អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៤៧៤ ដង)
ចក្ខុវិស័យពុទ្ធសាសនា

|
ចក្ខុវិស័យពុទ្ធសាសនា
សាសនាគឺជាស្ថាប័ន ឬជាអង្គការមួយ ដ៏មានសារៈសំខាន់ធ្វើតួនាទីនិងចលនាដឹកនាំសង្គម ស្វែងរកសេចក្ដីសុខ និងវឌ្ឍនភាព។ ជាក់ស្ដែង ព្រះពុទ្ធសាសនាជាលិទ្ធិសាសន៍មួយធំជាងគេបណ្ដាច់បរិបូណ៌ ដោយពាក្យពេចន៍ទូន្មានប្រៀនប្រដៅល្អល្អះ ស្រស់បស់យ៉ាងសម្បូណ៌បែប ទាំងជួយដឹកមុខ សង្គមគ្រួសារ សង្គមប្រទេស និងពិភពលោកទាំងមូលនាំទៅរកធ្លុងនៃសុខមួយ ក្នុងអ្វីដែលហៅថា សាមគ្គីភាព។ ការណ៍នេះ ពុទ្ធសាសនាបានបើកសិទ្ធិយ៉ាងទូលាយឲ្យប្រជាជាតិទាំងអស់ ទាំងពលរដ្ឋក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សិក្សាស្វែងយល់ក្នុងធម្មសាស្ត្រ ដើម្បីដោះស្រាយបញ្ហាវិវាទផ្សេងៗ។ តើអ្វីជាចក្ខុវិស័យពុទ្ធសាសនា? គោលនៃពុទ្ធសាសនាដូចម្ដេច? ចក្ខុវិស័យពុទ្ធសាសនា គឺជាចំណាប់អារម្មណ៍ គោលគំនិតដែលជាទិសដៅឬសកម្មភាពនៃធម្មវិន័យរបស់ព្រះពុទ្ធសាសនា។ គោលនៃពុទ្ធសាសនា គឺបាវចនពុទ្ធោវាទ ដែលជាសាសនសាស្ត្រប្រៀនប្រដៅស្អាតឥតខ្ចោះមាន ៣ ធំៗគឺ កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញនូវកុសល កិរិយាសម្អាតចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់ នេះជាពាក្យប្រៀនប្រដៅនៃព្រះពុទ្ធទាំងឡាយ។ នេះគឺជាពុទ្ធោវាទដ៏ពិសិដ្ឋ ពុំមែនជាពាក្យឥតប្រយោជន៍ តែជាពាក្យនាំមកនូវប្រយោជន៍និងសេចក្ដីសុខ ភាពលោះលាយ រន្តិភាពនិងភាពគ្មានហិង្សារវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំ ប្រសិនណាបើបុគ្គលរាល់រូបគោរពនូវពុទ្ធោវាទនេះជាច្បាប់។ ដកស្រង់ចេញពីសៀវភៅ ចក្ខុវិស័យពុទ្ធសាសនា ដោយ៥០០០ឆ្នាំ |