សេចក្តីអំពាវនាវ
ស្ថានីយវិទ្យុផ្សាយសំឡេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM106.25Mhz ជាវិទ្យុមានលក្ខណៈកម្មសិទ្ធសហគមន៍ពុទ្ធបរិស័ទត្រូវបានសាងសង់ឡើង និងបើកដំណើរការផ្សព្វផ្សាយព្រះធម៌ ក្រោមព្រះតម្រិះដឹកនាំរបស់ ព្រះមហាវិមលធម្ម ពិន-សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ និងឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។
|
វិទ្យុព្រះពុទ្ធសាសនា ធ្វើការផ្សព្វផ្សាយផ្តោតសំខាន់ទាំងស្រុងទៅលើព្រះធម៌ព្រះពុទ្ធសាសនា ដើម្បីចូលរួមអប់រំលើកកំពស់ភាពសុខសាន្តនៃសង្គមជាតិ ដោយលើកយកឱវាទព្រះសម្មាសម្ពុទ្ធ ធ្វើជាត្រីវិស័យសម្រាប់ផ្សព្វផ្សាយ ដើម្បីជាជំនួយចំពោះប្រជាពលរដ្ឋខ្មែរ មានភាពថ្លៃថ្នូរ ផ្នែកចរិយាសម្បត្តិ ចិត្តគំនិត ឲ្យមានសម្មាទិដ្ឋិក្នុងការអភិវឌ្ឍន៍ជីវិតប្រចាំថ្ងៃ ។
វិទ្យុព្រះពុទ្ធសាសនា ជាវិទ្យុមិនធ្វើអាជីវកម្ម ដោយការផ្សាយពាណិជ្ជកម្ម ដើម្បីប្រកបមុខរបរ រកប្រាក់ចំណេញ បម្រើផលប្រយោជន៍បុគ្គលណាមួយនោះទេ ។ ដំណើរការផ្សាយតាំងតែពីថ្ងៃព្រហស្បត្តិ៍ ១១រោច ខែចែត្រ ឆ្នាំជូត ព.ស.២៥៥១ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០០៨ ។ នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ វិទ្យុយើងទាំងអស់គ្នានឹងគម្រប់ខួប៦ឆ្នាំ ។
ដូចប្រគេន ជម្រាបជូនខាងលើ វិទ្យុផ្សាយសម្លេងព្រះពុទ្ធសាសនាកម្ពុជរដ្ឋ សូមធ្វើសេចក្តីអំពាវនាវ ចំពោះព្រះតេជព្រះគុណ សម្តេចទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ពុទ្ធបរិស័ទ សប្បុរសជន មេត្តាជួយឧបត្តម្ភ តាមសទ្ធាជ្រះថ្លា ដើម្បីវិទ្យុយើងទាំងអស់គ្នា មានលទ្ធភាពជាវម៉ាស៊ីនថ្មី និងចំណាយទៅលើការជួសជុល គ្រឿងម៉ាស៊ីនចាស់ ដែលរងការខូចខាត យ៉ាងធ្ងន់ជាទីបំផុត នាពេលកន្លងមក ដែលធ្វើឲ្យវិទ្យុយើង ពុំអាចផ្សាយព្រះធម៌បាន អស់រយៈជាច្រើនថ្ងៃ ។
វិទ្យុយើងទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា ពុទ្ធបរិស័ទ នឹងចូលរួមទ្រទ្រង់វិទ្យុយើងទាំងអស់គ្នា អស់កាលដ៏យូរអង្វែង ប្រកបដោយឧត្តមគតិ និងសោមនស្សរីករាយ ។
ស្តាប់វិទ្យុព្រះពុទ្ធសាសនាកម្ពុជរដ្ឋ FM106.25Mhz (ផ្សាយចេញពីក្រុងសៀមរាប)
ដោយ៥០០០ឆ្នាំ
|