អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,៩៣៤ ដង)
ដំណោះស្រាយបញ្ហាប្តីប្រពន្ធ

|
រឿងប្តីប្រពន្ធ ជារឿងធម្មតារបស់អ្នកគ្រប់គ្រងផ្ទះ ។ ព្រះអរិយបុគ្គល ២ ពួក គឺព្រះសោតាបន្ន និងព្រះសកទាគាមីដែលមិនបានបួស ក៏នៅគ្រប់គ្រងផ្ទះដែរ ។ បើប្តីប្រពន្ធជាទូទៅ មានកល្យាណសីល និងកល្យាណធម៌ហើយ គ្រួសារនោះឯង ក៏រមែងមាននូវសេចក្តីសុខតាមលោកិយវិស័យ ។ ជាធម្មតារបស់បុថុជ្ជន តែងមានល្អផង មិនល្អផង ព្រោះហេតុដូច្នេះ ទើបមានការអាក់អន់ចិត្តនឹងគ្នា ឬប៉ះខ្ទប់គ្នាដូចអណ្តាតនិងធ្មេញ ។ ប្តីប្រពន្ធដែលនៅជាមួយគ្នា មានសេចក្តីសុខ ឬមានទុក្ខនោះ វាអាស្រ័យហេតុ គឺស្នេហ៍ និង ស្នៀត ។
-ស្នេហ៍ គឺជាជ័រស្អិតធ្វើឲ្យប្តីប្រពន្ធស្រឡាញ់ ដូចជាពាក្យពីរោះ ពាក្យពិត និយាយក្នុងរឿងដែលគួរនិយាយ ស្លៀកពាក់តែងខ្លួនស្អាតបាត រៀបរយជានិច្ច ព្យាយាមក្នុងការងារដែលជាតួនាទីរបស់ខ្លួនជាដើម ។ ជាប្តីប្រពន្ធត្រូវធ្វើការដាំស្ល បោកគក់ខោអាវ បោសផ្ទះសម្បែង សម្អាតបន្ទប់ មិនហួងហែងហួសហេតុ មិនមានចិត្តចង្អៀតពេក មិនទាស់ទែងជាមួយញាតិមិត្តរបស់ប្តី គោរពប្រណិប័តន៍ចំពោះឪពុកម្តាយក្មេក និងប្តីជានិច្ច ចេះក្រែងចិត្តអ្នកដទៃ ស្មោះត្រង់ចំពោះប្តី ដាច់ខាតគឺកុំលេងល្បែងស៊ីសង និងត្រូវចេះដឹងក្នុងការចាយវាយជាដើម ។ ជាប្តីវិញ ត្រូវព្យាយាមធ្វើការរកទ្រព្យសម្បត្តិ វៀរចាកគ្រឿងញៀន អបាយមុខសព្វគ្រប់ ធ្វើខ្លួនឲ្យជាប្តីល្អ និងជាឪពុកល្អ ស្មោះត្រង់ព្រមដោយក្តីអាណិតចំពោះភរិយាខ្លួនរហូត យ៉ាងនេះជាដើមដែរ ។ ប្តីប្រពន្ធ ត្រូវសិក្សាឲ្យយល់ដល់ចិត្តគ្នាទៅវិញទៅមក ហើយព្យាយាមថ្នមចិត្តគ្នា ជាមនុស្សយល់ហេតុផង កុំចេះតែតាមចិត្តរបស់ខ្លួន ជាពិសេសត្រូវចេះនឹករលឹកដល់គុណ គឺ សេចក្តីល្អរវាងគ្នានឹងគ្នា ។
![]() -ស្នៀត គឺជាល្បិចកិច្ចកល មាយាលាក់ពុត នាំឲ្យមាននូវអពមង្គល រហូតដល់ពេលជួបគ្នាមានតែជេរ ឬមុខក្រញូវ រអ៊ូរទាំដាក់គ្នា គេចមុខមិនចង់ជួបគ្នា មិនចង់ចូលផ្ទះ … ។ វិធីបដិបត្តិ ជាដំបូង ត្រូវសង្កេតពិនិត្យខ្លួនឯងជាមុនថា ហេតុដែលកើតឡើងនេះ កើតមកពីអ្វី ? អ្នកណាជាអ្នកបង្កឡើង ? បើឃើញថាមកពីយើង ក៏ត្រូវព្រមទទួលនិងប្រញាប់សម្រេចចិត្តកែខៃឲ្យបានទាន់ពេល ។ បើបញ្ហានោះ ទាក់ទងនឹងម្ខាងទៀត ក៏សូមឲ្យប្រឹក្សារកការដោះស្រាយ ម្នាក់ៗ ជាមនុស្ស គឺត្រូវតែជាអ្នកយល់ហេតុយល់ផល តែបើដោះស្រាយមិនបាន គឺអាចប្រឹក្សាជាមួយអ្នកចេះដឹងតទៅទៀត ។ ឧបសគ្គសំខាន់ ដែលធ្វើឲ្យប្តីប្រពន្ធបែកបាក់គ្នា ឬនៅជាមួយគ្នាមិនបានសុខ ក៏គឺទិដ្ឋិមានះ រឹងរូស ឃើញតែពីខ្លួនឯងពេករហូតដល់ខ្វះមេត្តា ខ្វះការប្រាថ្នាល្អដល់គ្នា ។ ម្យ៉ាងទៀត គឺការមិនចេះទទួលកំហុស ចេះទទួលត្រូវតែម្យ៉ាង ហើយច្រើនតែបន្ទោសអ្នកដទៃដែលខុសនោះមិនដា់ច់ពីមាត់ និយាយដដែលៗ បើខ្លួនឯងធ្វើខុសវិញមិនព្រមទទួលឡើយ ហើយបិទបាំងទៀតផង ។ ចំពោះបុថុជ្ជន ថាឲ្យធ្វើអ្វីមិនចេះខុសនោះគ្មានឡើយ លើកលែងតែមិនធ្វើអ្វីសោះ ឯការមិនធ្វើអ្វីសោះនោះ វាជាកំហុសមួយដោយឡែកផ្សេងទៀត ។វិស័យមនុស្សល្អ កាលបើធ្វើខុសហើយ រមែងទទួលកំហុស និងព្រមកែប្រែ មិនឲ្យខុសដដែលៗ ឡើយ ។ មនុស្សដែលធ្វើខុសហើយ មិនព្រមទទួលកំហុស ជាមនុស្សខូចសុខភាពផ្លូវចិត្ត នៅទីណា ជាមួយអ្នកណា ក៏ក្តៅក្រហាយទីនោះ ព្រោះបើមានកំហុសអ្វីមួយកើតឡើង ចេះតែបន្ទោសអ្នកដទៃប៉ុណ្ណោះ លុះដល់មានត្រូវ មានល្អវិញ ក៏ប្រញាប់ទទួលខ្លួនឯង មនុស្សប្រភេទនេះ មាននៅក្នុងគ្រួសារណា គ្រួសារនោះ រកសន្តិសុខបានដោយលំបាក ។ ព្រោះហេតុដូច្នោះ គូប្តីប្រពន្ធណាត្រូវការសេចក្តីសុខក្នុងការគ្រប់គ្រងផ្ទះរួមគ្នា ត្រូវបណ្តុះគុណធម៌ក្នុងការគ្រប់គ្រងផ្ទះ ឲ្យមានទៅវិញទៅមក យ៉ាងនេះ ជីវិតគូស្នេហ៍រមែងដើរទៅតាមផ្លូវ ដែលរោយទៅដោយត្របកផ្កាកុលាប ពោលគឺមង្គលជីវិតជាពិតប្រាកដហោង ។ គោលធម៌បដិបត្តិ ត្រូវបដិបត្តិគោលធម៌ ៣ គឺត្រូវមានសីល ៥ ព្រមដោយកល្យាណធម៌ ត្រូវវៀរចាកអបាយមុខ ៦ យ៉ាង និងត្រូវមាននូវឃរាវាសធម៌ ៤ យ៉ាង ។ ![]() ក្រុមទី ១ សីល ៥ ព្រមដោយកល្យាណធម៌ ក្រុមទី ១ ត្រូវហ្វឹកហាត់ឲ្យបាន ៖ ១. មិនសម្លាប់សត្វគ្រប់ជីវិតទាំងអស់ ហើយចម្រើននូវមេត្តាករុណាឲ្យដល់ព្រម ។ ២. មិនធ្វើចោរកម្មគ្រប់យ៉ាង ហើយដល់ព្រមដោយការចិញ្ចឹមជីវិតដោយប្រពៃ ។ ៣. មិនប្រព្រឹត្តខុសក្នុងកាម ដល់ព្រមដោយក្តីសន្តោស គឺព្រមល្មមចិត្តតែជាមួយនឹងគូគ្រងរបស់ខ្លួនប៉ុណ្ណោះ មាននូវកាមសំវរ គឺការសង្រួមក្នុងកាមគុណទាំងឡាយ ។ ៤. មិននិយាយកុហក ព្រមទាំងមាននូវសច្ចៈ ។ ៥.មិនបរិភោគទឹកស្រវឹងគ្រឿងញៀន អប់រំស្មារតីសេចក្តីមិនប្រមាទឲ្យដល់ព្រម ។ ក្រុមទី ២ អបាយមុខ ៦ យ៉ាង
ក្រុមទី ២ នេះ ត្រូវវៀរឲ្យបានជាដាច់ខាត ៖ ១. សេពគ្រឿងញៀនស្រវឹងបំផ្លាញស្មារតី ។ ២. ការប្រព្រឹត្តអនាចារក្នុងរឿងមេថុនធម្ម ។ ៣. លេងល្បែងភ្នាល់ ។ ៤. ដើរលេងមិនស្គាល់ពេលវេលា ។ ៥. សេពគប់មនុស្សអាក្រក់ជាមិត្ត ។ ៦. ខ្ជិលច្រអូសក្នុងការងារ ។ ក្រុមទី ៣ ឃរាវាសធម៌ ៤ យ៉ាង ក្រុមទី ៣ នេះ គួរឲ្យមានជាប្រចាំចិត្ត ៖ ១. សច្ចៈ ស្មោះត្រង់ពិតប្រាកដដល់គ្នា ។
២. ទមៈ ហ្នឹកហាត់ទូន្មានចិត្តរាល់ថ្ងៃ ។ ៣. ខន្តិ ចេះអត់ធន់ តស៊ូមិនខ្លាចលំបាក ។ ៤. ចាគៈ ចេះឲ្យទាន និងចេះលះបង់ ។ បើគ្រួសារណា ទាំងប្តី ទាំងប្រពន្ធបដិបត្តិបាននូវធម៌ ៣ ក្រុមនេះ គឺក្រុមទី ១ ហ្វឹកហាត់សម្រេចបាន ក្រុមទី ២ វៀរចាកបាន និងក្រុមទី ៣ កើតមានជាប្រចាំចិត្ត ជីវិតពិតជាមាននូវសេចក្តីសុខ តាមវិស័យរបស់បុថុជ្ជនដែលជាមនុស្សល្អ ។ សូមត្រួតត្រាពិនិត្យមើល តើអាត្មាអញបដិបត្តិមានការខ្វះខាតក្នុងធម៌៣ក្រុមនេះដែរឬទេ ឬក៏សង្កេតឃើញមានបញ្ហាចេញពីប្រភពផ្សេងទៀតដូចជា ៖ ![]() -ការរអ៊ូរទាំ និយាយច្រើន ចំណុចនេះដោយច្រើនគឺមាននៅលើស្ត្រីជាភរិយា ឬជាមាតា ចំណែកបុរសជាស្វាមី ឬជាបិតាក៏មានដែរ តែតិចតួចទេ ។ ដើមហេតុព្រោះមនុស្សក្នុងផ្ទះមិនរួមដៃជួយ អ្វីៗ ត្រូវធ្លាក់មករកតែម្នាក់ ទាំងការក្រៅ ការក្នុង ដោះស្រាយមិនចេញកើតរោគសរសៃប្រសាទ ។ ដំណោះស្រាយ ទាំងម៉ែទាំងឪទាំងកូន ត្រូវរួមដៃគ្នា អ្វីគួរជួយបានធ្វើបាន ក៏ជួយទៅធ្វើទៅ ។ មេផ្ទះដែលឆ្លាត មិនត្រូវចងការងារក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗ ធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនកូនៗ ឲ្យចេះដឹង ហើយឲ្យកូនធ្វើនូវកិច្ចការនោះជំនួសខ្លួន ។ គ្រប់គ្នាត្រូវយល់ដឹងថា ការងារអ្វីក៏ដោយ បើយើងធ្វើទៅហើយមានផលឲ្យបានសុខទាំងអស់គ្នា ការងារនោះយើងត្រូវរីករាយនឹងធ្វើ ព្រោះជាបុណ្យក្នុងជីវិតប្រចាំថ្ងៃ ។ -ការធ្វើអ្វីស្រេចតែចិត្តខ្លួនឯង ចំណុចនេះ គឺចូលចិត្តធ្វើអ្វីផ្តាច់ការ មិនប្រឹក្សាគ្នាជាមុន ។ ប្តីប្រពន្ធ ទោះបីថាមានរូបរាងផ្សេងគ្នាតែគួរមានបេះដូងជាមួយគ្នាទើបក្នុងផ្ទះមានសន្តិសុខ។ ប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗ ស្រេចតែចិត្តចង់ កុំអាងខ្លួនឯងឲ្យជ្រុល ពិតមែនតែមិនបានធ្វើឲ្យគ្រួសារបែកបាក់គ្នា តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្ត ។ ដំណោះស្រាយ ត្រូវគ្រប់គ្រងចំណង់ មុនធ្វើឬនិយាយ ត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ច ត្រូវចេះក្រែងចិត្ត ក្រែងរឿង អ្វីដែលរង្កៀសហើយត្រូវកុំធ្វើកុំនិយាយ ត្រូវលះទិដ្ឋិមានះ និងឧបានទានចេញពីចិត្ត ដោយយកហេតុផល និងភាពត្រឹមត្រូវជាគោលបដិបត្តិ ។ ( មេរៀនជីវិត ) ដោយ៥០០០ឆ្នាំ |