Reading Article
Public date : 24, Jul 2019 (37,999 Read)
សុភាសិតសូត្រ

|
សុភាសិតសូត្រ
បិដកលេខ ៣០ ទំព័រ ១៥៩ សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលព្រះភាគត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយវាចាប្រកបដោយអង្គ៤ ឈ្មោះថាសុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមាន ទោសផង ដែលអ្នកប្រាជ្ញមិនតិះដៀលផង ។ វាចាដែលប្រកបដោយអង្គ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះ រមែងពោលពាក្យសុភាសិត មិនពោលពាក្យទុព្ភាសិត ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ ពោលពាក្យទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ ពោលពាក្យពិត មិនពោលពាក្យកុហក ។ ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយអង្គ៤ នេះឯង ឈ្មោះថាសុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែរអ្នកប្រាជ្ញមិនតិះដៀល ផង ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់ភាសិតនេះហើយ ក៏ទ្រង់ត្រាស់គាថានេះតទៅទៀតថាៈ សុភាសិតំ ឧត្តមមាហុ សន្តោ ធម្មំ ភណេ នាធម្មន្តំ ទុតិយំ បិយំ ភណេ នាប្បិយន្តំ តតិយំ សច្ចំ ភណេ នាលិកន្តំ ចតុត្ថន្តិ ។ ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ (ទី១) ពោលពាក្យជាធម៌ មិនពោលពាក្យមិនជាធម៌ នោះជាទី២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី៣ ពោលពាក្យពិត មិនពោលពាក្យកុហក នោះជាទី៤ ។ លំដាប់នោះឯង ព្រះវង្គីសៈ មានអាយុ ក្រោកចាកអាសនៈហើយធ្វើឧត្តរាសង្គៈឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយពោលពាក្យនេះ នឹងព្រះមានព្រះភាគថាបពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសម្តែងធម៌ បពិត្រព្រះសុគត ខ្ញុំព្រះអង្គសូមសម្តែងធម៌ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ អ្នកចូរសម្តែងធម៌ចុះ ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោលសរសើរព្រះមានព្រះភាគ ដោយគាថាទាំងឡាយដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រថាៈ តមេវ វាចំ តាសេយ្យ យាយត្តានំ តាបយេ បរេ ច ន វិហីសេយ្យ សា វេ វាចា សុភាសិតា ។ បុគ្គលមិនធ្វើខ្លួនក្តៅ ដោយវាចាណា គប្បីពោលវាចានោះជាវាចាណា ដែលគេត្រេកអរ បុគ្គលគប្បីពោលនូវវាចានោះជាវាចាជាទីស្រឡាញ់ បុគ្គលពោលនូវវាចាណា មិនកាន់យកវាចាដ៏អាក្រក់ ពោលនូវវាចាជាទីស្រឡាញ់ ដល់ជនទាំងឡាយដទៃ( បុគ្គលគប្បីពោលនូវវាចានោះ) ។ សច្ចំ វេ អមតា វាចា ឯស ធម្មោ សនន្តនោ សច្ចេ អត្ថេ ច ធម្មេ ច អាហុ សន្តោ បតិដ្ឋិតា។ ពាក្យពិតឈ្មោះថាជាពាក្យមិនស្លាប់ ធម៌នេះជាប្រពៃណីមានតាំងពីបុរាណកាលមក ពួកសប្បុរស តាំងនៅហើយក្នុងសច្ចៈដែលជាអត្ថផង ជាធម៌ផង ។ យំ ពុទ្ធោ ភាសតិ វាចំ ខេមំ និព្វានបត្តិយា ទុក្ខស្សន្តកិរិយាយ សា វេ វាចានមុត្តតិ។ ព្រះពុទ្ធទ្រង់ពោលវាចាណា ដ៏ក្សេមក្សាន្ត ដើម្បីដល់នូវព្រះនិព្វាន ធ្វើនូវទីបំផុតទុក្ខ (គឺធ្វើនូវវដ្តទុក្ខឲ្យអស់ទៅ ) វាចានោះឯង វាចាដ៏ខ្ពង់ខ្ពស់ជាងវាចាទាំងឡាយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |