អានអត្ថបទ
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៨,២៧០ ដង)
សុជីវធម៌នៅតាមវត្តអារាម

|
សុជីវធម៌នៅតាមវត្តអារាម
វត្តអារាមជាកន្លែងសក្ការៈបូជា ជាទីគោរព យើងមិនត្រូវសម្តែងកិរិយាមិនគប្បីសោះឡើយ អ្នកជិះកង់ ម៉ូតូ ទោចក្រយានយន្តគ្រប់ធុន ត្រូវឈប់ដឹក បណ្ដើរ ចូលទៅក្នុងវត្ត ដោយគោរព ព្រោះមិនឆាប់ លឿន ឬយូរជាងគ្នាប៉ុន្មានឡើយ ចម្ងាយប៉ុណ្ណឹង។ អ្នកពាក់មួក ទទូក្រមា កន្សែង ត្រូវដោះចេញពីក្បាលនៅពេលដើរចូលក្នុងវត្ត។ មិនត្រូវនាំគ្នាជជែកឡូឡាក្នុងទីអារាមឡើយ។ នារីជាឧបាសិកា ត្រូវសង្រួមឫកពាអោយនឹងធឹង មុននឹងចូលទៅកាន់ទីអារាមកុំធ្វើភ្នែកក្រឡិបក្រឡាប់ កុំរពឹសភ្នែក កុំងាកឆ្វេងស្ដាំរាប់រយផងពេក កុំញញឹមញញែមខិបកខុបពេកគួរមើលចាស់ទុំផង។ កុំពោលពាក្យអាវ៉ាសែនៅទីអារាម។ កុំស្លៀកខោជើងកំប៉ុងនៅពាក់កណ្ដាលស្មង កុំស្លៀកសំពត់តឹងរបៀបខ្លី ចូលទៅបត់ជើងថ្វាយបង្គំព្រះពុទ្ធបដិមា ឬព្រះសង្ឃ ។ ត្រូវពាក់អាវកតូច ហើយចង់ពានាក្រមាទៀតផង ទើបពេញលក្ខណៈជាអ្នកចូលវត្ត ។ កុំនិយាយចំអែចំអន់ព្រះសង្ឃដោយប្រការមិនគប្បី ។ កុំពាក់គ្រឿងសម្រើប ។ បុរសជាឧបាសក ត្រូវប្រើពាក្យសម្តីអោយសមរម្យ គោរពព្រះសង្ឃដែលស្មោះត្រង់ព្រះពុទ្ធសាសនា។ ពេលថ្វាយបង្គំព្រះពុទ្ធបដិមាករ ឬថ្វាយបង្គំព្រះសង្ឃ ត្រូវងាកទៅព្រះពុទ្ធបដិមាករ ឬព្រះសង្ឃ កុំថ្វាយបង្គំតិតតូង ហើយក្បាលងាកមកចរចារជាមួយអ្នកឯណាមួយទៀតអោយសោះ ព្រោះការធ្វើដូច្នេះ នាំអោយសៅហ្មង ដល់អ្នកដែលគេគោរពបូជា ចំពោះព្រះពុទ្ធសាសនា។ កុំឈោងដៃ ឬតោងសណ្ដោងអ្វីរំលងលើព្រះពុទ្ធបដិមាករ ។ អ្នកដែលចូលទៅកាន់ទីវត្តអារាម មិនត្រូវលួចយករបស់អ្វីជាទ្រព្យដែលពុទ្ធសាសនិកជនបានខំរៃគ្នាទុកសម្រាប់វត្តមកធ្វើជាទ្រព្យរបស់ខ្លួនទេ។ អ្នកមិនមែនជាពុទ្ធសាសនិក មិនត្រូវប្រមាថមើលងាយវត្ថុពុទ្ធបូជា ឬព្រះសង្ឃដែលស្មោះត្រង់ ជាមួយដោយប្រការណាមួយទេ។ អ្នកដែលប្រព្រឹត្តខុសនឹងបញ្ញត្តិព្រះពុទ្ធ មិនមែនមានឈ្មោះថាជាអ្នកគាំទ្រព្រះពុទ្ធសាសនាទេ ក្នុងករណីដែលបន្លំរបៀបណាមួយ ស្រេចនៅលើសំពាយបុណ្យបាបរបស់គេទៅចុះ។ យើងជាពុទ្ធសាសនិកជន ក៏មិនគប្បីត្មិះតិះដៀលដល់សាសនាណាមួយ ដោយរំលោភលើព្រះវិហារនៃសាសនាផ្សេងៗនោះទេព្រោះគេមានសិទ្ធគ្រប់គ្រាន់ខាងជំនឿ។ ដកស្រង់ចេញពីសៀវភៅ សុជីវធម៌ ដោយ៥០០០ឆ្នាំ |