Reading Article
Public date : 26, Jul 2019 (12,349 Read)
និយមន័យរបស់និព្វាន

|
ម្តងនេះយើងសាកល្បងពិចារណាពីនិយមន័យ និងពាក្យអធិប្បាយអំពីនិរវាណៈ តាមដែលមានប្រាកដនៅក្នុងគម្ពីរភាសាបាលីជាន់ដើមផ្សេងៗវិញម្តង ។
" និរវាណៈ គឺការរលត់ទៅនៃចំណង់ (តណ្ហា) ការលះបង់នូវចំណង់ ការរលាស់ចោលនូវចំណង់ ការអស់ទៅនៃចំណង់ ការដាក់ចុះនូវចំណង់ " " គឺការស្ងប់រម្ងាប់ទៅនៃសង្ខតធម៌ទាំងពួង ការលះបង់ចោលនូវកិលេស ទាំងពួង ការជីកគាស់ចោលនូវឫសគល់នៃចំណង់ ការផ្តាច់បង់ចោលនូវចំណង់គឺនិព្វាន " " ម្នាលភិក្ខុទាំងឡាយ! អសង្ខតធម៌ (និរវាណៈ) ជាអ្វី? ម្នាលភិក្ខុទាំងឡាយ! គឺការរលត់ទៅនៃសេចក្តីត្រេកត្រអាល (រាគក្ខយោ) ការអស់ទៅនៃទោសៈ (ទោសក្ខយោ) ការអស់ទៅនៃសេចក្តីវង្វេង (មោហក្ខយោ ) ។ ម្នាលភិក្ខុទាំងឡាយ! នេះឯងហើយហៅថា អសង្ខតធម៌ (និព្វាន) " " ម្នាលរាធៈ! ការអស់ទៅនៃចំណង់ (តណ្ហក្ខយោ) គឺនិព្វាន " " ម្នាលភិក្ខុទាំងឡាយ! ក្នុងចំណោមធម៌ដែលមានបច្ច័យតាក់តែង (សភាវៈដែលកើតឡើងព្រោះអាស្រ័យហេតុ) ឬមិនមានបច្ច័យប្រជុំតាក់តែងទាំងឡាយ ការប្រោសចាកនូវភាពត្រេកត្រអាល (វិរាគៈ) ចាត់ថាជាកំពូលធម៌ទាំងពួង ។ វិរាគៈ ក៏គឺការមានឥស្សរភាពពីមានៈ ការបំបាត់បង់នូវចំណង់ ការដកចេញនូវការប្រកាន់មាំ ការកាត់ផ្តាច់នូវវដ្តៈ ការអស់ទៅនៃតណ្ហា ការរំលត់ (កិលេស) គឺនិព្វាន " ។ ពេលបរិព្វាជកម្នាក់ សួរព្រះសារីបុត្រ អគ្គសាវ័ករបស់ព្រះពុទ្ធជាម្ចាស់ថា " និព្វានគឺអ្វី? " ចម្លើយរបស់ព្រះសារីបុត្រ ក៏មានលក្ខណៈដូចទៅនឹងនិយាមរបស់អសង្ខតធម៌ ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ទុកនោះថា " ការរលត់ទៅនៃសេចក្តីត្រេកត្រអាល ការរលត់ទៅនៃការខឹងក្រោធ ការរលត់ទៅនៃសេចក្តីវង្វេង " ។ " ការលះបង់ចោល ឬការកម្ចាត់បង់នូវតណ្ហានិងការពេញចិត្ត នៅក្នុងឧបាទានក្ខន្ធ៥ គឺការរំលត់ទុក្ខ " " ការរលត់ទៅនៃវដ្តៈ និងធម៌ដែលនាំឲ្យក្លាយទៅជាយ៉ាងនេះ ឬយ៉ាងនោះបានគឺនិព្វាន " ។ ក្រៅពីនោះព្រះពុទ្ធជាម្ចាស់ ទ្រង់នៅបានត្រាស់ទៅដល់និរវាណៈថា " ម្នាលភិក្ខុទាំងឡាយ! សភាវៈដែលមិនកើត មិនចាស់ និងដែលបច្ច័យតាក់តែងមិនបាន (មិនមានបច្ច័យតាក់តែង) នោះមានពិត ។ ប្រសិនបើសភាវៈដែលមិនកើត មិនចាស់ និងដែលមិនមានបច្ច័យតាក់តែងមិនមានទេនោះ ក៏នឹងមិនមានការរលាស់ខ្លួនចេញចាកសភាវៈ ដែល កើត ចាស់ ឈឺ ស្លាប់ និងដែលមានបច្ច័យតាក់តែងនោះឡើយ តែព្រោះមានសភាវៈដែលមិនកើត មិនចាស់ មិនឈឺ មិនស្លាប់ និងដែលមិនមានបច្ច័យតាក់តែងនោះឯង ទើបមានការរលាស់ខ្លួនចេញចាកសភាវៈដែលកើត ចាស់ ឈឺ ស្លាប់ ហើយដែលមានបច្ច័យតាក់តែង " ។ " ទីដែលមិនមានធាតុ ៤ គឺ ទឹក ដី ភ្លើង ខ្យល់ មិនមានបណ្តោយ មិនមានទទឹង មិនមានភាពហ្មត់ចត់ មិនមានភាពគ្រោតគ្រាត អំពើល្អ និងអាក្រក់ នាមនិងរូប បានត្រូវកម្ចាត់បង់ទៅទាំងអស់ មិនមានលោកនេះ មិនមានលោកខាងមុខ មិនមានការមក មិនមានការទៅ មិនមានការស្លាប់ មិនមានការកើត មិនមានអាយតនៈខាងក្នុង និងមិនមានអាយតនៈខាងក្រៅ គឺព្រះនិព្វាន " ។ ដោយហេតុដែលនិរវាណៈ មានការអធិប្បាយដោយស័ព្ទ បដិសេធ (អវិជ្ជមាន) ដូច្ចេះ ទើបធ្វើឲ្យមនុស្សជាច្រើន មានការយល់ខុសថា និរវាណៈជាសភាពអវិជ្ជមាន ហើយជាសភាវៈដែលសម្តែងទៅដល់ការបំផ្លាញអត្តា (ខ្លួន) ។ តាមពិតទៅ និរវាណៈគឺមិនបានបំផ្លាញអត្តាសោះឡើយ ព្រោះថាមិនមានអត្តាដែលនឹងឲ្យបំផ្លាញ ប៉ុន្តែប្រសិនបើចាត់ទុកថាជាការបំផ្លាញមែននោះ ក៏ប្រហែលជាការបំផ្លាញនូវមោហៈ (សេចក្តីល្ងង់) ដែលជាការបំផ្លាញនូវការយល់ខុស ទាក់ទងជាមួយនឹងអត្តាទៅវិញទេ ។ វាពិតជាមិនត្រឹមត្រូវសោះឡើយ ដែលនឹងនិយាយថា និរវាណៈជាសភាវៈមិនមាន (សូន្យ) ឬថាជាសភាវៈដែលមានពិត ។ គំនិតថា " មិនមាន " (អវិជ្ជមាន) និង " មាន " (វិជ្ជមាន) នេះគឺវាគ្រាន់តែជាការប្រើនៅក្នុងលក្ខណៈប្រៀបធៀប ដែលស្ថិតនៅក្នុងក្របខណ្ឌទ្វេភាព (ជាគូៗ) ប៉ុណ្ណោះ ។ ស័ព្ទផ្សេងៗទាំងនេះ មិនអាចនាំមកប្រើជាមួយ " និរវាណៈ " ដែលជាបរមត្ថសច្ចៈ ហើយដែលស្ថិតនៅលើទ្វេភាព គឺការប្រៀបធៀបនោះបានឡើយ ។ ពាក្យពេចន៍បដិសេធ (អវិជ្ជមាន) ក៏មិនមានសុទ្ធតែមានន័យទៅដល់ សភាវៈដែលនិយាយអំពី "ភាពមិនមាន" ជានិច្ចនោះដែរ ។ ដូចយ៉ាងពាក្យថា " មានសុខភាពល្អ " ក្នុងភាសាបាលី ឬសំស្រ្កឹតថា " អារោគយា " ដែលជាពាក្យបដិសេធ មានអត្ថន័យដោយរូបស័ព្ទថា " ការមិនមានរោគ " ដូច្នេះពាក្យថា " អារោគយា " នេះ មិនមែនជាសភាវៈអវិជ្ជមានឡើយ ដូចគ្នាទៅនឹងពាក្យថា " ការមិនស្លាប់ " (ស្របទៅនឹងពាក្យសំស្រ្កឹតថា អម្រឹតឬបាលីថាអមតៈ ) ដែលជាវេវចនស័ព្ទរបស់និរវណៈដូចគ្នា ជាពាក្យក្នុងលក្ខណៈបដិសេធ តែក៏មិនមានន័យថា ការមិនស្លាប់ជាសភាវៈអវិជ្ជមានឡើយ ។ ពាក្យន័យដូចមួយទៀតរបស់ និរវាណៈ គឺការរួចស្រឡះ (បាលីថាមុត្តិ ឬសំស្រ្កឹតថា មុក្តិ) ។ ពាក្យនេះប្រហែលជាគ្មាននរណានិយាយថា ការរួចស្រឡះជាភាពមិនមាន (អវិជ្ជមាន) នោះឡើយ ត្បិតថាការរួចស្រឡះ គឺសំដៅទៅដល់ការមិនឥស្សរភាពពីអ្វីដែលជាឧបសគ្គ ដែលមានដំណើរទៅនៅក្នុងផ្លូវអាក្រក់ ក៏ដូចជាប្រព្រឹត្តទៅក្នុងផ្លូវអវិជ្ជមាន ម្លោះហើយពាក្យថា " ការរួចស្រឡះ " មិនមែនជាសភាវៈបដិសេធនោះឡើយ ។ ហេតុដូច្នេះ និរវាណៈ មុត្តិ វិមុត្ត និរោធ ឬនិព្វាន បានដល់ការរួចផុតពីអំពើអាក្រក់ទាំងពួង ជាការរួចផុតពីលោភៈ (សេចក្តីលោភ) ទោសៈ (សេចក្តីខឹងក្រោធ) មោហៈ (សេចក្តីវង្វេង) ជាការរួចផុតពីអ្វីៗគ្រប់យ៉ាង ពីទ្វិភាវៈ (ទ្វេភាព) ពីការប្រៀបធៀប ពីកាលៈនិងពីទេសៈ ។ ដកស្រង់ចេញពីសៀវភៅ " ព្រះពុទ្ធទ្រង់បង្រៀនអ្វី ? " ប្រែសម្រួលដោយ លីន កុសល ។ ដោយ៥០០០ឆ្នាំ |