Reading Article
Public date : 11, Oct 2022 (53,326 Read)
ការសង្គ្រោះរបស់ស្វាមីចំពោះភរិយា

|
ការសង្គ្រោះរបស់ស្វាមីចំពោះភរិយា
ក្នុងឋានៈជាស្វាមី លោកបានចែកធម្មៈ ៥ ប្រការ សម្រាប់អនុវន្តន៍ចំពោះភរិយារបស់ខ្លួនគឺៈ ១. រាប់អាន លើកមុខភរិយា ថាជាភរិយារបស់ខ្លួន ។ ត្រង់នេះ យើងធ្លាប់ឮហើយថា មានប្រុសខ្លះ ពេលគេសួរថាដើរជាមួយនរណា ក៏ប្រាប់គេថាជាប្អូនជាបង ឬជាអ្នកបំរើ ពួកម៉ាកខ្លួនទៅវិញ ដែលជាការធ្វើឲ្យភរិយាខ្លួនអន់ចិត្ត និងខ្មាស់គេជាខ្លាំង និងជាការនាំទៅរកការប្រះឆា ឈ្លោះប្រកែកគ្នាជាញឹកញាប់ ។ ២. មិនមើលងាយភរិយារបស់ខ្លួនដោយកាយ និងវាចា ។ គឺស្វាមីមិនគួរវាយតប់ភរិយា ឬជេរស្ដី ប្រមាថកាតទាន តិះដៀលដោយផរុសវាចានោះឡើយ តែអ្នកនិយាយស្ដីដោយគោរព និងផ្អែមល្ហែម។ ៣. មិនប្រព្រឹត្តកន្លងចិត្តភរិយារបស់ខ្លួនទៅមានស្ត្រីថ្មី ប្រពន្ធថ្មីឡើយ ព្រោះធម្មតាចិត្តស្រី មិនដែលមាននរណាសប្បាយចិត្តទេ ពេលដែលស្វាមីរបស់ខ្លួនទៅលេង ឬមានស្រីថ្មី។ យើងជាប្រុសគួរគិតថា ចុះបើភរិយាយើងមានប្រុសថ្មី តើយើងសប្បាយចិត្តទេ? ៤. ប្រគល់ភារកិច្ចជាធំក្នុងផ្ទះឲ្យទៅភរិយា ដូចជាការមើលទុកដាក់ទ្រព្យសម្បត្តិ រៀបចំតុបតែង មើលការខុសត្រូវក្នុងផ្ទះជាដើម។ ព្រោះខ្មែរមានពាក្យស្លោកមួយថាៈ " ស្រីៗគេចេះអស់ហេះនៅឡើយ អស់ហើយនៅបន្តិច " ។ ៥. ផ្ដល់គ្រឿងអលង្ការឲ្យដល់ភរិយារបស់ខ្លួនតាមកាល និងតាមអត្តភាព " ដូចជាអភិសម្ពន្ធភាពនៃអាពាហ៍ពិពាហ៍ ចំណុចទី៧ ដែរ "។ ស្វាមីក៏ត្រូវដឹងផងដែរនូវសេចក្ដីទុក្ខរបស់ភរិយាខ្លួន ក្នុងឋានៈជាស្រី និងជាភេទទន់ខ្សោយ ដែលមានអ្វីៗខុសពីបុរសភេទ ដូចតទៅៈ ១. ភរិយាតែងមានសេចក្ដីទុក្ខ ព្រោះការព្រាត់ពីបង ប្អូន ម្ដាយ ឪពុក ស្រុកកំណើតមកនៅនឹងស្វាមី ទីកន្លែងថ្មី មនុស្សចម្លែកថ្មី ដែលធ្វើឲ្យគ្នាមិនស្រណុកចិត្ត ឬខ្លាចៗ ធ្វើនេះមិនសម ធ្វើនោះមិនសម ព្រោះប្លែកកន្លែង។ ស្វាមីត្រូវដឹងនូវវិបត្តិផ្លូវចិត្តនេះ និងព្យាយាមសម្រួលការឲ្យភរិយារបស់ខ្លួនបានស្រួលផង។ ២. ស្ត្រីតែងមានសេចក្ដីទុក្ខទាំងខាងផ្លូវកាយ និងផ្លូវចិត្ត នៅពេលចុងខែជាពេលដែលនាងមានឈាមរដូវ។ ក្នុងរដូវកាលនេះ នឹងធ្វើឲ្យឈឺចុកចាប់ដល់ពោះ ឬឈឺក្បាល ឬទៅជាខ្យល់ចាប់ បើជួនជាឈាមរដូវដើរមិនទៀងផង ឬមានធ្លាក់សផងនោះ ក៏នឹងរឹតតែជាបញ្ហាឡើង។ ម្យ៉ាងទៀត ក្នុងរដូវកាលនេះ អារម្មណ៍របស់ស្រី ក៏មានភាពមិននឹងន ឆាប់ខឹង មិនសប្បាយចិត្តជាដើម។ ស្វាមីត្រូវយល់ពីបញ្ហានេះ ជួយរួមចំណែកក្នុងការឈឺចាប់ផងដែរ និងមិនធ្វើអ្វីដែលជាការលំបាកដល់នាង ឬបើមិនស្រួល ក៏ប្រញាប់ប្រញាល់រកថ្នាំសង្កូវព្យាបាល។ ៣. ភរិយាតែងមានសេចក្ដីទុក្ខ ពេលដែលនាងមានគក៌ ។ ការមានគភ៌ជាការមួយដែលនាងជាភរិយាទាំងអៀនខ្មាស ទាំងត្រូវទ្រាំថែមទៀតនូវទម្ងន់ដែលកូនក្នុងផ្ទៃបន្ថែមជារៀងរាល់ថ្ងៃ។ នាងមិនអាចឈរបានស្រួល ដើរបានស្រួល ឬប្រកបកិច្ចការបានស្រួល ដូចកាលដែលមិនមានកូនក្នុងផ្ទះនោះទេ។ ទាំងចំណីអាហារក៏ដូចគ្នាដែរ មានស្រីខ្លះរហូតដល់ចាញ់កូន ឬនឹកចង់ចំណីផ្ដេសផ្ដាសដែលរកមិនបានក៏មាន។ ក្នុងសម័យពុទ្ធកាល មហេសីព្រះបាទពិម្ពិសារ ពេលដែលព្រះនាងទ្រង់ព្រះគភ៌ កូនក្នុងព្រះឧទរបានបណ្ដាលឲ្យព្រះនាងចង់តែសោយព្រះលោហិតរបស់ស្វាមីរហូតទាល់តែស្គមស្គាំង ព្រោះពុំហ៊ានប្រាប់។ លុះក្រោយមក ព្រះបាទពិម្ពិសារ លោកចេះតែជម្រិតសួរ ព្រះនាងមិនបានក៏ទូលប្រាប់ទៅ។ ព្រះបាទពិម្ពិសារ លោកក៏យកព្រះខ័នមកអារព្រះហស្ដសម្រក់ព្រះលោហិតឲ្យមហេសីសោយ។ គ្រាន់តែសោយហើយ ព្រះនាងក៏ឈប់ឃ្លាន ហើយក៏ជាចាប់ពីថ្ងៃនេះទៅ។ ពេលមានគក៌លំបាកណាស់ ដូច្នេះ ស្វាមីត្រូវយល់ទុក្ខធុរៈរបស់ភរិយាឲ្យ មែនទែន។ ៤. ភរិយាតែងមានសេចក្ដីទុក្ខ ព្រោះត្រូវបំរើសេចក្ដីត្រូវការខាងផ្លូវភេទរបស់ស្វាមី។ ចំណុចត្រង់នេះ សំខាន់ណាស់ចំពោះអ្នកជាស្វាមីដែលត្រូវយល់ទុក្ខធុរៈរបស់ភរិយាខ្លួន និងអារម្មណ៍របស់ភរិយាខ្លួនដែរ មិនមែនចេះតែត្រូវការពេលណា ថ្មើរណា ក៏ចេះតែប្រព្រឹត្តសេព អាងតែគ្នាមិនហ៊ានប្រកែកនោះទេ។ ពេលមានរដូវ ពេលមានគភ៌ ពេលប្រសូតបុត្រ សុទ្ធតែជារយៈពេលដែលស្ត្រីគ្នាមានបញ្ហា ទាំងផ្លូវកាយ និងចិត្ត ដូច្នេះ ស្វាមីគួរចេះតម ឬវៀរលើកលែងខ្លះ ។ ពេលមានជម្ងឺ ក៏ជាពេលដែលយើងត្រូវយល់ចិត្តភរិយាដែរ។ ត្រង់នេះធ្វើឲ្យយើងគិតដល់ឧបោសថសីល ឬសីល ៨ ដែលព្រះសម្មាសម្ពុទ្ធលោកបញ្ញត្ត ដោយឲ្យអ្នកសមាទានចេះវៀរចាក ឬខាន តមខ្លះ ដើម្បីកុំឲ្យមានភារៈធ្ងន់ពេកដល់ភរិយា ស្វាមីរបស់ខ្លួនដែលយើងគួរតែសមាទាន ព្រោះក្នុង ១ខែ យើងខានតែ ៤ ដងប៉ុណ្ណោះ ។ ៥. ភរិយាតែងមានសេចក្ដីទុក្ខ ពេលដែលនាងឆ្លងទន្លេប្រសូតបុត្រ ។ ឆ្លងទន្លេជាពាក្យដែលប្រើសម្រាប់ប្រសូតបុត្រ ព្រោះមានគ្រោះថ្នាក់ដូចឆ្លងទន្លេអញ្ចឹងដែរ។ ស្វាមីគប្បីនៅថែទាំ និងជាកម្លាំងចិត្តដល់នាងនូវគ្រប់កិច្ចការទាំងពួង ជាពិសេស បើនាងមានការមិនសប្បាយចិត្ត ឬធ្វើការធ្ងន់ អាចនឹងឲ្យទៅជាទាស់ស្គមរីងរៃ ដាច់ទឹកដោះ ឬដល់បាត់បង់ជីវិតក៏មានដែរ។ ស្វាមីគប្បីសាកសួរចាស់ៗឲ្យបានច្រើនក្នុងរឿងនេះផងចុះ។ សេចក្ដីដែលខ្ញុំរៀបរាប់ពង្រីកអត្ថន័យលើពុទ្ធវចនៈព្រះសម្មាសម្ពុទ្ធនេះមិនអាចពណ៌នាឲ្យអស់នូវសេចក្ដីពិតរបស់ស្រី ឬភរិយាបានឡើយ ស្វាមីគប្បីសាកសួរពិនិត្យបន្ថែមទៀតទៅចុះ។ ខ្ញុំគ្រាន់តែចង់និយាយថា " ពេលគេមានទុក្ខ បើយើងធ្វើឲ្យគេបាត់កើតទុក្ខ គេប្រាកដជាស្រឡាញ់ គោរពយើងជាមិនខាន " ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ. មណីចិន្ដា ដោយ៥០០០ឆ្នាំ |