អានអត្ថបទ
ផ្សាយ : ១២ មិថុនា ឆ្នាំ២០២២ (អាន: ២,០៧៣ ដង)
ថ្ងៃនេះគេហទំព័រមានអាយុគ្រប់១១ឆ្នាំ

|
ថ្ងៃនេះ គេហទំព័រ៥០០០ឆ្នាំ មានអាយុគម្រប់ ១១ ឆ្នាំ
![]() គេហទំព័រ៥០០០ឆ្នាំត្រូវបានបង្កើតឡើងនៅ ខែពិសាខ ឆ្នាំថោះ ត្រីស័ក, ព.ស. ២៥៥៥ (ខែមិថុនាឆ្នាំ២០១១ ) ក្នុងគោលបំណង ផ្សព្វផ្សាយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធ តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីបញ្ជៀបនូវសីលធម៌ ចរិយាធម៌ និងសេចក្តីថ្លៃថ្នូរ ទៅដល់ស្រទាប់យុវវ័យនិងពុទ្ធបរិស័ទទូទៅទាំងក្នុងស្រុកនិងក្រៅស្រុក និងម៉្យាងដើម្បីសម្រួលដល់ការសិក្សាព្រះពុទ្ធវចនៈតាមបែបបច្ចេកវិទ្យាសម័យទំនើប ។
គេហទំព័រ៥០០០ឆ្នាំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធសាសនានិកជនទូទៅដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលមកគេហទំព័រ៥០០០ឆ្នាំដើម្បីស្តាប់ព្រះធម៌និងស្រាវជ្រាវព្រះពុទ្ធវចនៈផ្សេងៗ ។ ជាពិសេស សូមថ្លែងអំណរគុណចំពោះធម្មទានដ៏ថ្លៃថ្លា របស់ ពុទ្ធបរិស័ទនៅក្នុងប្រទេសនិង ក្រៅប្រទេសដូចជា ប្រទេសអាមេរិក បារាំង កូរ៉េ អូស្រ្តាលី... ដែលបានបរិច្ចាគធនធានយ៉ាងច្រើនក្នុងការផ្គត់ផ្គង់ទ្រទ្រង់គេហទំព័រ៥០០០ឆ្នាំ ជាប្រចាំខែផង ជាបន្ទាន់ផង.. ដែលជាកម្លាំងយ៉ាងក្រៃលែងដល់ដំណើរការ៥០០០ឆ្នាំរហូតមកទល់ពេលនេះ ។ ដោយអំណាចផលនៃធម្មទានទាំងឡាយ ដែល៥០០០ឆ្នាំបានធ្វើហើយ សម្រេចហើយ សូមផលនៃធម្មទាននោះ ចូរជាចំណែកនៃបុណ្យមហាកុសល សូមប្រគេន និងចែកប្រគេនថ្វាយជូនចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទសូមបាននូវចំណែកបុណ្យស្មើៗគ្មា និងបានជាបច្ច័យរួចផុតចាកទុក្ខទាំងពួង ។ សូមគោរពឧទ្ទិសថ្វាយនូវព្រះរាជកុសលនេះ ថ្វាយចំពោះព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ និងសោយនូវព្រះបរមសុខ។ សូមគោរពថ្វាយព្រះរាជកុសល ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សូមទ្រង់បានអនុមោទនានូវមហាកុសលនេះ ដោយព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុត ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺនយូរ ព្រះបញ្ញាញាណវាងវៃ និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ដើម្បីទទួលបាននូវសេចក្តីសុខក្សេមក្សាន្ត ចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ។ សូមគោរពប្រគេនឧទ្ទិសថ្វាយ និងថ្វាយចំពោះសម្តេចព្រះសង្ឃរាជទាំងឡាយចាប់តាំងពីអតីតកាលមកហើយ និងព្រះសង្ឃគ្រប់ៗព្រះអង្គ សូមព្រះសង្ឃមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។ សូមគោរពជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទគ្រប់រូប សូមបានអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។ សូមគោរពជូន មាតាបិតា រួមទាំងក្រុមញាតិ, លោកគ្រូ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស ជាម្ចាស់ ,លោកគ្រូធម្មាចារ្យទាំងអស់ និងលោកអ្នកមានឧបការៈចំពោះកិច្ចការធម្មទាននេះ សូមមេត្តាអនុមោទនាត្រេកអរទទួលយកនូវចំណែកមហាកុសលនេះ។ សូមឧទ្ទិសជូនចំពោះសព្វសត្វទូទៅ មានសត្វដែលធ្លាប់ជាញាតិ សត្វមិនមែនជាញាតិ សត្វនរកទាំងឡាយមាន ប្រេត អសុរកាយ អមនុស្ស, ទេវតាទាំងឡាយមាន រុក្ខទេវតា ភូមិទេវតា អាកាសទេវតា ព្រះឥន្ទ ព្រះព្រហ្ម ព្រះយមរាជ យមបាល សក្កទេវរាជ មារទាំងឡាយ កន្ធប់ទាំងឡាយ និងពពួកនាគទាំងឡាយ ដែលអស់លោកអ្នកទាំងនោះជាអ្នកប្រាថ្នានៅក្នុងបុណ្យកុសល ក៏សូមអនុមោទនាទទួលយកនូវចំណែកមហាកុសលនេះរៀងៗខ្លួន។ បើទទួលបានចំណែកនៃបុណ្យហើយ ក៏សូមនៅជាសុខចុះ..។ សូមឲ្យប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសេចក្តីស្ងប់សុខ៕ សូមអនុមោទនាបុណ្យ..! ដោយ៥០០០ឆ្នាំ |