images/articles/3502/2026-07-21_09_19_24-__________________-________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (286 Read)
បុព្វន្តកប្បិកទិដ្ឋិ ១៨ (ទិដ្ឋិអាស្រ័យខន្ធក្នុងអតីត)
សស្សតវាទ ៤ (ទិដ្ឋិដែលយល់ថាខ្លួននិងលោកជាសភាវៈទៀង)
១.សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១ ជាតិខ្លះ ។ល។ ច្រើនសែនជាតិខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។
២. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១ សំវដ្តវិវដ្តកប្បខ្លះ ២ សំវដ្តវិវដ្តកប្បខ្លះ ៣ សំវដ្តវិវដ្តកប្បខ្លះ ៤ សំវដ្តវិវដ្តកប្ប ខ្លះ ៥ សំវដ្តវិវដ្តកប្បខ្លះ ១០ សំវដ្តវិវដ្តកប្បខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។
៣. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១០ សំវដ្តវិវដ្តកប្បខ្លះ ២០ សំវដ្តវិវដ្តកប្បខ្លះ ៣០ សំវដ្តវិវដ្តកប្បខ្លះ ៤០ សំវដ្តវិវដ្តកប្បខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។
៤. សស្សតទិដ្ឋិ សមណព្រាហ្មណ៍ជាអ្នកមានសេចក្តីត្រិះរិះពិចារណាជាប្រក្រតី បុគ្គល នោះពោលនូវ ពាក្យដែលខ្លួនស្រាវជ្រាវបានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាប់ស្ទង់ ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា ខ្លួននិងលោកជាសភាវៈ ទៀង ។
ឯកច្ចសស្សតវាទ ៤ (ទិដ្ឋិដែលយល់ថាខ្លួននិងលោកជាសភាវៈទៀងខ្លះ មិនទៀងខ្លះ)
៥.ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាព្រហ្មបរិវាររបស់ព្រហ្មមួយ ហើយយល់ថា ព្រហ្មដ៏ចម្រើនណាជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្មឯទៀតមិនអាច គ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាច ខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតាពួកភូតនិងពួកភព្យៈ យើងទាំងឡាយ ដែល ព្រហ្មដ៏ចម្រើនណា បានតាក់តែងហើយ ព្រហ្មនោះឯងជាអ្នកទៀងទាត់ ឋិតថេរ មាន សភាពមិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ឯពួកយើងដែលព្រហ្មដ៏ចម្រើន នោះ បានតាក់តែងហើយ យើងទាំងនោះ ជាអ្នកមិនទៀងទាត់ទេ មានអាយុខ្លី មានកិរិយា ច្យុតិទៅវិញជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ ។
៦. ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាពួកទេវតាឈ្មោះ ខិឌ្ឌាបទោសិកា (អ្នក វិនាសខ្លួនព្រោះល្បែង) ហើយយល់ថា ពួកទេវតាណាមិនវិនាសខ្លួនព្រោះល្បែង ពួកទេវតា នោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួស វេលាឡើយ ។ កាលបើពួកទេវតានោះ មិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីមិនភ្លេចវង្វេងឡើយ ។ ទេវតាទាំងនោះ មិនច្យុតចាកពួកទេវតានោះ ព្រោះមិនភ្លេចស្មារតីជាអ្នកទៀងទាត់ ឋិតថេរ មានសភាព មិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ឯយើងទាំងឡាយណា ជាអ្នកវិនាសខ្លួន ព្រោះល្បែង យើងទាំងនោះ ជាអ្នកមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលា ។ កាលបើយើងទាំងឡាយ មានសេចក្ដីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ ។ ព្រោះតែភ្លេចស្មារតី យ៉ាងនេះឯង យើងទាំងឡាយដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ព្រោះវង្វេងស្មារតី ជាអ្នកមិន ទៀងទាត់ មានអាយុក៏ខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់អត្តភាពជា មនុស្សនេះ ។
៧.ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាពួកទេវតាឈ្មោះ មនោបទោសិកា (អ្នក វិនាសខ្លួនព្រោះទោសៈ) ហើយយល់ថា ពួកទេវតាណា មិនបានវិនាស ព្រោះចិត្តប្រទូស្ត ពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នាហួសវេលា ។ កាលបើពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នា ហួសវេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ ។ លុះពួកទេវតានោះ មានចិត្តមិនបានប្រទូស្តគ្នានឹងគ្នាហើយ ក៏មិនលំបាកកាយមិនលំបាកចិត្តឡើយ ។ ទេវតាទាំងនោះ មិនបានច្យុតចាកពួកទេវតានោះទេ ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិន ប្រែប្រួលឡើយ នឹងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ចំណែកខាងយើង ដែលជាអ្នកវិនាស ខ្លួនព្រោះចិត្តប្រទូស្ត យើងទាំងនោះសម្លឹងរំពៃគ្នានឹងគ្នាហួសវេលា ។ យើងទាំងឡាយនោះ កាលសម្លឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា ។ លុះយើង ទាំងឡាយនោះ មានចិត្តប្រទូស្តគ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ។ យើង ទាំងឡាយដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ហើយ ជាអ្នកមិនទៀងទាត់ មានអាយុខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់ អត្តភាពជាមនុស្សនេះ ។
៨.ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ ដែលមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី សមណព្រាហ្មណ៍នោះក៏ពោល នូវពាក្យដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែលហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ តែងប្រែប្រួល ជាធម្មតា ។ មួយវិញទៀត ធម្មជាត ណាដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាត នោះ) គឺខ្លួននេះឯង ជាសភាវៈ ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើ ដោយសស្សតិវត្ថុ ។
អន្តានន្តិកទិដ្ឋិ ៤ (ទិដ្ឋិដែលយល់ថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ)
៩. អន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយមានសេចក្តីសម្គាល់ថា លោកមានទីបំផុត សមណព្រាហ្មណ៍នោះក៏និយាយពាក្យយ៉ាងនេះថា លោកនេះមានទី បំផុត មានផ្លូវជុំវិញ គឺមូលជុំវិញ ។
១០. អនន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយក៏មានសេចក្តីសម្គាល់ថា លោកមិនមានទីបំផុត ។
១១.អន្តសញ្ញីអនន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយក៏មាន សេចក្តីសម្គាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើនិងទិសខាងក្រោម មានសេចក្តីសម្គាល់ថា លោកមិនមានទីបំផុត ក្នុងទិសទទឹង (ទិសទាំង៨) ។
១២.នេវាយំ លោកោ អន្តវា ន បនានន្តោទិដ្ឋិ សមណព្រាហ្មណ៍ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី សមណព្រាហ្មណ៍នោះក៏និយាយ ពាក្យដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យដែលកើតមាន ដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា លោកនេះមានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន ។
អមរាវិក្ខេបទិដ្ឋិ ៤ (ទិដ្ឋិដែលបោះវាចាបោះសម្ដី មិនឲ្យស្លាប់ពាក្យ)
១៣.សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើម មុសាវាទ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។
១៤.សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្ពើមឧបាទាន (ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈក្តី) កាលបើមានអ្នកណាមួយ សួរប្រស្នាក្នុងកុសលនិងអកុសល នោះៗ ក៏ដល់នូវការបោះវាចាបោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថាមិនមែនក៏ទេ ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។
១៥.សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្លាចពាក្យសួរដេញដោល ព្រោះធុញថប់នឹងពាក្យសួរដេញដោល កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចា បោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាង នោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។
១៦.សមណព្រាហ្មណ៍ ជាមនុស្សមានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ ។ បុគ្គល នោះឯងហេតុតែមានប្រាជ្ញាទន់ ហេតុតែល្ងង់ខ្លៅ កាលបើមានអ្នកណាមួយ សាក សួរប្រស្នាក្នុង កុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចា បោះសម្ដីមិនឲ្យស្លាប់ពាក្យថា បើអ្នកសួរខ្ញុំថា លោកខាងមុខមានឬទេ បើសេចក្តីយល់ឃើញរបស់ខ្ញុំយ៉ាង នេះថា លោកខាងមុខមាន ខ្ញុំនឹងមិនអះអាងដល់អ្នកថា លោកខាងមុខមាន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំថាយ៉ាងនេះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ បើអ្នកសួរខ្ញុំថា លោកខាងមុខមិនមានឬ ។បេ។ លោកខាងមុខមានខ្លះ មិនមានខ្លះឬ ។ លោកខាងមុខមានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វទាំងឡាយ ដែលមានកំណើត ជាឧបបាតិកៈមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមិនមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមានខ្លះ មិនមានខ្លះឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមាន ក៏មិនមែន មិនមានក៏មិនមែនឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងអាក្រក់មានឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងអាក្រក់មិនមានឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនឹងធ្វើអាក្រក់មានខ្លះ មិនមានខ្លះឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងធ្វើអាក្រក់មានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខ អំពីសេចក្តីស្លាប់ កើតទៀតខ្លះ មិនកើតទៀតខ្លះឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពី សេចក្តីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនឬ ។ បើសេចក្តីយល់ឃើញរបស់ខ្ញុំនឹងមានដូច្នេះថា សត្វលុះរំលាងខន្ធទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ខ្ញុំនឹងមិនអះអាង ដល់អ្នកថា សត្វលុះរំលាងខន្ធទៅខាង មុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន (ម្តេចបាន) សេចក្តីយល់ ឃើញរបស់ខ្ញុំថាយ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថាយ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនទេ ក៏មិនមែនដែរ ។
អធិច្ចសមុប្បន្នទិដ្ឋិ ២ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ)
១៧.អធិច្ចសមុប្បន្នោ អត្តា ច លោកោ ច សត្វដែលច្យុតពីអសញ្ញីភពមកកើតក្នុងមនុស្សលោក ហើយចេញសាងផ្នួសហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រឭកបានកំណត់ត្រឹមកាលដែលខ្លួនមានសញ្ញាកើត ឡើង មិនបានរឭកហួសអំពីកំណត់នោះឡើយ ។ បុគ្គលនោះពោលយ៉ាងនេះថា ខ្លួននិង លោកកើតឡើយដោយឥតហេតុ ។
១៨.អធិច្ចសមុប្បន្នោ អត្តា ច លោកោ ច សមណព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះក៏និយាយពាក្យ ដែលខ្លួនស្រាវជ្រាវបានមកដោយសេចក្តី ត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយបញ្ញា របស់ខ្លួនយ៉ាង នេះថា ខ្លួននិងលោកកើតឡើងដោយឥតហេតុ ។
អបរន្តកប្បិកទិដ្ឋិ ៤៤ (ទិដ្ឋិអាស្រ័យខន្ធក្នុងអនាគត)
ឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ ១៦ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមានសញ្ញាខាងមុខអំពី សេចក្តីស្លាប់)
១៩.រូបី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ គឺទៀង មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។
២០.អរូបី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។
២១.រូបី ច អរូបី ច អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ ក៏មាន ។បេ។
២២. នេវរូបី នារូបី អត្តា ហោតិ ។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូប ក៏មិនមែនក៏មាន ។បេ។
២៣. អន្តវា អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតក៏មាន ។បេ។
២៤. អនន្តវា អត្តា ហោតិ ។បេ។ ខ្លួនមិនមានទីបំផុតក៏មាន ។បេ។
២៥. អន្តវា ច អនន្តវា ច អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះក៏មាន ។បេ។
២៦. នេវន្តវា នានន្តវា អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែនក៏មាន ។បេ។
២៧. ឯកត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញា ដូចគ្នាក៏មាន ។បេ។
២៨.នានត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន ។បេ។
២៩.បរិត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញាយ៉ាងតិចក៏មាន ។បេ។
៣០.អប្បមាណសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន ។បេ។
៣១.ឯកន្តសុខី អត្តា ហោតិ ។បេ។ ខ្លួនមានសេចក្តីសុខតែម្យ៉ាងក៏មាន ។បេ។
៣២.ឯកន្តទុក្ខី អត្តា ហោតិ ។បេ។ ខ្លួន មានទុក្ខតែម្យ៉ាងក៏មាន ។បេ។
៣៣. សុខទុក្ខី អត្តា ហោតិ ។បេ។ ខ្លួនមានសុខនិងទុក្ខច្រឡំគ្នាក៏មាន ។បេ។
៣៤.អទុក្ខមសុខី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមិនមានទុក្ខ មិនមានសុខទាំងមិនមានរោគមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ក៏មាន ។
ឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ ៨ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់)
៣៥.រូបី អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។
៣៦. អរូបី អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។
៣៧.រូបី ច អរូបី ច អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន ។បេ។
៣៨.នេវរូបី នារូបី អត្តា ហោតិ…ខ្លួនមានរូបក៏មិន មែន មិនមានរូបក៏មិនមែនក៏មាន...
៣៩.អន្តវា អត្តា ហោតិ…ខ្លួនមានទីបំផុតក៏មាន...
៤០.អនន្តវា អត្តា ហោតិ…ខ្លួនមិនមានទីបំផុតក៏មាន...
៤១. អន្តវា ច អនន្តវា ច អត្តា ហោតិ… ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន...
៤២.នេវន្តវា នានន្តវា អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខអំពី សេចក្តីស្លាប់ ។
ឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ ៨ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន គឺមានសញ្ញាដ៏ល្អិត ខាងមុខអំពីសេចក្តីស្លាប់ )
៤៣. រូបី អត្តា ហោតិ អរោគោ បរំ មរណា នេវសញ្ញីនាសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមាន រោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។
៤៤. អរូបី អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូបក៏មាន ។បេ។
៤៥.រូបី ច អរូបី ច អត្តា ហោតិ… ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន...
៤៦.នេវរូបី នារូបី អត្តា ហោតិ… ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែនក៏មាន...
៤៧. អន្តវា អត្តា ហោតិ… ខ្លួនមានទីបំផុតក៏មាន ...
៤៨.អនន្តវា អត្តា ហោតិ… ខ្លួនមិនមាន ទីបំផុតក៏មាន...
៤៩. អន្តវា ច អនន្តវា ច អត្តា ហោតិ… ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន...
៥០.នេវន្តវា នានន្តវា អត្តា ហោតិ អរោគោ បរំ មរណា នេវសញ្ញីនាសញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។
ឧច្ឆេទវាទ ៧ (ទិដ្ឋិដែលបញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ)
៥១.សមណព្រាហ្មណ៍មួយពួកយល់ថា ខ្លួននេះមានរូបប្រកប ដោយមហាភូតរូប ៤ កើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី សេចក្តីស្លាប់ទៅ រមែងមិនមាន ។
៥២.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរ ទេវតា (ត្រាច់ទៅក្នុងកាមភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹងមិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹងទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះមានកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។
៥៣.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប គឺមានឥន្ទ្រិយពេញលេញ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី សេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។
៥៤.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃដែលចូលទៅកាន់អាកាសានញ្ចាយតនភព មានអារម្មណ៍ថាអាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្តីសម្គាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្តីសម្គាល់ក្នុងអារម្មណ៍ ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តដល់នានត្តសញ្ញា គឺសេចក្តីសម្គាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណារមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។
៥៥.សមណព្រាហ្មណ៍ពួកមួយយល់ថា មានខ្លួនដទៃដែលកន្លងបង់នូវអាកាសានញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ ។
៥៦.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វីតិចតួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ ។
៥៧.សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញនាសញ្ញាយតនភព មានអារម្មណ៍ថា នេះជា ធម្មជាតស្ងប់ នេះជាធម្មជាតឧត្តម អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើប ឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននេះឯង លុះកាយបែកធ្លាយទៅកាលណា រមែង ដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឡើយ ។
ទិដ្ឋធម្មនិព្វានវាទ ៥ (ទិដ្ឋិដែលយល់ថា និព្វានគឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន)
៥៨.សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ព្រោះហេតុមានប្រមាណប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថាជាអត្តភាពដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ។
៥៩.សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយហើយ បានស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជា គុណជាតយ៉ាងក្រៃលែង ។
៦០. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះបានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាត ច្បាស់ប្រាកដក្នុងខ្លួន មានសេចក្តីជ្រះថ្លាគឺសទ្ធា ជាសភាពនៃចិត្តដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិនិងសុខៈកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថាបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង ។
៦១. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង រមែងបានទទួលសុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយប្រាប់ថា លោក អ្នកបានតតិយជ្ឈាននោះប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខដូច្នេះ ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាត យ៉ាងក្រៃលែង ។
៦២.សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះបានលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្សនិងទោមនស្សអស់ហើយក្នុងកាលមុន ហើយបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធកើតអំពីឧបេក្ខាវេទនា ព្រោះហេតុមានប្រមាប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ។
(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)
សរុបទិដ្ឋិ ៦២
+ បុព្ពន្តកប្បិកទិដ្ឋិ ១៨
- ចត្តារោ សស្សតវាទា សស្សតវាទ ៤
- ចត្តារោ ឯកច្ចសស្សតវាទា ឯកច្ចសស្សតវាទ ៤
- ចត្តារោ អន្តានន្តិកា អន្តានន្តិកទិដ្ឋិ ៤
- ចត្តារោ អមរាវិក្ខេបិកា អមរាវិក្ខេបិកទិដ្ឋិ ៤
- ទ្វេ អធិច្ចសមុប្បន្និកា អធិច្ចសមុប្បន្និកទិដ្ឋិ ២
+ អបរន្តកប្បិកទិដ្ឋិ ៤៤
- សោឡស សញ្ញីវាទា សញ្ញីវាទ ១៦
- អដ្ឋ អសញ្ញីវាទា អសញ្ញីវាទ ៨
- អដ្ឋ នេវសញ្ញីនាសញ្ញីវាទា នេវសញ្ញីនាសញ្ញីវាទ ៨
- សត្ត ឧច្ឆេទវាទា ឧច្ឆេទវាទ ៧
- បញ្ច ទិដ្ឋធម្មនិព្ពានវាទា ទិដ្ឋធម្មនិព្ពានវាទ ៥
(រៀបរៀងដោយ ហួយ វ៉ាន់ថន)
ដោយ៥០០០ឆ្នាំ
images/articles/3507/2026-07-21_15_30_26-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (249 Read)
ក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ធម្មជាតិមិនមែនគ្រាន់តែជាទេសភាពដែលយើងមើលឃើញនោះទេ ប៉ុន្តែវាជាគ្រូដ៏អស្ចារ្យដែលបង្រៀនយើងឱ្យស្គាល់ពីសច្ចភាពនៃសេចក្តីសុខ។ ប្រសិនបើអ្នកចេះសង្កេត និងរៀនសូត្រពីវា អ្នកនឹងឃើញថា ភាពរឹងមាំ និងសន្តិភាពក្នុងចិត្ត គឺកើតចេញពីការយល់ដឹងដ៏សាមញ្ញបំផុត។
ការកសាងជីវិតដ៏រឹងមាំមួយ គឺប្រៀបដូចជាការលូតលាស់នៃដើមឈើ ដែលមិនប្រញាប់ប្រញាល់ចង់បានមែកសាខាឈោងចាប់មេឃដោយគ្មានមូលដ្ឋានឡើយ។ វាចំណាយពេលចាក់ឬសក្នុងដីយ៉ាងស្ងៀមស្ងាត់ ដើម្បីសាងភាពរឹងមាំសម្រាប់ទប់ទល់នឹងខ្យល់ព្យុះ។ ជីវិតរបស់យើងក៏ដូចគ្នាដែរ ការផ្តោតលើការកសាងសមត្ថភាព សីលធម៌ និងការរៀបចំផែនការឱ្យបានច្បាស់លាស់ គឺជាគ្រឹះដែលធានាបាននូវភាពជោគជ័យដ៏ឋិតថេរ។
ប៉ុន្តែក្នុងភាពរឹងមាំនោះ យើងត្រូវតែចេះទទួលស្គាល់ភាពមិនទៀងទាត់ ដូចជាផ្កាដែលរីកស្រស់បំព្រងក្នុងពេលមួយ ហើយក៏ស្រពោនទៅវិញតាមពេលវេលា។ ការយល់ថាគ្រប់រដូវកាលនៃជីវិតសុទ្ធតែមាន "ពេលវេលារបស់វា" នឹងជួយឱ្យយើងមិនតក់ស្លុតនៅពេលជួបការលំបាក និងមិនអំនួតនៅពេលជួបភាពជោគជ័យ។ ភាពវៃឆ្លាតនៃជីវិត គឺការចេះបត់បែនដូចខ្សែទឹកដែលហូរជួបនឹងផ្ទាំងថ្ម វាចេះស្វែងរកផ្លូវហូរវាងថ្ម ហូរជុំវិញថ្ម ឬហូររំលងថ្ម ដើម្បីបន្តដំណើរឆ្ពោះទៅមុខជានិច្ច ដោយមិនតោងជាប់នឹងគន្លងចាស់គំរឹលឡើយ។
ដើម្បីរក្សាចិត្តឱ្យស្ងប់ក្នុងដំណើរដ៏វែងឆ្ងាយនេះ យើងត្រូវរៀន "ទម្លាក់ចោល" ដូចពពកដែលហូរទៅតាមខ្យល់ដោយសេរី ដោយមិនព្យាយាមកាន់កាប់មេឃ។ ការតោងជាប់នឹងអតីតកាល ឬការរំពឹងទុកហួសហេតុ គឺជាបន្ទុកដែលធ្វើឱ្យចិត្តមិនអាចរីកចម្រើនបាន។ នៅពេលយើងទម្លាក់វាបាន យើងនឹងរកឃើញភាពទន់ភ្លន់ដែលខ្លាំងក្លាដូចទឹក ដែលអាចកែច្នៃផ្ទាំងថ្មដ៏រឹងមាំបាន ដោយការហូរជាប់មិនដាច់។ ជីវិតដែលប្រកបដោយ សេចក្តីមេត្តា និងការអត់ធ្មត់ តែងតែមានអានុភាពខ្លាំងក្លាជាងការប្រើកម្លាំងបោកបក់។
ទោះបីជាស្ថិតនៅក្នុងគ្រាដ៏ងងឹតបំផុតនៃបញ្ហាក៏ដោយ យើងត្រូវរំលឹកខ្លួនឯងថា សេចក្តីអត់ធ្មត់គឺប្រៀបដូចជាព្រះចន្ទ ដែលបញ្ចេញពន្លឺដ៏ស្រទន់ដើម្បីនាំមកនូវសេចក្តីស្ងប់ និងជួយឱ្យយើងមានកម្លាំងចិត្តឆ្លងផុតរាត្រីដ៏វែងឆ្ងាយនៃទុក្ខលំបាក។ ខណៈពេលដែល បញ្ញាគឺប្រៀបដូចជាព្រះអាទិត្យ ដែលនឹងរះឡើងដើម្បីបំបាត់រាល់ភាពស្រពិចស្រពិល បំភ្លឺផ្លូវឱ្យឃើញច្បាស់លាស់ និងនាំមកនូវថ្ងៃថ្មីដ៏ស្រស់បំព្រង។ គ្មានយប់ណាមួយដែលមិនចាញ់ពន្លឺព្រះអាទិត្យនោះទេ ហើយក៏គ្មានបញ្ហាណាដែលមិនអាចដោះស្រាយបាន ដោយការរួមផ្សំគ្នារវាងសេចក្តីអត់ធ្មត់ដែលចេះរង់ចាំ និងបញ្ញាដែលចេះបំភ្លឺផ្លូវនោះឡើយ។
សរុបសេចក្តីមក ភាពចាស់ទុំពិតប្រាកដមិនមែនកើតចេញពីការគ្រប់គ្រងពិភពលោកខាងក្រៅឱ្យបានតាមចិត្តនោះទេ តែវាជាការយល់ថា សន្តិភាពកើតឡើងនៅពេលដែលអ្នកចេះរីកចម្រើនឆ្លងកាត់គ្រប់ស្ថានភាពដែលចូលមកក្នុងជីវិត។ នៅពេលអ្នកយល់ពីច្បាប់ធម្មជាតិទាំងនេះ ហើយអនុវត្តវាដោយស្ងប់ស្ងាត់ នោះអ្នកនឹងរកឃើញសេចក្តីសុខដែលស្ថិតនៅខាងក្នុងខ្លួនអ្នកផ្ទាល់។
បកប្រែ និងកែសម្រួលភាសាអង់គ្លេស
ប្រភព ហ្វេសប៊ុកBhikkhu Kassapa
ដោយ៥០០០ឆ្នាំ
images/articles/3510/2026-07-22_19_04_26-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (253 Read)
ថ្ងៃនេះជាថ្ងៃសីល ដោយសារមានបរិស័ទមួយចំនួន នៅមានមន្ទិលរឿងអរុណរះ ដែលជារឿងទាក់ទងនឹង ការបដិបត្តិប្រចាំថ្ងៃ ខ្ញុំសូមលើកយកបញ្ហានេះ មកបរិយាយដូចតទៅ ។
យើងដឹងហើយថា ការយល់ដឹងត្រឹមត្រូវអំពីអរុណ គឺជារឿងសំខាន់បំផុត សម្រាប់ភិក្ខុ សាមណេរ ពីព្រោះ អរុណ មានទំនាក់ទំនងជាមួយ ព្រះវិន័យជាច្រើនប្រការ ដូចជា ពេលចេញពីវត្តក្នុងរដូវវស្សា ពេលដែលត្រូវចាប់ផ្ដើមបិណ្ឌបាត ឬឆាន់ចង្ហាន់បាន ពេលរក្សាវត្ត និងការរាប់រាត្រីរបស់ភិក្ខុ ដែលកំពុងនៅបរិវាស និងប្រព្រឹត្តិមានត្ត ជាដើម ។ឯឧបាសក ឧបាសិកា ដែលសមាទានឧបោសថសីលជាដើម ក៏ត្រូវដឹងពីអរុណផងដែរ ។ តើអរុណគឺជាអ្វី?
អរុណ គឺពន្លឺពណ៌ក្រហមស្លេក ដែលរះឡើងនៅទិសខាងកើត មុនពេលព្រះអាទិត្យរះ ។ ដូចមានបទបាឡី ក្នុងគម្ពីរអភិធានប្បទីបិកា គាថា ៦៥ និង ៩៧ ថា៖ «សូរស្សោទយតោ បុព្វុដ្ឋិតរំសិ សិយារុណោ» និង «អរុណោ កិញ្ចិរត្តោត្ថ» ហើយមានអធិប្បាយលម្អិត នៅក្នុងវិនយាលង្ការដីកា ត្រង់ការអធិប្បាយទិវាសេយ្យវិនិច្ឆយកថា ភាគ១ ផងដែរ ។ ដូច្នេះ ការដែលនឹងដឹងថាអរុណរះនៅម៉ោងប៉ុន្មាននោះ ត្រូវតែសង្កេតទិសខាងកើតក្នុងពេលជិតភ្លឺរៀងរាល់ព្រឹក ប្រសិនបើឃើញពន្លឺពណ៌ក្រហមស្លេក នោះបង្ហាញថា អរុណបានរះឡើងហើយ។
សួរថា៖ ប្រសិនបើ ថ្ងៃនោះមានអ័ព្ទច្រើន ឬទីកន្លែងនោះ មានអគារជាដើម រាំងឃាំងរហូតមិនអាចមើលឃើញអរុណបាន តើត្រូវដឹងអរុណដោយរបៀបណា?
ចម្លើយ៖ យើងអាចពិចារណាប៉ាន់ស្មានបាន គឺប្រសិនបើធ្លាប់បានមើលអរុណនៅថ្ងៃមុនៗមកហើយ នោះអរុណនៅថ្ងៃបន្តបន្ទាប់ក៏នឹងមិនឃ្លាតឆ្ងាយពីពេលដើមប៉ុន្មានដែរ (ប៉ុន្តែក្នុងរដូវនីមួយៗ ពេលវេលាអរុណរះអាចខុសគ្នាច្រើន គួរតែកំណត់ឲ្យបានល្អ)។
ក្នុងសម័យបច្ចុប្បន្ននេះ អាចស្វែងរកពេលវេលាដែលព្រះអាទិត្យរះ នៃថ្ងៃនីមួយៗបាន វិធីមើលថាអរុណរះនៅម៉ោងប៉ុន្មាន គឺត្រូវយកពេលវេលាដែលព្រះអាទិត្យរះនោះទៅដកប្រហែល ៤៨ នាទី។ នោះហើយគឺជាពេលដែលអរុណរះ ឧទាហរណ៍ ព្រះអាទិត្យរះនៅម៉ោង ៦:០០ ព្រឹក អរុណក៏នឹងរះនៅម៉ោង ៥:១២ ព្រឹក។
វិធីនេះបានយកមកពីគម្ពីរវិនយាលង្ការដីកា ដូចមានសាធកថា៖ យទិ បព្វតាទិនា បដិច្ឆន្នដ្ឋានំ ហោតិ, យត្តកេន កាលេន វិវដ្ដដ្ឋានេ រត្តោភាសោ បញ្ញាយតិ, សូរិយមណ្ឌលស្ស ទិស្សនកាលតោ ឯកឃដិកាមត្តេន វា ទ្វិឃដិកាមត្តេន វា តត្តកំ កាលំ សល្លក្ខេត្វា ឥមស្មឹ កាលេ អរុណោ ភវេយ្យាតិ តក្កេត្វា កាតព្វំ។
ប្រែថា៖ ប្រសិនបើជាទីកន្លែងដែលត្រូវភ្នំជាដើមបិទបាំង ពន្លឺពណ៌ក្រហមនឹងបង្ហាញឲ្យឃើញនៅទីវាលបើកចំហ ដោយមានពេលវេលាប៉ុនណា គួរកំណត់ពេលវេលាប្រមាណនោះ ដោយដកថយពីពេលដែលព្រះអាទិត្យរះប្រហែល ១ ឃដិកា ឬ ២ ឃដិកា (គឺប្រហែល ២៤ ឬ ៤៨ នាទី) រួចប៉ាន់ស្មានថា អរុណគួរតែរះក្នុងពេលនេះ គប្បីធ្វើកិច្ច(មានការរក្សាវត្តជាដើម) ។ ឃដិកា គឺរយៈពេលមួយដួសបាយពុះ ។ ១ ឃដិកា = ២៤ នាទី ដូច្នេះទើបបានប្រាប់ថា ត្រូវដកចេញ ៤៨ នាទី។
វិធីមើលអរុណ មានគោលអាងដូចដែលបានបង្ហាញនេះ សង្ឃឹមថានឹងជួយបន្ធូរបន្ថយការសង្ស័យ និងជួយឲ្យបាននូវគោលការណ៍ក្នុងការប្រព្រឹត្តិវិន័យបានត្រឹមត្រូវ សម្រាប់ភិក្ខុសាមណេរ ក៏ដូចជាឧបាសក ឧបាសិកា តទៅ។៚
ព្រះវិមលធម្មធារ៍ វជិរមេធី, ថ្ងៃ៤ ᧨ ᧰ គិម្ហរដូវ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ / 22-07-2026
ប្រភពៈ ហ្វេសប៊ុក Dara Sou
ដោយ៥០០០ឆ្នាំ
images/articles/3512/2026-07-26_16_10_17-Untitled_-_Notepad.jpg
Public date : 02, Sep 2026 (180 Read)
ថេយ្យសំវាសកៈ ប្រែថា អ្នកដែលមានសង្វាសដោយការលួច (បួសក្លែងក្លាយ) មាន ៣ ប្រភេទគឺ ៖
១. លិង្គថេនក (លួចលិង្គ ឬលួចភេទ) គឺករណីគ្រហស្ថដែលបួសក្លែងក្លាយ ប៉ុន្តែមិនពេញចិត្តសង្វាស (ពាក្យថា សង្វាស(សំវាស) ក្នុងទីនេះ មានន័យរួមទាំង ការពេញចិត្តនឹងការក្រាបថ្វាយបង្គំ ការរាប់វស្សា ការអង្គុយតាមលំដាប់វស្សា និងការចូលរួមសង្ឃកម្មផ្សេងៗ)។
២. សំវាសថេនក (លួចសង្វាស) មាន ២ ករណីគឺ ៖
១) សាមណេរដែលទៅបញ្ឆោតភិក្ខុថាខ្លួនឯងជាភិក្ខុ ហើយពេញចិត្តនឹងសង្វាស ឧទាហរណ៍ថា សាមណេរខ្លះ មានវ័យឬមុខមាត់ចាស់ជាងភិក្ខុ ពេលគេសួរនាំ ក៏ឆ្លើយថាខ្លួនជាភិក្ខុ ហើយពេញចិត្តនឹងឲ្យភិក្ខុដទៃថ្វាយបង្គំខ្លួន អង្គុយលើភិក្ខុជាដើម។
២) ភិក្ខុដែលបានប្រាប់លាចាកសិក្ខាបទ (សឹក) រួចហើយ ប៉ុន្តែនៅក្នុងពេលដែលមិនទាន់ដោះស្បង់ចីពរចេញ ក៏នៅតែទៅពេញចិត្តនឹងសង្វាសនៅឡើយ ដូចជា ទៅទទួលយកការក្រាបថ្វាយបង្គំពីភិក្ខុរូបដទៃ។
៣. ឧភយថេនក (លួចទាំងពីរ) មាន ២ ករណីគឺ ៖
១) គ្រហស្ថដែលបួសក្លែងក្លាយហើយពេញចិត្តនឹងសង្វាស។
២) ភិក្ខុដែលបានដោះស្បង់ចីពរចេញដោយគ្មានចំណង (គឺលែងមានចិត្តជាប់ពាក់ព័ន្ធ) ត្រូវបារាជិកហើយ ក៏នៅតែត្រឡប់មកពេញចិត្តនឹងសង្វាសវិញ មានន័យថា ភិក្ខុដែលត្រូវបារាជិក បានសឹកចេញទៅហើយ ប៉ុន្តែនៅតែត្រឡប់មកធ្វើខ្លួនជាភិក្ខុដូចដើមវិញ។
បញ្ជាក់៖ បុគ្គលនោះ មានចិត្តមិនបរិសុទ្ធ ហើយបញ្ឆោតភិក្ខុប៉ុណ្ណោះ ទើបជាថេយ្យសំវាសកៈ។ ករណីអ្នកបោកប្រាស់ដែលកោរសក់ស្លៀកស្បង់គ្រងចីវរទៅបញ្ឆោតតែគ្រហស្ថ មិនរាប់ជាថេយ្យសំវាសកៈទេ។ ម្យ៉ាងទៀត ប្រសិនបើជាថេយ្យសំវាសកៈហើយ នឹងរាប់ជាអភព្វបុគ្គល គឺបុគ្គលដែលត្រូវហាមប្រាមការបួសជាសាមណេរ និងឧបសម្បទាទៀតក្នុងជាតិនេះ (ទោះបីបួសក៏មិនឡើង) ហើយប្រសិនបើបន្តបញ្ឆោតថាជាភិក្ខុទៅទៀត នឹងរារាំងទាំងសុគតិ និងមគ្គ ប៉ុន្តែប្រសិនបើត្រឡប់ខ្លួនមកទទួលយកភេទជាគ្រហស្ថវិញ នឹងរារាំងតែមគ្គ មិនរារាំងសុគតិឡើយ។ ដូច្នេះ បើមិនសឹក នៅតែតាំងថាជាភិក្ខុ ហើយពេញចិត្តនឹងឲ្យភិក្ខុដទៃថ្វាយបង្គំ ពេញចិត្តនឹងចូលរួមធ្វើសង្ឃកម្ម ពេញចិត្តនឹងអង្គុយលើភិក្ខុដែលត្រឹមត្រូវជាដើម គឺជាតិនេះ បិទទ្វារសុគតិ នឹងទៅកាន់អបាយដោយប្រាកដ។ ប៉ុន្តែដឹងខ្លួនទាន់ ក៏សឹកទៅជាគ្រហស្ថ ធ្វើទាន រក្សាសីល ចម្រើនភាវនា ក៏បានសុគតិជាធម្មតា។៚
ប្រភពៈ ហ្វេសប៊ុក Dara Sou
ដោយ៥០០០ឆ្នាំ
images/articles/3517/2026-07-29_11_57_55-_New_Text_D___Notepad.jpg
Public date : 02, Sep 2026 (270 Read)
អនុព្យញ្ជនៈ ៨០ ប្រការ មានដូចខាងក្រោមនេះគឺ៖
ផ្នែកព្រះហស្ត ព្រះបាទ និងការយាង (១ - ១៣)
១. ម្រាមព្រះហស្ត និងម្រាមព្រះបាទ មានសណ្ឋានរៀវតូចតាមលំដាប់។
២. ម្រាមព្រះហស្ត និងម្រាមព្រះបាទ មានសណ្ឋានមូលក្លំល្អ។
៣. ម្រាមព្រះហស្ត និងម្រាមព្រះបាទ មានសាច់ពេញបរិបូរ។
៤. ព្រះនខា (ក្រចក) មានពណ៌ក្រហមទង់ដែងស្រស់ថ្លា។
៥. ព្រះនខា មានសណ្ឋានងើបឡើងលើ (មិនកោងខុប)។
៦. ព្រះនខា មានសភាពរលោងស្រិលស្អាត។
៧. ព្រះកជើង និងភ្នែកគោន មានសាច់រុំលាក់កំបាំងមិនលេចចេញមកក្រៅ។
៨. ព្រះបាទ មានផ្ទៃស្មើល្អ ពេលឈានជាន់ដីស្មើគ្រប់ជ្រុងជ្រោយ។
៩. ការយាង មានលំនាំស្រស់សង្ហាដូចសត្វដំរីសារ។
១០. ការយាង មានលំនាំអង់អាចដូចសត្វសីហៈ។
១១. ការយាង មានលំនាំស្រាលល្វតល្វន់ដូចសត្វហង្ស។
១២. ការយាង មានលំនាំនឹងនរដូចសត្វឧសភៈ។
១៣. ពេលយាង ព្រះអង្គតែងឈានព្រះបាទស្តាំទៅមុនជានិច្ច។
ផ្នែកព្រះកាយ និងសរីរាង្គទូទៅ (១៤ - ៤៩)
១៤. ព្រះជានុមណ្ឌល (រង្វង់ជង្គង់) គ្របដណ្ដប់ដោយសាច់ល្អបរិបូរ មិនលេចឆ្អឹង។
១៥. ព្រះកាយ មានលក្ខណៈជាបុរសពេញលេញបរិបូរ។
១៦. ព្រះនាភី (ផ្ចិត) មិនរាក់ពេក មិនជ្រៅពេក។
១៧. ព្រះនាភី មានសាច់រលោងស្អាត។
១៨. ព្រះនាភី មានរង្វង់មូលល្អ។
១៩. ព្រះកាយ មានទម្រង់ពេញលេញ (មិនរួញ ឬស្វិត)។
២០. ព្រះកាយ មានសាច់បរិបូរ។
២១. ព្រះកាយ មានសាច់ស្អាតមិនគ្រើមសាច់។
២២. ព្រះកាយ មានសណ្ឋានបែងចែកជាចំណែកៗសមសួនមិនទើសភ្នែក។
២៣. ព្រះកាយ មិនមានមន្ទិលសៅហ្មង ឬស្លាកស្នាមឡើយ។
២៤. ព្រះកាយ មានទ្រង់ទ្រាយមូលក្លំស័ក្តិសម។
២៥. ព្រះកាយ មានភាពទន់ភ្លន់កក់ក្តៅ។
២៦. ព្រះកាយ រលោងស្រិលជានិច្ច។
២៧. ព្រះកាយ មានក្លិនក្រអូបឈ្ងុយឈ្ងប់ជាប្រក្រតី។
២៨. ព្រះលោមា (រោម) មានពណ៌ខ្មៅស្និទ្ធ។
២៩. ព្រះលោមា មានសភាពរលោង។
៣០. ព្រះលោមា មានសរសៃតូចៗ មិនរឹង។
៣១. ព្រះលោមា វិលជារង្វង់ទក្ខិណាវដ្ត (វិលស្តាំ) គ្រប់ៗសរសៃ។
៣២. ព្រះកាយ មានសភាពសង្ហាដូចព្រះមហាលក្ខណៈនៃព្រះព្រហ្ម។
៣៣. ព្រះកាយ មានសាច់ផុសឡើងល្អជាមណ្ឌល (ត្រង់សាច់ដុំប្រចាំកាយ)។
៣៤. ព្រះកាយ មិនមានសាច់ផុយស្រួយ។
៣៥. ព្រះកាយ មានសណ្ឋានសង្ហា មិនទាបមិនខ្ពស់។
៣៦. ព្រះកាយ មានសភាពត្រង់សណ្តូក។
៣៧. ព្រះកាយ បរិសុទ្ធស្អាត (មិនមានក្អែលកកកុញ)។
៣៨. ព្រះកាយ មានសាច់ហាប់ណែន។
៣៩. ខ្សែព្រះលោហិត (សរសៃឈាម) លាក់កំបាំងមិនលេចចេញប៉ោងមកក្រៅ។
៤០. ព្រះលោហិត មានពណ៌ក្រហមស្រស់។
៤១. ព្រះសាច់ មានសម្បុរដូចមាស។
៤២. ព្រះកាយ មិនមានសាច់កកកុញហួសហេតុ។
៤៣. ព្រះកាយ មានសម្បុររលោងមិនស្អិត។
៤៤. ព្រះកាយ មានសាច់ទន់ល្មើយ។
៤៥. ព្រះកាយ មានទម្រង់ល្អប្រពៃជុំវិញ។
៤៦. ព្រះកាយ មានសាច់មិនយារធ្លាក់។
៤៧. ព្រះអវយវៈតូចធំទាំងអស់ គឺសមសួនស៊ីចង្វាក់គ្នាទាំងអស់។
៤៨. ព្រះកាយ មិនមានធូលី ឬក្អែលទុំជាប់។
៤៩. ព្រះកាយ មានសភាពភ្លឺថ្លា មានពន្លឺ។
ផ្នែកព្រះភ័ក្ត្រ ព្រះសិរសា និងឥន្ទ្រិយ (៥០ - ៨០)
៥០. ព្រះហនុកា (ចង្កា) ទូលាយ។
៥១. ព្រះភ័ក្ត្រ (មុខ) មានសណ្ឋានស្រស់បស់ដូចព្រះចន្ទពេញបូណ៌មី។
៥២. ព្រះហនុកា ត្រង់ មិនវៀច។
៥៣. ព្រះកាយ មានទម្រង់សមរម្យល្អមើលឥតខ្ចោះ។
៥៤. ព្រះបាទ និងព្រះហស្ត មិនរួញ មិនក្ងិច។
៥៥. ព្រះបាទ និងព្រះហស្ត មានសាច់ពេញបរិបូរ។
៥៦. ព្រះបាទ និងព្រះហស្ត មានទម្រង់មូលក្លំ។
៥៧. ព្រះបាទ និងព្រះហស្ត រលោង។
៥៨. ព្រះបាទ និងព្រះហស្ត មិនមានសាច់គ្រើម។
៥៩. ព្រះសិរសា មានសណ្ឋានដូចស៊ុមឆ័ត្រ។
៦០. ព្រះសិរសា មានទម្រង់មូលក្លំសមសួន។
៦១. ព្រះសិរសា មានភាពល្អបរិបូរគ្រប់ជ្រុង។
៦២. ព្រះសិរសា មានទំហំនិងទ្រង់ទ្រាយសមរម្យ។
៦៣. ព្រះនលាត (ថ្ងាស) ទូលាយ។
៦៤. ព្រះនលាត រលោងស្អាត។
៦៥. ព្រះនលាត មិនមានស្នាមជ្រីវជ្រួញ។
៦៦. ព្រះនលាត មានទម្រង់សមរម្យស័ក្តិសម។
៦૭. ព្រះភូមុកា (ចិញ្ចើម) មានពណ៌ខ្មៅ។
៦៨. ព្រះភូមុកា ដុះប្រដេញគ្នាល្អឥតមានដាច់។
៦៩. ព្រះភូមុកា មានសណ្ឋានកោងស្អាត (ដូចកន្ទុយក្ងោក)។
៧០. ព្រះភូមុកា មិនក្រាស់ពេក ឬស្តើងពេក។
៧១. ព្រះនេត្រ (ភ្នែក) រលោងមានទឹកដម។
៧២. ព្រះនេត្រ មានពណ៌ខៀវស្រស់ (ដូចផ្កាឧប្បលខៀវ)។
៧៣. ព្រះនេត្រ មិនមានមន្ទិលសៅហ្មងកកកុញ។
៧៤. ព្រះនេត្រ មានរង្វង់មូលទូលាយ។
៧៥. ព្រះនេត្រ មិនលៀនចេញមកក្រៅ។
៧៦. ព្រះកាណ៌ (ត្រចៀក) មានសាច់ពេញ។
៧៧. ព្រះកាណ៌ មានរង្វង់មូលសមរម្យ។
៧៨. ព្រះកាណ៌ មានទំហំសមរម្យ។
៧៩. ព្រះកាណ៌ មានសាច់ទន់។
៨០. ព្រះកាណ៌ មានខ្សែលយចុះរលោងស្អាត។
ប្រភពៈ ហ្វេសប៊ុកSoeun Rathna
ដោយ៥០០០ឆ្នាំ
images/articles/3522/2026-07-30_10_27_50-_New_Text_Document_x-_Notepad.jpg
Public date : 02, Sep 2026 (292 Read)
ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្តែងថា៖ ទានំ កលុ សភាវេន សគ្គមានុស្សភោគធំ បរិណាមវាសេនេ ភោគិមុក្ខុបនិស្សយំ ។ ទានតាមធម្មតា អាចផ្តល់ត្រឹមសេចក្តីសុខក្នុងមនុស្សលោកនិងទេវលោក ប៉ុន្តែបើអ្នកប្រាថ្នា និងតម្រង់វាទៅរកព្រះនិព្វាន វានឹងក្លាយជាស្ពានមាសដ៏រឹងមាំ នាំអ្នកឈានទៅដល់ «អមតមហានិព្វាន» ដ៏បរិសុទ្ធ។ ក្នុងនាមយើងជាអ្នកដើរតាមគន្លងធម៌ ហេតុអ្វីបានជាយើងត្រូវបំពេញទាន សីល និងភាវនា? ព្រោះយើងចង់ឱ្យរាល់កុសលធម៌ទាំងអស់នេះ ក្លាយជាកម្លាំងជម្រុញដ៏អស្ចារ្យ ជួយឱ្យយើងរួចចាកទុក្ខ និងសម្រេចបាននូវទីបំផុតដ៏សុខសន្តិភាពក្នុងលោកទាំងបី!
រាល់ពេលដែល បំពេញបុណ្យកុសលដោយតម្រង់ទៅរកព្រះនិព្វាន អ្នកមិនគ្រាន់តែជាអ្នកធ្វើបុណ្យធម្មតានោះទេ ប៉ុន្តែអ្នកកំពុងតែអនុវត្តន៍តាម អរិយមគ្គមានអង្គប្រាំបី ព្រមទាំងបំពេញ ពោធិបក្ខិយធម៌ទាំង៣៧ និង បារមីទាំង១០ យ៉ាងពិតប្រាកដ។ ធម៌ទាំងនេះពិតជាអស្ចារ្យណាស់! គេហៅកុសលដែលអ្នកកំពុងសន្សំនេះថា «ឱបបាតិកកុសល» ដែលជាកុសលដ៏ខ្ពង់ខ្ពស់គ្មានថ្ងៃសាបរលាប។
សូមចងចាំថា កុសលដែលអ្នកបានសន្សំហើយ គឺគ្មានថ្ងៃបាត់បង់តម្លៃឡើយ! វាប្រៀបបានទៅនឹង ប្រភពទឹកអណ្តូងធម្មជាតិដ៏ស្រស់បំព្រង ដែលមិនថាយើងខំដួសយកទៅប្រើប្រាស់ប៉ុណ្ណាក៏ដោយ ក៏ទឹកថ្មីនៅតែហូរផុសឡើងមកជំនួសឥតឈប់ឈរ ធ្វើឱ្យទឹកក្នុងអណ្តូងនោះមិនចេះរីងស្ងួតឡើយ។ ទោះបីជាអ្នកត្រូវទៅសោយសុខក្នុងឋានមនុស្ស ឬឋានទេវតាយ៉ាងណាក៏ដោយ ក៏កម្លាំងបុណ្យនេះមិនធ្លាក់ចុះជាដាច់ខាត វាគឺជារស្មី និងជាកម្លាំង់ ខបនិស្ស័យ ដែលតាមថែរក្សា និងនាំផ្លូវអ្នករហូតដល់គោលដៅចុងក្រោយ! កុំបារម្ភពីទំហំនៃបុណ្យថា តិច ឬច្រើន! មិនថាតូច ឬធំទេ រាល់ពេលដែលអ្នកធ្វើកុសល សូមបង្កប់នូវកម្លាំងចិត្តដ៏រឹងមាំ និងអធិដ្ឋានដោយក្តីជឿជាក់ថា៖ «សូមឱ្យមហាកុសលនេះ ជាបច្ច័យដល់ការត្រាស់ដឹងនូវពោធិញ្ញាណ បានឃើញអរិយសច្ចធម៌ និងបានសម្រេចអមតមហានិព្វានខានពុំខានឡើយ!» ចូរដើរលើផ្លូវនេះដោយក្តីក្លាហាន និងក្ដីសង្ឃឹមជានិច្ច ព្រោះរាល់គ្រាប់ពូជនៃកុសលដែលអ្នកកំពុងដាំថ្ងៃនេះ គឺសុទ្ធតែជាអនាគតដ៏ភ្លឺស្វាង និងជាជំហានដ៏មុតមាំឆ្ពោះទៅកាន់សេចក្តីសុខដ៏ពិតប្រាកដរបស់អ្នក!
ព្រះមហាថេរ ណៅឧយ្យានេ អរិយធម្ម (Nauyane Ariyadhamma Mahathera, ១៩៣៩–២០១៦) គឺជាគ្រូកម្មដ្ឋានព្រៃដ៏ល្បីល្បាញរបស់ស្រីលង្កា។ ព្រះអង្គល្បីល្បាញខ្លាំងខាងការកាន់ព្រះវិន័យម៉ឺងម៉ាត់ និងការបង្រៀនសមថៈ-វិបស្សនា ។ ព្រះអង្គបានទៅសិក្សាកម្មដ្ឋានស៊ីជម្រៅនៅមជ្ឈមណ្ឌល ប៉ាអ៉ុក (Pa-Auk) ប្រទេសភូមា ហើយបាននាំយកវិធីសាស្ត្រប្រតិបត្តិនេះមកផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅស្រីលង្កា। ដោយសារបារមី និងចិត្តមេត្តាដ៏ខ្ពង់ខ្ពស់ ព្រះអង្គត្រូវបានអ្នកប្រតិបត្តិទាំងនៅស្រីលង្កា និងភូមា គោរពរាប់អាន និងប្រសិទ្ធនាមថាជា «ព្រះពោធិសត្វ» ទៀតផង។
ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa
ដោយ៥០០០ឆ្នាំ
images/articles/3528/2026-08-01_12_42_53-_New_Text_Document_r_-_Notepad.jpg
Public date : 02, Sep 2026 (235 Read)
ក្នុងអដ្ឋកថាវិន័យ ៖ ភិក្ខុដែលចាំវស្សា (ក្នុងទីណាមួយ) គប្បីចាត់ចែងវិហារ (វត្តអារាម ទីសេនាសនៈឲ្យបានស្អាត) ហើយតម្កល់ទឹកឆាន់ ទឹកប្រើប្រាស់ទុក គប្បីធ្វើសាមីចិកម្ម មានការថ្វាយបង្គំព្រះចេតិយជាដើមស្រេចហើយ គប្បីបញ្ចេញវាចាថា « ឥមស្មឹ វិហារេ ឥមំ តេមាសំ វស្សំ ឧបេមិ » ដូច្នេះ ។
១- ភិក្ខុចូលវស្សាក្នុងវត្ត ត្រូវអធិដ្ឋានថា « ឥមស្មឹ វិហារេ ឥមំ តេមាសំ វស្សំ ឧបេមិ : អាត្មាអញ នៅចាំវស្សាអស់ ៣ ខែនេះ ក្នុងវត្តនេះ » ។
២- ភិក្ខុចូលវស្សាក្នុងទីដទៃក្រៅពីវត្ត បើមានខ្ទម ត្រូវអធិដ្ឋានថា « ឥធ វស្សំ ឧបេមិ : អាត្មាអញ នៅចាំវស្សា ក្នុងទីនេះ »។
៣- ភិក្ខុចូលវស្សាក្នុងទីអត់មានសេនាសនៈ ត្រូវធ្វើសេចក្តីអាល័យថា « ឥធ វស្សំ វសិស្សាមិ : អាត្មាអញ នៅចាំវស្សា ក្នុងទីនេះ »
ព្រះពុទ្ធដ៏ឧត្តម ទ្រង់បញ្ញត្តិឲ្យភិក្ខុត្រូវតែចូលចាំវស្សា ថា ៖
« ន ភិក្ខវេ វស្សំ ឧបគន្ត្វា បុរិមំ វា តេមាសំ បច្ឆិមំ វា តេមាសំ អវសិត្វា ចារិកា បក្កមិតព្វា យោ បក្កមេយ្យ អាបត្តិ ទុក្កដស្ស »។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលវស្សាហើយ មិននៅចាំបុរិមិកាវស្សាអស់ ៣ ខែ ឬបច្ឆិមិកាវស្សាអស់ ៣ ខែទេ មិនត្រូវចៀសចេញទៅកាន់ចារិកឡើយ ភិក្ខុណាចៀសចេញទៅ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។
« ន ភិក្ខវេ វស្សំ ន ឧបគន្តព្វំ យោ ន ឧបគច្ឆេយ្យ អាបត្តិ ទុក្កដស្ស » ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកុំមិនចូលវស្សា (គឺត្រូវតែចូលវស្សា) ភិក្ខុណាមិនចូលវស្សា (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។
« ន ភិក្ខវេ តទហុវស្សូបនាយិកាយ វស្សំ អនុបគន្តុកាមេន សញ្ចិច្ច អាវាសេ អតិក្កមិតព្វា យោ អតិក្កមេយ្យ អាបត្តិ ទុក្កដស្ស » ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រាថ្នានឹងចូលវស្សា ក៏ក្លែងដើរចេញពីអាវាសទៅក្នុងថ្ងៃចូលវស្សានោះ មិនបានទេ ភិក្ខុណាដើរចេញទៅ (ភិក្ខុនោះ) ត្រូវអាបត្តិទុក្កដ ។ ( វិន័យបិដក លេខ ៧ ទំព័រ ៥)
ប្រភពៈ ហ្វេសប៊ុកPhuorng Sovann
ដោយ៥០០០ឆ្នាំ
images/articles/3535/2026-08-02_08_14_04-Greenshot.jpg
Public date : 02, Sep 2026 (357 Read)
ទិដ្ឋិចេតសិក
ទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញប៉ុន្តែនៅក្នុងទីនេះ សំដៅលើ មិច្ឆាទិដ្ឋិ (សេចក្តីយល់ខុស - យល់វង្វេងពីការពិត) ។
ទិដ្ឋិ មាន ២ យ៉ាង
ប្រភេទទិដ្ឋិ
ការពន្យល់ងាយយល់
១. សាមញ្ញទិដ្ឋិ សេចក្តីយល់ខុសទូទៅ (សក្កាយទិដ្ឋិ)៖ គឺការប្រកាន់យល់ថា រូប,ខន្ធនេះជា មនុស្ស, សត្វ, ខ្លួន (អត្តា)។ យល់ខុសប្រភេទនេះមាននៅលើបុថុជ្ជនទូទៅទាំងអស់ (លើកលែងតែព្រះអរិយបុគ្គល)។
២. ទិដ្ឋិវិសេសសេចក្តីយល់ខុសពិសេស-ធ្ងន់ធ្ងរ ៖ ដូចជា ទិដ្ឋិ ៦២ ឬ និយតមិច្ឆាទិដ្ឋិ (ការមិនជឿលើបុណ្យ បាប កម្ម-ផល ជាដើម)។ យល់ខុសប្រភេទនេះកើតមានតែលើមនុស្សមួយចំនួន ឬក្នុងកាលៈទេសៈខ្លះប៉ុណ្ណោះ។
លក្ខណចតុក្កៈរបស់ ទិដ្ឋិ (លក្ខណៈ ៤ ប្រការ)
១. លក្ខណៈ៖ មានការប្រកាន់យក, យល់ឃើញមិនត្រូវតាមការពិត ឬខុសទំនង។
២. កិច្ច (តួនាទី)៖ ស្ទាបស្ទង់ និងសន្និដ្ឋានស្វែងយល់ខុសអំពីសភាវធម៌ (យល់បញ្ច្រាសពីការពិត)។
៣. ផលលេចឡើង៖ ការប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ឬជាប់មាំក្នុងផ្លូវខុស។
៤. ហេតុជិត៖ ការមិនចង់ជួបប្រសប់ មិនចង់ស្តាប់ ឬមិនចង់ឃើញព្រះអរិយបុគ្គល និងធម៌ពិត ជាហេតុនាំឱ្យកើតសេចក្តីយល់ខុសនេះឡើង។
សរុបន័យរួម៖ ទិដ្ឋិចេតសិក គឺជាធម្មជាតិដែលកើតជាមួយចិត្តដែលធ្វើឲ្យ យល់ខុស ប្រកាន់ខុសពីសភាវៈពិតនៃធម្មជាតិ ដោយប្រកាន់ថាមាន ខ្លួនឬមិនជឿលើ បុណ្យ-បាប និងផលនៃកម្មឡើយ ។
ប្រភពៈ ហ្វេសប៊ុកសារិ រដ្ឋា
ដោយ៥០០០ឆ្នាំ
images/articles/1675/Untitled-1-Recovered.jpg
Public date : 21, Aug 2026 (29,643 Read)
តើសុរានេះមានតាំងពីពេលណាមក? ទើបមានរហូតមកដល់បច្ចុប្បន្ននេះ យើងគ្រប់គ្នាត្រូវគិតថាកម្លាំងសុរានេះខ្លាំងយ៉ាងណា? នៅពេលដែលបុគ្គលណាម្នាក់បានផឹកតើផ្ដល់គុណសម្បត្តិឬគុណវិបត្តិយ៉ាងណាដែរ?ទោះបីយ៉ាងណាក៏ដោយតាមសាច់រឿងបានបញ្ជាក់ថាកាលណាមនុស្សបានផឹកសុរាហើយ សុរានោះវានឹងផ្ដល់ផលមិនល្អដល់អ្នកផឹកវិញពិសេសមានការប្រមាទច្រើនដូចមានរឿងតំណាលថា
រឿងថ្មើរព្រៃឈ្មោះសុរៈ
កាលដែលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងក្រុងពារាណសី។ សម័យកាលនោះមានថ្មើរព្រៃម្នាក់ឈ្មោះសុរៈគាត់បានទៅព្រៃហេមពាន្តដើម្បីប្រកបកិច្ចការផ្សេងៗ ។ នៅព្រៃហេមពាន្តនោះមានឈើមួយដើមកម្ពស់មួយជំហរ បែកមែកជាបី ក្នុងប្រឡោះប្រគាបឈើនោះមានរណ្ដៅធំប៉ុនពាង។ លុះដល់ធ្លាក់ភ្លៀងមកទឹកដក់នៅក្នុងរណ្ដៅធំៗនោះថែមទាំងមានដើមសម៉ កន្ទួតព្រៃ នឹងម្រេចជាដើមដុះល្បែរដើមឈើនោះហើយផ្លែទាំងនោះតែងជ្រុះទៅក្នុងរណ្ដៅនោះ។ មិនតែប៉ុណ្ណោះសត្វបក្សីទាំងឡាយតែងពាំស្រូវសាលីទៅទំស៊ីហើយជ្រុះទៅក្នុងរណ្ដៅនោះទៀត។ ទឹកក្នុងរណ្ដៅនោះ ក៏មានពណ៌ក្រហម មានរស់ជាតិខ្លាំងដល់ក្ដៅសត្វបក្សីទាំងឡាយ មានសេចក្ដីស្រេកឃ្លានបានផឹកទឹកនោះក៏ស្រវឹង បម្រះននៀលដួលជ្រប់នៅទៀបគល់ឈើនោះ បន្តិចក៏ស្រែកកញ្ជ្រៀវខ្ញៀវខ្ញារ ហើរចេញទៅសូម្បីសត្វកំប្រុកស្វាកង្ហែនជាដើម ដែលបានផឹកទឹកនោះក៏មានទំនងដូចគ្នាដែរ។ ថ្មើរព្រៃបានឃើញហើយក៏គិតថាទឹកនេះមិនមែនពុលទេបើជាទឹកពុលសត្វ ដែលផឹកទាំងប៉ុន្មានមុខជាស្លាប់អស់ឥតសល់ហើយក៏ដងទឹកផឹកដរាបដល់ស្រវឹង ហើយបង្កាត់ភ្លើងចាប់សត្វដែលដួលជ្រប់ក្រាបក្បែរគល់ឈើសម្លាប់បោកអាំងស៊ីផឹកទឹកនោះអស់ពីរបីថ្ងៃ។
សម័យនោះមានតាបសមួយរូបឈ្មោះ វរុណៈ នៅក្នុងទីជិតនោះ ថ្មើរព្រៃដងយកទឹកនោះមួយបំពង់ឫស្សី និងដុំសាច់ដែលចម្អិនស្រេចនោះ ដើរទៅកាន់សំណាក់ វរុណៈ តាបសហើយបាននិយាយថា សូមលោកម្ចាស់ឆាន់ទឹកនោះចុះ! លុះឆាន់អស់កាលជាយូរថ្ងៃទើបទឹកនោះមានឈ្មោះ វរុណៈ ដោយហេតុតាបសនោះបានផឹកមុនគេ។ អ្នកទាំងពីរគិតគ្នាថាទឹកនោះវាសំខាន់ណាស់ក៏ដងចាក់ពេញបំពង់ឫស្សីជាច្រើន រួចរែកទៅស្រុកបច្ចន្តគ្រាមឲ្យអ្នកស្រុកក្រាបបង្គំទូលព្រះមហាក្សត្រថាមានអ្នកចេះធ្វើទឹកស្រវឹងយ៉ាងវិសេសទើបនឹងមកដល់។ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់ ឲ្យអ្នកទាំងពីរចូលទៅគាល់អ្នកទាំងពីរក៏យកទឹកនោះទៅថ្វាយព្រះរាជាៗ ទ្រង់សោយក៏ស្រវឹងស្រួលមែន លុះអស់ទឹកនោះទៅបានត្រាស់បង្គាប់ឲ្យដងយកទៅ ថ្វាយទៀត។ ជនទាំងពីរនាក់ទៅនាំទឹកសុរានោះបានពីរបីថ្ងៃទើបបបួលគ្នាថាយើងមិនអាចយកទៅជានិច្ចបានទេ ហើយក៏បានកំណត់យកគ្រឿងផ្សំគ្រប់មុខមកផ្សំធ្វើសុរាក្នុងនគរនោះ។ អ្នកនគរនាំគ្នាផឹកសុរាតែរាល់ៗគ្នាក៏ទៅជាអ្នកមានសេចក្ដីប្រមាទក្នុងការងារ ធ្លាក់ខ្លួនទៅជាជនកំសត់ទូគ៌តនគរនោះក៏សាបសូន្យ ចាកសេចក្ដីចម្រើនគ្រប់យ៉ាង អ្នកធ្វើសុរាក៏នាំគ្នារត់ទៅក្នុងនគរពារាណសី ឲ្យអ្នកនគរក្រាបទូលព្រះបាទពារាណសី ហើយទ្រង់បង្គាប់ឲ្យហៅមកទ្រង់ព្រះរាជទានស្បៀងអាហារឲ្យធ្វើសុរាថ្វាយ។ នគរនោះក៏វិនាសដូចមុនទៀតអ្នកធ្វើសុរារត់ចេញពីទីនោះទៅក្នុងនគរសាកេត ចេញពីនគរសាកេតទៅនគរសាវត្ថី។ គ្រានោះព្រះចៅក្រុងសាវត្ថីទ្រង់ព្រះនាមព្រះបាទ សព្វមិត្រ ព្រះអង្គបានធ្វើសេចក្ដីសង្គ្រោះដល់អ្នកដែលធ្វើសុរាទាំងពីរនាក់នោះ ទ្រង់ព្រះរាជទានទេយ្យវត្ថុផ្សេងៗ ដល់អ្នកទាំងពីរៗ ក៏បានធ្វើសុរានៅក្នុងនគរសាវត្ថីនោះអស់កាលជាយូរឆ្នាំ ការធ្វើសុរាក៏ចេះតែកើតបន្តៗពីត្រឹមនោះមក។
ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/1225/5b4acf17c782c1715d47896fdfgcfbf47.jpg
Public date : 21, Aug 2026 (18,096 Read)
ទស អត្ថវសេ បដិច្ច តថាគតេន សាវកានំ សិក្ខាបទំ បញ្ញត្តំ ។ ព្រះតថាគត ទ្រង់បញ្ញត្តសិក្ខាបទដល់សាវ័កទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍១ ១០ យ៉ាង ៖ គឺ
១- សង្ឃសុដ្ឋុតាយ : ដើម្បីសេចក្តីល្អដល់សង្ឃ
២- សង្ឃផាសុតាយ : ដើម្បីនៅសប្បាយដល់សង្ឃ
៣- ទុម្មង្កូនំ បុគ្គលានំ និគ្គហាយ : ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយដែលមិនមានសេចក្តីអៀនខ្មាស
៤- បេសលានំ ភិក្ខូនំ ផាសុវិហារាយ : ដើម្បីនៅជាសុខស្រួលដល់ភិក្ខុទាំងឡាយដែលមានសីលជាទីស្រឡាញ់
៥- ទិដ្ឋធម្មិកានំ អាសវានំ សំវរាយ : ដើម្បីរារាំងនូវអាសវធម៌ទាំងឡាយក្នុងបច្ចុប្បន្ន
៦- សម្បរាយិកានំ អាសវានំ បដិឃាតាយ : ដើម្បីកំចាត់បង់នូវអាសវធម៌ទាំងឡាយក្នុងបរលោក
៧- អប្បសន្នានំ បសាទាយ : ដើម្បីញុំាងជនទាំងឡាយដែលមិនទាន់ជ្រះថ្លាអោយជ្រះថ្លាឡើង
៨- បសន្នានំ ភិយ្យោភាវាយ : ដើម្បីញុំាងជនទាំងឡាយដែលជ្រះថ្លាហើយអោយរឹងរឹតតែជ្រះថ្លាឡើង
៩- សទ្ធម្មដ្ឋិតិយា : ដើម្បីតម្កល់នៅមាំនៃព្រះសទ្ធម្ម
១០- វិនយានុគ្គហាយ : ដើម្បីអនុគ្រោះដល់ព្រះវិន័យ ។
« អត្ថសតំ ធម្មសតំ ទ្វេ ច និរុត្តិសតានិ
ចត្តារិ ញាណសតានិ អត្ថវសេ បករណេតិ »។
ក្នុងបករណ៍ សម្ដែងអំពីអំណាចប្រយោជន៍ (នេះ) បណ្ឌិតត្រូវដឹងថា មានអត្ថ ១០០ ធម៌ ១០០ និរុត្តិ ២០០ និងញាណ ៤០០ ។ (វិនយបិដក បរិវារ ១៣, ១១០)
ប្រភព៖ ហ្វេសប៊ុកPhuorng Sovann
ដោយ៥០០០ឆ្នាំ
images/articles/1452/2026-08-21_17_46_52-Untitled_-_Notepad.jpg
Public date : 21, Aug 2026 (35,443 Read)
ឯការប្រព្រឹត្តកន្លងក្នុងសិក្ខាបទនេះ រមែងមានដល់អ្នកដែលចូលទៅ ដោយមានបំណងនឹងមើលតែប៉ុណ្ណោះ ។ ចំណែកអ្នកដើរទៅជួប ឬឃើញការរាំ ច្រៀង និងការប្រគំ ដែលមកប្រាកដក្នុងឱកាសដែលឈរក្តី អង្គុយក្តី ដេកក្តី ក៏មានតែសេចក្តីសៅហ្មងតែម្យ៉ាង មិនមែនជាការប្រព្រឹត្តកន្លងឡើយ ។
« ធម្មូបសំហិតម្បិ ចេត្ថ គីតំ ន វដ្ដតិ, គីតូបសំហិតោ បន ធម្មោ វដ្ដតីតិ វេទិតព្វោ » ។
ក្នុងសិក្ខាបទនេះ ចម្រៀង ទោះបីមានខ្លឹមសារជាធម៌ក៏ដោយ ក៏មិនគួរ, តែធម៌ដែលប្រកបដោយសំឡេងច្រៀង គប្បីជ្រាបថា គួរ (ស្តាប់បាន) ។ (ចាកខុទ្ទកបាឋ អដ្ឋកថា)
images/articles/3527/2026-08-01_12_39_10-___Srsong_Channa_s.jpg
Public date : 06, Aug 2026 (237 Read)
ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា សម័យដំបូងនៅក្នុងប្រទេសភូមា បានសេសសល់ នៅតាមនិទានរបស់លង្កា ហើយគម្ពីរអដ្ឋកថាផ្សេងៗ បានពោលថា ព្រះបាទអសោកមហារាជ បានទ្រង់បញ្ជូន ព្រះសោណ និង ព្រះឧត្តរមកប្រកាសព្រះពុទ្ធសាសនា ក្នុងដែនដីសុវណ្ណភូមិ ។ អក្នប្រាជ្ញខ្លះបានសន្និដ្ឋានថា សុវណ្ណភូមិ បានដល់នគរបឋមនៅប្រទេសថៃ តែអ្នកខ្លះថា បានដល់ក្រុងស្ថើមនៅប្រទេសភូមាភាគខាងត្បូង តែទោះបីយ៉ាងណាក៏ដោយមិនប្រាកដថា ព្រះពុទ្ធសាសនាបានរីកចម្រើន និង ផ្សព្វផ្សាយនៅក្នុងប្រទេសភូមាសម័យមុននេះ សម័យដែលអាចសន្និដ្ឋានច្បាស់ថា ព្រះពុទ្ធសាសនាបានផ្សាយចូលមកកាន់ភូមា គឺនៅក្នុង ព.ស.ទី៦ ព្រោះបានជួបសិលាចារឹក ជាភាសាបាលី នៅក្នុងប្រទេសភូមាភាគខាងត្បូង ហើយអ្នកប្រវត្តិសាស្រ្ត ឈ្មោះ តារនាថ ជនជាតិទីបេ បានពោលថា មានការបង្ហាត់បង្រៀន ព្រះពុទ្ធសាសនាបែបថេរវាទ នៅ ពៈគោ ប្រទេសភូមា និង ឥណ្ឌូចិនមកតាំងតែសម័យ ព្រះបាទអសោក លុះតមកមិនយូរប៉ុន្មានសិស្សរបស់ ព្រះថេរៈវសុពន្ធុ បាននាំព្រះពុទ្ធសាសនាបែបមហាយានចូលទៅផ្សព្វផ្សាយ ធ្វើឲ្យមហាយាន និង ថេរវាទដើរទន្ទឹមគ្នា នៅក្នុងប្រទេសភូមាជាច្រើនសតវត្សរ៍។
ព្រះពុទ្ធសាសនា ដែលបានផ្សព្វផ្សាយចូលមករយៈពេលកន្លងមក ប្រហែលជាចូលមកតាមផ្លូវគោករបស់ពាណិជ្ជករ ហើយក៏បានរុងរឿង ក្នុងអាណាចក្ររបស់ ពួក Pyus ដែលហៅថា អាណាចក្រស្រីក្សេត្រ។ ហេតុការណ៍ ដែលសំខាន់តមក គឺនៅក្នុងព.ស. ៩៤៦ ព្រះពុទ្ធឃោសាចារ្យ នៅពេលបានប្រែអដ្ឋកថា ពីសំស្ក្រឹតមកជាភាសាបាលីរួចហើយ បាននិមន្តចេញពីប្រទេសលង្កាហើយបានឆៀងចូលក្រុមស្ថើមប្រទេសភូមា ដោយបានយកព្រះត្រៃបិដក និង គម្ពីរអដ្ឋកថាផ្សេងៗ មកកាន់ទីនោះផង ។ ហេតុការណ៍ក្នុងលើកនេះ ប្រហែលជាជម្រុញការចាប់អារម្មណ៍ឲ្យមានការផ្សព្វផ្សាយព្រះពុទ្ធសាសនានៅប្រទេសភូមាឲ្យកាន់តែរឹងប៉ឹងថែមទៀត ក្រោយពីនោះក៏មានអ្នកប្រាជ្ញភាសាបាលី កើតឡើងនៅប្រទេសភូមា ជាច្រើននាក់ បានសរសេរក្បួនវេយ្យាករណ៍បាលីខ្លះ អភិធម្មខ្លះ។ មានភស្តុតាងដែលអាចជឿបានថា ជនជាតិមនហិណ្ឌូ ឬ តឡេងក្រុងពៈគោ (ហង្សាវតី) ក្រុងស្ថើម (សុធម្មវតី) ហើយតំបន់ ដែលជិតគ្នា ហៅរួមៗថា រាមញ្ញប្រទេស បានគោរពព្រះពុទ្ធសាសនាបែបថេរវាទ ដ៏រុងរឿងមកជាយូរគួរសម លុះដល់ ព.ស.ទី១៦ ក៏ប្រាកដថា ក្រុងស្ថើមបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់មួយកន្លែង របស់ព្រះពុទ្ធសាសនាថេរវាទទៅហើយ។ ចំណែកកុលសម្ព័ន្ធមួយក្រុមទៀតគឺ មរម្មឬភូមា(អំបូរទីបេ,ដារាវិដៀន) ក៏បានមកតាំងអាណាចក្រដ៏មានអំណាចរុងរឿងរបស់ខ្លួនឡើង មានរាជធានីនៅភូកាម ហើយហៅឈ្មោះរបស់ខ្លួនថាភូកាម។ ពួកអ្នមរម្មៈនេះថោកទាប គ្មានការសិក្សាគោរពព្រះពុទ្ធសាសនាបែបតន្ត្រៈ ដែលទាន់ខ្សោយមកដល់ ព.ស.ទី១៦ នោះឯង។ ព្រះបាទអនុរុទ្ធឬ អនោរធាមាំងបានឡើងគ្រងរាជជាក្សត្រមរម្មៈ (ព.ស ១៥៨៨ដល់១៦២១) ដោយមានព្រះសង្ឃ តឡេង នៃក្រុងស្ថើមមួយអង្គព្រះមាននាមថាព្រះអរហន្ត ឬធម្មទស្សី អាចផ្លាស់ប្តូរព្រះទ័យព្រះបាទអនុរុទ្ធឲ្យបែរមកគោរពព្រះពុទ្ធសាសនាថេរវាទយ៉ាងបរិសុទ្ធ។ ព្រះបាទអនុរុទ្ធ ទ្រង់បានរួមជាមួយព្រះធម្មទស្សីដាក់លទ្ធិតន្ត្រៈចុះ ធ្វើឲ្យព្រះពុទ្ធសាសនាប្រដិស្ឋានគង់វង់ក្នុងប្រទេសភូកាម។
រចនាបទបាកាន នៅប្រទេសមីយ៉ាន់ម៉ា ព្រះពុទ្ធបដិមានៅប្រាសាទអានន្ទ
រជ្ជកាលព្រះបាទអនុរុទ្ធនេះ ជាសម័យដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា និង ជាតិភូមា ពេលព្រះអង្គបែរមកគោរពព្រះពុទ្ធសាសនាបែបថេរវាទហើយ ទ្រង់មានព្រះរាជសទ្ធាដ៏ខ្លាំងក្លា ទ្រង់បានផ្ញើរាជសារទៅសូមគម្ពីរព្រះពុទ្ធសាសនានៃក្រុងស្ថើម តែក្សត្រស្ថើមមិនព្រម ទើបព្រះអង្គទ្រង់លើកទ័ពទៅវាយក្រុងស្ថើមបាន ទ្រង់នាំព្រះត្រៃបិដក៣០ចប់ ។ វត្តគោរពបូជាដ៏សក្តិសិទ្ធ ព្រមទាំងព្រះភិក្ខុជនជាតិតឡេង ដែលជាអ្នកឆ្លៀវឆ្លាតក្នុងព្រះធម៌ ផ្ទុក៣២ខ្នងដំរីត្រឡប់មកប្រទេសភូកាម។ ហេតុការណ៍លើកនេះធ្វើឲ្យភូមារួម ជាអាណាចក្រតែមួយ ហើយភូកាមជាអ្នកឈ្នះ ក៏ទទួលយកវប្បធម៌ តឡេង ស្ទើរទាំងអស់ជារបស់ខ្លួនតាំងពីតួអក្សរភាសា វណ្ណកម្ម និង សាសនាជាដើម។ ព្រះបាទអនុរុទ្ធ ទ្រង់ផ្លាស់ប្តូរសាសនទូតជាមួយលង្កា ទ្រង់នាំព្រះត្រៃបិដកច្បាប់សំបូរណ៍មកពីលង្កា៣ចប់ ហើយនាំមកជម្រះប្រៀបធៀប និង ច្បាប់ ដែលមកពីក្រុងស្ថើមទ្រង់ឧបត្ថម្ភសិល្បកម្មផ្សេងៗ។ ការបំពេញព្រះរាជករណីយកិច្ចរបស់ព្រះអង្គ ធ្វើឲ្យព្រះពុទ្ធសាសនាជាសាសនារបស់ជនជាតិភូមាទូទាំងប្រទេស ក្សត្រព្រះអង្គតៗមក ក៏បានប្រព្រឹត្តតាមព្រះបដិបទាក្នុងការទំនុកបំរុងព្រះពុទ្ធសាសនា ដូចជាព្រះអង្គដែរ។ ចំណែកសាសនាព្រាហ្មណ៍ឬហិណ្ឌូក៏អន់ថយអស់ទៅ ហើយរវាងសម័យ ដែលភូកាមរុងរឿងនេះ ព្រះភិក្ខុជាច្រើនបានធ្វើដំណើរទៅសិក្សានៅលង្កាទ្វីបអង្គខ្លះទៅសិក្សាហើយបានឧប្បសម្ប័ទជាថ្មី ត្រឡប់មកបង្កើតគណៈសង្ឃថេរវាទថ្មី បែបលង្កា បែកចេញទៅក៏មានដូចជាព្រះចបតៈនៅក្នុងព.ស.១៧២៥ ដែលធ្វើឲ្យមានការប្រណាំងប្រជែងគ្នារវាងគណៈសង្ឃនីមួយៗ មកអស់រយៈពេល ៣ សតវត្សរ៍។
អាណាចក្រភូកាមបានរលំរលាយទៅព្រោះបានបោះបង់ចោល ក្រោយពីការរុករានរបស់ កុបលៃខាន ក្នុងព.ស.១៨៣១ ក្រោយពីនេះ ថ្វីបើប្រទេសជាតិជ្រួលច្របល់តែព្រះពុទ្ធសាសនានៅតែរីកចម្រើនរុងរឿងរហូតមកដល់រជ្ជកាល ព្របាទធម្មចេតិយ (ព.ស.២០០៤ដល់២០៣៥) សម័យនោះនៅប្រទេសភូមាមានគណៈសង្ឃ៦គណៈ(មកពីខ្មែរ១ពីលង្កា៥) ព្រះអង្គបានអារាធនាព្រះសង្ឃមកពីលង្កា ហើយឲ្យព្រះសង្ឃភូមាទាំងអស់ឧប្បសម្ប័ទជាថ្មីរួមចូលជានិកាយមួយ តាំងពីនោះមកព្រះពុទ្ធសាសនាក៏ប្រដិស្ឋានគង់វង់ ហើយមានការសិក្សាព្រះអភិធម្មបានរីកចម្រើនឡើង។
ពីរសតវត្សរ៍តមក ការខ្វែងគំនិតគ្នាកើតឡើងក្នុងរឿងការគ្រងចីវរចេញក្រៅវត្ត ធ្វើឲ្យព្រះសង្ឃបែកចេញជាពីរពួកគឺ មួយពួកឃ្លុំ និង មួយពួកគ្រងចំហៀងស្មា ព្រះមហាក្ស័ត្រទ្រង់សព្វព្រះរាជហឫទ័យស្ថាបនាក្រុមឃ្លុំជាសមេ្តចព្រះសង្ឃរាជឡើងគ្រប់គ្រងសង្ឃដើម្បីជារបៀបរៀបរយក្នុងព្រះវិន័យ។ ក្នុងពុទ្ធសតវត្សទី២៤ ព្រះពុទ្ធសាសនាក្នុងភូមារឹងមាំល្អ រហូតមានព្រះសង្ឃពីលង្កាមកទទួលឧប្បសម្ប័ទថ្មី ហើយទៅបង្កើតគណៈសង្ឃបែបភូមាឡើងក្នុងប្រទេសរបស់ខ្លួនមានការប្រែព្រះត្រៃបិដក និង មានការសង្គាយនាលើកទី ៥ ក្នុងព្រះបរមរាជូបត្ថម្ភរបស់ ព្រះបាទមិនដុង ទីក្រុងមណ្ឌលេ នៅព.ស.២៤១៥ ហើយចារឹកពុទ្ធវចនៈទាំង៣បិដកចុះក្នុងផ្ទាំងសីលា(ថ្លើមថ្ម)៧២៩ផ្ទាំង។ ក្នុងរយៈពេលនេះមាន ការជ្រើសរើសសម្តេចព្រះសង្ឃរាជ អស់មួយសម័យកាល។
អង់គេ្លសបានចូលមកដាកអាណានិគម ហើយមានអំណាចក្នុងប្រទេសភូមាតាំងតែព.ស.២៣៦៨ ក្ស័ត្រអង្គចុងក្រោយរបស់ភូមាគឺ ព្រះបាទ ធី ប នៃរាជវង្សអលងពញ្ញាបានសាបសូន្យវង្សនៅព.ស.២៤២៩ ប្រទេសភូមាបាននៅឯករាជ្យ ហើយក្លាយជាសហភាពភូមានៅថ្ងៃទី ៤ មករា ២៤៩២ (ចុះសន្ធិសញ្ញាឯករាជ្យ ថ្ងៃទី ១៧តុលា ២៤៩១ ) ពេលភូមាផ្លាស់ជាសាធារណរដ្ឋហើយ ដំណែងព្រះសង្ឃរាជក៏បោះបង់ចោលទៅរដ្ឋាភិបាលបានតែងតាំងប្រមុខសង្ឃឡើងជាថ្មីសម្រាប់និកាយសង្ឃទាំង៣របស់ភូមា។ មួយនិកាយមួយអង្គ រយៈពេល ដែលពោលមកនេះ មានព្រះភិក្ខុភូមា ដែលជាអ្នកមានចំណេះដឹងដ៏ជំនាញបានរចនា ឬនិពន្ធក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន រដ្ឋាភិបាលភូមាជាអ្នកផ្តើមចាត់ការ ឆដ្ឋសង្គីតិ គឺសង្គាយនាលើកទី៦ឡើងនៅក្រុងរ៉ងហ្គូន នៅក្នុងឱកាសឆ្លងសតវត្សរ៍ទី ២៥ តាំងតែពីខែឧសភា ព.ស.២៤៩៨ដល់ខែឧសភា ព.ស.២៥០០ បានអារាធនាព្រះសង្ឃ ហើយអ្នកតំណាងពុទ្ធសាសនិកប្រទេសផ្សេងៗចូលរួមសាសនៈកិច្ចលើកនេះយ៉ាងច្រើន ហើយបានចាត់បោះពុម្ពព្រះត្រៃបិដកព្រមទាំងគម្ពីរអដ្ឋកថា និង បករណ៍ពិសេសផ្សេងៗជាថ្មីឲ្យបរិសុទ្ធសម្បូរបំផុត ដែលអាចធ្វើទៅបាន (ពុទ្ធស័ករាជក្នុងរឿងនេះរាប់បែបភូមា បើរាប់បែបថៃឲ្យយកចេញមួយឆ្នាំគ្រប់កន្លែង)។
ប្រភពៈ វិគីភីឌា
ដោយ៥០០០ឆ្នាំ
images/articles/3523/2026-07-30_10_33_02-_New_Text_Document_x_-_Notepad.jpg
Public date : 06, Aug 2026 (188 Read)
បុគ្គលិកលក្ខណៈដែលរារាំងការវិវឌ្ឍ និងការរីកចម្រើនរបស់បុគ្គលម្នាក់ៗ និងសង្គមទាំងមូល
១. ភាពលោភលន់ និងអត្មានិយម
ចង់បានហួសប្រមាណ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនចេះចែករំលែក និងមិនគិតពីប្រយោជន៍រួម។
២. ភាពខឹង ការស្អប់ ការចងគំនុំ និងការមិនចេះអភ័យទោស
ងាយខឹង រក្សាកំហឹង បង្កជម្លោះ និងបំផ្លាញសន្តិភាពទាំងក្នុងខ្លួន និងក្នុងសង្គម។
៣. ភាពច្រណែន និងការប្រកួតប្រជែងដោយមានការគាបសង្កត់
មិនរីករាយនៅពេលឃើញអ្នកដទៃជោគជ័យ ចង់ទាញអ្នកដទៃឱ្យធ្លាក់ចុះ ជាជាងខិតខំអភិវឌ្ឍខ្លួនឯង។
៤. ភាពក្រអឺតក្រទម និងការអួតអាង
គិតថាខ្លួនតែងតែត្រឹមត្រូវ មិនទទួលយកការរិះគន់ មិនហ៊ានទទួលស្គាល់កំហុស និងមិនចង់កែប្រែខ្លួន។
៥. ភាពខ្ជិល ការរកលេស និងការគេចវេះពីទំនួលខុសត្រូវ
នៅពេលបរាជ័យ តែងតែបន្ទោសអ្នកដទៃ។ នៅពេលជោគជ័យ បែរជាចង់ទទួលកិត្តិយសសម្រាប់ខ្លួនឯង។
៦. ខ្វះវិន័យ ការអត់ធ្មត់ និងការតស៊ូ
ធ្វើអ្វីតាមអារម្មណ៍ ងាយបោះបង់ មិនអាចតស៊ូរហូតដល់សម្រេចគោលដៅ។
៧. ការបោកប្រាស់ ការកេងបន្លំ និងភាពមិនស្មោះត្រង់
ប្រើល្បិចកល កុហក ឬកេងចំណេញលើអ្នកដទៃ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សបែបនេះបំផ្លាញទំនុកចិត្ត ដែលជាមូលដ្ឋាននៃសង្គមរឹងមាំ។
៨. ការនិយាយដើម ការញុះញង់ និងការបំបែកបំបាក់
ផ្សព្វផ្សាយពាក្យចចាមអារ៉ាម បង្កការយល់ច្រឡំ ធ្វើឱ្យមនុស្សបែកបាក់ និងបំផ្លាញសាមគ្គីភាពក្នុងគ្រួសារ សហគមន៍ និងសង្គម។
៩. ខ្វះបញ្ញា និងការពិចារណា
មិនចេះរៀនពីកំហុស មិនទទួលយកការពិត ងាយជឿ ងាយធ្វើតាមអារម្មណ៍ និងមិនហ៊ានផ្លាស់ប្តូរខ្លួនឯង។
បុគ្គលដែលមានបុគ្គលិកលក្ខណៈទាំងនេះ មិនត្រឹមតែរារាំងការរីកចម្រើនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងការអភិវឌ្ឍរបស់គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។ ប្រសិនបើនៅក្នុងភូមិមួយមានមនុស្សប្រភេទនេះច្រើន ភូមិនោះនឹងពិបាករីកចម្រើន។ ពីព្រោះការរីកចម្រើនពិតប្រាកដ មិនកើតឡើងដោយសារធនធានធម្មជាតិ ឬបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែកើតចេញពីគុណភាពនៃចិត្ត សីលធម៌ ទំនួលខុសត្រូវ និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋ។
ដូច្នេះ សូមយើងទាំងអស់គ្នាចាប់ផ្តើមផ្លាស់ប្តូរពីខ្លួនឯង។ កុំរង់ចាំឱ្យអ្នកដទៃផ្លាស់ប្តូរមុន។ នៅពេលមនុស្សម្នាក់ៗកែប្រែចិត្ត និងអាកប្បកិរិយារបស់ខ្លួន គ្រួសារនឹងរឹងមាំ សហគមន៍នឹងមានសាមគ្គីភាព ហើយប្រទេសជាតិនឹងរីកចម្រើនដោយសន្តិភាព និងវិបុលភាព។ អនាគតដ៏ល្អប្រសើររបស់ប្រទេសជាតិ មិនស្ថិតនៅក្នុងដៃអ្នកដទៃទេ ប៉ុន្តែស្ថិតនៅក្នុងចិត្ត និងការប្រព្រឹត្តរបស់យើងគ្រប់ៗគ្នា។
ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa
ដោយ៥០០០ឆ្នាំ
images/articles/3524/2026-07-31_12_28_18-_New_Text_Document_____Notepad.jpg
Public date : 31, Jul 2026 (286 Read)
ព្រះពុទ្ធសាសនាចាប់កំណើតឡើងនៅលើទឹកដីកម្ពុជា តាំងពីសតវត្សទី៥ មកម្ល៉េះ ដោយមានប្រភពខ្លះបង្ហាញថា នៅសតវត្សទី៣នៃគ្រឹស្តសករាជ និងឯកសារខ្លះទៀតបង្ហាញថា ព្រះពុទ្ធសាសនាថេរវាទត្រូវបាននាំចូលមកលើទឹកដីកម្ពុជា ក្នុងរាជព្រះបាទអសោក ដែលបានបញ្ជូនសមណទូត២អង្គព្រះនាម សោណត្ថេរ និងឧត្តរត្ថេរ មកកាន់ទឹកដីសុវណ្ណភូមិ តាំងពីសតវត្សទី៣ មុនគ្រឹស្តសករាជ។ ហើយព្រះពុទ្ធសាសនាបានបន្តរីកចម្រើនបន្តិចម្តងៗ ជាមួយនឹងព្រហ្មញ្ញសាសនា ដូចមានសិលាចារឹកមួយ នៅលើទឹកដីវៀតណាមសព្វថ្ងៃ គឺសិលាចារឹកវ៉ូកាញ់ ខេត្តញ៉ាត្រាង ចុះកាលបរិច្ឆេទនាសតវត្សទី៣ ដែលបាននិយាយពីព្រះមហាក្សត្រ គឺព្រះបាទស្រីមារ ទាក់ទងទៅនឹងពុទ្ធសាសនានេះផងដែរ។ ក្រៅពីការចូលមកកាន់ទឹកដីខ្មែរ តាមរយៈអ្នកផ្សព្វផ្សាយទាំងនោះ ពុទ្ធសាសនាក៏ត្រូវបានមកតាមរយៈពួកអ្នកជំនួញឥណ្ឌាផងដែរ។ ហើយ ចាប់ពីសតវត្សទី១៣រៀងមក លើកលែងតែនៅសម័យដែលខ្មែរក្រហមគ្រប់គ្រងអំណាច ព្រះពុទ្ធសាសនាបានក្លាយទៅជាសាសនារបស់រដ្ឋ ដែលមានពុទ្ធសាសនិកជាខ្មែរប្រមាណជិត ៩៥ភាគរយ នៃប្រជាជនសរុប។
ពុទ្ធសាសនានៅសម័យហ្វូណន៖ អាណាចក្រហ្វូណនពីសតវត្សទី២ មុនគ្រឹស្តសករាជ រហូតដល់សតវត្សទី៦នៃគ្រឹស្តសករាជ បានកាន់នូវលទ្ធិហិណ្ឌូ ដោយមានព្រះមហាក្សត្រជាអ្នកដឹកនាំ និងមានជំនឿលើព្រះសិវ និងព្រះវិស្ណុ។ ទោះជាយ៉ាងនេះក្ដីព្រះពុទ្ធសាសនា ក៏មានវត្តមានរួចជាស្រេចហើយ នៅលើទឹកដីនៃអាណាចក្រនេះ ដែលជាសាសនាទី២ បន្ទាប់ពី ព្រាហ្មណ៍សាសនា។ ព្រះពុទ្ធសាសនាមានភាពរីកចម្រើនរុងរឿង នៅកំឡុងសតវត្ស ទី៥-៦នៃគ្រឹស្តសករាជ ក្នុងរជ្ជកាល ព្រះបាទកៅឌិណ្ឌន្យវរ្ម័ន ព្រោះមានការបញ្ជូនព្រះសង្ឃខ្មែរ និងជាតិឥណ្ឌា ទៅកាន់ប្រទេសចិន ដើម្បីយកឯកសារ និងពុទ្ធរូប ទៅថ្វាយដល់ស្ដេចក្រុងចិន ហើយព្រមទាំងបានជួយបកប្រែគម្ពីរពីសំស្ក្រឹតទៅភាសាចិនទៀតផង។ ព្រះសង្ឃនាម សង្ឃបាល បានគង់នៅ ស្រុកចិន ១៦ឆ្នាំ ព្រមទាំងបានទទួលងារជា ព្រះរាជគ្រូរបស់ចិនទៀតផង នេះក៏ព្រោះតែចំណេះដឹងផ្នែកសាសនារបស់ព្រះអង្គ។
ពុទ្ធសាសនាសម័យចេនឡា៖ នៅសម័យហ្វូណន ព្រះពុទ្ធសាសនានៅរុងរឿងគួរសមនៅឡើយ។ លុះដល់ចុងសតវត្សទី៧ តាមសង្ឃដីការបស់ព្រះសង្ឃចិនមួយអង្គ ព្រះនាមយ៉ីសិង ដែលបាននិមន្តត្រឡប់ពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសចិន កាត់តាមរាជាណាចក្រចេនឡា ឱ្យដឹងថា ពីដើមឡើយព្រះធម៌មានភាពរុងរឿងណាស់ ហើយបានផ្សព្វផ្សាយគ្រប់ទិសទី តែឥឡូវនេះស្ដេចកំណាច មួយអង្គបាន បំផ្លិចបំផ្លាញ ចោលអស់ ហើយព្រះសង្ឃរកតែមួយអង្គនិមន្តមិនបានផង (ត្រឹងងា ប្រវត្តិសាស្ត្រខ្មែរភាគ១ភាគ២,១៩៧៣)។ តាមរយៈនេះឃើញថាព្រះពុទ្ធសាសនាត្រូវបានសាបរលាបនូវឥទ្ធិពលរបស់ខ្លួននៅក្នុងសតវត្សនេះ ប៉ុន្តែមិនមែនមានន័យថាបាត់បង់ទាំងស្រុងនោះទេ ផ្ទុយទៅវិញនៅសតវត្សក្រោយមកពុទ្ធសាសនាមហាយាន បានចាប់ផ្ដើមផ្សាយឥទ្ធិពល របស់ខ្លួន និងមានប្រជាពលរដ្ឋបានគោរពខ្លះៗហើយ។ នៅសម័យនេះមានសិលាចារិកតែមួយគត់ដែលនិយាយពី ព្រះភិក្ខុពុទ្ធសាសនាចំនួនពីរអង្គ។
ពុទ្ធសាសនាសម័យអង្គរ៖ បន្ទាប់ពីការទ្រុឌទ្រោមនៃលទ្ធិពុទ្ធសាសនាហីនយាន នៅសម័យចេនឡានា កំឡុងសតវត្សទី៧ មកពុទ្ធសាសនាមហាយានបានចាប់ផ្តើមកកើតឡើង រហូតដល់សម័យអង្គរ។ នៅក្នុងសតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ មានការប្រារព្វធ្វើពិធីទេវរាជនៅលើភ្នំគូលែន ដែលអាចបង្ហាញថាព្រះរាជាអង្គនេះមានជំនឿយ៉ាងមុតមាំចំពោះព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលខ្លាំងក្លានៅសម័យនោះ និងមានការគោរពរាប់អានខ្លាំងពីប្រជារាស្ត្រខ្មែរ។ តែទោះជាយ៉ាងណាក្ដីក៏ពុទ្ធសាសនាមហាយានបានបន្តវត្តមានរបស់ខ្លួនដដែលនៅលើទឹកដីខ្មែរលាយឡំជាមួយនឹងលទ្ធិព្រាហ្មផងដែរ។ តាមរយៈឯកសារខ្លះបានបង្ហាញថាពុទ្ធសាសនាបានរីកចម្រើន និងមានការទទួលស្គាល់បន្តិចម្ដងៗ ពីប្រជារាស្ត្រ និងព្រះមហាក្សត្រខ្មែរបន្តបន្ទាប់មក។ នៅសតវត្សទី៩ ក្នុងរាជព្រះបាទយសោវរ្ម័នទី១ មានការសាងសង់បារាយណ៍ខាងកើតឈ្មោះ យសោធរតដាក ដោយនៅភាគខាងកើតលើច្រាំងនៃបារាយណ៍នេះមានការសាងសង់បន្ថែមនូវអាស្រម សម្រាប់គណៈសាសនា នៅសម័យនោះដូចជា៖
- ព្រាហ្មណាស្រម សម្រាប់អ្នកកាន់និកាយព្រះឥសូរ
-វៃស្នវាស្រម សម្រាប់អ្នកកាន់និកាយព្រះវិស្ណុ
-សៅគតាស្រម សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ
តាមរយៈនេះឃើញថានៅសម័យនោះពុំមានការហាមឃាត់ មិនឱ្យគោរពព្រះពុទ្ធសាសនានោះទេ ទោះបីព្រាហ្មណ៍សាសនាមានការរីកចម្រើនខ្លាំងក៏ដោយ។ ហើយព្រះមហាក្សត្រមានការបើកចំហចំពោះប្រជាពលរដ្ឋឱ្យមានសិទ្ធិក្នុងការគោរពសាសនានោះដែរ។
តាមប្រវត្តិសាស្ត្ររបស់ខ្មែរយើងសម័យអង្គរបានបង្ហាញទៀតថា នាសម័យអង្គរ ព្រះពុទ្ធសាសនាមហាយានបានចាប់ផ្ដើមរុងរឿងនៅក្នុងរាជ្យរបស់ក្សត្រមួយចំនួន។
រាជព្រះបាទសូរ្យវរ្ម័នទី១ ៖ព្រះបាទសូរ្យវរ្ម័នទី១ ជាបឋមក្សត្រខ្មែរទី១ នៃសម័យអង្គរ ដែលបានលើកតម្កើងព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរុងរឿង។ ទ្រង់គ្រងរាជសម្បត្តិនៅកំឡុងឆ្នាំ (១០០២-១០៥០) ជាពុទ្ធសាសនិកដ៏ឆ្នើមដែលបានគាំទ្រ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលរាប់អានចំពោះព្រះពុទ្ធសាសនា លើសពីនេះពុទ្ធសាសនាថេរវាទត្រូវបានព្រះអង្គធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែរុងរឿង ហើយបានតម្កើងសាសនានេះជាសាសនារបស់រដ្ឋ។ ទោះជាព្រះអង្គជាពុទ្ធសាសនិកក៏ដោយចុះ ព្រះអង្គក៏តែងមេត្តាដល់សាសនាព្រាហ្មណ៍ផងដែរ ដោយនៅសម័យនោះអ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាព្រាហ្មណ៍បានរស់នៅជាមួយគ្នាដោយសុខសាន្ត។ តាមសិលាចារិកបានបង្ហាញអំពីទឹកចិត្តរបស់ព្រះអង្គ គោរពស្រឡាញ់ចំពោះពុទ្ធសាសនាទាំងពីរនិកាយ គឺហិនយាន និងមហាយាន ដោយ ព្រះអង្គបានប្ដូរតួនាទីរបស់គ្រួសារព្រាហ្មណ៍សិវកៃវល្យដែលមាន នាទីរៀបចំពិធីសម្រាប់ព្រះមហាក្សត្រតាមបវេណីព្រាហ្មណ៍នោះ ឱ្យទៅជាបុព្វជិតកំពូល របស់ព្រះអង្គវិញ។ ភស្ដុតាងមួយទៀតដែលបង្ហាញឱ្យកាន់តែច្បាស់ថាព្រះអង្គជាពុទ្ធសាសនិកនោះ គឺព្រះអង្គមានមរណៈនាមថា នវ៌ាបទ។
រាជ្យព្រះបាទជ័យវរ្ម័នទី៧ព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុតរបស់ខ្មែរនាសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧ដែលជាស្ថាបនិកទី៣នៃទីក្រុងអង្គរ សំណង់ប្រាសាទជាច្រើនត្រូវបានសាងសង់នៅក្នុងរាជក្សត្រអង្គនេះ ដែលសំណង់ប្រាសាទទាំងនោះជាប្រភេទសំណង់ បែបពុទ្ធសាសនា និងខ្លះទៀតបង្ហាញពីការបញ្ជូលគ្នា ទាំងពុទ្ធលក្ខណ និងព្រាហ្មណ៍លក្ខណ។ ទ្រង់គ្រងរាជ្យសម្បត្តិក្នុងឆ្នាំ (១១៨១-១២១៥) ដែលអ្នកប្រវត្តិវិទូបានចាត់ទុកថាជាសម័យកាលមួយដែលកម្ពុជារុងរឿងជាទីបំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ក្រៅពីការរីកចម្រើនរុងរឿងក្នុងផ្នែកសង្គម នយោបាយ ហើយវិស័យសាសនាក៏រីកចម្រើនព្រមជាមួយនោះផងដែរ។ ព្រះអង្គបានលើកស្ទួយព្រះពុទ្ធសាសនាមហាយាន ឱ្យបានថ្កុំថ្កើងតែទោះជាយ៉ាងនេះក្ដីព្រះអង្គក៏មិនដែលបំភ្លេចចោលព្រហ្មញ្ញសាសនានោះដែរ។ ព្រះអង្គបានបង្រួមសាសនាទាំងពីរចូលគ្នាតែមួយ ក្នុងបំណងដើម្បីលើកស្ទួយដល់ពុទ្ធសាសនាមហាយាន ដែលព្រះអង្គបានគោរព ជាសាសនារបស់រដ្ឋ និងដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលនៅជាប់ដិតដាមជាមួយព្រហ្មញ្ញសាសនាមានការអាក់អន់ចិត្តផងដែរ។ ភាពវៃឆ្លាតនេះបានធ្វើឱ្យមានការឯកភាពគ្នាក្នុងការរស់នៅ របស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់ទ្រង់ និងធ្វើឱ្យមានស្ថេរភាពនយោបាយក្នុងស្រុកផងដែរ។ លទ្ធិទេវរាជត្រូវបានប្រែក្លាយ ទៅជាពុទ្ធិរាជវិញ មានភស្ដុតាង ដែលបង្ហាញថាពុទ្ធសាសនាមហាយានមានការរីកចម្រើនខ្លាំងនៅក្នុងសម័យនេះដូចជាសំណង់ប្រាសាទបែបពុទ្ធសាសនាជាច្រើនពាសពេញផ្ទៃប្រទេសដូចជា (ប្រាសាទតាព្រហ្មប្រាសាទព្រះខ័ន)ជាដើម ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ។ នៅសម័យឆ្នាំ១១៨០ព្រះសង្ឃខ្មែរមួយរូបជាបុត្រ របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមតាមលិន្ទ បានទៅសិក្សាភាសាបាលី និងចំណេះដឹងផ្នែកព្រះពុទ្ធសាសនា នៅកោះសេរីលង្កាហើយបាននាំចូលចំណេះដឹងទាំងនេះ មកវិញនៅកំឡុងឆ្នាំ១១។ ព្រះអង្គទទួលមរណៈនាមថាមហាបរមសៅគត។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ផ្ទាល់ជាពុទ្ធសាសនិក មហាយានដែលជាភស្ដុតាងបញ្ជាក់កាន់តែច្បាស់ថាពុទ្ធសាសនាថេរវាទបានរីកចម្រើនរុងរឿងខ្លាំងនៅសម័យនោះ។ បេសកកម្មរបស់ពួកចិននៅសម័យនោះមកកាន់ក្រុងអង្គរ ដែលដឹកនាំដោយ Chou Ta-Laun នៅឆ្នាំ១២៩៦-១២៩៧ បានកត់សម្គាល់ឃើញមានព្រះសង្ឃពុទ្ធសាសនាថេរវាទ នៅលើទឹកដីនេះ។
ពុទ្ធសាសនានៅសម័យចុងអង្គរ ៖គេបានដឹងមកហើយដែរថា ព្រះពុទ្ធសាសនា ថេរវាទនេះរីកចម្រើនតាំងពី រាជព្រះបាទជ័យវរ្ម័នទី៧មកម្លេះដោយទ្រង់ បានបញ្ជូនបុត្ររបស់ទ្រង់ព្រះនាមតាមលិន្ទទៅបួសជាព្រះសង្ឃ និងសិក្សាចំណេះដឹងពីពុទ្ធសាសនាជាភាសាបាលីនៅកោះស្រីលង្កា។ ព្រះអង្គម្ចាស់តាមលិន្ទបានត្រឡប់មកកម្ពុជាវិញ ហើយបានផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋខ្មែរតាមជំនឿ និងបែបបទព្រះពុទ្ធសាសនាដែលទ្រង់បានរៀនសូត្រ។ ទ្រង់បានក្លាយទៅជាព្រះសង្ឃជាន់ខ្ពស់នៅសម័យនោះដោយការចេះដឹងរបស់ព្រះអង្គ។
នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៨ព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញ រូបចម្លាក់បែបពុទ្ធសាសនាត្រូវបានកោសលុប និងបំផ្លាញចោល ឬប្ដូរទៅជារូបបែបព្រាហ្មណ៍វិញ។ គេឃើញមានការវាយកម្ទេចព្រះពុទ្ធរូបចោល។ សម័យនេះពួកព្រាហ្មណ៍ទាំងអស់ត្រូវបានសណ្តោសឡើងវិញ និងផ្ដល់សិទ្ធក្នុងការពង្រឹងសាសនានេះឡើងវិញផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនាត្រូវបានប្រជាពលរដ្ឋខ្មែរនិយមកាន់តែច្រើនណាស់ទៅហើយ។ បើទោះបីជាមានប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនានេះច្រើនណាស់ទៅហើយយ៉ាងណាក្ដី ក៏បដិវត្តន៍សាសនាពីព្រាហ្មណ៍ ទៅព្រះពុទ្ធនោះមិនអាចធ្វើទៅរួចនោះដែរ។ ដូចនេះសាសនានេះបានពួន សម្ងំនៅក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែររហូតដល់រជ្ជកាលព្រះបាទ ត្រសក់ផ្អែមទើបមានការលើកស្ទួយព្រះពុទ្ធសាសនាឱ្យរីកចម្រើនឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។
ពុទ្ធសាសនាសម័យកណ្ដាល៖ ក្រោយសតវត្សទី១៣មក ព្រះពុទ្ធសាសនាត្រូវបានលើកតម្កើងជាសាសនារបស់រដ្ឋ។ ព្រះរាជាខ្មែរ និងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និយមព្រះពុទ្ធសាសនានេះខ្លាំងណាស់ និងមានជំនឿយ៉ាងមុតមាំ ដែលគេចាត់ទុកជាទីពឹងទីនឹករឮក បើទោះបីជាប្រជាពលរដ្ឋខ្មែរមិនទាន់បោះបង់ចោលជំនឿលើព្រលឹង អារក្ខ អ្នកតាក៏ដោយ។ ប៉ុន្តែចំពោះព្រាហ្មណ៍សាសនា ពុំមានប្រជាពលរដ្ឋខ្មែរគោរពរាប់អានទៀតនោះឡើយ។ ទោះជាយ៉ាងនេះក្ដីក៏ទំនៀមទម្លាប់បែបព្រាហ្មណ៍នៅតែដិតដាមក្នុងប្រពៃណីរបស់របស់ជនជាតិខ្មែររហូតដល់សព្វថ្ងៃ។ ឯក្នុងព្រះបរមរាជវាំងវិញគេនៅឃើញមានពួកព្រាហ្មណ៍បាគូនៅមានសេសសល់ ក្នុងភារកិច្ចជាអ្នករៀបចំពិធីផ្សេងៗនិងថែរក្សាទ្រព្យសម្បត្តិសម្រាប់រាជ្យ។
ក្នុងសម័យនោះចំនួនវត្តអារាមបានកើនឡើងជាលំដាប់។ ព្រះមហាថេរដែលមានតួនាទីមើលការខុសត្រូវលើការរៀបចំខាងសាសនា និងលើវត្តអារាមនៅក្នុងខេត្តនីមួយៗ លែងមានលទ្ធភាពបន្តការគ្រប់គ្រងនោះតទៅទៀតហើយ។ ដោយហេតុនោះសម្ដេចសង្ឃរាជ ដោយមានការព្រមព្រៀងជាមួយរាជាគណៈឋានានុក្រម និងសហការីទាំងអស់ ទ្រង់បានស្នើទៅព្រះរាជា សូមឱ្យមានការកែប្រែដែលមានបែងចែកដូចតទៅ៖
ព្រះមហាថេរមួយអង្គៗពីមុនឥឡូវត្រូវតែងតាំងជាមេគណៈ ទទួលខុសត្រូវលើគណៈសង្ឃក្នុងខេត្តនីមួយៗ។ ចំណែកឯព្រះរាជាគណៈទាំង៤សម្រាប់ និងសម្ដេចព្រះសង្ឃរាជជាអ្នកត្រួតពិនិត្យ និងសម្រេចកិច្ចការសាសនាទាំងពួង ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ រាជាគណៈ ឬមន្ត្រីសង្ឃទាំង៤សម្រាប់ ត្រូវបែងចែកជា ឯក ទោ ត្រី ចត្វា ដូចមន្ត្រីជាន់ខ្ពស់ខាងអាណាចក្រដែរ។
- សម្រាប់ឯកជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ
-សម្រាប់ទោជារាជាគណៈរបស់ក្សត្រិយ៍ឧភយោរាជ
-សម្រាប់ត្រីជារាជាគណៈរបស់សម្ដេចព្រះមហាឧបរាជ
-សម្រាប់ចត្វាជារាជាគណៈរបស់សម្ដេចព្រះវររាជជននី (សៀវភៅលោកត្រឹងងារប្រវត្តិសាស្ត្រខ្មែរភាគ២)
ព្រះពុទ្ធសាសនាក៏ដើរតួយ៉ាងសំខាន់ផងដែរ ក្នុងវិស័យអក្សរសាស្ត្រ និងការតាក់តែងនិពន្ធ។ ហេតុនេះហើយទើបឃើញកើតមានជា អត្ថបទគម្ពីរ បិតក ជាតកច្រើនកើតឡើងហូរហែ។ មិនតែប៉ុណ្ណោះអត្ថបទបែបព្រះពុទ្ធសាសនាពោលគឺទស្សនៈពុទ្ធនិយមត្រូវបានអ្នកនិពន្ធខ្មែរយកមកធ្វើជាវិធីសាស្ត្រ ក្នុងការតាក់តែងអត្ថបទរបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើង នៅក្រោយពេលដែលទីក្រុងអង្គរត្រូវបានព្រះរាជាខ្មែរបោះបង់ចោល ហើយប្រទេសធ្លាក់ចូលទៅក្នុងកលិយុគ ចម្បាំងកើតមានញឹកញាប់។
ការលើកយកទស្សនៈបុណ្យបាបរបស់ពុទ្ធសាសនា មកតាក់តែងជាស្នាដៃអក្សរសិល្បិ៍នេះ ត្រូវបានអ្នកសិក្សាខ្លះវិភាគថាជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាការលួងលោម កុំឱ្យពួកគាត់ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដោយចាត់ទុកហេតុការណ៍ ឬទុក្ខលំបាកវេទនាដែលខ្លួនជួបប្រទះ នេះជាកម្មពៀររបស់ខ្លួនដែលបានសាងមកពីអតីតជាតិ។ ព្រះសង្ឃក្នុងពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា អក្សរសិល្បិ៍ អក្សរសាស្ដ្រជាតិ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរឱ្យនៅគង់វង្ស។
ចំពោះវិស័យសង្គមកិច្ចវិញ ព្រះសង្ឃជាគ្រូពេទ្រ ជាអ្នកកាត់ក្ដី ជាអ្នកមើលការខុសត្រូវដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ទីធ្លាវត្តអារាម បានក្លាយទៅជាទីសម្រាប់ជនទុរគតសម្រាក និងព្យាបាលជំងឺ ការសណ្តោសរបស់ព្រះសង្ឃពុទ្ធសាសនា ការចូលរួមចំណែកច្រើនក្នុងវិស័យសង្គមជាតិនោះ បានធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែទទួលបានការរាប់អានពីប្រជាពលរដ្ឋខ្មែរ។
ពុទ្ធសាសនាសម័យអាណានិគមបារាំង៖ សម័យអាណានិគមនិយមបារាំងគិតចាប់ពី ឆ្នាំ១៨៦៣ នៅពេលដែលព្រះនរោត្តមទ្រង់បានចុះសន្ធិសញ្ញាជាមួយបារាំង ថ្ងៃ១១ ខែសីហា ឆ្នាំ១៩៦៣ នេះតែម្ដង ក្នុងបំណងយកបារាំង ជាខែលការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង មានយួន សៀមជាដើម។
ក្នុងកំឡុងសតវត្សទី ១៧, ១៨, ១៩ ប្រទេសសៀមបានមានឥទ្ធិពលយ៉ាងខ្លាំងមកលើនយោបាយក្នុងស្រុករបស់ខ្មែរ ដែលជាហេតុធ្វើឱ្យឥទ្ធិពលនៃប្រពៃណីសាសនាក៏លាយឡំជាមួយគ្នានោះផងដែរ។ ដូចជានៅក្នុងឆ្នាំ១៨៥៥ ព្រះបាទនរោត្តមបាននិមន្តព្រះសង្ឃធម្មយុត្តិកនិកាយពីប្រទេសសៀមចូលមក្នុងស្រុកខ្មែរ ដើម្បីបង្កើតនិកាយនេះនៅក្នុងស្រុកខ្មែរផងដែរ។ សម្ដេចប៉ានទ្រង់ជាព្រះសង្ឃខ្មែរក៏ប៉ុន្តែទ្រង់បានទៅសិក្សាប្រទេសសៀមហើយត្រូវបានតែងតាំងជាព្រះសង្ឃធម្មយុត្តិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គង់នៅក្នុងវត្តបទុមវត្តីក្រុងភ្នំពេញ។ ហើយប្រពៃណីនេះបានបន្តជាប់គ្រប់រាជការព្រះមហាក្សត្រខ្មែររហូតដល់សព្វថ្ងៃ។
ក្នុងសម័យអាណានិគមនេះ ក៏មិនខុសពីសម័យកណ្ដាលប៉ុន្មានដែរ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ ទាំងវិស័យសង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និងជាឃ្លាំងអភិរក្សអក្សរសាស្ដ្រជាតិខ្មែរ ព្រមទាំងវប្បធម៍ប្រពៃណីរបស់ខ្មែរយើងផងដែរ។ ក្រោមការជិះជាន់របស់បារាំងមកលើប្រជាពលរដ្ឋខ្មែរនិងពុទ្ធសាសនា បានធ្វើឱ្យព្រះសង្ឃខ្មែរងើបឡើងតស៊ូបះបោរប្រឆាំងជាមួយបារាំង ប៉ុន្តែត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ រហូតដល់មានការចាប់ខ្លួនធ្វើទោសទណ្ឌទៀតផង។ តែទោះបីជាយ៉ាងណាក៏ដោយក៏ ពុទ្ធសាសនានៅតែពង្រឹងខ្លួនជានិច្ចពុំមានការចុះញ៉មជាមួយពួកបារាំងនោះឡើយ ដែលនៅឆ្នាំ១៩១៤គេឃើញមានការសាងសង់សាលាភាសាបាលីជាន់ខ្ពស់មួយនៅភ្នំពេញ និងក្រោយមកកែប្រែទៅជាមហាវិទ្យាល័យ។ ការសិក្សាអប់រំចំពោះព្រះសង្ឃ មិនត្រឹមតែចំណេះដឹងខាងភាសាបាលីប៉ុណ្ណោះទេ ក៏ប៉ុន្តែមូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅ តាមបែបទំនើបក៏ត្រូវយកមកសិក្សារៀនសូត្រនៅឯសាលារៀនផងដែរ។ សាលាបាលីជាន់ទាប ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៣៣ ដើម្បីផ្ដល់លទ្ធភាពឱ្យព្រះសង្ឃ ដែលទើបបួសថ្មីអាចសិក្សាពីភាសាបាលីនេះពីកម្រិតដំបូងបាន។
ពុទ្ធសាសនាសម័យខ្មែរក្រហម៖ កំឡុងឆ្នាំ១៩៧៥ នៅពេលដែលពួកខ្មែរក្រហមបានដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញជាស្ថាពរ ពួកគេបានបំបាត់ចោលទាំងអស់នូវជំនឿសាសនាផ្សេងៗ មិនឱ្យមានការគោរពប្រតិបត្តិអ្វីទាំងអស់ សូម្បីតែព្រះសង្ឃជាទីសក្ការៈត្រូវបានពួកនោះចាប់ផ្សឹកទាំងអស់។ ទីអារាមបានក្លាយទៅជាឃ្លាំងផ្ទុកនូវសម្ភារ សព្វាវុធ និងជាឃ្លាំងស្រូវឬត្រូវបំផ្លាញចោល។ តាមការប៉ាន់ស្មាននៅមុនរបបខ្មែរក្រហមព្រះសង្ឃខ្មែរមានចំនូនសរុបចន្លោះពី ៦៥០០០អង្គ ទៅ៨០០០០អង្គ។ ប៉ុន្តែក្រោយពេលដែលខ្មែរក្រហមបានត្រូវបានកម្ចាត់ នៅកំឡុងឆ្នាំ១៩៨០ ព្រះសង្ឃត្រូវបានគេប្រមូលផ្តុំឡើងវិញសល់មិនដល់ ៣០០០អង្គ ផង។
ពុទ្ធសាសនាសម័យក្រោយរបបប៉ុលពត៖ ក្រោយជ័យជំនះលើកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៩ ជំនឿសាសនាត្រូវបានបើកចំហឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ព្រះពុទ្ធសាសនា ក៏ត្រូវបានលើកតម្កើងសារជាថ្មីផងដែរ ដោយរដ្ឋាភិបាលបាននិមន្តព្រះសង្ឃខ្មែរ ដែលបានភៀសខ្លួនទៅប្រទេសវៀតណាម កាលពីកំឡុងសម័យខ្មែរក្រហមនោះ ចូលមកក្នុងប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំព្រះពុទ្ធសាសនាឡើងវិញ។ នៅឆ្នាំ១៩៨១ព្រះសង្ឃខ្មែរមួយអង្គត្រូវបានតែងតាំងជាព្រះសង្ឃទី១នៃកម្ពុជាគណៈមហានិកាយ ទ្រង់ព្រះនាមទេពវង្ស។ បច្ចុប្បន្ននេះព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំប្រទេស ពុទ្ធសាសនាបានក្លាយជាអ្នកអប់រំ ដល់ពលរដ្ឋខ្មែរទូទៅ ពុទ្ធសាសនាក៏បានជួយសង្គមខ្មែរក្នុងវិស័យផ្សេងៗផងដែរ។ ព្រះសង្ឃមានរាប់សែនអង្គនៅទូទាំងប្រទេស ដែលទន្ទឹមនឹងនោះវត្តអារាមក៏ត្រូវបានកសាងឡើងជាបន្តបន្ទាប់ពាសពេញប្រទេសផងដែរ។ នៅឆ្នាំ១៩៩១ក្រោយពីធ្វើមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញព្រះបាទនរោត្តមសីហនុបានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ដឹកនាំពុទ្ធសាសនាដោយមានទាំង ធម្មយុត្តិកនិកាយ និងមហានិកាយ។ ទន្ទឹមនឹងការចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា នៅឆ្នាំ១៩៩១ ការប្រកាន់ជំនឿសាសនាដទៃទៀត ក៏ត្រូវបានគាំទ្រពីរដ្ឋាភិបាលផងដែរ។
ប្រភពចម្លង៖គេហទំព័រខេមររតនារាម
ដោយ៥០០០ឆ្នាំ
images/articles/3521/2026-07-29_12_37_54-_New_Text____otepad.jpg
Public date : 31, Jul 2026 (289 Read)
ក្នុងឆ្នាំ៦២៣មុនគ្រឹស្តសករាជ មានព្រះរាជបុត្រមួយព្រះអង្គព្រះនាម សិទ្ធត្ថ បានប្រសូត្រ ឡើងក្នុងរាជត្រកូល នានគរកបិលវត្ថុ (នេប៉ាល់) ភាគខាងជើងប្រទេសឥណ្ឌា ដែលមានព្រះរាជបិតា ព្រះនាម សុទ្ធោទនៈ និងព្រះមាតានាម សិរិមហាមាយា ។ ព្រះអង្គធំធាត់នៅ លើគំនរទ្រព្យ និង លោកិយសុខ តែជាចុងក្រោយ ព្រះអង្គឈ្វេងយល់ថា សុវត្ថិភាព និងសុខភាពផ្លូវលោក មិនអាច ធានាដល់សេចក្តីសុខពិតប្រាកដឡើយ ។ លុះព្រះជន្ម ២៩ព្រះវស្សា ព្រះអង្គបានចេញចាកព្រះរាជ មហេសី និងព្រះរាជបុត្រ ហើយតាំងទីសេនាសនៈចំពោះបាទាគ្រូបង្រៀនសាសនាល្បីៗ នៅសម័យ នោះដើម្បីរៀនសូត្រពីពួកគេ ។ គ្រូទាំងអស់នោះបង្រៀនស្ទើរតែអស់នូវចំណេះវិជ្ជា ប៉ុន្តែព្រះអង្គមិន ចេះវិជ្ជាណាមួយដែលជាហេតុនៃសេចក្តីទុក្ខ ហើយនិងវិធីដើម្បីយកជំនះលើសេចក្តីទុក្ខនោះឡើយ ។ ជាចុងក្រោយបន្ទាប់ ពីចំនាយពេលរៀនសូត្រ ៦ព្រះវស្សា មានតែសមាធិទេដែលព្រះអង្គបាន ពិសោធន៍ ជាមាគ៌ាទំលាយនូវអវិជ្ជា ហើយព្រះអង្គបានយល់ពីហេតុនៃសេចក្តីទុក្ខភ្លាមៗ ។
ពីពេលនោះរហូតមក គេហៅព្រះអង្គថា ព្រះពុទ្ធ មានន័យថា ជាអ្នកត្រាស់ដឹង ។ ព្រះអង្គ ចំនាយពេល ៤៥ឆ្នាំទៀត ដែលព្រះអង្គបានត្រាច់ចរជុំវិញប្រទេសឥណ្ឌាខាងជើង ដើម្បីបង្រៀនអ្នក ដទៃនូវអ្វីដែលបានឃើញ ។ ខន្តិធម៌ និងករុណាធម៌របស់ព្រះអង្គ មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយ ព្រះអង្គមានសាវ័ករាប់ពាន់នាក់ ។ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ទោះបីជរា និងព្យាធិ ក៏ព្រះ អង្គមានសេចក្តីសុខ និងសេចក្តីស្ងប់រហូតព្រះអង្គបានបរិនិព្វាននូវទីបំផុត ។
១. ទ្រង់ចុះចាប់បដិសន្ធិ :ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំរកា មុន ព.ស ៨១វស្សា
២. ទ្រង់ប្រសូត្រ:ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច មុន ព.ស ៨០វស្សា
៣. ទ្រង់រៀបអភិសេក: ថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំឆ្លូវ ព្រះជន្ម ១៦ព្រះវស្សា
៤. ទ្រង់ចេញបួស: ថ្ងៃព្រហស្បតិ៍ ១៥កើត ខែអាសាឍ ឆ្នាំថោះ ព្រះជន្ម ២៩ព្រះវស្សា
៥. ទ្រង់ត្រាស់ដឹង :ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា ព្រះជន្ម ៣៥ព្រះវស្សា
៦. ទ្រង់ដាក់អាយុសង្ខារ :ថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ ព្រះជន្ម ៨០ព្រះវស្សា
៧. ទ្រង់បរិនិព្វាន :ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ព្រះជន្ម ៨០ព្រះវស្សា
៨. ចាប់រាប់ ពុទ្ធសករាជ (ព.ស.): ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ ក្រោយពុទ្ធបរិនិព្វាន ៨ថ្ងៃ
៩. ថ្វាយព្រះភ្លើង : ថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ ក្រោយពុទ្ធបរិនិព្វាន ៨ថ្ងៃ
ប្រភពៈ គេហទំព័រBuddhismforpeace
ដោយ៥០០០ឆ្នាំ
images/articles/3526/2026-07-31_15_50_16-_New_Text_Document_f_-_Notepad.jpg
Public date : 31, Jul 2026 (168 Read)
ដើមឡើយនោះ ប្រជាជនទីបេគោរពខ្មោច ព្រាយ ទេវតា ម្យ៉ាងហៅថា លទ្ធិបនប៉ោ បន្ទាប់មក ព្រះបាទស្រងស័នគ័មប៉ោ (ប្រសូតិ ព.ស. ១១៦០) ព្រះមហាក្ស័ត្រនៃទីបេ បានរៀបអភិសេកជាមួយរាជបុត្រីនៃប្រទេសនេបាល និង រាជបុត្រីនៃប្រទេសចិន ជាអ្នកគោរពព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនា ទើបបានផ្សព្វផ្សាយចូលមកកាន់ប្រទេសទីបេ។ ព្រះបាទស្រងស័នគ័មប៉ោ ទ្រង់បានបញ្ជូនរាជទូតនាម ថនមិស័នភោតៈ ទៅសិក្សាព្រះពុទ្ធសាសនា និង ភាសាផ្សេងៗ នៅប្រទេសឥណ្ឌា និង បានរចនាកែប្រែអក្សរឥណ្ឌា មានសរសេរជាភាសាទីបេ ជាឧបករណ៍ក្នុងការអារាធនាពុទ្ធធម៌ចូលមកកាន់ប្រទេស ដោយការប្រែគម្ពីរព្រះពុទ្ធសាសនាភាសាសំស្រ្កឹតជាភាសាទីបេជាដើម។
ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនានៅក្នុងយុគដំបូងនោះ នៅពុំទាន់បានផ្សាយផ្សាយទំលំទូលាយឡើយ ព្រោះមានប្រឆាំងពីជំនឿ និង លទ្ធិប្រពៃណីដើមរបស់មូលដ្ឋាន ។ ក្នុងកាលតមក រជ្ជកាលព្រះមហាក្ស័ត្រព្រះអង្គទី ៥ រាប់ចាប់ពីព្រះបាទស្រងស័នគ័មប៉ោ នោះ (ព.ស.១២៩៨-១៣៤០) ព្រះអង្គទ្រង់បានអារាធនា ព្រះភិក្ខុ សានត្រ័កក្សិត នៃមហាវិទ្យានាលន្ទា មកផ្សព្វផ្សាយគោលពុទ្ធធម៌ក្នុងប្រទេសទីបេ តែស្របគ្រានោះកើតគ្រោះធម្មជាតិ និង រោគរបាត ប្រជាជនទាំងឡាយទើបសំឡឹងទៅឃើញថា ជាហេតុចម្លែក ព្រោះនាំមកនូវលទ្ធិខុសឆ្គងចូលប្រៀនប្រដៅ រហូតដល់ព្រះអង្គ សានត្រ័ក្សិត ត្រូវនិមន្តត្រឡប់ទៅឥណ្ឌាវិញ មួយគ្រាសិន ប៉ុន្តែព្រះអង្គបានកែប្រែហេតុការណ៍នេះ ដោយណែនាំឲ្យអារាធនា ព្រះភិក្ខុ បទុមសម្ភវៈ ជាអង្គប្រៀនប្រដៅព្រះពុទ្ធសាសនាបែបតន្ត្រៈ ចូលទៅបំពេញភារកិច្ច ដែលត្រូវអធ្យាស្រ័យរបស់ប្រជាជន រហូតដល់ស្ថានការណ៍ស្ងប់រៀបរយ ។ ព្រះអង្គសានត្រ័ក្សិត ទើបនិមន្តត្រឡប់ឥណ្ឌាម្តងទៀត តែនោះក៏បានប្រតិបត្តិ សាសនកិច្ចផ្សព្វផ្សាយពុទ្ធធម៌ដែលពិត និង ប្រែគម្ពីររហូតដល់សុគតិនៅក្នុងប្រទេសទីបេ នោះឯង ។ ចំណែកឯការ ដែលព្រះអង្គបទុមសម្ភវៈនិមន្តចូលទៅគ្រានោះ ក៏បានជាគំរូឲ្យព្រះពុទ្ធសាសនាបែបតន្ត្រៈចូលទៅចាក់ឫសមាំ និង រីកចំរើនក្នុងប្រទេសទីបេជារៀងតមក ។
ព្រះមហាក្ស័ត្រទីបេអង្គបន្ទាប់ ៗ មក ស្ទើរគ្រប់ព្រះអង្គមានព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនា ព្រះអង្គខ្លះទ្រង់ជាអ្នកប្រាជ្ញ យល់ដឹងព្រះធម៌យ៉ាងជ្រាលជ្រៅ អក្សរសិល្បិ៍ ព្រះពុទ្ធសាសនាបានរីកចំរើនច្រើនឡើង ដូចជា មានការចងក្រងវចនានុក្រមភាសាសំស្រ្កឹតទីបេ ច្បាប់ដំបូងក្នុងរជ្ចកាល ព្រះបាទ រ៉ាលប៉ាជេន (ព.ស.១៣៥៩-១៣៨១) ជាដើម។ ចំពោះព្រះមហាក្ស័ត្រអង្គក្រោយនេះ ទ្រង់មានព្រះរាជសទ្ធាជាខ្លាំង រហូតដល់ព្រះអង្គទ្រង់សំយ៉ាកព្រះកេសា រងជាអាសនៈ ប្រគេនព្រះសង្ឃគង់សំដែងព្រះធម៌ថ្វាយព្រះអង្គ តែបន្ទាប់មកមានហេតុអាក្រក់ ត្រូវបានគេលបធ្វើគត់ ហើយម៉្យាងដោយព្រះមហាក្ស័ត្រអង្គនេះ ទ្រង់ជាបដិបក្ខចំពោះព្រះពុទ្ធសាសនា ឡើងគ្រងរាជ្យបាន ហើយបំផ្លាញ់វត្តអារាម កំចាត់ និរទេស ព្រះសង្ឃជាដើម ជាហេតុឲ្យកកើតការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ត្រូវធ្វើគត់។ ពេល ព.ស.១៣៨៤ គ្រានោះឯងហើយ ព្រះសង្ឃ ដែលគេចចេញបញ្ហាក៏បានត្រឡប់មកកាន់ ទីបេវិញ គ្រានេះអំណាចរបស់ព្រះសង្ឃក៏ត្រឡប់មករឹងប៉ុងវិញគង់វង់ជាងគ្រាណាៗ ទាំងអស់ក្នុងគ្រាមុន ។
កាលកន្លងមកដល់ពុទ្ធសតវត្សរ៍ទី ១៦ ព្រះអតីសៈ ឬទីបង្ករ ស្រីជញាណ នៃមហា វិទ្យាល័យវិក្រមសីលានៃដែនវិហារ តៃទទួលអារាធនាចូលទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងប្រទេសទីបេ ។ ហេតុការណ៍គ្រានេះ ចាត់ថាជាការនាំព្រះពុទ្ធសាសនាពីប្រទេស ប្រទេសឥណ្ឌាមកកាន់ទីបេ គ្រាធំបំផុតក្នុងកាលអាវសាន ជាហេតុញ៉ាំងឲ្យព្រះពុទ្ធសាសនាប្រតិស្ឋានគង់វង្សជាសាសនាប្រចាំជាតិរបស់ទីបេ ហើយនិកាយផ្សេងៗ បានបែកខ្ញែក ក្រចាយចេញទៅទៀត ។ និកាយចាស់ ដែលគោរពព្រះអង្គបទុមសម្ភវៈនោះ បន្ទាប់មក មានឈ្មោះថា និកាយមួកក្រហម ចំណែកពាក្យប្រៀនប្រដៅរបស់ព្រះអតីសៈជាបែប យោគាចារ ដែលផ្សំផ្គុំពាក្យប្រៀនប្រដៅទាំងនិកាយថេរវាទ និង មហាយានបញ្ចូលគ្នា ។ បង្គាប់ព្រះសង្ឃឲ្យប្រព្រឹត្តិព្រហ្មចារីយធម៌ និង មិនលះបង់អបិយជំនឿផ្សេង ៗ ។ បន្ទាប់ មកមានអ្នកបដិវត្តន៍ដ៏ធំដុំរបស់ទីបេ នាម តះសងខះប៉ះ (កើត ព.ស.១៩០១) អាស្រ័យ ពាក្យប្រៀនប្រដៅនេះ បង្កើតនិកាយកេលុកប៉ះ ឬនិកាយមួកលឿង ឡើង និង បានចម្រាញ់ព្រះពុទ្ធសាសនាឲ្យបានហ្មត់ចត់ពីពិធីផ្សេង ៗ ។ ចំណែកឯអក្សរសិល្បិ៍ ក៏មានការរួបរួមសមទិ្ធផលខាងផ្នែកប្រែគម្ពីរជាភាសាទីបែ។ នៅពុទ្ធសតវត្សរ៍ ១៩ ដោយចាត់ចែងគម្ពីរទាំងនោះចេញជាពីរពួកគឺ ពួកពុទ្ធវចនៈ មានសមិទ្ធិផលប្រែ ១០០ ក្បាល និង ពួក អត្ថវណ្ណនាមានសមទ្ធិផលប្រែ ២២៥ ក្បាល ។ គម្ពីរទាំងអស់នេះបានទុកនៅបន្សល់ដល់ បច្ចុប្បន្ននេះ ហៅថា ព្រះត្រៃបិដក ឬគម្ពីរព្រះពុទ្ធសាសនាច្បាប់ទីបេ ។
ព្រះសង្ឃនិកាយកេលុកប៉ះនោះ បានទទួលការគោរពពីអ្នកគ្រប់គ្រងម៉ុងហ្គោលី ថាជាអ្នកដឹកនាំផ្លូវចិត្ត (ស្មារតី) និង តមកប្រកាន់ថាជាអ្នកដឹកនាំប្រទេសជាតិទៀតផង។ គ្រាសំខាន់ក៏គឺ ក្នុងរជ្ជកាលក្ស័ត្រម៉ុងហ្គោលី ព្រះនាមអ័លត័នខាន់, ព្រះអង្គបានទ្រង់បាន ជួបប្រមុខសង្ឃអង្គទី ៣ នៃនិកាយនេះ នាមសតន័មយ៉ាសោ(ព.ស.២០៨៩-២១៣០) ។
ព្រះមហាក្ស័ត្រអ័លត័នខាន់មានជំនឿថា ព្រះអង្គប្រមុខសង្ឃអង្គនេះ ជាគ្រូរបស់របស់ ព្រះអង្គក្នុងអឌិតជាតិ ពេល ដែលអង្គសោយជាតិជាកុលៃខាន់ ទើបហៅព្រះអង្គយ៉ាសោ ថា ទះលេ (ត្រូវត្រង់ពាក្យ ដែលប្រើហៅព្រះនាមរបស់ទីបេឥឡូវនេះថា ទះលៃ ឬ Dalai ប្រែជាភាសាថៃត្រូវនឹងសំនឿងដើម គឺប្រែថា ទះលេ នោះឯង) ចាប់ពីពេលនោះមកក៏ហៅប្រមុខសង្ឃថា ដាលៃឡាមះ ទាំងអស់។
ដាលៃឡាមះអង្គទី ៥ (ព.ស.២២២៣) បានទទួលអំណាចពីមេដឹកនាំម៉ុងហ្គោលី ឲ្យគ្រប់គ្រងទីបេទាំងស្រុង។ ព្រះពុទ្ធសាសនា និង វប្បធម៌បានរុងរឿរីកចំរើនបន្តមកជាលំដាប់ រហូតដល់សម័យដាលៃឡាមៈអង្គទី ៧(ព.ស.២៣៥១-២៤០១) ក៏ចាប់ផ្តើមមានអ្នកបួសសាសនាគ្រឹស្តចារិកចូលទៅ ចំណែកឯសម្ព័ន្ធភាពជាមួយប្រទេសឥណ្ឌាក៏បានសាបរលាបទៅ ព្រោះឈានដល់យុគ ដែលឥណ្ឌាត្រូវបានគ្រង់គ្រងពីបរទេស ហើយគណៈសង្ឃដើមនៅឥណ្ឌាអន់ថយទៅៗ ។ ទីបេទើបឈានចូលទៅដល់យុគនៃបិទទ្វារនៅឯកា ហើយក៏មានការជ្រៀតជ្រែកពីបរទេស ជួបប្រទះភាពជ្រួលច្របល់ និង វិបល្លាសផ្សេង ៗ ។ តាមហេតុការណ៍ក្នុងប្រវត្តិសាស្រ្តពិភពលោកបច្ចុប្បន្ន រហូតដល់ចិនដីគោកចូលមកគ្រប់គ្រងនៃ ព.ស.២៤៩៤ ខណៈនេះ ដាលៃឡាមៈ ប្រមុខសង្ឃនៃប្រទេសទីបេបច្ចុប្បន្ន អង្គទី ១៤ ទ្រង់ព្រះកាយគង់នៅប្រទេសឥណ្ឌា ។ ព្រះអង្គទ្រង់និមន្តភៀសព្រះកាយចេញពីទីបេ ក្នុង ព.ស. ២៥០២ ជាដើមមក ។
ប្រភពៈ វីគីភីឌា
ដោយ៥០០០ឆ្នាំ