Reading Article
Public date : 29, Jul 2019 (19,441 Read)
បុណ្យចូលឆ្នាំថ្មី

|
បុណ្យចូលឆ្នាំថ្មី
បុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិយើង ដែលងតែងតែធ្វើជារៀងរាល់ឆ្នាំ បើតាមទម្លាប់ខ្មែរ តែងប្រារព្ធនៅក្នុងខែចេត្រ ជាខែដែលប្រជាកសិករប្រមូលផលស្រូវរួចរាល់។ រីឯពិធីបុណ្យនេះដែលមាននិទានជាលំដាប់ដូចតទៅ ១- ពេលវេលាចូលឆ្នាំខ្មែរ កាលដើមឡើយខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះជាដើមឆ្នាំ។ នាសម័យពីព្រេងនាយឆ្នាំនីមួយៗចែកជាបីរដូវគឺ ហេមន្តរដូវគិម្ហវនិងវស្សានរដូវ។ បុរាណលោកគិតខែហេមន្តរដូវរដូវត្រជាក់ចាត់ទុកជារដូវដើមឆ្នាំប្រៀបបានដឹងពេលព្រឹកដែលផុតពីរាត្រីគឺជាដើមថ្ងៃ។ គិម្ហរដូវ រដូវក្ដៅត្រូវសន្មតទុកជាកណ្ដាលឆ្នាំប្រៀបដូចជាពេលថ្ងៃត្រង់វស្សានរដូវជារដូវមេឃមីរងងឹតមានភ្លៀងផ្គរត្រូវទុកជាចុងឆ្នាំប្រៀបបាន នឹងពេលព្រលប់។ ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុល្លសករាជជាសំខាន់នោះមិនដឹងជាប្រើនៅក្នុងរដូវកាលនៃព្រះរាជាអង្គណាទេទើបកាលចូលឆ្នាំថ្មីមានការប្រែប្រួលហើយកំណត់យកខែចេត្រជាខែដើមឆ្នាំវិញ ព្រោះបុព្វបុរសយើងយល់ថាស្ថិតនៅក្នុងខែមិគសិរនេះប្រជានុរាស្ត្រកសិករខ្មែរយើងជាប់រវល់មមាញឹកក្នុងបេសកកម្មមានការរៀបចំធ្វើស្រែចម្ការជាដើម។ ទើបលោកកំណត់យកពេលចូលឆ្នាំមកធ្វើនៅក្នុងកំលុងខែចេត្រវិញ ពីព្រោះថាខែចេត្រកិច្ចការច្រូតកាត់បោកបែនរបស់ប្រជាកសិករបានចប់សព្វគ្រប់ហើយ បណ្ដាប្រជាពលរដ្ឋខ្មែរយើងមានពេលទំនេរមានឱកាស ដើម្បីធ្វើបុណ្យទានតាមធនធានរបស់ខ្លួនមាន។ ម្យ៉ាងទៀតបានកម្សាន្តសប្បាយតាមសេចក្ដីប្រាថ្នាការកំណត់នេះក៏ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ។ ចំណែកថ្ងៃ ខែ ឆ្នាំ ខ្មែរ តែងប្រព្រឹត្តទៅមិនមុនថ្ងៃ៤កើតខែចេត្រ និងមិនក្រោយថ្ងៃ ៤ កើតខែពិសាខ។ ២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំខ្មែរជាព្រឹត្តិការណ៍យ៉ាងធំមួយក្នុងទឹកចិត្តនិងជីវភាពខ្មែរមុនពេលបុណ្យចូលឆ្នាំមកដល់ គេនាំគ្នារៀបចំបោសសម្អាត តុបតែងផ្ទះសម្បែងសម្អាតទីធ្លាវត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្កររកឧសដងទឹក ត្រៀម សម្លៀកបំពាក់ថ្មីៗ ។ល។ ឲ្យហើយស្រេច។ ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ ឲ្យជ្រះស្រឡះដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្សក្សេមក្សាន្តនិងសុភមង្គល។ ឆ្នាំថ្មីមកដល់ ស្នូរស្គរគាំងសំឡេងធម៌ពរជ័យ លាន់ឮ រន្ទឺអឺងកង ចេញពីវត្តអារាមនិងពីភូមិប្រជាជន ព្រោះវត្តខ្លះនៅឆ្ងាយពីភូមិគេរៀបចំកន្លែងមួយក្នុងភូមិរបស់គេ រួចនិមន្តព្រះសង្ឃមកភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញពីគ្រប់រានទេវតាតាមដងផ្លូវមុខផ្ទះសំបែងវត្តអារាម។ ចាស់ទុំ ក្រមុំ កំលោះក្មេងក្មាងតូចធំប្រដាប់ប្រដាដោយសម្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី។ ម្នាក់ៗមានទឹកមុខរីករាយស្រស់ស្រាយ រំភើបក្រៃលែងក្រមុំ កំលោះ ក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសក៏ពិសេសបំផុតសម្រាប់ពួកគេចូលឆ្នាំថ្មីកម្សាន្តលេងល្បែងប្រជាប្រិយជាមួយគ្នាដោយគ្មានចាស់ទុំណាម្នាក់ឃាំងឃាត់អ្វីឡើយ។ ពេលព្រលប់គេនាំគ្នាទៅស្ដាប់ធម៌អាថិជាការផ្ដុំនូវកុសលសម្រាប់ជីវិតជាតិនេះនិងជាតិខាងមុខរួចក៏មកប្រមូលផ្ដុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចចិត្ត។ គេនាំគ្នាលេងល្បែង ចាប់កូនខ្លែង លាក់កន្សែង ក្រុងកូនមាន់ ទាញព្រ័ត្រ ឬច្រៀង ចម្រៀងប្រពៃណី ឬលេងស្ដេចចង់ ចោលឈូង បោះអង្គញ់ លោតអន្ទាក់ រាំវង់ ។ល។ យ៉ាងសប្បាយរីករាយ។ ទោះបីយ៉ាងណាគេពុំភ្លេចរៀបចំចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទឹសកុសលជូនបុព្វការីជនញាតិសន្ដាន ដែលបានចែកឋានទៅកាន់បរលោកហើយនោះទេ។ គេនាំគ្នាជញ្ជូនដីដាក់វត្តពូនភ្នំខ្សាច់ រែកទឹកស្រង់ព្រះពុទ្ធរូបព្រះសង្ឃចាស់ៗ ព្រឹទ្ធាចារ្យ ពេលត្រឡប់ដល់ផ្ទះវិញគេអញ្ជើញ មាតាបិតា ចាស់ទុំ មកផ្ងូតទឹកហើយជូនសម្លៀកបំពាក់ថ្មីៗ នំចំណីដើម្បីជាកិច្ចតបស្នងសងគុណចំពោះបុព្វការីជនរបស់គេជាទម្លាប់ដល់ថ្ងៃឆ្លងបុណ្យ គេពិនិត្យឃើញតាមក្រោមម្លប់ឈើធំៗ មានល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន អ្នកខ្លះទៀតគេនាំគ្នាទៅទស្សនាកម្សាន្ត ប្រាសាទបុរាណ និងរមណីយដ្ឋាន គោរពបូជាវត្ថុស័ក្តិសិទ្ធិភ្ជាប់បរិយាកាសរីករាយនេះទៅ នឹងបរិយាកាសសម័យពីព្រេងនាយដ៏រុងរឿង តាមតំបន់ជាច្រើនយ៉ាងសន្ធឹកសន្ធាប់។ នៅក្នុងប្រទេសពេលចូលឆ្នាំម្ដងៗពួកគេមិនមែនសប្បាយត្រឹមតែរយៈពេល៣ថ្ងៃប៉ុណ្ណោះទេគេចាប់លេងសប្បាយរបៀបនេះមុននិងក្រោយថ្ងៃចូលឆ្នាំប៉ុន្មានថ្ងៃទៀតផង ហើយគេនាំគ្នាធ្វើបុណ្យកុសល ឲ្យអស់ចិត្តសប្បាយដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេ ដែលបានហែលឆ្លងកាត់ឧបសគ្គទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និងដើម្បីត្រៀមចាំទទួលភារកិច្ចថ្មី ត្រៀមចាំរដូវសាបព្រោះ ដកស្ទូង ត្រៀមចាំទឹកភ្លៀងដែលនឹងបង្អុរចុះមក នា ដើមវស្សានរដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុខ។ ៣- ជំនឿទេវតាឆ្នាំថ្មី ក្នុងសង្ក្រាន្តសូត្រនិទានថា ក្នុងដើមភទ្ទកប្បនេះមានបុរសម្នាក់ឈ្មោះ ធម្មបាល ជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វទៀតផង។ ធម្មបាលតែងសម្ដែងមង្គលដល់មនុស្សផងទាំងពួង។ សម័យនោះគេគោរពបូជាមហាព្រហ្ម។ មហាព្រហ្មបានជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញក៏មកសួរប្រស្នា៣ខហើយសន្យាថា ប្រសិនបើធម្មបាលដោះស្រាយប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ព្រះសិរខ្លួនបូជាធម្មបាល តែបើធម្មបាលដោះស្រាយប្រស្នាមិនរួចទេត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ។ ធម្មបាលសុំបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នាប៉ុន្តែ៦ថ្ងៃកន្លងផុតទៅ ហើយនៅតែគិតមិនឃើញសោះ។ ធម្មបាលក៏ភៀសខ្លួនទៅពួកក្រោមដើមត្នោតមួយគូដែលជាលំនៅនៃសត្វឥន្ទ្រី។ ជាភ័ព្វសំណាងល្អយប់នេះធម្មបាលបានឮសត្វឥន្ទ្រីញីឈ្មោល និយាយគ្នា ញី- ព្រឹកនេះបានសាច់ពីណាស៊ី? ឈ្មោល- យើងនឹងបានស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ព្រោះដោះប្រស្នាមិនរួច។ ញី- ប្រស្នានោះដូចម្ដេច? ឈ្មោល- ខទី១ វេលាព្រឹកសិរីនៅទីណា? ត្រូវឆ្លើយថានៅមុខហេតុនេះមនុស្សទាំងឡាយត្រូវយកទឹកលាងមុខ។ ខទី២ ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថាស្ថិតនៅដើមទ្រូងមនុស្សត្រូវលាងទ្រូងឬយកទឹកមកស្រឡាបលើទ្រូង។ ខទី៣ ពេលយប់សិរីនៅទីណា? ឆ្លើយថានៅជើងដូច្នេះមនុស្សត្រូវលាងជើង។ ហេតុនេះពាក្យពេចន៍ទាំងប៉ុន្មានរបស់សត្វឥន្ទ្រីទាំងពីរក៏បានជាពន្លឹកដល់ធម្មបាល ក្នុងការដោះស្រាយប្រស្នាកបិលមហាព្រហ្ម រួចចៀសផុតពីមរណៈ។ កបិលមហាព្រហ្ម សុខចិត្តចុះចាញ់កាត់ព្រះសិរបូជាធម្មបាល។ មុននឹងកាត់ព្រះសិរកបិលមហាព្រហ្មទេពធីតា៧អង្គ ដែលជាបុត្រីរបស់ខ្លួនឲ្យយកពានមកទ្រព្រះសិរ ព្រោះបើដាក់ព្រះសិរនេះធ្លាក់លើផែនដីនឹងកើតជាភ្លើងឆេះអស់ ត្រឹមតែ ៦០នាទី ទើបដង្ហែព្រះសិរនោះ ទៅប្រតិស្ឋានទុកនៅក្នុងមណ្ឌលភ្នំកៃលាស។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន្តថ្មីចូលមកដល់ ទើបនាងធីតាទាំង៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរ កបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ។ បុត្រទាំង៧អង្គនោះគឺ ១- បើសង្ក្រានចំថ្ងៃអាទិត្យ វេននាង ទុង្សា ២- បើសង្ក្រាន្តចំថ្ងៃចន្ទ ត្រូវនាង គោរាគ ៣- បើសង្ក្រាន្តចំថ្ងៃអង្គារត្រូវវេននាង រាគ្យសា ៤- បើសង្គ្រាន្តចំថ្ងៃពុធ ត្រូវវេននាង មន្ទា ៥- បើសង្ក្រាន្តចំថ្ងៃព្រហស្បតិ៍ ត្រូវនាង កិរិណី ៦- បើសង្ក្រាន្តចំថ្ងៃសុក្រ ត្រូវវេននាង កិមិរា ៧- បើសង្ក្រាន្តចំថ្ងៃសៅរ៍ត្រូវវេននាង មហោទរា។ ដោយមានជំនឿបែបនេះទើបខ្មែរយើងបានរៀបចំពីបូជាទេវតាដែលត្រូវដង្ហែព្រះសិរកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោករាល់ឆ្នាំចូលមកដល់មិនដែលអាក់ខានឡើយ។ ៤- ជំនឿពិធីស្រង់ព្រះ មហាសំការសូត្រដេលមានមកក្នុងគម្ពីរជាតក ជាមគធភាសា បាននិទានថា ថ្ងៃសង្ក្រាន្តថ្មីជិតមកដល់ព្រះបាទ បសេនទិកោសល បានរៀបចំជារបាំយ៉ាងកុះករនៅឆ្នេរស្ទឹងមួយហើយក៏បាននិមន្តព្រះពុទ្ធ និងព្រះភិក្ខុសង្ឃស្រង់ទឹករួចសមាទានសីល ហើយប្រគេនភត្តាហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃនៅទីនោះ។ គម្ពីនេះដដែលបញ្ជាក់ទៀតថា អ្នកដែលបានស្រង់ទឹក ព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយ៍ មានអានិសង្សច្រើនណាស់ អនាគតជាតិនឹងបានទៅកើតក្នុងទេវលោកបានសេចក្ដីសុខគ្រប់យ៉ាង។ គម្ពីបញ្ញាសជាតក ត្រង់ជាតកទី៣១បានបញ្ជាក់អានិសង្សនៃ ការស្រង់ទឹកព្រះសង្ឃដូចមហាសំការសូត្រដែរ គ្រាន់តែខុសគ្នាដោយមិនបញ្ជាក់ថា គឺនៅឱកាសចូលឆ្នាំឬពេលណាប៉ុណ្ណោះ។ លោកលើកឧទាហរណ៍ ដូចជាព្រះបាទបុល្លរាជ ដែលបាននិមន្តព្រះឧសភត្ថេរ ក្នុងសាសនាព្រះពុទ្ធសរណង្ករឲ្យស្រង់ទឹក។ លុះអនាគតជាតិទៅបានកើតនៅទេវលោកមានបុណ្យបារមីច្រើនហើយ ទីបំផុតបានទៅជាស្ដេចចក្រពត្តិក្នុងជម្ពូទ្វីបនេះ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ពេលចូលឆ្នាំម្ដងៗគេតែងតែធ្វើពិធីដោយនិមន្តព្រះពុទ្ធរូបមានមហិទ្ធានុភាព២៥អង្គ ដែលតំណាងអាណាខេត្តទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា មកធ្វើជាពិធីស្រង់ទឹកនៅប្រាសាទ ជ័យស្រី (ប្រាសាទព្រះខ័ន) រួចដង្ហែព្រះពុទ្ធរូបទាំងនោះជាក្បួនយ៉ាងមហោឡារិកមុននឹងយកទៅតម្កល់នៅកន្លែងដើមវិញ។ ដោយមានជំនឿនិងមានទំនៀមទម្លាប់របស់ដូនតាយើងដូចពោលខាងលើនេះហើយ ទើបមានទម្លាប់ជាប្រពៃណី រហូតមកដល់សព្វថ្ងៃនេះហើយ ឲ្យតែដល់ពេលចូលឆ្នាំម្ដងៗគេតែងតែធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជនតាមវត្តអារាម និងតាមភូមិស្រុក។ ពេលដែលធ្វើពិធីស្រង់ទឹកយើងគួរធ្វើតាមវិធីមួយដូចជាកូនចៅស្រង់ទឹកជូន មាតាបិតា ជីដូនជីតា ។ល។ យើងគប្បីរៀបកន្លែងមានគ្រែចងជាបុសប្បុក មានពាងទឹក៤តាមចែងគ្រែរួចកូនចៅលត់ជង្គង់សូមខមាទោសមាតាបិតាជីដូនជីតាអំពីកំហុសខុសឆ្គង ដែលកូនចៅអនុវត្តខុសកន្លងមកជាសម្ដីក្ដី ឬកូនចៅមានទំនាស់ទាស់ទែងជាមួយនឹងបងប្អូនខ្លួនប្រកាន់ពាក្យសម្ដីគ្នា ដែលធ្វើឲ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ និងសូមពរជ័យពីគាត់។ រួចបន្ទាប់មកថ្វាយបង្គំគាត់សុំអញ្ជើញទៅស្រង់ទឹក (តែគួរធ្វើពេលថ្ងៃក្ដៅជៀសវាងរងាញាក់នាំមានផលលំបាកខ្លាំងព្រោះគាត់ចាស់ៗ)។ បន្ទាប់មកអញ្ជើញគាត់មកផ្លាស់សម្លៀកបំពាក់ថ្មីៗ ដែលកូនចៅបានជូនទៅគាត់នោះ។ រីឯពិធីស្រង់ព្រះនិងភិក្ខុសង្ឃលោកអាចារ្យណែនាំធ្វើតាមធម្មតាដែលធ្លាប់ធ្វើទៅចុះ។ ដកស្រង់ចេញពីសៀវភៅ ចំណេះដឹងនានាក្នុងពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ |