Reading Article
Public date : 05, Nov 2020 (87,645 Read)
អ្វីជាគ្រឿងបាំងមិនឲ្យឃើញនរក?

|
អ្វីជាគ្រឿងបាំងមិនឲ្យឃើញនរក?
សត្វលោកដែលមិនបានយល់ចូលចិត្តនូវព្រះសទ្ធម្ម គេរមែងជ្រប់ងប់ក្នុងលោកនេះ គេខ្វល់ខ្វាយក្នុងជីវិត ជាប់ជំពាក់នៅក្នុងសេចក្ដីប្រាថ្នា តូចចិត្តចំពោះភាពក្រលំបាកតោកយ៉ាក តែគេក៏ក្ដៅក្រហាយពីព្រោះតែទ្រព្យសម្បត្តិដែលខ្លួនហួងហែងរក្សាផងដែរ គេខ្វល់ខ្វាយនៅក្នុងរឿងទ្រព្យរបស់ ប៉ុន្តែគេមិនបានដឹងថា ទ្រព្យធនដែលជាវត្ថុកាមទាំងអស់គឺជាអន្ទាក់ដ៏សាហាវនោះទេ។ ម្យ៉ាងទៀត ហេតុតែគេមិនបានមើលឃើញ និងយល់ច្បាស់ថា តើនរកមានដែរឬទេ? នោះ ព្រោះគ្រាប់ព្រួញដែលមានពិសដ៏កាចសាហាវ គឺកិលេស តណ្ហា ឧបាទាន បានមុតចូលស៊ប់ទៅក្នុងខ្លួនរបស់គេអស់កាលជាអង្វែងមកហើយ។ ដោយអំណាចពិសនៃគ្រាប់ព្រួញនេះ គេបានទទួលការចុកចាប់ឈឺផ្សាយ៉ាងខ្លាំងក្លា តែគេមិនដដឹងធ្វើយ៉ាងណា ដើម្បីដកព្រួញពិសនោះចេញពីខ្លួនគេឡើយ។ សត្វលោកទាំងឡាយស្ពប់ខ្ពើមសេចក្ដីទុក្ខណាស់ ចង់បំបាត់សេចក្ដីទុក្ខណាស់ តែគេខ្វះខាតមធ្យោបាយសម្រាប់អនុវត្ត។ ពេលវេលាចេះតែកន្លងទៅឥតឈប់ឈរ ដំបៅលើវិញ្ញាណរបស់គេចេះតែបញ្ចេញនូវការក្ដៅក្រហាយ ហើយការចុកចាប់ក្ដៅក្រហាយទាំងនេះ វាក្លាយទៅជាទម្លាប់ ឬជារបស់ញៀនទៅហើយ ព្រោះថា គ្រាប់ព្រួញពិស គឺកិលេស តណ្ហា ឧបាទាននោះ បានមុតជាប់ទ្រូងរបស់គេតាំងតែពីកើតមកម្លេះ។ ម្យ៉ាងទៀត គ្រឿងរុំព័ទ្ធ គ្រឿងចង់ទាំងឡាយ មានការលោភ ការស្រលាញ់ ការស្អប់ ការចងកំហឹង ការច្រណែន ការចងគំនុំជាដើម សុទ្ធតែជាគ្រឿងចងរុំព័ទ្ធរឹតរួតចិត្តរបស់សត្វទាំងឡាយមិនឲ្យមើលឃើញថា អ្វីទៅជានរក ថែមទាំងវេចខ្ចប់វិញ្ញាណរបស់សត្វមិនឲ្យរកមធ្យោបាយដ៏សមរម្យសម្រាប់ដោះស្រាយបានឡើយ។ ព្រោះតែហេតុនេះហើយទើមព្រះអង្គទ្រង់ត្រាស់សំដែងតប អជិតៈថា លោកត្រូវអវិជ្ជាបិទបាំង លោកមិនភ្លឺស្វាង ព្រោះសេចក្ដីប្រាថ្នាផ្សេងៗ ជាដើម។ អវិជ្ជាគឺ សេចក្ដីមិនដឹងទុក្ខសេចក្ដីមិនដឹងក្នុងតណ្ហាជាហេតុនាំឲ្យកើតទុក្ខ សេចក្ដីមិនដឹងក្នុងកិរិយារលត់ទុក្ខ សេចក្ដីមិនដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខជាដើម។ ដូច្នេះថ្វីបើនរកមាននៅក្នុងខ្លួននេះយ៉ាងពិតៗ ក៏ដោយ ក៏សត្វលោកមើលមិនឃើញឡើយ គឺមើលមិនឃើញព្រោះតែអវិជ្ជាហ្នឹងតែម្នង។ សូមពិចារណានូវពុទ្ធភាសិតមួយកន្លែងទៀតដូចតទៅ៖ ម្នាលភិក្ខុទាំងឡាយ មិនមាននរកឯណា ដែលមានកំដៅខ្លាំងក្លាជាងនរកគឺ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ទាំងឡាយដែលគេមិនត្រូវការ មិនស្រលាញ់ មិនចូលចិត្តនោះទេ របស់ទាំងអស់នេះហើយគឺជាកន្លែងមានកំដៅយ៉ាងខ្លាំងសម្បើម។ ម្នាលភិក្ខុទាំងឡាយ នៅមានទៀតណា៎ នរកដែលខ្លាំងក្លាជាងនេះ គួរឲ្យខ្លាចជាងនេះ គឺបុគ្គលណាដែលមិនដឹងតាមសេចក្ដីពិត មិនដឹងនូវអរិយសច្ចៈ ៤ គេរមែងត្រេកអរក្នុងសង្ខារទាំងឡាយ កាលណាគេមានសេចក្ដីត្រេកអរក្នុងសង្ខារទាំងឡាយ គេរមែងវិលកើត កាលគេមានការកើតក៏រមែងមានការចាស់ ការឈឺ ការស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល សេចក្តីទុក្ខកាយ ទុក្ខចិត្ត សេក្ដីថ្នាំងថ្នាក់ចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្ត គេរួចចាកសេចក្ដីទុក្ខទាំងអស់នេះពុំបានឡើយ។ ម្នាលភិក្ខុទាំងឡាយនេះ ហើយនរកដែលយើងថាក្ដៅណាស់គួរឲ្យខ្លាចណាស់។ សូមកុំភ្លេចថា នរកទាំងអស់មានតែនៅក្នុង អន្ធបុថុជ្ជនដែលជាបុគ្គលជ្រប់ងប់លិចលង់ ក្នុងកាមគុណទាំងឡាយ ហើយដែលជាមិច្ឆាទិដ្ឋិប៉ុណ្ណោះ ចំណែកព្រះអរិយបុគ្គលទាំងឡាយ មានសោតាបន្នបុគ្គលជាដើម ថ្វីបើលោកនៅមានរាគៈក៏ពិតមែន ប៉ុន្តែលោកលែងធ្លាក់នរកទៀតហើយ ព្រោះចិត្តលោកបានធ្លាក់ចុះក្នុងផ្នត់នៃធម៌ហើយ ជម្រៅនៃចិត្តរបស់លោក ក៏បានសម្បយុត្តទៅដោយបាមោជ្ជៈហើយ។ ដកស្រង់ចេញពីសៀវភៅ តើនរកមានដែរឬទេ ដោយ៥០០០ឆ្នាំ |