Reading Article
Public date : 24, Jul 2019 (31,885 Read)
ខ្លឹមសារនៃការបួស

|
ខ្លឹមសារនៃការបួស
ការចេញចាកផ្ទះចូលកាន់ផ្នួសបួសជាបព្វជិត នៅក្នុងព្រះពុទ្ធសាសនា គឺដោយអាស្រ័យសទ្ធានិងឆន្ទៈក្នុងការប្រព្រឹត្តបដិបត្តិ តាមពា្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាអង្គម្ចាស់ មានបំណងសិក្សាអប់រំនៅក្នុងព្រះធម៌វិន័យនេះជាឧបសនិស្ស័យ ដ៏ប្រពៃខ្ពង់ខ្ពស់ ឈានចូលទៅរកខ្លឹមសារនៃការបួស ។ ដើម្បីឲ្យការបួសបានសម្រេចនូវប្រយោជន៍ យ៉ាងពិតប្រាកដនោះ ត្រូវតែយល់ឲ្យច្បាស់ អំពីខ្លឹមសារនៃការបួស សូម្បីតែពាក្យថា (ការបួស) ឬពាក្យថា (បព្វជា្ជ) ក៏ត្រូវតែយល់ដឹង ។ បព្វជ្ជា ឬការបួសនេះតាមការសំគាល់ជាទូទៅ គឺមានមកជាយូរយារហើយ តាំងតែមុនព្រះពុទ្ធសាសនាកើតឡើងម្ល៉េះ ។ នៅក្នុងពពួកមនុស្សទាំងឡាយ មានមនុស្សខ្លះចេះគិតពិចារណា សម្លឹងឃើញជីវិតរបស់មនុស្សទាំងឡាយនៅក្នុងសង្គម មានការប្រព្រឹត្តទាំងល្អ ទាំងអាក្រក់ ពេលខ្លះសង្គមក៏មានសេចក្តីចម្រើន ពេលខ្លះក៏មានការសាបសូន្យ និងផ្លាស់ប្តូរប្រែប្រួលទៅជាប្រការផ្សេងៗ មិនមានការទៀងទាត់ពិតប្រកដ រកសារៈនិងសេចក្តីសុខឲ្យឋិតថេរពុំបានឡើយ ។ ការមានជីវិតរស់នៅកណ្តាលនៃសង្គមក្រៅអំពីសេចក្តីក្រវល់ក្រវាយនិងក្រៅអំពីរកសេចក្តីសុខចាកការស្ងប់បានដោយលំបាកហើយនោះ វានៅមានសភាពមិនប្រសើរម្យ៉ាងទៀតគឺ ការមិនងាយមានឱកាសក្នុងការស្វែងរកសេចក្តីពិតនៃជីវិត មិនងាយនឹងដុសខាត់សម្អាតចិត្តឲ្យផុតចាកពីការសៅហ្មង ព្រោះហេតុដូច្នេះ ទើបមានមនុស្សខ្លះចេញចាកអំពីសង្គមមនុស្ស ហើយទៅនៅក្នុងទីឆ្ងាយ ដើម្បីឲ្យមានសេចក្តីសុខស្ងប់ និងមានពេលគិតពិចារណាស្រាវជ្រាវរាវរកសេចក្តីពិត ដោយមិនមានការរំខានអំពីរឿងកង្វល់ផ្សេងៗ ដែលទាក់ទងជាមួយមនុស្សដទៃទៀត ។ ដោយការដកខ្លួនចេញអំពីសង្គមមនុស្សហ្នឹងឯងទើបមានការកើតឡើងនូវបព្វជ្ជាគឺការបួស មានការមិនគ្រប់គ្រងផ្ទះ រស់នៅក្នុងព្រៃធំ និងទីស្ងាត់ផ្សេងៗទៀតមានគុហាភ្នំជាដើម រហូតដល់រកឃើញផ្លូវនៃសេចក្តីសុខស្ងប់ ចូលកាន់ឈានសមាបត្តិ ស្ងប់ចាកកាមរាគៈមិនក្រវល់ក្រវាយនៅក្នុងរឿងរបស់មនុស្សលោកឡើយ ។ ការស្វែងរកទីពឹង និងខ្លឹមសាររបស់ជីវិត ព្រមដោយសេចក្តីសុខស្ងប់ក្នុងចិត្តយ៉ាងនេះ បានមានមកជាលំដាប់ និងមានជាសក្ខីភាពបញ្ជាក់អំពីភាពជាឥស្សរៈលើកាមតណ្ហា និងបញ្ជាក់ប្រាប់អំពីមាគ៌ាដែលត្រូវចាញចាកអំពីជរា ព្យាធិ និងមរណៈ រហូតដលសម័យព្រះសិទ្ធត្ថបរមពោធិសត្វ ព្រះអង្គប្រសូតនៅព្រៃលុម្តិនី ។ មុនដំបូង ព្រះសិទ្ធត្ថក៏ស្ថិតនៅនាកណ្តាលហ្វូងនៃពពួកជន កណ្តាលកាមក្នុងព្រះបរមរាជវាំងដែរ និងមានការខ្វល់ខ្វាយ ជាមួយនឹងរឿងស្វែងរកសេចក្តីសុខ អំពីវត្ថុទាំងឡាយដែលហៅថាកាមសុខហ្នឹងឯងក្នុងនោះព្រះបាទសិរីសុទ្ធោទនៈ ជាព្រះបិតា បានចាត់ចែងនូវវត្ថុកាមគុណដ៏ប្រណិតសម្រាប់ទាក់ចិត្តព្រះអង្គផងដែរ ។ ក្រោយក ព្រះសិទ្ធត្ថទ្រង់បានឃើញថា ការដែលនឹងនៅតាមៗ គ្នា កើតមកហើយក៏ចាស់ ហើយក៏ឈឺស្លាប់ទៅតាមគ្នាវិលវល់ចុះឡើងដូចនេះ វាជាការដែលគួរឲ្យរង្កៀសណាស់ រកខ្លឹមសារអ្វីមិនមានឡើយ ។ ក្នុងទីបំផុតព្រះសិទ្ធត្ថបរមពោធិសត្វ ទ្រង់បានពិចារណារកផ្លូវថាធ្វើយ៉ាងណាទើបអាចរកឃើញសេចក្តីពិតនៃជីវិត នឹងបានរួចផុតចាកចាស់ឈឺស្លាប់ ។ ការមានជីវិតរស់នៅកណ្តាលសេចក្តីខ្វាយខ្វល់ ក្នុងសង្គមនោះ មិនមានអំណោយឳកាសឡើយ ព្រោះជីវិតគ្រប់គ្រងផ្ទះ មានការហួងហែងកង្វល់ស្មុគស្មាញ មានរឿងរ៉ាវរួបរឹតជុំជិតខ្លួន (សម្ពាធោ ឃរាវាសោ ជីវិតគ្រប់គ្រង់ផ្ទះមានសភាព ចង្អៀត ) ។ ទ្រង់បានឃើញថាការចេញទៅបួស ដូចយ៉ាងអ្នកបួសដែលមានក្នុងសម័យនោះឯងគឺ ជាអ្នកបួសបន្តគ្នាតាំងតែអំពីសម័យបុរាណកាលដ៏យូរលង់មក ជាផ្លួវចេញដ៏ល្អ (អព្កោកាសោ បព្វជ្ជា ការបួសគឺការចេញទៅកាន់ទីវាលស្រឡះដ៏ក្រៃលែង មានសេរីភាព ទៅកាន់ទីណាក៏បាន ) ទើបទ្រង់សម្រេចព្រះទ័យ លះបង់សភាពនៃជីវិតក្នុងព្រះបរមរាជវាំង ហើយស្តេចចេញបួសបំពេញនូវនេក្ខម្មបារមីជាចុងក្រោយ ។ ព្រះអង្គទ្រង់ស្វែងរកការចេះដឹង អំពីសំណាក់អ្នកបួសផ្សេងៗ និងទ្រង់ប្រព្រឹត្តបដិបត្តិតាមផ្លូវរបស់អ្នកបួសទាំងនោះ គ្រប់បែបយ៉ាង ។
ព្រះអង្គទ្រង់យាងទៅសាកល្បង តាមផ្លូវបដិបត្តិរបស់អ្នកបួសក្នុងសម័យនោះ ជាទីបំផុតទ្រង់បានជ្រាបថាលទ្ធិរបស់អ្នកបួសទាំងអស់នោះ ព្រមទាំងឬសី តាបសផ្សេងៗ មិនមែនជាផ្លូវដែលនឹងនាំឲ្យបានសម្រេចនូវការចេះដឹងដ៏ខ្ពង់ខ្ពស់ ដើម្បីផុតចាកអំពីជរាមរណៈឡើយ ទើបព្រះអង្គស្វែងរកផ្លូវដោយព្រះអង្គឯងផ្ទាល់ ហើយព្រះអង្គក៏បានត្រាស់ដឹងនៅថ្ងៃ១៥កើតពេញបូណ៌មីខែពិសាខមុនព្រះអង្គបរិនិព្វាន៤៥ឆ្នាំ ក្នុងព្រះជន្មព្រះអង្គ៣៥ព្រះវស្សា ។ កាលដែលព្រះអង្គបានត្រាស់ដឹងហើយ ទ្រង់ក៏បាននាំយកនូវព្រះធម៌មកផ្សព្វផ្សាយ ទូន្មានប្រៀនប្រដៅដល់សត្វលោក ។ អ្នកដែលមានសទ្ធាព្រមដោយឧបនិស្ស័យជាមួយនឹងព្រះអង្គ បានយល់អំពីជីវិតពិត ហើយបានយល់ចូលចិត្តអំពីគោលនៃសេចក្តីល្អផ្សេងៗ ដែលសម្រាប់ញ៉ាំងជីវិតឲ្យបានដល់នូវសេចក្តី សុខ សេចក្តីចម្រើន ក៏បានមកសូមប្រព្រឹត្តបដិបត្តិជាមួយព្រះអង្គ ដោយការលះបង់នូវផ្ទះសម្បែង ឈប់នៅគ្រប់គ្រងផ្ទះ ដែលហៅថាចេញបួសហ្នឹងឯង ។ ការបួសគឺបព្វជ្ជា នេះប្រែយកសេចក្តីងាយៗ ថាការវៀរចាកនូវបាបអកុសលផ្សេងៗ ដោយទូទៅ ។ គឺជារបស់ដែលងាយក្នុងការលះបង់នោះទេ ពេលខ្លះលះបានតែខាងក្រៅ ប៉ុន្តែនៅខ្វល់ខាងក្នុង លះបានផ្លូវកាយផ្លូវវាចាហើយ តែកិលេសនៅប្រជុំគ្នាក្នុងចិត្ត របៀបដូចសត្រូវប្រមូលកម្លាំងទ័ព ដូច្នេះក្នុងការធ្វើសង្គ្រាមជាមួយសត្រូវគឺកិលេស ត្រូវមានការហ្វឹកហាត់អប់រំទូន្មានខ្លួនដ៏យ៉ាងហ្មត់ចត់ក្រៃលែង ។ ការបួសនេះទើបជាការហឹ្វកហាត់អប់រំខ្លួនឲ្យបានហ្មត់ចត់ បរិសុទ្ធស្អាត ជាការសិក្សាព្យាយាម ដុសខាត់កម្ចាត់កិលេសគ្រឿងសៅហ្មងចិត្ត និងសេចក្តីអាក្រក់ផ្សេងៗឲ្យខ្ចាត់បាត់អស់ទៅ ។ កិលេសតួសំខាន់ដេលប្រាកដច្បាស់ គឺការឃើញតែពីខ្លួនឯង ដែលធ្វើឲ្យមនុស្សស្វែងរកតែគ្រឿងសេពសោយដើម្បីយកមកផ្គាប់ផ្គុនខ្មោចកិលេសក្នុងខ្លួនហ្នឹងឯង ។ សត្វលោករីករាយវង្វេងវង្វាន់នៅក្នុងកាមគុណ នាំគ្នាពោលសរសើរកាមនិងអាមិសផ្សេងៗ ហើយសម្លុតគំរាមកំហែងអ្នកដទៃ ប្រព្រឹត្តអំពើបៀតបៀនអ្នកដទៃ ដោយអាងគ្នីគ្នា អាងខ្នង អាងអញ ដែលសុទ្ធតែជាការអាងខុសទាំងអស់ព្រោះថា កំហុសដែលខ្លួនបានប្រព្រឹត្តទាំងប៉ុន្មាន នោះ វាធ្វើឲ្យយើងកា្លយជាមនុស្សអាក្រក់ស្រេចទៅហើយ ។ បព្វជ្ជាគឺការបួស មានន័យសេចក្តីថាការបញ្ចៀស ខ្លួនឲ្យបានរួចផុត អំពីការបៀតបៀនអ្នកដទៃពោលគឺការគេចចេញអំពីអំពើអាក្រក់របស់ខ្លួនឯង និងការដកខ្លួនចេញឲ្យផុតអំពីកាម បានដល់កិលេសក្នុងកាមចិត្តផង វត្ថុកាមសម្បូរបែបផ្សេងៗផង ។ បព្វជ្ជា គឺការលះបង់នូវគ្រឿងហួងហែង គ្រឿងកង្វល់ជាខាងក្រៅ មានទ្រព្យសម្បត្តិ មាសប្រាក់ ព្រមទាំងអ្វីៗទាំងអស់ផ្សេងទៀ ដែលជាគ្រឿងនាំឲ្យជាប់ជំពាក់ទៅណាមិនរួច ។ ជីវិតរបស់អ្នកបួស ព្រះសម្មាសម្ពុទ្ធទ្រង់ប្រៀបទៅនឹងបក្សី ដែលមានតែស្លាបមួយគូ នឹងទៅណា ពេលណាក៏រមែងទៅបានពេលនោះ ប៉ុន្តែ បើអ្នកបួសមានភាៈអ្វីផ្សេងៗ មានកិច្ចការរបស់សង្ឃឹមជាដើម ដូចយ៉ាងសម័យបច្ចុប្បន្ននេះ មានការគ្រប់គ្រងក្រុម ពួកគណៈ គ្រប់គ្រងអាវាស និងមានការគ្រប់គ្រងធំដុំលើសនេះទៅទៀតនោះក៏ឃើញថា មិនងាយទៅណាមកណាចោលការគ្រប់គ្រងបានឡើយ ដូច្នេះទើបត្រូវមានសតិដាស់តឿនខ្លួនជារឿយៗរាល់ថ្ងៃថា (ឧត្តមគតិនៃជីវិតរបស់អ្នកបួសនោះគឺសំដៅទៅរកភាពជាឥស្សរៈ ភាពវាលស្រឡះ មិនជំពាក់ទាក់ទិនក្នុងរបស់ផ្សេងៗ ដើម្បីមានឳកាសបំពេញកិច្ចការរបស់សមណៈបានយ៉ាងបរិបូណ៌ ) ។
បានបួសហើយ មិនមែនចប់ស្រេចត្រឹមតែបួសប៉ុណ្ណោះ រួចហើយនៅស្ងៀមៗ ហាក់ដូចជាគ្មានការអ្វីធ្វើនោះឡើយ ពិតមែនតែបួសហើយឈប់រវល់នឹងការងាររបស់អ្នកគ្រប់គ្រងផ្ទះប៉ុន្តែការដកខ្លួនចេញពីការងារគ្រប់គ្រងផ្ទះនោះ គឺដើម្បីបានឱកាសបំពេញការងាររបស់អ្នកបួស ដែលជាការងារដ៏ក្តៅគគុកក្នុងសរមភូមិ បានដល់ការធ្វើសង្គ្រាមច្បាំងជាមួយនឹងខ្លួនឯង (មិនមានការតស៊ូណា ឲ្យខ្លាំងក្លាជាងការតស៊ូដើម្បីឈ្នះចិត្តរបស់ខ្លួនឯងឡើយ) ។ ការបួសគ្រាន់តែជាចាប់ផ្តើមប៉ុណ្ណោះនឹងត្រូវព្យាយាមបដិបត្តិជាបន្ត ដើម្បីឈ្នះចិត្តរបស់ខ្លួនឯងឡើយ ) ។ ការបួសគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនឹងត្រូវព្យាយាមបដិបត្តិជាបន្ត ដើម្បីបានសម្រចផលដែលជាទិសដៅនៃការបួសនោះឯង ។ ការដែលនឹងបានសម្រចផលពីបព្វជ្ជា ត្រូវតែមានការ (រៀន) គឺសិក្សាហ្វឹកហាត់ ញ៉ាំងជីវិតរបស់ខ្លួនឲ្យចម្រើនទៅដោយគុណធម៌អប់រំកាយវាចា ចិត្ត ឲ្យបានល្អ ឲ្យបានប្រណីតឲ្យបានចម្រើនរុងរឿងជាភយ្យោភាព រហូតដល់លះបង់នូវបាបអកុសលបានអស់ ជាការរួចផុតអំពីកិលេស និងជាការបានឈ្នះនូវកងទុក្ខទាំងពួង ។មានពាក្យថា (បួសរៀន) បានសេចក្តីថា បួសដើម្បីរៀន ឬថា ការបួសក៏គឺជីវិតនៃការរៀនដឹង សិក្សាហ្វឹកហាត់ឲ្យជីវិតចម្រើនទៅដោយប្រាជ្ញាស្មារតី ដូច្នេះពាក្យថា (រៀន) ត្រូវគ្នានឹងពាក្យបាលីថា (សិក្ខា) ។ សារៈសំខាន់នៃការបួសទាំងអស់ គឺស្ថិតនៅត្រង់ការសិក្សាអប់រំ ដែលភាសាក្នុងព្រះពុទ្ធសាសនាហៅថាសិក្ខាហ្នឹងឯង ។ ប្រទេសខ្មែរយើង ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូច្នេះ តាំងពីដើមមកខ្មែរ យើងបានឃើញប្រយោជន័នៃការបួសទើបបានគិតថា បើមិនអាចបួសបានរហូតទេក៏ដោយចុះ គឺគ្រាន់តែបួស២-៣ វស្សាក៏ជាប្រយោជន៍ដែរដើម្បីបានឱកាសដុឋខាត់ចិត្ត ធ្វើឲ្យជីវិតចម្រើនទៅដោយការចេះដឹងរួចហើយទើបលាសិក្ខាមកទទួលខុសត្រូវក្នុងសង្គមគ្រួសារ និងសង្គមជាតិវិញ ។ ទិសដៅនៃការបួស គឺការរួចផុតចាកទុក្ខ ដូចបានរៀបរាប់ពីខាងដើមច្រើនហើយ ប៉ុន្តែដូចនៅប្រទេសខ្មែរយើងបានមានប្រពៃណីមួយរបស់ប្រជាជនខ្មែរគឺថាបើកុលបុត្រមានឳកាសត្រូវឲ្យបានបួសក្នុងមួយរយៈវេលាយូរឬឆាប់តាមសមគួរដល់អធ្យាស្រ័យ ដើម្បីនឹងបានសិក្សាអប់រំ តាមគោលព្រះពុទ្ធសាសនាផង ដើម្បីបានជាឧបនិស្ស័យសម្បត្តិដ៏ប្រសើរឧត្តមផង ។ សម័យបច្ចុប្បន្ននេះ ការបួសក្នុងប្រទេសខ្មែរ យើងមានទិសដៅច្រើនប្រការផ្សេងៗទៀត អាចសរុបបានជា៣ទិសដៅ ចំពោះទិសដៅដែលល្អប្រពៃ ក្រៅអំពីបួសដើម្បីរួចផុតចាកទុក្ខនោះគឺៈ - ទិសដោប្រការទី១ ជាការបំពេញតួនាទីរបស់ពុទ្ធសាសនិជន ដោយសេចក្តីថាពុទ្ធសាសនិកជនមានបំណងចង់ជួយព្រះពុទ្ធសាសនា ដោយការរក្សាព្រះធម៌វិន័យឲ្យបានមាំទាំព្រោះថា បើព្រះពុទ្ធសាសនាគឺពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ តាំងនៅពុំទាន់សាបសូន្យទេ ក៏នឹងបានជាប្រយោជន៍ដល់មនុស្សទាំងឡាយ ជួយឲ្យមនុស្សទាំងឡាយមានជីវិតល្អប្រពៃនិងជួយឲ្យសង្គមជាតិមាននូវម្លប់ត្រជាក់ ពោលគឺម្លប់សាសនាហ្នឹងឯង ។ វិធីដែលល្អ ជាទីបំផុត ក្នុងការរក្សាព្រះពុទ្ធសាសនាបានដល់ការចូលទៅបួសរៀនព្រះធម៌វិន័យ និងរក្សាទុកនូវពាក្យទូន្មាន ប្រៀនប្រដៅរបស់ព្រះអង្គ ដែលបានរនចេះចាំមកដោយការប្រព្រឹត្តបដិបត្តិខ្លួនឯងផង ដឹងនាំឲ្យអ្នកដទៃបដិបត្តិផង របៀបនេះហៅថា (បន្តអាយុព្រះពុទ្ធសាសនា) ។ ក្រៃលែងជាងនេះទៅទៀតកាលបើរៀនដឹងហើយប្រព្រឹត្តបដិបត្តិតាមមានដំណើរជីវិតទៅតាមធម៌ក៏ស្មើនឹងយកព្រះពុទ្ធសាសនា មកទុកក្នុងជីវិតរបស់យើងដែរឬថា យកខ្លួនយើងជាទីរក្សាព្រះពុទ្ធសាសនា បើធ្វើបានយ៉ាងនេះ ជីវិតអ្នកទ្រទ្រង់វិន័យគឺជាអាយុជីវិតរបស់ព្រះវិន័យជីវិតអ្នកទ្រទ្រង់ធម៌គឺជាអាយុជីវិតរបស់ព្រះធម៌ដរាបណា ដែលនៅមានជីវិតនៃពុទ្ធបរស័ទ ដរាបនោះព្រះពុទ្ធសាសនារមែងគង់វង្ស យ៉ាងនេះ ឯងដែលហៅថាការបួសជាការបំពេញតួនាទីរបស់ពុទ្ធសាសនិកជន ។ - ទិសដៅប្រការទី២ ជាការបំពេញតួនាទីរបស់ខ្លួនជាជនជាតិខ្មែរ ហើយក៏បានទៅជាមរតករបស់ជនជាតិខ្មែរ ។ ជនជាតិខ្មែរយើងបានឃើញថា ព្រះពុទ្ធសាសនា ជាទ្រព្យសម្បត្តិដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតនៃប្រទេសជាតិ និងសង្គមរបស់យើង ព្រោះថា កាលដែលព្រះពុទ្ធសាសនាចូលមកហើយ ក៏មានគោលនៃការអប់រំធ្វើឲ្យមនុស្សប្រព្រឹត្តល្អ បើមានមនុស្សល្អ ច្រើនឡើងៗការបៀតបៀនគ្នាក្នុងសង្គមក៏ត្រូវបានថយចុះជាលំដាប់ ។ ព្រះពុទ្ធសាសនា បានជួបឲ្យមនុស្សសន្ធឹកសន្ធាប់ក្លាយជាមនុស្សល្អរស់នៅក្នុងសង្គម ។ ក្រៅអំពីជួយក្នុងផ្នែកគុណធម៌អប់រំឲ្យមនុស្សល្អ គឺល្អទាំងការប្រព្រឹត្ត ល្អទាំងផ្លូវចិត្តហើយ ក៏នៅមានប្រយោជន៍ ដែលជាឬសគល់នៃវឌ្ឃនធម៌របស់ជាតិយើងទៀតផង សូម្បីតែភាសារបស់យើងក៏បានមកអំពីភាសាបាលី រហូតដល់ភាសាសំស្ក្រឹតសន្ធឹកសន្ធាប់ សិល្ប៍សាស្ត្រផ្សេងៗ ក៏បានមកអំពីវត្ថអារាមនិងអ្វីផ្សេងៗទៀត ដែលមានការរីកចម្រើននៅក្នុងសង្គមជាតិយើងនេះ គឺបានមកអំពីព្រះពុទ្ធសាសនាជាឬសគល់ច្រើនជាទីបំផុត ។
ដោយអាស្រ័យហេតុផលដូចបានពោលមកនេះយើងបានឃើញថា ព្រះពុទ្ធសាសនាជាសម្បត្តិប្រចាំជាតិរបស់យើង គួរខ្មែរយើងជួយគ្នាដើម្បីរក្សាឲ្យមានជាបន្តទៅ ។ ការបួសនេះឯងជាការជួយរក្សាព្រះពុទ្ធសាសនាដែលជាទ្រព្យសម្បត្តិរបស់ជាតិ ដូច្នេះយើងក៏បានយល់ព្រមឲ្យខ្មែរមានឱកាសបានមកបួស នឹងបានជួយគ្នារក្សាទ្រព្យសម្បត្តិរបស់ជាតិខ្មែរ ឲ្យបានឋិតថេរយឺនយូរតទៅនេះឯងជាទិសដៅប្រកាទី២នៃការបួស គឺការបំពេញតួនាទីរបស់ខ្លួនជាជនជាតិខ្មែរ ។
- ទិសដៅប្រការទី៣ ជាការតបស្នងដល់ព្រះគុណរបស់មាតាបិតា ដូចដែលយើងបានកាន់យកជាប្រពៃណីមកថា បើអ្នកណាបានបំបួសកូនហើយ ក៏បានបុណ្យបានកុសលច្រើនណាស់ កូនបានមកបួសហើយ ជាការជួយឲ្យឪពុកម្តាយបានតោងជាយសំពត់កាសាវៈ ទៅកាន់ស្ថានសួគ៌ រហូតដល់បានជាញាតិព្រះសម្មាសម្ពុទ្ធទៀតផង ដូច្នេះការបួសនេះក៏បានមកជាទិសដៅមួយគឺដើម្បីតបស្នងសងគុណដល់មាតាបិតា ។ ការបួសតបស្នងគុណមាតាបិតានេះ បើសម្លឹងមើលឲ្យជ្រៅទៅ ក៏ជារឿងពិតរបស់ចិត្ត ព្រោះថា តាមធម្មតារបស់មាតាបិតារមែងស្រឡាញ់កូន ហើយជាទីបំផុតនៃសេចក្តីស្រឡាញ់របស់មាតាបិតា គឺស្រឡាញ់កូនហ្នឹងឯង កាលបើស្រឡាញ់កូនយ៉ាងនេះ ក៏រមែងចង់ឲ្យកូនបានល្អ ចង់ឲ្យកូនបានសេចក្តីសុខ បើកូនបានល្អប្រកបព្រមដោយសេចក្តីសុខហើយមាតាបិតាក៏បានសេចក្តីសុខដែរ ។ ដូច្នេះទើបមានពាក្យពោលថា (កតញ្ញុតាធម៌របស់បុត្រធីតា ជាសេចក្តីសុខរបស់មាតាបិតា) ផ្ទុយមកវិញ បើកូនមិនល្អ មិនមាននូវសេចក្តីសុខទេ ឪពុកម្តាយក៏មាននូវសេចក្តីទុក្ខ ហើយទុក្ខរបស់ឪពុកម្តាយព្រោះកូននេះ ក៏ជាទុក្ខខ្លាំងក្លា ជាទុក្ខដ៏ធំធេង ។ មាតាបិតាប្រាថ្នាល្អចំពោះកូន ទើបគិតថា ធ្វើយ៉ាងណាដើម្បីឲ្យកូនបានល្អហើយមាននូវសេចក្តីសុខ ។
ការដែលកូនបានល្អមាននូវសេចក្តីសុខទៅបាន គឺកូនត្រូវមានការសិក្សាមានការហ្វឹកហាត់អប់រំយ៉ាងល្អ ។ មិនចំពោះតែក្នុងបច្ចុប្បន្នប៉ុណ្ណោះទេ មាតាបិតានៅនឹកគិតប្រាថ្នាចង់ឲ្យកូនបានល្អមាននូវសេចក្តីសុខ ក្នុងអនាគតរបស់កូនទៀតផង ព្រោះថា តទៅកាលខាងមុខឪពុកម្តាយនឹងមិនបាននៅជាមួយកូនរហូតតទៅឡើយ ហើយកូននឹងទៅជាយ៉ាងណាៗនោះ ឪពុកម្តាយក៏គិតកង្វល់ក្នុងរឿងអនាគតរបស់កូនថា តើបន្តទៅខាងមុខ កូននឹងជាមនុស្សល្អមានសេចក្តីសុខ មានសេចក្តីសម្រេច មានជីវិតរស់នៅក្នុងសង្គមលោកបានល្អឬទេ នឹងរក្សាវង្សត្រកូលបានឬទេ ជាការគិតសព្វសារពើ នេះឯងជាកង្វល់របស់មាតាបិតាទាំងឡាយ រួមសេចក្តីមកថា សេចក្តីប្រាថ្នាចង់ឲ្យកូនបានជាមនុស្សល្អមាននូវសេចក្តីសុខនេះ ស្ថិតក្នុងចិត្តរបស់មាតាបិតាគ្រប់គ្រាគ្រប់វេលា ។ ព្រះពុទ្ធសាសនាបានជួយឲ្យមានការសិក្សាអប់រំជាពិសេសគឺយុវវ័យព្រោះថាជាធម្មតារបស់យុវវ័យរមែងចូលចិត្តដើរកំសាន្តទៅនេះទៅនោះនិង មានការសេពគប់នូវមិត្តសម្លាញ់ផ្សេងៗដ៏ច្រើន ។ ជារៀងរាល់ថ្ងៃឪពុកម្តាយរមែងមានការហួងហែងកូនដោយចំពោះគឺកូនប្រុសដែលតែងតែខិលខូច មិនស្តាប់បង្គាប់តាមពាក្យទូន្មាន ។ កាលដែលកូនទៅណាមកណា ឪពុកម្តាយមានចិត្តព្រួយខ្វល់ខ្វាយដោយគិតថា ក្រែងកូននឹងទៅមានរឿងជាមួយអ្នកណា តើកូនបានធ្វើត្រឹមត្រូវដែលឬទេ ជាការគិតកង្វល់ចុះឡើង រហូតទាល់តែកូនត្រឡប់មកដល់ផ្ទះវិញ ហើយដឹងថាគ្មានរឿងអ្វីទេ ទើបបានធូរចិត្តខ្លះ។ មាតាបិតាតែងនឹកគិតថា តើត្រូវធ្វើយ៉ាងណាទើបអាចធានាបានថា កូននឹងជាមនុស្សល្អ អាចទទួលខុសត្រូវក្នុងជីវិតខ្លួនឯងបាន អាចទទួលខុសត្រូវលើក្រុមគ្រួសារបាន និង អាចទទួលខុសត្រូវក្នុងសង្គមជាតិបាន ។ កាលកូនបានបួសជាព្រះសង្ឃនៅក្នុងវត្ត គ្រងសំពត់ពណ៌លឿងហើយ មានវិន័យ មានសីលល្អបរិសុទ្ធត្រឹមត្រូវ(ដោយគ្រាន់តែបានបួសប៉ុណ្ណឹង) មាតាបិតាក៏សប្បាយចិត្តព្រោះមិនបានកង្វល់ហួងហែង ។ សប្បាយចិត្តព្រោះបានកូនចូលទៅក្នុងឧត្តមភេទ ចិត្តមាតាបិតាស្ងប់មិនក្រវល់ក្រវាយ នឹកសប្បាយត្រង់ដែលកូនបានបួស បានរៀនសូត្រចេះដឹងក្នុងព្រះធម៌ ព្រះវិន័យ ។ មិនមែនត្រឹមតែប៉ុណ្ណោះទេ មាតាបិតានៅមានសេចក្តីរីករាយសប្បាយចិត្តក្នុងរឿងផ្សេងទៀត ដោយសង្ឃឹមថា កាលបើកូនបានបួស បានសិក្សាអប់រំតាមព្រះធម៌វិន័យដូច្នេះហើយ តទៅមុខកូននឹងបានជាបព្វជិតល្អឬមនុស្សល្អ ម្យ៉ាងទៀត ជាប្រក្រតីរបស់មាតាបិតា គឺតែងតែរវល់ជាមួយកិច្ចការងារចិញ្ចឹមជីវិត ពេលខ្លះក៏មិនមានឳកាសបានចូលវត្តផងដែរ មិនមានពេលសូម្បីតែនឹកតាមផ្លូវចិត្ត ព្រោះថារវល់ចិត្តនឹកគិតដល់រឿងផ្សេងៗទៀត ប៉ុន្តែដល់ទៅកូនបានបួសហើយ នឹកដល់កូនពេលណា ក៏នឹកដល់ព្រះសង្ឃពេលនោះដែរកាលនឹកដល់ព្រះសង្ឃ ក៏នឹកដល់វត្ត នឹកដល់ព្រោះសាសនា សេចក្តីនេះបានន័យថាកូនបានជួយនាំចិត្តបង្អោនចិត្តរបស់មាតាបិតាឲ្យចូលមកកាន់ព្រះសាសនា ឲ្យចូលមកបួសជាបព្វជិតល្អត្រឹមត្រូវក៏ជាការជួយមាតាបិតា អញ្ជើញមកកាន់ព្រះសាសនាផងដែរ ចាប់ផ្តើមតាំងអំពីធ្វើឲ្យចិត្តមាតាបិតាទនទោរមករកវត្ត រហូតដល់មានឳកាសបានអញ្ជើញមកវត្តច្រើនឡើងៗ ។ ពេលនឹកលោកកូន ត្រូវមកវត្ត ដល់ក្នុងវត្តជួបព្រះសង្ឃ ធ្វើចង្ហាន់ ប្រគេន លោកកូន ត្រូវប្រគេនព្រះសង្ឃក្នុងវត្តច្រើនអង្គទៀតផង ។ អញ្ជើញមកវត្តញឹកញាប់បានស្តាប់ព្រះធម៌ក៏ច្រើន បានរៀនព្រះធម៌ផង បំរើព្រះសង្ឃផង នេះឯងទើបជាផ្លូវដែលជួយឲ្យមាតាបិតា បានចូលជិតព្រះពុទ្ធសាសនា ហៅថា ជាញាតិរបស់ព្រះសម្មាសម្ពុទ្ធយ៉ាងពិតប្រាកដ ។ កូនដែលមានការយល់ដឹងបានល្អ ពេលមកបួសហើយ ខ្លួនឯងបានឃើញគុណតម្លៃរបស់ព្រះពុទ្ធសាសនាបានឃើញគុណតម្លៃនៃព្រះធម៌ កាលបានឃើញគុណតម្លៃនៃព្រះធម៌ហើយក៏នាំយកព្រះធម៌មកផ្សព្វផ្សាយ ដល់មាតាបិតាញាតិមិត្តបងប្អូនរបស់ខ្លួណ ធ្វើឲ្យសេចក្តីល្អរីកខ្ចរខ្ចាយចេញទៅជួយឲ្យមាតាបិតាជាដើមមានចិត្តត្រជាក់មានជីវិតស្រស់ថ្លារុងរឿង ។ បើខ្លួនឯងអាចនាំយកព្រះធម៌ដេលបានសិក្សាហើយ មកដិបត្តិឲ្យខ្លួនឯងជាបព្វជិតល្អផង ជួយណែនាំមនុស្សក្នុងសង្គមឲ្យយល់ដឹងបានល្អបានសុខផង នេះគឺ ជាការជួយឲ្យមាតាបិតារឹងរឹតតែមានសេចក្តីសុខ សេចក្តីចម្រើនជាភិយ្យោភាព ។ ការតបស្នងគុណមាតាបិតា ខាងដើមជាទីបំផុត នៅត្រង់ទំនុកបម្រុងរាងកាយដោយបច្ច័យ៤ ព្រមទាំងបម្រើការងារសព្វសារពើដែលអាចធ្វើទៅបាន ប៉ុន្តែដែលជាសារៈសំខាន់នោះ គឺធ្វើយ៉ាងណាឲ្យគាត់មាននូវសេចក្តីសុខ ដោយចំពោះធ្វើឲ្យគាត់មាននូវសេចក្តីសុខផ្លូវចិត្ត ។ កាលដែលធ្វើឲ្យមាតាបិតាបាននូវសេចក្តីសុខតាមផ្លូវចិត្តហើយ ក៏ជាការតបស្នងសងគុណដល់មាតាបិតាបានយ៉ាងល្អជាទីបំផុត ព្រោះថា បើកូនធ្វើឲ្យមាតាបិតាក្តៅក្រហាយចិត្ត មានសេចក្តីទុក្ខកង្វល់ ដោយសារការប្រព្រឹត្តមិនល្អរបស់ខ្លួនឯងជាកូននោះ ឈ្មោះថាយើងជាកុណបានបៀតបៀន ទើលើលោកអ្នកមានគុណដោយពិតតែបើយើងបានធ្វើឲ្យអ្នកមានគុណមានសេចក្តីសុខ មាននូវបីតិប្រកបដោយចិត្តជ្រះថ្លាក្នុងព្រះសាសនាដូចបានពោលរួចខ្លះហើយ គឺការសងគុណដ៏យ៉ាងប្រណីត ។ ការតបស្នងដោយវត្ថុមានអាហារបាយទឹក និងសំពត់ខោអាវជាដើម គឺជារបស់ខាងក្រៅ មិនមែនជារបស់ដែលមានខ្លឹមសារពិតប្រាកដឡើយ របស់ដែលមានខ្លឹមសារពិតប្រាកដ គឺការនាំមាតាបិតាចូលមករកព្រះធម៌ឲ្យមាតាបិតាមានសទ្ធាពិតប្រាកដ ឲ្យមានសីល សុតៈចាគៈ និង ឲ្យកមាតាបិតាជាពុទ្ធបរិស័ទមានបញ្ញា ។ សទ្ធាសីល សុតៈ ចាគៈ និង បញ្ញា ធម៌៥ប្រការនេះជារបស់មានតម្លៃ ជាខ្លឹមសារនៃជីវិតគួរកូនប្រុសស្រីខិតខំប្រឹងប្រែងជួយជ្រោមជ្រែងឲ្យមាតាបិតា បានប្រកបទៅដោយធម៌៥ប្រការនោះកុំបីខាន ទោះបីខ្លួនឯងជាកូនបានបួស ឬមិនបានបួសក៏ដោយចុះ ។ កូនដែលបានមកបួសហើយ ត្រូវតាំងចិត្តប្រព្រឹត្តឲ្យបានល្អជាទីបំផុត ជាប្រយោជន៍ដល់ខ្លួនឯងជា អ្នកបួសផងជាប្រយោជន៍ដល់អ្នកដទៃមានមាតាបិតាជាដើមផង ។ មាតាបិតានឹករលឹកដល់លោកកូនហើយក៏កើតបីតិមានសេចក្តីសុខ ពេលនឹកដល់លោកកូនបួសជាព្រះសង្ឃនៅវត្តក៏នឹកដល់ទៅថា លោកកូនតាំងចិត្តសិក្សាព្រះធម៌ព្រះវិន័យមានជីវិតរស់នៅក្នុងសីល និងកល្យាណធម៌ ។ ពេលនឹករលឹកដល់លោកកូនហើយ ក៏នឹករលឹកដល់ព្រះពុទ្ធសាសនា នឹកឃើញវត្ត នឹកឃើញព្រះសង្ឃច្រើនអង្គ នឹកឃើញព្រះចេតិយ នឹកឃើញព្រះពោធិព្រឹក្សនឹកឃើញសូត្រធម៌នឹកឃើញស្តាប់ធម៌ ។ ល ។ អនុស្សតិក៏រមែងចម្រើនដល់មាតាបិតា ។ ពេលឃើញកូនស្លៀកដណ្តប់សំពត់លឿង សង្រួមត្រឹមត្រូវ និមន្តមកបិណ្ឌបាត ហឬទ័យរបស់មាតាបិតាពោរពេញទៅដោយបីតិប្រកបព្រមទៅដោយសេចក្តីតាំងចិត្ត ដើម្បីតម្កល់ខ្លួនឲ្យជាញោមប្រុសស្រីដ៏ល្អ ។ ឃើញកូនពេលណានឹករលឹកដល់កូនពេលណា ក៏មានសេចក្តីសុខ និងជ្រះថ្លាពេលនោះ ។
នេះឯងជាទិសដៅប្រការទី៣ នៃការបួស គឺការតបស្នងដល់ព្រះគុណរបស់របស់មាតាបិតា ។
បើបព្វជិតទាំងឡាយ ប្រព្រឹត្តបដិបត្តិល្អ តាំងចិត្តរៀន ហ្វឹកហាត់អប់រំក្នុងព្រះធម៌វិន័យ ចម្រើនក្នុងសីលសមាធិ បញ្ញា ក៏សម្រេចបាននូវខ្លឹមសារនៃការបួសគឺដើម្បីរួចផុតចាកទុក្ខ ហើយក៏បានសម្រេចនៅក្នុងទិសដៅ៣ប្រការទៀត ដែលមានផលដល់ព្រះពុទ្ធសាសនាផងមានផងដល់សង្គមជាតិផង មានផលដល់មាតាបិតាផងដូច្នេះ សូមកុលបុត្រទាំងឡាយ ពិចារណាតាមការគួរ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ខ្លឹមសារគួរយល់ដឹង រៀបរៀងដោយៈ កញ្ញា ជា ម៉ានិត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |