ក. ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនកាលបាត់ដោយអកុសលបៀតបៀន ជួនកាលក៏បាត់ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់ ។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បង់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវតែស្វែងរកដែរ ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេ ត្រូវចេះទទួលស្គាល់ការពិតផង ត្រូវចេះហាមចិត្តដែលសោកស្តាយខ្លាំងៗ និងសេចក្តីក្រោធខឹង កុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្តីសុខរបស់យើងទៅជាមួយផងដោយពិត ។
ខ. ចេះជួសជុលរបស់ដែលខូចឬចាស់
វត្ថុសម្រាប់ប្រើប្រាស់ទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាត ទៅដោយឥតមានសេសសល់ឡើយ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវខាតបង់ប្រាក់កាសក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន ។
របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើលែងបាននោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរសព័្ទ ត្រឹមតែតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មមសមគួរនឹងប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបានដោយស្រួលទៅហើយ ប៉ុន្តែដោយចង់តែដេញម៉ូតសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លា ទៀតដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមតែដើម្បីប្រយោជន៍រស់នោះទេ គឺថាប្រាក់ដែលបន្ថែមពីលើនោះ គឺជាការបូជាតណ្ហាដោយពិត ។ ចំណែកភិក្ខុសមណេរ ត្រូវតែគិតអំពីបញ្ហានេះ កុំភ្លេចខ្លួនឲ្យសោះ ។
ប្រុសសង្ហា មិនមែនដោយសារទូរស័ព្ទនោះទេ បូរាណបានពោលថា " ស្រីស្រស់ព្រោះចរិយា បុ្រសសង្ហាព្រោះវិជ្ជា " ចំណែកបព្វជិត ក៏មិនខុសពីស្រ្តីប៉ុន្មានដែរ បើមានតែវិជ្ជាខ្វះចរិយា ដូចផ្លែល្វាល្អតែខាងក្រៅ ។ របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ខ្លះ ហើយបើរបស់នោះមិនចេះយំទារចំណីស៊ីទេ គប្បីថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងអាចត្រូវការវាជាក់ជាមិនខាន ។
គ. បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្តោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើងមិនមែនបរិភោគតែមួយពេលហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូចថ្ងៃនេះ ។
ឃ. មិនតាំងបុរស ឬស្រ្តីទ្រុស្តសីលជាធំ
បុរស ឬស្រ្តី ដែលទ្រុស្តសីលក្នុងទីនេះសំដៅយកបុរសស្ត្រីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម ។ ការដែលប្រគល់ឲ្យបុរស ឬស្រ្តីប្រភេទនេះ ឲ្យជាអ្នកកាន់កាប់ទ្រព្យសម្បត្តិ តែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចនៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គ បរាភសូត្រទី ៦ គាថាទី ១១ ព្រះមានព្រះភាគទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា
" ឥត្ថឹសោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ "
ប្រែថា " បុរសបុគ្គលតាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស " ។ បុរសស្រ្តីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជាកញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ ។
សូម្បីភ្នំខ្ពស់គង់គេឡើងបាន តស៊ូក្លាហានគង់បានជំនះ
សន្សំបារមីគង់បានតេជះ ធ្វើរបងផ្ទះគង់បានសល់ទ្រព្យ ។
ស្រង់ចេញពីសៀវភៅ " ប្រយោជន៍បីប្រការ "
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន-សុជា
ដោយ៥០០០ឆ្នាំ