30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៧១៣
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៥១១,៤៣៣
សរុប ៣៨៣,៧៩៨,១២៦
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣ (អាន: ១៥,៧៣២ ដង)

ឧទយជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ឯកា និសិន្នា ដូច្នេះជាដើម ។

រឿងរ៉ាវរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងកុសជាតក (ខុទ្ទកនិកាយ ជាតក  សត្តតិនិបាត បិដក​លេខ​ ៦១ ទំព័រ ៦៤) ឯណោះ ។ ព្រះសាស្ដាសួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុកពិតមែនឬ កាល​ភិក្ខុនោះឆ្លើយថា បពិត្រព្រះអង្គ ពិតមែនហើយ ទ្រង់ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនា​ដែលដឹកនាំឲ្យរួចផុតចាកទុក្ខមានសភាពបែបនេះហើយ ព្រោះហេតុអ្វី បានជាអ្នកអផ្សុក ? បុរាណ​បណ្ឌិតទាំងឡាយ កាលសោយរាជសម្បត្តិក្នុងសុរុន្ធននគរ ដែលមានទំហំ ១២ យោជន៍ សម្រេច​ហើយ សូម្បីនៅក្នុងបន្ទប់តែមួយជាមួយនឹងស្ត្រីដែលស្រដៀងនឹងទេពធីតា អស់កាល ៧០០ ឆ្នាំ ក៏​មិនឲ្យបែកធ្លាយឥន្ទ្រិយទាំងឡាយ មិនបានសម្លឹងមើលដោយអំណាចនៃលោភៈ ដូច្នេះហើយ ទ្រង់​បាននាំអតីតនិទានមកសម្ដែងថា

ក្នុងអតីតកាល ព្រះរាជាកាសីសោយរាជសម្បត្តិ នៅសុរុន្ធននគរ ក្នុងដែនកាសី ព្រះរាជានោះមិនមានព្រះឱរស មិនមានព្រះធីតាឡើយ ។ ព្រះរាជាកាសីត្រាស់នឹងព្រះទេវីរបស់ខ្លួនថា នាងចូរប្រាថ្នាបុត្រ ។ សូម្បីព្រះអគ្គមហេសីទទួលពាក្យរបស់ព្រះរាជាហើយ ក៏ធ្វើយ៉ាងនោះ ។ គ្រានោះ ព្រះពោធិសត្វចុតិពីព្រហ្មលោក បានកើតក្នុងផ្ទៃនៃព្រះអគ្គមហេសី របស់ព្រះរាជានោះ ។

លំដាប់នោះ ហឫទ័យរបស់មហាជនបានចម្រើនឡើងដោយកំណើតរបស់ព្រះពោធិសត្វនោះ ដូច្នេះទើបនាំគ្នាធ្វើព្រះនាមថ្វាយទ្រង់ថា ឧទយភទ្ទ ។ ក្នុងកាលព្រះរាជកុមារចេះដើរ មានសត្វសូម្បីដទៃបានចុតិពីព្រហ្មលោក កើតជាកុមារិកាក្នុងផ្ទៃនៃព្រះទេវីដទៃរបស់ព្រះរាជាកាសីនោះ មហាជនទាំងឡាយបានធ្វើព្រះនាមថ្វាយ សូម្បីដល់ព្រះនាងថា ឧទយភទ្ទា ។

ព្រះកុមារកាលចម្រើនវ័យធំហើយ ដល់នូវការសម្រេចក្នុងសិល្បសាស្ត្រទាំងពួង តែទ្រង់ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរដោយកំណើត មិនស្គាល់នូវមេថុនធម្មសូម្បីដោយការយល់សប្តិ ចិត្តរបស់ព្រះអង្គមិនជាប់ក្នុងកិលេសទាំងឡាយ ។ ព្រះរាជបិតាប្រាថ្នានឹងអភិសេកនូវបុត្រក្នុងរាជសម្បត្តិ បានបញ្ជូនសារទៅថា ឥឡូវនេះ ជាកាលនៃការសោយសុខក្នុងរាជសម្បត្តិ របស់ព្រះរាជកុមារហើយ អ្នកទាំងឡាយចូរតម្កល់នូវស្ត្រីរបាំទាំងឡាយចំពោះព្រះកុមារ ។

ព្រះពោធិសត្វហាមឃាត់ដោយពោលថា ខ្ញុំមិនត្រូវការដោយរាជសម្បត្តិ ចិត្តរបស់ខ្ញុំមិនជាប់ជំពាក់ក្នុងកិលេសទាំងឡាយ ដូច្នេះហើយ កាលពោលហាមរឿយៗ ក៏បានញ៉ាំងគេឲ្យរូបស្ត្រី ដែលសម្រេចអំពីមាសជម្ពូទនពណ៌ក្រហម (ឈ្មោះមាសវិសេសមួយប្រភេទ កើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិល មានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះ សូម្បី​ព្រះសម្មាសម្ពុទ្ធ ក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជា មាសជម្ពូនុទ) ហើយបញ្ជូនទៅឲ្យព្រះរាជមាតាបិតាដោយពាក្យថា កាលបានស្ត្រីដែលមានរូបយ៉ាងនេះ ទើបខ្ញុំនឹងទទួលរាជសម្បត្តិ ។

ព្រះរាជមាតាបិតាឲ្យគេនាំរូបមាសនោះទៅកាន់ជម្ពូទ្វីបទាំងមូល កាលមិនបានស្ត្រីដែលមានរូបយ៉ាងនោះ ទើបប្រដាប់តាក់តែងនាងឧទយភទ្ទា យកមកតម្កល់ទុកក្នុងសម្នាក់រូបមាសនោះ ។ រូបនាង​ឧទយ​ភទ្ទាគ្របសង្កត់នូវរូបមាសនោះ ហើយឋិតនៅ ។ លំដាប់នោះ ព្រះមាតាព្រះបិតាបានធ្វើព្រះនាងឧទយភទ្ទាកុមារីដែលជាប្អូនស្រីមានមាតាផ្សេងគ្នា ឲ្យជាអគ្គមហេសី (របស់ឧទយភទ្ទកុមារ) ទាំងដែលអ្នកទាំង ២ នោះមិនប្រាថ្នា ហើយអភិសេកព្រះពោធិសត្វក្នុងរាជសម្បត្តិ ។ ចំណែកព្រះឧ​ទយ​ភទ្ទ​កុមារ និង ព្រះឧទយភទ្ទាកុមារីទាំង ២ នោះ  (ជាអ្នក) នៅក្នុងព្រហ្មចរិយៈប៉ុណ្ណោះ ។

ក្នុងកាលខាងក្រោយមក កាលដែលព្រះរាជមាតាបិតាកន្លងផុតទៅ ព្រះពោធិសត្វបានគ្រប់គ្រងរាជសម្បត្តិ ។ ព្រះអង្គទាំងពីរសូម្បីនៅក្នុងបន្ទប់តែមួយ ក៏ទ្រង់មិនទម្លាយឥន្ទ្រិយ សម្លឹងមើលគ្នានឹងគ្នា ដោយអំណាចនៃលោភៈឡើយ ។ តែព្រះអង្គបានធ្វើការប្ដេជ្ញាគ្នាថា បណ្ដាយើងទាំងពីរ បើអ្នកណាធ្វើកាលកិរិយាមុន អ្នកនោះត្រូវមកអំពីស្ថានទីកើត ហើយប្រាប់ថា ខ្ញុំបានកើតក្នុងទីឈ្មោះឯណោះ ។

លំដាប់នោះ ព្រះពោធិសត្វក៏បានធ្វើកាលកិរិយា ដោយកាលកន្លង ៧០០ ឆ្នាំ អំពីឆ្នាំអភិសេក ។ មិនមានអ្នកដទៃឡើងសោយរាជ្យឡើយ អំណាចរាជការប្រព្រឹត្តទៅក្នុងព្រះនាងឧទយភទ្ទានោះឯង ។ អាមាត្យ​ទាំងឡាយ (រួមគ្នា) គ្រប់គ្រងរាជ្យ ។ ចំណែកព្រះពោធិសត្វក្នុងខណៈចុតិ (កាលចុតិហើយ) បានដល់ភាពជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មិនអាចនឹងរលឹកអស់ ៧ ថ្ងៃ ព្រោះភាពជាអ្នកមានយសធំ ។

ព្រោះហេតុដូច្នេះ ទើបជាកាលកន្លងទៅ ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំមនុស្ស ព្រះឥន្ទនោះក៏រឭកបាន ទើបគិតថា យើងនឹងសាកល្បងព្រះរាជធីតាឧទយភទ្ទាដោយទ្រព្យ ញ៉ាំងឲ្យនាងបន្លឺសីហនាទ យើងនឹងសម្ដែងធម៌ កាលបានរួចចាកការប្ដេជ្ញាហើយសឹមត្រឡប់មក ។ គ្រានោះ បានឮមកថា ជាកាល​ដែល​មនុស្ស​មានអាយុ ១ ម៉ឺនឆ្នាំ ។ សូម្បីព្រះរាជធីតាទ្រង់គង់នៅស្ងៀមតែមួយអង្គឯង ក្នុងបន្ទប់ដ៏មានសិរីដែលប្រដាប់តាក់តែងហើយ លើប្រាសាទដ៏ប្រសើរជាន់ទី ៧ ដែលបានតម្កល់ការរក្សា ត្រង់ទ្វារដែលបានបិទហើយ ក្នុងពេលរាត្រី កាលពិចារណាសីលរបស់ខ្លួន ទើបអង្គុយ អស់ថ្ងៃនោះ ។

លំដាប់នោះ ស្ដេចសក្កៈកាន់យកភាជនៈមាសមួយដែលពេញទៅដោយមាសកៈមាស មកប្រាកដក្នុងបន្ទប់ផ្ទំ ហើយឋិតនៅកន្លែងមួយ កាលនឹងចរចាជាមួយព្រះរាជធីតា ទើបត្រាស់គាថាទី ១ ថា                                      
ឯកា និសិន្នា សុចិ សញ្ញតូរូ,     បាសាទមារុយ្ហ អនិន្ទិតង្គី;
យាចាមិ តំ កិន្នរនេត្តចក្ខុ,         ឥមេករត្តិំ ឧភយោ វសេមា។

ម្នាលនាងមានចក្ខុប្រាកដស្មើដោយភ្នែកនៃកិន្នរ នាងស្លៀកសំពត់ដ៏ស្អាត មានភ្លៅរៀបស្រួលបួល មានអវយវៈតិះដៀលមិនបាន ឡើងកាន់ប្រាសាទ អង្គុយតែម្នាក់ឯង បងសូមអង្វរនាង សូមយើងទាំងពីរនាក់នៅ (ជាមួយគ្នា) អស់មួយយប់នេះ ។

លំដាប់នោះ ព្រះរាជធីតាបានត្រាស់ ២ ព្រះគាថា ថា  
ឱកិណ្ណន្តរបរិខំ,             ទឡ្ហមដ្ដាលកោដ្ឋកំ;
រក្ខិតំ ខគ្គហត្ថេហិ,             ទុប្បវេសមិទំ បុរំ។

បុរីនេះ មានគូខណ្ឌ ជាសង្កាត់ ៗ មានប៉មនិងខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់ព្រះខាន់គ្រប់ដៃ រក្សាហើយ គេចូលបានដោយក្រ ។ 

ទហរស្ស យុវិនោ ចាបិ,         អាគមោ ច ន វិជ្ជតិ;
អថ កេន នុ វណ្ណេន,             សង្គមំ ឥច្ឆសេ មយា។

មិនមានប្រុសជំទង់ ឬប្រុសកំលោះមក (ក្នុងទីនេះ ទាំងថ្មើរណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បានជាអ្នកចង់មកជួបនឹងខ្ញុំ (ទាំងថ្មើរណេះ) ។

លំដាប់នោះ ស្ដេចសក្កៈទើបត្រាស់គាថាទី ៤ ថា
យក្ខោហមស្មិ កល្យាណិ,         អាគតោស្មិ តវន្តិកេ;
ត្វំ មំ នន្ទយ ភទ្ទន្តេ,             បុណ្ណកំសំ ទទាមិ តេ។

ម្នាលនាងកល្យាណី យើងជាយក្ខ (បុគ្គលដែលគេតែងបូជា) មកក្នុងសម្នាក់នាង ម្នាលនាងដ៏ចម្រើន នាងចូរត្រេកអរនឹងយើង យើងនឹងឲ្យភាជន៍មាសដ៏ពេញដោយមាស ដល់នាង ។
គាថានោះមានសេចក្ដីថា ម្នាលនាងកល្យាណី ស្រីមានរូបគួរទស្សនា បងជាទេវតា (រូបសង្ហា)មួយ មកក្នុងទីនេះដោយអានុភាពនៃទេវតា ក្នុងថ្ងៃនេះ អូនចូរត្រេកអរនឹងបង បងនឹងឲ្យភាជនៈមាសដែលពេញទៅដោយមាសកៈមាសនេះដល់អូន ។

ព្រះនាងស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថាទី ៥ ថា  
ទេវំវ យក្ខំ អថ វា មនុស្សំ,         ន បត្ថយេ ឧទយមតិច្ច អញ្ញំ;
គច្ឆេវ ត្វំ យក្ខ មហានុភាវ,         មា ចស្សុ គន្ត្វា បុនរាវជិត្ថ។

ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នាបុគ្គលដទៃ ទោះបីជាទេវតា យក្ស ឬមនុស្ស លើសជាងព្រះបាទឧទយៈទេ អ្នកចូរទៅចុះ លុះអ្នកទៅហើយ កុំត្រឡប់មកវិញឡើយ ។

គាថានោះមានសេចក្ដីថា បពិត្រទេវរាជ ខ្ញុំកាលកន្លងផុតពីព្រះបាទឧទយៈហើយ ខ្ញុំមិនប្រាថ្នាបុរសដទៃ សូម្បីជាទេវតាក៏ដោយ យក្សក៏ដោយ លោកចូរទៅចុះ កុំឋិតនៅក្នុងទីនេះ ខ្ញុំមិនត្រូវការដោយបណ្ណាការដែលលោកនាំមក ចូរទៅ ហើយកុំត្រឡប់មកទីនេះម្ដងទៀត ។

សក្កទេវរាជស្ដាប់សីហនាទរបស់នាងហើយ មិនឋិតនៅ ធ្វើដូចជាទៅ បាត់ទៅក្នុងទីនោះឯង ហើយឋិតនៅ ។ ថ្ងៃស្អែក ក្នុងវេលានោះឯង ព្រះអង្គកាន់យកភាជនៈប្រាក់ដែលពេញដោយមាសកៈមាស កាលនឹងចរចាជាមួយព្រះនាង ទើបត្រាស់គាថាទី ៦ ថា   

យា សា រតិ ឧត្តមា កាមភោគិនំ,     យំហេតុ សត្តា វិសមំ ចរន្តិ;
មា តំ រតិំ ជីយិ តុវំ សុចិម្ហិតេ,     ទទាមិ តេ រូបិយំ កំសបូរំ។

សេចក្តីត្រេកត្រអាលណាដ៏ឧត្តម របស់ពួកសត្វអ្នកបរិភោគកាម ពួកសត្វប្រព្រឹត្តមិនស្មើ ព្រោះហេតុនៃសេចក្តីត្រេកត្រអាលណា នាងកុំផ្ចាញ់សេចក្តីត្រេកត្រអាលនោះ ក្នុងធម្មជាតិស្អាតរបស់នាង យើងនឹងឲ្យភាជន៍បា្រក់ ដ៏ពេញដោយមាស ដល់នាង ។

គាថានោះមានសេចក្ដីថា ម្នាលរាជធីតាដ៏ចម្រើន បណ្ដាសេចក្ដីត្រេកអរទាំងឡាយណា របស់សត្វអ្នកបរិភោគកាម សេចក្ដីត្រេកអរក្នុងមេថុន ឈ្មោះថា ជាសេចក្ដីត្រេកអរដ៏ថ្លៃថ្លា សត្វទាំងឡាយតែងប្រព្រឹត្តមិនស្មើមានកាយទុច្ចរិតជាដើម ដោយហេតុនៃសេចក្ដីត្រេកអរណា ម្នាលនាងដ៏ចម្រើន សូមនាងកុំផ្ចាញ់សេចក្ដីត្រេកអរនោះ ក្នុងចិត្តដែលត្រេកអរ ក្នុងធម្មជាតិស្អាតរបស់នាង ។

សូម្បីយើង កាលមក មិនមែនមកដោយដៃទទេ ថ្ងៃម្សិលមិញ យើងបាននាំនូវភាជនៈមាសដែលពេញទៅដោយមាសកៈមាស ថ្ងៃនេះ យើងនាំនូវភាជនៈប្រាក់ដែលពេញទៅដោយមាសកៈមាស យើងនឹងឲ្យភាជនៈប្រាក់ ដែលពេញដោយ មាសកៈមាសនេះដល់នាង ។

ព្រះរាជធីតាគិតថា ទេវបុត្រនេះ កាលបានការសន្ទនា តែងមករឿយៗ យើងនឹងមិននិយាយជាមួយគេ ដូច្នេះហើយ ទើបមិនពោលនូវពាក្យអ្វីឡើយ ។

សក្កទេវរាជដឹងនូវភាពមិននិយាយស្ដីរបស់ព្រះនាង ទើបបាត់ទៅក្នុងទីនោះឯង ថ្ងៃស្អែក ក្នុងវេលានោះឯង ទ្រង់កាន់យកភាជនៈលោហៈដែលពេញដោយកហាបណៈ មកហើយពោលថា ហៃអូនសម្លាញ់ដ៏ចម្រើន អូនចូរត្រេកអរដោយតម្រេកក្នុងកាមជាមួយនឹងបង បងនឹងឲ្យភាជនៈលោហៈដែលពេញដោយកហាបណៈនេះដល់អូន ។ ព្រះរាជធីតាស្ដាប់ពាក្យនោះ ទើបត្រាស់គាថាទី ៧ ថា   

នារិំ នរោ និជ្ឈបយំ ធនេន,     ឧក្កំសតី យត្ថ ករោតិ ឆន្ទំ;
វិបច្ចនីកោ តវ ទេវធម្មោ,     បច្ចក្ខតោ ថោកតរេន ឯសិ។

បុរសកាលលួងលោមស្ត្រី ដោយទ្រព្យ ធ្វើនូវសេចក្តីពេញចិត្ត ក្នុងស្ត្រីណា ក៏លើកតម្កើងស្ត្រីនោះ ទេវធម៌របស់អ្នកខុសគេ (ព្រោះថា) អ្នកមកដោយវត្ថុរឹតតែតិច ដោយពិតប្រាកដ ។

គាថានោះមានសេចក្ដីថា នែបុរសល្ងង់ខ្មៅ នរជនឈ្មោះថា កាលលួងលោមស្ត្រីដោយទ្រព្យ ព្រោះហេតុនៃសេចក្ដីត្រេកអរដោយកិលេស រមែងធ្វើឆន្ទៈរបស់ស្ត្រីឲ្យយល់ព្រម តែងញ៉ាំងនាងឲ្យខ្ពង់ខ្ពស់ តែងពោល តែងសរសើ និងលួងលោមដោយទ្រព្យឲ្យច្រើនឡើង សភាពទេវតារបស់លោកខុសគេ ព្រោះថា លោកនាំទ្រព្យឲ្យតិចជាងមុន មកប្រាដកដល់ខ្ញុំ ក្នុងថ្ងៃទី ១ លោកនាំភាជនៈមាសដែលពេញដោយមាសមក, ថ្ងៃទី ២ នាំភាជនៈប្រាក់ដែលពេញដោយមាសមក, ថ្ងៃទី ៣ លោកនាំភាជនៈលោហៈដែលពេញដោយកហាបណៈមក ។

សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលថា ម្នាលរាជកុមារីដ៏ចម្រើន យើងជាពាណិជដ៏ឆ្លាត យើងមិនឲ្យប្រយោជន៍វិនាសដោយវត្ថុមិនមានប្រយោជន៍ឡើយ បើនាងចេះតែចម្រើនដោយអាយុ (នៅមានវ័យក្មេង) ឬដោយពណ៌សម្បុរ យើងនឹងបន្ថែមបណ្ណាការឲ្យច្រើន ហើយនាំមកឲ្យនាង ប៉ុន្តែនាងមានតែការអស់ទៅប៉ុណ្ណោះ ព្រោះហេតុនោះ សូម្បីយើងក៏ត្រូវបន្ថយទ្រព្យឲ្យអស់ទៅដែរ ដូច្នេះហើយ ទើបត្រាស់គាថាទាំងឡាយ ៣ ថា      
 
អាយុ ច វណ្ណោ ច មនុស្សលោកេ,     និហីយតិ មនុជានំ សុគត្តេ;
តេនេវ វណ្ណេន ធនម្បិ តុយ្ហំ,         និហីយតិ ជិណ្ណតរាសិ អជ្ជ។

ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈរបស់ពួកមនុស្ស ក្នុងមនុស្សលោក រមែងសាបសូន្យទៅ ព្រោះហេតុនោះឯង បានជាទ្រព្យរបស់នាងក៏សាបសូន្យដែរ នាងរឹតតែចាស់ទៅក្នុងថ្ងៃនេះ ។ 

ឯវំ មេ បេក្ខមានស្ស,             រាជបុត្តិ យសស្សិនិ;
ហាយតេវ តវ វណ្ណោ,             អហោរត្តានមច្ចយេ។

ម្នាលរាជបុត្រី មានយស កាលយើងរមិលមើលយ៉ាងនេះ ពណ៌សម្បុររបស់នាងក៏សាបសូន្យទៅ ក្នុងកាលកន្លងទៅនៃថ្ងៃនិងយប់ទាំងឡាយ ។ 

ឥមិនាវ ត្វំ វយសា,             រាជបុត្តិ សុមេធសេ;
ព្រហ្មចរិយំ ចរេយ្យាសិ,         ភិយ្យោ វណ្ណវតី សិយា។

ម្នាលរាជបុត្រី មានប្រាជ្ញាល្អ នាងគប្បីប្រព្រឹត្តព្រហ្មចារ្យដោយវ័យនេះ នាងមុខជានឹងមានពណ៌សម្បុរដ៏ក្រៃលៃង ។

បន្ទាប់មក ព្រះរាជធីតាត្រាស់គាថាដទៃថា 
ទេវា ន ជីរន្តិ យថា មនុស្សា,     គត្តេសុ តេសំ វលិយោ ន ហោន្តិ;
បុច្ឆាមិ តំ យក្ខ មហានុភាវ,     កថំ នុ ទេវាន សរីរទេហោ។

ទេវតាទាំងឡាយ មិនចាស់ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានទេឬ បពិត្រយក្ខ ខ្ញុំសូមសួរលោក ដែលមានអានុភាពច្រើន រាងកាយ គឺសរីរៈរបស់ទេវតាទាំងឡាយ (មិនចាស់) តើដោយហេតុអ្វី ។

លំដាប់នោះ សក្កទេវរាជកាលនឹងឆ្លើយប្រាប់នាង ទើបពោលគាថាដទៃថា 
ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ;
សុវេ សុវេ ភិយ្យតរោវ តេសំ, ទិព្ពោ ច វណ្ណោ វិបុលា ច ភោគា។

ទេវតាទាំងឡាយមិនចាស់ ដូចពួកមនុស្សទេ ការជ្រួញជ្រីវក្នុងខ្លួនរបស់ទេវតាទាំងនោះ មិនមានឡើយ ពណ៌សម្បុរជាទិព្វ និងភោគៈដ៏ច្រើន របស់ទេវតាទាំងឡាយនោះ រឹងរឹតតែចម្រើនឡើង រាល់ ៗ ថ្ងៃ ។
ព្រះនាងបានស្ដាប់គុណរបស់ទេវលោកហើយ កាលនឹងសួរផ្លូវ ជាទីទៅទេវលោកនោះ ទើបពោលគាថាដទៃទៀតថា 

កិំសូធ ភីតា ជនតា អនេកា, មគ្គោ ច នេកាយតនំ បវុត្តោ;
បុច្ឆាមិ តំ យក្ខ មហានុភាវ, កត្ថដ្ឋិតោ បរលោកំ ន ភាយេ។

ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិនទៅកាន់ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅទេវលោក) បណ្ឌិតសំដែងដោយអណ្តូង គឺកំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅទេវលោក) បពិត្រយក្ខ មានអានុភាពច្រើន ខ្ញុំសូមសួរលោក បុគ្គល (កាលទៅ) កាន់បរលោក តើឋិតនៅក្នុងផ្លូវណា ទើបមិនខ្លាច ។
លំដាប់នោះ ស្ដេចសក្កៈកាលនឹងប្រាប់ដល់ព្រះនាង ទើបពោលគាថាដទៃទៀតថា 

វាចំ មនញ្ច បណិធាយ សម្មា, កាយេន បាបានិ អកុព្ពមានោ;
ពហុន្នបានំ ឃរមាវសន្តោ, សទ្ធោ មុទូ សំវិភាគី វទញ្ញូ;
សង្គាហកោ សខិលោ សណ្ហវាចោ, ឯត្ថដ្ឋិតោ បរលោកំ ន ភាយេ។

បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹមត្រូវ មិនធ្វើបាបទាំងឡាយដោយកាយ នៅគ្រប់គ្រងផ្ទះ ដែលមានបាយ និងទឹកដ៏ច្រើន ជាអ្នកមានសទ្ធា មានចិត្តទន់ បានចែករំលែកនូវទាន ជាអ្នកដឹងនូវពាក្យស្មូម ជាអ្នកសង្គ្រោះគេ មានវាចាផ្អែម មានវាចាល្អិតល្អ បានឋិតនៅក្នុងគំនរនៃគុណនេះហើយ (កាលនឹងទៅ) កាន់បរលោក មិនខ្លាចឡើយ ។

គាថានោះមានសេចក្ដីអធិប្បាយថា ម្នាលនាងដ៏ចម្រើន បុគ្គលណាតាំងវាចា និងចិត្តដោយប្រពៃ សូម្បីទាំងកាយក៏មិនបានធ្វើបាបផ្សេងៗ គឺប្រព្រឹត្តមាំមួនក្នុងកុសលកម្មបថ ១០ កាលនៅគ្រប់គ្រងផ្ទះមានបាយនិងទឹកច្រើន គឺមានទេយ្យធម៌ល្មម ប្រកបដោយការជឿដ៏មាំថា វិបាកនៃទានមាន មានចិត្តទន់, បានឈ្មោះថា អ្នកបរិច្ចាគព្រោះចេះចែកទាន, បានឈ្មោះថា អ្នកដឹងពាក្យសូម ព្រោះដឹងនូវការឲ្យបច្ច័យដល់ពួកបព្វជិត, បានឈ្មោះថា អ្នកសង្គ្រោះ ព្រោះចូលចិត្តសង្គ្រោះដោយសង្គហវត្ថុ ៤ ប្រការ, បានឈ្មោះថា មានវាចាផ្អែម ព្រោះជាអ្នកនិយាយវាចាគួរជាទីស្រឡាញ់, បានឈ្មោះថា មានវាចាល្អិតល្អន់ ព្រោះពោលវាចាដែលមានប្រយោជន៍ បុគ្គលនោះតាំងនៅក្នុងគុណធម៌ទាំងនេះ គឺមានប្រមាណប៉ុណ្ណេះ កាលនឹងទៅកាន់បរលោក រមែងមិនខ្លាច ។ 

បន្ទាប់ពីព្រះរាជធីតាបានស្ដាប់ពាក្យរបស់សក្កទេវរាជហើយ កាលនឹងធ្វើការសរសើរ ទើបពោលគាថាដទៃទៀតថា   

អនុសាសសិ មំ យក្ខ,     យថា មាតា យថា បិតា;
ឧឡារវណ្ណ បុច្ឆាមិ,     កោ នុ ត្វមសិ សុព្រហា។

បពិត្រទេវបុត្រ លោកប្រៀនប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រលោកមានសម្បុរដ៏លើសលុប ខ្ញុំសូមសួរ លោកមានសរីរៈ សមរម្យល្អ លោកជាអ្វី ។

គាថានោះមានសេចក្ដីថា មាតាបិតាប្រៀនប្រដៅបុត្រយ៉ាងណា លោកបានប្រៀនប្រដៅខ្ញុំយ៉ាងនោះដែរ ។ បពិត្រលោកដែលមានពណ៌សម្បុរដ៏ក្រៃលែង មានរូបដែលដល់ភាពស្រស់ស្អាត តើលោកជាអ្នកណា ទើបមានសរីរៈស្អាតយ៉ាងនេះ ។

លំដាប់នោះ ព្រះពោធិសត្វទើបពោលគាថាដទៃទៀតថា   
ឧទយោហមស្មិ កល្យាណិ,         សង្គរត្តា ឥធាគតោ;
អាមន្ត ខោ តំ គច្ឆាមិ,             មុត្តោស្មិ តវ សង្គរា។

ម្នាលនាងកល្យាណី យើងឈ្មោះឧទយៈ បានមកក្នុងទីនេះ ដើម្បីដោះពាក្យប្តេជា្ញ យើងបា្រប់នាងហើយនឹងទៅ យើងរួចចាកពាក្យប្តេជ្ញា របស់នាងហើយ ។

គាថានេះមានសេចក្ដីអធិប្បាយថា ម្នាលនាងមានរូបល្អគួរទស្សនា ក្នុងភពមុន យើងជាស្វាមីរបស់នាង ឈ្មោះ ឧទយៈ យើងបានកើតជាស្ដេចសក្កៈក្នុងភពតាវត្តិង្ស មកក្នុងទីនេះ មិនមែនមកដោយអំណាចកិលេស យើងរឭកនូវនាងហើយនឹងរួចផុតពាក្យប្ដេជ្ញា ទើបមកដោយភាពជាអ្នកធ្វើតាមពាក្យប្ដេជ្ញា ដែលបានប្ដេជ្ញាក្នុងកាលមុន  ឥឡូវនេះ យើងប្រាប់នាងហើយ នឹងសូមលាទៅ យើងរួចផុតពីការប្ដេជ្ញារបស់នាងហើយ ។

ព្រះរាជធីតាត្រេកអរហើយ ដោយពោលថា បពិត្រព្រះស្វាមី ព្រះអង្គជាឧទយភទ្ទ ដូច្នេះកាលទឹកនេត្រាហូរស្រក់ ទើបពោលថា ខ្ញុំម្ចាស់មិនអាចនឹងនៅដោយវៀចាកព្រះអង្គបានឡើយ តើខ្ញុំម្ចាស់នឹងនៅក្នុងសម្នាក់ព្រះអង្គបានយ៉ាងណា សូមទ្រង់ប្រៀនប្រដៅខ្ញុំម្ចាស់យ៉ាងនោះ ដូច្នេះហើយ ទើបពោលគាថាដទៃទៀតថា    
    
សចេ ខោ ត្វំ ឧទយោសិ,         សង្គរត្តា ឥធាគតោ;
អនុសាស មំ រាជបុត្ត,             យថាស្ស បុន សង្គមោ។

បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ ព្រះនាមឧទយៈ បានមកក្នុងទីនេះ ដើម្បីប្រយោជន៍ដល់ពាក្យប្តេជា្ញ សូមព្រះអង្គប្រៀនប្រដៅខ្ញុំ ឲ្យបានជួបគា្នទៀត ។

លំដាប់នោះ ព្រះមហាសត្វកាលនឹងទូន្មានព្រះនាង ទើបពោលគាថាទាំង ៤ ថា 
អតិបតតិ វយោ ខណោ តថេវ,     ឋានំ នត្ថិ ធុវំ ចវន្តិ សត្តា;
បរិជីយតិ អទ្ធុវំ សរីរំ,             ឧទយេ មា បមាទ ចរស្សុ ធម្មំ។

វ័យកន្លងទៅឆាប់ ខណៈចិត្តក៏កន្លងទៅឆាប់ដូចគ្នា ការតាំងនៅ (នៃសង្ខារទាំងឡាយ) មិនមាន ពួកសត្វតែងច្យុតទៅដោយពិត សរីរៈមិនទៀង តែងទ្រុឌទ្រោមទៅ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។ 

កសិណា បថវី ធនស្ស បូរា, ឯកស្សេវ សិយា អនញ្ញធេយ្យា;
តំ ចាបិ ជហតិ អវីតរាគោ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

ផែនដីទាំងមូលរបស់សេ្តចតែមួយព្រះអង្គ ដ៏ពេញដោយទ្រព្យ ជាផែនដីដែលអ្នកដទៃទ្រទ្រង់មិនបាន ឯបុគ្គលដែលមិនទាន់ប្រាសចាករាគៈ រមែងលះបង់នូវទ្រព្យនោះ ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។

មាតា ច បិតា ច ភាតរោ ច, ភរិយា យាបិ ធនេន ហោតិ កីតា;
តេ ចាបិ ជហន្តិ អញ្ញមញ្ញំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំងទ្រព្យ ឯជនទាំងនោះ រមែងលះបង់នូវគ្នានឹងគ្នា ម្នាលនាងឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។

កាយោ បរភោជនន្តិ ញត្វា, សំសារេ សុគតិញ្ច ទុគ្គតិញ្ច;
ឥត្តរវាសោតិ ជានិយាន, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណីនៃពួកសត្វដទៃ ដឹងថា សុគតិ និងទុគ្គតិក្នុងសង្សារ ជាលំនៅរបស់សត្វថោកទាប ដូច្នេះហើយ កុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។

ព្រះមហាសត្វបានឲ្យឱវាទយ៉ាងនេះដល់ព្រះនាង ។ សូម្បីព្រះនាងឧទយភទ្ទា ក៏ត្រេកអរនឹងធម្មកថារបស់ព្រះមហាសត្វ កាលនឹងសរសើរ ទើបពោលគាថាចុងក្រោយថា   

សាធុ ភាសតិយំ យក្ខោ,     អប្បំ មច្ចាន ជីវិតំ;
កសិរញ្ច បរិត្តញ្ច,        តញ្ច ទុក្ខេន សំយុតំ;
សាហំ ឯកា បព្ពជិស្សាមិ,     ហិត្វា កាសិំ សុរុន្ធនំ។

យក្ខនោះ ពោលពីរោះណាស់ ជីវិតរបស់ពួកសត្វខ្លី លំបាកផង តិចផង ព្រោះជីវិតនោះ ប្រកបដោយទុក្ខ ខ្ញុំនោះនឹងលះដែនកាសី និងក្រុងសុរុន្ធនៈ បួសតែម្នាក់ឯង ។

ព្រះពោធិសត្វឲ្យឱវាទដល់ព្រះនាងហើយ ទើបយាងទៅកាន់លំនៅរបស់ខ្លួន ។ សូម្បីព្រះនាងក៏បានឲ្យអាមាត្យទាំងឡាយ ទទួលរាជសម្បត្តិ ហើយទ្រង់បួសជាឥសីក្នុងព្រះរាជឧទ្យានដែលជាទីគួររីករាយ ដែលនៅខាងក្នុងនគរនោះឯង កាលបានប្រព្រឹត្តធម៌ ក្នុងទីបំផុតនៃអាយុ ព្រះនាងក៏កើតជាបាទបរិចារិការបស់ព្រះពោធិសត្វ ក្នុងភពតាវត្តិង្ស ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ រួចប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។ 

តទា រាជធីតា រាហុលមាតា អហោសិ រាជធីតាក្នុងកាលនោះ បានមកជា រាហុលមាតា ។
សក្កោ បន អហមេវ អហោសិំ ចំណែកស្ដេចសក្កៈ គឺ តថាគត នេះឯង ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៩)
ដោយខេមរ អភិធម្មាវតារ
ព.ស.២៥៦១

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២៣៤ ដង)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿