វិបត្តិនិងសម្បត្តិរបស់ឧបាសក ៧ យ៉ាង

|
វិបត្តិសូត្រ ទី១០ ឧបាសកណា ញុំាងការឃើញនូវពួកភិក្ខុ ដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែសក្នុងការស្តាប់នូវអរិយធម៌ទាំងឡាយ ១ មិនសិក្សាក្នុងអធិសីល ១ មានសេចក្តីមិនជ្រះថ្លាក្នុងពួកភិក្ខុចំរើនដោយក្រៃលែង ១ ជាអ្នកមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ ស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈ ចំពោះទក្ខិណេយ្យបុគ្គលខាងក្រៅសាសនានេះ ១ ឧបាសកកាលសេពនូវបរិហានិយធម៌ទាំង ៧ នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងសាបសូន្យ ចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាងការឃើញ នូវពួកភិក្ខុដែលមានខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ មិនប្រហែសចំពោះការស្តាប់នូវអរិយធម៌ទាំងឡាយ ១ សិក្សាក្នុងអធិសីល ១ សេចក្តីជ្រះថ្លា ក្នុងពួកភិក្ខុរបស់ឧបាសកនោះ ចំរើនដោយក្រៃលែង ១ មិនមានចិត្តរិះគន់ប្រាថ្នាស្តាប់នូវព្រះសទ្ធម្ម ១ មិនស្វែងរកទក្ខិណេយ្យបុគ្គលដទៃខាងក្រៅសាសនានេះ ១ ឧបាសកធ្វើបុព្វការៈចំពោះទក្ខិណេយ្យបុគ្គលក្នុងសាសនានេះ ១ ឧបាសកកាលសេព នូវអបរិហានិយធម៌ទាំង ៧យ៉ាងនេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដោយប្រពៃ រមែងមិនសាបសូន្យ ចាកព្រះសទ្ធម្មឡើយ។ វិបត្តិសូត្រ ទី_ ១០ ឬ វិបត្តិនិងសម្បត្តិរបស់ឧបាសក ៧ យ៉ាង |