Reading Article
Public date : 22, Sep 2023 (9,731 Read)
ដើមឈើមាត់ច្រាំងនឹងភ្នំថ្មតាន់

|
ដើមឈើមាត់ច្រាំងទន្លេ នៅចំមុខទឹក វាងាយនឹងរលំរលីងណាស់ នៅក្នុងន័យនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាៈ កិលេសមាររមែងបៀតបៀនបុគ្គល ដែលឃើញនូវអារម្មណ៍មានរូបជាដើមថាល្អ ថាស្អាត កាន់យកនូវនិមិត្តថាស្រី ថាប្រុស ហើយនិមិត្តនោះក៏គ្របសង្កត់ចិត្តឋិតនៅជាអ្នកមិនសង្រួមក្នុងឥន្ទ្រិយទាំងឡាយ មានភ្នែកជាដើមមិនស្គាល់ប្រមាណនៃការបរិភោគ និងខ្ជិលច្រអូស ទន់ខ្សោយដោយសេចក្ដីព្យាយាម ដូចជាខ្យល់ដែលបោកបក់នូវដើមឈើ ធ្វើឲ្យដើមឈើដែលនៅមាត់ច្រាំងទន្លេជាប់ឫសតែបន្តិចបន្តួចនោះដួលរលំចូលក្នុងទន្លេ ដូច្នោះឯង។
រីឯភ្នំថ្មតាន់វិញ រឹងមាំណាស់ មិនដូចជាដើមឈើនៅមាត់ច្រាំងទន្លេនោះឡើយ ព្រះអង្គទ្រង់ត្រាស់សម្ដែងដូច្នេះថាៈ កិលេសមារ មិនអាចបៀតបៀននូវបុគ្គល ដែលសម្លឹងមើលឃើញថា មិនល្អ មិនស្អាត សង្រួមឥន្ទ្រិយ ស្គាល់់ប្រមាណក្នុងភោជន និងអ្នកមានសទ្ធាប្រារព្ធនូវសេចក្ដីព្យាយាមនោះបានឡើយ ដូចជាខ្យល់បក់បោកភ្នំថ្មតាន់ឲ្យដួលរលំបាក់មិនបាន ក៏យ៉ាងនោះដែរ។ លោកនេះឆេះសន្ធោសន្ធៅ សត្វលោកផ្សាក្ដៅ ព្រោះនៅក្នុងចិត្តខ្វះធម៌។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |