Reading Article
Public date : 29, Jul 2019 (10,122 Read)
បុណ្យតែងជួយអ្នកដែលប្រព្រឹត្តល្អ

|
បុណ្យតែងជួយអ្នកដែលប្រព្រឹត្តល្អ
យើងបានសិក្សាអំពីទង្វើល្អរបស់ខ្លួនយើងហើយ តែមានបុគ្គលខ្លះយល់ច្រឡំថាធ្វើល្អហើយបុណ្យមិនជួយ មានអ្នកខ្លះទៀតពោលថាមិនចាំបាច់ធ្វើបុណ្យទេព្រោះបុណ្យមិនជួយយើងឡើយខំធ្វើអ្វី ទាំងអស់នេះហើយជាបញ្ហាយ៉ាងខ្លាំងបំផុតក្នុងព្រះពុទ្ធសាសនា។ តាមសេចក្ដីពិតបុណ្យតែងជួយយើងជានិច្ច ដូចជាគាថាព្រះពុទ្ធទ្រង់សម្ដែង សុខោ បុញ្ញស្ស ឧច្ចយោ ការសន្សំបុណ្យតែងនាំមកនូវសេចក្ដីសុខ។ ក្នុងព្រះវស្សាទី ៨ ព្រះដ៏មានព្រះភាគ ទ្រង់គង់ចាំវស្សាក្នុងភេសកឡាវ័នភគ្គជនបទ ខណៈដែលព្រះសាស្ដាទ្រង់គង់ក្នុងភេសកឡាវ័នព្រះអនុរុទ្ធស្នាក់នៅក្នុងបាចីនឡាវង្សទាយវ័ន ព្រះអង្គទ្រង់ជ្រាបបរិវិតក្ករបស់ព្រះអនុរុទ្ធខណៈដែលកំពុងពិចារណាធម៌ ទើបយាងទៅប្រាកដចំពោះមុខព្រះអនុរុទ្ធ ក្នុងវិហារ ត្រាស់ថាល្អហើយអនុរុទ្ធដែលអ្នកត្រិះរិះ មហាវិតក្កថាធម៌នេះជាធម៌របស់បុគ្គលអ្នកមានសេចក្ដីប្រាថ្នាតិច ១ របស់អ្នកសន្ដោស ១ របស់អ្នកស្ងប់ស្ងាត់ ១ របស់អ្នកប្រារព្ធព្យាយាម ១ របស់អ្នកមានសតិតាំងមាំ ១ របស់អ្នកមានចិត្តតាំងមាំ ១ របស់អ្នកមានបញ្ញា ១ នោះត្រឹមត្រូវហើយ។ អ្នកគប្បីពិចារណាធម៌ ៨ បានដល់ ធម៌មិនជាហេតុឲ្យយឺតយូរ គឺព្រះនិព្វាន បន្ថែមឡើងមួយប្រការទៀត និងជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន រួចត្រាស់ថា អនុរុទ្ធអ្នកគប្បីនៅចាំវស្សាក្នុងបាចីនវង្សនេះហើយ។ បន្ទាប់មកព្រះអង្គយាងត្រឡប់មកភេសកឡាវ័ន ហើយទ្រង់សម្ដែងមហាបុរិសវិតក្ក ៨ ប្រការ ដល់ភិក្ខុទាំងឡាយម្ដងទៀត ព្រះអនុរុទ្ធគេចចេញចាកពួកតែតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម មិនយូរប៉ុន្មានក៏បានធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលក្នុងបាចីនវង្សនោះឯង។ បិតារបស់សិង្គាលកបុត្រលះចំណង់ក្នុងផ្ទះ ចេញបួសក្នុងព្រះពុទ្ធសាសនា ព្រះសាស្ដាទ្រង់ជ្រាបអធ្យាស្រ័យ ទ្រង់ប្រទានអដ្ឋិសញ្ញាកម្មដ្ឋានឲ្យសិង្គាលបិតាភិក្ខុទទួលកម្មដ្ឋានហើយ ចូលមកស្នាក់នៅក្នុងភេសកឡាវ័ន ទេវតានៅក្នុងព្រៃនេះ ប្រាថ្នានឹងសង្គ្រោះភិក្ខុនោះឲ្យមានឧស្សាហ៍ ដើម្បីនឹងបានសម្រេចអហត្តផលក្នុងកាលមិនយូរ ទើបពោលគាថា ដូច្នេះថា ភិក្ខុនៅក្នុងភេសកឡាវ័ន ពិចារណាផែនដីនេះដោយសេចក្ដីថា ឆ្អឹងទាំងអស់ជាអារម្មណ៍ នឹងបានជាទាយាទរបស់ព្រះពុទ្ធជាម្ចាស់ហើយនឹងលះបង់កាមរាគៈបានដោយឆាប់រហ័ស។ សិង្គាលកបិតាភិក្ខុ បានស្ដាប់គាថារបស់ទេវតាដូច្នេះហើយ អធិដ្ឋានសេចក្ដីព្យាយាម រុលទៅមុនមិនថយក្រោយ ចម្រើនវិបស្សនាបានសម្រេចអរហត្តហើយក្នុងវេលាមិនយូរ។ ក្នុងចន្លោះវស្សានេះ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ច ប្រោសវេនេយ្យសត្វទាំងឡាយឲ្យសម្រេចមគ្គផល ដោយព្រះធម្មទេសនាដ៏ច្រើន ដូចជាត្រាស់ពោធិរាជកុមារសូត្រ ចំពោះពោធិរាជកុមារថា គប្បីរក្សាខ្លួនទុកឲ្យល្អក្នុងវ័យទាំង ៣ មិនគួរប្រមាទក្នុងកុសលទាំងបឋមវ័យ មជ្ឈិមវ័យ និងបច្ឆិមវ័យ បើមិនអាចធ្វើបានទាំង ៣ វ័យចូលតម្កល់ខ្លួនទុកក្នុងកុសលចំពោះវ័យណាមួយក៏បាន។ ក្នុងមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកពោលថា ព្រះអង្គត្រាស់ដល់អ្នកមានព្យាយាម ៥ ប្រការ ថានឹងត្រូវប្រកបដោយ សទ្ធា ១ ប្រាសចាករាគៈ ១ មិនអួតអាង ១ មានព្យាយាមលះអកុសល ១ និងបញ្ញា ១ បើអ្នកណាប្រកបដោយអង្គ ៥ នេះហើយនឹងសម្រេចគុណវិសេសបានដោយឆាប់ ចប់ធម្មទេសនា ពោធិរាជកុមារបាន សម្រេចសោថាបត្តិផល។ សិរិមណ្ឌៈជាបុត្ររបស់ព្រាហ្មណ៍ ក្នុងសុង្សុមារគិរីនគរ ខណៈដែលព្រះមានព្រះភាគទ្រង់គង់នៅភេសកឡាវន ចូលទៅគាល់ព្រះសាស្ដា ស្ដាប់ធម៌ហើយកើតសទ្ធា បានបួសធ្វើសមណធម៌ ក្នុងថ្ងៃឧបោសថមួយ អង្គុយនៅ ក្នុងទីសម្ដែងបាតិមោក្ខ ពិចារណាខ្លឹមសាររបស់បាលីថា ភិក្ខុបើត្រូវអាបត្តិហើយរមែងមិនមានសេចក្ដីសុខ ភិក្ខុណាបិទបាំងអាបត្តិទុកត្រូវអាបត្តិថែមទៀតភិក្ខុនោះរមែងនៅមិនសុខ ក៏ភិក្ខុបើកនូវអាបត្តិហើយសម្ដែងអាបត្តិតាមធម៌ រមែងមានសេចក្ដីសុខ។ សិរិមណ្ឌៈ កើតសេចក្ដីជ្រះថ្លា ពាក្យប្រៀនប្រដៅរបស់ព្រះសាស្ដាបរិសុទ្ធពិត ទើបគ្របសង្កត់បីតិដែលកើតឡើងយ៉ាងនោះហើយ ចម្រើនវិបស្សនា បានសម្រេចព្រះអរហត្ត ពិចារណាការបដិបត្តិរបស់ខ្លួនហើយមានចិត្តជ្រះថ្លាកាលឲ្យឱវាទដល់ភិក្ខុទាំងឡាយ ទើបពោលគាថាយ៉ាងនេះថា សត្វលោកត្រូវមច្ចុកម្ចាត់ ត្រូវជរារូបរឹត ត្រូវកូនសរ គឺតណ្ហាចាត់ដោតត្រូវសេចក្ដីប្រាថ្នាដុតរោលគ្រប់កាលមិនមានអ្វីជាទីពឹងពាក់បាន រមែងក្ដៅក្រហាយជានិច្ច។ ជរា ព្យាធិ និងមរណៈ ដូចជាគំនរភ្លើងតាមគ្របសង្កត់សេចក្ដីស្លាប់រមែងរុកទន្ទ្រានចូលទៅជិតបុគ្គល គ្រប់ឥរិយាបថ មិនគួរបណ្ដាលពាលវេលាឲ្យកន្លងទៅឥតប្រយោជន៍ រាត្រីកន្លងទៅប៉ុនណា ជីវិតរបស់សត្វក៏អស់ទៅប៉ុណ្ណោះ ទើបមិនគួរធ្វេសប្រហែសពេលវេលាឡើយ។ គួរដាក់ចិត្តក្នុងវិបស្សនា ច្រើនខ្លះ តិចខ្លះ មិនគួរឲ្យថ្ងៃកន្លងទៅដោយឥតប្រយោជន៍ ព្រោះថាកាលកន្លងទៅប៉ុនណា ជីវិតរបស់សត្វក៏អស់ទៅប៉ុណ្ណោះ ទើបលោកសម្ដែងថា កាលអស់ទៅនៃរាត្រី ជាកាលអស់ទៅនៃអាយុព្រោះរាត្រីនោះមិនងាកត្រឡប់មកវិញ អ្នកមិនប្រមាទទូន្មានខ្លួនយ៉ាងនេះហើយ គប្បីធ្វើសេចក្ដីព្យាយាមក្នុងសិក្សាទាំង ៣ ចុះ។ កាលព្រះសាស្ដាទ្រង់គង់ក្នុងភេសកឡាវ័ន នកុលបិតាគហបតី បានចូលមកគាល់ ព្រមដោយអ្នកដែលសុង្សុមារគិរីនគរ ដោយមានការចូលគាល់លើកដំបូងប៉ុណ្ណោះ គាត់នឹងភរិយាក៏តាំងសេចក្ដីសម្គាល់ថា ព្រះទសពលជាបុត្រ ទើបក្រាបចុះក្បែរព្រះយុគលបាទហើយក្រាបទូលថា កូនអ្ហើយ! កូនឯងចោលពុកម៉ែអស់កាលយូរ លុះបានជួបក៏សម្គាល់ថាបុត្រ ទើបអ្នកទាំងពីរបានពោលវាចាដូច្នោះ តែព្រះសាស្ដាមិនបានត្រាស់ពាក្យពេចន៍អ្វីឡើយ ព្រោះជ្រាបសេចក្ដីដែល នកុលបិតា ធ្លាប់ជាប់ជាបិតា ជាឪពុកមាជាតា ជាអ៊ំ ចំណែក នកុលមាតា ក៏ធ្លាប់ជាមាតា ជាម្ដាយមីង ជាយាយ ជាអ៊ំស្រី មកពីក្នុងអតីតៈដ៏ច្រើន។ កាលនកុលៈទាំងពីរ ត្រឡប់មានសតិដូចដើមហើយ ទើបព្រះសាស្ដាទ្រង់សម្ដែងកុលបិតុសូត្រ កាលចប់ទេសនា ទាំងពីរនាក់ក៏តាំងនៅក្នុងសោតាបត្តិផល ព្រះអង្គបានត្រាស់សម្ដែងគាថានេះថា កាលនកុលៈទាំងពីរ ត្រឡប់មានសតិដូចដើមហើយ ទើបព្រះសាស្ដាទ្រង់សម្ដែងនកុលបិតុសូត្រ កាលចប់ទេសនា ទាំងពីរនាក់ក៏តាំងនៅក្នុងសោតាបត្តិផល ព្រះអង្គបានត្រាស់សម្ដែងគាថានេះថា សេចក្ដីស្រឡាញ់កើតឡើងព្រោះធ្លាប់នៅរួមគ្នាមកពីមុន ឬព្រោះសង្គ្រោះគ្នាក្នុងបច្ចុប្បន្នដូចជាផ្កាឈូកកើតឡើងអាស្រ័យទឹក និងភក់ដូច្នោះ។ តមក ក្នុងវេលាដែលព្រះមានព្រះភាគទ្រង់ព្រះជរា បានយាងទៅកាន់ដែនភគ្គៈទៀត អ្នកទាំងពីរនោះជ្រាបថាព្រះសាស្ដាយាងមក ទើបអារាធនាដើម្បីទទួលភត្ត លុះព្រឹកឡើងក៏អង្គាសភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានដោយភោជនមានរសដ៏ប្រណីតផ្សេងៗ ក្នុងនិវេសន៍របស់ខ្លួនទូលព្រះអង្គថា ខ្ញុំព្រះអង្គប្រាថ្នាឲ្យជួបគ្នាទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងភពខាងមុខ! ទើបព្រះសាស្ដាទ្រង់ទូន្មានថា ម្នាលគហបតី និងគហបតានី បើស្វាមីភរិយាប្រាថ្នាឲ្យបានជួបគ្នាក្នុងជាតិនេះ និងជាតិខាងមុខសោត អ្នកទាំងពីរគប្បីជាអ្នកមានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានចាគៈស្មើគ្នា មានបញ្ញាស្មើគ្នា ក៏នឹងបានជួបគ្នាក្នុងជាតិនេះ នឹងជាតិមុខ។ តមកខាងក្រោយខណៈដែលគង់ប្រថាប់នៅក្នុងវត្តជេតពន ទ្រង់សរសើរនកុលបិតា និងនកុលមាតាទាំងពីរថា ជាកំពូលជាឧបាសក និងឧបាសិកាអ្នកស្និទ្ធស្នាលនឹងព្រះអង្គ។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |