អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២០៤៤១ ដង)
កុំបង្រៀនកូនឲ្យខ្ជិលនិងខូច

|
ឪពុកម្ដាយខ្លះមិនដឹងខ្លួនថា ខ្លួនជាអ្នកបង្រៀនកូនឲ្យខ្ជិលទេ តែត្រឡប់ជាបន្ទោសកូនទៅវិញថា វាខ្ជិលខ្លាំងណាស់ ។ ឪពុកម្ដាយត្រូវដឹងថា កាលកូនអាយុបាន៥ឆ្នាំ ទៅ ៨ ឆ្នាំ កូនអាចធ្វើការងារបានខ្លះដូចជា លាងចាន បោសផ្ទះ ជូតឥដ្ឋ ជូតឡាន ឬ ម៉ូតូ កង់ ជាដើម ការងារនេះសុទ្ធតែជាការងារដែលកូននៅតូចតែអាចធ្វើបាន។
យើងត្រូវចេះប្រើកូនឲ្យធ្វើមិនត្រូវឲ្យកូនជាប់និស្ស័យខ្ជិលទេជួនកាលយើងគិតថាអាណិតកូន តែយើងត្រូវដឹងថា ពេលនោះកំពុងបង្រៀនកូនឲ្យខ្ជិលហើយ មិនមែនជាការអាណិតកូនទេ។ ដូចកូនលេងរបស់វាដាក់ចោលយើងទៅរើសមក ឬ ប្រើអ្នកដទៃឲ្យរើសជំនួសមានអ្នកបម្រើជាដើម នេះសុទ្ធតែបង្រៀនកូនឲ្យខ្ជិលដែរ ។ ថ្ងៃក្រោយកូនអាងអ្នកដទៃរើសយកទុកឲ្យ កូនមិនខ្ចីរើសយកទុករហូតអាចជាអ្នកខ្ជិលច្រអូស ។ ដូចជាពេលលាងចាន គួរប្រើកូនឲ្យលាងមិនត្រូវឲ្យកូនទៅមើលទូរទស្សន៍ ស្ដាប់មាញ៉េ ឬដើរលេងទេ ។ បើយើងធ្វើខ្លួនឯងវាជាការបង្រៀនកូនឲ្យខ្ជិល កូននៅក្មេងពី ៥ ឆ្នាំ ទៅ ១៦ ឆ្នាំ កូននៅស្ដាប់តាមបង្គប់អាចបង្រៀនកូនឲ្យឧស្សាហ៍ព្យាយាមបាន។ ពេលរៀនសូត្រ ត្រូវឲ្យកូនរៀនបានទៀងទាត់នូវមេរៀន ដែលកូនយកមកពីសាលា ឬត្រូវមើលមេរៀន សម្រាប់ ថ្ងៃស្អែកទៀត។ មិនត្រូវឲ្យកូនមើលទូរទស្សន៍ក្នុងពេលកំពុងរៀននោះទេ តែគួរចែកការមើលឲ្យបានដល់កូន មិនមែនហាមដាច់ខាតមិនឲ្យ កូនមើលនោះទេ តែត្រូវមើលឲ្យមានរបៀប។ ពេលព្រឹកគួរដាស់កូនឲ្យក្រោកពីម៉ោង ៥ ហើយឲ្យកូនរៀនហាត់ប្រាណពត់ខ្លួន ឲ្យសរសៃនិងឈាមដើរបានស្រួល បើធ្វើយ៉ាងនេះ ជាការបង្រៀនកូនមិនទ្រមក់។ បន្ទាប់មកឲ្យកូនដុសធ្មេញនឹងច្រាសទន់ល្អ កុំឲ្យខូចធ្មេញកូន និងងូតទឹកស្លៀកពាក់ខោអាវទទួលទានអាហារពេលព្រឹកហើយទៅសាលារៀនទាន់ពេលវេលា។ បើកកូនក្រោកពេលម៉ោង ៦ ទម្រាំដុសធ្មេញ ងូតទឹកស្លៀកពាក់ ទទួលទានអាហារធ្វើឲ្យកូនទៅសាលាទាំងតក់ក្រហល់ភ្លេចមុខ ភ្លេចក្រោយ នាំឲ្យមានបញ្ញាស្មារតីមិនល្អ។ ព្រោះហេតុនោះ ត្រូវបង្រៀនកូនឲ្យធ្លាប់ក្រោកពីព្រឹកតាំងពីនៅតូច ជាប់និស្ស័យដល់ធំឡើង មិនហត់នឿយការទូន្មាន។ កាលកូនមកពីសាលាភ្លាម មិនត្រូវឲ្យកូនញ៉ាំបាយទាំងតក់ក្រហល់ទេ ត្រូវដោះសម្លៀកបំពាក់រៀនចេញហើយឲ្យកូនលាងដៃឲ្យស្អាតឬងូតទឹកចេញ ត្រូវមានសាប៊ូសម្រាប់ដុសលាងដៃ ដុសខ្លួនឲ្យស្អាត សម្រាកបន្តិចទើបឲ្យញ៉ាំ ត្រូវឲ្យកូនមានអនាម័យ ដើម្បីថែរក្សាសុខភាពឲ្យរឹងមាំល្អ។ ការងារទាំងនេះ បើយើងមិនប្រាប់ មិនបង្គាប់បញ្ជាទេ កូននៅតូចវាមិនដឹងឡើយ។ យើងកុំចាំឲ្យកូនចេះខ្លួនឯងឡើយ យើងត្រូវដឹងថា កូននៅតូចធ្វើអ្វីទៅតាមឪពុកម្ដាយជាអ្នកបង្គាប់បញ្ជា បើយើងចេះតែបណ្ដែតបណ្ដោយទៅ កូនអាចទៅជាមនុស្សខ្ជិលមិនខាន ទាំងអស់នេះយើងត្រូវដឹងថា វាជាភារៈរបស់យើងជាឪពុកម្ដាយតែម្យ៉ាង ដែលយើងជាគ្រូបាអាចារ្យខាងដើមរបស់កូន។ កូនអាចទៅជាមនុស្សឧស្សាហ៍មានព្យាយាមគ្រប់ពេលវាលា ក៏ដោយសារយើងជាឪពុកម្ដាយព្រោះហេតុនោះ កាលកូនយើងរៀនក្នុងថ្នាក់ជាប់លេខ១ យើងត្រូវឲ្យរង្វាន់ដល់កូន ដើម្បីឲ្យកូនមានទឹកចិត្តព្យាយាមរៀនសូត្រ មិនខ្ជិលច្រអូស រហូតអាចជាទីពឹងរបស់យើងទៅក្នុងអនាគត។ កាលជីដូនជីតាមកផ្ទះឬញាតិមិត្ត ភ្ញៀវមកត្រូវឲ្យកូនចេះជំរាបសួរ លើកដៃសំពះ ទៅយកទឹកមកជូន ហើយជៀសចេញទៅអង្គុយឆ្ងាយ មិនត្រូវឲ្យមកអង្គុយនិយាយចរចានាំភ្ញៀវធុញទេ។ ត្រូវបង្រៀនឲ្យចេះនិយាយតិចៗ ឲ្យចេះថែរក្សាភាពស្ងប់ស្ងៀម មិនត្រូវឲ្យប្រលែងគ្នានៅមុខភ្ញៀវឡើយនេះសុទ្ធតែជាដំបូន្មានត្រូវទូន្មានកូនទាំងអស់ មិនត្រូវឲ្យកូនចេះដោយខ្លួនឯងនោះទេ។ យើងជាឪពុកម្ដាយត្រូវបង្រៀនកូនឲ្យចេះ ដើម្បីថែរក្សាពូជពង្សវង្សត្រូកូលឲ្យបានល្អ ។ ម្យ៉ាងទៀត សូមកុំបង្រៀនកូនឲ្យខូចឲ្យសោះ ដូចជាកាលកូននៅតូច បង្រៀនកូនឲ្យចេះជេ ឪពុកម្ដាយទៅវិញទៅមក ពេលកូនចេះជេនាំគ្នាសើចរអឹកថា កូនឆ្លាត តែខ្លួនមិនដឹងថា បង្រៀនកូនឲ្យខូចទេ រហូតដល់កូនជាប់និស្ស័យពូកែជេរអ្នកដទៃ។ ពេលកូនចេះជេរខ្លួនថា កូនរៀនពីណាចេះជេ តាមពិតខ្លួនជាអ្នកបង្រៀន ហើយត្រូវបន្ទោសកូន នេះជាកំហុសរបស់យើង ដោយយើងមិនដឹងខ្លួន។ កាលកូននៅតូចមានដៃជើងទៅលួចរបស់គេ ដូចផ្លែឈើជាដើម យើងមិនហាមឃាត់កូនទេ ថែមទាំងសប្បយាជាមួយកូនទៀត រហូតកូនក្លាយជាអ្នកពូកែលួចមានឈ្មោះថា ចោរ ធ្វើឲ្យយើងអ័ព្ទមុខកិត្តិយស នេះដោយសារយើងជាអ្នកបង្រៀនឲ្យកូនខូច។ កាលបណ្ដោយចិត្តកូនខ្លាំងពេក ធ្វើឲ្យពួកគេភ្លេចរាល់ទង្វើដែលគេបានធ្វើ នឹងភាពប្រមាទចំពោះកិច្ចការដែលកូនបានធ្វើតាំងពីតូច ធ្វើឲ្យជាទម្លាប់មួយដោយទម្រើសចិត្តកូននឹងមានភាពរឹងរួស មិនយល់ពីចិត្តអ្នកដទៃរហូតដល់ធំពេញវ័យនៅតែមានភាពមិនចុះសម្រុងជាមួយអ្នកដទៃ ដោយសារតែឪពុកម្ដាយ មិនបានយកចិត្តទុកដាក់ចំពោះភាពទម្រើសកូន និងភាពស្រលាញ់កូនខ្លាំងពេក ដោយមានមោហៈមកបិទបាំងមិនយល់ភាពខុសឆ្គងនៃកូនរបស់ខ្លួន បែរជាទៅចោទអ្នកដទៃថា មកនាំកូនរបស់ខ្លួនខូចទៅវិញ។ ភាពទម្រើសនិងការទម្រុនចិត្តកូនបែបនេះហើយ ទើបធ្វើឲ្យកូនរបស់ខ្លួនប្រែក្លាយទៅជាមនុស្សពាល គ្មានសីលធម៌ គ្មានការពិចារណាខ្ពង់ខ្ពស់នឹងប្រកបដោយទោសៈគឺការខឹងនេះឯង ដែលជាហេតុនាំឲ្យមានអំពើវាយដំ ទាត់ធាក់ ធ្វើឲ្យគ្មានសេចក្ដីសុខក្នុងរង្វង់គ្រួសារ។ ដោយការមិនស្ដាប់បង្គាប់នោះឯង បណ្ដាលឲ្យគ្រួសារទាំងមូល មានការមិនសប្បាយចិត្ត លំបាកក្នុងចិត្តជាពិសេសនោះ គឺឪពុកម្ដាយតែម្ដង ដែលជាអ្នកព្រួយចិត្តយ៉ាងខ្លាំង ហើយអាចធ្វើឲ្យមានជម្ងឺមកយាយីរាងកាយ ខូចសុខភាពនឹងធ្វើឲ្យបាត់នូវផលប្រយោជន៍មួយចំនួនដូចជា ការព្យាបាលជម្ងឺ ឬ សងនូវសំណងអន្តរាយដែលបណ្ដាលមកពីកូនខូច។ ធម្មតាឪពុកម្ដាយ តែងតែដឹងនូវចំណង់ចំណូលចិត្តរបស់កូនខ្លួណ គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ ទៅតាមការសង្កេតពិនិត្យហើយបន្ថែមពីនេះ យើងអាចដឹងនូវអត្តចរិតរបស់កូនបង្កើតទៀតផង រួមទាំងការបង្រៀនផ្សេងៗ ដើម្បីឲ្យកូនមានចំណេះចេះដឹងក្នុងការងារជីវិតប្រចាំថ្ងៃ។ ប៉ុន្តែការដឹងអំពីចិត្តរបស់របស់កូនគឺមានលក្ខណៈផ្សេងៗ ទៅតាមឪពុកម្ដាយ ដូចជាមានឪពុកម្ដាយខ្លះបានបង្ហាញអាកប្បកិរិយា ឲ្យកូនរបស់ខ្លួនដឹងថា ឪពុកម្ដាយពិតជាស្រលាញ់កូន ទោះជាកូនចង់បានអ្វីក៏រកមកឲ្យទាល់តែបាន ចំណែកឪពុកម្ដាយខ្លះទៀត មិនបានបង្ហាញនូវអាកប្បកិរិយាឲ្យកូនរបស់ខ្លួនបានដឹងទេ តែខ្លួនពិតជាស្រលាញ់កូនខ្លាំងជាអ្នកដទៃមែន។ ដោយសារតែឪពុកម្ដាយខ្លះគិតថាការបង្ហាញទឹកចិត្តឲ្យកូនរបស់ខ្លួនបានដឹងនោះ ប្រាកដជាកូននោះ ប្រមាថមើលងាយជាមិនខាន ហេតុនេះហើយ ទើបឪពុកម្ដាយទាំងនោះបានលាក់បាំងចិត្តដ៏ទន់ភ្លន់ ប្រកបដោយក្ដីស្រឡាញ់ ចិត្តមេត្តា អាណិតអាសូរ ដល់កូននៅតែក្នុងចិត្ត កប់ក្នុងហឬទ័យ ទោះជាពេលខ្លះបាន បញ្ចេញនូវអាកប្បកិរិយាមិនស្រលាញ់ក៏ដោយ តែព្រោះព្រោះចង់ឲ្យកូនរបស់ខ្លួនបានល្អ ដើម្បីឲ្យកូនចេះកែប្រែរាល់ទង្វើដែលមិនសមរម្យ។ ផ្ទុយទៅវិញ កូនខ្លះបែរជាមិនយល់ពីបំណងដ៏ល្អរបស់ឪពុកម្ដាយ ហើយបន្ថែមនូវសេចក្ដីលំបាកនោះមកដល់ឪពុកម្ដាយ។ កូននោះចេះតែថា ឪពុកម្ដាយមិនស្រលាញ់ខ្លួន មិនយកចិត្ត ទុកដាក់លើខ្លួន ចចេសចចើងមិនគោរពឪពុកម្ដាយ ជាអ្នកមានគុណលើខ្លួន ពេលខ្លះកូនទាំងនោះ ភ្លេចថា អ្នកដែលបង្កើតខ្លួនជាអ្នកណា បែរជាលើកតម្កើនអ្នកដទៃជាងឪពុកម្ដាយខ្លួន។ ឪពុកម្ដាយគ្រប់រូបសុទ្ធតែមានព្រហ្មវិហារធម៍ ៤ យ៉ាងគឺ៖ ១- មេត្តា សេចក្ដីប្រាថ្នាចង់ឲ្យគេបានសុខ ២- ករុណា សេចក្ដីអាណិតគិតនឹងជួយឲ្យគេរួចចាកទុក្ខ ៣- មុទិតា សេចក្ដីត្រេកអរតាមក្នុងវេលាដែលគេបានល្អ ៤- ឧបេក្ខា សេចក្ដីតាំងចិត្តជាកណ្ដាល មិនសោមនស្ស មិនទោមនស្សក្នុងវេលា ដែលគេបានសេចក្ដីសុខ និង វិបត្តិ ដោយសារតែឪពុកម្ដាយ មានព្រហ្មវិហារធម៌បែបនេះហើយទើបបានជា មិនមានអ្វីមកផ្ទឹមនឹងគុណដ៏ធំធេងបាន។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |
Thai drama, Chinese drama, Korean drama, Khmer dubbed movies 7Khmer, Merl7, Phum khmer, Khmer chinese movie and Indian drama are so popular movies series on Television and around the world. Some drama series play up to 3 months or a year period on free TV. it is also popular in Khmer society and was dubbed for broadcasting on Khmer TV and all internet networks such as Phumikhmer, Video4Khmer, 7Khmer, Khmer drama and Phum komsan ect.