Reading Article
Public date : 28, Jul 2019 (10,658 Read)
បុគ្គុលជាមិត្តគិតយកតែប្រយោជន៍ខ្លួន

|
បុគ្គុលជាមិត្តគិតយកតែប្រយោជន៍ខ្លួន
បុគ្គុលជាមិត្តគិតយកតែប្រយោជន៍ខ្លួន មានលក្ខណៈ ៤ យ៉ាងគឺៈ ១- អញ្ញទត្ថុហរោ ហោតិ គិតចង់បានអ្វីៗអំពីមិត្តតែម្យ៉ាង ដោយសេចក្ដីថា ជាអ្នកដទៃទេមកកាន់ផ្ទះរបស់សម្លាញ់ ហើយពោលសសើររបស់នេះ របស់នោះ ដែលជាសម្បត្តិទ្រព្យរបស់សម្លាញ់ ឬក៏និយាយថា មានអ្នកដទៃសសើរយ៉ាងនេះយ៉ាងនោះ ជួនកាលក៏ចាប់កាន់បបោសអង្អែល ស្ទើរសុំស្ទើរមិនសុំរហូតទាល់តែបានសម្រេចសមតាមបំណង។ មនុស្សណាដែលហៅយើងថាមិត្តៗ ប៉ុន្តែចង់តែបានសម្បត្តិទ្រព្យរបស់យើងមនុស្សនោះជាមិត្តប្លម មិនមែនជាមិត្តពិតប្រាកដទេ បើយើងឲ្យញយៗ ថ្ងៃក្រោយសុំត្រង់ៗតែម្ដង មនុស្សនេះឲ្យមិនចេះគ្រប់ទេ ថ្ងៃណាឈប់ឲ្យ គេដើរនិយាយប្រាប់គេឯងថាយើងអាក្រក់មិត្តមិនបាន ខ្វេះកកាយរឿងនេះរឿងនោះមកសម្អុយឈ្មោះយើងនេះហើយទាលរបស់ អភិជ្ឈា យើងវិញក៏អញ្ចឹងដែរ ត្រូវការពារឲ្យណាស់ ចំពោះអភិជ្ឈានេះ ព្រោះវាអាចឲ្យយើងលួចប្រាក់គេ ទាំងដែលមិនដឹងថាខ្លួនឯងជាចោរទៀតផង។ ២- អប្បេន ពហុមិច្ឆតិ ប្រាថ្នាចង់បានរបស់ច្រើនៗ អំពីសម្លាញ់ ដោយគ្រាន់តែឲ្យអ្វីៗដល់សម្លាញ់បន្ដិចបន្តួចប៉ុណ្ណោះ គឺយករបស់តូចទាក់យករបស់ធំ។ ៣- ភយស្ស កិច្ចំ ន ករោតិ មិនជួយធ្វើកិច្ចការសម្លាញ់នៅពេលដែលសម្លាញ់មានភ័យ មនុស្សរបៀបនេះ គឺទាន់តែមានវិបត្តិអ្វីមួយខ្លួនឯង ទើបរត់មកជួយធ្វើកិច្ចការងារឲ្យយើង មិនមែនជួយដោយស្មោះ ស្រឡាញ់យើងទុកជាមិត្តពិតប្រាកដនោះទេ។ ៤- សេវតិ អត្ថការណា សេពគប់មិត្តព្រោះហេតុតែប្រយោជន៍ផ្ទាល់ខ្លួន មនុស្សរបៀបនេះ មិនឃើញគុណតម្លៃនៃចិត្តសប្បុរសរវាងគ្នានឹងគ្នាទេ គេមករាប់អានយើងព្រោះយើងមានលុយ ឬអ្វីៗដែលគេចង់បានអំពីយើងតែប៉ុណ្ណោះ។ ការងារជ្រើសរើសមិត្ត ជួនការមួយជីវិតរកមិត្តពិតប្រាកដតែម្នាក់មិនបានផង មានមិត្តខ្លះតណ្ហាក្រាស់ក្បត់ចិត្តយើងប៉ុន្តែវាអាចមកអំពីខ្លួនយើងផងដែរ ដែលរកមនុស្សល្អមកធ្វើជាមិត្តមិនបាន ព្រោះមាយាទយើងវាអន់ពេក ដូច្នេះកុសលធម៌ជាមិត្តដោយការប្រព្រឹត្តជួយខ្លួនឯង បើយើងប្រព្រឹត្តល្អជាប់លាប់ហើយបាបមិត្តរមែងឃ្លាតឆ្ងាយអំពីយើង ម្ដងម្នាក់ៗ ទីបំផុតយើងនឹងបានមិត្តដ៏ល្អជាពុំខាន ក្នុងសេចក្ដីនេះសំខាន់គឺជួយខ្លួនឯងជាមុនសិន។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |