Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
GENERAL KNOWLEDGE
១១២ អត្ថបទ
images/articles/3379/fcda812b584698f1d572a1cdc2fc5f3b.jpg
Public date : 14, Apr 2026 (2,602 Read)
រូបមង្គល ១០៨ មាន៖ ១. រូបលំពែង ២. រូបផ្ទះកំពូល ៣. រូបផ្កាចន្ធូ ៤. រូបសវត្ថិកៈ គឺរូបស្នាមកាកបាទទាញទៅមុមខាងស្តាំ ៥. រូបផ្កាឈើក្រងលើសីសៈ ៦. រូបថាសដាក់គ្រឿងសំណែន ៧. រូបតាំងមាស ៨. រូបកង្វេរដំរី ៩. រូបប្រាសាទ ១០. រូបសសរបង្គោល ១១. រូបស្វេតច្ឆ័ត្រ ១២. រូបព្រះខ័ន ១៣. រូបផ្លឹតស្លឹកត្នោត ១៤. រូបផ្លឹតកន្ទុយក្ងោក ១៥. រូបក្បាំង ១៦. រូបបាត្រ ១៧. រូបកែវមណី ១៨. រូបភួងផ្កាម្លិះ ១៩. រូបព្រលឹតខៀវ ២០. រូបព្រលឹតក្រហម ២១. រូបព្រលឹតស ២២. រូបផ្កាឈូកក្រហម ២៣. រូបផ្កាឈូកស ២៤. រូបឆ្នាំងដាក់ទឹកពេញ ២៥. រូបថាសដាក់ទឹកពេញ ២៦. រូបមហាសមុទ្រ ២៧. រូបភ្នំចក្រវាឡ ២៨. រូបភ្នំហិមពាន្តតាំងនៅក្នុងជម្ពូទ្វីប ២៩. រូបភ្នំសិនេរុ ៣០. រូបព្រះអាទិត្យ ៣១. រូបព្រះចន្ទ ៣២. រូបផ្កាយនក្ខត្តប្ញក្ស ៣៣. រូបជម្ពូទ្វីប ៣៤. រូបបុព្វវិទេហទ្វីប ៣៥. រូបអមរគោយានទ្វីប ៣៦. រូបឧត្តរកុរុទ្វីប ៣៧. រូបព្រះចៅចក្រពត្តិ និងរូបបរិវារ ៣៨. រូបស័ង្ខសវិលទៅខាងស្តាំ ៣៩. រូបត្រីមាសមួយគូ ៤០. រូបកងចក្រ ៤១. រូបស្ទឹងធំ ទី ១ ៤២. រូបស្ទឹងធំ ទី ២ ៤៣. រូបស្ទឹងធំ ទី ៣ ៤៤. រូបស្ទឹងធំ ទី ៤ ៤៥. រូបស្ទឹងធំ ទី ៥ ៤៦. រូបស្ទឹងធំ ទី ៦ ៤៧. រូបស្ទឹងធំ ទី ៧ ៤៨. រូបភ្នំយុគន្ធរ ៤៩. រូបភ្នំឥសិន្ធរ ៥០. រូបភ្នំករវិក ៥១. រូបភ្នំសុទស្សន ៥២. រូបភ្នំនេមិន្ធរ ៥៣. រូបភ្នំវិន្តក ៥៤. រូបភ្នំអស្សកណ្ណ ៥៥. រូបស្រះអនោតត្ត ៥៦. រូបស្រះកណ្ណមុណ្ឌ ៥៧. រូបស្រះរថការ ៥៨. រូបស្រះឆន្ទន្ត ៥៩. រូបស្រះកុណាល ៦០. រូបស្រះមណ្ឌាកិនី ៦១. រូបស្រះសីហប្បបាត ៦២. រូបស្តេចគ្រុឌ ៦៣. រូបក្រពើ ៦៤. រូបទង់ជ័យ ៦៥. រូបទង់សំពត់ ៦៦. រូបវហ៍កែវ (គ្រែស្នែង) ៦៧. រូបផ្លិតមាស ៦៨. រូបភ្នំកៃលាស ៦៩. រូបស្តេចរាជសីហ៍ ៧០. រូបស្តេចខ្លាធំ ៧១. រូបស្តេចសេះវលាហក ៧២. រូបស្តេចដំរីឧបោសថ ៧៣. រូបស្តេចនាគវាសុកី ៧៤. រូបស្តេចហង្ស ៧៥. រូបស្តេចគោឧសភ ៧៦. រូបស្តេចដំរីឯរាវ័ណ ៧៧. រូបមករមាស (ដូចនាគ តែមានជេីង) ៧៨. រូបសំពៅមាសមុខបួន ៧៩. រូបមេគោដោះ ៨០. រូបកិន្នរ ៨១. រូបកិន្នរី ៨២. រូបសត្វករវិក ៨៣. រូបស្តេចក្ងោក ៨៤. រូបស្តេចក្រៀល ៨៥. រូបស្តេចសត្វចាកក្រពាក ៨៦. រូបស្តេចសត្វព្រហីត (សត្វជីវញ្ជីវ) ៨៧. រូបស្ថានសួគ៌ជាន់ចាតុម្មហារាជិកា ៨៨. រូបស្ថានសួគ៌ជាន់តាវត្តិង្ស ៨៩. រូបស្ថានសួគ៌ជាន់យាមា ៩០. រូបស្ថានសួគ៌ជាន់តុសិត ៩១. រូបស្ថានសួគ៌ជាន់និម្មានរតី ៩២. រូបស្ថានសួគ៌ជាន់បរនិម្មិតវសវតី ៩៣. រូបស្ថានព្រហ្មលោកជាន់បារិសជ្ជា ៩៤. រូបស្ថានព្រហ្មលោកជាន់បុរោហិតា ៩៥. រូបស្ថានព្រហ្មលោកជាន់មហាព្រហ្មា ៩៦. រូបស្ថានព្រហ្មលោកជាន់បរិត្តាភា ៩៧. រូបស្ថានព្រហ្មលោកជាន់អប្បមាណាភា ៩៨. រូបស្ថានព្រហ្មលោកជាន់អាភស្សរា ៩៩. រូបស្ថានព្រហ្មលោកជាន់បរិត្តសុភា ១០០. រូបស្ថានព្រហ្មលោកជាន់អប្បមាណសុភា ១០១. រូបស្ថានព្រហ្មលោកជាន់សុភកិណ្ណា ១០២. រូបស្ថានព្រហ្មលោកជាន់វេហប្ផលា ១០៣. រូបស្ថានព្រហ្មលោកជាន់អសញ្ញិសត្តា ១០៤. រូបស្ថានព្រហ្មលោកជាន់អវិហា ១០៥. រូបស្ថានព្រហ្មលោកជាន់អតប្បា ១០៦. រូបស្ថានព្រហ្មលោកជាន់សុទស្សា ១០៧. រូបស្ថានព្រហ្មលោកជាន់សុទស្សី ១០៨. រូបស្ថានព្រហ្មលោកជាន់អកនិដ្ឋ មើលអត្ថន័យ នៃរូបមង្គល១០៨ (ចុចទីនេះ ទំព័រ៣៦) សាលកុសុនិយត្ថេរាបទាន​ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់បរិនិព្វានហើយ ខ្ញុំបានបូជាផ្ការាំងចំពោះជើងថ្ករ ដែលគេលើកឡើងហើយ ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះខ្ញុំដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាជើងថ្ករ ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយខ្ញុំមិនអាសវៈ ព្រោះបានកាត់ចំណងដូចជាដំរីកាត់ផតាច់នូវទន្លីង ។ ឱ ! ខ្ញុំមកល្អហើយក្នុងសំណាក់នៃព្រះពុទ្ធរបស់ខ្ញុំ វិជ្ជា៣ ខ្ញុំបានដល់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបតិ្តហើយ ។ បានឮថា ព្រះសាលកុសុមិយត្ថេរ មានអាយុ បានសំដែង​នូវគាថាទាំងនេះដោយប្រការដូច្នេះ ។​ (បិដកលេខ ៧៥ ទំព័រ ៥១) ដោយ៥០០០ឆ្នាំំ
images/articles/3375/2024-10-31_14_26_24______-Window.jpg
Public date : 19, Mar 2026 (2,172 Read)
ប្រវត្តិអនាគារិកៈ ធម្មបាល ជាជនជាតិស្រីលង្កាហើយជាអ្នកមានឧបការច្រើនក្នុងព្រះពុទ្ធសាសនាហើយក៏ជាអ្នកស្តារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា។ អនាគារិក ធម្មបាល កើតក្នុងឆ្នាំ ១៨៣៣ នៅក្នុងគ្រួសារ​ស្តុក​ស្តម្ភ និង ជាគ្រួសារដែលមានការគោរពយ៉ាងខ្លាំងចំពោះព្រះពុទ្ធ​សាសនា ។ ធម្មបាល មានបំណងប្រាថ្នាបូជាកម្លាំងកាយចិត្ត និងទេព​កោសល្យដែលមាន ដើម្បី​ជួយ​ស្រោចស្រង់ព្រះពុទ្ធសាសនាដែលកំពុង​ចុះ​អាប់ឱន និងឈប់ស្ងៀមទ្រឹង អស់ជាច្រើនសតវត្សរ៍​មកហើយ នៅ​ក្នុង​ប្រទេសឥណ្ឌា ។ នៅក្នុងឆ្នាំ ១៨៩១ ធម្មបាល បានមកដល់សាន៌ាថ (ពារាណសី) ហើយគាត់មានការរន្ធត់ជាខ្លាំងដោយបានឃើញកន្លែងព្រះអង្គសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ បានប្រែក្លាយទៅជាកន្លែងអ្នកស្រុកចាក់សំរាម និងជាកន្លែងចិញ្ចឹមសត្វទៅវិញ ។ ពុទ្ធស្ថានបុរាណនេះមិនត្រូវ​បានគេ​អើពើ និងចាប់អារម្មណ៍អ្វីឡើយ ។ ស្ថូបនានាដែលនៅមានឥដ្ឋល្អ​ៗ​ ត្រូវ​បានគេរំលំ ហើយយកឥដ្ឋនោះទៅធ្វើសំណង់ផ្សេងៗទៀត ។ បន្ទាប់មកទៀត អនាគារិក ធម្មបាល បានមកកាន់ពុទ្ធគយា ​(កន្លែងព្រះពុទ្ធទ្រង់ត្រាស់ដឹង) ។ មុនពេលដែលគាត់មកដល់ ចេតិយ​ពុទ្ធគយាត្រូវបានគេជួសជុលខ្លះៗមកហើយ ប៉ុន្តែមិនទាន់មាន​អ្នកណា​ការ​ពារ និងអភិរ័ក្សឡើយ ហើយនៅក្នុងបរិវេណព្រះចេតិយ​ពោរពេញ​ទៅដោយភាពគគ្រិច និង​ស្មោកគ្រោក ។ ព្រះចេតិយពុទ្ធគយា មិនមានពុទ្ធសាសនិក ធ្វើការគោរពបូជា អស់ជាច្រើនសតវត្សរ៍ ។ នៅចុងសតវត្សរ៍ទី ១៦ មានអ្នកបួសហិណ្ឌូ​ម្នាក់បានមកតាំងលំនៅក្បែរចេតិយពុទ្ធគយា ។ ក្រោយយូរមកទៀត មានអ្នកបួសហិណ្ឌូម្នាក់ ដែលគេស្គាល់​ឈ្មោះថា​ មហាន្ត (អ្នក​គ្រប់​គ្រងបន្តពីអ្នកបួសហិណ្ឌូពីមុនៗ) បានកាន់កាប់ចេតិយពុទ្ធគយាដែល​គេបោះបង់ចោលនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ មហាន្ត ថ្វីត្បិតតែជា​​អ្នកបួសសាមញ្ញ ក៏ប៉ុន្តែគាត់គឺជាអ្នកមានទ្រព្យសម្បត្តិច្រើន​ និងមាន​ឥទ្ធិពលនៅក្នុងតំបន់នេះ (សម័យកាលធម្មបាលមកពុទ្ធគយា) ។ ដំបូង​ឡើយ មហាន្តមិនមានប្រតិកម្មអ្វីចំពោះវត្តមានរបស់ធម្មបាលទេ ហើយ​ថែម​​ទាំងបានអនុញ្ញាតឲ្យលោកស្នាក់នៅទីកន្លែងរបស់ខ្លួនទៀតផង ។ ធម្មបាលបានផ្ញើលិខិតទៅកាន់មិត្ររបស់គាត់ និងសហ​គមន៍​ពុទ្ធសាសនានៅក្នុងប្រទេស ស្រីលង្កា ភូមា និងឥណ្ឌា ដោយបាន​រៀបរាប់យ៉ាងច្បាស់ អំពីស្ថានភាពជាក់ស្តែង នៃមហាចេតិយពុទ្ធគយា ហើយនិងបានស្នើសុំការជួយជ្រោមជ្រែង ដើម្បីការអភិរ័ក្ស ព្រះចេតិយ​ពុទ្ធគយា​ឲ្យបានល្អប្រសើរឡើង ។ អនាគារិក ធម្មបាលបានសម្រេចទុកការងារអភិរ័ក្ស​ព្រះចេតិយ​មួយឡែកសិន ហើយងាកមករកកិច្ចប្រឹងប្រែងដើម្បីជំរុញឲ្យមានការ​គាំទ្រពីមជ្ឈដ្ឋានអ្នកកាន់ពុទ្ធសាសនាអន្តរជាតិ ។ នៅក្នុងឆ្នាំ ១៨៩១ អនាគារិក ធម្មបាល​ បាន​បង្កើតសមាគម មហាពោធិ (Maha​ Bodhi Society) ក្នុងគោល​បំណងដើម្បីថែរក្សា និងការពារមហាពោធិវិហារ ក៏ដូចជា​ពុទ្ធស្ថាន​ផ្សេងៗទៀតនៅក្នុងប្រទេស​ឥណ្ឌា​ ។ ធម្មបាល បាន​បោះពុម្ពផ្សាយ​ព្រឹត្តិប័ត្រព័ត៌មាន មហាពោធិ (ព្រឹត្តិប័ត្រពុទ្ធសាសនា​ជាអន្តរ​ជាតិលើក​ដំបូង) ដើម្បីជូនដំណឹងដល់ប្រទេសអ្នកកាន់​ពុទ្ធសា​សនាអន្តរ​ជាតិ អំពី​ដំណើរការរីក​ចម្រើន ​របស់សមាគម មហាពោធិ ។ បន្ទាប់មក អនាគារិក ធម្មបាល បានធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេ​ស​ភូមា និង ឥណ្ឌា ហើយបានថ្លែងក្នុងអង្គប្រជុំនៅទីនោះអំពីស្ថាន​ភាព​ចាំបាច់ជាក់ស្តែងនៃមហាពោធិវិហារ ។ ជាងនេះទៅទៀតគាត់បាន​រៀប​ចំឲ្យមានធម្មយាត្រា​ពុទ្ធសាសនា ពីប្រទេសស្រីលង្កា មកកាន់ប្រទេស​ឥណ្ឌា​ ។ ពេលមាន​អ្នក​ធ្វើដំណើរធម្មយាត្រាមក កាលនោះ មហាន្ត ​​​(អ្នកបួសហិណ្ឌូ) បានទារ​យកលុយពីអ្នកធម្មយាត្រាទាំងនោះ ។ ពេល​នោះ​សំនួរមួយបានលើកឡើង​​​ថា តើអ្នកណាជាម្ចាស់កម្មសិទ្ធិពិតនៃ​មហាពោធិវិហារនេះ ? ។ វិវាទ​​ដ៏ធំមួយបានកើតឡើងរវា​ងអ្នកកាន់​​ពុទ្ធ​​សាសនា និងលោកមហាន្ត ព្រោះតែការទាមទារភាពជាម្ចាស់​កម្មសិទ្ធិ​នៃ​មហា​ពោធិវិហារ, ហើយបញ្ហានេះ​បានឈានទៅដល់ការប្តឹង​​ផ្តល់គ្នា​ដ៏ល្វីង​ជូរចត់ ។ ក្នុងឆ្នាំ ១៨៩៣ អនាគារិក ​ធម្មបាល បានថ្លែងនៅក្នុងអង្គ​សន្និ​សីទមួយ នៅទីក្រុងឈីកាគោ (Chicago) អំពីពុទ្ធសាសនា, ហើយនេះ​គឺជាការផ្សព្វផ្សាយពុទ្ធសាសនាលើកដំបូងនៅបច្ចិមប្រទេស ។ លើស​ពីនេះទៀត គាត់បានបោះពុម្ពផ្សាយកាសែតពត៌មានពុទ្ធសាសនានៅ​ប្រទេសស្រីលង្កា ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ អនាគារិក ធម្មបាល នេះ​ហើយ ដែលបានធ្វើឲ្យសហគមន៍ពុទ្ធសាសនាអន្តរជាតិ ទាំងមហាយាន និងថេរវាទ បាននាំគ្នាមកកាន់ប្រទេសឥណ្ឌាជាលើកដំបូង ។​អនាគារិក ធម្មបាល​ បានកសាងសាលារៀន មន្ទីរពេទ្យ វិទ្យាស្ថានវិជ្ជាជីវៈផ្សេងៗ ហើយនិងបាន​ជួយស្រោចស្រង់សាន៌ាថឲ្យបានក្លាយទៅជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា ។ ដោយសារកិច្ចប្រឹងប្រែងរបស់គាត់នេះហើយ ដែលធ្វើឲ្យពុទ្ធសាសនិកទាំងឡាយ ក្នុងនិងក្រៅប្រទេសឥណ្ឌា អាច​មក​ធ្វើការគោរពបូជានៅ មហាពោធិមហាវិហារ សារជាថ្មី ។ រហូតមកដល់​ឆ្នាំ ១៩៤៩ មហាពោធិវិហារ ត្រូវបានគេប្រកាសស្រប​ច្បាប់ ​និងផ្លូវការ​ថាជាបូជនីយដ្ឋានរបស់អ្នកកាន់ពុទ្ធសាសនា ។ លទ្ធផលនេះអាចសម្រេចបានអាស្រ័យដោយមានការផ្តួចផ្តើម និង កិច្ចខិតខំប្រឹង​ប្រែងយ៉ាង​អស់​ពីកម្លាំងកាយចិត្តរបស់ អនាគារិក ធម្មបាល តាំងពី​ឆ្នាំ​ ១៨៩១ ។​ នៅមុនពេល អនាគារិក ធម្ម​បាល​ធ្វើមរណភាព គាត់បានប្រាថ្នា​ថា​ សូមឲ្យគាត់បានកើត ២៥ ជាតិទៀត ដើម្បីបានជួយផ្សព្វផ្សាយ​​នូវព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ ។ អនាគារិក ធម្មបាល បានទទួល​មរ​ណភាពក្នុងឆ្នាំ ១៩៣៣ នៅសាន៌ាថ (ពារាណសី) ឥណ្ឌា ។ ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ប្រភព ហ្វេសប៊ុក ភិក្ខុ ពេជ្រ-ផានិត ដោយ៥០០០ឆ្នាំំ
images/articles/3285/453wewer344rfere.jpg
Public date : 03, Mar 2026 (20,483 Read)
បរាភវសូត្រ ស្រង់ចេញពីព្រះត្រៃបិដក [១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាល​ដែលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មី​ដ៏រុងរឿង ញុំាងវត្ត​ជេតពន​ជុំវិញទាំងអស់ ឲ្យភ្លឺ​ស្វាងហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយស្ថិត​ក្នុងទីសមគួរ ។ លុះ​ទេវតានោះ ស្ថិតនៅ​ក្នុងទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះមានព្រះភាគ ដោយគាថា​ដូច្នេះថា ។ [១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏​ចម្រើន​ (ដោយគិតថា)​យើង​ទាំងទ្បាយ សូមសួរ​អំពីបុរស​បុគ្គល ដែលមាន​សេចក្តីវិនាស​ចុះអ្វីជា​ប្រធាន​នៃសេចក្តី​វិនាស ។ (ព្រះមានព្រះភាគ ត្រាស់ថា) ១. បុរសដែល​ចម្រើន​ ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយ​បុរស​ដែលវិនាស ជាបុគ្គល គឺបណ្ឌិត​ដឹងបាន​ដោយងាយដែរ​ បុគ្គលអ្នក​ប្រាថ្នាធម៌ រមែង​ចម្រើន​ អ្នកស្អប់ធម៌ រមែងវិនាស ។ យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តីវិនាសទី ១ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ២ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស ។ ២. បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តី​ស្រឡាញ់​ចំពោះ​ពួក​សប្បុរស ពេញចិត្ត​ចំពោះធម៌​របស់ពួក​អសប្បុរស នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី​ ​២ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។ ៣. ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដ​តែខាង​ក្រោធក្តី នោះជា​ប្រធាន​នៃសេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តី​វិនាសទី ៣ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៤ អ្វីជាប្រធាន​នៃសេចក្តីវិនាស ។ ៤. បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លង​ហើយ នោះ​ជាប្រធាន​នៃសេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៤ បពិត្រ​ព្រះមាន​ព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៥ អ្វីជា​ប្រធាននៃ​សេចក្តីវិនាស ។ ៥. បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូម​ដទៃក្តី ដោយពាក្យ​កុហក នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៥ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៦ អ្វីជាប្រធាន​នៃសេចក្តី​វិនាស ។ ៦. បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរ​ច្រើន មានប្រាក់ សម្បូណ៌​ភោជន​បរិភោគ​នូវភោជន​មានរសឆ្ងាញ់​តែម្នាក់ឯង នោះជា​ប្រធាននៃ​សេចក្តីវិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៦ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ៧ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស ។ ៧. ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាង​ទ្រព្យ​ក្តី រឹងត្អឹង​ដោយអាង​គោត្រកូល​ក្តី ហើយ​មើលងាយ​ញាតិរបស់​ខ្លួន នោះ​ជា​ប្រធាននៃ​សេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាស ទី ៧ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៨ អ្វី​ជាប្រធាន​នៃសេចក្តី​វិនាស ។ ៨. ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់​ក្តី រមែងញុំាង​ទ្រព្យ ដែលខ្លួន​បានហើយ បានហើយ ឲ្យវិនាសទៅ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៨ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែង​នូវហេតុទី ៩ អ្វីជា​ប្រធាននៃ​សេចក្តី​វិនាស ។ ៩. ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូច​ចំពោះពួក​ស្រីពេស្យា ឬខូចចំពោះ​ប្រពន្ធនៃ​បុគ្គល​ដទៃ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ៩ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១០ អ្វីជាប្រធាន​នៃសេចក្តីវិនាស ។ ១០. បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមាន​ដោះក្បំ ដូចជាផ្លែទន្លាប់ រមែង​ដេកមិនលក់ ព្រោះ​សេចក្តី​ប្រច័ណ្ឌ​ចំពោះ​ស្រ្តីនោះ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១០ បពិត្រ​ព្រះមានព្រះភាគ សូមព្រះអង្គ​សំដែងនូវ​ហេតុទី ១១ អ្វីជា​ប្រធាន​នៃសេចក្តី​វិនាស ។ ១១. បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរស​បែបនោះ​ដែរ ក្នុងឋានៈ​ជាធំ នោះជា​ប្រធាន​នៃសេចក្តី​វិនាស​ ។ យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជា​សេចក្តី​វិនាសទី ១១ បពិត្រ​ព្រះមានព្រះភាគ សូម​ព្រះអង្គ​សំដែង​នូវហេតុទី ១២ អ្វីជាប្រធាន​នៃសេចក្តី​វិនាស ។ ១២. បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈ​តិច តែមាន​សេចក្តី​ប្រាថ្នាធំ ទៅប្រាថ្នា​រជ្ជសម្បត្តិ នោះជា​ប្រធាន​នៃសេចក្តី​វិនាស ។ បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញ​ដ៏ប្រសើរ ពិចារណា​ឃើញច្បាស់ នូវសេចក្តី​វិនាស​ទាំងនុ៎ះ​ក្នុងលោក បណ្ឌិត​នោះ រមែងគប់​រកនូវ​លោក ដែលមាន​សេចក្តី​សុខដ៏ក្សេម​ក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់​ព្រះនិព្វាន តែក្នុង​ទីនេះ អដ្ឋកថា​ប្រាប់ថា បានដល់​សេចក្តី​សុខ​ក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា ។] ។ ចប់ បរាភវសូត្រ ទី៦ ។ (ព្រះត្រៃបិដក ភាគ៥៤ ទំព័រទី ៣៦ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត) ប្រភពដកស្រង់ Kh Wiki សំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3279/32323rwef422.jpg
Public date : 03, Mar 2026 (15,667 Read)
ទសពិធរាជធម៌ ទសពិធរាជធម៌ រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូច នឹងពួកប្រជារាស្ត្រឲ្យប្រព្រឹត្តផង។ ទសពិធរាជធម៌ ជាក្រឹត្យក្រមច្បាប់វិន័យដែលព្រះមហាក្សត្រ​ ឬអ្នកដឹកនាំប្រទេសជាតិខ្មែរត្រូវតែប្រកាន់គោរព និងអនុវត្តតាមដោយហ្មត់ចត់ខ្ជាប់ខ្ជួននិងត្រឹមត្រូវជាទីបំផុត។ បើពុំនោះសោតទេ​ ប្រទេសជាតិ ប្រជានុរាស្រ្តនឹងជួបប្រទះវិបត្តិអន្តរាយ​ ក្តៅក្រហាយ រំជើបរំជួល ចលាចល អសន្តិសុខ សង្រ្គាម ទុក្ខសោកសង្រេង ភ័យព្រួយ ព្រាត់ប្រាស់ក្រុមគ្រួសារញាតិសន្តានជាមិនខាន។ ឯព្រះមហាក្សត្រនិងអ្ន​កដឹកនាំគេចផុតយករួចខ្លួនបានដែរ។ ដូចក្នុងន័យពាក្យពេចន៍បានបញ្ជាក់ស្រាប់ទសពិធរាជធម៌ គឺច្បាប់ទាំង១០ប្រការដែលចែងបញ្ញត្តិអំពីករណីកិច្ច របស់ព្រះមហាក្សត្រ និងអ្នកដឹកនាំប្រទេសខ្មែរ។ ទសពិធរាជធម៌ទាំងដប់មាន៖​ ១. ទាន ព្រះមហាក្សត្រ ឬអ្នកដឹកនាំជាតិត្រូវតែធ្វើទានចែកអំណោយដល់ប្រជាជនគ្រប់មជ្ឍដ្ឋានដោយគ្មានគំនិតគិតកេងប្រវ័ញ្ចធ្វើប្រជាភិថុតឡើយ គឺមានន័យថាទាននោះត្រូវមានភាពបរិសុទ្ឋល្អប្រសើរ គ្មានជាប់ជំពាក់ប្រឡាក់ប្រឡូសនឹងបាបកម្ម។ បើយើងពោលអោយចំទៅព្រះមហាក្សត្រ ឬអ្នកដឹកនាំត្រូវរៀបចំគ្រប់គ្រងនគរធើ្វដូចម្តេចចេះចែកចាយផ្តល់ប្រជាពលរដ្ឋនិងជាតិនូវលទ្ឋភាពគ្រប់គ្រាន់ ដើម្បីជំរុញអោយមានធនធានមានចំណេះវិជ្ជាអាចរស់នៅក្នុងសភាពថ្លៃថ្នូរ ពេញលេញជាមនុស្សម្នាមានកិតិ្តយសរុងរឿងថ្កុំថ្កើង។ ២. សីល ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំត្រូវតែប្រកាន់និងរក្សាអោយមានសីលធម៌ដក់ជាប់ក្នុងខ្លួនជានិច្ច។ សីលធម៌នេះគឺបញ្ចសីលា ឬសីល៥ និងព្រហ្មវិហារធម៌ចំពោះប្រជានុរាស្រ្ត។ ក្នុងបញ្ចសីលា គេកត់សំគាល់ឃើញមានការមិនប្រមាថឬសំលាប់ជីវិតមិនលួចប្លន់មិនលួចលាក់មានសាហាយស្មន់ មិនភូតភរកុហសបោកប្រាស់ និងមិនភ្លើតភ្លើនបណ្តោយខ្លួនអោយលង់លក់ទៅដោយគ្រឿងស្រវឹង។ ចំណែកក្នុងព្រហ្មវិហារធម៌វិញ មានធម៌ទាំងអស់៤គឺ៖ មេត្តា ជាការស្រលាញ់រាប់អានដែលមានចំពោះមនុស្សគ្រប់រូបគ្រប់ប្រភេទ ករុណា ដែលជាការផ្សព្វផ្សាយនូវការអាណិតអាសូរសន្តោស មុទិតា ដែលជាការត្រេកអរសាទរនៅពេលដែលប្រជាពលរដ្ឋបានសុខសប្បាយចំរុងចំរើនក្សេមក្សាន្ត និង ឧបេក្ខា ដែលជាការរាប់រកអស់គ្រប់សព្វសត្វដោយក្តីស្មោះស្ម័គ្រស្មើគ្នា គ្មានរើសអើងប្រកាន់វណ្ណះ ឬ ពណ៌សម្បុរ។ ៣. បរិច្ចាគ ព្រះមហាក្សត្រឬអ្នកដឹកនាំត្រូវយកព្រះរាជទ្រព្យឬសម្បត្តិរដ្ឋទៅចែកជួយប្រទេសជាតិ។​​ គឺក្នុងន័យត្រូវចេះប្រើប្រាក់កាសធនធានរដ្ឋដោយយុត្តិធម៌ត្រឹមត្រូវឥតលំអៀងកេងបន្លំយកទៅកសាងអភិវឌ្ឍប្រទេសជាតិអោយបានជឿនលឿនឆ្ពោះទៅរកវឌ្ឍនភាពនិងសុភមង្គលវិធីនេះ គឺការបែងចែកភោគផលធនធាននគរអោយទៅដល់ប្រជាជនគ្រប់ស្រទាប់ជាន់ថ្នាក់ដោយគ្មានរើសអើងវណ្ណ។ពីព្រោះជាសិទ្ឋិរបស់ប្រជាពលរដ្ឋគ្រប់រូប មិនមែនជាអំណោយឬជាការនាំ និងអ្នកនយោបាយម្នាក់ៗត្រូវតែគោរពនឹងប្រតិបត្តិធ្វើតាមដែរ។ ៤. អាជ្ជវៈ (មានសេចក្ដីត្រង់)​ ការទៀងត្រង់មិនវៀចវេរដែលព្រះមហាក្សត្រនិងអ្នកដឹកនាំត្រូវតែគោរពនិងប្រកាន់ខ្ជាប់ខ្ជួនជាដាច់ខាត។ក្នុងពាក្យទៀងត្រង់អត្ថន័យមានទំហំធំធេងណាស់គឺជាជំពាក់​ទៅនឹងកាយវាចាចិត្តរបស់អ្នកដឹកនាំ។ បើនិយាយឱ្យចំទៅគឺគេមិនត្រូវក្បត់ប្រជាជននិងប្រទេសជាតិឯងមិនប្រើអំណាចផ្តាច់ការ មិនអយុត្តិធម៌មិនបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ​ បក្សពួក និង បរទេស។ ៥. មទ្ទវៈ (មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែរៀបចំ​ឬក​ពារ ​អាកប្បកិរិយា​​ ពាក្យសម្តី ចិត្តគំនិតអោយបានទន់ភ្លន់សុភាពរាបសារល្អត្រឹមត្រូវថ្លៃថ្នូរយុត្តិ​ធម៌ ដោយមិនបញ្ចេញអាការះឬកពារច្រងេងច្រងាងច្រឡោង ខាមច្រឡើសបើស ហារស្រែកឡើងរកតែកាប់ចាក់ប្រើកំលាំងបាយជាមួយនិងប្រជារាស្ត្រទន់ខ្សោយ។ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិជាតំណាងប្រជាជាតិមួយទាំងមូល។ បើអ្នកតំណាងប្រជាជាតិទាំងនេះមានកាយវាចារចិត្តមិនល្អសមរម្យនោះគឺប្រទេសជាតិ និង ប្រជាជនទាំងអស់គ្នាដែលត្រូវបាត់បង់កិត្តិយសត្រូវគេមើលងាយនិងទទួលនូវផលវិបាករងគ្រោះថ្នាក់គ្រប់បែបយ៉ាង។ ៦. តបៈ (ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ) ព្រះមហាក្សត្រ ឬ អ្នកដឹកនាំជាតិតាមកាលកំនត់ត្រូវតែចូលកាន់ឧបោថសីលដើម្បីដុសខាត់អប់រំចិត្តអារម្មណ៍​មនោសញ្ចេតនាអោយភ្លឺស្វាងចៀសវៀងអវិជ្ជាដែលជាប្រភពនៃ ក្តីវិនាសការចូលកាន់ឧបោថសីលអាចចាត់ទុកជាការដកឃ្លាមួយរយះពីភាពជាប់ជំពាក់ជំពីនក្នុងបញ្ហាបច្ចុប្បន្នដើម្បីយកពេល​យក​ឪកាស​សំរាប់សញ្ជប់សញ្ជឹងរិះគិតពិចារណា ឆ្លុះពិនិត្យមើលអស់សព្វគ្រប់សកម្មភាពនិងអំពើទាំងប៉ុន្មានដែលខ្លួនផ្ទាល់បានប្រព្រឹត្ត។ អាកប្បកិរិយានិងកាយវិការរបៀបនេះអាចនាំអោយអ្នកដឹកនាំឬអ្នកនយោបាយមាន ពេលវេលានិងរកផ្លូវល្អឃើញហើយអាចផ្លាស់ប្តូរលុបលាងកែប្រែកំហុសអាក្រក់ល្អទាំងប៉ុន្មានដែលខ្លួនបានប្រព្រឹត្តដែរ។ ៧. អក្កោធនៈ (មិនក្តៅក្រហាយអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវដើរឆ្កិះឆ្កៀលដុតរោលបំបែកបំបាក់អ្នកដទៃអោយកើតមានកំហឹងដើម្បីគ្រប់គ្រងតាំងខ្លួនមានតែមួយគត់ប៉ុណ្ណោះទេ។ ការបង្កបង្កើតអោយមានរឿងសៅហ្មងអោយមានការក្តៅក្រហលក្រហាយដូច្នេះបណ្តាល​ធ្វើអោយបែកបាក់ប្រេះឆាសាមគ្គីផ្ទៃក្នុងហើយអាចក្លាយជាចលាចលច្របូកច្របល់ និង​ជាសង្រ្គាមបង្ហូរឈាម។ អ្នកដឹកនាំជាតិត្រូវតែចេះរំងាប់ចិត្តមិនអោយមានកំហឹងគំនុំនិងមានការសងសឹកឆេះឆាបដក់គុំក្នុងខ្លួនឡើយ។ ការកសាងប្រទេសជាតិមិន មែនស្ថិតនៅលើការបំបែកបំបាក់សាមគ្គីបង្កើតអោយមានជំលោះឈ្លោះមើលមុខគ្នាមិនត្រង់នោះទេ។ ៨. អវិហឹសា (មិនបៀតបៀនអ្នកដទៃ) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិមិនត្រូវយកហឹង្សាឬកម្លាំងបាយនឹងអាវុធមកធើ្វជាត្រីមុខទេក្នុងការត្រិះរិះពិចារណានិងដោះស្រាយបញ្ហាអាយុជីវិតប្រទេសជាតិ។ បើយើងគ្មានគំនិតអាក្រក់មិនប្រើកំលាំងអាវុធមិនប្រៀនគេគេក៏មិនបៀតបៀនមកលើយើងដែរ។ គោលការណ៍ធំត្រូវស្ថិតនៅលើទស្សន:សន្តិវិធីក្នុងការដោះស្រាយគ្រប់បញ្ហាកសាងប្រទេសជាតិ។ទស្សនះសន្តិភាពត្រូវស្ថិតនៅជាមូលដ្ឋានជាគោលដៅធំចំបងដែលព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិត្រូវតែនាំគ្នាខំស្វែងទៅរកឈោងហក់ចាប់អោបក្រសោបយកមកអោយបានជាចាំបាច់ពីព្រោះប្រទេសជាតិនីមួយៗត្រូវការសន្តិភាពដើម្បីកសាងដើរឆ្ពោះទៅរកអី្វដែលជាការអភិវឌ្ឍន៍ជាការរីកចំរើនលូតលាស់និងជីវភាពរុងរឿងរស់នៅដោយសុខសន្តិភាពក្សេមក្សាន្ត។ ៩. ខន្តី (មានសេចក្ដីអត់ធន់) ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវតែមានចិត្តអំនត់អត់ធន់ហើយមិនលោតទៅតាមកំលាំងខ្យល់ព្រឹត្តិការណ៍ដែលបោកបក់នោះទេ។ ការស្ទុះហក់លោតទាំងកម្រោលទៅតាមភ្លើងកំហឹងទៅតាមចំណង់់ចិត្តមានះទៅតាមការលោភលន់រំជើបរំជូលត្រេកត្រអាលអាចនាំមកនូវការវិនាសអន្តរាយនូវផលអាក្រក់ដែលពុំអាចប៉ាន់ស្មានបានដល់ការត្រិះរិះពិចារណារកយល់ហេតុផលការរៀបចំនិងអនុវត្តគោលដៅគម្រោងផែនការណ៍ផ្សេងៗជាអត្ថប្រយោជន៍សំរាប់ប្រទេសជាតិ។ ការប្រកាន់ចិត្តនឹងនមិនឆេវឆាវព្យាយាមសំភីអំណត់អាចណែនាំអោយយើងចេះរង់ចាំពេលវេលាឱកាសល្អដើម្បីអនុវត្តគោលការណ៍អោយបានសំរេច។ ការប្រកាន់ខន្តីអំណត់ធ្មត់សង្កត់ចិត្តនិងព្យាយាមជាគុណសម្បត្តិមួយដ៏កម្ររកបានក្នុងសម្បត្តិមនុស្ស។ ១០. អវិរោធនៈ (មិនបំពានលើធម៌លើច្បាប់)​​ ព្រះមហាក្សត្រឬអ្នកដឹកនាំជាតិត្រូវគោរពច្បាប់ជាធរមាន។ គេត្រូវតែដាក់ច្បាប់ជាធំអោយខ្ពស់បំផុតលើបុគ្គល។ គេត្រូវទុកដាក់ច្បាប់វិន័យធម៌ជាមូលដ្ឋាននិងជាគ្រឹះរបស់ជាតិសំរាប់រៀបចំស្ថាប័នអោយកើតមានជានិតិរដ្ឋ។ គេត្រូវធ្វើដូចម្តេចអោយច្បាប់ធម្មវិន័យក្រឹត្យក្រមកា្លយទៅជារបងសំរាប់ការពារធានារ៉ាប់រងសុខសន្តិភាពរបស់ប្រជាពលរដ្ឋទន់ខ្សោយ។ជាដាច់ខាតគេមិនត្រូវរំលោភបំពានដើរជាន់ឈ្លីលើច្បាប់លើធម៌លើវិន័យក្រឹត្យក្រមដែលធ្លាប់មានក្នុងសង្គមជាតិ​នោះឡើយ។ ទោះស្តេចទោះមន្ត្រីទោះសេចក្តីគហបតីនិងក្រុមគ្រួសារក៏ត្រូវតែទទួលទោសដែរនៅចំពោះមុខច្បាប់។ បើក្សត្រនោះអ្នកដឹកនាំជាតិនោះមិនគោរពច្បាប់សង្គម ហើយបែរជានាំគ្នាបង្កើតច្បាប់ថ្មីតម្រូវតម្រង់សំរាប់បំរើអំណាចនិងផលប្រយោជន៍របស់ខ្លួនពេលនោះប្រទេសជាតិនិងជួបប្រទះនូវភាពអនាធិបតេយ្យរំជើបរំជួល ចលាចលអសន្តិសុខអន្តរាយហើយប្រជារាស្រ្តនឹងរងទុក្ខវេទនាព្រាត់ប្រាសបែកបាក់ក្រុមញាតិសន្តានជាមិនខានគឺបានសេចក្តីថានរណាដែលគ្មានច្បាប់ គ្មានសីលធម៌ គ្មានគុណធម៌ គ្មានវិន័យក្រឹត្យក្រមនគរនោះមិនអាចនឹងចំរើនរុងរឿងរស់ក្នុងសន្តិភាពបានឡើយ។ នគរនោះនឹងត្រូវរលេះរលួយទ្រុឌទ្រោមចុះអោនថយខ្សោយដើរថយក្រោយចាញ់គេជាលំដាប់។ ចំណែកព្រះមហាក្សត្រនិងអ្នកដឹកនាំជាតិទាំងនោះវិញក៏រត់មិនរួចពីប្រជានុរាស្រ្តផ្តន្ទាទោសដែរ។ ដកស្រង់ពី Kh Wiki សំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3376/2024-11-01_07_56_24-Window.jpg
Public date : 01, Mar 2026 (3,158 Read)
ស្វេដាហ្គូនចេតិយ ឫ សិង្គុត្តរចេតិយ ឫក៏ ព្រះមហាចេតិយមាស (Shwedagon Pagoda) ជាចេតិយ​ព្រះពុទ្ធសាសនាមួយ ដែលមានទីតាំងនៅក្នុង ទីក្រុងយុាំងហ្គូន សហភាពប្រទេសភូមា ។ ចេតិយ​នេះ ស្ថិតនៅលើភ្នំដែលមានផ្ទៃរាបស្មើមួយគ្របដណ្តប់ទៅលើផ្ទៃដី ៦ ហិចតា មានកម្ពស់ ៣២៦ ហ្វីត ប្រហែល ១០០ ម៉ែត្រ និងមានទាំងកាំជណ្តើរ និងជណ្តើរយន្តគ្រប់ទិសទាំង ៤ ។ អ្វីដែលធ្វើឱ្យចេតិយនេះ កាន់តែមានតម្លៃនោះ គឺចេតិយនេះ ជាកន្លែងតម្តល់នូវព្រះកេសាធាតុ (អដ្ឋ​កេសាធាតុ) របស់ព្រះសម្មាសម្ពុទ្ធ និងជាចេតិយដែលស្រោបមាស ព្រមទាំងរចនាទៅដោយ​រតនវត្ថុដ៏មានតម្លៃផ្សេងៗជាច្រើនទៀត មានដូចជា គ្រាប់ពេជ្រដ៏ធំមួយ​​ មានទំហំ ៧៦ ការ៉ាត់ និងគ្រាប់ពេជ្រតូចៗផ្សេងទៀត សរុបចំនួន ១៨០០ ការ៉ាត់ ។ តួព្រះមហាចេតិយចាប់ពីត្របកផ្កាឈូកឡើងទៅលើត្រូវបានគេស្រោបដោយមាសដែលមានទម្ងន់​ជាង ​៦០តោន និង​មាន​វត្ថុជាច្រើនទៀត ដែលពុទ្ធបរិស័ទភូមាគ្រប់ស្រទាបវណ្ណៈទាំងអស់ បានយកមកបូជាចំពោះគុណព្រះរតនត្រ័យនេះ រហូតធ្វើឱ្យគេសន្មតចេតិយនេះថា ជាមហាចេតិយពុទ្ធសាសនា ដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងពិភពលោកទៀតផង ។ ប្រវត្តិសង្ខេប ព្រះមហាចេតិយស្វេដាហ្គូន ជាព្រះចេតិយដ៏ល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ភាគច្រើនបំផុត ទាក់ទងនឹងការនិទានរឿងរ៉ាវ អំពីព្រះចេតិយនេះ ការសរសេរអំពីប្រវត្តិព្រះចេតិយមាសដ៏ធំនេះ ត្រូវបានគេសរសេររៀបរាប់អធិប្បាយជាច្រើនច្បាប់ ក្នុងនោះ ក៏មាន​ទាំងការសរសេរតាមបែបអក្សសិល្ប៍ជាច្រើននឹងជាច្រើនភាសាទៀតផង មិនត្រឹមតែអធិប្បាយ​ទៅលើរឿងរ៉ាវនឹងប្រវត្តិរបស់ព្រះចេតិយប៉ុណ្ណោះទេ ថែមទាំងបានរៀបរាប់ទៅលើផ្នែក​ផ្សេងៗទៀត ដូចជា ស្ថាបត្យកម្ម រូបចម្លាក់ សិប្បកោសល្យ គ្រឿងតុបតែង លំអ និងគោល​បំណងផ្សេងៗនៃការបូជា ហើយយើងអាចមើលឃើញបានដោយប្រត្យក្ស នៅតាមសាលាសំណាក់​​ជុំវិញ​ព្រះមហាចេតិយ ។ ការតាំងជាជួរៗ ផ្តល់នូវភាពរីករាយជ្រះថ្លា ក្នុងការចូលមកកាន់បូជនីយដ្ឋាន​ដ៏ពិសិដ្ឋនេះ ហើយក៏ជាការកាន់យកជាសារៈសំខាន់ព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្ររបស់ខ្លួន ។ ក៏ដូចជាបូនីយដ្ឋានបុរាណដទៃទៀត ព្រះមហាចេតិយស្វេដាហ្គូន មានរឿងរ៉ាវនិទានមួយគួរឱ្យមានចំណាប់អារម្មណ៍នោះ គឺ​ ក្នុងសម័យកាលនៃថ្ងៃទី ៧ នៃសប្តាហ៍ទី ៧ ( ៤៩ ថ្ងៃ) ក្រោយការត្រាស់ដឹងជាសព្វញ្ញូតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម បរមគ្រូ ព្រះពុទ្ធអង្គគង់ប្រថាប់នៅក្រោមដើមរាជាយតនៈ (ដើមកែស) មួយដើម មាននាយពាណិជពីរនាក់បងប្អូននឹងគ្នា ឈ្មោះ​ថា​ តបុស្សៈ និង ភល្លិកៈ ដែលជាអ្នកដែនបោក្ខរវតីក្នុងឧក្កលាបជនបទ​​ ក្នុងរាមញ្ញប្រទេស មកធ្វើជំនួញដោយរទេះគោ ៥០០ រយ ពួកគេបានទទួលដំណឹង (ទេវតាជាញាតិសាលោហិត) ថា ព្រះសមណគោតម បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ​ ដោយពពួកទេវតាជាអ្នកប្រាប់ ។ នាយពាណិជពីរនាក់បងប្អូន ក៏ចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ​ ហើយ បានប្រគេនសដូវចំពោះព្រះពុទ្ធអង្គ​ៗ​ ទ្រង់បានប្រទាននូវធម្មទេសនា ។ បន្ទាប់មកនាយពាណិជពីរនាក់បងប្អូននោះ សូមដល់ព្រះពុទ្ធ ព្រះធម៌ ជាទីពឹង ជាទីរឭក និងសូមវត្ថុជាទីនឹករលឹកពីព្រះពុទ្ធអង្គៗ ក៏យកព្រះហស្ថអង្អែល ព្រះសីសៈ បានព្រះកេសា ៨ សរសៃ (​ អដ្ឋកេសា) ប្រទានដល់ពាណិជពីរនាក់បងប្អូន ហើយពួកគេក៏បានទទួលយកដោយសេចក្តីគោរព ។ ពេលនាយពាណិជពីរបងប្អូន ធ្វើដំណើរត្រឡប់មកស្រុករបស់ខ្លួនវិញ ក៏បានយកព្រះកេសាធតុទាំង ៨ សរសៃ នោះ ទៅតម្តល់ទុកក្នុងប្រអប់មាសដាំដោយត្បូងមរកត នឹងកំពូលធំដាំដោយត្បូងទទឹង ។ នៅពេលដែលនាយពាណិជពីរនាក់បងប្អូនបានមកដល់កំពង់ផែសមុទ្រដែលជាដែនដីកំណើតរបស់​ខ្លួន ស្តេចឧក្កលាបៈ ទ្រង់ចេញមកទទួលព្រះកេសាធាតុ បន្ទាប់មកទ្រង់ក៏បានបញ្ជូនក្រុមអ្នកស្រាវជ្រាវទៅស្វែងរកកន្លែងនៅលើភ្នំសិង្គុត្តរៈ ដែលជាកន្លែងដ៏សមគួរដល់ការបញ្ចុះព្រះកេសាធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ សក្កទេវរាជ ជាស្តេចនៃទេវតា បានចង្អុលបង្ហាញនូវទីស្ថានលើភ្នំនោះ ដល់ក្រុមអ្នកស្រាវជ្រាវ​ទាំងនោះ ។ ទីស្ថាននៅលើភ្នំនោះ​ គឺ ជាកន្លែងតម្តល់ព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ៣ ព្រះអង្គ អំពីបុរាណកាលមក ។ ទេវតាទាំង ៣ អង្គ គឺ សូឡេទេវតា យក្សហនីទេវតា និង ទេក្ខិនទេវតា បានចង្អុលចង្ហាញប្រាប់ទីស្ថាននោះ ដល់អ្នកក្រុមអ្នកស្រាវជ្រាវ ទាំងនោះ ។ គេបានរកឃើញនូវឈើច្រត់របស់ព្រះសម្មាសម្ពុទ្ធកក្កុសន្ធោ ធម្មក្រកគឺតម្រង់ទឹករបស់ព្រះសម្មាសម្ពុទ្ធកោនាគមនោ និង ឧទកសាដក គឺសម្ពត់ងូតទឹកភ្លៀង របស់ព្រះសម្មាសម្ពុទ្ធកស្សបោ ត្រូវបានគេរកឃើញនូវរណ្តៅ ឫ គុហា កំណាយប្រវត្តិសាស្ត្រនោះ ។ នៅក្នុងរណ្តៅនោះ ត្រូវបានបើកពិធីបញ្ចុះជាផ្លូវការនូវបរិក្ខារទាំងឡាយរួមមាន៖ឈើច្រត់ ធម្មក្រក ឧទកសាដក និង អដ្ឋកេសាធាតុ ទាំង ៨ សរសៃ របស់ព្រះសម្មាសម្ពុទ្ធសមណគោតម ។ ព្រះចេតិយមាសមួយត្រូវបានកសាងឡើងនៅក្នុងរណ្តៅ ឫក៏ គុហានោះ ហើយព្រះចេតិយប្រាក់ ត្រូវបានកសាងគ្របពីលើព្រះចេតិយមាសនោះ ហើយបន្ទាប់មក ព្រះចេតិយសំណប៉ាហាំងមួយ ត្រូវបានកសាងគ្របពីលើព្រះចេតិយប្រាក់ ព្រះចេតិយទង់ដែងមួយ ត្រូវបានកសាងស្រោបពីលើ ព្រះ​ចេតិយសំណប៉ាហាំង និងព្រះចេតិយសំណមួយទៀត ត្រូវបានកសាងស្រោបពីលើព្រះចេតិយទង់ដែងនោះ ព្រះចេតិយថ្មម៉ាប ត្រូវបានកសាងពីលើព្រះចេតិយសំណនោះ ត្រូវបានតម្តល់នៅពីលើ​ព្រះចេតិយលោហៈគឺដែកមួយ ។ សន្តតិវង្សស្តេច ដែលបានកសាងស្រោបទៅលើព្រះចេតិយមុនគេ ដោយឥដ្ឋនឹងបាយអ នៅក្នុងឆ្នាំ ១៤៥១ នៃគ.ស.​ ។ព្រះមហាក្សត្រីយានី ស៉ិន ស័រពូ (​ ជនជាតិមន) បានកសាងលើកឡើងតួ ព្រះចេតិយ រហូតដល់កម្ពស់ ៣០២ ហ្វីត ឬ៩៤.៣៧ ម៉ែត្រ ។ នៅក្នុងឆ្នាំ​ ១៧៧៤ នៃ គ.ស. សេ្តចស៊ិនព្យុស៊ិន នៃរាជធានី អ៊ិនវៈ បានកសាងតួព្រះចេតិយលើកឡើងដល់ ៣២៦ ហ្វីត ឬ ៩៩.៣៦ ម៉ែត្រ ហើយព្រះអង្គទ្រង់ក៏បានកសាងតម្លើងនូវឆត្ររួតថ្មីគ្របពីលើកំពូលព្រះចេតិយផងដែរ ។ • ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ទាក់ទងទៅនឹងព្រះមហាចេតិយស្វេដាហ្គូន ឫក៏ ព្រះមហាចេតិយមាស • សេ្តចអសោក ទ្រង់បានបញ្ជូនសាសនទូត ចូលមកកាន់ក្រុងដាហ្គូន ដើម្បីសម្អាតទីបូជនីយដ្ឋាន លើភ្នំ​ និងធ្វើការជួលជុលព្រះចេតិយឡើងវិញ។ • នៅសតវត្សរ៍ទី ៥ នៃ គ.ស. ស្តេចដ្វត្តាប៉ោង ទ្រង់បានយាងមកកាន់ទីបូជនីយដ្ឋានលើភ្នំ និងធ្វើការនមស្សការគោរពបូជាព្រះមហាចេតិយ ។ • នៅសតវត្សរ៍ទី ១១ នៃ គ.ស.​ ស្តេចអនុរុទ្ធៈ នៃរាជធានីបាកាន បានយាងចុះមកកាន់ក្រុងដាហ្គូន បានថ្វាយឆត្រមាស និងឆត្រប្រាក់ ចំពោះព្រះមហាចេតិយ ។ • នៅឆ្នាំ ១៣៧២ នៃ គ.ស.​ ស្តេចមន ព្យិ ញ៉ា អ៊ូ បានកសាងឡើង កម្ពស់ព្រះចេតិយ ដល់ ៦០ ហ្វីត ។ • ស្តេចមន​ ៣ អង្គ ព្រះនាម ព្យិន ញ៉ា យ៉ាន ស្តេចព្រះនាម ព្យិន ញ៉ា វៈរុ និងសេ្តចព្រះនាម ព្យិន ញ៉ា ឆាំង បានជួសជុលព្រះមហាចេតិយ បន្ទាប់ពីការខូចខាតដោយសារគ្រោះរញ្ជួយដីជាច្រើនដង ។ • នៅក្នុងឆ្នាំ ១៤៥១ នៃ គ.ស. ព្រះមហាក្សត្រីយានី ស៊ិនស័រពូ ( ជនជាតិមន) ទ្រង់បានកសាងព្រះមហាចេតិយ ឡើងដល់កម្ពស់ ៣០២ ហ្វីត ឫ ៩៤.៣៧ ម៉ែត្រ ។ • នៅក្នុងឆ្នាំ ១៤៧៦ នៃ គ.ស. ព្រះមហាក្សត្រីយានី ស៊ិន ស័រពូ និងព្រះរាជសុណិសា ព្រះ​មហា​ក្សត្រ ព្រះចៅធម្មសេឌី(ជនជាតិមន) ទ្រង់បានតុបតែងលំអបន្ថែម នៅលើភ្នំសិង្គុត្តរៈ នោះ ។ ព្រះ​មហាក្សត្រ ព្រះចៅធម្មសេឌី ទ្រង់បានចាក់ពុម្ពជាជួងស្ពាន់ដ៏ធំមួយ និងឧទ្ទិសចំពោះព្រះមហាចេតិយ ។ • នៅក្នុងឆ្នាំ ១៦០៨ នៃ គ.ស.​ អ្នកផ្សងព្រេង ឈ្មោះ​ ហ្វីលប៉េដឺ ព្រីតូ (ជនជាតិប៉ទុយហ្គាល) ដែលជាអ្នកគ្រប់គ្រង់នៅក្នុងក្រុងកំពង់ផែ មាត់សមុទ្រតាំងហ្លីន បានយកជួងស្ពាន់នោះ ទៅរំលាយសម្រាប់ធ្វើជាកានុងកាំភ្លើងធំ ប៉ុន្តែនៅពេលនោះដែលនាវាដឹកទៅដល់ពាក់កណ្តាលទន្លេ ក៏បានលិចចុះដល់បាតទន្លេដ័របោង ។ • នៅក្នុងឆ្នាំ ១៧៧៥ នៃ គ.ស.​ ស្តេច ស៉ិន ព្យិស៉ិន នៃរាជធានី អ៉ិនវ: បានកសាងព្រះចេតិយឡើងដល់កម្ពស់៣២៦ ហ្វីត ឫ ៩៩.៣៦ ម៉ែត្រ ព្រះអង្គក៏បានដំឡើងនូវឆត្រថ្មីដាក់លើកំពូលព្រះមហាចេតិយ ។ • នៅក្នុងឆ្នាំ ១៧៧៨ នៃ គ.ស.​ ព្រះរាជបុត្រ និងព្រះរាជទាយាទ​ ព្រះនាម សិនគុ ទ្រង់ក៏បានចាក់ពុម្ពជាជួងស្ពាន់ មានទម្ងន់ ២៦ តោន ដើម្បីឧទ្ទិសចំពោះព្រះមហាចេតិយ ។ • នៅក្នុងឆ្នាំ ១៨២៤ នៃ គ.ស. នៅពេលដែលសង្គ្រាមរវាង អង់គ្លេសនឹងភូមាលើកទី ១ ចាប់ផ្តើមផ្ទុះឡើង កងកម្លាំងទ័ព របស់អង់គ្លេស បានគ្រប់គ្រងកាន់កាប់នឹងធ្វើជាកំពែងការពារ បន្ថែម​ទប់ទល់នឹងទ័ពភូមា នៅលើភ្នំនោះ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៨២៤ ។​ កងទ័ពអង់គ្លេស ក៏បានរុករើព្រះចេតិយនឹងបានដាក់ចុះនូវជួងស្តេចសិនគុ នាំយកជារបស់ជ័យ​ភណ្ឌ ប៉ុន្តែនៅពេលដែលចម្លងតាមសាឡាងឆ្លងទន្លេ ទៅនោះ ស្រាប់តែសាឡាងផ្អៀងហើយរអិលធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ទៅ ក្រោយមកប្រជាជនភូមា បានចាត់ចែង ដើម្បីស្រង់ជួងនោះ នាំយកទៅដាក់នៅកន្លែងដើមវិញ បច្ចុប្បន្ននេះ ជួងនោះ ស្ថិតនៅក្នុងរោងវេទិកា ឫ សាលាសំណាក់នៅជ្រុងខាងជើងឆៀងខាងលិចនៃព្រះមហាចេតិយ ។ រហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ១៨២៦ ទើបកងទ័ពរបស់អង់គ្លេស ដកចេញអស់ពីព្រះចេតិយ ហើយទើបប្រជាជនភូមា ធ្វើការជួសជុលព្រះចេតិយជាទ្រង់ទ្រាយធំឡើងវិញ ។ • នៅក្នុងឆ្នាំ ១៨៥២ នៃ គ.ស. សង្គ្រាមរវាង អង់គ្លេសនឹងភូមា លើកទី ២ ចាប់ផ្តើមផ្ទុះឡើងវិញ ហើយនៅថ្ងៃទី ១៤ ខែមេសា កងទ័ពរបស់អង់គ្លេស ក៏បានគ្រប់គ្រងកាន់កាប់ និងធ្វើជា​កំពែងការពារបន្ថែមទប់ទល់នឹងទ័ពភូមា នៅលើភ្នំនោះ ម្តងទៀត ។ • នៅក្នុងឆ្នាំ​ ១៨៤១ នៃ គ.ស.​ ស្តេច ថាយវឌី (ថាយៈវៈឌី) ទ្រង់ក៏បានយាងមកនមស្សការព្រះចេតិយស្វេដាហ្គូន ហើយបានបូជាព្រះចេតិយដោយជួងមាស និងប្រាក់បំពាក់លើឆត្រដាក់លើ​កំពូល​ចេតិយ ហើយព្រះអង្គទ្រង់ក៏បានចាក់ពុម្ពជួងស្ពាន់មួយមានទម្ងន់ ៤០ តោន ដើម្បីបូជា ចំពោះព្រះមហាចេតិយផងដែរ ជួងនោះ ស្ថិតនៅក្នុងរោងវេទិកា ឫសាលាសំណាក់នៅជ្រុងខាងជើង ឆៀងខាងកើតនៃព្រះមហាចេតិយ ។ • នៅក្នុងឆ្នាំ ១៨៧១ នៃ គ.ស.​ ខែវិច្ឆិកា ឆត្ររួត កង្ហាខ្យល់នឹងគ្រាប់ពេជ្ររបស់ស្តេចព្រះចៅមិនដូន ត្រូវបានដំឡើងដាក់ លើកំពូលព្រះមហាចេតិយ​ ។ • នៅក្នុងឆ្នាំ ១៩២០ នៃ គ.ស. ខែធ្នូ ទី ៥ ពួកពាហិរសាសនា នៃសាកលវិទ្យាល័យយុាំងហ្គូន បានទៅបោះជំរំនៅនឹងជើងភ្នំហើយបានចារអក្សរចារឹកលើផ្ទាំងថ្មជា ៥ ភាសា ដើម្បីរំលឹក ចំពោះ​ពាហិរសាសនិក ដែលស្ថិតនៅទិសជ្រុងខាងត្បូង ឆៀងខាងលិច នៃព្រះមហាចេតិយ នៅជ្រុងនោះ ក៏មានសិលាចារឹក របស់ស្តេចធម្មសេឌីតាំងនៅលើរោងសាលាវេទិកាផងដែរ ។ រដ្ឋាភិបាលភូមា និងសាធារណជនទូទៅ បានរួបរួមគ្នាជាកម្លាំងសាមគ្គីជាធ្លុងមួយ កសាងព្រះមហាចេតិយស្វេដាហ្គូន ។​ ឥឡូវនេះ ព្រះចេតិយមានឆត្ររួតថ្មី​ ថាសមាសថ្មី មានព្រះពុទ្ធប្បដិមា ដែលវិចិត្រដោយថ្មហ្គិច ព្រះពុទ្ធរូ​ប និងពុទ្ធសាវករូប ជាវិសុទ្ធបុគ្គល ឫ សន្តបុគ្គល ព្រះសង្ឃពុទ្ធសាសនា ត្រូវបានឆ្លាក់ឡើងធ្វើពីថ្មបាយក្រៀម ។ ការនមស្សការគោរពបូជា នរជនណាមួយ​ បានមកថ្វាយបង្គំនមស្សការព្រះមហាចេតិយស្វេដាហ្គូន និងកើតសេចក្តីស្ងប់ស្ងែងក្នុងចិត្តថា ហាក់ដូចជានៅក្នុងស្ថានទេវលោកណាមួយដូច្នោះឯង ព្រោះជាព្រះចេតិយមានអាយុកាល​ជាង ២៦០០ ឆ្នាំហើយ ជាព្រះចេតិយមានតម្លៃជាងព្រះចេតិយដទៃទៀតទាំងអស់ក្នុងពិភព​លោក និងត្រូវបានគេចាត់ជាអច្ឆរិយៈវត្ថុទី ៩ នៅក្នុងលោក ។ នៅសាធារណរដ្ឋ សហ​ភាព​មី​យ៉ាន​ម៉ា​ ចេតិយនេះ ត្រូវបានគេចាត់ជាចេតិយទីមួយ ដែលមានការគោរពនមស្សការបូជាជារៀងរាល់ថ្ងៃច្រើនបំផុត សម្រាប់ពុទ្ធសាសនិកជន សូម្បីបរទេសមិនមែនជាពុទ្ធសាសនិកជននោះ ក៏ទៅទស្សនាមើលការគោរបូជានៅទីនោះមិនដែលដាច់ផងដែរ ។ព្រះពុទ្ធជាម្ចាស់ទ្រង់បានប្រៀនប្រដៅ​យើង​ឱ្យមានមេត្តាករុណាសន្តោសខន្តីដល់គ្នានឹងគ្នា តាមរយៈកាយវាចាចិត្ត ហើយនឹងទទួល​ផលមកវិញ តាមអំពើកម្មដែលខ្លួនបានធ្វើ ។ ព្រះធម៌របស់ព្រះអង្គបានបង្ហាញឱ្យឃើញនូវលក្ខណៈ របស់មនុស្សយើង នូវភាពរាក់ទាក់បដិសណ្ឋារកិច្ចសន្តានចិត្តល្អ​ និងការបរិច្ចាគទាន ។ សម្រាប់ព្រះចេតិយ គឺជា ផែនដីរបស់យើង ហើយផែនដីរបស់យើង គឺជា ជីវិតរបស់យើង ។ មានគ្រូបាអាចារ្យទាំងឡាយ រួមទាំងព្រះសង្ឃតែងតែផ្តល់ដំបូន្មានដល់យើង ឱ្យយើងដើរតាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធ​ ។ មានជនបរទេសមួយចំនួន គិតថា ជាការយល់ខុសមួយ នៅពេលដែលយើងថ្វាយបង្គំព្រះមហាចេតិយ ឫ ព្រះពុទ្ធប្បដិមា ណាមួយ ។ ព្រះមហាចេតិយស្វេដាហ្គូន និងព្រះពុទ្ធប្បដិមាទាំងឡាយ គឺសុទ្ធសឹងតែតំណាងដល់ការចងចាំរបស់យើង ចំពោះអ្នកត្រាស់ដឹងគឺ ព្រះសម្មាសម្ពុទ្ធសព្វញ្ញូតញ្ញាណ និងព្រះធម៌របស់ព្រះអង្គ ដែលតែងតែរឭកដាស់តឿនដល់យើងថា មានតែផ្លូវចេញចាកពីវដ្តៈនេះទេ ដែលជាទីមិនមានការកើតទៀត ។ បច្ចុប្បន្នដែលមានសេចក្តីទុក្ខតាមផ្លូវកាយនឹងផ្លូវចិត្តដោយសាររាគៈ ទោសៈ និងមោហៈ គឺត្រូវតែបដិបត្តិតាមធម៌របស់ព្រះពុទ្ធ ។ បើដូច្នោះអ្វីដែលយើងត្រូវធ្វើគឺ ត្រូវបដិបត្តិតាមព្រះអដ្ឋង្គិកមគ្គប្រកបដោយអង្គទាំង ៨ ប្រការរបស់ព្រះអង្គ​ ដើម្បីដឹងសម្រេចបាននូវព្រះនិព្វាន​ ។ ដូច្នេះហើយ​ ព្រះមហាចេតិយស្វេដាហ្គូន មិនមែនត្រឹមតែជាបូជនីយដ្ឋាន សម្រាប់បូជាក្នុងពិធីសាសនាប៉ុណ្ណោះទេ តែថែមទាំងដឹកនាំឱ្យ មានសុភមង្គលជីវិតទៀតផង ។ គាថាសម្រាប់នមស្សការបូជា សិង្គុត្តរចេតិយ ឫ ព្រះមហាចេតិយស្វេដាហ្គូន ឫក៏ ព្រះមហាចេតិយមាស ​កក្កុសន្ធោ ធម្មការកំ កោនាគមនោ កាយពន្ធនំ សាដកំ ​កស្សបោពុទ្ធោ គោតមោ អដ្ឋកេសាធាតុយោ ។ព្រះពុទ្ធកក្កុសន្ធោ បានបញ្ចុះ ធម្មក្រក ព្រះពុទ្ធកោនាគមនោ បានបញ្ចុះ វត្ថពន្ធ ព្រះពុទ្ធកស្សបោ បានបញ្ចុះសាដក ព្រះពុទ្ធសមណគោតម បានបញ្ចុះ អដ្ឋកេសាធាតុ ៨ សរសៃ ។ បញ្ជាក់សារជាថ្មីម្តងទៀត៖ • ព្រះមហាចេតិយសេ្វដាហ្គូន ឫ សិង្គុត្តរចេតិយ ឫក៏ ព្រះមហាចេតិយមាស ស្ថិតនៅក្នុងទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ប្រទេសភូមា) • ព្រះមហាចេតិយស្វេដាហ្គូន មានទម្ងន់មាស ជាង ៦០ តោន • ព្រះមហាចេតិយស្វេដាហ្គូន មានអាយុកាល ជាង ២៦០០ ឆ្នាំហើយ ក្រោយការបានត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គង់ក្រោមម្លប់ដើមរាជាយតនៈ (ដើមកែស) ក្នុងសប្តាហ៍ទី ៧ ( ក្រោយត្រាស់ដឹងបាន ៤៩ ថ្ងៃ) • ព្រះមហាចេតិយស្វេដាហ្គូន បានតម្តល់ព្រះអដ្ឋកេសាធាតុ ( ៨ សសៃ) តាមរយៈ ឧបាសក ពីរបងប្អូនបង្កើតនឹងគ្នាតបុស្សៈ និង ភល្លិកៈ ឧបាសក ។ • ព្រះមហាចេតិយស្វេដាហ្គូន ត្រូវបានគេចាត់ទុកជាអច្ឆរិយៈវត្ថុទី ៩ នៅក្នុងពិភពលោក ដែលមានតម្លៃថ្លៃជាងព្រះចេតិយដទៃទៀតទាំងអស់ក្នុងលោក ។ • ព្រះមហាចេតិយសេ្វដាហ្គូន បានតម្តល់ព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ៤ ព្រះអង្គហើយ ធម្មក្រករបស់ព្រះពុទ្ធកក្កសន្ធោ វត្ថពន្ធរបស់ព្រះពុទ្ធកោនាគមនោ ឧទកសាដករបស់ព្រះពុទ្ធកស្សបោ និងអដ្ឋកេសាធាតុ ៨ សរសៃ របស់ព្រះពុទ្ធសមណគោតម ។ • ពិធីបុណ្យទីងយ៉ាន (Thingyan Festival) ឫក៏ ពិធីបុណ្យ ចូលឆ្នាំរបស់ជនជាតិភូមា ប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៧ ខែមេសា នៅទីក្រុងយុាំងហ្គូន ប្រទេសភូមា ។ សូមឱ្យជា ឧបនិស្ស័យនៃការរួចផុតចាកទុក្ខទាំងពួង នៅក្នុងវដ្តៈនេះ ជាទីអស់ទៅនូវអាសវ កិលេស​ទាំងឡាយ សូមបានជាបច្ច័យនៃការបានសម្រេចមគ្គផលនិព្វាន ក្នុងអនាគតជាតិ បើមិនទាន់បានសម្រេចទេ សូមឱ្យជាអ្នក មានសទ្ធា មានចាគៈ មានបញ្ញា​ ស្មារតី សម្បជ្ជញ្ញៈ ជាបុគ្គល មានសម្មាទិដ្ឋិដើរតាមផ្លូវនៃមាគ៌ានៃព្រះពុទ្ធសាសនា ប្រាស់ចាករោគា ជួបតែអ្នកប្រាជ្ញ បណ្ឌិតសប្បុរស ជួយដឹកនាំផ្លូវ ទៅកាន់សួគ៌ និងព្រះនិព្វាន នៅក្នុងពេលខាងមុខ សូមត្រេកអរ ជ្រះថ្លា រីករាយ​ បីតិ សោមនស្ស ក្នុងសន្តានចិត្ត សូមអនុមោទនា...! ដកស្រង់អត្ថបទដោយ: ភិក្ខុ ធម្មប្បជ្ជោតោ វ៉ាត ចំរើន + បម្រាមគួរចងចាំសម្រាប់ភ្ញៀវអ្នកទេសចរទាំងឡាយ • មិនត្រូវពាក់អាវស្ត្រី ដែលរលុងធំពេក និងខើចពេក ចូលកាន់ទីលាន ព្រះមហាចេតិយឡើយ ។ • មិនត្រូវស្លៀកខោ ឫ សម្ពត់ខើចលើជង្គង់​ ចូលកាន់ទីលានព្រះមហាចេតិយឡើង ។ • មិនត្រូវពាក់ស្បែងជើង ឫ ទ្រនាប់ជើង ចូលកាន់ទីលានព្រះមហាចេតិយឡើយ ។ • មិនត្រូវពាក់ស្រោមជើង ឫ ស្រោមជើងកវែង ចូលកាន់ទីលានព្រះមហាចេតិយឡើយ ។ ប្រភព ហ្វេសប៊ុក ភិក្ខុសារត្ថទីបនី វឿន សារ៉ាត់ ដោយ៥០០០ឆ្នាំំ
images/articles/3132/20266_________.jpg
Public date : 08, Jan 2026 (8,974 Read)
សព្វ​ថ្ងៃ​នេះ ភាសា​ខ្មែរ​នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដ៏​ក្ដៅ​គគុក​សម្រាប់​ការ​ពិភាក្សា​នៅ​ស្ថាប័ន​មួយ​ចំនួន ក៏​ដូច​ជា​នៅ​លើ​ទំព័រ​កាសែត ។ មាន​មតិ​ច្រើន​​ត្រូវ​បាន​លើក​ឡើង ប៉ុន្តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​រួម​គ្នា​មួយ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​រក​ឃើញ​ជាក់​ច្បាស់​នៅ​ឡើយ ។ ដោយ​ផ្អែក​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​ ដែល​ផ្ដល់​នូវ​ភាព​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ សម្រេចឱ្យ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ (សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត) ។ ​​ម៉្យាង​ដោយ​មើល​ឃើញ​ពី​ការ​រីកចម្រើន​ឥត​ឈប់​ឈរ​របស់​សម្ភារៈ​បច្ចេកវិទ្យា និង​ដើម្បី​ចូល​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​តាម​ធនធាន​ដ៏​ស្ដួច​ស្ដើង​ដែល​ខ្លួន​មាន​​ផង​នោះ ​បាន​ធ្វើឱ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​ មាន លោក ងួន វ៉ាន់​ចន្ធី ជា​នាយក បាន​រៀបចំ​​ក្រុម​ការ​ងារ​មួយ នៅ​ថ្ងៃ​ទី ០៩ ខែ​តុលា​ ឆ្នាំ ២០០៥ ​ក្នុង​គោល​បំណង៖ ១. អនុវត្ត​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​​ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ លើ​វិស័យ​ អក្សរសាស្ត្រ និង​ស្មារតី​នៃ​ការ​ណែនាំ​របស់​ ឯ.ឧ. សុខ អាន ប្រធាន​​ គណៈកម្មាធិការ​​ជាតិ​ភាសាខ្មែរ ដែល​មាន​គោលដៅ​ធ្វើឱ្យ​មាន​ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​វិស័យ​អក្សរសាស្ត្រ​ រួម​ចំណែក​ជាមួយ​គោល​នយោបាយ​ចតុកោណ​​​ជំហាន​ទី ២ របស់​​​រាជរដ្ឋាភិបាល​សំដៅ​អភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ។ ២. ថែរក្សា និង​លើក​កម្ពស់​ស្នាដៃ​របស់​សម្ដេច​សង្ឃរាជ ជួន ណាត និង​បន្ត​និរន្តរភាព​ របស់​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​លើ​វិស័យ​អក្សរសាស្ត្រ ដោយ​ធ្វើឱ្យ​កាន់​តែ​ ប្រសើរ​ឡើង​ថែម​ទៀត​នូវ​វចនានុក្រម​នេះ​តាម​ជំហាន​ដូច​ខាង​ក្រោម៖​​ ក. រៀប​ចំ​ការ​កែ​សម្រួល​កំហុស​​អក្ខរា​វិរុទ្ធ ដែល​បណ្ដាល​មក​ពី​ការ​បោះ​ពុម្ព​លើក​ទី​ ៥ ខ. រៀប​ចំ​បញ្ជី​ពាក្យ​ (ក្នុង​វចនានុក្រម​ពាក្យ​មួយ​អាច​សរសេរ​បាន​ពីរ​ ឬ​បី​ បែប ដើម្បី​ ដាក់​ស្នើ​​ទៅ​គណៈកម្មាធិការ​ជាតិ​ភាសា​ខ្មែរ​អនុម័ត និង​សម្រេច​ក្នុង​ការ​​សរសេរ​ ឱ្យបាន​ ឯកភាព​គ្នា) គ. ​ជ្រើស​យក​ពាក្យ​ពី​និយមន័យ​ក្នុង​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះពុម្ព​លើក​ទី ៥​ ឱ្យក្លាយ​ជា​មេ​ពាក្យ​ឡើង ឃ. រៀប​ចំ​​បង្កើត​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិក និង​កែ​លំអ​រាល់​ឆ្នាំ ង. ក្រោយ​ពី​បាន​បន្ថែម​មេពាក្យ​ថ្មី រួម​ទាំង​និយមន័យ​មក វិទ្យាស្ថាន​មាន​គ្រោង​បោះពុម្ព​ វចនានុក្រម​ខ្មែរ​លើក​ទី ៦ បន្ត​ទៀត ៣. សហការ​ជាមួយ​ដៃ​គូ​សហប្រតិបត្តិការ​មួយ​ចំនួន​ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​ ដូចជា​ វិទ្យាស្ថាន​បើក​ទូលាយ (Open Institute), SEALang និង​បុគ្គល​ស្រាវជ្រាវ​ឯករាជ​ ជាដើម​ ដើម្បីឱ្យ​សម្រេច​គោលដៅ​ដែល​បាន​ពោល​ខាង​លើ ។ ៤.​ បន្ត​ការ​ធ្វើ​វចនានុក្រម​​ខ្មែរ​ទូទៅ​ជា​អេឡិចត្រូនិក ក្រោយ​ពី​បាន​ដក​ពិសោធន៍​ពី​ វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ​ ជួន ណាត ​រួច​មក (ករណី​មាន​លទ្ធ​ភាព​គ្រប់​ គ្រាន់) ខាង​ក្រោម​នេះ​ជា​សេចក្ដី​ដក​ស្រង់​ចេញ​ពី​និទាន​កថា​ដែល​បាន​ព្រះ​លិខិត​ចុះ​ថ្ងៃ​ទី​ ១០ ខែ ធ្នូ ឆ្នាំ ១៩៦៧ (ព.ស. ២៥១១) ដោយ​អតីត​សម្ដេច​ព្រះ​សង្ឃរាជ​គណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ ក្នុង​គ្រា​ដែល​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី ៥ ។​ ‹ខ្ញុំ​ថ្លែង​សេចក្ដី​អំពី​ប្រវត្តិ​នៃ​វចនានុក្រម​នេះ​ជា​សង្ខេប មិន​សព្វ​គ្រប់​តាម​ដំណើរ​ការណ៍​ដែល​កន្លង​ទៅ​ហើយ​នោះ​ទេ, ខ្ញុំ​ថ្លែង​ដោយ​អន្លើ​ៗ​ខ្លះ​គ្រាន់​តែឱ្យ​អស់​លោក​បាន​ជ្រាប​ សោះ​តែ​ខាន​ប៉ុណ្ណោះ​ហើយ​អស់​លោក​នឹង​បាន​ជួយ​​ឧបត្ថម្ភ​វចនានុក្រម​នេះឱ្យ​មាន​ការ​លូត​លាស់​ចម្រើន​តទៅ​តាម​សម័យ​និយម នា​អនាគត​កាល ។ វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​នេះ​ជា​សម្បត្តិ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំពេញ គឺ​ជា​របស់​រាជ​រដ្ឋាភិបាល​តាំង​ពី​ចាប់​ផ្ដើម​បោះ​ពុម្ព​គ្រា​ទី ១ មក ពុំ​មែន​ជា​សម្បត្តិ​របស់​ឯក​ជន​ទេ ។ ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ធ្នូ ១៩១៥ ឱ្យឈ្មោះ​ថា វចនានុក្រម​ខ្មែរ​របស់​រាជការ ប៉ុន្តែ​កាល​​ដែល​បោះពុម្ព​គ្រា​ទី ១ ជា​ដំបូង​បង្អស់​នោះ អស់​លោក​កុង្សីយ៍​សេនាបតី​ក្នុង​សម័យ​នោះ សុំ​ថាឱ្យ​ដាក់​ឈ្មោះ​ត្រឹម​តែ​ថា វចនានុក្រម​ខ្មែរ​ភាគ​ទី ១ ភាគ​ទី ២ (DICTIONNAIRE CAMBODGIEN Tome I Tome II ) កុំ​ដាក់​ពាក្យ​ថា របស់​រាជ​ការ ព្រោះ​បើ​ដាក់​ឈ្មោះ​ថា របស់​រាជ​ការ ក៏​ទៅ​ជា​បង្ខំឱ្យគេ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​​ខាត, ដោយ​ហេតុ​នេះ ត្រូវ​ទុក​ឱកាសឱ្យ​គេ​ទៅ​សិន​ចុះ បើ​អ្នក​ណា​គេ​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​បើ​មាន​កំហុស​អ្វី​ឡើយ, យូរ​ៗ​ទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯង​ៗ​ទៅ​ទេ ។ » ដល់​មក​កាល​ជា​ខាង​ចុង គ. ស. ១៩៦៧ លោក​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ​ក្រុង​ភ្នំ​ពេញ បាន​ចាត់​ការ​បោះ​ពុម្ព​វចនានុក្រម​ខ្មែរ​នេះ​ជា​គ្រា​ទី ៥ ថែម​ឡើង​ទៀត ក៏​បាន​តាំង​គណៈ​កម្ម​ការ ៤ រូប​គឺ​៖ ១- ព្រះ​សាសនមុនី កិម -តូរ ចន្ទមង្គលោ ២- ព្រះ​បិដក​ធម្ម អ៊ុម ស៊ុម សង្ឃត្ថេរោ ទាំង​ ២ រូប​នេះ​ជា​សមាជិក​នៃ​គណៈ​កម្មការ​ប្រែ​ព្រះ​ត្រៃ​បិដក​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ ក្រុង​ភ្នំពេញ ៣-លោក ញូង សឿង នាយ​លេខាធិការដ្ឋាន​នៃ​សមាគម​អ្នក​និពន្ធ​ខ្មែរ​ក្រុង​ភ្នំពេញ (អតីត​អគ្គលេខាធិការ​រង​នៃ​ពុទ្ធសាសនបណ្ឌិត្យ) ៤- លោក ថោង សំអ៊ី អ្នក​និពន្ធ​តែង​សេចក្ដី​នៅ​ពុទ្ធសាសនបណ្ឌិត្យ ​ គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ជា​អ្នក​ស្ទាត់​ជំនាញ​ខាង​អក្សរសាស្ត្រ​ខ្មែរ, ឱ្យជា​អ្នក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​វចនានុក្រម​ខ្មែរ​ដែល​បាន​បោះ​ពុម្ព​គ្រា​ទី ៤ នោះ​ជា​ថ្មី​ម្ដង​ទៀត​ ឱ្យបាន​ហ្មត់​ចត់​គ្រាន់​បើ​បន្តិច​ឡើង​ជាង​មុន ដ្បិត​វចនានុក្រម​ក្នុង​ពុទ្ធសាសនបណ្ឌិត្យ​អស់​ទៅ​ហើយ ឥត​មាន​សល់​សម្រាប់​អស់​លោក​អ្នក​ត្រូវ​ការ​ទេ, សុំឱ្យ​គណៈ​កម្មការ​ទាំង ៤ រូប​នេះ​ឆ្លៀត​ពេល​ធ្វើ​ការឱ្យ​បាន​សម្រេច​ឆាប់​បន្តិច ឱ្យបាន​ទាន់​ពេល​នៃ​អស់​លោក​អ្នក​ត្រូវ​ការ ។ លោក លាង​ ហ័ប​អាន ជា​នាយក​នៃ​ពុទ្ធសាសនបណ្ឌិត្យ បាន​មក​សូម​ឱ្យ​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ក្នុង​ការ​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​បាន​តម្រូវ​តាម​ការ​ងាយ​ស្រួល ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​រៀបចំ​ការិយាល័យ​មួយ​ក្នុង​វត្ត​ឧណ្ណាលោម ដើម្បីឱ្យ​បាន​នៅ​ជិត​ខ្ញុំ​ជា​អ្នក​ជួយ​ឧបត្ថម្ភ ។ ខ្ញុំ​ក៏​បាន​ទទួល​ភារៈ​ជួយ ដោយ​តាំង​ចិត្ត​ថា ស៊ូ​ទ្រាំ​នឿយ​ចំពោះ​វចនានុក្រម​នេះ​ជា​ថ្មី​ម្ដង​ទៀត​ចុះ ទោះ​បី​ខ្ញុំ​មាន​វ័យ​ចាស់​ចូល​ក្នុង​ជន្មាយុ​គម្រប់ ៨៤ ឆ្នាំ​ហើយ ព្រម​ទាំង​មាន​កិច្ច​ការ​ផ្ទាល់​ខ្លួន​ច្រើន​ស្អេក​ស្កះ​ស្ទើរតែ​រើ​ខ្លួន​ពុំ​រួច​ផង​ក៏​ដោយ, ព្រោះ​វចនានុក្រម​ខ្មែរ​នេះ​ជា​ការ​ស្នា​ដៃ​ថ្វី​គំនិត​ចាស់​របស់​ខ្ញុំ ខ្ញុំ​មិន​សូវ​ភ្លេច​យូរ​ៗ​ប៉ុន្មាន​​ចំពោះ​វចនានុក្រម​នេះ​ទេ កាល​បើ​សរសេរ​ការ​អ្វីៗ ខ្ញុំ​តែង​តែ​នឹកដល់​វចនានុក្រម​ខ្មែរ​ទាំង​២ ភាគ​នេះ​ជា​ដរាប, ដោយ​ហេតុ​នេះ​ឯង បាន​ជា​ខ្ញុំ​មិន​ប្រកែក ។ ក្នុង​គ្រា​នេះ ខ្ញុំ​លៃ​ពេល​ម៉ោង​ឆ្លៀត​ជួយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែសម្រួលឱ្យ​បាន​គ្រាន់​បើ​ជាង​ពី​មុន​ខ្លះ​ដោយ​អន្លើ​ៗ ខ្ញុំ​ខំ​ប្រឹង​ឆ្លៀត​ជ្រើស​រើស​យក​មេ​ពាក្យ​ដែល​ខ្វះ ព្រម​ទាំង​អត្ថ​ន័យ​ផង សរសេរ​ខ្លួន​ឯង​ចុះ​បន្ថែមឱ្យ​មាន​មេ​ពាក្យ​ក្រែល​ជាង​ពី​មុខ បាន​ដក​ស្រង់​យក​កាព្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា ឥស្សរាធិបតី (ព្រះ​បរមកោដ្ឋ)ខ្លះ កាព្យ​សាស្ត្រា​ច្បាប់​រាជ​នេតិ​ជា​ព្រះ​និពន្ធ​នៃ ព្រះ​រាជ​សម្ភារ​ខ្លះ ល្បិច​ចៅ​ក្រម ដែល​កើត​មាន​ក្នុង​រជ្ជ​កាល​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ជ័យ​ចេស្ដា​ខ្លះ ចំពោះ​ត្រង់​អត្ថន័យ​នៃ​ពាក្យ មន្ទលេន សេន​បទ មណ្ឌុកដ​ សីហ​លោ, សុភា​សិត​និង​ភាសិត​បុរាណ​ខ្លះ, និង​កាព្យ​របស់​ខ្ញុំ​ខ្លះ តម្រូវឱ្យ​សម​តាម​អត្ថន័យ​របស់​មេ​ពាក្យ​នោះ​ៗ​ដោយ​អន្លើ​ៗ, ក៏​ឃើញ​ថា វចនានុក្រម​ខ្មែរ​ទាំង ២ ភាគ​ដែល​បោះ​ពុម្ព​គ្រា​ទី ៥ នេះ​ទូលំទូលាយ​គ្រាន់​បើ​បន្តិច​ជាង​មុខ, ប៉ុន្តែ​បើ​ធៀប​ប្រៀប​ទៅ​នឹង​ផ្លូវ ក៏​មាន​ឋានៈ​ត្រឹម​តែ​ប្រហែល​នឹង​ថ្នល់​លំ​ដែល​បាន​ចាក់​រាយ​ក្រួស​បាយ​ក្រៀម​ស្ដើង​ៗ​ប៉ុណ្ណោះ ពុំ​ទាន់​មាន​ឋានៈ​ស្មើ​នឹង​ថ្នល់​ដែល​ចាក់​ជ័រ​យ៉ាង​ក្រាស់​រលើប​រលង់​នៅ​ឡើយ​ទេ; ​ក្នុង​អនាគត​កាល​មិន​យូរ​ឆ្នាំ​ប៉ុន្មាន ទើប​អាច​នឹង​ឡើង​ឋានៈ​ស្មើ​នឹង​ថ្នល់​ចាក់​ជ័រ​រលង់​រលើប​ពុំ​ខាន​ឡើយ, គួរឱ្យ​ខ្ញុំ​នឹក​ស្ដាយ​ណាស់​ ដោយ​មិន​បាន​ឃើញ​ឋានៈ​ខ្ពង់​ខ្ពស់​របស់​វចនានុក្រម​ខ្មែរ​នេះ! ការ​ពិនិត្យ​ក្រោយ​នេះ​, ខ្ញុំ​បាន​ថ្លែង​ការណ៍​យ៉ាង​ពិស្ដារ ឱ្យគណៈ​កម្មការ​ទាំង ៤ រូប​បាន​ដឹង​អំពី​​យោបល់​នៃ​គណៈ​កម្មការ​មុន​ដំបូង​ដែល​ខ្ញុំ​បាន​ពោល​ហើយ​ខាង​លើ, គណៈ​កម្មការ​ទាំង ៤ រូប​ក៏​មាន​​​​យោបល់​ព្រម​គ្នា​ជា​ឯកច្ឆន្ទ​ថា ត្រូវ​យើង​យក​យោបល់​របស់​គណៈ​កម្មការ​ដំបូង​នោះ​មក​អនុវត្ត កុំ​ទុក​វចនានុក្រម​នេះឱ្យ​នៅ​រសេមរសាម​ច្រើន​ពេក នាំឱ្យ​ពិបាក​ប្រើ ពិបាក​ដោះ​ស្រាយ​ណាស់ ប៉ុន្តែ​ត្រង់​សញ្ញា​ដែល​ហៅ​ថា អឌ្ឍចន្ទ នោះ​ត្រូវ​លើក​ទុក​ទៅ​ចុះ ព្រោះ​វិនាស​បាត់​រូប​បាត់​ឈ្មោះ​ទៅ​ហើយ បើ​ទុក​ជា​យើង​បង្កើត​ក្នុង​សម័យ​នេះឱ្យ​មាន​រូប​សណ្ឋាន​ផ្សេង​ជា​ជំនួស សម្រាប់​ប្រើ​ដាក់​លើ​ពាក្យ​កំញ្រ ទាំង​ប៉ុន្មាន​នោះ​ក៏​ពុំ​កើត​ដែរ ។ ឯ​យោបល់​ក្រៅ​ពី​នោះ យើង​ត្រូវ​អនុវត្ត​តាម​ខ្លះ ដើម្បី​បើក​ផ្លូវឱ្យ​មាន​ឱកាស​ច្រហ​ទូលំ​ទូលាយ ឱ្យអស់​លោក​អ្នក​អក្សរសាស្ត្រ​ខ្មែរ​នា​អនាគត​ងាយ​ដើរ​ ដ្បិត​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ដែល​មាន សម្តេច​ព្រះ​នរោត្តម សីហនុ ឧប​យុវរាជ ព្រះ​ប្រមុខរដ្ឋ ជា​ព្រះ​បិតា​អក្សរសាស្ត្រ​ជាតិ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យឱ្យ​អក្សរសាស្ត្រ​ខ្មែរ​យើង​លូត​លាស់​ចម្រើន​នេះ ផ្ទុយ​គ្នា​ស្រឡះ​ពី​សម័យ​មុន ឆ្ងាយ​ពី​គ្នា​ដាច់​ស្រយាល​ទៅ​ហើយ, យើង​គួរ​សម្រេច​តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ​បាន​ខ្លះ​ហើយ ព្រោះ​មិន​ដូច​សម័យ គ. ស. ១៩​១៥ នោះ​ទេ ។ ខ្ញុំ​និង​គណៈ​កម្មការ​ទាំង​ ៤ រូប​ក៏​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ តាម​យោបល់​របស់​គណៈ​កម្មការ​ដំបូង​បង្អស់​នោះ, មិន​ទាំង​អស់​ទេ គ្រាន់​តែ​អនុវត្ត​តាម​ខ្លះ​ទុកឱ្យ​គង់​តាម​ទម្លាប់​ខ្លះ​ដើម្បី​គោរព​អធ្យាស្រ័យ​នៃ​អស់​លោក​អ្នក​ធ្លាប់​សរសេរ​រត់​គំនិត​រត់​ដៃ​ទៅ​ហើយ ។ › អធិបតី ​និង​ក្រុម​ជំនុំ ដែល​តាំង​ដោយ​ព្រះ​រាជ​ប្រកាស​លេខ ៦៧ ចុះ​ថ្ងៃ​ទី ៤ ខែ​សេបតមប្រិ៍ ឆ្នាំ ១៩១៥ និង​ព្រះ​រាជ​ប្រកាស​តាម​លំដាប់​មុន​ក្រោយឱ្យ​បង្កើត​វចនានុក្រម​ខ្មែរ ។ អធិបតី សម្ដេច​ចក្រី​កុញ្ជរាធិបតី ពេជ្រ ប៉ុណ្ណ សេនាធិបតី​ក្រសួង​សិក្សាធិការ​និង​យុទ្ធនាធិការ (កាល​នៅ​ក្នុង​ឋានៈ​ជា អ្នក​ឧកញ៉ា​ចក្រី​កុញ្ជរាធិបតី… ) ។ ក្រុម​ជំនុំ ១- សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្ររណឫទ្ធិ សុធារស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ២- សម្ដេច​ក្រុម​ព្រះ​ ភាណុវង្ស (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​អង្គ​ម្ចាស់) ៣- ព្រះ​វន​រ័ត ចន្ទ (វត្ត​ឧណ្ណា​លោម​ ក្រុង​ភ្នំ​ពេញ) ៤- ព្រះ​មហាវិមល​ធម្ម ថោង ចាង​ហ្វាង​ទី ១ នៃ​សាលា​បាលី​ជាន់​ខ្ពស់ ក្រុង​ភ្នំ​ពេញ ៥- ព្រះ​មហារាជ​ធម្ម សួស ចៅ​អធិការ​វត្ត​ប្រយូរ​វង្ស ក្រុង​ភ្នំ​ពេញ ៦- អ្នក​ឧកញ៉ា​ធម្មានិករ គង់ (សេនាបតី​ទី​វាំង​វរ​វៀង​ជ័យ​ចាស់ រ៉ឺត្រែត ) ៧- អ្នក​ឧកញ៉ា​ពិភិតឦសូរ ម៉ី (សេនាបតី​ទី​ចក្រី​ចាស់ រ៉ឺត្រែត); ៨- អ្នក​ឧកញ៉ា​វិបុល​រាជ មាស (ឧបសេនាធបតីក្រសួង​ក្សេត្រា​ធិការ… ) ៩- អ្នក​ឧកញ៉ា​ស្រី​ធម្មា​ធិរាជ អ៊ុក (ឧបសេនាបតី​ក្រសួង​ព្រះ​បរម​រាជ​វាំង… ) ១០- ព្រះ​ពុទ្ធ​ឃោសាចារ្យ ជួន ណាត (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃ​សត្ថា ជា​អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ជា​អ្នក​កាន់​ការ​ជាប់​រៀង​រាប​ដរាប​​មក​ដល់​សម័យ​បោះ​ពុម្ព​សម្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នេះ) ១១- ឧកញ៉ា​សុត្តន្តប្រីជា អ៊ិន (អ្នក​បាត់​ដំបង , តាំង​ពី​កាល​នៅ​ក្នុង​ឋានៈ​ជា​អាចារ្យ អ៊ិន រហូត​ដល់​បាន​ឋានន្តរ​ជា​ទី​ឧកញ៉ា​នេះ) ១២- អ្នក​អាចារ្យ អ៊ិត ហាក់ អាចារ្យ​សាលា​បាលី​​ជាន់​ខ្ពស់ (តាំង​ពី​កាល​នៅ​ជា​បព្វជិត មាន​ឋាន​ន្តរ​ជា​ព្រះ​សីល​សំវរ​រាជា​គណៈ វត្ត​ឧណ្ណាលោម)​ ១៣- ឧញ៉ា​សុភាធិរាជ ស៊ូ (ចៅ​ក្រម​សាលា​ឧទ្ធរណ៍ ក្រុង​ភ្នំ​ពេញ) ១៤- ព្រះ​ញាណវីរិយៈ​ ឡុង (ចៅ​អធិការ​វត្ត​នួន​មណីរាម ក្រុង​ភ្នំពេញ) អាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ ១៥- ព្រះ​ឧត្តមមុនី អ៊ុម ស៊ូ (វត្ត​ឧណ្ណាលោម) អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា) ១៦- ព្រះ​សាក្យវង្ស ហួត តាត អាចារ្យ​បង្រៀន​សំស្ក្រឹត​នៅ​សាលា​បាលី​ជាន់​ខ្ពស់, អធិបតី​រង​នៃ​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដក (កាល​នៅ​ក្នុង​ឋានៈ​ជា​ព្រះ​គ្រូ​សង្ឃវិជ្ជា) ១៧- ក្រម​ការ ជុំ ម៉ៅ (កាល​កំពុង​ទទួល​ភារៈ​ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ) ១៨- ឧញ៉ា​ទេពពិទូ ឈឹម ក្រសេម​គន្ថបណ្ឌិតនៅ​ពុទ្ធសាសនបណ្ឌិត្យ ។ បណ្ដា​ក្រុម​ជំនំ​ទាំងនេះ អស់​លោក​ខ្លះ​បាន​ជួយ​ធ្វើ​ការ​ដោយ​ពេញ​កម្លាំង, ខ្លះ​ជួយ​ធ្វើ​មួយ​ដង​មួយ​កាល, ខ្លះ​គ្រាន់​តែ​មាន​នាម​តាំង​ក្នុង​ព្រះ​រាជ​ប្រកាស​ប៉ុណ្ណោះ ។ លោក ហ៊្សក សេដែស ចាងហ្វាង​សាលា​បារាំងសែស​នៅ​ចុង​បូព៌ា​ប្រទេស (កាល​នៅ​ជា​ សមាជិក កម្មការ នៃ​សាលា​បារាំងសែស​នោះ​នៅ​ឡើយ, ក្នុង​ឱកាស​ដែល​លោក​នៅ​ធ្វើ​ការ​ក្នុង​កម្ពុជរដ្ឋ) ជា​អ្នក​ផ្ដួចផ្ដើមឱ្យ​កើត​ការ​នេះ​ឡើង ព្រម​ទាំង​ឆ្លៀត​ជួយ​ធ្វើ​ការ​នេះ​ជា​មួយ​នឹង​អស់​លោក​ក្រុម​ជំនុំ​ផង​ដែរ ។ លុះ​ដល់​មក​អវសាន​កាល ព្រះពុទ្ធឃោសាចារ្យ ជួន ណាត បាន​រើ​កែ​ធ្វើ​ជា​ថ្មី​ឡើង​ម្ដង​ទៀត ដោយ​សេចក្ដី​ខំប្រឹង​ពេញ​កម្លាំង​តែ​មួយ​រូប​គត់​ឥត​មាន​លោក​ណា​ជាគម្រប់​ពីរ​ឡើយ ដរាប​ទាល់​តែ​ហើយ​ការ​ស្រេច​កើត​បាន​ជា​វចនានុក្រម​ខ្មែរ​នោះ​ឡើង, ជា​ការ​កើត​ដំបូង​បំផុត​ក្នុង​កម្ពុជរដ្ឋ។ រៀបរៀងដោយៈ ព្រះតេជព្រះគុណ កោសលមុនី យិន-រតនសុធាវី (វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន អក្សរសាស្រ្តខ្មែរជាគោលរបស់ជាតិ វិន័យនៃលោកនាថ ជាគោលព្រះពុទ្ធសាសនា កាលបើអក្សរសាស្រ្តខ្មែរបាត់បង់ ជាតិក៏អាប់ឱនសាបសូន្យទៅជាលំដាប់លំដោយ) ដោយ​៥០០០​ឆ្នាំ​
images/articles/3280/_____________________.jpg
Public date : 31, Aug 2025 (11,097 Read)
សិក្សា​ប្រវត្តិ​ដូនជី តាមការយល់ឃើញរបស់មនុស្សទូទៅ ពាក្យថាដូនជី គឺជាស្ត្រី ដែលកោរសក់ កោរចិញ្ចើម ស្លៀកសពាក់ស និងរក្សា​សីល​៨ ។ ដូនជីមានប្រវត្តិតាំងអំពីសម័យព្រះពុទ្ធអង្គគង់ព្រះជន្មនៅឡើយម្លេះ ដោយសារព្រះអង្គទ្រង់ត្រាស់ហៅដូនជីថាជា ឧបាសិកា ។ ដូនជីចាត់ទុកជាសាវិកា {សាវ័កស្រី} មួយប្រភេទនៅក្នុងចំណោមពុទ្ធបរិស័ទទាំងបួន​ពួក ក្នុង​ព្រះពុទ្ធ​សាសនា ដោយ​លោក​បាន​សម្តែង​ទុកយ៉ាងច្បាស់នៅក្នុងព្រះត្រៃបិដក ។ តើកំណើតនៃដូនជីនៅក្នុងស្រុកខ្មែរមានតាំង​ពីពេល​ណា​មក ហើយ​ការ​បួស​ធ្វើជា​ដូន​ជីមានបំណង និងទិសដៅអ្វីខ្លះ? លោក បុណ្យ ប៊ុនសារ៉ាត់ សាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជ បានលើកឡើងថា ដូនជីនេះមាន​តាំងពីសម័យព្រះពុទ្ធទ្រង់គង់នៅម្លេះ តែចំណែកប្រវត្តិដូនជី ដែលកើតមាននៅក្នុងស្រុកខ្មែរយើង មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថា មាន​តាំង​ពីពេលណាមកទេ ប៉ុន្តែបើតាមការ​សន្និដ្ឋាន គឺ​ប្រហែល​ជា ហូរ​ចូល​មក​ព្រម​គ្នា​នឹង​សាសនា​ថេរវាទម្លេះ។ លោកបានបន្តទៀតថាដូនជីមានច្រើនប្រភេទដូចជា ដូនជី ស្លៀក​ពាក់​ពណ៌​ខ្លឹម​ខ្នុរ កោរ​សក់ កោរ​ចិញ្ចើម សមាទាន​សីល ១០ ជា​សីល​របស់​សាមណេរ ដូនជីប្រភេទនេះ​មាន​នៅ​ប្រទេស​ភូមា គេ​ហៅ​ថា សីលចារិនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌លឿង កោរសក់ កោរចិញ្ចើម សមាទាន​សីល​៨​ក៏​មាន សីល​១០​ក៏មាន ដូនជី​ប្រភេទ​នេះ​ហៅ​ថា សង្ឃនី, ដូនជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស មិន​កោរ​សក់ មិនកោរចិញ្ចើម ហើយ​សមាទាន​សីល​៨ ហៅថា ជី​ព្រាហ្មណ៍ ឬ​ឧបាសិកា ព្រោះ​យក​លំ​នាំ​តាមបែប​ព្រាហ្មណ៍ ដែល​និយម​ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស ការ​បួស​បែប​នេះ គឺបួស​រយៈ​ពេល​ខ្លីតែ​ប៉ុណ្ណោះ, និង​ដូន​ជី ស្លៀក​ដណ្តប់​សំពត់​ពណ៌​ស កោរ​សក់ កោរចិញ្ចើម សមាទាន​សីល​៨ ឬ​សីល​១០ ជា​និច្ច​កាល។ លោកបានបញ្ជាក់ផងដែរថា ការបួសធ្វើជាដូនជី គឺមានទិសដៅដូចគ្នាទៅនឹងភិក្ខុ សាមណេរ​ដែរ គឺដើម្បីរួមចំណែកក្នុងការជួយអប់រំ និងដឹកនាំមនុស្ស ដើម្បីស្វែងរកសេចក្តីសុខសន្តិភាពជូនសង្គមមនុស្ស, ជួយផ្តល់នូវចំណេះដឹងផ្លូវធម៌ដល់សង្គម, រួមចំណែកជួយពង្រឹងព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិដើម្បីឲ្យបាននូវសីល សមាធិ បញ្ញាដល់សាសនិកជន, រួមចំណែកក្នុងការការពារវប្បធម៌ និងអរិយធម៌ខ្មែរ និងដើម្បីបន្តអាយុកាលព្រះពុទ្ធសាសនាឲ្យបានស្ថិតស្ថេរយូរអង្វែង។ លោកបានបញ្ជាក់បន្ថែមទៀតថា ដូនជីចាំបាច់ត្រូវរស់នៅក្នុងវត្តជាមួយនឹងព្រះភិក្ខុសង្ឃ ប៉ុន្តែដូនជីមិនត្រូវបានចាត់ទុកថាជាសមណៈទេ គេគ្រាន់តែចាត់ទុកថាជាឧបាសិកាដែលនៅវត្តហើយ ស្លៀកដណ្តប់សំពត់សតែប៉ុណ្ណោះ ការបំបួសដូនជី គឺចៅអធិការវត្តធម្មតាក៏អាចបំបួសបានដូចសាមណេរដែរ៕ បញ្ញាភិលង្គារៈ ប្រភពដកស្រង់ ហ្វេសប៊ុកសីលវតី តូច Sīlavatī kusalā ប្រភពសំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/3283/4534rwefutuyyttyty.jpg
Public date : 12, Mar 2025 (21,071 Read)
បឋមទេសនា ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះ រមែងមិន ញ៉ាំងសត្វទាំងឡាយណាដែលដិតជាប់កាមអោយត្រាស់ដឹងបានឡើយ តថាគត នឹងមិនធ្វើការប្រៀនប្រដៅ ដល់សត្វលោកដោយប្រការ យ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាអិសីលោកា ទ្រង់ចូល កលព្រះសាស្តាអោនសិរសីលើដៃបង្គំអារាតនាអោយព្រះអង្គទ្រង់ ប្រោសប្រណីដល់សត្វនានា ព្រះពុទ្ធក៏ទ្រង់អនុគោល យល់ព្រមទទួ លសំដែងធម៌ ទេសនាអោយសត្វលោកដោយករុណាតាំងពីពេល នោះមក។ ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសី ចូលទៅព្រៃអិ សីបបនមិគទាវន្ត ជាទីស្នាក់អាស្រ័យនៃបញ្ចវគិយភិក្ខុ ភិក្ខុ៥អង្គបាន ឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយ ក៏ជំនុំប្រាប់គ្នាថា យើងទាំងឡា យចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថ ដែលអស់សេចក្តីព្យាយាមរលីងហើយ នោះអោយសោះ តែដោយអំណាចបុណ្យបារមីនៃព្រះអង្គ ពេលដែល ព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។ ព្រះអង្គទ្រង់សន្តោសប្រោសទេសនា ធម្មចក្រកប្បវត្តនសូត្រ ដែលហៅថាបថមទេសនាប្រោសដល់បញ្ចវគីយ៍បាន សំរេចសោតាបត្តមគ្គក្នុងគ្រានោះអែង។ តាំងពីពេលនោះមកមានមនុស្សជាច្រើន បានចូលទៅបួសរៀនក្នុងសំណាក់ព្រះអង្គ ហើយបានសំរេចមគ្គផលទៅ តាមការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុ ចូលទៅកាន់សំណាក់ ព្រះបាទសុទ្ធោទន បីតានិង ព្រះនាងពិម្ពាយ ជាព្រះជយា។ ព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុល បុត្រចូលទៅ សុំចែកទ្រព្យសម្បត្តិពីសំណាក់ បីតា ព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមេណរតាំងពីពេលនោះមក។ ពុទ្ធកិច្ច ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖ នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន។ នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ។ នៅពេលកណ្តាលអទ្រាធ ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ។ នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វលោកដែលមាននិស្ស័យ និងឥតនិស្ស័យ។ ដាក់ព្រះជន្ម ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា នាថ្ងៃ ១៥កើតពេញបូណមីខែ មាឃ ឆ្នាំម្សាញ់ ព្រះពុទ្ធទ្រង់ដា ក់អាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វានក្នុងរយពេលបីខែទៀត។ ព្រះភិក្ខុសង្ឃទាំងឡាយជាសាវក ជាពិ សេសគឺ ព្រះអានន្ទ ជាអ្នកបំរើព្រះអង្គផ្ទាល់ កាលបើដឹងថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយ ក៏យំសោក ស្តាយអាយុសង្ខារព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គចូលបរិនិពា្វនឡើយ។ បរិនិពា្វន ព្រះពុទ្ធទ្រង់ចូលបរិនិព្វាន ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយផ្សិតម្យ៉ាងដែលប្រគេនដោយនាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។ ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ព្រះវស្សា។ ប្រភពដកស្រង់ kh wiki ប្រភពសំឡេង YouTube: yun tong ដោយ៥០០០ឆ្នាំ
images/articles/337/te1234xtpic.jpg
Public date : 02, Dec 2024 (44,399 Read)
តាំង​ពី​ព្រះ​សម្មាសម្ពុទ្ធ​បរមគ្រូ​ទ្រង់​បរិនិព្វាន​ទៅ​ពុំ​ទាន់​មាន​ប្រទេស​ពុទ្ធសាសនិក​ណា​មួយ​បាន​ផ្តើម​បង្កើត​ទង់​ព្រះ​ពុទ្ធសាសនា​ឱ្យ​មាន​រូប​រាង​ឡើង​ពិត​ប្រាកដ​ដូច​ក្នុង​ប្រពៃណី​ឯ​ទៀត​ឡើយ​នោះ​ទេ​។ លុះ​ដល់​ថ្ងៃ​អង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល
images/articles/441/Un63434titled-1.gif
Public date : 02, Dec 2024 (23,300 Read)
ប្រវត្តិ​ព្រះបរមសារីរិកធាតុ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច​ទាំង​៥​ប្រការ​អស់ ៤៥​ព្រះវស្សា ដើម្បី​ប្រយោជន៍​ដល់​សត្វ​លោក​តែ​ម្យ៉ាង មិន​មាន​បំណង​ប៉ង​ប្រាថ្នា​អ្វី​បន្តិច​បន្តួច​ពី​សត្វ​លោក​ឡើយ ។ ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​ចរិយា​មិន​គិត​ពី​ការ​នឿយ​ហត់​លំបាក​កាយ​ឡើយ ឲ្យ​តែ​សត្វ​លោក​បាន​រួច​ផុត​ចាក​ទុក្ខ បាន​ត្រាស់​ដឹង​នូវ​អរិយ​សច្ចធម៌ ។ ព្រះអង្គ​ទ្រង់​បំពេញ​ពុទ្ធ​កិច្ច​អស់ ៤៥​ព្រះវស្សា​​ហើយ ក្នុង​ថ្ងៃ​១៥​កើត ពេញ​បូណ៌មី ខែ​ពិសាខ​ មុន​ពុទ្ធសករាជ ១​ថ្ងៃ​ព្រះអង្គ​ទ្រង់​បរិនិព្វាន​ក្រោម​សាល​ព្រឹក្ស​ទាំង​គូ ដោយ​អនុបាទិសេស​និព្វាន ។ ព្រះ​បរមសព​នៃ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ ត្រូវ​ពួក​មនុស្ស​ទេវតា ព្រហ្ម​ជា​ដើម​នាំ​គ្នា​បូជា​យ៉ាង​សន្ធឹក​សន្ធាប់​ជាទី​បំផុត ហើយ​បាន​ដង្ហែ​យក​ទៅ​បូជា​ត្រង់​មកុដពន្ធនចេតិយ។ ... អាន​បន្ថែម​ខាង​ក្រោម (ទំព័រ ១-១៥) មង្គល ១០៨​ក្នុង​ស្នាម​ព្រះបាទ អរុណ​ក្រហម​មាន​ឡើយ ជា​បុព្វភាគ​នៃ​ការរះ​ឡើង​របស់​ព្រះអាទិត្យ​យ៉ាង​ណា បុព្វនិមិត្ត​រមែង​ប្រាកដ​ឡើង​ចំពោះ​ពុទ្ធុប្បាទ ក៏​យ៉ាង​នោះ ពោល​គឺ មុន​ពុទ្ធកាល​មួយ​ពាន់​ឆ្នាំ ព្រហ្មជាន់​សុទ្ធាវាស​បាន​ក្លែង​ភេទ​ជា​ព្រាហ្មណ៍​មក​កាន់​មនុស្ស​លោក​ហើយ​ប្រកាស​ថា ព្រះពុទ្ធ​ជា​ម្ចាស់​នឹង​ឧបត្តិ​ឡើង​ក្នុង​លោក​នេះ បន្ទាប់​ពី​នេះ​ទៅ​មួយ​ពាន់​ឆ្នាំ​ទៀត ។ ... អានបន្ថែមខាងក្រោម (ទំព័រ១៦) ដោយ៥០០០ឆ្នាំ
images/articles/541/nalanda1.png
Public date : 02, Dec 2024 (14,290 Read)
មហាវិទ្យាល័យនាឡន្ទា ជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនាយ៉ាងសំខាន់ នាឡន្ទាជា ក្រុងខ្នាតតូចប៉ុន្តែមានមនុស្សអាស្រ័យនៅកុះករ នាឡន្ទាបានប្រាកដ
images/articles/780/3132013134753sdf45fs12d-1.gif
Public date : 02, Dec 2024 (27,035 Read)
ខាង​ក្រោម​នេះ​គឺជាសៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​ ដែល​៥០០០​ឆ្នាំ​ បាន​ទាញយក​ពី​គេហ​ទំព័រ​ស្រុក​ស្រែ​ ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ​ ​ដែល​សៀវ​ភៅ​បាន​ត្រូវ​រៀប​រៀង​ឡើង​វិញ​ដោយ ស្រុក​ស្រែ​ និង​បាន​ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ដើម្បី​ចុះ​ផ្ទាល់​ទៅ​ថត​
images/articles/1212/35wter3rtrtyuiyii.jpg
Public date : 02, Dec 2024 (23,464 Read)
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាល ផផឲផឥឲផព្រះសម្ពុទ្ធ ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់ តែ​បង្សុកូល​ចីវរ ព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“ ​។ នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាល ព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពន ដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី សាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។ គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ ក្នុង​ដែន​បាឋេយ្យ ជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថី ដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត (ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែ នា​ទីនោះ​តែម្ដង​ទៅ​។ ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​យ៉ាងខ្លាំង ដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍ (៩៦​គីឡូម៉ែត្រ) ទៀត​សោះ មិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។ លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។ លុះដល់​ហើយ ភិក្ខុ​ទាំង​៣០​អង្គ ក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ ព្រះសម្ពុទ្ធ ក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំងនោះ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយ ល្មម​អត់​សង្កត់​បាន​ឬ​ទេ​? ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា​ទេ​ឬ​?“​។​ ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ដែល​មាន​មក​តាម​ផ្លូវ ដោយ​សព្វគ្រប់​ប្រការ​។ លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។ លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា “ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង ហើយ​យក​ជាប់​មក​ជាមួយ​ខ្លួន តែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​សោះឡើយ​។ រីឯ​កឋិនត្ថារកិច្ច​នេះ​សោត ព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ​ដែល​លះបង់​ផង“​។ លុះ​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយ ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ថា “អនុជានាមិ ភិក្ខវេ វស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“​។ ប្រែថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ! អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ជា​អ្នក​បាន​ក្រាលគ្រង និង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។ កឋិនកាល (កាលទាន) ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេ គ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់ និង​មាន​ប្រជាប្រិយភាព​ច្រើន ដែល​ហៅថា “កឋិនកាល ឬ​កាលទាន“​។ ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុង​ពេល​មួយ​ខែ កំណត់​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក (ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់កណ្ដាល​ខែ​វិច្ឆិកា​)​។ ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាត ដល់​ភិក្ខុសង្ឃ ជា​អ្នក​ក្រាលគ្រង និង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។ ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ បាន​ទទួល​អានិសង្ស​៥​ប្រការ​ផង ជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា អស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“​។ ប្រែថា “ជន​ដ៏​មាន​ប្រាជ្ញា (ណាមួយ) បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល (ដល់​អ្នកដទៃ) ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល (ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។ សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា “ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិ ជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោក និង​ទេវលោក ក្នុង​អនាគត​។ ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាល ជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ ​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​បព្វជិត​នៅ​ក្នុង​សាសនា ព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។ តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ពុទ្ធបរិស័ទ ដើម្បី​បំពេញ​នូវ​សេផចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​។ ដោយ៥០០០ឆ្នាំ
images/articles/2429/11c.jpg
Public date : 02, Dec 2024 (10,331 Read)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​ ពាក្យទោលជាស្រៈ អ ដែលឥតតួ រ ប្រកបហៅថា ពាក្យកំព្រា ដូចជា ក(កមនុស្សសត្វ), ង(ងស្ទើត), ល(លមើល), ស(សម្បុរស) ជាដើមនេះ អ្នកប្រាជ្ញជំនាន់មុនបានបង្កើតសញ្ញាថ្មីមួយហៅថា អឌ្ឍចន្ទ មានសណ្ឋានស្រដៀងចំណិតដូង ប៉ុន្តែផ្កាប់ (៝) ប្រើដាក់ពីលើ ដូចជា ឈឺក៝, លើកដាក់លើក៝, ទូកង៝, ថាល៝មើល, រលឹបរល៝, កុកស៝ក៝, ដីស៝ កុំឲ្យច្រឡំក្នុងការអាន ប៉ុន្តែមិនបានជោគជ័យសញ្ញា អឌ្ឍចន្ទ នេះបាត់រូបទៅវិញ ។ បច្ចុប្បន្ន ស្មេរខាងកាសែត ទស្សនាវដ្ដី ឬខាងនិពន្ធផ្សេងៗមានការលំបាកក្នុងការសរសេរពាក្យកំព្រានេះក្នុងអត្ថបទរបស់ខ្លួន ព្រោះខ្លាចអ្នកអានច្រឡំ ស្មេរខ្លះបន្ថែមសញ្ញា (–) នៅខាងដើមពាក្យកំព្រានោះ ដើម្បីញែកពាក្យ ដូចជា បុរសម្នាក់ចង-ក សម្លាប់ខ្លួន ខ្លះសរសេរដកឃ្លា ប្រណាំងទូក ង នៅ… អ្នកខ្លះដែលមិនក្រវល់ក្រវាយច្រើន ក៏សរសេរជាប់គ្នាតាមធម្មតា ដូចជា គោសម្ដេចថាខ្មៅ ។ របៀបសរសេរដែលមិនទាន់ស្របគ្នាទាំងនេះ នៅបង្កការលំបាកចំពោះស្មេរ និង អ្នកអានខ្លះដែរ ។ ក្នុង និទានកថា របស់វចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ បញ្ជាក់ថា សញ្ញា អឌ្ឍចន្ទ ត្រូវបានលើកទុក ព្រោះវិនាសបាត់រូប បាត់ឈ្មោះ បើបង្កើតឲ្យមានរូបសណ្ឋានផ្សេងជាជំនួស សម្រាប់ប្រើដាក់លើ ពាក្យកំព្រា ទាំងប៉ុន្មាននោះក៏ពុំកើតដែរ ។ តាមពិតសញ្ញានេះ នៅមិនទាន់វិនាសបាត់សូន្យនៅឡើយទេ ដ្បិតសញ្ញានេះនៅមានលើក្ដារចុចរបស់យូនីកូដខ្មែរនៅឡើយ ។ ជាគំនិតរបស់ខ្ញុំ ប្រសិនបើយើងនាំគ្នាត្រឡប់មកប្រើសញ្ញា អឌ្ឍចន្ទ ឡើងវិញ ដោយពុំចាំបាច់ពិបាកក្នុងការបង្កើតសញ្ញាថ្មី វាជាការងាយស្រួល ព្រោះថាបើរង់ចាំទម្រាំអ្នកប្រាជ្ញណាមួយមានគំនិតក្នុងការបង្កើតថ្មីនោះ ក៏នឹងអាចរង់ចាំដល់រយៈពេលយូរ រាប់ជាច្រើនឆ្នាំតទៅមុខទៀតក៏មិនដឹង ។ ដើម្បីប្រើសញ្ញា អឌ្ឍចន្ទ ចុច Ctrl + Alt + w ឬចុច Alt ខាងស្ដាំ + w ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2155/text5464sd-1.jpg
Public date : 02, Dec 2024 (39,320 Read)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា សាលាពុទ្ធិក​សិក្សា ​ត្រូវ​បាន​បង្កើតឡើង​​នៅប្រទេសកម្ពុជា ដោយ​ក្តី​បារម្ភផ្នែក​វប្បធម៌ និង​អក្សរ​​សា​ស្ត្រនៃរាជ​ការ​ខ្មែរ និងក្តី​បារម្ភ​របស់រដ្ឋ​ការអាណា​ព្យាបាល​បារាំង​ខ្លាចបាត់​បង់ការ​គ្រប់​គ្រង មក​​​ប្រទេស​ខ្មែរដោយ​សារ​មនោ​គមន៍​វិជ្ជា និងឥទ្ធិពល​នយោបាយសៀមមកលើកុលបុត្រខ្មែរ និងបាន​ក្លាយជា​​ស្ថាប័នដ៏​សំខាន់​សម្រាប់​វប្បធម៌និង​អក្សរសាស្ត្រជាតិខ្មែរ។
images/articles/3197/________________________________________________.jpg
Public date : 02, Dec 2024 (25,142 Read)
សមាធិ គឺការរក្សាចិត្តឱ្យតាំងនៅស៊ប់ រក្សាចិត្តស្ថិតនៅខ្ជាប់ ការធ្វើឱ្យចិត្តនៅស្មាំស្មើផង ត្រឹមត្រូវផង ជាពិសេសញ៉ាំចិត្តនិងចេតសិកឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយបាន។ ចិត្តនិងចេតសិក មិនមានភាពរាយមាយ មិនរសាត់អណ្ដែតអណ្ដូង ឋិតនៅស្មើល្អត្រឹមត្រូវ អាចឱ្យចិត្តផ្តោតលើអារម្មណ៍តែបាន ព្រោះចិត្តនោះមានសមាធិតម្កល់ស៊ប់មាំល្អ។ សមាធិមានច្រើនប្រភេទ និងច្រើនពួកកាលបើវែកញែក លើកមកបកស្រាយឱ្យសព្វសេចក្ដីនោះ ពុំបានឡើយ។ នៅត្រង់ចំណុចនេះខ្ញុំនឹងលើកយកតែចំណុចដែលសំខាន់ខ្លះៗ ដែលលោកអ្នកអាចយល់បានមកបង្ហាញប៉ុណ្ណោះ។ ហើយក៏មានចំណុចខ្លះ ក៏ខ្ញុំមិនទាន់ច្បាស់ផងដែរ ដ្បិតថាបញ្ញានៅមានកម្រិត ចំណុចខ្លះក៏បានត្រឹមយល់ដោយខ្លួនឯង មិនអាចមានប្រតិពលក្នុងការលើកយកមកពន្យល់ដល់អ្នកដទៃឱ្យយល់បាន។ ហេតុនេះប្រសិនបើលោកអ្នកមានប្រាថ្នាដើម្បីសិក្សាឱ្យបានច្បាស់នោះ សូមទៅរកមើលក្នុងគម្ពីរវិសុទ្ធិមគ្គភាគ១ ឬគម្ពីរសមាធិនិទ្ទេស នោះលោកអ្នកនឹងបានសិក្សាយល់ច្បាស់ដោយពិស្ដាសព្វសេចក្ដី បានជាមិនខាន។ លក្ខណៈនៃសមាធិ គ្រប់យ៉ាងក្នុងលោកនេះសុទ្ធតែមានលក្ខណៈសម្គាល់ចំណាំ សមាធិក៏មានលក្ខណៈបង្ហាញឱ្យដឹងផងដែរ។ ពេលខ្លះយើងច្រើនយល់ច្រឡំថា ក្នុងការធ្វើសមាធិ ទាល់តែអង្គុយពែនភ្នែនតាមដានដង្ហើមចេញដង្ហើមចូល ទើបចាត់ទុកថាកំពុងធ្វើសមាធិ។ ការគិតបែបនោះមិនត្រឹមត្រូវនោះសេចក្ដីនោះឡើយ។ សមាធិប្រៀបដូចជាការរៀនអ៊ីចឹង បុគ្គលដែលអាចរៀនចេះ មិនមែនទាល់តែអង្គុយរៀនក្នុងថ្នាក់រៀន ទើបអាចចេះដឹងបានឯណា ហើយគេអាចសម្គាល់ថាជាអ្នកចេះដឹងបាន គឺគេសម្គាល់ដោយលក្ខណៈផ្សេងៗដូចជា អត្តចរិត សម្ដីសំដៅ និងការដោះស្រាយបញ្ហាប្រឈមបាន ទោះមិនមានសញ្ញាបត្រ ក៏បុគ្គលនោះត្រូវបានគេចាត់ទុកថាជាអ្នកចេះដឹងបានដែរ។ ចិត្តមានសមាធិក៏ដូចគ្នាដែរ ពេលដែលអង្គុយសមាធិ គឺជាការហ្វឹកហាត់ ប្រៀបដូចយើងកំពុងរៀនដូច្នោះ។ បើកាលណាសមាធិហ្វឹកហាត់ស្ទាត់ជំនាញហើយ មិនចាំបាច់ធ្វើរាល់ដងក៏មិនថ្វីដែរ។ លក្ខណៈរបស់សមាធិមាន៤យ៉ាងគឺ • កម្ចាត់នូវសេចក្ដីរាយមាយជាលក្ខណៈ។ • កម្ចាត់នូវការអណ្ដែតអណ្ដូងជាកិច្ច។ • មានការមិនញាប់ញ័រជាផល។ • ញ៉ាំងចិត្តឱ្យតាំងខ្ជាប់ដោយសេចក្ដីសុខហេតុជិត។ ទាំងនេះជាលក្ខណៈនៃសមាធិ។ បុគ្គលដែលប្រាថ្នានូវសេចក្ដីស្ងប់សុខក្នុងចិត្ត មិនគប្បីប្រាសចាកនូវការចម្រើនសមាធិឡើយ។ សេចក្ដីរាយមាយចិត្ត(ឧទ្ធច្ចៈ) គឺមានតែការសមាធិប៉ុណ្ណោះ ទើបអាចទប់ស្កាត់បាន។ ម្យ៉ាងទៀតសមាធិក៏ទប់ស្កាត់សត្រូវក្នុងចិត្ត គឺកិលេសបានផងដែរ។ ប្រសិនបើអ្នកចង់ដឹងថា ចិត្តរបស់ខ្លួនមានសមាធិកម្រិតណា ចូរសាកល្បងពិសោធចិត្ត ដូចជានៅពេលឮអ្វីដែលរន្ធត់ខ្លាំង ចិត្តនៅញាប់ញ័រ ឬភ័យខ្លាំងទេ ពេលឮសំឡេងលាន់ខ្លាំង ដូចជាសំឡេងនៃផ្គរ សំឡេងនៃខ្យល់បក់ទ្វារឬបង្អួចឮសូរគ្រាំង តើនៅមានចិត្តភ្ញាក់ឬភិតភ័យដែរទេ? នៅភ័យខ្លាំងទេ? ប្រសិនបើនៅតែភ្ញាក់ខ្លាំង ដោយគ្រាន់តែឮសំឡេងល្មមៗ នោះចិត្តរបស់អ្នកមិនទាន់មានសមាធិតម្កល់ល្អនោះទេ។ សមាធិពិតមានសារៈប្រយោជន៍ខ្លាំងណាស់ កិច្ចការអ្វីមួយប្រើប្រាសចាកសមាធិហើយ កិច្ចការនោះនឹងមិនប្រព្រឹត្តទៅដោយរលូន ឬធ្វើបានល្អឡើយ។ ដូចជាសាស្រ្តាចារ្យបង្រៀនគណិតវិទ្យាក្ដី រូបវិទ្យាក្ដី សុទ្ធតែត្រូវការមានចិត្តស្ងប់ទើបអាចបង្រៀន ឬដោះស្រាយលំហាត់ចេញបាន។ វិចិត្រករក៏ដូចគ្នាដែរ សុទ្ធតែត្រូវការមានសមាធិ។ បើចិត្តរវើរវាយ រាយមាយ មិនអាចធ្វើអ្វីកើតឡើយ។ ម្យ៉ាងទៀតសមាធិមានជាថ្នាក់ៗ ទៅតាមបុគ្គលដែលមានព្យាយាមខ្លាំងក្នុងការចម្រើន សមាធិនោះមាន៖ សមាធិ៣យ៉ាង • ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងត្រឹមមួយជួរខណៈ តែមិនបានយូរប៉ុន្មាន ក៏រលត់ទៅ វិញ។ • ឧបចារសមាធិ គឺសមាធិដែលមានចិត្តស្ងប់រំងាប់ប្រាសចាកនីវរណៈធម៌ទាំង៥ តែមិនមែនជាអារម្មណ៍របស់អង្គឈាន មានបឋម-ជ្ឈាននោះទេ។ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះ គឺជាអារម្មណ៍សមាធិ ជាចិត្តដែលជិតបានឈានសមាបត្តិ។ • អប្បនាសមាធិ គឺសមាធិដែលចិត្តគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម។ ចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មានវិតក្ក វិចារ បីតិ សុខ ចិត្តេកគ្គតាជាអង្គ៥។ គ្រប់មនុស្សទាំងអស់ភាគច្រើនស្ថិតនៅក្នុងសមាធិទី១ គឺខណិកសមាធិ។ ទោះបីអ្នកធ្លាប់បានសមាធិខ្លះក្ដី មិនធ្លាប់បានសមាធិក្ដី ភាគច្រើនគឺមានត្រឹមនេះ។ ចិត្តរបស់មនុស្សដែលមិនទាន់ស្ទាត់ជំនាញក្នុងការហ្វឹកហាត់សមាធិទេនោះ គឺស្ងប់បានតែមួយខណៈប៉ុណ្ណោះ តែភ្លេចខ្លួន ភាពរវើរវាយនឹងចូលសណ្ឋិតវិញជាមិនខាន។ ដូច្នេះទើបត្រូវឱ្យមានមនសិការជាប់ជានិច្ច ដោយតាមដានផ្តោតចិត្តទៅលើអ្វីបានកំពុងប្រព្រឹត្ត នោះទើបអាចប្រព្រឹត្តទៅបានល្អ។ មនសិការនោះទៀតសោត ក៏មិនតាំងនៅរហូតដែរ ដូច្នេះទើបបុគ្គលអ្នកឃើញផលក្នុងការចម្រើនសមាធិ តែងតែហ្វឹកហាត់សមាធិជាប្រចាំ។ ចិត្តមិនអាចស្ងប់ ឬនៅតែមិនមានភាពស្ងប់សុខ ប្រសិនបើអ្នកមិនបានចម្រើនសមាធិទេនោះ។ ម្យ៉ាងគួបផ្សំនឹងការបន្ថែមគ្រឿងរំខានចិត្ត គឺនីវរណៈចូលទៅក្នុងចិត្តរាល់ថ្ងៃទៀតនោះ វាពិតជាលំបាកណាស់ ដែលចិត្តរបស់អ្នកមានសមាធិ ទាំងដែលមិនធ្លាប់ហ្វឹកហាត់ចម្រើនទេនោះ។ នៅបណ្ដាប្រទេសលោកខាងលិចប៉ែកអឺរ៉ុប បានយល់ពីតម្លៃនៃសមាធិនេះជាខ្លាំង។ ពួកគេតែងធ្វើសមាធិ ដើម្បីទាញចិត្តឱ្យមូល កុំឱ្យភាពរវើរវាយទាញទៅលិចទៅកើត ដែលធ្វើឱ្យពួកគេមានការតប់ប្រមល់ក្នុងចិត្ត។ នៅឥណ្ឌាក្ដី នៅជប៉ុនក្ដី ភូមាក្ដី ថៃក្ដី ក៏មានអ្នកធ្វើសមាធិច្រើនផង ដែរ។ អ្នកដែលមានវិបត្តិផ្លូវចិត្ត ឬអ្នកដែលមានភាពតប់ប្រមល់ក្នុងចិត្ត តែងទៅមជ្ឈមណ្ឌលអប់រំចិត្ត ដើម្បីហ្វឹកហាត់ទូន្មានចិត្តឱ្យបានល្អ។ ដោយឡែកនៅកម្ពុជាយើងមិនទាន់ជាធ្វើបែបនោះបានដូចជាគេនោះទេ ហើយការយល់ដឹងចំពោះការធ្វើសមាធិក៏នៅមានកម្រិតផងដែរ។ ផ្ទុយទៅវិញមានតែអ្នកបន្លាចឱ្យមនុស្សខ្លាច ថាកុំឱ្យធ្វើសមាធិប្រយ័ត្នបែកកម្មដ្ឋាន ឬគេច្រើនហៅថាឆ្កួតនោះឯង។ តាមពិតទៅសមាធិជាចំណុចដែលគួរប្រកាន់យកណាស់ ព្រោះវាជួយឱ្យចិត្តមានសុខភាពល្អច្រើន។ បើត្រឹមតែធ្វើមួយថ្ងៃកន្លះម៉ោង ឬមួយម៉ោង ក៏សមល្មមអាចហាត់ពត់ចិត្តឱ្យមានភាពស្ងប់សុខបានដែរ។ ដែលមនុស្សខ្លះធ្វើសមាធិ ឬកម្មដ្ឋាន ក្លាយជាមនុស្សកើតមានះប្រកាន់ខ្លួន កើតឆ្កួតនឹងទិដ្ឋិ និយាយមិនស្ដាប់គ្នានោះ ព្រោះដោយសារការកាន់យកកម្មដ្ឋានដោយមិនបានសិក្សាឱ្យបានច្បាស់នោះឯង ហើយក៏យល់ថាខ្លួនបានសម្រេចគុណធម៌ជាដើម ដែលនេះសុទ្ធតែជាការយល់ច្រឡំរបស់ខ្លួនប៉ុណ្ណោះ។ អាការៈបែបនេះ ច្រើនកើតមានលើអ្នកដែលមិនបានរៀនផ្នែកបរិយត្តឱ្យបានច្បាស់លាស់។ ប៉ុន្តែបើអ្នកបានរៀនពីកម្មដ្ឋានបានច្បាស់លាស់ មិនមានអាការៈបែបនោះទេ។ ម្យ៉ាងក្នុងការកាន់យកកម្មដ្ឋាន គឺតម្រូវឱ្យមានសីលបរិសុទ្ធក្នុងខ្លួនផងដែរ ទើបមារមិនអាចជ្រែកចិត្តបាន។ សមាធិទី២ គឺឧបចារសមាធិ។ សព្វថ្ងៃមិនមានមនុស្សច្រើនទេដែលអាចចម្រើនបាន ហើយអាចទៅដល់ចំណុចនោះបាន លុះត្រាឆ្លងកាត់សមាធិទីមួយបានសិន។ បុគ្គលដែលចម្រើនសមាធិបានស្ទាត់ជំនាញ មានចិត្តស្ងប់កាន់តែខ្លាំង បានញ៉ាំងចិត្តឱ្យចូលដល់ឧបចារសមាធិ រមែងអាចកម្ចាត់បង់នូវនីវរណធម៌ទាំង៥ ដែលជាគ្រឿងរំខានចិត្តបាន។ បុគ្គលប្រភេទនេះ ភាពរវើរវាយក្នុងចិត្ត គឺបានកម្ចាត់បង់បានមួយចំណែកធំហើយ។ ដ្បិតថាមិនអាចកាត់ផ្តាច់ចេញពីចិត្តមែន ប៉ុន្តែឧទ្ធច្ចៈ គឺការរវើរវាយនេះ បានដេកសំងំមួយរយៈ(អនុស័យ) ជាហេតុធ្វើបុគ្គលនោះមិនមានអារម្មណ៍អ្វីមករំខានចិត្ត មានតែភាពស្ងប់សុខក្នុងចិត្ត។ សមាធិទី៣ គឺអប្បនាសមាធិ។ បុគ្គលដែលអាចចម្រើនដល់ចំណុចនេះបាន លុះត្រាជាអ្នកដែលមានវិរិយៈខ្លាំងក្នុងការចម្រើនសមាធិ។ ចិត្តរបស់បុគ្គលនោះបានចូលទៅដល់អង្គនៃឈានសមាបត្តិ ដែលចិត្តសោយនូវអារម្មណ៍ដែលជាអង្គឈាន ចិត្តបរិបូរណ៍ដោយវិតក្ក ការត្រិះរិះ វិចារ ការពិចារណា បីតិ សេចក្ដីឆ្អែតរីករាយ សុខ សេចក្ដីសុខចិត្ត ចិត្តេកគ្គតា ការតម្កល់ចិត្តក្នុងអារម្មណ៍តែមួយ។ បុគ្គលដែលបានឈានសមាបត្តិ គឺនីវរណៈ៥មានកាមឆន្ទៈជាដើម គឺត្រូវបានជម្រះចេញពីក្នុងចិត្តហើយ។ ចិត្តនៃបុគ្គលដែលបានឈាន មានរូបជ្ឈានជាដើម គឺមានសេចក្ដីស្ងប់សុខខ្លាំង ជាសុខដែលអ្នកមិនទាន់សម្រេចបាន មិនអាចពិពណ៌នាបានឡើយ ហើយខ្ញុំក៏មិនដឹងថាសេចក្ដីសុខនោះមានទំហំប៉ុណ្ណាដែរ។ ដឹងត្រឹមថា ចិត្តរបស់បុគ្គលនោះ គឺមានភាពស្ងប់សុខ ទៅតាមកម្រិតនៃឈានដែលខ្លួនសម្រេចបាន។ បុគ្គលដែលចង់រួចចាកទុក្ខ ដោយត្រឹមតែការចម្រើនសមាធិ មិនអាចកាត់បង់កិលេសចេញពីចិត្ត ឬកាត់ផ្តាច់អវិជ្ជាចេញពីសន្តានបានឡើយ។ លុះត្រាតែបុគ្គលនោះមានបញ្ញាចាក់ធ្លុះនូវសភាវធម៌ យល់ច្បាស់ពីជីវិត ទើបអាចញ៉ាំងចិត្តឱ្យប្រាសចាកធូលីគឺរាគៈ មិនមានគ្រឿងពួនគឺកិលេសចេញពីចិត្តបាន បុគ្គលនោះរមែងបាននូវសេចក្ដីសុខជាដរាប។ ឥរិយាបថនៃសមាធិ មនុស្សជាច្រើនយល់ច្រឡំថា ការធ្វើការសមាធិ ទាល់តែអង្គុយពែនភ្នែនដាក់ដងខ្លួនឱ្យត្រង់ បិទភ្នែក ជើងស្ដាំងដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ទើបហៅថាធ្វើសមាធិ។ ការធ្វើបែបនោះគឺត្រឹមត្រូវហើយ ប៉ុន្តែការធ្វើសមាធិមិនមែនទាល់តែប្រកាន់យកនូវឥរិយាបថអង្គុយនោះទេ គឺអាចបានគ្រប់ឥរិយាបថ តាមសេចក្ដីប្រាថ្នា និងអធ្យាស្រ័យនៃចិត្តរបស់បុគ្គលដែលចង់ចម្រើន។ ក្នុងឥរិយាបថទាំង៤ យើងចង់កាន់យកឥរិយាបថមួយណាសម្រាប់ធ្វើសមាធិក៏បានដែរ។ ចង់អង្គុយក្ដី ដើរក្ដី ឈរក្ដី ដេកក្ដី ក៏មិនថ្វីដែរ សំខាន់ឱ្យតែមានមនសិការៈក្នុងការតាមដានខ្យល់ដង្ហើមចេញចូល ដោយចូលក៏ដឹង ចេញក៏ដឹង គ្រប់ខណៈនៃចិត្តប្រព្រឹត្តទៅគឺល្អហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានកំណត់នូវឥរិយាបថនៃសមាធិនោះទេ បុគ្គលធ្វើបែបណាស្រួល ក៏ធ្វើបែបនោះទៅ ប៉ុន្តែយកការអង្គុយជាធំ។ សមាធិប្រៀបដូចជាយើងធ្វើលំហាត់គណិតវិទ្យាអ៊ីចឹង គណិតមិនមែនចេញបានតែមួយច្រកនោះទេ វាមានរបៀបផ្សេងៗទៀតក្នុងការដោះស្រាយ។ គ្រាន់តែថា បើវិធីណាដែលលឿន ក៏ធ្វើវិធីនោះទៅ សំខាន់គឺដោះស្រាយចេញបាន។ សមាធិក៏ដូចគ្នាដែរ គោលបំណងសំខាន់បំផុត គឺញ៉ាំងចិត្តឱ្យស្ងប់សុខ។ មិនថាវិធីណាក៏ដោយ បើធ្វើទៅកាយប្រព្រឹត្តបានស្រួល ចិត្តស្ងប់សុខ ក៏ប្រកាន់យកទៅ កុំចាំបាច់ទាល់តែតាមក្បួនខ្នាតធ្វើអ្វី! គ្រាន់តែថា បើយើងដេកតាមដានខ្យល់ចេញខ្យល់ចូល វាមិនបានយូរ ព្រោះយើងច្រើនតែសមាធិដេក មិនមែនដេកសមាធិហ្នឹងឯង។ ប៉ុន្តែឥរិយាបថ៣ទៀត មានការដើរក្ដី ឈរក្ដី ដូចជាព្រះភិក្ខុសម័យព្រះ ក៏លោកដើរចង្ក្រមតាមដានខ្យល់ចេញខ្យល់ចូល ចិត្តរបស់លោកក៏ប្រាសចាកភាពងោកងុយ ចិត្តមូលល្អ មិនបែបខ្ញែក។ ដំណើរនៃការធ្វើសមាធិ ក្នុងការចម្រើនសមាធិក៏ត្រូវធ្វើតាមដំណើរតាមលំដាប់ផងដែរ។ ប្រសិនបើមិនយល់ដំណើររបស់សមាធិទេនោះ ការព្យាយាមរបស់យើង នឹងក្លាយជាអសារបង់ ឬក៏មិនមានចិត្តនឹងព្យាយាមបានយូរជាដើម។ ដូច្នេះអ្នកត្រូវដឹងពីដំណើររបស់ជាមុនសិន ដំណើរនោះមាន៖ រកកន្លែងស្ងាត់ សម្រាប់ចិត្តបុគ្គលដែលមានសមាធិតម្កល់ល្អ មានព្រះសម្មាសម្ពុទ្ធជាដើម ទីកន្លែងលែងជាបញ្ហាចោទសម្រាប់ទ្រង់ទៀតហើយ។ ទោះបីនៅជុំវិញមានសំឡេងអ៊ូរអរក្ដី សំឡេងនៃតូរ្យតន្ត្រីក្ដី សំឡេងដែលស្រែកជេរទ្រង់ក្ដី ឬសំឡេងនៃសត្វផ្សេងៗដែលឮហើយគួរឱ្យមួម៉ៅក្ដី ក៏ចិត្តរបស់ទ្រង់មិនមានការបែកខ្ញែកចាកអារម្មណ៍តែមួយដែរ។ ប៉ុន្តែសម្រាប់មនុស្សដែលទើបនឹងចាប់ផ្ដើមដំបូងៗ ជាការសំខាន់ណាស់ដែលត្រូវស្វែងរកទីស្ងាត់ ចាកសំឡេងទាំងឡាយ ដែលអារម្មណ៍ទាំងឡាយរំខានដល់ចិត្ត។ ប្រសិនបើអ្នកទៅធ្វើសមាធិក្បែរសំឡេងធុងបាស សមាធិកន្លែងដែលមនុស្សជជែកគ្នាជាដើម នោះចិត្តរបស់អ្នកនឹងតោងចាប់យកអារម្មណ៍ គឺសំឡេងនោះៗជាមិនខាន។ ដូច្នេះគួរទីស្ងាត់ ទើបជាការល្អ! រៀបចំអង្គុយពែនភ្នែន ក្នុងឥរិយាបថទាំង៤ធ្វើមួយណាក៏បាន ម្ដេចចាំបាច់អង្គុយ? ព្រោះអង្គុយ គឺអាចបណ្ដេញថីនមិទ្ធៈ គឺការងោកងុយ ការរួញរាចេញពីក្នុងចិត្តបាន។ ដូចលោកអ្នកអានសៀវភៅក៏ដូចគ្នាដែរ ប្រសិនបើមិនចង់ឱ្យងងុយដេកពេលអាន ចូរអង្គុយអាន កុំដេកអានឡើយ។ ម្យ៉ាងទៀតក្នុងការអង្គុយពែនភ្នែន គឺធ្វើដូចព្រះពុទ្ធរូប ដែលយកជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ឱនខ្លួនទៅមុខ ដោយសង្កត់ជង្គង់ឆ្វេងស្ដាំ ដើម្បីឱ្យមានលំនឹងល្អ។ អង្គុយឱ្យត្រង់ខ្លួន ការអង្គុយឱ្យត្រង់ខ្លួនក្នុងបំណងដើម្បីបំបាត់ភាពឈឺចាប់ផ្នែករាងកាយ ព្រោះថាបើយើងអង្គុយកោងខ្នង នោះទម្ងន់នៃរាងកាយវានឹងសង្កត់ត្រង់ឆ្អឹងខ្នងផ្នែកកណ្ដាល ដែលជាហេតធ្វើឱ្យយើងចុករោយចង្កេះ។ បើកាលណាកាយចុករោយ ចិត្តក៏ចុករោយតាមកាយផងដែរ។ ម្យ៉ាងចូរឱនក្បាលចុះក្រោមបន្តិច ដាក់ភ្នែកចុះក្រោមដោយមើលទៅទីខាងមុខ ត្រឹមមួយម៉ែត្រ ឬទម្លាក់ភ្នែកចុះត្រឹម៤៥ដឺក្រេ។ បន្ទាប់មកចាប់ផ្ដើមបិទភ្នែកដោយសន្សឹមៗ កុំបង្ខំបិទ ឬប្រឹងធ្មេញភ្នែកឡើយ។ ត្រូវមានសតិតាមដានខ្យល់ចេញខ្យល់ចូល ការធ្វើសមាធិចាំបាច់ក្នុងការតាំងសតិឱ្យស៊ប់ ដើម្បីទាញចិត្តឱ្យស្ថិតក្នុងអារម្មណ៍តែមួយ។ ដោយការតាមដឹងខ្យល់ នៅពេលចេញក៏ដឹងថាកំពុងដកចេញ នៅដកចូលក៏ដឹងថាកំពុងដកចូល ត្រូវធ្វើបែបនេះជាប្រចាំ។ ម្យ៉ាងក្នុងការដកដង្ហើមចេញ ចូរដកចូលមួយៗ កុំប្រឹងដកឡើយ។ ពេលដកចេញ ក៏ព្រលែងខ្យល់មួយៗ ដកចេញយ៉ាងណា កុំឱ្យឮសំឡេងខ្យល់ដង្ហើមឡើយ។ ខណៈពេលកំពុងចម្រើនប្រសិនបើចិត្តរបស់អ្នកមិននៅមួយកន្លែងចេះតែគិត ចេះតែឃើញសកម្មភាពដែលធ្វើពីមុនមក ចេះតែលេចអណ្ដែតឮសំឡេងចម្រៀងដែលបានស្ដាប់ពីថ្ងៃ ចូរឈប់ដកដង្ហើមចេញចូល រួចយកអណ្ដាតរុញទល់នឹងពិតានខាងលើនៃមាត់ ប្រឹងទប់ទាល់តែទ្រាំលែងបាន ចាំព្រលែងវិញ ធ្វើដូច្នេះចិត្តនឹងភ័យ ហើយរត់ចូលក្នុងខ្លួនអ្នកវិញមិនខាន។ ប្រការដំបូងរបស់មនុស្សដែលទើបនឹងចាប់ផ្ដើម តែងមានការចុករោយចង្កេះ ជាពិសេសគឺចិត្តមិនអាចទ្រាំបាន។ ប្រការនេះមានស្ទើរគ្រប់គ្នា អ្វីដែលសំខាន់ អ្នកត្រូវហ្វឹកហាត់បន្តិចម្ដងៗ ធ្វើវាជារៀងរាល់ថ្ងៃ យូរទៅគង់នឹងស្ទាត់ យូរទៅគង់នឹងធ្វើបានយូរជាមិនខាន។ ម្យ៉ាងទៀតអ្វីដែលសំខាន់អ្នកត្រូវមានវិន័យសម្រាប់ខ្លួនឯង បើថាតាំងចិត្តធ្វើសមាធិកន្លះម៉ោង ត្រូវតែធ្វើឱ្យបាន ទោះបីជាមិនអាចទ្រាំបានក៏ដោយ។ ដែលថាទ្រាំមិនបានមកពីចិត្តមិនចេះទ្រាំប៉ុណ្ណោះ។ កុំបណ្ដោយតាមចិត្តខ្ជិលឡើយ ចិត្តខ្ជិលជាអកុសលដែរ អកុសលតែងតែរំខានចិត្តកុសលអ៊ីចឹងហើយ ដូច្នេះកុំទម្លាប់ខ្លួនតាមចិត្តខ្ជិលមួយឆាវឡើយ ព្រោះបែបនេះអ្នកនឹងធ្លាប់ជារហូត។ សមាធិធ្វើឱ្យកើតបញ្ញាដែរឬទេ? អង្គនៃការសមាធិ គឺធ្វើឱ្យចិត្តស្ងប់តែម្យ៉ាង ធ្វើចិត្តមូល មិនរវើរវាយទៅកាន់អារម្មណ៍ផ្សេង។ សមាធិ គឺធ្វើឱ្យចិត្តបរិសុទ្ធ ធ្វើឱ្យចិត្តប្រាសចាកនូវការប្រាថ្នាក្នុងអារម្មណ៍ទាំងពួង ធ្វើឱ្យចិត្តលះបង់នូវការគុំកួនព្យាបាទ លះនូវភាពខ្ជិលច្រអូស និងការសង្ស័យក្នុងចិត្តឱ្យស្រាល។ ការសមាធិមិនធ្វើឱ្យកើតបញ្ញានោះទេ។ ប៉ុន្តែសមាធិ គឺជាគ្រឹះនៃការធ្វើវិបស្សនា ដែលវិបស្សនាទើបជាហេតុនាំឱ្យកើតបញ្ញា។ សមាធិជាឈ្នាន់ធ្វើកើតញាណទស្សនៈ គឺការដឹងច្បាស់ដោយបញ្ញាទៅតាមសភាវៈពិតក្នុងជីវិត។ មានតែការចម្រើនវិបស្សនាប៉ុណ្ណោះ ទើបធ្វើឱ្យកើតបញ្ញា។ សមាធិមិនមែនជាវិបស្សនានោះទេ តែសមាធិបាតគ្រឹះនៃការចម្រើនវិបស្សនា។ សមាធិមិនធ្វើឱ្យកើតបញ្ញានោះទេ ប៉ុន្តែគ្មានសមាធិបញ្ញាមិនអាចកើតឡើងបានឡើយ។ រក្សាសិទ្ធិស្រាវជ្រាវដោយ អត្ថបទជីវិត ឯកសារយោងគម្ពីរវិសុទ្ធិមគ្គភាគ១ ប្រភពហ្វេសប៊ុក ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.64