់នៃអំពើរបស់គាត់។ ដូចបានរៀបរាប់មកខាងដើមហើយថា កម្មអាចត្រូវបានគេយល់ឃើញថាដូចជាគ្រាប់ធញ្ញជាតិ។ ប្រសិនបើអ្នកដាំគ្រាប់ប៉ោម នោះដើមប៉ោមនឹងដុះឡើង។ ប្រសិនបើអ្នកដាំគ្រាប់ស្វាយ ដើមស្វាយនឹងដុះឡើង។ នេះគ្រាន់តែជាច្បាប់កម្មផលតែប៉ុណ្ណោះ។ ដូច្នេះយុត្តិធម៌ និងការចងចាំមិនមែនជាកត្តាធំនៅក្នុងកម្មទេ ព្រោះច្បាប់កម្មផលនេះផ្ដល់នូវភាពយុត្តិធម៌យ៉ាងសុក្រឹតបំផុតចំពោះមនុស្សសត្វគ្រប់រូប និងគ្រប់ភពទាំងអស់។ ប្រសិនបើមានបដិសន្ធិពិត ចុះតើហេតុអ្វីទើបមនុស្សមិនចងចាំនូវអតីតជាតិ? ការចងចាំនៃអតីតកាលស្ថិតនៅក្នុងចិត្ត។ ជាធម្មតា យើងមិនអាចចូលទៅដល់ការចងចាំទាំងនេះទេ ព្រោះចិត្តរបស់យើងមិនច្បាស់ឬមិនមានវិន័យគ្រប់គ្រាន់។ ជាក់ស្ដែង មនុស្សតិចតួចណាស់អាចដឹងនូវអ្វីមួយពួកគាត់បានធ្វើ សូម្បីត្រឹមតែមួយខែកន្លងទៅប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការសិក្សាស្រាវជ្រាវបានបង្ហាញថា ក្មេងៗមួយចំនួនដែលមានចិត្តនៅថ្លាស្អាត អាចរំលឹកដឹងនូវអ្វីដែលគេបានធ្វើពីជាតិមុនរបស់គេដោយឯកឯង។ អ្នកចិត្តវិភាគបស្ចឹមប្រទេសមួយចំនួន កំពុងតែប្រើវិធីសាស្ត្រនៃការសណ្ដំ (ឆ្ពុង) ដើម្បីជួយអ្នកជំងឺដែលមានបញ្ហាផ្លូវចិត្ត ហើយអ្នកជំងឺទាំងអស់នេះជាទំនងជាអាចរំលឹកជាតិរបស់គេបាន នៅក្រោមវិធីព្យាបាលបែបនេះ។ គេនិយាយថា ព្រះសង្ឃដែលមានចិត្តអប់រំល្អបំផុតនិងជាអ្នកដែលអាចចូលជ្រៅក្នុងសមាធិក៏អាចរំលឹកអតីតជាតិបាន។ ប្រសិនបើយើងមិនដឹងអ្វីសោះនាពេលអនាគត ចុះតើហេតុអ្វីយើងត្រូវព្រួយបារម្ភ? បញ្ហានេះជាអាកប្បកិរិយាអាត្មានិយមមួយ ដែលបង្ហាញពីការខ្វះទទួលយកការពិត។ រឿងនេះមិនខុសអ្វីពីមាតាបិតាដែលគ្មានទំនួលខុសត្រូវចំពោះអនាគតកូន និងគ្រួសារ ដោយនាំគ្នាចាយវាយខ្ជះខ្ជាយនូវទ្រព្យសម្បត្តិដែលខ្លួនមានអស់រលីង គ្មានបន្សល់ទុកសម្រាប់កូន។ ពួកគាត់មិនដឹងប្រាកដថា តើអ្វីនឹងត្រូវកើតឡើងចំពោះកូនរបស់ពួកគាត់ឡើយ។ ចំណែកឯឪពុកម្ដាយដែលមានទំនួញខុសត្រូវចំពោះកូនៗជាទីស្រឡាញ់វិញ ពួកគាត់នឹងព្យាយាមធ្វើអ្វីៗតាមដែលអាចធ្វើបាន ដើម្បីធានាខុសត្រូវចំពោះកូនចៅ ទោះបីជាពួកគាត់នឹងឃើញនូវលទ្ធផល ឬអត់។ យើងគប្បីយកដំណើរស្រដៀងនេះសម្រាប់ទៅថ្ងៃអនាគតរបស់យើង។ ទោះជាយ៉ាងណាក្ដី រឿងនេះមាននិយាយទៅក្នុងគម្ពីរព្រះពុទ្ធសាសនា ទេវតាមួយចំនួន និងសត្វនរកខ្លះក៏អាចរលឹកដឹងនូវជាតិរបស់ខ្លួនផងដែរ។ ពួកទេវតា និងនរកទាំងនោះបានរៀបរាប់នូវអំពើដែលបានផ្ដល់ផលក្នុងពេលចាប់បដិសន្ធិរបស់គេ។ ដូច្នេះ ភស្ដុតាងទាំងនេះជាការលើកទឹកចិត្តមនុស្សគ្រប់រូបក្នុងពិភពលោកនេះ ឲ្យព្យាយាមអស់ពីសមត្ថភាព ក្នុងការធ្វើនូវអំពើល្អក្នុងជីវិតរស់នៅរបស់ខ្លួនក្នុងជាតិនេះ។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |