Tueday, 26 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 107,479
Today
Yesterday 183,789
This Month 4,731,779
Total ២២៩,៥០៦,៥៦២
free counters
កំពុងទស្សនា ចំនួន
ADVISE
images/articles/2087/Untitled-1-Recovered.jpg
កប្បវិនាស
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
កប្ប​ដែល​វិនាស​ទៅ​វិញដោយ​ហេតុ​៣​យ៉ាង​គឺៈ ១- វិនាស​ដោយ​ភ្លើង​ឆេះ​កាល បើ​លោក​ធាតុ​ឬ​ចក្កវាឡ​ទាំង១សែន​កោដិមាន​អាយុ​គ្រប់​មួយ​កប្ប​ហើយ ត្រូវ​ភ្លើង​ឆេះ​កម្ទេច​លោក​ធាតុ​ទាំង​នោះ មុន​ដែល​នឹង​ភ្លើង​ឆេះ​នោះ មាន​ភ្លៀង​ធំធ្លាក់​ចុះ​ក្នុង​លោក​ទាំង​១សែន​កោដិ មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​ត្រេក​អរ​សាបព្រោះ​បណ្ដុះ​ពូជ​ធញ្ញជាតិ​ផ្សេងៗ កាល​បើ​ដុះ​ល្មម​ស៊ី​បាន​ហើយ ភ្លៀង​ក៏​រាំង​លែង​ធ្លាក់ចុះ​មក​ទៀត​អស់​សែន​ឆ្នាំ​ជា​ច្រើន។ សត្វ​ដែល​មាន​កម្ម​ស្រាលៗ ក៏​ស្លាប់​មុន​សត្វ​ដែល​មាន​កម្ម​អាក្រក់ បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់។ លុះ​កាល​កន្លង​យូរ​ទៅ​ទឹក​ដែល​ដក់​នៅ​ក្នុង​ទី​នោះ​ៗ​ក៏​រីង​អស់​ទៅ ពួក​សត្វ​ទាំង​ឡាយ​មាន​ត្រី​នឹង​អណ្ដើក​ជា​ដើម​ក៏​ស្លាប់​អស់​ទៅ។ សត្វ​នរកក្ដី តិរច្ឆានក្ដី មនុស្សក្ដី ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ខំ​ចម្រើន​ឈាន​ក្នុង​ស្ថានសួគ៌​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់។ ត្បិត​មុន​ដែល​ភ្លើង​នឹង​ឆេះ​ចំនួន​មួយ​សែន​ឆ្នាំ មាន​ទេវតា​មួយ​អង្គ​ឈ្មោះ​លោកព្យូហា​ចុះអំពី​ទេវតា​មក ក្លែង​ភេទ​ជា​មនុស្ស​ស្លៀក​សំពត់​ក្រហម​រំសាយ​សក់ មាន​មុខ​ទទឹក​ជោគ​ដោយ​ទឹក​ភ្នែក ជូក​ទឹក​ភ្នែក​ហើយ​ដើរ​ទៅ​តាម​ផ្លូវ​មនុស្ស ប្រកាស​ប្រាប់​ថាអ្នក​ទាំង​ឡាយ​នៅ​មួយសែន​ឆ្នាំ​ទៀត​កប្ប​នឹង​វិនាស លោក​នឹង​វិនាស ទឹក​សមុទ្រ​នឹង​រីងខះ ផែន​ដី​ភ្នំសុមេរុ ទេវលោក ព្រហ្មលោក​នឹង​វិនាស អ្នក​ទាំង​ឡាយ​ចូល​ចម្រើន​មេត្តា​ភាវនា​និង​ខំ​បម្រើ​មាតាបិតា​ដោយ​គោរព។ ក្នុង​ពេល​នោះ​មនុស្ស​ទាំង​ឡាយ​ជា​សប្បុរស​បាន​ស្ដាប់​ពាក្យទេវតា​នោះ​ហើយ ក៏​កើត​សវេកតក់ស្លុត​មុន​គេ ប្រញាប់ប្រញាល់​ធ្វើ​បុណ្យ​ទាន​បម្រើ​មាតាបិតា​មិន​មាន​សេចក្ដី​ប្រមាទ លុះ​ដល់​ស្លាប់​ទៅ​បាន​កើត​ក្នុង​ទេវលោក ខំចម្រើន​ឈាន​ក្នុង​ទេវលោក បាន​សម្រេច​ឈាន​ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទៅ មិនបាន​ទៅ​រង​ទុក្ខ​វេទនា​យូរ​ដូច​ជន​អសប្បុរស​ឡើយ។ ក្នុង​គម្ពីរវុសុទ្ធិមគ្គប្រាប់ថាវស្សុបច្ចេទតោ បន ឧទ្ធំ ទីឃស្ស អទ្ធុនោ អច្ចយេន ទុតិយោ សុរិយោចាតុភវតិ... ដូច្នេះ​ជាដើម។សេចក្ដីថាៈ រាប់​តាំង​អំពី​កាល​ដែល​រាំង​ភ្លៀង កន្លង​កាល​ជា​យូរ​អង្វែង មាន​ព្រះអាទិត្យ​ទី ២ កើត​ឡើង​ប្រាកដ។ កាល​ព្រះអាទិត្យ​ពីរ​មាន​ក្នុង​លោក​ហើយ យប់​នឹង​ថ្ងៃ​មិន​ប្រាកដ។ ព្រះអាទិត្យ​មួយ​រះឡើង មួយ​លិច​ទៅ ក្នុង​លោក​មាន​កម្ដៅ​ពព្រះអាទិត្យ​ជាប់​ជានិច្ច​រាល់​វេលា។ ក្នុង​កាល​មុន​អំពី​កាល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្ប​ឲ្យ​វិនាស​នោះ​សុរិយទេវបុត្រ​តែង​មាន​ក្នុង​សុរិយវិមាន ដល់​មក​ក្នុង​ពេល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្បឲ្យ​វិនាស​នោះ សុរិយវិមាន មិន​មាន​ទេវបុត្រ​ឡើយ។ សុរិយមណ្ឌល​ដែល​កើត​ថ្មី​មាន​កម្លៅ​ក្លាហាន​ណាស់ ពពក​នឹង​អ័ព្ទ​ក្នុង​អាកាស​បាត់​អស់ ជា​អាកាស​ប្រាសចាក​មន្ទិល។ កាល​បើ​ព្រះអាទិត្យ​២​កើត​ឡើង​ក្នុង​លោក ហើយ​ទឹក​ក្នុង​ស្ទឹង​តូចៗ​រីងខះ​អស់​ឥតសល់។ លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី៣​កើត​ឡើង ទឹក​ក្នុង​ស្ទឹង​ធំ​ទាំង​៥​ក៏​រីង​ខះ​អស់​ទៀត។ លុះ​កាល​កន្លង​យូរទៅ ព្រះអាទិត្យ​ទី៤​កើត​ឡើង ទឹក​ក្នុង​ស្រះធំ​ទាំង​៧ មាន​ស្រះអនោតត្តជាដើម​ក៏​រីង​ខះ​អស់​ទៀត។ លុះ​កាល​កន្លង​យូរ​ទៅ ព្រះអាទិត្យ​ទី​៥​កើតឡើង ទឹក​ក្នុង​សមុទ្រ​ក៏​រីង​ខះ​អស់​ទៀត ក្នុង​លោក​ទាំង​មូល​គ្មាន​ទឹក​មួយ​ដំណក់​ឡើយ។ លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី៦​កើង​ឡើង ចក្កវាឡ​ទាំង​មួយ​សែនកោដិ​មាន​ផ្សែង​ហុយ​ទ្រលោម​ឡើង មាន​ជ័រ​ហូរ​អំពី​ផែន​ដី។ លុះ​កន្លង​កាល​យូរទៅ ព្រះអាទិត្យ​ទី៧កើត​ឡើង ចក្កវាឡទាំង​មួយ​សិនកោដិ មាន​អណ្ដាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ ឆេះរលាយ​ភ្នំ​កម្ពស់​មួយ​យោជន៍ៗ​ជាដើមដរាប​ដល់​ភ្នំ​សិនេរុ បណ្ដាល​ឲ្យ​វិនាស​សាប​សូន្យ​ទៅ។ អណ្ដាត​ភ្លើង​ដែល​ឆេះ​នោះ​ក៏​កួច​ទៅ​ឆេះ​ក្នុង​ស្ថាន​ចាតុមហារាជិកា ឆេះស្ថានតាវត្តិង្ស ស្ថានយាមា ស្ថានតុសិត ស្ថាននិម្មានរតី ស្ថានបរនិម្មិតវសវតី និង​ឆេះនូវ​ស្ថាន​ព្រហ្មជាន់​ខាង​ក្រោម​ទៅ​ទល់​ត្រឹម​ស្ថានអាភស្សរៈ។ សា យាវ អណុមត្តម្បិ សង្ខ័ារគតំ អត្ថិ តាវ ន និព្វាយតិ។ អណ្ដាតភ្លើងនោះ បើ​របស់​ដែល​ឆេះ​នោះ​មិន​ទាន់​អស់ ក៏​មិន​ទាន់​រលត់ ឆេះ​ដរាប​ដល់​អស់​មិន​ឲ្យ​សល់​ផេះ ទើប​រលត់​ទៅ ឧបមា​ដូច​ជា​ភ្លើង​ឆេះ​ប្រេង។ ទី​ខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេដូច​គ្នា​ទាំង​អស់​មាន​ងងឹត​ធំ​តែ​មួយ។ ២- វិនាស​ដោយ​ទឹក កាល​បើ​លោក​ធាតុ​ឬ​ចក្កវាឡ​មាន​អាយុ​មួយ​កប្ប​ហើយ​ត្រូវ​វិនាស​ទៅ​វិញ។ កាល​ដែល​វិនាស​ដោយ​ទឹក​មាន​ទំនាក់ទំនង​គ្នា​នឹង​វិនាសដោយ​ភ្លើង​ដែរ គ្រាន់​តែ​ប្លែក​ដូច្នេះ គឺ​មហាមេឃ​បណ្ដាល​ភ្លៀង​ទឹក​ក្រុត​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ចក្កវាឡ​ទាំង​មួយ​សែន​កោដិ សម្ភារៈ​ទាំង​ឡាយ​មាន​ភ្នំ​ជា​ដើម កាល​បើ​ត្រូវ​ទឹក​ក្រុត​ហើយ​ក៏រលាយ​រលួយ​អស់​ទៅ ទឹក​ក្រុត​នោះ​ខ្យល់​បក់​ទ្រទ្រង់​ជុំវិញ រលាយ​នូវ​សម្ភារៈ​ខាង​ក្រោម រំលាយ​នូវ​ស្ថានសួគ៌​៦​ជាន់​និង​ស្ថាន​ព្រហ្ម​ជាច្រើន​ជាន់​ទៀត​ទៅ​ដល់​នឹង​ត្រឹម​ស្ថាន​ព្រហ្ម​ឈ្មោះ សុភកិណ្ហា។ ទឹក​ក្រុត​ក៏​រីង​ខះ​អស់​ទៅ សម្ភារៈ​ទាំង​ឡាយ​មាន​ភ្នំ​ជា​ដើម ដែល​រលាយ​ដោយ​ទឹក​ក្រុត​នោះ​ឧបមា​ដែល​មាន​អំបិល​បង់​ទៅ​ក្នុង​ទឹក រលាយ​អស់​ឥត​មាន​សល់​អ្វី​តិចតួច​ឡើយ។ ទីខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេដូច​គ្នា​ទាំង​អស់ មាន​តែ​ងងឹត​ធំ​តែ​មួយ។ ៣- កប្ប​វិនាស​ដោយ​ខ្យល់ កាល​បើ​រលាយ​ដោយ​ធាតុ​ឬ​ចក្កវាឡ​មាន​អាយុ​មួយ​កប្ប​ហើយ ត្រូវ​វិនាស​ទៅ​វិញ។ ការ​ដែល​វិនាស​ដោយ​ខ្យល់​នោះ មាន​ទំនាក់​ទំនង​ដូច​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់​តែ​ប្លែក​គ្នា​ដូច្នេះ​គឺ មហាមេឃ​ញ៉ាំង​ខ្យល់ព្យុះ​ធំ​ឲ្យ​កើត​ឡើង​បក់​បំប៉ើង​ធុលី​ល្អិតៗ ឲ្យ​ហុយ​ទៅ​ព្ធដ៏អាកាស​វិនាស​បាត់​អស់​ទៅ​ជា​មុន ទើប​បក់​បំប៉ើង​នូវ​ដីខ្សាច់​គ្រួស​តូចៗ​និង​ដុំថ្ម​ធំៗ​ដរាប​ដល់​ដើម​ឈើ​និង​ភ្នំ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​អណ្ដែត​ទៅព្ធដ៏អាកាស វិនាស​អស់​ឥតសល់​កម្ទេច ទើបបក់បំបែក​ផែន​ដី​ក្នុង​មួយ​សិន​ចក្កវាឡ​និង​ស្ថានសួគ៌​៦ជាន់ ស្ថានព្រហ្ម ដរាប​ទៅ​ទល់​ស្ថាន​ព្រហ្ម​ឈ្មោះ​វេហប្ជលា ឲ្យ​ល្អិត​ខ្ទេចខ្ទី​អស់​ឥត​មាន​សល់​ធុលី​បន្តិចបន្តួច​ឡើយ។ ខ្យល់​ក៏​វិនាស​បាត់​អស់​ទៅ ទីខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេ​ដូច​គ្នា​ទាំង​អស់ មាន​ងងឹត​ធំ​តែ​មួយ។ កប្ប​ដែល​វិនាស​ទៅ​វិញ​ដោយ​អាការៈ​បី​យ៉ាង ដូច​រៀបរាប់​មក​នេះ​ឯង។ អាការៈ​ទាំង​បី​យ៉ាង​នេះ​មិន​មែន​វិនាស​ផ្លាស់​ប្ដូរគ្នា​ម្ដងៗ​ម្នាក់​ទេ គឺ​វិនាស​យ៉ាង​នេះ។វិនាស​ដោយ​ភ្លើង៧ដង ត្រូវ​វិនាស​ដោយ​ទឹក​ម្ដង វិនាស​ដោយ​ភ្លើង​និង​ទឹក​ៗ​តែ​យ៉ាង​នេះ​ចំនួន​៦៣​ដង ទើប​វិនាស​ដោយ​ខ្យល់​ម្ដង។ នេះ​ជា​ធម្មតា​នៃ​ការ​វិនាស​របស់​កប្ប។ ក្នុង​គម្ពីរ​វិសុទ្ធិមគ្គប្រាប់អំពី​ហេតុ​ដែល​បណ្ដាល​ឲ្យ​វិនាស​ថា អកុសលលមូលេសុ ហិ ឧស្សន្នេសុ ឯរំ លោកោ វិនស្សតិ។ សោ ច ខោ រាគេ ឧស្សន្នតរេ អគ្គិនា វិនស្សតិ ទោសេ ឧស្សន្នតរេ ឧទកេន វិនស្សតិ។ កេចិ បន ទោសេ ឧស្សន្នតរេ អគ្គិនា រាគេ ឧស្សន្នតរេ ឧទកេនាតិ វទន្តិ។ មោហេ ឧស្សន្នតរេ វាតេន វិនស្សតិ។ សេចក្ដី​ថាៈ កាល​បើ​អកុសល​មូល​ទាំង​ឡាយ​គឺ រាគៈ ទោសៈ មោហៈ ក្រាស់​ឡើង​ហើយ លោក​តែង​វិនាស​ដោយ​ការ​យ៉ាង​នេះ។ លោក​នោះ​ឯង កាល​បើ​មាន​រោគៈ ក្រាស់​ជាង ត្រូវ​វិនាស​ដោយ​ទឹក។ ចំណែក​ខាង​កេចិតអាចារ្យ​និយាយ​ថាៈ កាល​បើ​មាន​ទោសៈ​ក្រាស់​ជាង ត្រូវ​វិនាស​ដោយ​ភ្លើង បើ​មាន​រាគៈក្រាស់​ជាង​ ត្រូវ​វិនាស​ដោយ​ទឹក។ បើ​មាន​មោហៈ​ក្រាស់​ជាង​ត្រូវ​វិនាស​ដោយ​ខ្យល់។ ដកស្រង់ចេញពីសៀវភៅ កប្បកថា រៀបរៀងដោយ ព្រះបាឡាត់ឧត្ដមលិខិត សុង ស៊ីវសិទ្ធត្ថោ ដោយ​៥០០០​ឆ្នាំ
images/articles/2086/Untitled-1-Recovered.jpg
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
ស្អប់ក៏ទុក្ខ ស្រឡាញ់ក៏​ទុក្ខ បើ​គេ​ធ្វើ​មិន​ល្អ​ជា​មួយ​ខ្លួន ក៏​មិន​ពេញចិត្ត បង្ក​ទុក្ខ​ឲ្យកើត​ឡើង​មួយ​បែប គឺ​ទុក្ខ​ព្រោះ​ស្អប់ មាន​ការ​លំអៀង​ទៅ​ខាង​ផ្នែក​អន្ទះសា​ក្នុង​ការ​រុញចេញ។ បើ​គេ​ធ្វើ​ល្អ​ជា​មួយ​ខ្លួន​ក៏​ពេញ​ចិត្ត ជាប់​ជំពាក់​ហួងហែង ចង់​ជួប​ចង់​ឃើញ ចង់​ឲ្យ​នៅ​ជិត នេះ​ជា​ទុក្ខ​មួយ​បែប​ទៀត ព្រោះ​ស្រឡាញ់ មាន​ការ​លំអៀង​ទៅ​ខាង​ផ្នែក​អន្ទះសា​ក្នុង​ការ​ទាញ​ចូល
images/articles/1906/Untitled-1-Recovered.jpg
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម ព្រះយោគាវចរ​ណា​មួយ ដែល​មានកាយ​ចៀស​ចេញ​ចាក​វត្ថុ​កាម ទៅ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​ជា​ទី​ស្ងាត់​ហើយ, ប៉ុន្តែ​មិន​ហាម​ឃាត់​ចិត្ត​ឲ្យ​ស្ងាត់​ចាក​កិលេស​កាម បណ្ដោយ​ឲ្យ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​អំណាច​វិតក្កៈ​ទាំង ៣ គឺ កាមវិតក្កៈ ( សេចក្ដី​ត្រិះរិះស្វែង​រកកាម ) ព្យាបាទ​វិតក្កៈ ( សេចក្ដី​ត្រិះរិះ​ចងគំនុំ​នឹង​អ្នក​ដទៃ ) វិហឹសាវិតក្កៈ ( សេចក្ដី​ត្រិះ​រិះ​ប៉ង​នឹង​បៀតបៀន​អ្នក​
images/articles/1909/Untitled-1-Recovered.jpg
លំហាត់​សម្រាក​ចិត្ត-កាយ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
លំហាត់​សម្រាក​ចិត្ត-កាយ តើ​លំហាត់​សម្រាក​ចិត្ត-​កាយ​គឺ​ជា​អ្វីុ? លំហាត់​សម្រាក​ចិត្ត​-​កាយ​គឺ​ជា​បច្ចេក​ទេស​នៃ​ការ​ប្រើប្រាស់​សមាធិ ( ជា​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​ស្ងប់​ល្អ) គួប​ផ្សំ​នឹង​លំហាត់​ដកដង្ហើម ការ​សម្រួល​សាច់​ដុំ និង​សម្រួល​ឥរិយាបថឲ្យ​បាន​សម្រាក​ព្រម​ជា​មួយ​នឹង​ចិត្ត ដែល​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត។
images/articles/1908/Untitled-1-Recovered.jpg
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
ធម៌​ជាគ្រឿង​កំចាត់​នីវរណៈ ៥ ១. កាមឆន្ទនីវរណៈ កំចាត់​ដោយ​អសុភនិមិត្ត សេចក្ដី​សម្គាល់​ថា មិន​ល្អ​មិន​ស្អាត។ ម្យ៉ាង​ទៀត ធម៌ ៦ ប្រការ លោក​ពោល​ថា​ជាធម៌​សម្រាប់​លះ​កាមឆន្ទនីវរណៈ គឺ៖ ក). អសុភនិមិត្ត ឧគ្គហោ រៀន​និមិត្ត​ក្នុង​អសុភកម្មដ្ឋាន ខ). អសុភភាវនានុយោគោ ខំចម្រើន​អសុភកម្មដ្ឋាន គ). ឥន្ទ្រិយេសុ គុត្តទ្វារតា សង្រួម​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង ៦
images/articles/2668/545eetpic.jpg
ឧបោសថ ៣ យ៉ាង
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ ២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ ៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ ១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ ។ ២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។ ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។ ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាស​កម្មករ​របស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាស​កម្មករ​របស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។ តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ ។ ៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖ ៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។ ៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។ ៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។ ៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។ ៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។ ៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ ) ដោយខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2667/4333eehpic.jpg
លោកធាតុ ៣ យ៉ាង
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
ចូឡនិកាសូត្រ (សម្ដែងអំពីលោកធាតុ ៣ យ៉ាង) គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគលុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្រ្តនៃព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក បានញុំាងលោកធាតុទាំង ១០០០ ឲ្យដឹងច្បាស់​ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណត្រឹមណាឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាព ប្រមាណមិនបានទេ ។ព្រះ​អានន្ទដ៏មានអាយុ ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគជាគម្រប់ ២ ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគយ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះ​អភិភូ​ជាសាវក​របស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោក ញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ​មាន​ប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ម្នាលអានន្ទ អភិភូនោះជាសាវក ឯព្រះតថាគតទាំងឡាយ មានអានុភាពប្រមាណមិនបានទេ ។ព្រះ​អានន្ទដ៏​មានអាយុ ក្រាបបង្គំទូលសួរ ព្រះដ៏មានព្រះភាគជាគម្រប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានស្ដាប់ចំពោះព្រះភក្រ្តព្រះមានព្រះភាគ បានទទួលចំពោះព្រះភក្រ្តព្រះមានព្រះ​ភាគ​​យ៉ាងនេះថា ម្នាលអានន្ទ ភិក្ខុឈ្មោះអភិភូ ជាសាវករបស់ព្រះពុទ្ធសិខី ស្ថិតនៅឯព្រហ្មលោកញុំាងលោកធាតុ ១០០០ ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ បពិត្រព្រះអង្គដ៏ចម្រើនចុះព្រះដ៏មានព្រះភាគជាអរហន្តសម្មាសម្ពុទ្ធ អាចញុំាងលោកធាតុ មានប្រមាណ​ត្រឹមណា ឲ្យដឹងច្បាស់ដោយសំឡេងបាន ។ព្រះមានព្រះភាគត្រាស់ថា សុតា តេ អានន្ទ សហស្សី ចូឡនិកា លោកធាតុ ម្នាលអានន្ទ លោកធាតុតូច ១០០០ អ្នកបានស្ដាប់ហើយ ។បពិត្រព្រះដ៏មានព្រះភាគ ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ។ បពិត្រព្រះសុគត ជាកាលគួរនឹងសម្តែងរឿងនុ៎ះហើយ ព្រោះថាព្រះដ៏មានព្រះភាគ សម្តែងធម៌ណា ភិក្ខុទាំងឡាយ បានស្ដាប់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុកនូវធម៌នោះ ។ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្ដាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ ព្រះអានន្ទដ៏មានអាយុ បានទទួលស្ដាប់ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ៖ ១. យាវតា អានន្ទ ចន្ទិមសូរិយា បរិហរន្តិ ទិសា ភន្តិ វិរោចនា ម្នាលអានន្ទ ព្រះចន្រ្ទនិងព្រះអាទិត្យដ៏រុងរឿងគោចរទៅបំភ្លឺទិសទាំងឡាយ បានត្រឹមណា ត្រឹមណោះលោកកំណត់ហើយសម្ដែងហើយថាជាលោកធាតុមួយ គឺចក្កវាឡមួយ ។ ២. តាវ សហស្សធា លោកោ ។ តស្មិំ សហស្សធា លោកេ ត្រូវកំណត់យកលោកនោះ ១០០០ ក្នុងលោកដែលកំណត់ ១០០០ ដងនោះ សហស្សំ ចន្ទានំ មានព្រះចន្រ្ទ ១០០០, សហស្សំ សូរិយានំ ព្រះអាទិត្យ ១០០០, សហស្សំ សិនេរុបព្វតរាជានំ សេ្ដចភ្នំសិនេរុ ១០០០, សហស្សំ ជម្ពុទីបានំ ជម្ពូទ្វីប ១០០០, សហស្សំ អបរគោយានានំ អបរគោយានទ្វីប ១០០០, សហស្សំ ឧត្តរកុរូនំ ឧត្ដរកុរុទ្វីប ១០០០, សហស្សំ បុព្វវិទេហានំ បុព្វវិទេហទ្វីប ១០០០, ចត្តារិ មហាសមុទ្ទសហស្សានិ មហាសមុទ្រ ៤០០០, ចត្តារិ មហារាជសហស្សានិ មហារាជ (លោកបាល) ៤០០០, សហស្សំ ចាតុមហារាជិកានំ ស្ថានចាតុម្មហារាជិកៈ ១០០០, សហស្សំ តាវតិំសានំ ស្ថានតាវត្តិង្ស ១០០០, សហស្សំ យាមានំ ស្ថានយាមៈ ១០០០, សហស្សំ តុសិតានំ ស្ថានតុសិត ១០០០, សហស្សំ និម្មានរតីនំ ស្ថាននិម្មានរតី ១០០០, សហស្សំ បរនិម្មិតវសវត្តីនំ ស្ថានបរនិម្មិតវសវត្តី ១០០០, សហស្សំ ព្រហ្មលោកានំ ព្រហ្មលោក ១០០០ ។ ម្នាលអានន្ទ នេះហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូច) ។ អយំ វុច្ចតានន្ទ ម្នាលអានន្ទ ការកំណត់យ៉ាងនេះ ហៅថា សហស្សីចូឡនិកាលោកធាតុ (លោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០) ។ ៣. ការកំណត់សហស្សីចូឡនិកាលោកធាតុនោះចំនួន ១០០០ ម្នាលអានន្ទ នេះហៅថា ទ្វិសហស្សីមជ្ឈិមកាលោកធាតុ (លោកធាតុកណ្ដាលដែលមានចក្កវាឡចំនួន ១០០០០០០ = យកសហស្សីចូឡនិកាសោកធាតុ គុណនឹង ១០០០) ។ ៤. ការកំណត់ទ្វិសហស្សីមជ្ឈិមកាលោកធាតុនោះចំនួន ១០០០ ដង ម្នាលអានន្ទ នេះហៅថា តិសហស្សីមហាសហស្សីលោកធាតុ (លោកធាតុធំដែលមានចក្កវាឡចំនួន ១ សែនកោដិ ។ ម្នាលអានន្ទ កាលបើតថាគតប្រាថ្នាគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះដ៏មានព្រះភាគគប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុ ឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ត្រឹមណាក៏បាន តើដូចម្ដេច ។ម្នាលអានន្ទ ក្នុងលោកនេះ តថាគតផ្សាយរស្មីទៅកាន់តិសហស្សីមហាសហស្សីលោកធាតុ កាលណាពួកសត្វទាំងនោះស្គាល់ច្បាស់នូវពន្លឺនោះបាន ក្នុងកាលនោះ តថាគតគប្បីធ្វើនូវសំឡេងឲ្យគឹកកងញុំាងសំឡេងឲ្យលាន់ឮ ។ ម្នាលអានន្ទ តថាគត គប្បីញុំាងតិសហស្សីមហាសហស្សីលោកធាតុឲ្យដឹងច្បាស់ដោយសំឡេងបាន ឬថាគប្បីប្រាថ្នាដល់ណាដ៏បានយ៉ាងនេះឯង ។ កាលបើព្រះដ៏មានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលយ៉ាងនេះថាឱជាលាភរបស់ខ្ញុំព្រះអង្គហើ យខ្ញុំព្រះអង្គឈ្មោះថា បានល្អហើយ ព្រោះថាព្រះសាស្ដារបស់ខ្ញុំ ព្រះអង្គមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។ កាលបើព្រះអានន្ទដ៏មានអាយុ និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏និយាយតបនឹងព្រះអានន្ទដ៏មានអាយុដូច្នេះថាម្នាលអាវុសោអានន្ទ ប្រសិនបើព្រះសាស្ដារបស់អ្នក មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ តើអ្នកនឹងបានអ្វីក្នុងដំណើរនុ៎ះ ។ កាលបើព្រះឧទាយិដ៏មានអាយុនិយាយយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុដូច្នេះថាម្នាលឧទាយិ អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលឧទាយិ បើអានន្ទ មិនទាន់ប្រាសចាករាគៈយ៉ាងនេះ ហើយគប្បីធ្វើមរណកាលដោយចិត្តជ្រះថ្លានោះ អានន្ទគប្បីសោយទេវរជ្ជសម្បត្តិ ក្នុងទេវលោក ៧ ដង សោយមហារជ្ជសម្បត្តិ ក្នុងជម្ពូទ្វីបនេះ ៧ ដង ម្នាលឧទាយិ តែថាអានន្ទនឹងបរិព្វាន ក្នុងអត្តភាពជាបច្ចុប្បនេះ ។ ចប់ ចូឡនិកាសូត្រ ។ (សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ បិដកលេខ ៤១ ទំព័រ ៣១២ ) សេចក្ដីអធិប្បាយ ពាក្យថា ចូឡនិកាលោកធាតុ គឺជាលោកធាតុតូចដែលមានចក្កវាឡចំនួន ១០០០ អយំ សាវកានំ វិសយោ សហស្សីចូឡនិកាលោកធាតុនេះជាវិស័យនៃសាវ័កទាំងឡាយ ។ ពាក្យថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ បានដល់ លោកធាតុដែលមានឈ្មោះថា ទ្វិសហស្សីមជ្ឈិមិកា គឺមានប្រមាណនៃចក្កវាឡ ១ លាន ព្រោះត្រូវគុណហើយដោយចំណែកនៃពាន់ក្នុងចក្កវាឡមួយពាន់នេះ ។ ព្រោះថា ស្ថានទីមានប្រមាណប៉ុណ្ណេះ ព្រះតថាគតទាំងឡាយទ្រង់សម្ដែងគឺបញ្ចេញនូវព្រះរស្មីអំពីសរីរៈ កម្ចាត់សេចក្ដីងងឹតអន្ធការ និងអាចដើម្បីញ៉ាំងមនុស្សទេវតាទាំងឡាយឲ្យបានឮព្រះសូរសៀងបាន ។ ឯត្តកេន ពុទ្ធានំ ជាតិក្ខេត្តំ នាម ទស្សិតំ ឈ្មោះថា ជាតិក្ខេតរបស់ព្រះពុទ្ធទាំងឡាយ គឺលោកសម្ដែងហើយដោយពាក្យប្រមាណប៉ុណ្ណេះ ។ ពិតមែនហើយ ក្នុងភពចុងក្រោយនៃព្រះសព្វញ្ញុពោធិសត្វទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាថងមហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាដ់ដឹង ១ ថ្ងៃដែលព្រះអង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និង ថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ស្ថានទីដែលជាចក្កពវាលមានប្រមាណប៉ុណ្ណេះរមែងកម្រើកញាប់ញ័រ ។ ពាក្យថា តិសហស្សីមហាសហស្សីលោកធាតុ ជាលោកធាតុធំដែលមានចក្កវាឡចំនួនមួយសែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា មានចក្កវាឡចំនួនដប់សែនកោដិ ។ តិសហស្សីមហាសហស្សីលោកធាតុនេះឯង ឈ្មោះថាជា អាណាខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដូច្នេះហើយ ក្នុងវេលាដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងព្រះបរិត្តទាំងឡាយគឺ អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និង រតនបរិត្ត រមែងផ្សាយទៅដល់ចក្កវាឡមានប្រមាណប៉ុណ្ណេះ ។ តត្ថ ពុទ្ធានំ អវិសយោ នាម នត្ថិ ក្នុងបណ្ដាលោកធាតុទាំងនោះ ឈ្មោះថា មិនមែនជាវិស័យរបស់ព្រះពុទ្ធទាំងឡាយ រមែងមិនមាម ។ (មនោរថបូរណី អដ្ឋកថា អង្គុត្តរនិកាយ កនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ) សេចក្ដីប្រៀបធៀបរវាងសាវកវិស័យនឹងពុទ្ធវិស័យ ម្នាលអានន្ទ អ្នកនិយាយអ្វីយ៉ាងនេះ សាវកទាំងឡាយរមែងតាំងនៅញាណដោយចំពោះ តែតថាគតបំពេញបារមី ១០ ហើយបានសម្រេចសព្វញ្ញុតញ្ញាណ ដែលនរណាៗ នឹងប្រមាណមិនបាន អ្នកនិយាយយ៉ាងនេះ ៖ ១. នខសិខាយ បំសុំ គហេត្វា មហាបថវិបំសុនា សទ្ធិំ ឧបមេន្តោ វិយ ហាក់ដីដូចជាយកចុងក្រចកចូកនូវធូលីដ៏តិចតួចមកប្រៀននឹងគំនរមហាប្រថពីដ៏ធំ ។ ២. តាឡច្ឆិទ្ទំ គហេត្វា អនន្តាកាសេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកប្រហោងដើមត្នោតដ៏តូចមកប្រៀននឹងអាកាសដែលមិនមានទីបំផុត ។ ៣. ចាតកសកុណំ គហេត្វា ទិយឌ្ឍយោជនសតិកេន សុបណ្ណរាជេន ឧបមេន្តោ វិយ ហាក់ដីដូចជាយកសត្វចចាតដ៏តូចមកប្រៀននឹងស្ដេចគ្រុឌដែលហើរបាន ១៥០ យោជន៍ ។ ៤. ហត្ថិសោណ្ឌាយ ឧទកំ គហេត្វា មហាគង្គាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងប្រមោយដំរីមកប្រៀននឹងទឹកក្នុងទន្លេះគង្គាដ៏ធំ ។ ៥. ចតុរតនិកេ អាវាដេ ឧទកំ គហេត្វា សត្តហិ សរេហិ ឧបមេន្តោ វិយ ហាក់ដីដូចជាយកទឹកក្នុងរណ្ដៅប្រវែង ៤ ហត្ថ មកប្រៀននឹងមហាជាតស្រះទាំង ៧ ។ ៦. នាឡិកោទនមត្តលាភិំ មនុស្សំ គហេត្វា ចក្កវត្តិរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកមនុស្សដែលមានតម្លៃត្រឹមតែបាយមួយនាឡិមកប្រៀននឹងស្ដេចចក្កពត្តិ ។ ៧. បំសុបិសាចកំ គហេត្វា សក្កេន ទេវរញ្ញា ឧបមេន្តោ វិយ ហាក់ដីដូចជាយកបំសុបិសាច (បិសាចធូលី) មកប្រៀននឹងស្ដេចសក្កទេវរាជ ។ ៨. ខជ្ជោបនកប្បភំ គហេត្វា សូរិយប្បភាយ ឧបមេន្តោ វិយ ហាក់ដីដូចជាយកពន្លឺនៃអំពិលអំពែកដ៏តូចមកប្រៀននឹងពន្លឺនៃព្រះអាទិត្យ ។ ព្រោះវិស័យរបស់សាវកទាំងឡាយជាចំណែកមួយ ឯពុទ្ធវិស័យជាចំណែកមួយ, ធម៌ជាគោចរ របស់សាវកទាំងឡាយជាចំណែកមួយ ឯធម៌ជាគោចររបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ, កម្លាំងរបស់សាវកទាំងឡាយជាចំណែកមួយ ឯកម្លាំងរបស់ព្រះពុទ្ធទាំងឡាយជាចំណែកមួយ ។ (មនោរថបូរណី អដ្ឋកថា សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត ទុតិយបណ្ណាសក អានន្ទវគ្គ ចូឡនិកាសូត្រ ) លោកធាតុ ពាក្យថា លោកធាតុ មានន័យថា ទំហំនៃលោកដែលត្រូវកំណត់ដោយចំនួនចក្កវាឡមានប្រការផ្សេងៗ ។ ពាក្យថា ចក្កវាឡ មានន័យថា មានអាការៈមូលដូចកង់រថ លោកពោលសំដៅដល់ ស្ថានទីដ៏ធំមួយមានរាងមូលដែលមានភ្នំចក្កវាឡជាកំពែងឡោមព័ទ្ធជុំវិញ ។ លោកធាតុចែកចេញជា ៤ ប្រភទ ៖ ១. លោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយ ។ ២. សហស្សីចូឡនិកាលោកធាតុ បានដល់ លោកធាតុ គឺចក្កវាឡមួយពាន់ ។ ៣. ទ្វិសហស្សីមជ្ឈិមកិកាលោកធាតុ បានដល់ លោកធាតុកណ្ដាល គឺចក្កវាឡមួយលាន ហើយក្នុងអដ្ឋកថាមនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថាយតុវដកសុត្តនិទ្ទេស​វណ្ណនា សម្ដែងថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុនេះ ជា ជាតិក្ខេត្តរបស់ព្រះពុទ្ធទាំងឡាយ ដោយសេចក្ដីថា ក្នុងថ្ងៃដែលព្រះពោធិសត្វចុះចាកទេវលោក កាន់យកបដិសន្ធិក្នុងភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វចេញចាកភគ៌របស់ព្រះមាតា ១ ក្នុងថ្ងៃដែលព្រះពោធិសត្វយាងចេញ​សាង​មហាភិនេស្ក្រមណ៍ ១ ក្នុងថ្ងៃទាំងឡាយមានថ្ងៃដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ដឹង ១ ថ្ងៃដែលព្រះ​អង្គទ្រង់សម្ដែងធម្មចក្កប្បវត្តនសូត្រ ១ ថ្ងៃដែលទ្រង់ដាក់ព្រះជន្មាយុសង្ខារ ១ និងថ្ងៃដែលព្រះអង្គរំលត់ខន្ធបរិនិព្វាន ១ ចក្កវាឡមានប្រមាណ ១ លាន នេះ មែងកម្រើកញាប់ញ័រ តែក្នុងអដ្ឋកថាទាំង​ឡាយជាច្រើនដូចអដ្ឋកថាទីឃនិកាយ អដ្ឋកថាមជ្ឈិមនិកាយ អដ្ឋកថាខុទ្ទកនិកាយ ហើយសូម្បីអដ្ឋ​កថា​អង្គុត្តរនិកាយនៃសូត្រដទៃៗ បានសម្ដែងថា ជាតិក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ មានត្រឹមតែចក្កវាឡ ១ ម៉ឺនប៉ុណ្ណោះ ។ ៤. តិសហស្សីមហាសហស្សីលោកធាតុ បានដល់ ចក្កវាឡមួយសែនកោដិ ក្នុងអដ្ឋកថា មនោរថបូរណីនៃចូឡនិកាសូត្រ និងសទ្ធម្មប្បជ្ជោតិកា មហានិទ្ទេសដ្ឋកថា តុវដកសុត្តនិទ្ទេសវណ្ណនាបានសម្ដែង​ថា តិសហស្សីមហាសហស្សីលោកធាតុនេះ ជា អាណាក្ខេត្តរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដោយសេចក្ដីថា ក្នុងវេលាដែលព្រះអង្គសម្ដែងអាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត រតនបរិត្ត អាជ្ញានៃព្រះបរិត្តទាំងនេះ រមែងផ្សាយទៅក្នុងចក្កវាឡមានប្រមាណ ១ សែនកោដិ តែមតិរបស់គណកបុត្តតិស្សត្ថេរពោលថា តិសហស្សីមហាសហស្សីលោកធាតុនេះ មានចក្កវាឡ ចំនួន ១០ សែនកោដិ ។ ដោយ ខេមរ អភិធម្មាវតារ ដោយ៥០០០ឆ្នាំ
images/articles/2673/____________tpic.jpg
វិទ្យាសាស្ត្រធម្មជាតិ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
តើអ្នកបានដឹងអ្វីខ្លះពីគ្រួសារឃ្មុំទេ? ឃ្មុំដែលជាកម្មក និង ជាឃ្មុំគ្មានភេទ គេរស់បានតែ៦ ទៅ ៧អាទិត្យ តែប៉ុណ្ណោះ ឯព្រះរាជនី (La rene or Princess) លោករស់បានដល់ទៅ៤ឆ្នាំ តើនេះមកពីហេតុអ្វី? ការសិក្សារកឃើញថា មកពីលោក (ព្រះរាជនី) សោយលំអងផ្កាច្រើនប្រភេទ ឯឃ្មុំកម្មករ ទទួលទានបានតែមួយប្រភេទ ។ គេត្រឡប់មកសិក្សាលើមនុស្សវិញគេបានរកឃើញថា អ្នកដែលចូលចិត្តទទួល ទានអាហារដដែលៗមានអាយុខ្លីជាង អ្នកទទួលទានអាហារ តាមមានតាមបាន គឺហូបនេះហូបនោះមិនប្រកាន់ ។ ឃ្មុំមិនចេះធ្វើការស្មោកគ្រោក មិនចេះទំលើលាមក ទំលើគំរង់ដាច់ខាត យ៉ាងណាមិញ មនុស្សដែលមានចិត្តស្អាតពីកំណើត គឺមិនធ្វើការងារដែលថោកទាបដាច់ខាត គេធ្វើតែការងារដែលត្រឹមត្រូវតែប៉ុណ្ណោះ ។ ឃ្មុំយល់ពីច្បាប់ធម្មជាតិ គឺសាមគ្គីធម៌ទើបសាងសំបុកនឹងមានបង្គងរឹងមាំបាន មនុស្សមិនយល់ពីច្បាប់រួបរួមសាមគ្គីធម៌តែងគ្មានបង្គងគ្មានទីលំនៅ គ្មានមាតុភូមិជាធម្មតា វប្បធម៌ឃ្មុំជាវប្បធម៌រុងរឿងថ្លៃថ្លាដែលពេលខ្លះមនុស្សមិនអាចធ្វើតាមបានផង ។ នៅពេលរាជនីឃ្មុំ បានសោយទីវង្គតទៅ ព្រះសពទ្រង់ត្រូវបានភិលៀងដែលយល់ថា ខ្លួនមានកម្លាំងស្លាបខ្លាំងបំផុតប្រកួតគ្នា សែងព្រះសពហោះឡើងទៅលើយ៉ាងលឿន ហើយភាគីដែលចូលរួមប្រកួត ហោះដេញតាម អ្នកដែលអោបព្រះសព ពេលដឹងខ្លួនថា ខ្លួនអស់កម្លាំងស្លាបក៏ព្រលែងព្រះសពឲ្យទៅភាគីដែលនៅក្បែរ ហោះឡើងរហូតដល់លែងមានអ្នកដេញតាម ទើបក្លាយជាជ័យលាភីបុគ្គល បានតាំង​ព្រះនាមជាព្រះរាជនីថ្មី គេសិក្សាឃើញថា ចំងាយហោះឡើងរហូតដល់ម្ភៃសាមសិប​គីឡូម៉ែតទៅលើឯណោះ ចង់ធ្វើស្តេចត្រូវតែមានកម្លាំងរឹងមាំនិងមានបញ្ញាឈ្លាសវៃហើយចូលរួមប្រកួតដោយយុត្តិធម៌ នេះជាប្រពៃណីដ៏ល្អឯងមួយទៀតរបស់គ្រួសារឃ្មុំ ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2674/teww6pic.jpg
តើម៉ែធម៌ ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ?
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
លោកតា! តើម៉ែធម៌ឬម៉ែចិញ្ចឹម និង ម៉ែបង្កើតមួយណាមានគុណជាង ? កើតបានជាផ្លែឈូកគឺអាស្រ័យទឹក អាស្រ័យភក់ អាស្រ័យពួជឈូក ឯម្ចាស់បឹងឈូកជាអ្នកថែរក្សានិងទទួលផល សេចក្តីនេះយ៉ាងណា គឺដូចជាជីវិតមនុស្សម្នាក់ ដែលកើតឡើងបានព្រោះអាស្រ័យពួជបុណ្យ​របស់ខ្លួន(ពួជឈូក) អាស្រ័យបុណ្យមេបា(ទឹកនិងភក់) អ្នកថែឈូកដូចជាម្តាយចិញ្ចឹមឬម៉ែធម៌ ។ បើគិតពីគុណវិញ បើគ្មានឪម៉ែបង្កើតមកទេក៏គ្មានកូនកើតមកដែរ ព្រោះហេតុនេះម៉ែឪបង្កើតបើកូនសម្លាប់​នឹងត្រូវធ្លាក់ក្នុងអនន្តរិយកម្មជានិច្ច បើទោះជាម៉ែឪនោះអាក្រក់យ៉ាងណាក៏ដោយ(បោះបង់កូនចោលក៏ដោយ)ព្រះពុទ្ធលោកសម្តែងដូច្នេះ។ ឯឪម៉ែចិញ្ចឹម បើកូនសម្លាប់មានទោសត្រឹមបាណាតិបាត មិនមានទោសដល់អនន្តរិយកម្មទេ ! ។គុណបង្កើត គុណចិញ្ចឹម គុណផ្តល់ចំណេះវិជ្ជា គឺគុណបង្កើតធំជាងគេ ដូច្នេះម៉ែឪបង្កើតនៅតែមានគុណធំ​ជាង​ម៉ែឪចិញ្ចឹមដដែល តែណ្ហើយចុះ ! រឿងគុណធម៌កុំចេះតែថ្លឹងលេងៗអី យកល្អភារៈជាកូន គឺទោះម៉ែឪអាក្រក់យ៉ាងក៏នៅតែគោរព ឯភារៈជាម៉ែឪ បើទោះជាកូនអាក្រក់យ៉ាងណាក៏នៅតែអាណិតស្រឡាញ់​ នេះបានសមជាមនុស្ស ធ្វើខុសពីនេះគឺជាសត្វទេ ! ។ កុំភ័យខ្លាចចំពោះអ្វីដែលមិនទាន់បានដឹង និង កុំបារម្ភចំពោះអ្វីដែលមិនទាន់បានកើតឡើង ចូររស់នៅជាមួយខ្លួនឯងឲ្យបានល្អ មួយជំហានម្តងអ្នកនឹងចេះរស់នៅជាមួយបញ្ហាយ៉ាងរីករាយជាមិនខាន ។ ភ័យខ្លាចយ៉ាងណាក៏ជីវិតគង់មានសេចក្តីស្លាប់តាមជាប់ជាមួយមនុស្សដែលបានរៀបចំសេចក្តីស្លាប់ជាប់តាមខ្លួនហើយ នឹងគ្មានការភ័យខ្លាចអ្វីទាំងអស់ ! ។ សេចក្តីសុខវាឋិតនៅលើខ្លួនយើងជាអ្នកគិត ឯជីវិតវាឋិតនៅលើខ្លួនយើងជាអ្នកសាង អ្វីគ្រប់យ៉ាងវាកើតមកតែពីខ្លួនយើងទាំងអស់ « លោកនេះកើតពីកម្ម លោកនេះវិចិត្រឡើងដោយកម្ម កើតដោយកម្ម បញ្ចប់ដោយកម្ម » អ្វីៗត្រូវប្រគល់ឲ្យកម្មចាត់ចែងចុះ យើងក៏នឹងអស់កង្វល់ ! ព្រោះកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយ ! កុំប្រជែងនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត បើគិតយកឈ្នះវាមិនបានទេ មានតែត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ព្រោះក្រោយពីចិត្តចេះព្រមហើយ យើងក៏បានសម្រាក គឺការសម្រាកនោះហើយជាសន្តិភាពចិត្ត សម្រាកលែងប្រដេញតាមភាពមិនពិតដែលមាននៅក្នុងលោក ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2675/____________pic.jpg
ទស្សនៈមហាយាននិកាយវជ្រយាន (ទីបេ) និង ថេរវាទ
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
មហាយាន ម្នាក់ៗខំកសាងខ្លួនដោយការជួយមនុស្សនិងសត្វ ដើម្បីបានក្លាយជាព្រះពោធិសត្វ នឹងបានទៅរស់នៅក្នុងព្រះនិព្វានដែលជាឋានបរមសុខ(និព្វានបញ្ញត្តិជានិព្វានមានឋានមានទីតាំង) ។ សមាធិប្រឆាំងនឹងគំនិតបំពុលបីយ៉ាង ភាពល្ងង់ខ្លៅ(អវិជ្ជា) សេចក្តីត្រូវការមិនចេះចប់ ឬ គ្មានព្រំដែន (តណ្ហា) ការមានះប្រកាន់រឹងត្អឹង(ឧបាទាន) ដោយតស៌ូផ្តាច់ចំណងតណ្ហានិងការប្រកាន់មាំត្រូវពង្រឹងចិត្តមេត្តាជាគោលគ្រឹះ «សូមឲ្យទុក្ខលំបាក ការឈឺចាប់សព្វបែបយ៉ាងដែលមនុស្សសត្វមានសូមធ្លាក់​មក​លើ​ខ្លួន​អាត្មាអញទាំងអស់មកចុះ ! សូមឲ្យក្តីរីករាយរបស់អាត្មាអញផ្សាយទៅកាន់ពួកគេ ! សូមឲ្យទុក្ខសោករោគភ័យទាំងអស់ ក្តីស្រេកឃ្លានទាំងអស់ កំហឹងនិងអំពើមិនបរិសុទ្ធិទាំងអស់ឃ្លាតឆ្ងាយពីពួកគេនិងញាតិរបស់គេ ! ដោយអំណាចធម្មរតនៈជាទីពឹង អំណាចមេត្តាចិត្តជាទីពឹង សូមបានផ្តាច់​បង់​នូវហេតុរបស់ទុក្ខទាំងពួងឲ្យអស់ទៅ សូមរក្សាខ្លួនជាសុខគ្រប់ៗគ្នា សូមបានដល់នូវប្រយោជន៍និព្វាន​ជាទីពឹងគ្រប់ៗគ្នាកុំបីខាន ! (នេះជាការអធិដ្ឋានចិត្តរបស់សង្ឃឡាម៉ាទីបេ) ។ ម្នាក់ៗតស៊ូឲ្យក្លាយ​ជាព្រះពោធិសត្វសិន ទើបចំរើនអនត្តាឬសុញ្ញតសមាធិដែលជាកម្មដ្ឋាននាំឲ្យក្លាយជាព្រះពុទ្ធ ។ដើម្បីចំរើនសុញ្ញតសមាធិត្រូវមានពីរតំណាក់កាល ១ យល់ទ្រឹស្តីពីភាពទទេរ (ទទេយកអីទៅមិនបាន ,ជីវិតដូចការយល់សប្តិ , ធម្មជាតិកើតរលត់ហាមឃាត់មិនបាន,កាយគតាសតិក៏ជាអនត្តាធម៌ ឯណាទៅអញ? នេះជាដៃ ជាជើង ជាភ្នែក ជាត្រចៀក ដែលបំពេញមុខងារខុសៗគ្នាមិនអាចជំនួសគ្នាបាន , អ្វីៗបានត្រឹមតែការដឹងអារម្មណ៍....។ តំណាក់កាលទីពីរ គឺអនុវត្តសមាធិដើម្បីរកឲ្យឃើញភាពទទេរក្នុងច្បាប់ធម្មជាតិ។តាមពិតមហាយាននិកាយមួយនេះនិងថេរវាទ មានវិន័យខុសគ្នាទាំងស្រុង តែធម៌កំពូលគឺមានអនត្តាធម៌ដូចគ្នា ! គួរឲ្យរីករាយជ្រះថ្លាជាមួយដែរ ។ គោលបដិបត្តិរបស់យើងគឺ សីល សមាធិ បញ្ញា ឯខាងគេគឺ មេត្តា សមាធិ និង អនត្តាធម៌យ៉ាងនេះជាដើម ។ បើគេជឿព្រះពុទ្ធ គេគ្មាននិកាយណាមួយកើតឡើងទេ បើគេជឿព្រះពុទ្ធ គេគ្មានធម្មយុត្ត ឬមហានិកាយដែរ ! តែបើគេមានទិដ្ឋិមានះហើយ សូម្បីតែព្រះពុទ្ធក៏គេគិតថានៅមានកំហុសដែរ ! ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2677/9655pic.jpg
តម្លៃនៃការថែរក្សាខ្លួន
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
កូនអើយកេរ្តិ៍មេបា ចូររក្សាឲ្យស៊ប់សួន តំលៃថែនឹមនួន ស្មើនឹងខ្លួន មិនមានឡើយ ! ។ តម្លៃនៃពាក្យនី​មួយ ៗ បើជនឯណាបានរកឃើញអាថ៌កំបាំងដល់ឬសគល់ពិតប្រាកដរបស់វា ហើយរើសយកមកប្រើធ្វើជាមគ្គុទ្ទេសក៏ជីវិត នរជននោះនឹងបន្លុះបាននូវប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោកនាយ ៖ ១- អ្វីទៅដែលមិនអាចធ្វើបាន និង អ្វីដែលអាចធ្វើបាន ? ២- ភាពក្លាហាន និង ការភ័យខ្លាច ៣- ភាពខ្ជិលច្រអូស និង ការព្យាយាម ៤- ភាពអន្ទះសារ និង ការអត់ធ្មត់ ៥- ភាពជោគជ័យ និង ការបរាជ័យ ! ជំរៅអត្ថន័យនៃពាក្យនិមួយៗ បើយើងចេះវែកញែកពីតំលៃរបស់វា យើងនឹងចេះអភិវឌ្ឍខ្លួនឲ្យបានល្អ នេះគឺជាវិធីឈរជើងឲ្យហ្នឹងដើម្បីកុំឲ្យដួល ។ នៅសម័យពុទ្ធកាល ព្រះសារីបុត្តជាមាតាឬជាមេទ័ពធម៌(មានបញ្ញាដឹកនាំកុលបុត្រ)ព្រះមោគ្គល្លានជាបិតា ថែរក្សាការពារអ្នកព្រហើនកោងកាចដោយឬទ្ធិមកពីខាងក្រៅ ទើបព្រះសាសនាប្រកាសផ្សាយទៅតាមលំអាន មិនមានអ្វីជាឧបសគ្គ ៖ សម័យថ្ងៃមួយ មានព្រះអរហន្តវ័យក្មេង មួយអង្គកំពុងតែបញ្ចុកបបរ ភិក្ខុជរានៅជើងភ្នំ ស្រាប់តែមានគ្រុឌ(សត្វបក្សីធំអាចជាឥន្ទ្រីយ៍)ដេញតាមឆាបសត្វនាគ(សត្វពស់ដ៏ធំ)តំរង់មក ដៃម្ខាងរបស់លោកកាន់ ចាន បបរ ឯដៃម្ខាងទៀតលូកបក់ក្លាយជាភ្នំបាំងជិតមិនឲ្យសត្វគ្រុឌរកនាគឃើញ លុះវារកនាគមិនឃើញវាក៏ហើរចាកចេញទៅ។ព្រះអរហន្តអង្គនោះលោកពោលថា បើគ្មានយើង(លោកពោលនាមរបស់លោក) នៅទីនេះទេ ច្បាស់ជាមានការកាប់សម្លាប់គ្នាជាមិនខាន ! ។ ទីណាមានសមណៈសក្យបុត្រទីនោះនឹងមិនឲ្យមានការកាប់សម្លាប់គ្នាឡើយ ! ។ តាមរយះរឿងនេះ ពុទ្ធបុត្រគឺមិនអាចឈរមើលការវិវាទ ដោយមិនជួយរំងាប់ឬដើរចេញយករួចខ្លួនបានឡើយ ! ឯការខិតខំសាងកាយឲ្យមានឬទ្ធិហើយការពារសាសនាគឺជាកុសលទេតើ ! នៅពុទ្ធកាលបើគ្មានអ្នកមានឬទ្ធិទេ មិនដឹងជាពួកព្រាហ្មណ៍បៀតបៀនពុទ្ធបរិស័ទយ៉ាងណា?។ហេតុនេះបើយើងធ្វើមិនបាន សូមកុំសំគាល់ថាអ្នកដទៃដែលគេបង្អោនចិត្តទៅយកឬទ្ធិអភិញ្ញា បង្អោនចិត្តទៅយកឈាន កុំទើសចិត្តថាគេខុសអី បើយើងធ្វើមិនបាន(មិនបានសន្សំហេតុទុកមក) យ៉ាងហោចណាស់ក៏គេទទួលស្គាល់ថាធម៌នេះរមែងមាននៅក្នុងលោកយ៉ាងនេះក៏បានបុណ្យដែរ ។ ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2676/76fftpic.jpg
៨០%នៃស្ត្រីជ្រើសរើស យកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់
ផ្សាយ : ១៤ តុលា ឆ្នាំ២០២១
៨០%នៃស្ត្រី ជ្រើសរើសយកភាពស្ងប់ស្ងាត់ ដើម្បីបំភ្លេចការឈឺចាប់ ជាជាងជ្រើសរើសយកការត្អូញ​ត្អែរ ប៉ុន្តែអ្នកដឹងទេថា ការឈឺចាប់របស់នាងខ្លាំងបំផុតគឺនៅពេលមនុស្សដែលនាងស្រឡាញ់បានបោះ​បង់នាងចោល ហើយទៅអោបស្រីថ្មី តើគំនិតនេះពិតឬទេ ? វាផ្ទុយពីបុរស ដែលត្រូវស្រីបោះបង់ចោល គេមានការឈឺចាប់រយះពេលខ្លី ហើយមានដៃគូជាថ្មីភ្លាមមួយរំពេច ព្រោះការផ្លាស់ប្តូរគឺជានិស្ស័យរបស់គេស្រាប់ ។ តាមច្បាប់ធម្មជាតិឬច្បាប់កម្ម ជីវិតរបស់អ្នកវាជាការជ្រើសរើសរបស់អ្នក គូស្រករក៏ជាការជ្រើសរើសរបស់អ្នក បើអ្នកបែរជាមិនពេញចិត្តនឹងជីវភាពរបស់អ្នក អ្នកត្រូវបង្កើតជំរើសថ្មីទៀតទៅ ហេតុអីចាំបាច់បំផ្លាញវាចោលធ្វើអី ? ទុក្ខសោកមិនមែនត្រូវបានបញ្ចប់តាមតែការគិតរបស់អ្នកឯណា ! ព្រោះអ្វីៗនៅក្នុងលោកនេះវាគ្មានទីបញ្ចប់នោះទេ ។ ស្នេហាធំជាងមហាសមុទ្ទ ស្នេហាភ្លឺថ្លាជាងពេជ្រ ស្នេហាមានអំណាចជាងស្តេចចក្រពត្រ ស្នេហាស្រេក​ឃ្លានជាងជនអានាថា ស្នេហាមានជំរៅជ្រៅលើសមហាសាគរ ស្នេហាមានកំដៅក្តៅជាងពន្លឺព្រះអាទិត្យ ស្នេហាមានកម្លាំងខ្លាំងជាងអាប៉ូឡូ ស្នេហាខ្លាំងជាងជំងឺចុះក្អួត ស្នេហាកំណាញ់ជាងជនកំណាញ់នៅក្នុងលោក.....(ជួយរៀបរាប់ថែមទៀតផង) ។ ស្នេហាគឺជារឿងល្អ ព្រោះនាំមនុស្សឲ្យចេះគិត ឲ្យចេះអត់ធន់ ឲ្យចេះមានគំនិតក្នុងការបង្កើត មានគំនិតឆ្នៃប្រឌិត នាំមកនូវសុខភាពកាយចិត្ត នាំឲ្យមានសុភមង្គលក្នុងជីវិត នាំឲ្យមានភាពល្បីរន្ទឺ នាំឲ្យមានការត្រាស់ដឹងពីជីវិត ។ល។ ប៉ុន្តែបើគេប្រើវាខុស ឬ ដៃគូមិនទាន់បានយល់ពីរឿងនេះទេ វាបង្កើតឲ្យមានបញ្ហាច្រើនយ៉ាងណាស់ ! ពេលខ្លះវានាំឲ្យក្លាយជាពិរុទ្ធជនបានទៀតផង ! « ធ្លាក់នរកទាំងរស់ » ឬ រហេមរហាមដូចអណ្តើកចូលភ្លើងជាមិនខាន « ជីវិតអត់ធម៌មិនបានឡើយ »ព្រោះ ចិញ្ចឹមជីវិតគេត្រូវការចំណេះ តែចិញ្ចឹមគ្រួសារគេត្រូវការគុណធម៌ ! ។ អ្នកមានស្នេហា បើប្រាថ្នាជាអរិយបុគ្គលក្នុងពុទ្ធសាសនា បានដល់អានាគាមីបុគ្គលឯណោះ ហើយបានទ្រទ្រង់ពុទ្ធសាសនាបានយ៉ាងល្អទៀតផង ។ បើគ្មានអ្នកនៅដាំបាយទេ តើអ្នកបួសបានអីឆាន់ ? ប្រភពហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/2622/text43pic.jpg
ឃដិការសូត្រ
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនអង្គ ។ ក្នុងអដ្ឋកថាធម្មបទ រឿងទី ៩ នៃពុទ្ធវគ្គ បញ្ជាក់ថា ព្រះតថាគតជាព្រះបរមសាស្តា មានបរិវារជាព្រះភិក្ខុសង្ឃដ៏ច្រើនស្តេចចេញចាកក្រុងសាវត្ថី ឆ្ពោះទៅកាន់ក្រុងពារាណសីដោយលំដាប់ ក្នុងរវាងផ្លូវព្រះអង្គទ្រង់គង់ប្រថាប់នៅនាទេវស្ថានមួយ ជិតស្រុកតោទេយ្យគ្រាម ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ព្រះកស្សបទសពល ជាព្រះអរហន្តសម្មាសម្ពុទ្ធ ធ្លាប់គង់ប្រថាប់ប្រទានឱវាទដល់ភិក្ខុសង្ឃក្នុងទីនេះ ដែលក្នុងកាលនោះ ទីនេះមានឈ្មោះថា វេភឡិគនិគម ។ នៅពេលដែលព្រះអានន្ទដ៏មានអាយុ ក្រាលសង្ឃាដីមានជាន់ ៤ បានអារាធនាយាងព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ សូមព្រះដ៏មានព្រះភាគទ្រង់គង់សិន កាលបើព្រះអង្គទ្រង់គង់ហើយ ភូមិប្រទេសនេះ នឹងបានឈ្មោះថា មានព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ ទ្រង់បានប្រើប្រាស់ហើយ ។ កាលដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់ហើយ ទើបព្រះអង្គទ្រង់ត្រាស់សម្តែងប្រវត្តិរឿងរ៉ាវរបស់ព្រះអង្គ ដែលក្នុងកាលនោះ ព្រះអង្គជាព្រះបរមពោធិសត្វ ជោតិបាលមាណព មាន ឃដិការ ស្មូនឆ្នាំងជាសម្លាញ់ដ៏ជាទីពេញចិត្ត ។ ឃដិការស្មូនឆ្នាំងជាព្រះអនាគាមិបុគ្គល និងជាអ្នកបម្រើដ៏ប្រសើររបស់ព្រះសម្មាសម្ពុទ្ធកស្សបទសពល ឃដិការស្មូនឆ្នាំងនេះឯងដែលបានបបួល បានណែនាំព្រះបរមពោធិសត្វ ដោយការបបួលដ៏មានកម្លាំងក្រៃលែង ដើម្បីបានព្រះបរមពោធិសត្វ ជោតិបាលមាណព ចូលគាល់ព្រះសម្មាសម្ពុទ្ធ នៅត្រង់វេភឡិគនិគមនោះឯង ។ ជោតិបាលមាណព បរមពោធិសត្វ មានត្រកូលខ្ពង់ខ្ពស់ជាងឃដិការស្មូនឆ្នាំង លុះដល់ឃដិការស្មូនឆ្នាំង បបួលជាច្រើនដង រហូតដល់ចាប់ទាញសក់ទៅទៀត ទើបគិតថា អស្ចារ្យណាស់ នេះមិនមែនជាការចាប់ទាញដ៏ថោកថយឡើយ ហើយក៏មិនមែនជាកម្លាំងផ្ទាល់របស់សម្លាញ់ដែរ គឺពិតជាកម្លាំងរបស់ព្រះសាស្តាសម្មាសម្ពុទ្ធ លុះគិតដូច្នេះហើយ ទើបបានព្រមចូលគាល់ព្រះសម្មាសម្ពុទ្ធ ស្តាប់ធម្មកថា ។ ព្រះកស្សបទសពល ទ្រង់ត្រាស់នូវធម្មកថាដើម្បីឲ្យជោតិបាលមាណពត្រឡប់មកមានសតិ ដោយន័យនេះ គឺថា ម្នាលជោតិបាល អ្នកមិនមែនជាបុគ្គលធ្លាក់ចុះក្នុងឋានៈថោកថយនោះឡើយ ព្រោះអ្នកបានប្រាថ្នា សព្វញ្ញុតញ្ញាណ នឹងបានឡើងកាន់មហាពោធិបល្ល័ង្ក ដូច្នេះ បុគ្គលដូចជាអ្នកហ្នឹងឯង មិនគប្បីរស់នៅដោយសេចក្តីប្រមាទឡើយ ។ ព្រះបរមពោធិសត្វ បានចូលកាន់ផ្នួសតាំងនៅក្នុងចតុប្បារិសុទ្ធិសីល ហើយរៀននូវព្រះពុទ្ធវចនៈគឺព្រះត្រ័យបិដក សមាទានធុតង្គ ១៣ ចូលព្រៃ បំពេញគតវត្ត និងបច្ចាគតវត្ត ធ្វើសមណធម៌ចម្រើនវិបស្សនា ។ បន្ទាប់មក ព្រះកស្សបទសពល ទ្រង់យាងទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី ។ ព្រះរាជាដែនកាសីក្នុងកាលនោះ ព្រះនាមព្រះបាទកិកិ បានអារាធនាព្រះដ៏មានព្រះភាគ ព្រមដោយភិក្ខុសង្ឃទទួលចង្ហាន់ និងអារាធនាព្រះអង្គឲ្យគង់ចាំវស្សាក្នុងក្រុងពារាណសី ទាំងរ៉ាប់រងបម្រើព្រះពុទ្ធអង្គនិងភិក្ខុសង្ឃ ២ ម៉ឺនអង្គ ប៉ុន្តែព្រះបរមសាស្តាសម្មាសម្ពុទ្ធ មិនបានទទួលក្នុងការចាំព្រះវស្សា នៅក្នុងក្រុងពារាណសីឡើយ ព្រោះព្រះអង្គបានទទួលពាក្យរបស់ឃដិការស្មូនឆ្នាំងទៅហើយ រឿងនេះ បានធ្វើឲ្យព្រះរាជាមានព្រះចិន្តារាយមាយ ទោមនស្សក្នុងព្រះហឫទ័យ ។ ព្រះរាជាទ្រង់ទោមនស្ស តូចព្រះហឫទ័យពិត តែមិនមែនប្រារព្ធទៅរកព្រះតថាគតឡើយ ព្រោះព្រះរាជាទ្រង់ជាព្រះសោតាបន្នបុគ្គល គ្រាន់តែព្រះអង្គតូចព្រះហឫទ័យថា យើងមិនបានថ្វាយទានអស់ ៣ ខែ មិនបានស្តាប់ព្រះធម៌ និងមិនបានបដិបត្តិភិក្ខុសង្ឃដល់ទៅ ២ ម៉ឺនអង្គ គឺទ្រង់ទោមនស្សរឿងហ្នឹងឯង ។ ព្រះអដ្ឋកថា បានសម្តែងអំពីដំណើរដែលព្រះបាទកិកិ សម្រេចសោតាបត្តិផល គឺក្នុងកាលដើមឡើយ ព្រះរាជាទ្រង់រាប់អានពួកព្រាហ្មណ៍ ពេលមួយទ្រង់ចេញទៅបំពេញរាជកិច្ចជាយដែន បានផ្តាំផ្ញើកិច្ចការបម្រើព្រាហ្មណ៍ទាំងនោះ នឹងធីតារបស់ព្រះអង្គព្រះនាមឧរច្ឆទា ។ ព្រះនាងឧរច្ឆទាចុះពីប្រាសាទមកហើយ មិនបានជ្រះថ្លានឹងពួកព្រាហ្មណ៍ទាំងនោះឡើយ ដោយសារពួកព្រាហ្មណ៍ទាំងនោះខ្វះការសង្រួម សម្លឹងមើលព្រះនាងមិនដាក់ភ្នែក... ព្រះនាងក៏ឡើងកាន់ប្រាសាទវិញទៅ ។ ថ្ងៃមួយទតព្រះនេត្រទៅថ្នល់ ព្រះនាងជ្រះថ្លានឹងព្រះអគ្គសាវ័ក ឲ្យគេនិមន្តមកហើយ ប្រគេនចង្ហាន់បិណ្ឌបាត ស្តាប់ព្រះធម្មទេសនា សម្រេចសោតាបត្តិផល ។ លុះដល់ព្រះរាជាស្តេចយាងមកវិញ ដើម្បីដោះស្រាយក្នុងរឿងនេះ ពួកញាតិរបស់ព្រះនាងឧរច្ឆទា បានសូមពរអំពីព្រះរាជាឲ្យព្រះនាងឧរច្ឆទាសោយរាជ្យ ៧ ថ្ងៃ តាមដែលព្រះរាជាបានប្រទានពរតាំងពីព្រះនាងទើបតែប្រសូតមកនោះឯង ។ នៅពេលបានសោយរាជ្យ ព្រះនាងបានចាត់ចែងថ្វាយទាន យាងព្រះបិតាឲ្យមកស្តាប់ព្រះធម្មទេសនាដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែង ព្រះរាជាក៏បានតាំងនៅក្នុងសោតាបត្តិផលពេលនោះឯង ។ ជាធម្មតារបស់ព្រះសោតាបន្នបុគ្គល រមែងមិនមានអាឃាតប្រារព្ធចំពោះព្រះតថាគតឡើយ ហើយក្នុងកាលនោះ ព្រះរាជាដែនកាសី ព្រះនាមកិកិ បានក្រាបបង្គំទូលសួរព្រះកស្សបទសពល ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះបុគ្គលដទៃណាមួយ ដែលជាអ្នកបម្រើដ៏វិសេសជាងខ្ញុំព្រះអង្គទៅទៀតនោះ តើមានដែរឬ ព្រះអង្គ ? នៅក្នុងបិដក ៩ ទំព័រ ដែលព្រះពុទ្ធកស្សបទសពល ទ្រង់ត្រាស់សម្តែងសរសើរគុណរបស់ឃដិការស្មូនឆ្នាំង ។ នៅក្នុងគម្ពីរពុទ្ធវង្សបិដកលេខ ៧៧ ទំព័រ ២២៦ សម្តែងថា ឧបាសកដែលជាអគ្គឧបដ្ឋាកនៃព្រះកស្សបទសពល គឺសុមង្គលឧបាសក ១ និងឃដិការឧបាសក ១ ដូចគ្នានឹងនៅក្នុងព្រះសាសនាព្រះសមណគោតមបរមគ្រូ គឺចិត្តឧបាសក ១ និងហត្ថាឡវកឧបាសក ១ ដោយប្រការដូច្នេះឯង ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2630/te______xtpic.jpg
មិនបានអ្វីនោះមែន  តែក៏មិនកើតទុក្ខដែរ
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
ក្រោកព្រឹកឡើង យើងមិនដែលកើតទុក្ខព្រោះមិនបានសោយរាជ្យនោះឡើយ នេះមកអំពីយើងមិនដែលនឹកចង់សោយរាជ្យម្តងណាហ្នឹងឯង នេះគឺជាឧទាហរណ៍សម្រាប់ឲ្យយើងយល់អំពីការមិនមានទុក្ខកង្វល់ គឺនៅត្រង់ដែលមិនត្រូវការ មិនប្រាថ្នា មិនហួងហែង ។ គួរសិក្សាអំពីនគរកាយ អប់រំបរិញ្ញា កាត់បន្ថយចំណង់ក្នុងការគ្រប់គ្រងហួងហែង រហូតដល់អស់ចំណង់ ដូចដែលយើងមិនចង់ធ្វើស្តេចសោយរាជ្យដូច្នោះឯង ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ការអស់តណ្ហាឈ្នះអស់ទុក្ខទាំងពួង ។ ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2632/433covered.jpg
ការវង្វេងរបស់ចិត្ត
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះ វាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អ​មើលប៉ុនណា ពីរោះប៉ុនណា ក៏យើងមិនបានភ្លើតភ្លើនទៅដែរ យ៉ាងណា បើនឹងយកមាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោក អាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត ។ អ្នកដែលមិនមានការអប់រំចិត្ត ចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណា ឮសូរតែរអ៊ូរទាំ រៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាង ផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាត កើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯង ស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាច នេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត ។ ៚ប.ស.វ. ដោយ៥០០០ឆ្នាំ
images/articles/2633/645overed.jpg
បុណ្យក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
ការធ្វើបុណ្យក្នុងព្រះពុទ្ធសាសនា បុណ្យដែលធំដុំមែនទែន នៅត្រង់លះកិលេសក្នុងចិត្តខ្លួនឯង ដូច្នេះអ្នកធ្វើទាន រក្សាសីលជា-ដើមហើយ ត្រូវចេះនឹកដល់បុណ្យធំៗផ្សេងទៀត ដូចជាការចម្រើនមេត្តាចិត្ត ការឲ្យអភ័យ សេចក្តីអត់ធន់ អនិច្ចសញ្ញា សិក្សាការពិត ។ល។ នៅក្នុងភិក្ខុវគ្គ ព្រះគាថាធម្មបទ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ មេត្តាវិហារី យោ ភិក្ខុ បសន្នោ ពុទ្ធសាសនេ អធិគច្ឆេ បទំ សន្តំ សង្ខារូបសមំ សុខំ ។ ភិក្ខុណា នៅដោយអំណាចមេត្តា ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ភិក្ខុនោះ រមែងបានបទដ៏ស្ងប់ ជាទីរម្ងាប់នូវសង្ខារ នាំមកនូវសេចក្តីសុខ ។ ដកស្រង់ពី សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2636/43overed.jpg
មនុស្សល្អពិត
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធ-អង្គទ្រង់ត្រាស់ថា៖ ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។ បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។ យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។ លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើង ធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អទៅបាន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/2647/te___xtpic.jpg
មឃទេវសូត្រ
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ក្នុងមឃទេវម្ពវ័ន ជិតក្រុងមិថិលា។ បទថា មឃទេវម្ពវនេ ដោយសេចក្តីថា ព្រះបរមពោធិសត្វ ជាព្រះរាជាព្រះនាម មឃទេវៈ ត្រាស់បង្គាប់ឲ្យដាំដើមស្វាយច្រើនដើមក្នុងទីនេះឯង ។ ព្រះមេឃទេវៈ បរមពោធិសត្វ បួសជាតាបសនៅក្នុងព្រៃស្វាយនេះ នៅពេលដែលព្រះកេសារបស់ព្រះអង្គមានស្កូវ ព្រះអង្គបានផ្តាំព្រះរាជបុត្រច្បងឲ្យរក្សានូវកល្យាណវត្តនេះ គឺឲ្យចេញទៅបួសនៅពេលណាដែលបានឃើញសក់របស់ខ្លួនមានស្កូវហើយ ។ ព្រះរាជបុត្រ និងព្រះរាជនត្តានៃព្រះបាទមឃទេវរាជនោះ តៗព្រះរាជវង្ស អស់ចំនួន ៨ ហ្មឺន ៤ ពាន់តំណ ហើយបានបួសទៅតាមកល្យាណវត្ត នៅក្នុងមឃទេវម្ពវ័ននេះឯង ។ ឥសីទាំងនោះ បានចម្រើនព្រហ្មវិហារធម៌ មានមេត្តាជាដើម អស់ព្រះជន្មហើយចូលទៅកាន់ព្រហ្មលោក ដោយអំណាចកម្មនាំឲ្យបដិសន្ធិ ។ ក្នុងបណ្តាព្រះរាជាទាំងអម្បាលនោះ ព្រះមឃទេវៈ បរមពោធិសត្វ បានចុតិអំពីព្រហ្មលោក មកជាស្តេចចុងក្រោយក្នុងការបំពេញកល្យាណវត្តនេះ ព្រះនាមព្រះបាទនិមិរាជ ។ ព្រះនិមិរាជ បរមពោធិសត្វ មុននឹងសាងព្រះផ្នួស ព្រះអង្គបានយាងទៅទស្សនាឋាននរក និងឋានទេវលោក ដោយទិព្វយានរបស់ព្រះមាតលិទេវបុត្រ ដូចមានក្នុងព្រះជាតកស្រាប់ ។ ព្រះនិមិរាជ បរមពោធិសត្វ ព្រះអង្គមានព្រះរាជបុត្រ ព្រះនាមថា កឡារជនកៈ ។ ព្រះរាជបុត្រនេះឯងដែលបានផ្តាច់នូវកល្យាណវត្ត គឺមិនបានចេញទៅបួសឡើយ ។ នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់អំពីកល្យាណវត្តគឺអរិយមគ្គអង្គ៨ ដែលព្រះអង្គបានតាំងទុកហើយ ប្រព្រឹត្តទៅដើម្បីរួចផុតចាកទុក្ខ ដោយព្រះពុទ្ធដីកាថា អ្នកទាំងឡាយគប្បីប្រព្រឹត្តតាមចុះ អ្នកទាំងឡាយ កុំជាបុរសចុងក្រោយនៃតថាគតឡើយ ។ ពាក្យថាបុរសចុងក្រោយ ( អន្តិមបុរិសោ ) បានដល់ កល្យាណវត្តគឺអរិយមគ្គអង្គ ៨ ដាច់សូន្យទៅ ក្នុងយុគនៃបុរសណា ក្នុងបណ្តាបុរសទាំងឡាយនោះ យុគនៃបុរសនោះ ប្រព្រឹត្តទៅជាបុរសចុងក្រោយ ។ ក្នុងបទ សមុច្ឆេទោ ហោតិ គប្បីជ្រាបថា ភិក្ខុមានសីល កាលដែលមិនព្យាយាម ដោយគិតថា យើងមិនអាចសម្រេចបាននូវព្រះអរហត្ត ឈ្មោះថា រមែងកាត់នូវកល្យាណវត្តនោះ ចំណែកបុគ្គលទ្រុស្តសីល ឈ្មោះថា កាត់ហើយ រីឯព្រះសេក្ខបុគ្គលទាំង ៧ ពួក ឈ្មោះថា រមែងឲ្យប្រព្រឹត្តទៅ និងឈ្មោះថា ឲ្យប្រព្រឹត្តទៅហើយ សម្រាប់ព្រះខីណាស្រព ។ សូមអនុមោទនា ! ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគទី១១ ដោយ៥០០០ឆ្នាំ
images/articles/2648/tex567tpic.jpg
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
ដឹងខ្លួនថាកំពុងវង្វេង គឺល្អណាស់ ល្អត្រង់ចេះសាកសួររកផ្លូវត្រូវ តែបើកំពុងវង្វេងហើយ ដឹងខ្លួនថា ខ្លួនឯងជាអ្នកចេះដឹង បែបហ្នឹងប្រាកដជាជួបគ្រោះថ្នាក់ ។ តើយើងមានចិត្តចង់ស្តាប់អ្នកដែលអស់កិលេស និយាយឲ្យយើងស្តាប់ដែរឬទេ ? អ្នកដែលអស់កិលេស គឺអ្នកដែលស្គាល់ផ្លូវរួចផុតចាកទុក្ខ ។ តើយើងមានដឹងខ្លួនថា យើងកំពុងតែវង្វេងក្នុងវដ្តសង្សារដែរឬទេ ? បើដឹងខ្លួនថាកំពុងវង្វេង យើងប្រាកដជាចូលចិត្តស្តាប់ ចូលចិត្តសិក្សានូវព្រះពុទ្ធដីកា តាមរយៈព្រះត្រៃបិដក និងពិចារណាតាមអដ្ឋកថា មិនខានឡើយ ។ ក្នុងពាលវគ្គ ( វគ្គទី ៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ៖ យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះ នឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួនថាជាពាលនោះឯង ចំណែកបុគ្គលណា ជាមនុស្សពាល មានសេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល​ដោយពិត ។ ដកស្រង់ចេញពី សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
images/articles/2650/tex_________tpic.jpg
ការពិតគ្រប់យ៉ាង សម្រាប់សិក្សា
ផ្សាយ : ០៦ តុលា ឆ្នាំ២០២១
យើងអាល័យអតីតកាល ដោយមិនបានដឹងទោសនៃអតីតធម៌នោះៗ រឿងខ្លះ យើង​ទម្លាក់កំហុសដាក់អ្នកដទៃថា អ្នកនោះធ្វើឲ្យយើងបាត់បង់នូវសេចក្តីសុខ សេចក្តីស្រឡាញ់... តាមពិត អ្វីៗដែលមិនទៀងទាត់ហ្នឹងឯង បានជាមេរៀនឲ្យយើងចេះដឹងថា អ្វីដែលកើតឡើងគឺត្រឹមត្រូវតាមហេតុ ទាមទារមិនបាន ហាមឃាត់មិនបាន ។ នៅក្នុងមគ្គវគ្គ ( វគ្គទី ២០ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖ សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។ កាលណា បុគ្គលបានឃើញដោយប្រាជ្ញាថា សង្ខារទាំងពួងមិនទៀងដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ ដកស្រង់​ពី​ សៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).