30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៥,២៩៩
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤១៥,០១៩
សរុប ៣៨៣,៧០១,៧១២
អានអត្ថបទ
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៣ (អាន: ១២,៤៣២ ដង)

សុប្បារកជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបញ្ញាបារមី បានត្រាស់ព្រះធម្ម​ទេសនានេះ មានពាក្យថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះជាដើម ។

ក្នុងសាយណ្ហសម័យថ្ងៃមួយ កាលភិក្ខុទាំងឡាយអង្គុយ រងចាំការចេញយាងមក ដើម្បីនឹងសម្ដែងធម៌របស់ព្រះតថាគត ក្នុងធម្មសភា បានពោលសរសើរមហាបញ្ញាបារមីរបស់ព្រះទសពលថា ម្នាលអាវុសោ អស្ចារ្យណាស់ ព្រះសាស្ដាមានមហាបញ្ញា (បញ្ញាច្រើន) មានបុថុបញ្ញា (បញ្ញាក្រាស់) មាន​ហាសបញ្ញា (បញ្ញាផូរផង់) មានជវនបញ្ញា (បញ្ញារហ័ស) មានតិក្ខបញ្ញា (បញ្ញាមុតស្រួច) មាននិព្វេធិក​បញ្ញា (បញ្ញាវាងវៃ) ដល់ព្រមដោយបញ្ញាជាឧបាយក្នុងបញ្ហានោះៗ ក្រាស់ស្មើដូចផែនដី ជ្រៅដូចមហាសមុទ្រ ធំដូចអាកាស បញ្ហាដែលតាំងឡើងសូម្បីក្នុងជម្ពូទ្វីបទាំងមូល ដែលឈ្មោះថា អាចនឹងកន្លងព្រះទសពល រមែងមិនមានឡើយ ។

រលកទាំងឡាយរមែងមិនកន្លងនូវច្រាំងក្នុងមហាសមុទ្រ កាលដល់ច្រាំងហើយតែងបែកខ្ចាយ យ៉ាង​ណា បញ្ហាយ៉ាងណាមួយ រមែងមិនកន្លងនូវព្រះទសពល កាលដល់បាទមូលរបស់ព្រះសាស្ដាហើយ តែង​បែកទៅ ក៏យ៉ាងនោះដែរ ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញ​នេះ តើអ្នកទាំងឡាយអង្គុយប្រជុំគ្នាដោយរឿងអ្វី កាលពួកភិក្ខុទូលថា ដោយរឿងឈ្មោះនេះ ព្រះ​អង្គ​ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ ដែលតថាគតជាអ្នកមានបញ្ញានោះ ​សូម្បីក្នុងកាលមុន ពេលដែលមិនទាន់មានញាណចាស់ក្លា តថាគតក៏ជាអ្នកមានបញ្ញាដែរ សូម្បីតែតថាគតជាមនុស្សងងឹត ក៏អាចដឹងថា រតនៈឈ្មោះនេះ មានក្នុងសមុទ្រឈ្មោះនេះ ត្រង់កន្លែងនេះៗ ដោយការសម្គាល់នូវទឹកក្នុងមហាសមុទ្រ ដូច្នេះហើយ ទ្រង់ក៏នាំអតីតនិទានមកថាៈ

ក្នុងអតីតកាល ព្រះរាជាព្រះនាមកុរុ សោយរាជសម្បត្តិក្នុងដែនកុរុ  ហើយមានស្រុកដែលជាកំពង់ទូកមួយ ឈ្មោះ កុរុកច្ឆៈ ក្នុងដែនកុរុនោះ ។ ក្នុងគ្រានោះ ព្រះពោធិសត្វបានកើតជាបុត្ររបស់ប្រធាននិយា​មកៈ (អ្នកកាន់ចង្កូតទូក) លោកមានពណ៌សម្បុរដូចមាស គួរជាទីជ្រះថ្លា មាតាបិតាទើបដាក់ឈ្មោះឲ្យ​ថា សុប្បារកកុមារ ។ សុប្បារកកុមារនោះចម្រើនទៅដោយបរិវារដ៏ច្រើន ក្នុងពេលដែលលោកមានអាយុត្រឹ​ម​តែ ១៦ ឆ្នាំ ក៏បានសម្រេចនូវនិយាមកវិជ្ជា (វិជ្ជាបើកបរនាវា) ។

ក្នុងកាលដែលបិតាកន្លងផុតទៅ លោកបានជាប្រធាននិយាមកៈ ហើយធ្វើនិយាមកកម្ម (ការបើកបរនាវា) លោកជាបណ្ឌិតដល់ព្រមដោយបញ្ញា ។ ព្រោះហេតុនោះ ឈ្មោះថាវិបត្តិរបស់អ្នកដែលឡើងទូក ទើបមិនមាន ។ ក្នុងកាលខាងក្រោយមក ភ្នែកទាំង ២ របស់លោកត្រូវទឹកប្រៃប្រហារ ក៏វិនាសទៅ ។ ចាប់តាំងពីពេលនោះមក ព្រះពោធិសត្វមិនបានធ្វើនិយាមកកម្មទៀតឡើយ លោកគ្រាន់តែជាប្រធាននិយាមកៈប៉ុណ្ណោះ ហើយបានចូលគាល់ព្រះរាជាថា ខ្ញុំព្រះអង្គនឹងរស់នៅដោយអាស្រ័យព្រះអង្គ ។

លំដាប់នោះ ព្រះរាជាតាំងទុកព្រះពោធិសត្វនោះក្នុងការងារជាអ្នកវាយតម្លៃ ។ ចាប់តាំងពីពេលនោះមក លោកក៏បានវាយតម្លៃហត្ថិរតន៍ អស្សរតន៍ កែវមុក្ដា កែវមណីជាដើមរបស់ព្រះរាជា ។

ថ្ងៃមួយ មនុស្សទាំងឡាយនាំដំរីមួយ ដែលមានសម្បុរដូចដុំថ្មខ្មៅ ដោយគិតថា នឹងធ្វើជាដំរីមង្គលរបស់ព្រះរាជា ។ ព្រះរាជាទតមើលដំរីនោះហើយ ត្រាស់ថា អ្នកទាំងឡាយចូរឲ្យលោកបណ្ឌិតពិនិត្យចុះ ។

លំដាប់នោះ ពួកមនុស្សទាំងនោះ ក៏បាននាំទៅកាន់សម្នាក់ព្រះពោធិសត្វ ។ សុប្បារកបណ្ឌិតបានស្ទាបអង្អែលសរីរៈរបស់ដំរីនោះដោយដៃ ហើយពោលថា ដំរីនេះមិនសមគួរនឹងជាមង្គលហត្ថីឡើយ ជើងទាំងឡាយនោះខ្លី ព្រោះថា កាលដែលដំរីនេះកើតមក មាតារបស់វាមិនអាចនឹងទទួលដោយចង្កេះ ព្រោះហេតុនោះ កាលជើងវាធ្លាក់ចុះលើផែនដី ជើងខាងក្រោយរបស់វាទើបខ្លី ។ មនុស្សទាំងឡាយបានសួរអ្នកនាំដំរីមក ។ អ្នកនាំដំរីនោះពោលថា លោកបណ្ឌិតពោលពិតហើយ ។ ព្រះរាជាបានស្ដាប់ហេតុនោះហើយ ទ្រង់មានព្រះទ័យត្រេកអរ ហើយប្រទាន ៨ កហាបណៈដល់ព្រះពោធិសត្វ ។                    
ថ្ងៃស្អែកឡើង មនុស្សទាំងឡាយបាននាំសេះមួយ មកដោយគិតថា សេះនេះនឹងជាសេះមង្គលរបស់ព្រះរាជា ។ ព្រះរាជាបានបញ្ជូនសូម្បីនូវសេះនោះ ទៅកាន់សម្នាក់របស់បណ្ឌិត ។ ព្រះពោធិសត្វក៏បានស្ទាបអង្អែលសូម្បីនូវសេះនោះ ហើយពោលថា សេះនេះមិនប្រកបដើម្បីនឹងជាសេះមង្គលបានឡើយ ព្រោះថា មាតារបស់សេះនេះបានស្លាប់ក្នុងថ្ងៃដែលសេះនេះកើត ព្រោះហេតុនោះ កាលមិនបានទឹកដោះស្រស់របស់មាតា សេះនេះទើបធំធាត់មិនល្អ ។ ពួកមនុស្សដែលនាំសេះនោះមកពោលថា ពាក្យរបស់បណ្ឌិតនោះ ពិតហើយ ។

ព្រះរាជាបានស្ដាប់ពាក្យនោះហើយ ទ្រង់ត្រេកអរ បានឲ្យគេប្រទាន ៨ កហាបណៈ ។ ថ្ងៃមួយទៀត មនុស្សទាំងឡាយបាននាំរថមកដោយគិតថា នឹងធ្វើជាមង្គលរថរបស់ព្រះរាជា ។ ព្រះរាជាបញ្ជូនរថនោះ ទៅកាន់សម្នាក់ព្រះពោធិសត្វ ។ ព្រះពោធិសត្វស្ទាបអង្អែលរថនោះដោយដៃ ហើយពោលថា រថនេះធ្វើដោយឈើប្រហោង ព្រោះហេតុនោះ ទើបមិនសមគួរដល់ព្រះរាជាឡើយ ។ ពួកមនុស្សដែលនាំរថនោះ ពោលថា ពាក្យរបស់លោកបណ្ឌិត ពិតហើយ ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ លំដាប់នោះ មានគេនាំសំពត់កម្ពល ដែលមានតម្លៃថ្លៃមក ។

ព្រះរាជាក៏បានបញ្ជូនសំពត់កម្ពលនោះ ឲ្យដល់ព្រះពោធិសត្វ ។  ព្រះពោធិសត្វស្ទាបអង្អែលសំពត់កម្ពលនោះដោយដៃ ហើយពោលថា សំពត់កម្ពលនេះមានប្រហោងមួយដែលត្រូវកណ្ដុរកាត់ ។

មនុស្សទាំងនោះកាលជម្រះបានឃើញប្រហោងនោះទើបក្រាបទូលព្រះរាជា ។ ព្រះរាជាស្ដាប់រឿងនោះហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។ 

ព្រះពោធិសត្វគិតថា ព្រះរាជានេះបានឃើញភាពអស្ចារ្យទាំងឡាយ សូម្បីដែលមានសភាពយ៉ាងនេះហើយ ឲ្យគេប្រទានទ្រព្យតែ ៨ កហាបណៈប៉ុណ្ណោះ រង្វាន់នេះជារង្វាន់សម្រាប់ជាងកំណោរ (អ្នកកោរកាត់) កំណើតជាងកោរកាត់នឹងមានដល់យើង ដោយការបម្រើព្រះរាជាយ៉ាងនេះឬ យើងនឹងទៅកាន់លំនៅរបស់ខ្លួនវិញ ។

សុប្បារកបណ្ឌិតបានត្រឡប់ទៅកំពង់កុរុកច្ឆៈនោះវិញ ។ កាលព្រះពោធិសត្វនៅក្នុងទីនោះ ពួកពាណិជបានរៀបចំនាវាហើយប្រឹក្សាគ្នាថា យើងនឹងធ្វើអ្នកណាឲ្យជានិយាមកៈ ទើបមូលមតិគ្នាថា នាវាដែលសុប្បារកបណ្ឌិតឡើងជិះហើយ រមែងមិនលិច លោកគឺជាបណ្ឌិត ជាអ្នកឈ្លាសក្នុងឧបាយ សូម្បីលោកជាមនុស្សខ្វាក់ សុប្បារកបណ្ឌិតប៉ុណ្ណោះដែលប្រសើរ ដូច្នេះហើយ ទើបចូលទៅរកព្រះពោធិសត្វ ហើយពោលថា សូមលោកជានិយាមកៈរបស់ពួកខ្ញុំ កាលព្រះពោធិសត្វពោលថា នែអ្នកទាំងឡាយ យើងជាមនុស្សខ្វាក់ នឹងធ្វើការបើកបរ ដូចម្ដេចបាន ពួកពាណិជពោលថា បពិត្រលោកម្ចាស់ លោកសូម្បីជាមនុស្សខ្វាក់ ក៏ប្រសើរជាងពួកខ្ញុំ ដូច្នេះហើយកាលពួកពាណិជនោះសូមអង្វររឿយៗ ទើបទទួលថា ល្អហើយអ្នកទាំងឡាយ យើងនឹងជានិយាមកៈរបស់ពួកលោក ដោយសញ្ញាដែលពួកលោកប្រាប់ចុះ រួចទើបឡើងនាវារបស់ពាណិជទាំងនោះ ។

ពួកពាណិជបើកបរនាវាទៅកាន់មហាសមុទ្រ ។ នាវាទៅដោយមិនមានឧបទ្ទវៈអស់ ៧ ថ្ងៃ បន្ទាប់ពីនោះ ខ្យល់មិនមែនរដូវកាលបានកើតឡើង នាវាក៏ត្រាច់ទៅលើខ្នងសមុទ្រធម្មតាអស់ ៤ ខែ ទើបដល់សមុទ្រឈ្មោះ ខុរមាលី ។ ក្នុងសមុទ្រនោះ មានហ្វូងត្រីដែលមានសរីរៈដូចមនុស្ស មានច្រមុះស្រួច (ប្រហែលជាទេពមច្ឆា) ធ្វើការផុសឡើង មុជចុះ ក្នុងទឹក ។

ពួកពាណិជឃើញហ្វូងត្រីនោះហើយ កាលសួរនូវឈ្មោះសមុទ្រនោះនឹងព្រះមហាសត្វ ទើបពោលគាថាទី ១ ថា        
           
ឧម្មុជ្ជន្តិ និមុជ្ជន្តិ,             មនុស្សា ខុរនាសិកា;
សុប្បារកំ តំ បុច្ឆាម,         សមុទ្ទោ កតមោ អយំ។

មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោកឈ្មោះសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

ព្រះមហាសត្វត្រូវពួកពាណិជទាំងនោះសួរហើយ បានប្រៀបធៀបដោយតម្រាអ្នកនាំផ្លូវ រួចទើបពោលគាថាទី ២ ថា  

កុរុកច្ឆា បយាតានំ,         វាណិជានំ ធនេសិនំ;
នាវាយ វិប្បនដ្ឋាយ,         ខុរមាលីតិ វុច្ចតិ។

កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វងរកទ្រព្យចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ខុរមាលី ។

បណ្ដាបទទាំងនោះ បទថា បយាតានំ  សេចក្ដីថា កាលចេញពីកំពង់កុរុកច្ឆៈហើយទៅ ។ បទថា ធនេសិនំ សេចក្ដីថា ពួកពាណិជអ្នកសែ្វងរកទ្រព្យ ។ បទថា នាវាយ វិប្បនដ្ឋាយ ​សេចក្ដីថា ម្នាលអ្នកទាំងឡាយ កាលនាវារបស់ពួកអ្នកត្រូវកម្មធ្វើឲ្យស្ទុះទៅកាន់ផ្លូវខុស កន្លងហួសបកតិសមុទ្រ (សមុទ្រធម្មតា) ហើយដល់សមុទ្រនេះ សមុទ្រនេះលោកហៅថា ខុរមាលី បណ្ឌិតទាំងឡាយរមែងពោលយ៉ាងនេះ ។ 

ចំណែកក្នុងសមុទ្រនោះ មានពេជ្រដុះច្រើន ។ ព្រះមហាសត្វគិតថា បើយើងប្រាប់ពាណិជទាំងនោះថា នេះជាវជិរសមុទ្រ ដូច្នេះ ពួកពាណិជនឹងកាន់យកពេជ្រដ៏ច្រើនដោយសេចក្ដីល្មោភ ហើយនឹងញ៉ាំងនាវាឲ្យលិចជាមិនខាន គិតដូច្នេះហើយ លោកទើបមិនប្រាប់ដល់ពាណិជទាំងនោះ ហើយឲ្យពាណិជទាំងនោះបញ្ឈប់នាវា ឲ្យកាន់យកខ្សែមួយដោយឧបាយ ឲ្យបោះសំណាញចុះទៅ ដោយទំនងដូចជាការចាប់ត្រី ហើយស្រង់ដុំពេជ្រឡើងមកដាក់លើនាវា ឲ្យបោះភណ្ឌៈដទៃដែលមិនមានតម្លៃចោល ។

នាវាបានកន្លងផុតនូវសមុទ្រនោះ ហើយទៅកាន់សមុទ្រ ដែលមានឈ្មោះថា អគ្គិមាលី នៅខាងមុខ ។ សមុទ្រនោះកាលបញ្ចេញពន្លឺ បីដូចជា ព្រះអាទិត្យដែលរះកណ្ដាលថ្ងៃ ឬដូចជាគំនរភ្លើងដែលឆេះឡើង ។ ពួកពាណិជបានសួរព្រះពោធិសត្វដោយគាថានេះថា      
       
យថា អគ្គីវ សូរិយោវ,         សមុទ្ទោ បដិទិស្សតិ;
សុប្បារកំ តំ បុច្ឆាម,         សមុទ្ទោ កតមោ អយំ។ 

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាភ្លើង និងព្រះអាទិត្យ ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

ចំណែកព្រះមហាសត្វក៏ពោលគាថាដោយមិនមានចន្លោះដល់ពាណិជទាំងនោះថា

កុរុកច្ឆា បយាតានំ,         វាណិជានំ ធនេសិនំ;
នាវាយ វិប្បនដ្ឋាយ,         អគ្គិមាលីតិ វុច្ចតិ។

កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី ។

ក្នុងសមុទ្រនេះមានមាសដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកមាសអំពីសមុទ្រនោះ ដោយន័យដូចមុននោះឯង ហើយឲ្យដាក់លើសំពៅ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ ទធិមាលី ដែលមានពន្លឺដូចជាទឹកដោះស្រស់ និងទឹកដោះជូរ ។ ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា   

យថា ទធីវ ខីរំវ,             សមុទ្ទោ បដិទិស្សតិ;
សុប្បារកំ តំ បុច្ឆាម,         សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាទឹកដោះជូរទឹកដោះស្រស់ ពួកយើងសូមអ្នកសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា 

កុរុកច្ឆា បយាតានំ,         វាណិជានំ ធនេសិនំ;
នាវាយ វិប្បនដ្ឋាយ,         ទធិមាលីតិ វុច្ចតិ។

កាលសំពៅ របស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ទធិមាលី ។

ក្នុងសមុទ្រនោះមានប្រាក់ដុះច្រើន ។ ព្រះពោធិសត្វក៏បានឲ្យពាណិជទាំងនោះកាន់យកប្រាក់នោះហើយដាក់លើសំពៅ ដោយឧបាយ ។ សំពៅបានឆ្លងផុតសមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ កុសមាលី ដែលមានពណ៌ខៀវ មានពន្លឺដូចស្បូវភ្លាំងពណ៌ខៀវ និងដូចសន្ទូងដែលកំពុងលូតលាស់ ។  ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា   

យថា កុសោវ សស្សោវ,     សមុទ្ទោ បដិទិស្សតិ;
សុប្បារកំ តំ បុច្ឆាម,         សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាស្បូវភ្លាំង និងសំទូង ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

ព្រះមហាសត្វបានប្រាប់ដោយគាថាបន្ទាប់ថា 

កុរុកច្ឆា បយាតានំ,         វាណិជានំ ធនេសិនំ;
នាវាយ វិប្បនដ្ឋាយ,         កុសមាលីតិ វុច្ចតិ។

កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា កុសមាលី ។

ក្នុងសមុទ្រនោះមានកែវមណីខៀវដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវមណីនោះហើយដាក់លើសំពៅ ដោយឧបាយនោះឯង ។ សំពៅបានឆ្លងផុត
សមុទ្រនោះ ហើយដល់សមុទ្រឈ្មោះ នឡមាលី ដែលដូចជាព្រៃបបុស និងដូចព្រៃឫស្សី ។  ពួកពាណិជបានសួរឈ្មោះសមុទ្រនោះដោយគាថានេះថា

យថា នឡោវ វេឡូវ,         សមុទ្ទោ បដិទិស្សតិ;
សុប្បារកំ តំ បុច្ឆាម,         សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូមសួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

ព្រះមហាសត្វបានពោលប្រាប់ដោយគាថាបន្ទាប់ថា

កុរុកច្ឆា បយាតានំ,         វាណិជានំ ធនេសិនំ;
នាវាយ វិប្បនដ្ឋាយ,         នឡមាលីតិ វុច្ចតិ។

កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា នឡមាលី ។

ក្នុងសមុទ្រនោះ មានកែវពព្រុះ ឬពេជ្រភ្នែកឆ្មាដុះច្រើន ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវពព្រុះ ឬពេជ្រភ្នែកឆ្មានោះហើយដាក់លើសំពៅ ដោយឧបាយ ។ ន័យដទៃទៀត ពាក្យថា  បបុស បានដល់ សូម្បីបបុសខ្ទួយ បបុសក្ដាម បបុសនោះ មានពណ៌ក្រហម ។ ពាក្យថា ឫស្សី ជាឈ្មោះនៃកែវប្រពាឡនោះឯង កែវប្រពាឡនោះ និងសមុទ្រដែលមានកែវប្រពាឡដុះ មានពន្លឺពណ៌ក្រហម ព្រោះហេតុនោះ ពួកពាណិជទើបសួរថា ដូចបបុស ដូចឫស្សី យ៉ាងណា ។ ព្រះមហាសត្វបានឲ្យពាណិជទាំងនោះកាន់យកកែវប្រពាឡអំពីសមុទ្រនោះ ។

ពួកពាណិជកាលកន្លងសមុទ្រនឡមាលី ក៏បានឃើញសមុទ្រឈ្មោះ ពលវាមុខី ។ ទឹកក្នុងសមុទ្រនោះ កួចហើយៗ ខ្ពុរឡើងលើដោយចំណែកជុំវិញ ។ ទឹកដែលខ្ពុរឡើងដោយចំណែកជុំវិញក្នុងសមុទ្រនោះ ប្រាកដដូចអន្លង់ធំ ដែលត្រូវទឹកជ្រោះទម្លុះដោយជុំវិញ កាលរលកទឹកខ្ពុរឡើង ប្រាកដដូចអន្លង់ទឹកតែមួយ សំឡេងដែលគួរឲ្យភ័យខ្លាចបានកើតឡើង ហាក់បីដូចជាទម្លាយនូវត្រចៀក និងដូចជាបំបែក​បេះដូង ​។ ពួកពាណិជបានឃើញសមុទ្រនោះហើយ មានសេចក្ដីភិតភ័យ ទើបសួរឈ្មោះសមុទ្រនោះដោយគាថានេះថា  

មហព្ភយោ ភិំសនកោ,         សទ្ទោ សុយ្យតិមានុសោ;
យថា សោព្ភោ បបាតោវ,     សមុទ្ទោ បដិទិស្សតិ;
សុប្បារកំ តំ បុច្ឆាម,         សមុទ្ទោ កតមោ អយំ។

សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួកយើងបានឮជាក់ សមុទ្រដែលបា្រកដចំពោះមុខ ហាក់ដូចជារណ្តៅ និងជ្រោះ ពួកយើងសូមសួរលោកសុប្បារកៈ 
សមុទ្រនេះ តើឈ្មោះអ្វី ។

បណ្ដាបទទាំងនោះ បទថា សុយ្យតិមានុសោ សេចក្ដីថា សំឡេងដែលស្ដាប់ជាសំឡេងអមនុស្ស ។ 
ព្រះពោធិសត្វបានប្រាប់ឈ្មោះសមុទ្រនោះដោយគាថាបន្ទាប់ថា

កុរុកច្ឆា បយាតានំ,         វាណិជានំ ធនេសិនំ;
នាវាយ វិប្បនដ្ឋាយ,         ពលវាមុខីតិ វុច្ចតិ។ 

កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពីកំពង់កុរុកច្ឆៈ លឿទៅកាន់ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី ។

ដូច្នេះហើយលោកទើបពោលទៀតថា នែអ្នកទាំងឡាយ សំពៅដែលដល់សមុទ្រ ពលវាមុខីនេះហើយ ឈ្មោះថាសំពៅដែលអាចនឹងត្រឡប់ទៅវិញ រមែងមិនមាន សមុទ្រនេះនឹងញ៉ាំងសំពៅដែលបរមកដល់ហើយឲ្យលិចចុះ ធ្វើឲ្យដល់សេចក្ដីវិនាស ។ ក៏ក្នុងសំពៅនោះមានមនុស្ស ៧០០ នាក់ឡើងជិះ ។ ពួកមនុស្សទាំងអស់ មានការភ័យខ្លាចចំពោះសេចក្ដីស្លាប់ នាំគ្នាបញ្ចេញសំឡេង ដែលគួរឲ្យអាណិតដោយសំឡេងតែមួយ ហាក់ដូចជាសត្វទាំងឡាយដែលត្រូវចម្អិនក្នុងអវីចិនរក ។  

ព្រះមហាសត្វគិតថា វៀរចាកយើងហើយ មនុស្សដទៃដែលអាចធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ រមែងមិនមាន យើងនឹងធ្វើសេចក្ដីសួស្ដីដល់មនុស្សទាំងនោះ ដោយសច្ចកិរិយា ដូច្នេះហើយ ទើបហៅមនុស្សទាំងនោះហើយពោលថា នែអ្នកទាំងឡាយ ពួកលោកចូរឲ្យយើងងូតដោយទឹកក្រអូប ឲ្យយើងស្លៀកសំពត់ថ្មី ចូររៀបចំភាជនៈទឹក ហើយតម្កល់នៅនឹងក្បាលសំពៅ ដោយប្រញាប់ ។ មនុស្សទាំងនោះបានធ្វើយ៉ាងនោះ ដោយរហ័ស ។ ព្រះមហាសត្វកាន់ភាជនៈទឹកដោយដៃទាំងពីរ ឈរនៅនឹងក្បាលសំពៅ កាលនឹងធ្វើសច្ចកិរិយា ទើបពោលគាថាចុងក្រោយថា   

យតោ សរាមិ អត្តានំ,         យតោ បត្តោស្មិ វិញ្ញុតំ;
នាភិជានាមិ សញ្ចិច្ច,         ឯកបាណម្បិ ហិំសិតំ;
ឯតេន សច្ចវជ្ជេន,         សោត្ថិំ នាវា និវត្តតុ។

តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាលដែលខ្ញុំដល់នូវភាពជាអ្នកដឹងក្តី ខ្ញុំមិនចេះក្លែង ដើម្បីបៀតបៀនសត្វ សូម្បីតែមួយឡើយ សូមឲ្យសំពៅត្រឡប់ទៅកាន់ទីមាន សួស្តី ដោយការពោលពាក្យសច្ចៈនេះចុះ ។

បណ្ដាបទទាំងនោះ បទថា យតោ  (តាំងពី) សេចក្ដីថា ខ្ញុំរលឹកនូវខ្លួនចាប់តាំងពីកាលណា អធិប្បាយថា ខ្ញុំដល់ការដឹងខ្លួនចាប់តាំងពីកាលណា ។ បទថា ឯកបាណម្បិ ហិំសិតំ (បៀតបៀនសត្វ សូម្បីតែមួយ) សេចក្ដីថា ក្នុងរវាងនេះ ខ្ញុំមិនដឹងនូវភាពដែលខ្លួនបានបៀតបៀន សូម្បីសត្វមានស្រមោចក្រហមត្រឹមតែមួយ ដោយការក្លែងឡើយ ។ ពាក្យនេះគ្រាន់តែជាប្រមាណនៃទេសនាប៉ុណ្ណោះ ចំណែកព្រះពោធិសត្វ ក៏បានធ្វើសច្ចកិរិយាដោយអំណាចនៃសីលទាំង ៥ យ៉ាងនេះថា វត្ថុជារបស់អ្នកដទៃសូម្បីត្រឹមតែស្មៅមួយ ក៏យើងមិនដែលកាន់យកដែរ, ប្រពន្ធអ្នកដទៃ ក៏មិនធ្លាប់សម្លឹងមើលដោយអំណាចនៃលោភៈ, មុសាវាទ ក៏យើងមិនធ្លាប់ពោលដែរ, យើងមិនធ្លាប់ផឹកទឹកស្រវឹងសូម្បីដោយចុងស្មៅ កាលព្រះពោធិសត្វធ្វើសច្ចកិរិយាហើយ ក៏ស្រោចទឹកក្នុងភាជនៈទៅលើក្បាលសំពៅ ។

សំពៅដែលបរខុសផ្លូវអស់ ៤ ខែនោះ ក៏ត្រឡប់ ហើយទៅដល់កំពង់កុរុកច្ឆៈត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយអំណាចនៃពាក្យសច្ចៈ ហាក់បីដូចជា អ្នកមានឫទ្ធិបណ្ដាល ។ គ្រាទៅដល់ហើយ សំពៅក៏ស្ទុះទៅកាន់ដីគោកប្រមាណ ៨ ឧសភៈ (៤០០ម៉ែត្រ) ហើយឈប់នៅត្រង់ទ្វារផ្ទះរបស់នាវិកពោធិសត្វ ។ ព្រះមហាសត្វឲ្យគេបែងចែកមាស ប្រាក់ កែវមណី កែវប្រពាឡ កែវមុក្ដា ពេជ្រហើយឲ្យដល់ពាណិជទាំងនោះ ។ ព្រះពោធិស្វបានឲ្យឱវាទដល់ពាណិជទាំងនោះថា រតនៈប៉ុណ្ណេះក៏ល្មមដល់អ្នកទាំងឡាយហើយ ពួកអ្នកចូរកុំចុះសមុទ្រទៀត ដូច្នេះហើយ កាលធ្វើបុណ្យទាំងឡាយមានឲ្យទានជាដើមរហូតអស់ជីវិត ក៏បានកើតក្នុងទេវបុរី ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមានបញ្ញាច្រើនយ៉ាងនេះ ហើយព្រះអង្គប្រជុំជាតកថា   តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទក្នុងកាលនោះ បានមកជាពុទ្ធបរិស័ទ ។ សុប្បារកបណ្ឌិតោ បន អហមេវ អហោសិំ ចំណែកសុប្បារកបណ្ឌិត គឺ តថាគត នេះឯង ។ ចប់ សុប្បារកជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣៣) 
ដោយខេមរ អភិធម្មាវតារ 
ព.ស. ២៥៦១

ដោយ៥០០០ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,១១៥ ដង)
ទោស​បាណាតិបាត និង​ទោស​នៃ​សេចក្តី​កំណាញ់
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ២៨,១២២ ដង)
ការ​ជាប់​ជំពាក់​ចិត្ត​ចំពោះ​អ្វី​មួយ ត្រូវ​បិទ​ផ្លូវ​កាយ និង​វាចា​ជាមុន​ទើប​លះ​បង់​បាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.25
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿